មេរៀនទី៥​៖ ២២-២៨ មករា ២០២២

ព្រះយេស៊ូវគឺជាអ្នកប្រទានសេចក្តីសម្រាក

Jeans
ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ១៥៖១៣-២១; ហេព្រើរ ៣៖១២-១៩; និក្ខមនំ ២០៖៨-១១; ចោទិយកថា ៥៖១២-១៥; ហេព្រើរ ៤៖៦-១១។

ខចងចាំ៖ «ដូច្នេះ មាន​សេចក្តី​ឈប់​សំរាកទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ» (ហេព្រើរ ៤៖៩)។

យើងបានឃើញហើយថា បទគម្ពីរហេព្រើរ១ និង២ បង្ហាញយើងថា ព្រះយេស៊ូវគឺជាស្តេចនៃរាស្ត្ររបស់ព្រះ។ យើងក៏បានឃើញផងដែរថា ព្រះយេស៊ូវបានរំដោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាប។ បទគម្ពីរហេព្រើរ៣ និង៤ បានណែនាំថា ព្រះយេស៊ូវជាបុគ្គលម្នាក់ដែលនឹងប្រទានសេចក្តីសម្រាកដល់រាស្ត្ររបស់ទ្រង់។ យើងអាចយល់នូវគោលគំនិតអំពីព្រះយេស៊ូវនេះកាន់តែច្បាស់ឡើងនៅពេលដែលយើងនឹកចាំអំពីសេចក្តីសន្យាដែលព្រះបានតាំងឡើងជាមួយនឹងស្តេចដាវីឌ។ ព្រះបានសន្យាប្រទាន «សេចក្តីសុខសាន្ត»​ ដល់ស្តេចដាវីឌ និងរាស្ត្ររបស់ទ្រង់ចេញពីខ្មាំងសត្រូវដែលយាយី ពួកគេ (សាំយូអែល ទី២ ៧៖១០, ១១)។ យើងអាចទទួលបានសេចក្តីសម្រាកដូចគ្នានេះនៅពេលឥឡូវនេះ ពីព្រោះព្រះយេស៊ូវបានគង់នៅខាងស្តាំនៃព្រះ។

កណ្ឌគម្ពីរហេព្រើរបានបកស្រាយថា សេចក្តីសម្រាកដែលព្រះយេស៊ូវប្រទានអោយយើង នោះមានប្រភពមកពីព្រះ ហើយដូចគ្នានឹងសេចក្តីសម្រាកនៃសប្បាតហ៍យ៉ាងដូច្នោះដែរ (ហេព្រើរ ៤៖១-១១)។ ព្រះបានប្រទានសេចក្តីសម្រាកនេះដល់លោកអ័ដាម និងនាងអេវ៉ា។ លោកអ័ដាម និងនាងអេវ៉ាបានចំណាយពេលនៃថ្ងៃសប្បាតហ៍ដំបូងជាមួយនឹងព្រះ។ ពួកគេបានទទួលសេចក្តីសម្រាកយ៉ាងល្អឥតខ្ចោះមួយជាមួយនឹងព្រះដែលបានធ្វើអោយបទពិសោធន៍នេះកើតមានឡើង។ បទពិសោធន៍ដ៏ល្អឥតខ្ចោះរបស់ពួកគេបានជួយអោយយើងយល់អំពីហេតុផលដទៃទៀតដែលព្រះបានសន្យានឹងយើងអំពីសេចក្តីសម្រាកនៃថ្ងៃសប្បាតហ៍។ នៅពេលដែលយើងរក្សាថ្ងៃសប្បាតហ៍អោយបានបរិសុទ្ធយ៉ាងពិតប្រាកដនោះសបញ្ជាក់ថា យើងបានបង្ហាញនូវសេចក្តីសន្យារប​ស់ទ្រង់ក្នុងការធ្វើអោយផែនដីបានល្អឥតខ្ចោះឡើងវិញ។

