មេរៀនទី៤​៖ ១៥ - ២១ តុលា ២០២២

សេចក្តីសង្ឃឹមនៅក្នុងគម្ពីរសញ្ញាចាស់

Jeans
ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ យ៉ូប ១៩៖២៥-២៧; ទំនុកដំកើង ៤៩; ទំនុកដំកើង ៧១; អេសាយ ២៦៖១៤; ដានីយ៉ែល។

ខចងចាំ៖ «ដោយសារ​សេចក្តី​ជំនឿ នោះ​អ័ប្រាហាំ​បាន​ថ្វាយ​អ៊ីសាក ក្នុង​កាល​ដែល​ទ្រង់​ល្បង​ល​លោក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្តី​សន្យា​ទាំង​ប៉ុន្មាន លោក​បាន​ថ្វាយ​កូន​លោក​តែ​មួយ ដែល​មាន​សេចក្តីចែង​ទុក​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ឯង​នឹង​បាន​រាប់​តាម​អ៊ីសាក» លោក​បាន​រាប់​ថា ព្រះ​ទ្រង់​អាច​នឹង​ប្រោស​ កូន ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ ពី​ស្លាប់​ឡើង​វិញ» (ហេព្រើរ ១១៖១៧-១៩)។

គម្ពីរសញ្ញាចាស់បានបង្រៀនយើង អំពីការរស់ឡើងវិញ។ ការរស់ឡើងវិញគឺជាពេលវេលា នៅពេលដែលព្រះនឹងប្រោសពួកសិស្សរបស់ទ្រង់ពីស្លាប់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើក ទី២។ ការបង្រៀននេះបានផ្តល់សេចក្តីសង្ឃឹមដល់យើង។ សេចក្តីសង្ឃឹមរបស់យើង ចំពោះការរស់ ឡើងវិញនេះ មិនចេញមកពីគោលគំនិតនៃសាសន៍ក្រេក ដែលថា ព្រលឹងនឹងបន្តរស់នៅតទៅទៀត បន្ទាប់ពីរូបកាយស្លាប់ទៅ។ ទេ មិនមែនទេ សេចក្តីសង្ឃឹមរបស់យើង ចំពោះការរស់ឡើងវិញនេះ មាន ប្រភពចេញមកពីព្រះគម្ពីរទេតើ។

ប៉ុន្តែ តើការរស់ឡើងវិញ អាចកើតឡើងបានដោយរបៀបណា? តើរូបកាយដែលគេដុតទៅ ជាផេះទៅហើយនោះ អាចមានជីវិតម្តងទៀតយ៉ាងដូចម្តេចទៅបាន? តើមនុស្សដែលស្លាប់ជាច្រើនពាន់ឆ្នាំទៅហើយនោះ អាចរស់ឡើងវិញបានដោយរបៀបណា? បន្ទូលរបស់ព្រះនឹងធ្វើអោយជីវិតកើត ចេញពីអ្វីដែលគ្មាន (លោកុប្បត្តិ ១; ទំនុកដំកើង ៣៣៖៦, ៩)។ ដូច្នេះ តើមិនគួរអោយយើងជឿថា ទ្រង់អាចបង្កើតជីវិតថ្មីម្តងទៀតទេឬអី?

សប្តាហ៍នេះ​ យើងនឹងក្រឡេកមើលនូវអ្វីអ្នកសរសេរគម្ពីរសញ្ញាចាស់មួយចំនួនបានមានប្រសាសន៍ ទាក់ទងទៅនឹងការរស់ឡើងវិញ នាពេលចុងក្រោយបង្អស់។

ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២

«ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ»

សូមអាននូវអ្វីដែលលោកយ៉ូបបានមានប្រសាសន៍ទាក់ទងទៅនឹងសេចក្តីស្លាប់ នៅក្នុងខគម្ពីរ យ៉ូប ១៩៖២៥-២៧។ សូមប្រៀបធៀបពាក្យសម្តីរបស់លោកយ៉ូបជាមួយនឹងខគម្ពីរយ៉ូហាន ១៖១៨ និង ធីម៉ូថេទី១ ៦៖១៦។ តើលោកយ៉ូបរំពឹងចង់ «ឃើញព្រះ» នៅពេលណា (យ៉ូប ១៩៖២៦, ២៧)?

--------------------------------------------------------

ជីវិតគ្មានភាពយុត្តិធម៌នោះទេ។ មនុស្សល្អតែងតែរងទុក្ខ នៅពេលដែលមនុស្សអាក្រក់កាន់តែ មានឡើងៗ និងទទួលបានជោគជ័យ (សូមអានខគម្ពីរទំនុកដំកើង ៧៣៖១២-១៧; មីកា ៣៖១៤-១៨)។ សូមក្រឡេកមើលលោកយ៉ូប។ លោកយ៉ូបគឺ «ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោត ខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់» (យ៉ូប ១៖១)។ ប៉ុន្តែ ព្រះបានអនុញ្ញាតអោយសាតាំងធ្វើអោយលោកយ៉ូបរងទុក្ខ ដោយវិធីពិសពុលជាច្រើន។ សាតាំងបានធ្វើអោយលោកយ៉ូបកើតជំងឺឃ្លង់ពេញ រាងកាយរបស់គាត់ (យ៉ូប ២៖១-៨)។ ពួកសត្វចិញ្ចឹម និងបាវបម្រីរបស់លោកយ៉ូបភាគច្រើនត្រូវបានស្លាប់។ (យ៉ូប ១៖១៣-១៧)។ កូនៗរបស់លោកយ៉ូបក៏ស្លាប់ទៅដែរ (យ៉ូប ១៖១៨, ១៩)។ មិត្តភក្តិរបស់លោក យ៉ូបបានគិតថា ព្រះច្បាស់ជាក្រោធនឹងលោកយ៉ូបហើយ (យ៉ូប ៤៖១-៥៖២៧; យ៉ូប ៨​៖១-២២; យ៉ូប ១១៖១-២០ និងខផ្សេងៗទៀត)។ ប្រពន្ធរបស់លោកយ៉ូបក៏បាននិយាយទៅកាន់ប្តីរបស់គាត់ថា «អ្នក​នៅ​តែ​រក្សា​លក្ខណៈ​ខ្លួន​ទៀត​ឬ ចូរ​ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់​ទៅ​ចុះ» (យ៉ូប ២៖៩)។

