ព្រះយេស៊ូវហៀបនឹងសុគតនៅក្នុងក្រុងយេរូសាឡិមហើយ។ លោកម៉ាថាយបានប្រាប់យើងអំពីកិច្ចការដែលព្រះបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់ មុនពេលដែលទ្រង់យាងទៅឯឈើឆ្កាង។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ជារឿងប្រៀបប្រដូចវិញ។ ក្នុងនោះមានរឿងប្រៀប ប្រដូចទាំង២យ៉ាងគឺ «ចៀម និងពពែ» ព្រមទាំង «ស្ត្រីព្រហ្មចារីទាំង១០» ផងដែរ។ រឿងទាំងនេះបានបង្ហាញយើងអំពីរបៀបដែលយើងគួររស់នៅ ខណៈពេលដែលយើងកំពុងតែរង់ចាំព្រះយេស៊ូវយាងមកវិញ។ យើងបានឃើញទីសំគាល់នៅជុំវិញយើងដែលបង្ហាញយើងថា ព្រះយេស៊ូវជិតយាងមកវិញហើយ។ ដូច្នេះ រឿងប្រៀបប្រដូចទាំងនេះមានសារៈសំខាន់បំផុតចំពោះយើងនៅសព្វថ្ងៃនេះ។
យើងអាចអានរឿងប្រៀបប្រដូចអំពី «ស្ត្រីព្រហ្មចារីទាំង១០» នៅក្នុងខគម្ពីរម៉ាថាយ ២៥៖១-១២។ នៅក្នុងរឿង ប្រេងគឺជារូបស័ព្ទតំណាងអោយព្រះវិញ្ញាណបរិសុទ្ធ។ អ្នកស្រីអែល្លីន ជីវ៉ៃត៍ក៏បានយល់ស្របជាមួយនឹងការបកស្រាយនេះផងដែរ។ អ្នកស្រីក៏បានមានប្រសាសន៍ថា ប្រេងបង្ហាញយើងអំពីអ្វីមួយផ្សេងទៀតផងដែរ។ ប្រេងបានបង្ហាញយើងអំពីគោលគំនិត អារម្មណ៍ និងឥរិយាបថថ្មីៗដែល ព្រះចង់ប្រទានដល់យើង។
សូមអានរឿងប្រៀបប្រដូចអំពី «ស្ត្រីព្រហ្មចារីទាំង១០» នៅក្នុងខគម្ពីរម៉ាថាយ ២៥៖១-១២។ តើរឿងនឹងប្រែប្រួលយ៉ាងណាទៅ ប្រសិនបើប្រេងមានអត្ថន័យពីរផ្សេងគ្នានោះ? ប្រសិនបើយើងមើល ឃើញថា ប្រេងគឺជាព្រះវិញ្ញាណបរិសុទ្ធនោះ តើរឿងនេះមានអត្ថន័យយ៉ាងដូចម្តេច? ចុះប្រសិនបើយើង មើលឃើញថា ប្រេងគឺជាជីវិតថ្មីខាងឯគោលគំនិត អារម្មណ៍ និងឥរិយាបថថ្មីវិញនោះ តើរឿងនេះមាន អត្ថន័យយ៉ាងណាទៅវិញ?
សូមអានរឿងប្រៀបប្រដូចអំពីចៀម និងពពែនៅក្នុងខគម្ពីរម៉ាថាយ ២៥៖៣១-៤៦។ តើស្តេច បានប្រើក្បួនច្បាប់អ្វីខ្លះ ដើម្បីញែកចៀមចេញពីពពែនោះ?
តើលោកអ្នកបានឃើញហេតុផលដែលនាំអោយស្តេចញែកចៀមចេញពីពពែដែរឬទេ? ហេតុ-ផលនោះគឺជារបៀបដែលពួកគេបានធ្វើ គិត និងមានអារម្មណ៍។ ជាការពិតណាស់ ព្រះយេស៊ូវមិនបាន បង្រៀនយើងថា យើងត្រូវបានសង្គ្រោះដោយសារតែទង្វើល្អរបស់យើងនោះឡើយ។ ប៉ុន្តែ យើងអាច មើលឃើញថា ឥរិយាបថរបស់យើងក៏សំខាន់នៅក្នុងផែនការសង្គ្រោះរបស់ព្រះផងដែរ។ ជីវិត និងឥរិយា-បថរបស់យើងនឹងបង្ហាញថា ព្រះយេស៊ូវបានសង្គ្រោះយើង
តើលោកអ្នកជាមនុស្សប្រភេទណាដែរ នៅពេលដែលគ្មានអ្នកណាម្នាក់ឃ្លាំមើលលោកអ្នកនោះ? តើចម្លើយរបស់លោកអ្នកបានប្រាប់លោកអ្នកយ៉ាងដូចម្តេច អំពីការផ្លាស់ប្តូរដែលលោកអ្នកត្រូវធ្វើនោះ?
ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២
ពួកអ្នកមានប្រាជ្ញា
កាលពីម្សិលមិញ យើងបានក្រឡេកមើលអំពីមូលហេតុដែលឥរិយាបថសំខាន់សម្រាប់ពួក គ្រីស្ទាន ខណៈពេលដែលពួកគេកំពុងតែរង់ចាំការយាងមកជាលើកទី២។ សព្វថ្ងៃនេះ យើងនឹងក្រឡេក មើលអំពីមូលហេតុដែលឥរិយាបថសំខាន់សម្រាប់មនុស្សដែលមានរស់នៅក្នុងសម័យនៃការយាងមកជា លើកទី២។
សូមអានខគម្ពីរដានីយ៉ែល ១២៖១-១០។ តើខទាំងនេះបានសំដែងអំពីអ្វី? តើខទាំងនេះបាន បង្ហាញយើងនៅសម័យណានៅក្នុងប្រវត្តិសាស្ត្រផែនដីនោះ? សំខាន់ជាងនេះទៅទៀតនោះ តើរាស្ត្រ របស់ព្រះនឹងរៀបចំឥរិយាបថយ៉ាងដូចម្តេច នៅក្នុងអំឡុងនៃសម័យទាំងនេះ? តើឥរិយាបថរបស់ពួកគេ ខុសគ្នាពីឥរិយាបថរបស់មនុស្សអាក្រក់យ៉ាងដូចម្តេចដែរ? សូមអានខគម្ពីរវិវរណៈ ២២៖១១ សម្រាប់ ចម្លើយ។
--------------------------------------------------------
ពួកទេវតាបានប្រាប់លោកដានីយ៉ែលអំពីរឿងដែលត្រូវកើតឡើងនៅលើផែនដីនេះ មុនពេល ដែលព្រះយេស៊ូវយាងត្រឡប់មកវិញ។ នឹងមានបញ្ហាអាក្រក់ៗ និងគ្រានៃសេចក្តីវេទនាលើសជាងសម័យ ណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រនៃផែនដី។ ក្នុងខគម្ពីរដានីយ៉ែល ១២៖៣, ១០ យើងបានឃើញ រូបស័ព្ទមួយនៃរាស្ត្រដ៏បរិសុទ្ធរបស់ព្រះ និងមនុស្សអាក្រក់នៅក្នុងសម័យនេះ។ តើលោកអ្នកបានឃើញ ថា «ពួកមនុស្សអាក្រក់ គេនឹងចេះតែប្រព្រឹត្តអំពើអាក្រក់ទៅ» (ដានីយ៉ែល ១២៖១០)។ ប៉ុន្តែ «ពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ» (ដានីយ៉ែល ១២៖១៣)។ ពួកអ្នកមានប្រាជ្ញាត្រូវបាន «សំអាត ហើយជម្រះ ខ្លួនឲ្យសស្គុស រួចនឹងបានសំរងជាស្រេច» (ដានីយ៉ែល ១២៖១៣)។ មនុស្សអាក្រក់មិនបានយល់នៅគ្រា នេះឡើយ។ ប៉ុន្តែ រាស្ត្រដ៏បរិសុទ្ធរបស់ព្រះមានប្រាជ្ញាវិញ។ ពួកគេបានយល់អំពីមូលហេតុពិតនៃបញ្ហា ទាំងអស់នៅលើផែនដីនេះវិញ។
កណ្ឌគម្ពីរសុភាសិតបានសំដែងប្រាប់យើងថា «សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើម ចមនៃដំរិះ» (សុភាសិត ១៖៧)។ ជាការពិតណាស់ យើងអាចនិយាយថា «ពួកអ្នកមានប្រាជ្ញា» គឺជាពួក អ្នកឆ្លាត ដោយសារតែពួកគេយល់អំពីគ្រានៃបញ្ហាដែលបានកើតឡើងនៅលើផែនដីនេះ។ ពួកគេគ្មាន ការភ្ញាក់ផ្អើលនោះឡើយ។ ពួកគេបានឃើញគ្រានៃបញ្ហានេះនឹងត្រូវមកដល់ ដោយសារតែពួកគេបានសិក្សាព្រះគម្ពីរ។ សំខាន់ជាងនេះទៅទៀតនោះ ពួកគេបានដឹងថា ពួកគេបានធ្វើតាមអ្វីៗគ្រប់យ៉ាងដែល ព្រះអម្ចាស់បានសូមអោយពួកគេធ្វើ ដើម្បីអោយពួកគេត្រៀមខ្លួនជាស្រេចសម្រាប់គ្រានេះ។ ម៉្យាងទៀត ពួកល្ងង់ខ្លៅក៏កាន់តែរឺងរូសឡើងផងដែរ។ ពួកគេបានបន្តប្រឆាំងទាស់នឹងព្រះ។ ពួកគេបានបន្តរបៀប រស់នៅដ៏អាក្រក់របស់ពួកគេ។
