មេរៀនទី៤​៖ ១៦-២២ មេសា ២០២២

ទឹកជំនន់

Jeans
ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ៦៖១៣-៧៖១០; ពេត្រុសទី២ ២៖៥-៩; លោកុប្បត្តិ ៨៖១; ទំនុកដំកើង ១០៦៖៤; លោកុប្បត្តិ ៩៖៨-១៧។

ខចងចាំ៖ «ដ្បិត​កាល​ណា​កូន​មនុស្ស​មកនោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ» (ម៉ាថាយ ២៤៖៣៧)។

«ព្រះ‌អម្ចាស់​ទត​ឃើញ​ថា មនុស្ស​លោក​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗនៅ​លើ​ផែនដី ហើយ​ពី​ព្រឹក​ដល់​ល្ងាច ចិត្ត​របស់​គេ​ចេះ​តែ​លម្អៀង​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់» (លោកុប្បត្តិ ៦៖៥, គខប)។ ពាក្យថា​ «ទតឃើញ» បានជួយអោយយើងនឹកចាំថា ព្រះអម្ចាស់បានបង្កើតផែនដីក្នុងរយៈពេល៦ថ្ងៃ។ បន្ទាប់ពីថ្ងៃនីមួយៗ ព្រះអម្ចាស់បាន «ទតឃើញ» ថាអ្វីៗគ្រប់យ៉ាងដែលទ្រង់បានបង្កើតនោះថាជា «តូវ (tov)»។ «តូវ» គឺជាពាក្យភាសាហេព្រើរសម្រាប់ពាក្យថា «ល្អ»។ ប៉ុន្តែ តើព្រះបានទតឃើញយ៉ាងដូចម្តេចវិញ នៅក្នុងបទគម្ពីរលោកុប្បត្តិ៦? ព្រះបានទតឃើញតែ «រ៉ា (ra)» ឬ «សេចក្តី អាក្រក់» ប៉ុណ្ណោះ (លោកុប្បត្តិ ៦៖៥)។ ព្រះ «មានការសោកស្តាយ» ជាខ្លាំងដែលទ្រង់បានបង្កើត មនុស្សលោកមក ហើយពួកគេមានពេញដោយអំពើអាក្រក់តែប៉ុណ្ណោះ (លោកុប្បត្តិ ៦៖៥, ៦)។

មែនហើយ ព្រះបានសោកស្តាយជាខ្លាំង។ ប៉ុន្តែ ទ្រង់ក៏ចង់សង្គ្រោះមនុស្សលោកផងដែរ។ «ស្តាយ» នៅក្នុងខគម្ពីរលោកុប្បត្តិ ៦៖៦ ប្រែមកពីពាក្យថា «ណាខាំ (nakham)» ជាភាសាហេព្រើរ។ ពាក្យនេះបានបង្ហាញយើងថា ព្រះនឹងដាក់ទោសអំពើបាប។ ពាក្យថា «ណាខាំ»​ មើលទៅស្រដៀងគ្នាទៅនឹងឈ្មោះលោក «ណូអេ» ដែលប្រែមកពីពាក្យថា «ណូក (Noakh)» ជាភាសាហេព្រើរ។ «ណូអេ» មានន័យថា «កំសាន្តចិត្ត» (លោកុប្បត្តិ ៥៖២៩)។ ឈ្មោះលោក «ណូអេ» និងពាក្យថា «ស្តាយ» បានបង្ហាញយើងថា ព្រះនឹងធ្វើរឿង២យ៉ាង គឺថា៖ (១) ទ្រង់នឹងដាក់ទោសមនុស្សលោក ប៉ុន្តែ ទន្ទឹមគ្នានេះ (២) ទ្រង់ក៏នឹងបង្ហាញសេចក្តីមេត្តាដល់ពួកគេផងដែរ។ មែនហើយ ព្រះមានការសោកស្តាយជាខ្លាំងដែលទ្រង់បានបង្កើតមនុស្សលោកមក។ ម្ល៉ោះហើយ ទ្រង់នឹងដាក់ទោសពួកគេដោយទឹកជំនន់។​ ទន្ទឹមគ្នានេះ ព្រះបានសន្យាថា នឹងកំសាន្តចិត្តដល់លោកណូអេ និងគ្រួសាររបស់គាត់។​ ព្រះនឹងបង្ហាញសេចក្តីមេត្តាដល់ពួកគេ។ ទ្រង់នឹងការពារគេនៅក្នុងទូកធំ។

យើងតែងតែឃើញថា កូនប្រុសរបស់លោកកាអ៊ីន និងកូនប្រុសរបស់លោកសេតខុសគ្នា ជានិច្ច។ ឥឡូវនេះ ព្រះបានបង្ហាញយើងថា ការខណ្ឌចែកនេះបានបន្តរវាងលោកណូអេ និងមនុស្ស លោកដែលនៅសេសសល់តទៅទៀត។

ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២

លោកណូអេបានត្រៀមជាស្រេចសម្រាប់ទឹកជំនន់

សូមអានរឿងនៅក្នុងខគម្ពីរលោកុប្បត្តិ ៦៖១៣-៧៖១០។ តើយើងអាចរៀនមេរៀនអ្វីខ្លះអំពីប្រវត្តិសាស្ត្រនៃមនុស្សលោកសម័យដើមចេញពីរឿងដ៏គួរអោយភ្ញាក់ផ្អើលនេះ?​

--------------------------------------------------------

លោកណូអេគឺជាហោរាម្នាក់។​ ហោរាគឺជាអ្នកនាំសារដ៏ពិសេសមកពីព្រះ។ លោកណូអេគឺជា ហោរាម្នាក់ដូចជាលោកដានីយ៉ែលដែរ។ គាត់ទាំងពីរសុទ្ធតែបានចែកចាយអំពីចុងបំផុតនៃប្រវត្តិសាស្ត្រមនុស្សលោក។

ព្រះបានបង្គាប់អោយលោកណូអេសាងសង់ទូកមួយ ដើម្បីការពារខ្លួនគាត់ និងគ្រួសាររបស់គាត់ ចេញពីទឹកជំនន់ដែលនឹងត្រូវមក។​ ពាក្យថា «ទូក» ប្រែមកពីពាក្យថា «តេវ៉ា (tevah)» ជាភាសាហេព្រើរ (លោកុប្បត្តិ ៦៖១៤)។ ក្រោយមក លោកម៉ូសេបានប្រើពាក្យដដែលនេះ ដើម្បីបង្ហាញយើងអំពីកន្ត្រកដែលម្តាយរបស់គាត់បានដាក់គាត់កាលពីគាត់នៅជាទារកនៅឡើយ (និក្ខមនំ ២៖៣)។ ព្រះបានសង្គ្រោះ ទារកម៉ូសេនៅក្នុងកន្ត្រកនេះ ដើម្បីអោយលោកម៉ូសេអាចធំធាត់ឡើង និងអាចសង្គ្រោះសាសន៍អ៊ីស្រាអែលបាន។ អ្នកប្រាជ្ញខាងឯព្រះគម្ពីរជាច្រើននាក់ក៏បានប្រៀបធៀបទូករបស់លោកណូអេទៅនឹងហឹបសញ្ញា (និក្ខមនំ ២៥៖‌១០) ដែលជាទូកមួយទៀតផងដែរ។ លោកណូអេបានសាងសង់ទូក ដើម្បីសង្គ្រោះសត្វ និងគ្រួសាររបស់គាត់។ ទន្ទឹមគ្នានេះ ហឹបសញ្ញាក៏បានបង្ហាញយើងថា ព្រះនឹងសង្គ្រោះរាស្ត្ររបស់ទ្រង់ផងដែរ (និក្ខមនំ ២៥៖២២)។