លោកយ៉ូបមិនបានដឹងថា គាត់កំពុងតែស្ថិតនៅកណ្តាលនៃសង្គ្រាមពិភពលោករវាងព្រះ និង សាតាំងនោះទេ។ ការរងទុក្ខរបស់លោកយ៉ូបវេទនាជាទីបំផុត។ លោកយ៉ូបបានប្រាថ្នាថា គាត់មិនគួរ កើតមកនោះឡើយ (យ៉ូប ៣៖១-២៦)។ ប៉ុន្តែ លោកយ៉ូបបានបដិសេធមិនអោយខ្លួនឈប់ជឿទុកចិត្ត ព្រះនោះឡើយ។ យើងបានឃើញសេចក្តីជំនឿដ៏រឹងមាំរបស់លោកយ៉ូប នៅពេលដែលគាត់មានប្រសាសន៍ ថា «ទោះ​បើ​ទ្រង់​សម្លាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ» (យ៉ូប ១៣៖១៥)។ លោកយ៉ូបបាន ជឿថា ជីវិតរបស់គាត់នឹងត្រូវបញ្ចប់ទៅ នៅពេលឆាប់ៗនេះ។ ប៉ុន្តែ លោកយ៉ូបបានជឿថា គាត់នឹងបាន ឃើញព្រះ ដោយភ្នែករបស់គាត់ផ្ទាល់ នៅថ្ងៃណាមួយ ជាមិនខាន (យ៉ូប ១៩៖២៥-២៧)។ «ខទាំងនេះ បានបង្ហាញយើងនូវភ័ស្តុតាងមួយដែលថា លោកយ៉ូបបានជឿទៅលើការរស់ឡើងវិញ។ ចំណុចនេះមាន ន័យថា ព្រះនឹងប្រោសអោយគាត់រស់ពីស្លាប់ឡើងវិញ»។ ដកស្រង់ពី The SDA Bible Commentary, volume 3, page 549, adapted។

គោលជំនឿទៅលើការរស់ឡើងវិញនេះ បានផ្តល់សេចក្តីសង្ឃឹមដល់លោកយូ៉ប នៅក្នុងការ រងទុក្ខរបស់គាត់។ លោកយ៉ូបមានជំងឺ និងឈឺចាប់ជាទីបំផុត។ គាត់បានបាត់បង់ទ្រព្យសម្បត្តិ ហើយក៏ បាត់បង់កូនៗរបស់គាត់ផងដែរ។ មិត្តភក្តិរបស់លោកយ៉ូបបានគិត អវិជ្ជមានអំពីគាត់។ ចិត្តរបស់លោកយ៉ូបបានខ្ទេចខ្ទាំជាខ្លាំង។ ប៉ុន្តែ លោកយ៉ូបមិនលះចោលសេចក្តីសង្ឃឹមដែលថា ព្រះនឹងសង្គ្រោះគាត់ នោះឡើយ។ នៅថ្ងៃដែលព្រះសង្គ្រោះគាត់នោះ គាត់នឹងបានឃើញព្រះភ័ក្ត្រនៃព្រះអង្គសង្គ្រោះជាទី ស្រឡាញ់របស់គាត់។ ចិត្តរបស់លោកយ៉ូបពោរពេញទៅដោយក្តីសង្ឃឹម ដូចជាចិត្តរបស់នាងម៉ាថា ប៉ុន្មាន ពាន់ឆ្នាំក្រោយមកទៀតផងដែរ គឺនៅពេលដែលនាងបាននិយាយទៅកាន់ព្រះយេស៊ូវថា៖ «ខ្ញុំ​ដឹង​ថា នៅ​ ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​វិញ​ដែរ» (យ៉ូហាន ១១៖២៤)។ ព្រះនឹងបង្ហាញនាងម៉ាថានូវភ័ស្តុតាងដ៏មានអំណាចមួយ នៅពេលខាងមុខនេះ សម្រាប់ គោលជំនឿរបស់នាង។ ប៉ុន្តែ លោកយ៉ូបក៏ត្រូវតែតោងអោយជាប់ទៅនឹងសេចក្តីសន្យារបស់ព្រះនេះ ដោយ សេចក្តីជំនឿផងដែរ។

តើយើងអាចរៀនជឿទុកចិត្តព្រះយ៉ាងដូចម្តេចទៅបាន នៅពេលដែលជីវិតគ្មានភាពយុត្តិធម៌នោះ?

ថ្ងៃច័ន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២

«ពុំ​អាច​គេច​ផុត​ពី​ស្លាប់​បាន​ទេ»

សូមអានបទគម្ពីរទំនុកដំកើង ៤៩។ តើហេតុអ្វីបានជាអ្នកសរសេរបទគម្ពីរទំនុកដំកើង ៤៩ ប្រាកដម្ល៉េះថា ព្រះនឹងប្រោសអោយគាត់រស់ពីស្លាប់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២ នោះ? សូមប្រៀបធៀបសេចក្តីជំនឿនៃអ្នកសរសេរបទគម្ពីរគម្ពីរទំនុកដំកើងនេះ ជាមួយនឹងមនុស្សស្លាប់ ដែលគ្មានសេចក្តីសង្ឃឹមថា ពួកគេនឹងបានរស់ឡើងវិញម្តងទៀតនោះ។ តើពួកគេខុសពីគ្នាយ៉ាងដូចម្តេច ដែរ?

--------------------------------------------------------

បទគម្ពីរទំនុកដំកើង ៤៩ បានពិពណ៌នាអំពីពួកមនុស្សល្ងីល្ងឺ ដែល «ទុក​ចិត្ត​នឹង​របស់​ទ្រព្យ​ខ្លួន ហើយ​អួតអាង​ពី​ទ្រព្យសម្បត្តិ​ដ៏​មាន​ជា​បរិបូរ» (ទំនុកដំកើង ៤៩៖៦) របស់ពួកគេនោះ។ ពួកគេក៏បាន ដាក់ឈ្មោះ «ស្រុក តាម​ឈ្មោះ​របស់​ខ្លួន​ដែរ» (ទំនុកដំកើង ៤៩៖១១)។ ពួកគេគ្រាន់តែរស់ ដើម្បីអោយ ខ្លួនពួកគេមានទ្រព្យ និងមានកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។ ពួកគេបានបញ្ចេញឥរិយាបថ ហាក់ដូចជាលំនៅ និង ភាពរុងរឿងរបស់ពួកគេនៅស្ថិតស្ថេរជារៀងរហូតអ៊ីចឹង (ទំនុកដំកើង ៤៩៖១១, ១៧, ១៨)។

ប៉ុន្តែ ពួកមនុស្សល្ងីល្ងឺបានភ្លេចថា កេរ្តិ៍ឈ្មោះ និងជីវិតរបស់ពួកគេនឹងត្រូវបញ្ចប់ទៅ។ មនុស្ស ទាំងនេះនឹងស្លាប់ទៅ ដូចជាសត្វតិរច្ឆាន ដែលត្រូវវិនាសវិញ (ទំនុកដំកើង ៤៩៖១២)។ «គេ​ដូច​ជា​ហ្វូង​ សត្វ​ដែល​ដំរង់​ទៅ​ឯ​ទី​ស្លាប់ សេចក្តី​ស្លាប់​នឹង​ស៊ី​គេ ហើយ​មនុស្ស​ទៀង​ត្រង់​នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ» (ទំនុកដំកើង ៤៩៖១៤)។

ជាច្រើនរយឆ្នាំមុន លោកយ៉ូបបានមានប្រសាសន៍អំពីចំណុចដដែលនេះ យ៉ាងដូច្នេះថា៖ «ទូល-បង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ» (យ៉ូប ១៖២១; ធីម៉ូថេ ទី១ ៦៖៧)។ អ្នកសរសេរបទគម្ពីរទំនុកដំកើង ៤៩ បានមានប្រសាសន៍ថា ទាំងអ្នកមានប្រាជ្ញា និងមនុស្ស ល្ងីល្ងឺនឹងត្រូវស្លាប់ទៅ ហើយទ្រព្យសម្បត្តិរបស់ពួកគេនឹងបានទៅអ្នកដទៃវិញ (ទំនុកដំកើង​៤៩៖១០)។