ខទាំងនេះសំខាន់ ដោយសារតែខទាំងនេះបានបង្ហាញយើងអំពីក្រុមមនុស្សដែលត្រូវបានសម្អាត និងធ្វើអោយបរិសុទ្ធ។
តើលោកអ្នកបានឃើញក្បួនច្បាប់អ្វីខ្លះ នៅក្នុងខគម្ពីរដានីយ៉ែល ១២៖១-១០? តើសព្វថ្ងៃនេះ ក្បួនច្បាប់ទាំងនេះបានជួយអោយយើងយល់អំពីអត្ថន័យនៃការដែលត្រូវបានសម្អាត និងធ្វើអោយបរិសុទ្ធ ដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២
ចិត្ត និងការប្តេជ្ញាចិត្តរបស់យើង
សូមអានខគម្ពីរអេភេសូរ ៤៖១១-១៦។ តើព្រះបានបណ្តាលអោយលោកប៉ុលចែករំលែកសេចក្តីពិតអ្វីនៅក្នុងខគម្ពីរទាំងនេះ? តើហេតុអ្វីបានជាពួកជំនុំសំខាន់ម្ល៉េះ សម្រាប់សេចក្តីជំនឿ និងបទ ពិសោធន៍ខាងឯសេចក្តីជំនឿរបស់យើងនោះ?
--------------------------------------------------------
នៅពេលដែលព្រះបានបណ្តាលអោយលោកប៉ុលសរសេរទៅកាន់ពួកជំនុំអេភេសូរនោះ លោក បាននិយាយថា ពួកជំនុំបៀបដូចជារាងកាយតែមួយយ៉ាងដូច្នោះដែរ។ ព្រះយេស៊ូវប្រៀប ដូចជាក្បាល ហើយរាស្ត្ររបស់ទ្រង់ប្រៀបដូចជាផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ។ សូមក្រឡេកមើលខគម្ពីរអេភេសូរ ៤៖១៣។ តើលោកអ្នកបានឃើញហេតុផលសម្រាប់ពួកជំនុំដែរឬទេ? ព្រះបានបង្កើតពួកជំនុំ ដើម្បីអោយ យើង «បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ» (អេភេសូរ ៤៖១៣)។ ជាការពិតណាស់ យើងត្រូវការគ្នាទៅវិញទៅមកសម្រាប់ចំណុចនេះ។
យើងត្រូវតែឈរសម្រាប់សេចក្តីជំនឿរបស់យើងដោយក្តីឯកោជានិច្ច។ ទន្ទឹមគ្នានេះ លោកប៉ុលចង់អោយយើងយល់សេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់មួយផងដែរ។ យើងបានរៀនអំពីព្រះយេស៊ូវ និងព្រះជន្មដ៏ល្អឥតខ្ចោះរបស់ទ្រង់ នៅពេលដែលយើងធ្វើកិច្ចការរួមគ្នា ព្រមទាំងប្រកបជាមួយគ្នាទៅវិញ ទៅមកផងដែរ។
ក្នុងខគម្ពីរអេភេសូរ ៤៖១១-១៦។ តើព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍ថា នឹងមានអ្វីកើតឡើង មុនពេលដែលយើងអាចបង្ហាញព្រះយេស៊ូវនូវគ្រប់ទាំងសិរីលំអដ៏ល្អឥតខ្ចោះរបស់ ទ្រង់តាមរយៈពួកជំនុំនោះ?