ដូច្នេះ ព្រះបានបង្គាប់អោយលោកណូអេត្រៀមខ្លួនជាស្រេចសម្រាប់ទឹកជំនន់ដោយការសាងសង់ទូក។ «ណូអេ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះ​បាន​បង្គាប់គាត់» លោកុប្បត្តិ ៦៖២២)។ ពាក្យសរសេរថា «ធ្វើ» ប្រែមកពីពាក្យថា «អាសា (asah) ជាភាសាហេព្រើរ»។ កិរិយាស័ព្ទ «ធ្វើ» គឺជាចម្លើយឆ្លើយតបរបស់លោកណូអេទៅនឹងសេចក្តីបង្គាប់របស់ព្រះ (លោកុប្បត្តិ ៦៖១៤-១៦)។ ព្រះបាន បណ្តាលអោយលោកម៉ូសេបានសរសេរកិរិយាស័ព្ទនេះចំនួន៥ដងនៅក្នុងខគម្ពីរលោកុប្បត្តិ ៦៖១៤-១៦។ កិរិយាស័ព្ទ «ធ្វើ» និង «បង្កើត» បានបង្ហាញយើងថា លោកម៉ូសេបានគោរពតាមព្រះទាំងស្រុង។ លោក ណូអេបានធ្វើអ្វីៗ គ្រប់យ៉ាងដែលព្រះបានសូមអោយដល់គាត់។

«ព្រះបានបង្ហាញផែនការសម្រាប់ការសាងសង់ទូកដល់លោកណូអេ។ ព្រះក៏បានមានបន្ទូល ប្រាប់លោកណេអូអំពីទំហំទូក និងផ្នែកនីមួយៗរបស់ទូកផងដែរ។ ទូកនោះមានសភាពរឹងមាំជាទីបំផុត។ វាមិនអាចលិចទៅតាមទឹកជំនន់បានឡើយ។ មនុស្សលោកគ្មានគំនិតឆ្លាតវៃគ្រប់គ្រាន់ក្នុងការរចនាទូកនេះនោះទេ។ ព្រះជាអ្នកបង្កើតផែនការសាងសង់ទូកនេះឡើង។​ រីឯលោកណូអេ គាត់គឺជាមេការសាង សង់ទូក»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 92, adapted។

លោកណូអេបានគោរពតាមព្រះ។ ការស្តាប់បង្គាប់របស់គាត់គឺជាផ្នែកមួយនៃផែនការសង្គ្រោះរប​ស់ព្រះ។ ព្រះបានសង្គ្រោះលោកណូអេ ដោយសារតែគាត់មានសេចក្តីជំនឿក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះសូមដល់គាត់ (សូមអានខគម្ពីរហេព្រើរ ១១៖៧)។​ លោកណូអេគឺជាគំរូនៃសេចក្តីជំនឿដំបូងដែលបានលេចមកតាមរយៈការគោរពតាម។ សេចក្តីជំនឿនេះសំខាន់ជាងអ្វីៗទាំងអស់ (យ៉ាកុប ២៖២០)។

តើហេតុអ្វីបានជាមានតែក្រុមគ្រួសាររបស់លោកណូអេប៉ុណ្ណោះ ដែលបានរួចផុតពីទឹកជំនន់នោះ? សម្រាប់ចម្លើយ សូមអានខគម្ពីរពេត្រុសទី២ ២៖៥-៩។ តើយើងអាចរៀនមេរៀនអ្វីខ្លះចេញពីរឿងរបស់លោកណូអេនេះ?​ តើហេតុអ្វីបានជាយើងត្រូវតែដាស់តឿនអ្នកដទៃអំពីការជំនុំជម្រះរបស់ព្រះដែលនឹងត្រូវមកយ៉ាងដូច្នេះ?

ថ្ងៃច័ន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២

ទឹកជំនន់

យើងបានឃើញពីម្សិលមិញរួចមកហើយថា កិរិយាស័ព្ទ «អាស្សា (asah)» មានន័យថា «ធ្វើ»។ កិរិយាស័ព្ទនេះបានបង្ហាញយើងអំពីទង្វើរបស់លោកណូអេ។ «អាស្សា» ក៏ជាពាក្យដ៏សំខាន់មួយនៅក្នុង រឿងស្តីអំពីរបៀបដែលព្រះបានបង្កើតផ្ទៃមេឃ និងផែនដីផងដែរ (លោកុប្បត្តិ ១៖៧, ១៦, ២៥, ២៦, ៣១; លោកុប្បត្តិ ២៖២)។ ទង្វើរបស់លោកណូអេដូចគ្នាទៅនឹងទង្វើរបស់ព្រះ នៅពេលដែលទ្រង់បង្កើតផ្ទៃមេឃ និងផែនដីដូច្នេះដែរ។ ដូច្នេះ តើទំនាក់ទំនងរវាងរឿងទាំង២នេះបានបង្ហាញយើងដូចម្តេច? ទំនាក់ទំនង នេះបានបង្ហាញយើងថា ទឹកជំនន់មិនមែនត្រឹមតែជាទណ្ឌកម្មប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បានបង្ហាញយើងអំពីរបៀបដែលព្រះចង់សង្គ្រោះមនុស្សលោកផងដែរ។

សូមអានបទគម្ពីរលោកុប្បត្តិ ៧។ តើហេតុអ្វីបានជារឿងនៃទឺកជំនន់នេះអាចជួយអោយយើងនឹកចាំអំពីរបៀបដែលព្រះបានបង្កើតផ្ទៃមេឃ និងផែនដីយ៉ាងដូច្នេះ? តើយើងអាចរៀនមេរៀនអ្វីខ្លះចេញពីទំនាក់ទំនងនៃរឿងទាំង២នេះ?