ប៉ុន្តែ រវាងអ្នកមានប្រាជ្ញា និងមនុស្សល្ងីល្ងឺនោះ មានចំណុចខុសពីគ្នាដ៏ធំមួយ។ មនុស្សល្ងីល្ងឺនឹង ត្រូវស្លាប់ទៅ ប៉ុន្តែ គេគ្មានសេចក្តីសង្ឃឹមឡើយ។ គេរស់សម្រាប់តែជីវិតនេះប៉ុណ្ណោះ។ គេបានព្យាយាម ស្វែងរកកេរ្តិ៍ឈ្មោះរបស់គេ តាមរយៈទ្រព្យសម្បត្តិ និងភាពជោគជ័យរបស់គេ។ រីឯមនុស្សមានប្រាជ្ញាវិញ គេបានក្រឡេកមើលហួសពីសេចក្តីស្លាប់វិញ។ គេបានសម្លឹងឃើញរង្វាន់ ដែលព្រះបានសន្យានឹងគេ (ពេត្រុសទី១ ១៖៤)។ នេះហើយជាមូលហេតុដែលនាំអោយអ្នកសរសេរបទគម្ពីរទំនុកដំកើង ៤៩ មាន ប្រសាសន៍ថា «ប៉ុន្តែ​ព្រះ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃស្ថានឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញ ដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក» (ទំនុកដំកើង ៤៩៖១៥)។

អ្នកសរសេរបទគម្ពីរទំនុកដំកើង ៤៩ មិនបានផ្តល់យោបល់ថា នៅពេលដែលគាត់ស្លាប់ទៅ ព្រលឹងរបស់គាត់នឹងហោះទៅឯស្ថានសួគ៌ភ្លាមៗនោះទេ។ អ្នកសរសេរចង់ប្រាប់ថា គាត់នឹងមិនស្នាក់នៅ ក្នុងផ្នូរជារៀងរហូតនោះឡើយ។ នឹងមានពេលវេលាមួយ នៅពេលដែលព្រះនឹងសង្គ្រោះគាត់ពីស្លាប់ឡើង វិញ។ បន្ទាប់មក ព្រះនឹងលើកគាត់ទៅឯស្ថានសួគ៌។ បទគម្ពីរទំនុកដំកើង ៤៩ បានផ្តល់សេចក្តីសង្ឃឹម ដល់យើង តាមរយៈការរស់ឡើងវិញ។ នោះគឺជាពេលដែលព្រះនឹងប្រោសរាស្ត្ររបស់ទ្រង់អោយរស់ពីស្លាប់ឡើងវិញ។ នៅពេលនោះ អ្នកមានប្រាជ្ញានឹងទទួលបានរង្វាន់ច្រើនជាងមនុស្សល្ងីល្ងឺបានទទួល នៅ ក្នុងជីវិតដ៏ខ្លីនេះ របស់ពួកគេទៅទៀត។

តើលោកអ្នកបានឃើញកំហុសនៃមនុស្ស ដែលជឿទុកចិត្តទៅលើទ្រព្យសម្បត្តិ និងភាពជោគជ័យ នេះ តាមវិធីណាខ្លះ? តើការសម្លឹងទៅឯឈើឆ្កាងរបស់លោកអ្នក អាចការពារលោកអ្នកកុំអោយធ្វើកំហុស ដូចគ្នានេះដោយរបៀបណា?

ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២

«ចេញ​ពី​ទី​ជំរៅ​នៃ​ផែនដី»

សូមអានបទគម្ពីរទំនុកដំកើង ៧១។ នៅពេលដែលយើងអានថា៖ «ទ្រង់​នឹង​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​ជំរៅ​នៃ​ផែនដី» (ទំនុកដំកើង ៧១៖២០) នោះ តើបទគម្ពីរទំនុកដំកើង ៧១ បានបង្រៀនយើងអំពីអ្វី?

--------------------------------------------------------

បុរសនៅក្នុងបទគម្ពីរទំនុកដំកើង ៧១ បានស្វែងរកសុវត្ថិភាព និងសេចក្តីសង្ឃឹមជាមួយនឹង ព្រះ។ ពួកខ្មាំងសត្រូវ និងពួកមួលបង្កាច់បានហ៊ុំព័ទ្ធគាត់។ ពួកគេបានកុហកគាត់។ ពួកគេបាននិយាយ ថា​ ព្រះបានទុកគាត់អោយនៅតែម្នាក់ឯងជារៀងរហូតហើយ (ទំនុកដំកើង​៧១៖១០, ១១)។

បុរសនៅក្នុងប​ទគម្ពីរទំនុកដំកើង ៧១ មានអារម្មណ៍កក់ក្តៅ និងស្ងប់សុខ នៅពេលដែលគាត់ គិតអំពីរបៀបដែលព្រះបានយកព្រះទ័យទុកដាក់ចំពោះគាត់កាលពីមុនមក។ ជាដំបូង គាត់បានដឹងថា​ព្រះបានយកព្រះទ័យទុកដាក់ចំពោះគាត់ តាំងតែពីគាត់ចាប់កំណើតមកម្ល៉េះ (ទំនុកដំកើង​៧១៖៦)។ បន្ទាប់មក អ្នកសរសេរបានមានប្រសាសន៍ទៀតថា ព្រះគឺជាបរមគ្រូរបស់គាត់។ ព្រះបានបង្រៀនដល់ គាត់​ តាំងតែពីក្មេងមកម្ល៉េះ។

បុរសនៅក្នុងបទគម្ពីរទំនុកដំកើង ៧១ បានជ្រាបថា​ ព្រះគឺជាកម្លាំងរបស់គាត់ ទ្រង់ក៏ជាអ្នក រក្សាសុវត្ថិភាពរបស់គាត់ផងដែរ។ នេះគឺជាមូលហេតុដែលជំរុញអោយគាត់មានប្រសាសន៍ថា «សូម​ឲ្យ​ ទ្រង់​ធ្វើ​ជា​ថ្មដា សំរាប់​ជា​ទី​លំនៅ​ដល់​ទូលបង្គំ ជា​កន្លែង​ដែល​ទូលបង្គំ​ទៅ​មក​ជានិច្ច​បាន ទ្រង់​បាន​ចេញ​ បង្គាប់​ឲ្យ​ជួយ​សង្គ្រោះ​ទូលបង្គំ​ហើយ ដ្បិត​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​របស់​ទូលបង្គំ» (ទំនុកដំកើង ៧១៖៣)។​ ព្រមទាំងមានប្រសាសន៍ថា «សូម​កុំ​បោះបង់​ចោល​ទូលបង្គំ ក្នុង​កាល​ដែល​ចាស់ជរា​ឡើយ ហើយ កុំ​លះបង់​ទូលបង្គំ» (ទំនុកដំកើង ៧១៖៩) ផងដែរ។ គាត់ក៏បានបន្ថែមទៀតថា «ឱ​ព្រះអង្គ​អើយ សូម​ កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូលបង្គំ​ផង» (ទំនុកដំកើង ៧១៖១២) ដែរ។ ហើយគាត់ក៏បានបន្ថែមទៀតថា «ទ្រង់​បាន​ឲ្យ​យើង​ខ្ញុំ​ឃើញ​សេចក្តី​វេទនា​ដ៏​លំបាកជា​ច្រើន​ ហើយ តែ​ទ្រង់​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​ចំរើន​ឡើង​វិញ ទ្រង់​នឹង​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​ជំរៅ​នៃ​ផែនដី» (ទំនុកដំកើង ៧១៖២០)។