--------------------------------------------------------
តើពួកជំនុំបានបង្ហាញជីវិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវដោយរបៀបណា? តើទិដ្ឋភាពនេះមើល ទៅខុសគ្នាពីបុគ្គសតែម្នាក់បង្ហាញជីវិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវដោយរបៀបណា? តើចម្លើយរបស់លោក អ្នកបង្រៀនលោកអ្នកយ៉ាងដូចម្តេច អំពីសារៈសំខាន់នៃពួកជំនុំនៅក្នុងមហាវិវាទរវាងព្រះ និងសាតាំង នោះ? សម្រាប់ចម្លើយ សូមអានខគម្ពីរអេភេសូរ ៣៖១០។
--------------------------------------------------------
ជាការពិតណាស់ វាមិនមែនជារឿងងាយនោះឡើយ នៅពេលដែលលោកអ្នកនៅតែឯង ឬនៅ ជាមួយនឹងមនុស្សមិនស្គាល់នោះ។ ប៉ុន្តែ ការធ្វើល្អចំពោះមនុស្សដែលលោកអ្នកស្គាល់ ឬមិនចូលចិត្តនោះ ពិបាកជាងនេះទៅទៀត មែនទេ? នៅពេលដែលយើងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះដល់មនុស្សទាំង នេះនោះ សបញ្ជាក់ថា យើងបានបង្ហាញភ័ស្តុតាងអំពីព្រះ និងសេចក្តីពិតនៃព្រះគម្ពីរដល់ពួកគេហើយ។ តើហេតុអ្វីបានជាភ័ស្តុតាងនេះមានអំណាចខ្លាំងម្ល៉េះ?
ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “God Promises Us a New Heart of Flesh,” page 100, in Sons and Daughters of God; “ ‘To Meet the Bridegroom,’ “ pages 405-421, in Christ’s Object Lessons; and “The Time of Trouble,” pages 613-634, in The Great Controversy។
«ព្រះបានប្រទានកិច្ចការដ៏សំខាន់មួយដល់យើង។ ទ្រង់ចង់អោយយើងបង្ហាញអ្នកដទៃថា យើង មានគោលគំនិត អារម្មណ៍ និងឥរិយាបថថ្មី។ ឥឡូវនេះ យើងត្រូវតែខិតខំសិក្សាអំពីរបៀបធ្វើរឿងទាំងនេះលើសជាងពេលណាៗទាំងអស់។ ពួកជំនុំកាលពីមុនមិនដែលធ្លាប់រស់នៅគ្រាលំបាកដូចជាពេលឥឡូវនេះឡើយ។ យើងត្រូវតែឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់បំផុត។ ពួក បុរស និងស្ត្រីវ័យក្មេងត្រូវតែឈរប្រឆាំងទាស់នឹងអំពើបាប និងសេចក្តីអាក្រក់លើសជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ»។ ដកស្រង់ពី Ellen G. White, Education, page 225, adapted។
«ក្នុងរឿងប្រៀបប្រដូចអំពីស្ត្រីព្រហ្មចារីទាំង១០នោះ ពួកស្ត្រីវ័យក្មេងដែលគ្មានគំនិតបានសូម ប្រេងពីអ្នកដទៃ។ ប៉ុន្តែ ពួកគេមិនបានប្រេងឡើយ។ តើផ្នែកនៃរឿងនៅត្រង់នេះបានបង្ហាញយើងយ៉ាងដូចម្តេច? យើងបានឃើញថា ពួកស្ត្រីវ័យក្មេងមិនបានត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាទី២នោះឡើយ។ ម្ល៉ោះហើយ ពួកគេមិនអាចឈរយ៉ាងមាំមួននៅក្នុងគ្រានៃបញ្ហាបានឡើយ។ ពួកគេមិនអាច ទៅរកជិតខាងរបស់ពួកគេ ហើយនិយាយថា «សូមអោយគោលគំនិត អារម្មណ៍ និងឥរិយាបថរបស់អ្នក មកខ្ញុំ បើមិនដូច្នោះទេ ខ្ញុំច្បាស់ជាបាត់បង់ជាមិនខាន» បានឡើយ។ ពួកស្ត្រីវ័យក្មេងដែលមានប្រាជ្ញាមិន អាចអោយប្រេងរបស់ពួកគេទៅក្នុងចង្កៀងនៃពួកស្ត្រីវ័យក្មេងដែលគ្មានគំនិតនោះឡើយ។ ចង្កៀងនៃពួកស្ត្រីវ័យក្មេងដែលគ្មានគំនិតជិតនឹងរលត់ទៅហើយ។ តើផ្នែកនៃរឿងនេះបានបង្ហាញសេចក្តីពិតនៃព្រះគម្ពីរ អ្វីទៀត? នោះគឺថា យើងមិនអាចអោយគោលគំនិត អារម្មណ៍ និងឥរិយាបថល្អរបស់យើងទៅអ្នកដទៃបានឡើយ។ យើងមិនអាចលក់របស់ទាំងនេះទៅអោយអ្នកណាម្នាក់ ឬទិញរបស់ទាំងនេះពីអ្នកណាម្នាក់ បានឡើយ។ យើងត្រូវតែទទួលយកគោលគំនិត អារម្មណ៍ និងឥរិយាបថនេះមកពីព្រះ។ ព្រះអម្ចាស់បានប្រទានឱកាសមួយដល់មនុស្សគ្រប់គ្នា ដើម្បីអោយពួកគេទទួលបានចិត្តថ្មីមួយ មុនគ្រានៃបញ្ហា បានចាប់ផ្តើមឡើង។ យើងអាចទទួលបានចិត្តថ្មីនេះតាមរយៈការសាកល្បង និងបទពិសោធន៍លំបាក តែប៉ុណ្ណោះ។ យើងក៏ត្រូវតែរៀនមេរៀនពីព្រះយេស៊ូវ ដែលជាបរមគ្រូរបស់យើងផងដែរ។ នៅពេលនោះ យើងនឹងបានរៀនអំពីរបៀបអត់ធ្មត់ នៅពេលដែលយើងរងទុក្ខ។ យើងនឹងបានដឹងអំពីរបៀបក្នុងការបង្ហាញ សេចក្តីជំនឿ ដោយធ្វើកិច្ចការដែលអ្នកដទៃនិយាយថា មិនអាចទៅរួច។ ដកស្រង់ពី The Youth’s Instructor, January 16, 1896, adapted។
សំនួរពិភាក្សា៖
- តើការ «លូតលាស់» ខាងឯគោលគំនិត អារម្មណ៍ និងឥរិយាបថថ្មីមានន័យយ៉ាងដូចម្តេច? តើលោក អ្នកអាចធ្វើកិច្ចការជាមួយនឹងព្រះ ដើម្បីអោយការផ្លាស់ប្តូរនេះកើតឡើងបានដោយរបៀបណា? តើកិច្ចការ នេះមានសារៈសំខាន់យ៉ាងណា នៅក្នុងជីវិតរបស់លោកអ្នក និងពួកជំនុំរបស់លោកអ្នកនោះ?
- ការសិក្សានៅថ្ងៃព្រហស្បត្តិ៍បានពិពណ៌នាអំពីសារៈសំខាន់នៃពួកជំនុំនៅក្នុងជីវិតរបស់គ្រីស្ទាន។ តើពួកជំនុំនៃតំបន់របស់លោកអ្នកបានបង្ហាញថា ពួកគេគឺជា «រាងកាយ» របស់ព្រះយេស៊ូវល្អប៉ុនណា ដែរ? សូមពិភាក្សានៅក្នុងថ្នាក់ អំពីអ្វីដែលពួកជំនុំរបស់លោកអ្នកអាចធ្វើបាន ដើម្បីកែលម្អ។
- អ្នកស្រីហេលែន ឃេល័រ (Hellne Keller) បានខ្វាក់ ហើយថ្លង់តាំងតែពីក្មេងមកម្ល៉េះ។ អ្នកស្រីបាន មានប្រសាសន៍ថា «ចិត្ត និងគំនិតមិនអាចលូតលាស់បាននៅក្នុងជីវិត ដោយគ្មានការរងទុក្ខ និងការឈឺ ចាប់នោះឡើយ។ បទពិសោធន៍នៃការរងទុក្ខ និងការសាកល្បងលំបាកៗបានធ្វើអោយយើងរឹងមាំ ព្រម ទាំងផ្តល់ប្រាជ្ញា និងភាពជោគជ័យដល់យើងផងដែរ»។ ដកស្រង់ពី Leadership, volume 17, number
- តើលោកអ្នកយល់ស្របជាមួយនឹងគោលគំនិតនេះដែរឬទេ? សូមពន្យល់ចម្លើយរបស់លោកអ្នក។ សូមពិភាក្សាអំពីទំនាក់ទំនងរវាងចិត្តថ្មី ការរងទុក្ខ និងមហាវិវាទរវាងព្រះ និងសាតាំង។