នៅពេលដែលលោកអ្នកបានអានរឿងស្តីអំពីទឹកជំនន់នេះ លោកអ្នកនឹងមើលឃើញថា រឿងនេះបានប្រើពាក្យដូចគ្នាទៅនឹងបទគម្ពីរលោកុប្បត្តិ ១-២ ជាច្រើនដង។ នេះគឺជាបញ្ជីពាក្យដែលបានឃើញនៅក្នុងរឿងទាំង២នេះ៖

១. «៧» (លោកុប្បត្តិ ៧៖២, ៣, ៤, ១០; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ២៖១-៣)។

២. «ទាំងឈ្មោលទាំងញី» (លោកុប្បត្តិ ៧៖២, ៣, ៩, ១៦; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ១៖២៧)។

៣. «គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ» (លោកុប្បត្តិ ៧៖១៤; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ១៖១១, ១២, ២១, ២៤, ២៥)។

៤. «សត្វជើង៤» «សត្វស្លាប» និង «សត្វលូនវារនៅដីគ្រប់មុខ» (លោកុប្បត្តិ ៧៖៨, ១៤, ២១, ២៣; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ១៖២៤, ២៥)។

៥. «ដង្ហើម​ជីវិត» (លោកុប្បត្តិ ៧៖១៥, ២២; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ២៖៧)។

ដូច្នេះ ពាក្យទាំងនេះបានបង្ហាញយើងថា រឿងនៃទឹកជំនន់ស្រដៀងគ្នាទៅនឹងរឿងនៅក្នុងបទ គម្ពីរលោកុប្បត្តិ ១-២ ជាខ្លាំង។ រឿងនៅក្នុងបទគម្ពីរលោកុប្បត្តិ ១-២ បានជួយអោយយើងមើលឃើញថា ព្រះដែលបានបង្កើតអ្វីៗគ្រប់យ៉ាង ទ្រង់ក៏ជាព្រះតែមួយដែលមានអំណាចក្នុងការបំផ្លាញអ្វីៗគ្រប់យ៉ាងផងដែរ (ចោទិយកថា​៣២៖៣៩)។ បញ្ជីពាក្យទាំងនេះក៏ជាសារមួយនៃសេចក្តីសង្ឃឹមផងដែរ គឺថា៖​ព្រះ នឹងប្រើទឹកជំនន់ ដើម្បីធ្វើអោយអ្វីៗគ្រប់យ៉ាងនៅលើផែនដីនេះថ្មីឡើងវិញម្តងទៀត។

ការជន់ជោរនៃទឹកជំនន់បានបង្ហាញយើងថា ព្រះកំពុងតែបង្វែរអ្វីៗគ្រប់យ៉ាងដែលទ្រង់បានបង្កើត នៅក្នុងបទគម្ពីរលោកុប្បត្តិ១ឡើងវិញ។ ក្នុងខគម្ពីរលោកុប្បត្តិ ១៖៧ ព្រះបានញែកទឹកនៅលើមេឃចេញពីទឹកនៅក្រោមមេឃ។ រីឯនៅក្នុងទឹកជំនន់វិញ ព្រះបានបញ្ចូលទឹកនៅលើមេឃ និងទឹកនៅក្រោមមេឃចូលគ្នាវិញ។ បន្ទាប់មក ទឹកទាំងនោះបានផ្ទុះឡើងបណ្តាលអោយកើតជាទឹកជំនន់ដ៏ធំមួយ (លោកុប្បត្តិ ៧៖១១)។

តើយើងគួរតែអនុញ្ញាតអោយព្រះបំផ្លាញអ្វីខ្លះ នៅក្នុងចិត្តរបស់យើង មុនពេលដែលទ្រង់អាចប្រទានជីវិតថ្មីមួយដល់យើងបាន? សម្រាប់ចម្លើយ សូមអានខគម្ពីររ៉ូម ៦៖១-៦។

ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២

បន្ទាប់ពីទឹកជំនន់រួច

ខគម្ពីរលោកុប្បត្តិ ៧៖២២-២៤ បានបង្ហាញយើងថា ទឹកជំនន់ «លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន​អស់​ពី​ផែនដី» (លោកុប្បត្តិ ៧៖២៣, គខប)។ យើងក៏បានដឹងថា ទឺកជំនន់នោះបានលិចទូទាំងពិភពលោកផងដែរ។ «ទឹក​ធំ​នោះ​ក៏​ទ្រឹង​នៅ​លើ​ផែនដី​អស់​១៥០​ថ្ងៃ» (លោកុប្បត្តិ ៧៖២៤)។ នៅពេលនោះ ព្រះបាន «នឹកចាំពី [លោក] ណូអេ» (លោកុប្បត្តិ ៧៖២៤)។ ពាក្យទាំងនេះត្រូវបានសរសេរនៅពាក់ កណ្តាលសាច់រឿងនៃទឹកជំនន់។ ម្ល៉ោះហើយ យើងអាចឃើញថា គោលគំនិតនេះគឺជាផ្នែកមួយដ៏សំខាន់ បំផុតនៅក្នុងរឿងនេះ។

តើពាក្យថា ព្រះបាន «នឹកចាំ» ពីលោកណូអេ (លោកុប្បត្តិ ៨៖១) មានន័យយ៉ាងដូចម្តេច?

--------------------------------------------------------

ពាក្យសរសេរថា «នឹកចាំ» នៅក្នុងខគម្ពីរលោកុប្បត្តិ ៨៖១ បានប្រែមកពីពាក្យថា «ស្សាខារ (Zakhar)» ជាភាសាហេព្រើរ។ «ស្សាខារ» បានបង្ហាញយើងថា ព្រះមិនបានភ្លេចលោកណូអេឡើយ។ «ស្សាខារ» មានអត្ថន័យលើសពីការគិតអំពីមនុស្សម្នាក់ ឬរបស់អ្វីមួយទៅទៀត។ «ស្សាខារ»​បានបង្ហាញយើង ថា ព្រះនឹងរក្សាសេចក្តីសន្យានៃការសង្គ្រោះរបស់ទ្រង់ (សូមអានខគម្ពីរលោកុប្បត្តិ ១៩៖២៩)។ ក្នុងរឿង នៃទឹកជំនន់ ពាក្យថា «[ព្រះបាន] នឹកចាំ» បានបង្ហាញយើងថា ព្រះបានបញ្ឈប់ទឹកជំនន់ (លោកុប្បត្តិ ៨៖១)។ ដូច្នេះ លោកណូអេនឹងអាចចេញពីទូកបានក្នុងពេលឆាប់ៗនេះ (លោកុប្បត្តិ ៨៖១៦)។

មុនពេលដែលព្រះបង្គាប់អោយលោកណូអេចេញពីទូក លោកណូអេបានធ្វើការសាកល្បងមួយ។ ជាដំបូងលោកណូអេបានប្រលែងសត្វក្អែកមួយ បន្ទាប់មកគាត់បានប្រលែងសត្វព្រាបមួយទៀត ដើម្បីសង្កេតមើលកំពស់ទឹកនៅលើផែនដី។ នៅពេលដែលសត្វព្រាបលែងត្រឡប់មកវិញ លោកណូអេបានដឹងថា «ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់» ហើយ (លោកុប្បត្តិ ៨៖១៣)។ បន្ទាប់មក គាត់បានបើក បង្អួចសម្លឹងខាងក្រៅទូក។