តើពាក្យថា «ទ្រង់​នឹង​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​ជំរៅ​នៃ​ផែនដី» នេះមានន័យយ៉ាងដូចម្តេច? តើបុរសនៅក្នុងបទគម្ពីរទំនុកដំកើង ៧១ កំពុងតែមានប្រសាសន៍អំពីការរស់ឡើងវិញដែរឬទេ? ការរស់ ឡើងវិញនឹងកើតឡើង នៅពេលដែលព្រះប្រោសគាត់ពីស្លាប់ឡើងវិញ។​ គាត់បានប្រើរូបស័ព្ទនេះ ដើម្បី បង្ហាញយើងអំពីអារម្មណ៍របស់គាត់។ គាត់មានអារម្មណ៍សោកសៅជាទីបំផុត។ គាត់បានប្រៀបធៀប អារម្មណ៍របស់គាត់ទៅនឹងការធ្លាក់ចុះទៅក្នុងទីជំរៅនៃផែនដី (សូមប្រៀបជាមួយនឹងខគម្ពីរទំនុកដំកើង ៨៨៖៦ និងទំនុកដំកើង ១៣០៖១)។ ដូច្នេះ យើងអាចនិយាយបានថា «ទីជំរៅនៃផែនដី» នេះគឺជារូបស័ព្ទ មួយ។ ប៉ុន្តែ រូបស័ព្ទនេះក៏បានណែនាំអំពីគោលគំនិតនៃការរស់ឡើងវិញផងដែរ»។ ដកស្រង់ពី Andrews Study Bible, p.726, note on Psalm 71:20, adapted។

បទគម្ពីរទំនុកដំកើង ៧១ បានបង្រៀនយើងថា ព្រះបានយកព្រះទ័យទុកដាក់ចំពោះយើង។ បទគម្ពីរនេះក៏បានបង្រៀនយើងផងដែរថា​ យើងមិនអាចរកឃើញសេចក្តីសង្ឃឹមរបស់យើងនៅក្នុងជីវិត មួយនេះបានឡើយ។ ដ្បិតសេចក្តីសង្ឃឹមនោះគឺជាជីវិតអស់កល្ប។ ព្រះយេស៊ូវនឹងប្រទានជីវិតអស់កល្ប នេះ បន្ទាប់ពីទ្រង់ប្រោសយើងអោយរស់ពីស្លាប់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។

តើ​ព្រះអម្ចាស់​បានគង់​នៅ​ជា​មួយនឹង​អ្នក​យ៉ាងដូចម្តេចដែរ កាលពីមុន? តើហេតុ​អ្វី​បាន​ជា​យើង​ ត្រូវ​តែចងចាំអំ​ពី​របៀប​ដែល​ព្រះបាន​យកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងដូច្នេះ? តើ​ការ​ចង​ចាំ​ទាំង​នេះ អាច​ជួយ​អោយលោកអ្នក​ជឿ​ទុក​ចិត្តទៅ​លើ​ទ្រង់​បានដោយរបៀបណា នៅពេលជីវិតជួបទៅនឹងការលំបាក នោះ?

ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២

«ឯ​ពួក​ស្លាប់​របស់​ឯង គេ​នឹង​រស់»

សូមប្រៀបធៀបខគម្ពីរអេសាយ ២៦៖១៤ ជាមួយនឹងអេសាយ​២៦៖១៩។ ព្រះបានបណ្តាល អោយលោកអេសាយមានប្រសាសន៍អំពីមនុស្សដែលត្រូវស្លាប់ជារៀងរហូត និងមនុស្សដែលត្រូវទទួល ជីវិតអស់កល្បជារៀងរហូត (អេសាយ ២៦៖១៩)។ តើក្រុមទាំង២នេះខុសគ្នាយ៉ាងដូចម្តេច? (សូមអាន ខគម្ពីរម៉ាថាយ ៤៖១ ផងដែរ)។

--------------------------------------------------------

បទគម្ពីរអេសាយ ២៦ បានពិពណ៌នាអំពីអ្វីដែលនឹងត្រូវកើតឡើងនាពេលអនាគត។ មនុស្ស អាក្រក់នឹងត្រូវស្លាប់ បន្ទាប់ពី «សេចក្តីស្លាប់ទី២» (វិវរណៈ ២១៖៨)។ សេចក្តីស្លាប់ទី២នឹងកើតឡើង បន្ទាប់ពី១០០០ឆ្នាំនៅស្ថានសួគ៌ គឺចាប់ផ្តើមឡើង បន្ទាប់ពីការយាងមកជាលើកទី២។ នៅពេលដែល១០០០ឆ្នាំចប់សព្វគ្រប់យ៉ាង ព្រះយេស៊ូវ និងរាស្ត្ររបស់ទ្រង់នឹងត្រឡប់មកឯផែនដីវិញ ជាមួយនឹងទីក្រុង បរិសុទ្ធ។ បន្ទាប់មក ព្រះយេស៊ូវនឹងដាស់មនុស្សអាក្រក់ពីស្លាប់ឡើងវិញ។ មនុស្សអាក្រក់ទាំងនេះនឹងត្រូវបំផ្លាញចោលជារៀងរហូត គឺថា៖ «គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ គេ​កន្លង​បង់​ហើយ ឥត​ងើប​ឡើង​វិញ​ទេ ដូច្នេះ​ទ្រង់​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​សេចក្តី​នឹក​ចាំ​ពី​គេ​ សូន្យ​បាត់​ទៅ» (អេសាយ ២៦៖១៤)។ ខនេះបានគាំទ្រសេចក្តីបង្រៀននៃព្រះគម្ពីរដែលថា វិញ្ញាណមិនអាច រស់នៅ បន្ទាប់ពីសេចក្តីស្លាប់នោះឡើយ។ ក្រោយមក ព្រះអម្ចាស់បានមានបន្ទូលប្រាប់ហោរាម៉ាឡាគី នូវពាក្យពេចន៍ដដែលនេះ យ៉ាងដូច្នេះថា៖ «ដ្បិត​មើល ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើងឆ្មៃ ហើយ​នឹង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ហើយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា នៃ​ពួក​ពលបរិវារ» (ម៉ាឡាគី ៤៖១)។