រឿងខ្លី
រៀបផែនការជាមួយនឹងពួកអារក្ស វគ្គ៤
ប៉ុន្មានខែបានកន្លងផុតទៅ មុនពេលដែលម្តាយ និងជូនាបានដឹងអំពីមូលហេតុដែលឪពុករបស់ ពួកគេបានបង់បោះចោលពួកគេទៅរស់នៅឯវត្តខាន់ដូបលនៅក្នុងទីក្រុងម៉ាណូសនៃប្រទេសប្រេស៊ីលអស់ រយៈពេល២ខែកន្លងមក។ នោះគឺដោយសារតែជូនាចង់ក្លាយទៅជាសេវេនដេយអាត់វេនទីស្ទនោះឯង។
បន្ទាប់ពីបានឃើញបុរសម្នាក់ជ្រមុជទឹកនៅឯព្រះវិហារសហគមន៍អាត់វេនទីស្ទអាល់ហ្វារួចមក ជូនាបានប្រាប់ម្តាយថា គាត់ក៏ចង់ជ្រមុជទឹកផងដែរ។ ម្តាយបានប្រាប់ឪពុក បន្ទាប់មក ឪពុកត្រូវបានពួកអារក្សបញ្ជាអោយបញ្ឈប់ផែនការនោះ។ នៅផ្ទះ ឪពុកបានព្យាយាមពន្យល់ជូនាអោយគិតគូឡើង ប៉ុន្តែ ជូនា នៅតែប្រកាន់ខ្ជាប់ពាក្យរបស់គាត់។ ពួកវិញ្ញាណអាក្រក់បានបង្កើនសម្ពាធរបស់ពួកវា ដោយប្រាប់ឪពុកថា គាត់នឹងត្រូវស្លាប់ ប្រសិនបើគាត់មិនបានបញ្ឈប់ជូនានោះទេ។ ឪពុកមិនបានថា ការជ្រមុជទឹករបស់ជូនា អាចធ្វើអោយគាត់ស្លាប់បានឡើយ ប៉ុន្តែ គាត់យល់ស្របជាមួយនឹងផែនការរបស់ពួកអារក្សអោយរើចេញ ពីផ្ទះ។ ពួកអារក្សបានប្រាប់ម្តាយថា នាងនឹងត្រូវបាត់បង់ប្តី និងការងាររបស់នាងត្រឹមមួយថ្ងៃប៉ុណ្ណោះ ពេល នោះនាងបានផ្អាកនាំជូនាទៅឯព្រះវិហារ។ ឪពុកមិនចង់ចាកចេញពីផ្ទះឡើយ ហើយគាត់ក៏មានការបារម្ភ អំពីផែនការនោះពេញមួយថ្ងៃផងដែរ។ ប៉ុន្តែ នៅពេលដែលម្តាយចេញពីកម្មវិធីព្រះវិហារមកដល់ផ្ទះយឺត បន្តិចនៅយប់នោះ ឪពុកបានសម្រេចចិត្តចាកចេញពីផ្ទះទាំងកម្រោល។ ជាដំបូង ផែនការត្រូវបានលាត ត្រដាងតាមដែលបានទាយទុកយ៉ាងដូច្នោះដែរ។ នៅថ្ងៃបន្ទាប់ ឪពុកបានចាកចេញពីផ្ទះ ហើយម្តាយក៏ បានបាត់បង់ការងារផងដែរ។ ប៉ុន្តែ ផែនការនៅសេសសល់ត្រូវបានបរាជ័យវិញ។ ពួកអារក្សបានសង្ឃឹម ថា ម្តាយនឹងរត់តាមប្រាក់ និងលែងយកជូនាទៅព្រះវិហារតទៅទៀត។ ប៉ុន្តែ នៅពេលដែលម្តាយមិនអាច ទិញសាំងបាននោះ សមាជិកព្រះវិហារបានអោយនាងជិះឡានជាមួយនឹងពួកគេវិញ។ ២ខែក្រោយមក ពួក អារក្សបានប្រកាសថា ពួកវានឹងរៀបចំផែនការថ្មីមួយទៀត ដើម្បីទប់ស្កាត់ជូនាកុំអោយជ្រមុជទឹក។ ពួកវាបានប្រាប់ឪពុកអោយត្រឡប់មកផ្ទះវិញ។ ទន្ទឹមគ្នានេះ ជូនាក៏បានចាប់ផ្តើមការសិក្សាព្រះគម្ពីរ ដើម្បីត្រៀម ខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹកផងដែរ។ ជូនាបានចូលនៅក្នុងក្រុមផាតហ្វាញឌ័រ និងក្រុមតន្ត្រីព្រះវិហារ ព្រមទាំងបានរៀបចំផ្នែកប្រព័ន្ធសំឡេងផងដែរ។ ទោះបីជាពួកអារក្សបានសន្យាថា នឹងបញ្ឈប់ជូនាកុំអោយជ្រមុជទឹកយ៉ាងណាក៏ដោយ ប៉ុន្តែ ភាពឆេះឆួលរបស់ក្មេងប្រុសម្នាក់នេះកាន់ឡើងជានិច្ច។ ដើម្បីឆ្លើយតបទៅនឹងកំហឹងរបស់ឪពុកនោះ ម្តាយក៏បានចាប់ផ្តើមនិយាយថា គាត់ក៏ចង់ជ្រមុជទឹកផងដែរ។ គ្រូគង្វាលរីខាដូបានរៀបចំពិធីបុណ្យជ្រមុជទឹកសម្រាប់ជូនានៅថ្ងៃទី២៩ ខែតុលា មួយឆ្នាំក្រោយ បន្ទាប់ពី ជូនាបានឮអំពីព្រះវិហារអាត់វេនទីស្ទនៅឯផ្ទះឃ្លីហ្វឺសុសមិត្តភក្តិរបស់គាត់ជាលើកដំបូងនោះមក។ ម្តាយមិនចង់សម្លឹងមើលយ៉ាងម៉ឺងម៉ាត់។ គាត់បាននិយាយថា «ប្អូនស្រីមិនអាចជ្រមុជទឺកបានឡើយ ដោយសារ តែប្អូនស្រីមិនរៀបការស្របច្បាប់នៅឡើយ។ ពាក្យទាំងនេះបានធ្វើអោយម្តាយខកចិត្តជាខ្លាំង។ អាពាហ៍-ពិពាហ៍មិនទាន់ស្របច្បាប់បានរារាំងនាងមិនអោយជ្រមុជទឹកជាមួយនឹងជូនា។ គ្រូគង្វាលរីខាដូបានឃើញ ការអាក់អន់ចិត្តរបស់នាង។ គាត់បាននិយាយថា «កុំបារម្ភអី ប្អូនស្រីអាចទៅសូមអោយលោកអេថ្វាដូរៀប ការជាមួយប្អូនស្រីបាន»។ ទឹកភ្នែកបានធ្លាក់មកលើថ្ពាល់របស់ម្តាយ ខណៈពេលដែលនាងបានចេញពី ព្រះវិហារទៅ។ ម្តាយមិនដឹងថា ឪពុកយល់ព្រម ឬយ៉ាងណាឡើយ ប៉ុន្តែ នាងនៅតែទៅរកគាត់។ ម្តាយ សួរថា «ខ្ញុំមានសំណួរមួយចង់សួរបង មិនថា បងតបយ៉ាងណាឡើយ ទំនាក់ទំនងរបស់យើងនៅតែដូចដើមជានិច្ច។ តើបងព្រមរៀបការជាមួយខ្ញុំដែរឬទេ? ឪពុកបានបូញមាត់របស់គាត់ខឹងទាំងអស់សំណើរដូចជាកូនឆ្កែយ៉ាងដូច្នោះដែរ។ បន្ទាប់មក គាត់បានប្រែទៅជាម៉ឺងម៉ាត់វិញ។ ឪពុកបាននិយាយថា «ទេ យើងមិនរៀបការជា មួយឯងជាដាច់ខាត។
អំណានដង្វាយប្រចាំសប្តាហ៍
អាថ៌កំបាំងនៃការថ្វាយដោយក្តីអំណរ
យើងបានថ្វាយបង្គំជាមួយធនធានរបស់យើង ដោយក្តីអំណរ ដោយសារតែសេចក្តី ស្រឡាញ់ដែលព្រះបានសំដែងអោយយើងឃើញ។ អាកប្បកិរិយារបស់យើង នៅពេលដែល យើងបម្រើ គោរពតាម និងថ្វាយបង្គំនោះ គឺជារឿងសំខាន់សម្រាប់ព្រះ។ កណ្ឌគម្ពីរវិវរណៈបាន បង្ហាញគំរូដ៏គួរអោយចាប់អារម្មណ៍មួយ។ នៅក្នុងសំបុត្រផ្ញើទៅកាន់ពួកជំនុំអេភេសូរ ព្រះអម្ចាស់ មិនបានថ្កោលទោសដល់ពួកជំនុំនេះចំពោះការប្រព្រឹត្តខុសណាមួយឡើយ។ ទ្រង់ថែមទាំងបាន លើកអំពីទង្វើល្អៗរបស់ពួកគេផងដែរ។ ទោះជាយ៉ាងនេះក្តី ពួកគេនៅមានពួកជំនុំខ្វះខាតមួយ គឺ ថា៖ «ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ»។ បើសិនជាគ្មានសេចក្តីស្រឡាញ់ នោះទេ ការគោរពតាមក៏គ្មានតម្លៃអ្វីដែរ នៅក្នុងព្រះនេត្ររបស់ព្រះ។ ផ្ទុយទៅវិញ នៅពេលដែលការគោរពតាមមានប្រភពចេញពីសេចក្តីស្រឡាញ់វិញនោះ ព្រះយេស៊ូវក៏នឹងមានសេចក្តី សន្យាដ៏អស្ចារ្យមួយសម្រាប់យើងដែរ គឺថា៖ «សេចក្តីអំណររបស់អ្នករាល់គ្នា[នឹង]បានពោរពេញ» (យ៉ូហាន ១៥៖១១)។