យើងអាចរៀនមេរៀនសំខាន់ៗចេញពីឥរិយាបថរបស់លោកណូអេ។ លោកណូអេបានរង់ចាំអោយព្រះបង្ហាញគាត់នូវអ្វីដែលគាត់ត្រូវធ្វើបន្ទាប់ទៀត។ ទន្ទឹមគ្នានេះ លោកណូអេក៏បានប្រលែងសត្វស្លាបចេញទៅក្រៅផងដែរ។​ សេចក្តីជំនឿមិនរាប់បញ្ចូលកាតព្វកិច្ច ដើម្បីគិត ស្វែងរក និងពិនិត្យថា អ្វីដែលយើងបានដឹងនោះជាការពិតនោះឡើយ។

តើលោកអ្នកបានឃើញដែរឬទេថា លោកណូអេមិនព្រមចេញពីទូកឡើយ លុះត្រាតែព្រះបានបង្គាប់ដល់គាត់ជាមុនសិន (លោកុប្បត្តិ ៨៖១៥-១៩)? លោកណូអេបានដឹងថា ខាងក្រៅមានសុវត្ថិភាពហើយ។ ប៉ុន្តែ គាត់រង់ចាំការអនុញ្ញាតពីព្រះជាមុនសិន មុនពេលដែលគាត់ចាកចេញពីទូក។ «លោក ណូអេបានចូលទៅក្នុងទូកតាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់។ ឥឡូវនេះ គាត់បានរង់ចាំការអនុញ្ញាតដ៏ ពិសេសមកពីព្រះដើម្បីចាកចេញពីទូក . . . . នៅទីបំផុត មានទេវតាមួយបានចុះមកពីលើមេឃ។ ទេវតា នោះបានបើកទ្វារទូកដ៏ធំ និងធ្ងន់នោះចេញ។ បន្ទាប់មក ទេវតាក៏បានប្រាប់អោយលោកណូអេ និងគ្រួសារ របស់គាត់ចាកចេញពីទូកជាមួយនឹងសត្វដទៃផងដែរ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 105, adapted។

តើពាក្យថា ព្រះបាន «នឹកចាំ» មានន័យយ៉ាងដូចម្តេច? សម្រាប់ចម្លើយ សូមអានខគម្ពីរលោកុប្បត្តិ ៨៖១; លោកុប្បត្តិ ១៩៖២៩ និងទំនុកដំកើង ១០៦៖៤។ តើព្រះបានបង្ហាញលោកអ្នកថា ទ្រង់បាន «នឹកចាំ» ពីលោកអ្នកដោយរបៀបណាដែរ?

ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២

សេចក្តីសញ្ញា ភាគ១

ឥឡូវនេះ ដល់ពេលដែលព្រះត្រូវរក្សាសេចក្តីសញ្ញារបស់ទ្រង់ហើយ។ មុនទឹកជំនន់ ព្រះបានបង្គាប់លោកណូអេថា «អញ​នឹង​តាំង​សេចក្តី​សញ្ញា​អញ​ចំពោះ​ឯង ហើយ​ឯង​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ឯង​ជា​មួយ​នឹង​ឯង​ដែរ» (លោកុប្បត្តិ ៦៖១៨)។ សេចក្តីសន្យានេះខុសគ្នា ស្រឡះពីសេចក្តីប្រកាសរបស់ព្រះនៅក្នុងលោកុប្បត្តិ ៦៖១៧។ ក្នុងលោកុប្បត្តិ ៦៖១៧ ព្រះបានប្រកាស ថា ទ្រង់នឹងបំផ្លាញសត្វលោកទាំងអស់ដែលមានដង្ហើមជីវិត។ ប៉ុន្តែ ក្នុងខគម្ពីរលោកុប្បត្តិ ៦៖១៨ ព្រះ បានសន្យានឹងលោកណូអេថា ទ្រង់នឹងសង្គ្រោះគាត់។

តើលោកណូអេបានធ្វើអ្វីមុនគេបង្អង់ នៅពេលដែលគាត់បានចេញពីទូកនោះ? តើហេតុអ្វីបានជាលោកណូអេធ្វើកិច្ចការនេះ មុនពេលដែលគាត់ធ្វើអ្វីផ្សេងៗទៀត? សម្រាប់ចម្លើយ សូមអានខគម្ពីរ លោកុប្បត្តិ ៨៖២០។

--------------------------------------------------------

បន្ទាប់ពីព្រះបានបង្កើតលោកអ័ដាម នាងអេវ៉ា និងរបស់ផ្សេងៗទៀតរួចមក ប្តីប្រពន្ធទាំង២នាក់បានថ្វាយបង្គំព្រះនៅថ្ងៃសប្បាតហ៍។ ទន្ទឹមគ្នានេះ លោកណូអេបានថ្វាយបង្គំព្រះ នៅពេលដែលគាត់ចេញពីទូក។ ប៉ុន្តែ លោកណូអេមិនបានថ្វាយបង្គំព្រះដូចជាលោកអ័ដាម និងនាងអេវ៉ានោះទេ។ លោក អ័ដាម និងនាងអេវ៉ាបានថ្វាយបង្គំព្រះមុខទល់មុខ។ ប៉ុន្តែ លោកណូអេត្រូវតែសម្លាប់សត្វមួយ រួចថ្វាយវាដល់ព្រះដែលគាត់មើលមិនឃើញ។ នេះជាលើកទី១ហើយនៅក្នុងព្រះគម្ពីរដែលយើងបានអានអំពីអាសនា។​ លោកណូអេបានថ្វាយតង្វាយដុតមួយដល់ព្រះ។ តង្វាយនេះបានបង្ហាញយើងថា លោកណូអេ បានថ្លែងអំណរគុណដល់ព្រះដែលបានសង្គ្រោះគាត់ចេញពីទឹកជំនន់ (សូមប្រៀបធៀបជាមួយនឹងខគម្ពីរ ជនគណនា ១៥៖១-១១)។

តើទឹកជំនន់បានផ្លាស់ប្តូររបបអាហាររបស់មនុស្សលោកដោយរបៀបណា? តើព្រះបានប្រទានក្បួនច្បាប់សំខាន់ៗអ្វីខ្លះ ដល់មនុស្សលោកទាក់ទងនឹងរបបអាហារនេះ? សម្រាប់ចម្លើយ សូមអានខគម្ពីរ លោកុប្បត្តិ ៩៖២-៤។