នៅពេលដែលព្រះគ្រីស្ទយាងមកជាលើកទី២នោះ មនុស្សដែលស្លាប់នៅក្នុងព្រះយេស៊ូវនឹងរស់ពីស្លាប់ឡើងវិញ។​ ព្រះនឹងប្រទានរង្វាន់នៃជីវិតអស់កល្បដល់ពួកគេ។ បទគម្ពីរអេសាយ ២៥ បាន សំដែងប្រាប់យើងថា «ទ្រង់​នឹង​បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​នឹង​ដក​សេចក្តី​ត្មះតិះដៀល​ចំពោះ​រាស្ត្រ​ទ្រង់ ពី​ផែនដី​ ទាំង​មូល​ចេញ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​បាន​មានព្រះបន្ទូល​ដូច្នេះ​ហើយ» (អេសាយ ២៥៖៨)។ ក្នុងបទគម្ពីរ អេសាយ ២៦ យើងបានអានថា៖ «ឯ​ពួក​ស្លាប់​របស់​ឯង គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ ដ្បិត​ទឹក​សន្សើម​ របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក» (អេសាយ ២៦៖១៩)។ បន្ទាប់មក មនុស្សដែលរស់ពីស្លាប់ឡើងវិញ គេនឹងអង្គុយចុះនៅក្នុងពិធីជប់លៀងមួយ ជាមួយនឹងព្រះអម្ចាស់ (អេសាយ ២៥៖៦)។ មនុស្សទាំងអស់ដែលព្រះយេស៊ូវសង្គ្រោះពីគ្រប់សម័យកាលនោះ ពួកគេនឹងអង្គុយចុះ រួមទាំងអ្នកជាទីស្រឡាញ់របស់លោកអ្នក ដែលបានជឿដល់ព្រះយេស៊ូវផងដែរ។

ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២

ក្រឹត្យវិន័យទី១

សូមអានបទគម្ពីរដានីយ៉ែល ១២។ តើយើងបានរកឃើញសេចក្តីសង្ឃឹមអ្វី នៅក្នុងជំពូកនេះ ទាក់ទងទៅនឹងការរស់ឡើងវិញ? យើងបានឃើញរួចមកហើយថា ការរស់ឡើងវិញគឺជាគ្រាមួយ នៅពេលដែលព្រះយេស៊ូវនឹងប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។

--------------------------------------------------------

ខគម្ពីរដានីយ៉ែល ១២៖១ បានពិពណ៌នាអំពីមីកែល។ មីកែលគឺជា «មហា​ទេវតា» (ដានីយ៉ែល ១២៖១)។ មនុស្សជាច្រើនមិនបានដឹងថា មីកែលគឺជាអ្នកណានោះទេ។ ប៉ុន្តែ កណ្ឌគម្ពីរដានីយ៉ែលបាន ផ្តល់តម្រុយដ៏សំខាន់មួយសម្រាប់យើង។ ក្នុងកណ្ឌគម្ពីរនេះ សុបិនទាំងអស់របស់លោកដានីយ៉ែលអំពីអនាគតសុទ្ធតែត្រូវបញ្ចប់ជាមួយនឹងព្រះយេស៊ូវ ហើយនិងនគររបស់ទ្រង់។ ដូច្នេះ យើងអាចយល់បាន ដែរថា ជំពូក១២ក៏នឹងពិពណ៌នាអំពីព្រះយេស៊ូវ និងស្ថានសួគ៌ផងដែរ។ ម៉្យាងទៀត យើងក៏បានអានអំពី ព្រះនាមខុសៗគ្នាជាច្រើនរបស់ព្រះអម្ចាស់ នៅក្នុងខដទៃទៀតនៃកណ្ឌគម្ពីរដានីយ៉ែលផងដែរ។ ព្រះអម្ចាស់ ក៏មានព្រះនាមថា «អ្នក​ជា​កំពូល​បណ្តាច់​នៃ​ពួក​ពល​បរិវារ» ផងដែរ។ ក៏មានព្រះនាមដទៃទៀត នៅក្នុង កណ្ឌគម្ពីរដានីយ៉ែល សម្រាប់ព្រះអម្ចាស់ផងដែរ ដូចជា៖​ «ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់» (ដានីយ៉ែល ៨៖២៥) «អ្នក​ដែល​ចាក់​ប្រេង​តាំង» (ដានីយ៉ែល​៩៖២៥) ហើយនិង «មីកែល ជា​មហា​ទេវតា» (ដានីយ៉ែល ២១៖១)។ ដូច្នេះ យើងគួរតែគិតឃើញថា មីកែលក៏ជាព្រះនាមមួយទៀតរបស់ព្រះយេស៊ូវផងដែរ។

មកទល់សប្តាហ៍នេះ យើងបានក្រឡេកមើលខគម្ពីរសញ្ញាចាស់ទាំងនេះ ដូចជា៖ យ៉ូប ១៩៖២៥-២៧; ទំនុកដំកើង ៤៩៖១៥; ទំនុកដំកើង ៧១៖២០ និងអេសាយ ២៦៖១៩។ ខទាំងអស់នេះបាន ពិពណ៌នាអំពីការរស់ឡើងវិញនៃមនុស្សដែលបានសង្គ្រោះ។ បានសេចក្តីថា ខទាំងនេះបានពិពណ៌នា អំពីគ្រាមួយ នៅពេលដែលព្រះយេស៊ូវនឹងប្រោសអោយរាស្ត្ររបស់ទ្រង់រស់ពីស្លាប់ឡើងវិញ។​ ប៉ុន្តែ បទ គម្ពីរដានីយ៉ែល ១២ ក៏បានពិពណ៌នាអំពីគ្រាមួយ នៅពេលដែលព្រះយេស៊ូវនឹងប្រោសមនុស្សដែល បានសង្គ្រោះទាំងអស់ ព្រមទាំងមនុស្សអាក្រក់មួយចំនួនក្នុងពេលតែមួយផងដែរ។ តើនៅពេលណាទៅ? គឺនៅពេលដែល «នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា​ដែល​ដំណាង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក»។ នៅ គ្រានោះ ព្រះបានបណ្តាលអោយលោកដានីយ៉ែលមានប្រសាសន៍ថា៖ «ដល់​ម៉្លេះ​បាន​ជា​ចាប់​តាំង​ពី​មាន​ នគរ​ដរាប​ដល់​វេលា​នោះ​ឯង នោះ​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​នៅ​គ្រា​នោះ សាសន៍​អ្នក​ នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​អស់​អ្នក​ណា​ដែល​មាន​កត់​ទុក​ក្នុង​បញ្ជី»។ បន្ទាប់មក «ពួក​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង ធូលី​ដី និង​ភ្ញាក់​ឡើង​វិញ​ជា​ច្រើន គឺ​ខ្លះ​ឲ្យ​បាន​ជីវិត​រស់​នៅ​អស់កល្ប​ជានិច្ច និង​ខ្លះ​ឲ្យ​បាន​សេចក្តី​អាម៉ាស់​ ខ្មាស ហើយ​ឲ្យ​បាន​ជា​ទី​ខ្ពើមឆ្អើម នៅ​អស់កល្ប​ជានិច្ច​វិញ» (ដានីយ៉ែល ១២៖២)។

មនុស្សជាច្រើនបានជឿថា ខគម្ពីរដានីយ៉ែល​១២៖២​ បានសំដែងអំពីមនុស្សអាក្រក់មួយក្រុម ដែលព្រះនឹងដាស់ពួកគេពីស្លាប់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។ ក្រុមនេះនឹងរស់ឡើងវិញជាមួយនឹងមនុស្សទាំងអស់ដែលបានសង្គ្រោះ»។ (សូមអាន Ellen G. White, The Great Controversy, page 637; see also Friday’s study)។

ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “Visions of Future Glory,” pages 727-733, in Prophets and Kings។

«ហើយ​ពួក​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី និង​ភ្ញាក់​ឡើង​វិញ​ជា​ច្រើន គឺ​ខ្លះ​ឲ្យ​បាន​ជីវិត​រស់​នៅ​អស់កល្ប​ជានិច្ច និង​ខ្លះ​ឲ្យ​បាន​សេចក្តី​អាម៉ាស់​ខ្មាស ហើយ​ឲ្យ​បាន​ជា​ទី​ខ្ពើមឆ្អើម នៅ​អស់កល្ប​ជា និច្ច​វិញ» (ដានីយ៉ែល ១២៖២)។ គ្រប់គ្នាដែលបានស្លាប់ ដោយសារតែការជឿទៅលើសារនៃទេវតាទី៣ នោះ ពួកគេនឹងរស់ឡើងវិញ។ មនុស្សទាំងនេះនឹងក្រោកចេញពីផ្នូរជាមួយនឹងរូបកាយថ្មី ដែលពេញទៅ ដោយសិរីល្អ។ រូបកាយថ្មីនេះ មិនចេះស្លាប់ឡើយ។ ពួកអ្នកដែលបានរស់ពីស្លាប់ឡើងវិញនឹងស្តាប់សេចក្តី សន្យានៃក្តីសុខសាន្តរបស់ព្រះ។ ព្រះបានតាំងសេចក្តីសន្យានេះជាមួយនឹងអស់អ្នកណា ដែលបានគោរព បញ្ញត្តិរបស់ទ្រង់។ មួយក្រុមទៀតក៏បានរស់ពីស្លាប់ឡើងវិញ នៅគ្រានេះផងដែរ គឺថា៖ «នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង» (វិវរណៈ ១៖៧)។ ក្រុមនេះរួមមានទាំងមនុស្ស ដែលបានសើចចំអកដល់ព្រះយេស៊ូវ ខណៈដែលទ្រង់កំពុងព្យួរនៅលើឈើឆ្កាង។ ព្រះក៏នឹងដាស់មនុស្ស ដែលបានប្រឆាំងទាស់នឹងក្រឹត្យវិន័យ និងធ្វើបាបរាស្ត្ររបស់ទ្រង់ផងដែរ។ ព្រះនឹងប្រោសមនុស្សអាក្រក់ ទាំងនេះឡើង ដើម្បីអោយពួកគេអាចមើលព្រះយេស៊ូវនៅក្នុងសិរីល្អរបស់ទ្រង់។ ពួកគេនឹងបានឃើញព្រះប្រទានកិត្តិយសដល់មនុស្ស ដែលស្មោះត្រង់ និងគោរពតាមទ្រង់»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 637, adapted។

«ព្រះគឺជាអ្នកដែលប្រទានជីវិត។ ក្នុងនាមជាអ្នកប្រទានជីវិតនេះ ព្រះអម្ចាស់នឹងប្រោសអ្នកដែលបានសង្គ្រោះពីស្លាប់ឡើងវិញ។ គ្រានេះត្រូវបានហៅថា ជាការរស់ឡើងវិញជាលើកទី១។ នៅគ្រា នោះ ព្រះនឹងផ្លុំត្រែ ហើយមនុស្សគ្រប់គ្នា ដែលបានស្លាប់នៅក្នុងព្រះយេស៊ូវនឹងរស់ពីស្លាប់ឡើងវិញ។ រហូតដល់គ្រានោះមកដល់ ព្រះនឹងរក្សាពួកបរិសុទ្ធ ដែលកំពុងដេកលក់នោះ អោយមានសុវត្ថិភាព។ ព្រះ នឹងការពារពួកបរិសុទ្ធរបស់ទ្រង់ ប្រៀបដូចជាត្បូងដ៏មានតម្លៃយ៉ាងដូច្នេះដែរ។ ព្រះបានជ្រាបអំពីឈ្មោះ នៃអ្នកបរិសុទ្ធរបស់ទ្រង់ម្នាក់ៗ។ នៅពេលដែលពួកគេរស់ឡើងវិញ ព្រះអង្គសង្គ្រោះក៏រស់នៅក្នុងចិត្តរបស់ ពួកគេដែរ។ ពួកគេនឹងបានបរិសុទ្ធ ដូចជាព្រះយេស៊ូវដែរ។ ដោយសារតែពួកគេបរិសុទ្ធនេះហើយ បាន ជាព្រះនឹងប្រោសពួកគេអោយរស់ពីស្លាប់ឡើងវិញ»។ ដកស្រង់ពី Ellen G. White Comments, The SDA Bible Commentary, volume 4, page 1143, adapted។

សំនួរពិភាក្សា៖
  1. ផ្កាយមានចំនួនរាប់ពាន់លាន។ ផ្កាយទាំងនេះខ្លះមានភពនៅព័ទ្ធជុំវិញពួកវា។ ព្រះបានបង្កើតផ្កាយ និងភពទាំងអស់នេះ។ ព្រះ​បាន​ថែរក្សា​ផ្កាយ និងភពទាំង​អស់​នេះ ហើយក៏​ស្គាល់ឈ្មោះពួកវាផងដែរ (ទំនុកដំកើង ១៤៧៖៤)។ ព្រះរបស់យើងមានអំណាចជាទីបំផុត។ តើការគិតអំពីការដែលព្រះបានបង្កើត យើងនេះ អាចជួយអោយយើងជឿទៅលើការរស់ឡើងវិញដោយរបៀបណា?

  2. បទគម្ពីរហេព្រើរ ១១ បានពិពណ៌នាអំពី «វីរជននៃសេចក្តីជំនឿ» នៅក្នុងគម្ពីរសញ្ញាចាស់។ តើជំពូក នេះអាចជួយអោយយើងយល់អំពីសេចក្តីសង្ឃឹម ដែលមនុស្សនៅក្នុងគម្ពីរសញ្ញាចាស់មាន មុនពេល ដែល ព្រះយេស៊ូវបានយាងមកផែនដីនេះ សុគត និងរស់ពីស្លាប់ឡើងវិញនោះ ដោយរបៀបណា?