រឿងមួយ បានដំណាលអំពីបុរសម្នាក់ ដែលជាអ្នកផ្គត់ផ្គង់ដ៏ល្អម្នាក់សម្រាប់គ្រួសាររបស់គាត់។ ជារៀងរាល់ខែ នៅថ្ងៃបើកប្រាក់ខែ គាត់តែងតែទិញរបស់របរ ដែលប្រពន្ធ និងកូន ប្រុសៗរបស់គាត់ត្រូវការ។ គ្រួសារនេះមានអ្វីៗទាំងអស់ ខ្វះតែឪពុករីករាយម្នាក់ប៉ុណ្ណោះ។ ថ្ងៃ មួយ កូនប្រុសរបស់គាត់ម្នាក់បានសួរគាត់ថា៖ «ប៉ា ហេតុអ្វីបានជាប៉ាទិញរបស់ទាំងនេះអោយ ពួកយើងយ៉ាងដូច្នេះ?» គាត់បានឆ្លើយឡើងថា៖ «ប៉ាបានរៀបការជាមួយនឹងម្តាយរបស់កូនទៅ តាមច្បាប់ ហើយកូនៗក៏ជាអ្នកដែលប៉ាត្រូវមើលថែផងដែរ ដូច្នេះ ការផ្គត់ផ្គង់កូនៗគឺជាទំនួល ខុសត្រូវរបស់ប៉ា»។ នេះមិនមែនជាចម្លើយ ដែលក្មេងប្រុសម្នាក់នោះចង់ឮនោះទេ។ ក្រោយ មកទៀត គាត់បានយល់អំពីមូលហេតុដែលនាំអោយឪពុកមិនសប្បាយចិត្ត នៅពេលដែលគ្រប់ គ្នាកំពុងតែរីករាយជាមួយនឹងរបស់របរថ្មីៗ។ សេចក្តីស្រឡាញ់ត្រូវបានជំនួសដោយកាតព្វកិច្ច និងទំនួលខុសត្រូវ។
តើយើងថ្វាយតង្វាយដល់ព្រះអម្ចាស់យ៉ាងដូចម្តេចទៅ? យើងអាចចូលរួមក្នុងការថ្វាយ តង្វាយ១០ហូត១ និងតង្វាយទៀងទាត់ ទៅផ្នែកលើកត្តាជាច្រើន ប៉ុន្តែ លោកសាវកប៉ុល បានមានប្រសាសន៍អំពី អាកប្បកិរិយាដែលអាចទទួលយកបានយ៉ាងដូច្នេះថា៖ «ចូរឲ្យគ្រប់គ្នា ធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ ដល់អ្នកណាដែលថ្វាយដោយអំណរ» (កូរិនថូសទី២ ៩៖៧)។ ព្រះរបស់យើងកំពុងតែស្វែងរក អ្នកដែលថ្វាយដោយក្តីអំណរ ហើយនៅពេលដែលយើងត្រូវបានជំរុញ ដោយសេចក្តីស្រឡាញ់ របស់ព្រះចំពោះយើងនោះ យើងនឹងបានរីកចម្រើនឡើង នៅក្នុងនាមជាអ្នកថ្វាយដោយក្តីអំណរ។ ចូរយើងសញ្ជឹងគិតអំពីអំណោយទាននៃសេចក្តីស្រឡាញ់របស់ទ្រង់ជារៀងរាល់ថ្ងៃចុះ។ សូម អោយសេចក្តីស្រឡាញ់របស់ព្រះជំរុញអោយយើងថ្វាយបង្គំទ្រង់ជាមួយនឹងធនធានរបស់យើងផង ចុះ។ សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀង ទាត់ ទៅតាមសេចក្តីសន្យានោះ សូមអោយតង្វាយនោះបានឆ្លើយតបទៅនឹងសេចក្តីស្រឡាញ់ដ៏លើសលុបរបស់ទ្រង់ផងចុះ។
សេចក្តីអំពាវនាវ៖ «ទោះបីខ្ញុំយកទ្រព្យសម្បត្តិរបស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្ដី ទោះបីខ្ញុំសុខ ចិត្តឲ្យគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះក៏គ្មាន ប្រយោជន៍អ្វីដល់ខ្ញុំដែរ» (កូរិនថូសទី១ ១៣៖៣)។
សេចក្តីអធិដ្ឋាន៖
«ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ ចំពោះសេចក្តីស្រឡាញ់ មិនចេះសាបសូន្យរបស់ទ្រង់សម្រាប់ទូលបង្គំ។ សូមអោយសេចក្តីស្រឡាញ់របស់ទ្រង់នេះបាន លើកស្ទួយអស់ទាំងទង្វើរបស់ទូលបង្គំ សូមអោយទូលបង្គំបានទទួលសេចក្តីសន្យានៃសេចក្តី អំណរយ៉ាងពេញលេញផងចុះ។