--------------------------------------------------------

បន្ទាប់ពីទឹកជំនន់ គ្រាប់ធញ្ញជាតិត្រូវបានបំផ្លាញអស់។ ម្ល៉ោះហើយ ព្រះបានអនុញ្ញាតអោយមនុស្សលោកបរិភោគសត្វ។ ការអនុញ្ញាតនេះបានបណ្តាលអោយមានការផ្លាស់ប្តូរដ៏ធំមួយរវាងមនុស្ស លោក និងសត្វ។ ក្នុងសួនច្បារអេដែន មនុស្សលោក និងសត្វបានទទួលទានគ្រាប់ធញ្ញជាតិដូចគ្នា។​ ពួកគេមិនបានព្យាយាមសម្លាប់គ្នាទៅវិញទៅមកទុកជាអាហារនោះឡើយ។ បន្ទាប់ពីទឹកជំនន់រួចមក មនុស្ស លោកបានចាប់ផ្តើមប្រមាញ់ និងបរិភោគសត្វ។ ដូច្នេះ សត្វបានចាប់ផ្តើមខ្លាចមនុស្សលោក (លោកុប្បត្តិ ៩៖២)។

ព្រះបានប្រទានក្បួនច្បាប់ខាងឯអាហារ២យ៉ាង បន្ទាប់ពីទឹកជំនន់។ ក្បួនច្បាប់ទី១ មនុស្សលោកត្រូវតែបរិភោគសត្វស្អាតប៉ុណ្ណោះ (សូមអានខគម្ពីរលោកុប្បត្តិ ៨៖១៩, ២០; សូមប្រៀបធៀបជាមួយនឹង ខគម្ពីរលោកុប្បត្តិ ១៖២១, ២៤)។ ក្បួនច្បាប់ទី២គឺជាក្បួនច្បាប់ថ្មីមួយ។ ម​នុស្សលោកមិនត្រូវបរិភោគឈាមនៃសត្វណាមួយឡើយ (លោកុប្បត្តិ ៩៖៤)។

ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២

សេចក្តីសញ្ញា ភាគ២

ព្រះបានសន្យាថា «នឹង​មិន​ដាក់​បណ្តាសា​ដី ដោយ​ព្រោះ​មនុស្ស​ទៀត​ទេ» (លោកុប្បត្តិ ៨៖២១)។ សេចក្តីសន្យានេះបានបង្ហាញយើងយ៉ាងដូចម្តេចអំពីព្រះ? ព្រះក៏បានប្រទានពរដល់លោកណូអេផងដែរ (លោកុប្បត្តិ ៩៖១)។ តើព្រះពរនេះបានបង្ហាញយើងថា ព្រះនឹងរក្សាសេចក្តីសន្យារបស់ទ្រង់ដោយរបៀបណាដែរ? សម្រាប់ចម្លើយ សូមអានខគម្ពីរលោកុប្បត្តិ ៨៖២១-៩៖១។

--------------------------------------------------------

សេចក្តីសន្យារបស់ព្រះបានបង្ហាញយើងអំពីព្រះគុណ និងសេចក្តីមេត្តារបស់ទ្រង់។​ ព្រះបានសន្យាថា «កាល​នៅ​មាន​ផែនដី​នៅ​ឡើយ នោះ​មិន​ដែល​ខាន​នឹង​មាន​រដូវ​សាបព្រោះ រដូវ​ច្រូត​កាត់ ត្រជាក់​ ហើយ​ក្តៅ ប្រាំង​វស្សា ថ្ងៃ​ហើយ​យប់​ទៀត​ឡើយ» (លោកុប្បត្តិ ៨៖២២)។ ព្រះបានតាំងសេចក្តីសន្យានេះ ដោយសារតែចំណុចល្អណាមួយនៅក្នុងមនុស្សលោកនោះឡើយ។ ដ្បិតទ្រង់បានជ្រាបហើយថា មនុស្សទាំងអស់សុទ្ធតែអាក្រក់ (លោកុប្បត្តិ ៨៖២១)។

ខគម្ពីរលោកុប្បត្តិ ៩៖៨-១៧ បានបង្ហាញយើងអំពីព្រះពរមកពីព្រះ។​ ព្រះពរនេះអាចជួយអោយយើងនឹកចាំ កាលដែលព្រះបានប្រទានពរដល់អ្វីៗគ្រប់យ៉ាងដែលទ្រង់បានបង្កើត បន្ទាប់មក ទ្រង់ក៏បានប្រទានពរដល់ថ្ងៃសប្បាតហ៍ផងដែរ (លោកុប្បត្តិ ១៖២២, ២៨; លោកុប្បត្តិ ២៖៣)។ ទំនាក់ទំនងរវាងថ្ងៃសប្បាតហ៍ និងឥន្ទធនូនៅក្នុងបទគម្ពីរលោកុប្បត្តិ ៩ នេះអាចជួយអោយយើងមើលឃើញសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់មួយ។ ព្រះអម្ចាស់បានប្រទានឱកាសជាលើកទី២អោយមនុស្សលោកចាប់ផ្តើមឡើងវិញបន្ទាប់ពីទឹកជំនន់។

តើឥន្ទធនូបានបង្ហាញយើងអំពីអ្វី? សម្រាប់ចម្លើយ សូមអានខគម្ពីរលោកុប្បត្តិ ៩៖៨-១៧។ តើ «ទី​សំគាល់​នៃ​សេចក្តី​សញ្ញា» នេះ (លោកុប្បត្តិ ៩៖១៣) បានបង្ហាញយើងយ៉ាងដូចម្តេចអំពីថ្ងៃសប្បាតហ៍?

--------------------------------------------------------

តើលោកអ្នកបានឃើញពាក្យថា «អញតាំងសញ្ញានឹងឯង» និង «សេចក្តីសញ្ញាដែលអញបានតាំង» នៅក្នុងខគម្ពីរលោកុប្បត្តិ ៩៖៩, ១១, ១៧ ដែរឬទេ? ពាក្យទាំងនេះបានបង្ហាញយើងថា ព្រះបានរក្សាសេចក្តីសន្យាដែលទ្រង់តាំងឡើងជាមួយនឹងលោកណូអេនៅក្នុងខគម្ពីរលោកុប្បត្តិ ៦៖១៨។ យើងក៏បានឃើញពាក្យថា «សេចក្តីសញ្ញា» ដែលបានសរសេរចំនួន៧ដងនៅក្នុងខគម្ពីរលោកុប្បត្តិ ៩៖៨-១៧។ ជាការពិតណាស់ តួលេខនេះបានជួយអោយយើងនឹកចាំអំពីថ្ងៃសប្បាតហ៍ទី៧។ ទាំងឥន្ទធនូ និងថ្ងៃសប្បាតហ៍គឺជាទីសំគាល់នៃសេចក្តីសញ្ញា (លោកុប្បត្តិ ៩៖១៣, ១៤, ១៦; សូមប្រៀបធៀបជាមួយនឹងខគម្ពីរ និក្ខមនំ ៣១៖១២-១៧)។ ទាំងថ្ងៃសប្បាតហ៍ និងសេចក្តីសន្យានៃឥន្ទធនូក៏សម្រាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះផងដែរ។ ថ្ងៃសប្បាតហ៍បានដង្ហើយហៅអោយមនុស្សគ្រប់គ្នាថ្វាយបង្គំព្រះដែលបានបង្កើតពួកគេ។ ទន្ទឹមគ្នានេះ ឥន្ទធនូក៏សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែងផងដែរ។ ឥន្ទធនូគឺជាសេចក្តីសន្យាមួយដែលថា ព្រះនឹងមិនបំផ្លាញផែនដីនេះដោយទឹកជំនន់ដ៏ធំនោះទៀតឡើយ។

នៅពេលដែលលោកអ្នកបានឃើញឥន្ទធនូក្រោយមកទៀត សូមគិតអំពីសេចក្តីសន្យាទាំងអស់ដែលព្រះបានប្រទានដល់លោកអ្នក។ តើហេតុអ្វីបានជាយើងអាចជឿទុកចិត្តសេចក្តីសន្យាទាំងនេះបាន? តើឥន្ទធនូបានបង្ហាញយើងថា យើងអាចជឿទុកចិត្តថា ព្រះប្រាកដជានឹងរក្សាសេចក្តីសន្យារបស់ទ្រង់ដោយរបៀបណាដែរ?

ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមប្រៀបធៀបមនុស្សដែលរស់នៅមុនសម័យទឹកជំនន់ជាមួយនឹងមនុស្សនៅក្នុងសម័យរបស់យើង។ នៅពេលដែលយើងប្រៀបធៀបមនុស្សទាំង២ក្រុមនេះ យើងនឹងអាចរៀនអំពីមេរៀនសំខាន់ៗជាច្រើន។ ជាការពិតណាស់អំពើអាក្រក់របស់មនុស្សមិនមែនជារឿងថ្មីនោះទេ។ រឿងដដែលៗដែលបានកើតឡើងនៅពេលនោះ ក៏បានកើតឡើងនៅពេលនេះផងដែរ។

«មនុស្សដែលរស់នៅមុនសម័យទឹកជំនន់បានធ្វើរឿងអាក្រក់ៗជាច្រើនដែលធ្វើអោយព្រះ ដាក់ទោសអំពើបាបរបស់ពួកគេ។ អំពើបាបដដែលនេះក៏កំពុងតែកើនឡើងនៅក្នុងសម័យយើងនេះដែរ។ មនុស្សលោកលែងគោរពព្រះនៅក្នុងចិត្តរបស់ពួកគេទៀតហើយ។ មនុស្សបានស្អប់ខ្ពើមក្រឹត្យវិន័យរបស់ព្រះ។ មនុស្សដែលរស់នៅមុនសម័យទឹកជំនន់ខ្វល់ខ្វាយអំពីរឿងនៅលើផែនដីនេះតែប៉ុណ្ណោះ។ មនុស្សសព្វថ្ងៃនេះក៏មិនខុសគ្នាដែរ . . . . ព្រះមិនចង់ជំនុំជម្រះមនុស្សដែលរស់នៅមុនសម័យទឹកជំនន់ដោយព្រោះតែពួកគេបានស៊ីផឹកនោះឡើយ . . . . ព្រះបានជំនុំជម្រះមនុស្សទាំងនេះដោយសារតែពួកគេមិនបានដឹងគុណចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះបានប្រទានដល់ពួកគេ។ ពួកគេក៏បានធ្វើអ្វីៗតាមតែចិត្តរបស់ពួកគេផងដែរ។ តាមរយៈឥរិយាបថដ៏អាក្រក់នេះ ពួកគេបានបំផ្លាញចិត្ត និងគំនិតរបស់ពួកគេអស់ទៅ។ ពួកគេបានបំផ្លាញអំណោយទានដែលព្រះបានប្រទានដល់ពួកគេ។ អាពាហ៍ពិពាហ៍គឺជាអំណោយទាន ដំបូងគេបង្អស់ដែលព្រះបានប្រទានអោយមនុស្សលោក។ អំណោយទាននៃអាពាហ៍ពិពាហ៍នេះស្រស់បំព្រងជាទីបំផុត។ ប៉ុន្តែ មនុស្សដែលរស់នៅមុនសម័យទឹកជំនន់មិនបានគោរពអាពាហ៍ពិពាហ៍តាមដែលពួកគេគួរធ្វើនោះឡើយ។ ពួកគេបានរៀបការសម្រាប់គោលបំណងមិនត្រឹមត្រូវទាំងអស់។ ការរួមភេទបានក្លាយមកជាហេតុផលដ៏សំខាន់បំផុតសម្រាប់អាពាហ៍ពិពាហ៍ទៅវិញ។ សព្វថ្ងៃនេះ យើងក៏បានឃើញអំពើបាបទាំងនេះនៅក្នុងសម័យរបស់យើងផងដែរ។ មនុស្សលោកបានយកអំណោយទានល្អរបស់ព្រះមកប្រើនៅក្នុងផ្លូវខុស . . . . មនុស្សសព្វថ្ងៃនេះបានកុហក លួចប្លន់ និងកេងប្រវ័ញ្ច។ ទាំងអ្នកមាន និងអ្នកក្រសុទ្ធតែបានធ្វើអំពើឧក្រិដ្ឋកម្មនេះទាំងអស់។ ព័ត៌មានសព្វថ្ងៃនេះពោរពេញទៅដោយការរាយការណ៍ អំពីការកាប់សម្លាប់គ្នា . . . . យើងបានឃើញមនុស្សនៅលើផែនដីនេះគ្រប់ទីកន្លែងមិនអាចគ្រប់គ្រងលើខ្លួនឯងបានឡើយ។ ពួកគេពោរពេញទៅដោយកំហឹង។ ពួកគេបានស្អប់ខ្ពើមច្បាប់នៃប្រទេសជាតិរបស់ពួកគេ។ មិនយូរប៉ុន្មាន កំហឹងរបស់ពួកគេនឹងមានពាសពេញផែនដីទាំងមូលដែលបណ្តាលអោយអ្នកដទៃមានការភ័យខ្លាច និងសោកសៅជាខ្លាំង។ ព្រះគម្ពីរបានបង្ហាញយើងនូវទិដ្ឋភាពមួយរបស់មនុស្សដែលរស់នៅមុនទឹកសម័យទឹកជំនន់ ដើម្បីឆ្លុះបញ្ចាំងអំពីសម័យថ្មីរបស់យើង។ យើងកំពុងតែក្លាយទៅជាមនុស្សដែលរស់នៅមុនសម័យទឹកជំនន់នេះបន្តិចម្តងៗហើយ។ សូមី្បតែនៅក្នុងប្រទេសគ្រីស្ទានឥឡូវនេះក៏អ៊ីចឹងដែរ មនុស្សបានធ្វើអំពើឧក្រិដ្ឋកម្មដ៏អាក្រក់ៗបំផុត។ អំពើឧក្រិដ្ឋកម្មទាំងនេះអាក្រក់ដូចគ្នាទៅនឹងអំពើឧក្រិដ្ឋកម្មដែលបណ្តាលអោយព្រះបំផ្លាញពួកបាបជនដែលរស់នៅមុនសម័យទឹកជំនន់ដូច្នោះដែរ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, pages 101, 102, adapted។

សំនួរពិភាក្សា៖
  1. តើមនុស្សនៅក្នុងសម័យរបស់យើងដូចគ្នាទៅនឹងមនុស្សដែលរស់នៅមុនសម័យទឹកជំនន់យ៉ាងដូចម្តេចទៅ? តើរឿងទាំងនេះបានបង្ហាញយើងយ៉ាងដូចម្តេចអំពីសេចក្តីមេត្តារបស់ព្រះ និងទំហំដែលទ្រង់ចង់សង្គ្រោះយើងនោះ?