រឿងខ្លី

ការចែករំលែកទឹករស់

Jeans

លោកអាន់តូនីយ៉ូ ម៉ាល់ដូណាដូ (Antonio Maldonado) មិន​ចេះ​ភាសា​អង់គ្លេស​ច្រើន​នោះទេ ម្ល៉ោះហើយ គាត់​បាន​ទៅ​រក​អ្នក​បក​ប្រែ​ម្នាក់ពីកន្លែង​ទទួល​ភ្ញៀវ​នៅឯសេតវិមាននៃសហរដ្ឋ​អាមេរិក​នៅក្នុង​ រដ្ឋធានី​វ៉ាស៊ីនតោន។ លោកអាន់តូនីយ៉ូ ដែលជាសមាជិកនៃគណៈប្រតិភូផ្នែករុករករ៉ែ មកទស្សនាពីប្រទេស ប៉េរូ បានសង្កេតឃើញ គេចាក់ស្រាវីស្គីដ៏ពេញនិយមមួយ ប៉ុន្តែ គាត់បានសុំទឹកបរិសុទ្ធមួយកែវពីអ្នករត់តុ វិញ ដើម្បីលើកជុលជាមួយប្រធានាធិបតី លីនដុន ប៊ី ចនសិន (Lyndon B. Johnson)។ គាត់​បានប្រើពាក្យយ៉ាងស្រទន់ទៅអ្នករត់តុនោះ តាមរយៈអ្នកបកប្រែ។ វាគឺជាសំណើដ៏ពិបាកមួយ។ ដ្បិតមនុស្ស ទាំងអស់គេកាន់កែវស្រាវីស្គី រីឯលោកអាន់តូនីយ៉ូមិនចង់សំដែងឡើយ។ គាត់មិនចង់ធ្វើអោយគណៈប្រតិភូ អាប់ឱនឡើយ ខណៈដែលពួកគេបញ្ចប់នូវកិច្ចចរចារពាណិជ្ជកម្មនៃសហរដ្ឋអាមេរិក។ ប៉ុន្តែ គាត់បានធ្វើ ការបេ្តជ្ញាចិត្តមួយ តាំងតែពីក្មេងមកថា គាត់មិនញុាំស្រាទៀតទេ បន្ទាប់ពីបានដឹងអំពីសភាពនៃការស្រវឹង របស់ខ្លួននៅក្នុងផ្ទះនៅឯប្រទេសប៉េរូ។ នៅឆ្នាំ១៩៦៣ ជាងពីឆ្នាំមុននោះ គាត់បានថ្វាយចិត្តរបស់គាត់ ដល់ព្រះយេស៊ូវ បន្ទាប់ពីគាត់បានឮនូវការផ្សាយតាមវិទ្យុសំឡេងនៃបទទំនាយមក។ ខណៈដែលលោកអាន់តូនីយ៉ូកំពុងតែនិយាយយ៉ាងស្រទន់ជាមួយនឹងអ្នករត់តុនៃសេតវិមាននោះ បុរសម្នាក់បានសម្លឹងមើល គាត់។ បុរសនោះបានសម្លឹងមើលអ្នករត់តុ ខណៈដែលគាត់យកទឹកមួយកែវជូនដល់លោកអាន់តូនីយ៉ូ។ នៅពេលដែលលោកអាត់តូនីយ៉ូចាប់យកកែវទឹកនោះ គាត់បានឮសំឡេងមួយនិយាយឡើង។ សំឡេង នោះបាននិយាយថា «អ្នករត់តុចាំមួយភ្លេត តើលោកខាងនេះបានស្នើសុំអ្វីដែរ?។ អ្នករត់តុនោះបានតប ទៅវិញថា «គាត់ម្នាក់នេះបានស្នើសុំទឹកបរិសុទ្ធមួយកែវជំនួសអោយស្រាវីស្គី។ លោកលីនដុនបានហុចកែវស្រាវីស្គីរបស់គាត់ទៅអោយអ្នករត់តុដែរ។ គាត់បានមានប្រសាសន៍ថា «ខ្ញុំសុំទឹកបរិសុទ្ធមួយកែវដែរ»។ បន្ទាប់ពីលើកកែវជុលគ្នារួចហើយ ប្រធានាធិបតីបានបានចូលទៅជិតលោកអាន់តូនីយ៉ូ គាត់បានខ្សឹប សួរលោកអាន់តូនីយ៉ូថា «ហេតុអ្វីបានជាអ្នកមិនញុំាំស្រាដូចអ្នកដទៃអ៊ីចឹង?»។ ដោយមានជំនួយពីអ្នក បកប្រែ លោកអាន់តូនីយ៉ូបានតបទៅវិញទាំងញញឹមថា «កាលពីខ្ញុំនៅក្មេង ខ្ញុំបានសន្យាថា ខ្ញុំនឹងមិនញុាំ ស្រាទៀតឡើយ ប៉ុន្មានឆ្នាំក្រោយមកទៀត ខ្ញុំបានស្បថបែបនេះម្តងទៀតជាមួយនឹងព្រះ មកទល់ថ្ងៃនេះ អ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងល្អប្រសើរ»។

ប្រធានាធិបតីបានចាប់ដៃគាត់ ហើយមានប្រសាសន៍ថា «ខ្ញុំក៏ជាមនុស្សគោរពពាក្យសម្បថដែរ សូមអោយព្រះប្រទានពរដល់អ្នកផងចុះ»។ ការសន្ទនានោះបានបញ្ចប់ដោយការចាប់ដៃគ្នាយ៉ាងមុឺងម៉ាត់។

នៅពេលដែលលោកអាន់តូនីយ៉ូដើរមកឯកន្លែងទទួលភ្ញៀវវិញ គាត់មានអារម្មណ៍ថា មានមនុស្ស ជាច្រើនបានសម្លឹងមកឯគាត់ទាំងចង់ដឹងចង់ឃើញ។ ទម្លាប់របស់គាត់មិនទទួលទានគ្រឿង​ស្រវឹង ដែល​ បាន​ពង្រឹង​ដោយ​ជំនឿ​របស់​គាត់នេះ បាន​ធ្វើ​អោយ​ប៉ះពាល់ចិត្តដល់មនុស្ស​មានអំណាចបំផុតនៅ​លើ ផែនដី។ ចិត្ត​របស់​គាត់​រីក​រាយជាខ្លាំង ​ដែល​គាត់​អាច​ធ្វើ​ជា​អ្នកទូតរបស់​ព្រះ​នៅ​ក្នុងសេតវិមាននោះ។