  2. មនុស្សខ្លះបាននិយាយថា គ្មានទឹកជំនន់ជន់លិចផែនដីទាំងមូលនោះទេ។ តើហេតុអ្វីបានជាគោលគំនិតនេះជាគោលគំនិតមិនត្រឹមត្រូវ?

រឿងខ្លី

ជីដូនជីតាដ៏ស្មោះត្រង់

Jeans

បន្ទាប់ពីធ្វើការនៅក្នុងចំការពោតរហូតដល់ព្រលប់រួចមក ក្រុមគ្រួសារលោករេនេគ (Reyneke) បានមកជួបជុំគ្នានៅជំុវិញតុបាយដ៏ធំមួយសម្រាប់អាហារពេលល្ងាចនៅក្នុងកសិដ្ឋានដ៏តូចមួយរបស់ពួកគេនៅភាគកណ្តាលនៃអាហ្រិ្វកខាងត្បូង។ ឪពុក ម្តាយព្រមទាំងកូនប្រុស៧នាក់ និងកូនស្រី៤នាក់របស់ ពួកគេបានបរិភោគអាហារក្នុងផ្ទះជារៀងរាល់ថ្ងៃដែលមានបបរពោតរួមជាមួយដំឡូង ល្ពៅ ហើយនិងសាច់។ បន្ទាប់ពីបរិភោគរួច កូន​ៗ​បានយកចានទៅលាង បន្ទាប់មក ឪពុក​បាន​បើក​ព្រះគម្ពីរ​ហូឡង់​របស់​គាត់សម្រាប់ការថ្វាយបង្គំជាលក្ខណៈគ្រួសារ។

នៅល្ងាចដ៏ពិសេសនោះ ឪពុកបានបើកអានបទគម្ពីរនិក្ខមនំ ២០ដែលបានចែងយ៉ាងដូច្នេះថា៖ «ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង​ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី» (និក្ខមនំ ២០៖៨-១០)។ ឪពុកបាននិយាយទាំងងឿងឆ្ងល់ថា «សូមស្តាប់នៅត្រង់នេះបានចែងថា ‘តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង​ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​ សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី’»។ គោលគំនិតនៃការសម្រាកនៅថ្ងៃទី៧នេះ ចំពោះគាត់គឺថ្មី ស្រឡាង។​ គាត់ និងគ្រួសារតែងតែយល់ឃើញថា ថ្ងៃសប្បាតហ៍គឺជាថ្ងៃអាទិត្យដែលជាថ្ងៃទី១នោះឯង ប៉ុន្តែ ព្រះគម្ពីរបាននិយាយផ្សេងទៅវិញ។

ឪពុកបានកត់ចំណាំនៅខាងក្រោមប​ន្ទាត់នៃព្រះគម្ពីររបស់គាត់។​ គាត់បានសរសេរពាក្យថា «ពេលភ្ជួរ» នៅជិតពាក្យថា «ក្នុងរវាង៦ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ»។ ហើយគាត់បាន សរសេរពាក្យថា «ពេលសម្រាក» នៅជិតពាក្យថា «តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះយេហូវ៉ា​ ជា​ព្រះ​នៃ​ឯង​វិញ»។ កំណត់ចំណាំទាំងនេះបានធ្វើអោយគាត់យល់កាន់តែច្បាស់ឡើង។ គ្រួសាររបស់គាត់បានចាប់ផ្តើមរក្សាថ្ងៃសប្បាតហ៍ទី៧។ គ្រួសារដទៃទៀតបានសង្កេតមើលដំណាំអ្នកជិតខ្លួន មិនយូរប៉ុន្មាន ពួកគេ៣នាក់ក៏ចាប់ផ្តើមរក្សាថ្ងៃសប្បាតហ៍ជាមួយនឹងគាត់។

នៅចំណេរក្រោយមក អ្នកផ្សាយដំណឹងល្អខាងឯផ្នែកអក្ខរកម្មសេវេនដេយអាត់វេនទីស្ទម្នាក់បានឈប់នៅឯចំការរបស់ឪពុក ហើយបានលក់សៀវភៅជាភាសាហូឡង់មួយក្បាលតូចអោយឪពុកដែលមានចំណងជើងថា សេចក្តីសញ្ញារបស់ព្រះជាមួយនឹងមនុស្ស (God’s Covenant With Man)។ តាមរយៈ សៀវភៅមួយក្បាលនេះ ឪពុក និងម្តាយបានដឹងអំពីពួកជំនុំសេវេនដេយអាត់វេនទីស្ទជាលើកដំបូង។ ពួក គេបានដឹងថា មានអ្នកដទៃទៀតដែលថ្វាយបង្គំនៅថ្ងៃសប្បាតហ៍ទី៧ដូចជាពួកគេដែរ។

កូនប្រុសស្រីទាំង១១នាក់បានក្លាយមកជាអាត់វេនទីស្ទ ខណៈពេលដែលគ្មានកំណត់ត្រាដែលបង្ហាញថា ឪពុកម្តាយជាពួកជំនុំអាត់វេនទីស្ទពីមុនមកនោះឡើយ។ លោកគេឌានដែលជាចៅទួតម្នាក់របស់ ពួកគេគឺជាគ្រូគង្វាលដែលបានជួយមើលការខុសត្រូវទៅលើកិច្ចការបេសកកម្មនៅក្នុងប្រទេសអាហ្វ្រិក ខាងត្បូង និង១៤ប្រទេសដទៃទៀតក្នុងនាមជាលេខាធិការប្រតិបត្តិនៃភូមិភាគឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ លោកគេឌានបាននិយាយថា គាត់បានទទួលបានកេរ្តិ៍អាត់វេនទីស្ទរបស់គាត់ពីជីដូនជីតាដ៏ស្មោះត្រង់របស់គាត់ ដែលគ្រាន់តែអានព្រះគម្ពីរ ហើយអនុវត្តតាមនៅឆ្នាំ១៩២០ប៉ុណ្ណោះ។ គាត់បាននិយាយថា «យើងសង្ឃឹមថា មនុស្សជាច្រើនទៀតនឹងចូលមកឯព្រះយេស៊ូវ តាមរយៈការនិទានរឿងនេះពីមួយជំនាន់ទៅមួយជំនាន់ទៀត»។

អំណានដង្វាយប្រចាំសប្តាហ៍

សេចក្តីអំពាវនាវនៃព្រះអម្ចាស់

យើងបានថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយដទៃទៀត ដើម្បីឆ្លើយតបទៅនឹងការត្រាស់ហៅអោយទទួលស្គាល់ព្រះថា ជាព្រះអម្ចាស់។ នៅពេលខ្លះ ការទទួលស្គាល់ព្រះអម្ចាស់ដ៏ពិតប្រាកដមួយមិនមែនជារឿងងាយស្រួលនោះឡើយ។ នាវិកកប៉ាល់បាន ឃ្លាំមើលនៅពេលយប់ ហើយបានឃើញពន្លឺភ្លើងពីចម្ងាយព្រាកៗ។ ភ្លាមនោះ គាត់បានប្រាប់អ្នក នាំសញ្ញារបស់គាត់អោយបញ្ជូនសារមួយថា «ចូរផ្លាស់ប្តូរទិសដៅរបស់អ្នកទៅខាងត្បូង១០ដឺក្រេទៅ»។ ពួកគេបានទទួលសារមួយតបមកវិញភ្លាមថា៖ «ចូរផ្លាស់ប្តូរទិសដៅរបស់អ្នកទៅខាងជើង១០ដឺក្រេទៅ»។ នាវិកបានខឹងជាខ្លាំង។ ពួកគេបានបដិសេធសេចក្តីបង្គាប់របស់គាត់។​ ម្ល៉ោះហើយ គាត់បានបញ្ជូនសារជាលើកទី២ថា «ខ្ញុំគឺជានាវិកនៃកប៉ាល់នេះ ចូរផ្លាស់ប្តូរទិសដៅរបស់អ្នកទៅខាងត្បូង១០ដឺក្រេទៅ»។ មិនទាន់បានប៉ុន្មានផង ពួកគេបានទទួលសារមួយទៀតថា «ខ្ញុំ ចូន ជានាវិកថ្នាក់ទី៣ ចូរផ្លាស់ប្តូរទិសដៅរបស់អ្នកទៅខាងជើង១០ដឺក្រេទៅ»។ នាវិកក៏បានផ្ញើសារជា លើកទី៣ភ្លាមនោះទៀតថា «ខ្ញុំគឺជានាវិកចម្បាំង ចូរផ្លាស់ប្តូរទិសដៅរបស់អ្នកទៅខាងត្បូង១០ដឺក្រេទៅ»។ បន្ទាប់មក ពួកគេបានឃើញសារឆ្លើយតបមកវិញទៀតថា «ខ្ញុំគឺជាអ្នកស៊ីញូ៉របង្គោល ភ្លើងហ្វារ ចូរផ្លាស់ប្តូរទិសដៅរបស់អ្នកទៅខាងជើង១០ដឺក្រេទៅ»។

ការដែលមិនព្រមទទួលស្គាល់ព្រះថា ជាម្ចាស់គ្រប់គ្រងនោះ តែងតែមានហានិភ័យមួយដ៏ធំបំផុត។ ដោយហេតុនេះ បានជាលោកម៉ាឡាគីអំពាវនាវអោយរាស្ត្ររបស់ព្រះត្រឡប់មកវិញ និងទទួលស្គាល់ទ្រង់ទុកជាព្រះអម្ចាស់របស់ពួកគេ។ ពេលបានឮការដង្ហើយហៅនេះហើយ ពួកបណ្តាជនបានឆ្លើយតបនៅក្នុងខគម្ពីរម៉ាឡាគី ៣៖៧ យ៉ាងដូច្នេះវិញថា «តើ​យើង​នឹង​វិល​ទៅ​ យ៉ាង​ដូច​ម្តេច» បាន?។ ដើម្បីឆ្លើយតបទៅនឹងសំណួរនេះ ព្រះអម្ចាស់បានរំលឹករាស្ត្ររបស់ទ្រង់ថា ពួកគេបានឃ្លាតចេញពីទ្រង់ទៅ ដោយសារតែពួកគេបានកោងយកតង្វាយ១ភាគក្នុង១០ និងតង្វាយសទ្ធានោះឯង។ នៅពេលដែលយើងយកប្រាក់កាសជាប្រភពនៃយសស័ក្តិ ការការពារ សុវត្ថិភាព និងសេចក្តីសុខរបស់យើងនោះ មានន័យថា យើងបានយកវាជំនួសកន្លែងនៃព្រះដ៏ពិតបាត់ទៅហើយ។ យើងបានអនុញ្ញាតអោយប្រាក់កាសប្រជែងយកតំណែងនៃព្រះអម្ចាស់ចេញពីទ្រង់ហើយ។ ប្រព័ន្ធនៃការថ្វាយតង្វាយ១០ហូត១ត្រូវបានបង្កើតឡើង ដើម្បីទទួលស្គាល់ទ្រង់ថា ជាព្រះអម្ចាស់ និងជាចៅហ្វាយរបស់យើង។ ដូច្នេះ សប្តាហ៍នេះ សូមកុំអោយយើងអាក់ខានក្នុង ការបញ្ជាក់ឡើងវិញ នូវការសារភាពរបស់យើងចំពោះភាពជាព្រះអម្ចាស់របស់ព្រះ ដោយការថ្វាយបង្គំដល់ទ្រង់ជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយសទ្ធាតាមសេចក្តីសន្យានោះឡើយ។

សេចក្តីអំពាវនាវ៖ «ឯ​កូន នោះ​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បំរើ​ក៏​កោតខ្លាច​ដល់​ចៅហ្វាយ ដូច្នេះ បើ​អញ​ជា​ឪពុក នោះ​តើ​សេចក្តី​គោរព​ដល់​អញ​នៅ​ឯ​ណា ហើយ​បើ​អញ​ជា​ចៅហ្វាយ តើ​សេចក្តី​គោរព​ដល់​អញ​នៅ​ឯ​ណា នេះ​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារដល់​ឯង​រាល់​គ្នា ជា​ពួក​សង្ឃ​ដែល​មើលងាយ​ឈ្មោះ​អញ តែ​ឯង​ថា​យើង​រាល់​គ្នា​មាន​មើលងាយ​ដល់​ព្រះនាម​ទ្រង់​ឯ​ណា» (ម៉ាឡាគី ១៖៦)។

សេចក្តីអធិដ្ឋាន៖
ទូលបង្គំមានសេចក្តីសោមនស្សជាខ្លាំងដែលមានទ្រង់ជាបិតា និងជាព្រះអម្ចាស់របស់ទូលបង្គំ។ សូមអោយការប្រព្រឹត្ត និងការថ្វាយតង្វាយរបស់ទូលបង្គំនេះបានបង្ហាញថា ទូលបង្គំបានគោរពទ្រង់ទុកជាព្រះអម្ចាស់ និងជាព្រះវរបិតាផងចុះ។ ​

Powered by CAM