អំណានដង្វាយប្រចាំសប្តាហ៍

ទុកជាថ្លែងអំណរគុណចំពោះព្រះពរខាងឯវិញ្ញាណ

យើងបានថ្វាយព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយសទ្ធា ដោយសារតែទ្រង់បានជ្រើស តាំងអ្នកដឹកនាំខាងឯវិញ្ញាណ ដើម្បីបម្រើដល់រាស្ត្ររបស់ទ្រង់។ កណ្ឌគម្ពីររបស់លោកម៉ូសេបានលើកឡើង អំពីក្រុមពិសេសនៃអ្នកដឹកនាំខាងឯវិញ្ញាណទាំង២ក្រុម ព្រមទាំងរបៀបផ្គត់ផ្គង់ដែលបានទទួលផងដែរ។ យើងបានអានខគម្ពីរជនគណនា ១៨៖២ ដែលបានសំដែងយ៉ាងដូច្នេះថា៖ «ឯ​ពួក​លេវី​ជា​បង​ប្អូន​ឯង គឺ​ ជា​ពូជ​អំបូរ​នៃ​អយ្យកោ​ឯង នោះ​ត្រូវ​នាំ​មក​ជិត​ជា​មួយ និង​ឯង ឲ្យ​បាន​ភ្ជាប់​ពួក​ជា​មួយ​គ្នា ហើយ​ជួយ​ការងារ​ ផង តែ​ឯង ហើយ​នឹង​កូន​ចៅ​ឯង ត្រូវ​នៅ​ចំពោះ​មុខ​ត្រសាល​នៃ​សេចក្តី​បន្ទាល់​វិញ»។ ពួកសង្ឃ និងពួក លេវីត្រូវបានដាក់អោយអាន និងធ្វើតាមជំពូកនេះ។ ពួកសង្ឃត្រូវបានចាត់តាំងនៅកន្លែងសាសនា និងនៅ ក្នុងរោងឧបោសថ រីឯពួកលេវីវិញ​ត្រូវមើលថែរក្សារបស់របរផ្សេងៗទៀតជាកិច្ចសិទ្ធិនៃរោងឧបោសថ។ ក្រុមនីមួយៗមានទំនួលខុសត្រូវច្បាស់លាស់ ទោះបីជាសាសន៍អ៊ីស្រាអែលទាំងមូល «សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ» (និក្ខមនំ ១៩៖៦) ក៏ដោយ។​ ព័ន្ធកិច្ចបម្រើព្រះរបស់ពួកគេបាននាំមកនូវព្រះពរ ជាច្រើនខាងឯវិញ្ញាណ។

តើពួកគេបានទទួលនូវការទំនុកបម្រុងចំពោះតម្រូវការរបស់ពួកគេដោយរបៀបណាដែរ? យើង បានអាននៅក្នុងខគម្ពីរលេវីវិន័យ ១៨៖៨ និងខ២៤ ដែលសំដែងយ៉ាងដូច្នេះថា៖ «​ក្នុង​តង្វាយ​ទាំង​ប៉ុន្មាន​ របស់​ពួក​កូនចៅ​អ៊ីស្រាអែល​ទុក​នឹង​ឯង អញ​បាន​ឲ្យ​តង្វាយ​ទាំង​នោះ​ចំពោះ​ឯង និង​ពួក​កូន​ចៅ​ឯង ទុក​ជា​ កំរៃ​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រោះ​ការ​ចាក់​ប្រេង​តាំង​ជា​សង្ឃ» «ដ្បិត​អស់​ទាំង​តង្វាយ ដែល​ពួក​កូន​ចៅ​ អ៊ីស្រាអែល​ថ្វាយ​១​ភាគ​ក្នុង​១០​ដល់​ព្រះយេហូវ៉ា ទុក​ជា​តង្វាយ​លើក​ចុះ​ឡើង នោះ​អញ​បាន​ឲ្យ​ដល់​ពួក​ លេវី​ទុក​ជា​មរដក​ហើយ»។ ព្រះបានប្រទានតង្វាយសទ្ធាដ៏បរិសុទ្ធ ដែលជាកម្មសិទ្ធិរបស់ទ្រង់ដល់ពួកសង្ឃ រីឯតង្វាយ១០ហូត១ ទ្រង់ប្រទានដល់ពួកលេវីវិញ។ ការផ្ទេរធនធានទាំងនេះគឺជាមធ្យោបាយមួយ ដែលព្រះបានប្រើ ដើម្បីនឹងគាំទ្រដល់អ្នកដឹកនាំខាងឯវិញ្ញាណនៅក្នុងសាសន៍អ៊ីស្រាអែលកាលពីសម័យ មុន។ ការប្រទាននេះមានទំនាក់ទំនងទៅនឹងសេចក្តីពិត ដែលព័ន្ធកិច្ចសំខាន់របស់ពួកគេទាមទារអោយ មានការឧទ្ទិសថ្វាយទាំងស្រុង។ ព្រះយេស៊ូវ និងលោកប៉ុលបានយល់ឃើញថា គួរតែយកនូវគោលការណ៍ ដដែលនេះមកគាំទ្រដល់អ្នកដឹកនាំខាងឯវិញ្ញាណនៃពួកជំនុំបន្តទៅទៀត (ម៉ាថាយ ១០៖៩-១០; កូរិនថូស ទី១ ៩៖៣-១០; ១៦៖២)។

ប៉ាស្ទ័រ និងអ្នកដឹកនាំខាងឯវិញ្ញាណដទៃទៀតគឺជាប្រភពមួយនៃព្រះពរ។ តើតង្វាយ១០ហូត១ ឬតង្វាយសទ្ធារបស់ខ្ញុំត្រូវបានបង់ទៅអោយពួកគាត់ដែរឬទេ? ចម្លើយគឺមិនមែនទេ។ តង្វាយ១០ហូត១ និងតង្វាយសទ្ធាដែលត្រឡប់ចូលមកនេះ បានក្លាយទៅជាកម្មសិទ្ធិរបស់ព្រះវិញ ហើយទ្រង់ក៏ចាត់ចែងតង្វាយទាំងនេះទៅតាមព្រះហឫទ័យរបស់ទ្រង់ផងដែរ។ ទោះជាយ៉ាងនេះក្តី ហេតុផលដ៏ល្អមួយ ដែល គួរថ្វាយតង្វាយនោះ គឺដើម្បីសហការជាមួយនឹងព្រះនៅក្នុងការគាំទ្រកិច្ចការសំខាន់ៗ នៅក្នុងព័ន្ធកិច្ចបម្រើព្រះរបស់ទ្រង់វិញ។ សប្តាហ៍នេះ ខណៈពេលដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើង តាមសេចក្តីសន្យានោះ មានន័យថា យើងកំពុងតែសប្បាយរីករាយជាមួយនឹងឱកាសនៃការចូលរួមនៅក្នុងបេសកកម្មសង្គ្រោះរបស់ទ្រង់ហើយ។

សេចក្តីអំពាវនាវ៖
«ដ្បិត​អស់​ទាំង​តង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​១​ភាគ​ក្នុង​១០​ដល់​ព្រះយេហូវ៉ា ទុក​ជា​តង្វាយ​លើក​ចុះ​ឡើង នោះ​អញ​បាន​ឲ្យ​ដល់​ពួក​លេវី​ទុក​ជា​មរដក​ហើយ ហេតុ​នោះ​បាន​ជា​អញ​បាន​ ប្រាប់​គេ​ថា គេ​គ្មាន​កេរអាករ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ទេ (ជនគណនា ១៨៖២៤)។

សេចក្តីអធិដ្ឋាន៖
«ឱព្រះអម្ចាស់អើយ យើងបាននាំយកតង្វាយ១០ហូត១ និងតង្វាយសទ្ធារបស់យើងមក ថ្វាយព្រះអង្គ ដើម្បីទុកជាការថ្លែងអំណរគុណចំពោះព្រះពរខាងឯវិញ្ញាណ ដែលទូលបង្គំបានទទួលតាម រយៈពួកជំនុំ និងអ្នកបម្រើដែលទ្រង់បានកំណត់នេះ។ ដ្បិតទូលបង្គំមានសំណាងណាស់ ដែលបានក្លាយមកជាផ្នែកមួយនៃផែនការរបស់ទ្រង់នេះ។​ ​

Powered by CAM