នៅពេលដែលយើងរក្សាថ្ងៃសប្បាតហ៍ យើងនឹងនឹកចាំថា ព្រះបានបង្កើតយើង។ ថ្ងៃសប្បាតហ៍ក៏អាចជួយអោយយើងនឹកចាំថា ព្រះគឺជាព្រះអង្គសង្គ្រោះរបស់យើងផងដែរ។ ទន្ទឹមគ្នានេះ ថ្ងៃសប្បាតហ៍រួមមានអ្វីៗជាច្រើនទៀតលើសពីការចងចាំរបស់យើងទៅទៀត។ ថ្ងៃសប្បាតហ៍ប្រៀបដូចជា «រសជាតិ» នៃជីវិតនាពេលអនាគតដែលព្រះបានសន្យានឹងយើងយ៉ាងដូច្នោះដែរ។

ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២

ទឹកដីសន្យាគឺជាកន្លែងសម្រាកមួយ

សូមអានខគម្ពីរលោកុប្បត្តិ ១៥៖១៣-២១។ តើព្រះបានសន្យានឹងលោកអ័ប្រាហាំយ៉ាងដូចម្តេច ដូចដែលយើងបានឃើញពីខទាំងនេះ?

--------------------------------------------------------

ព្រះបានសន្យានឹងលោកអ័ប្រាហាំថា ទ្រង់នឹងរំដោះសាសន៍អ៊ីស្រាអែលចេញពីទាសភាពនៅក្នុងស្រុកអេស៊ីព្ទ។ បន្ទាប់មក ព្រះនឹងនាំសាសន៍អ៊ីស្រាអែលទៅកាន់ស្រុកកាណានដែលជាទឹកដីសន្យា។ នៅទីនោះ ពួកអ៊ីស្រាអែលនឹងបានសម្រាក (និក្ខមនំ ៣៣៖១៤; យ៉ូស្វេ ១៖១៣)។​ ស្រុកកាណានគឺជាទឹកដីដែលព្រះបានសន្យាដល់អយ្យកោអ័ប្រាហាំរបស់ពួកគេ។ ព្រះបានតាំងសន្យានេះនឹងលោកអ័ប្រាហាំ ដោយសារតែលោកអ័ប្រាហាំបានស្តាប់បង្គាប់ព្រះ។ តើលោកអ័ប្រាហាំបានស្តាប់បង្គាប់ព្រះយ៉ាងដូចម្តេច? គឺថា គាត់បានចាកចេញពីស្រុកកំណើតរបស់គាត់ទៅកាន់ទឹកដីសន្យា (លោកុប្បត្តិ ១១៖៣១-១២៖៤)។

ដូច្នេះ ព្រះបានប្រទានស្រុកកាណានទុកជាលំនៅដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ ព្រះក៏មានហេតុផលធំជាងនេះមួយទៀតសម្រាប់ការប្រគល់ទឹកដីនេះដល់សាសន៍អ៊ីស្រាអែលផងដែរ។ ព្រះចង់អោយរាស្ត្ររបស់ទ្រង់នៅជិតនឹងទ្រង់ (និក្ខមនំ ១៩៖៤)។ ព្រះមិនចង់អោយអ្វីមួយមករារាំងផ្លូវនៃសេចក្តីស្រឡាញ់របស់ពួកគេចំពោះទ្រង់នោះទេ។ ម្ល៉ោះហើយ ព្រះបាននាំសាសន៍អ៊ីស្រាអែលទៅឯស្រុកកាណាន។ នៅទីនោះពួកគេអាចរៀនអំពីព្រះ។ បន្ទាប់មក ពួកគេអាចប្រាប់អ្នកដទៃអំពីព្រះ និងអំពីសេចក្តីស្រឡាញ់របស់ទ្រង់។ ថ្ងៃសប្បាតហ៍ និងទឹកដីកាណានអាចធ្វើអោយមិត្តភាពរវាងព្រះ និងរាស្ត្ររបស់ទ្រង់កើតមានឡើង។

ក្នុងខគម្ពីរចោទិយកថា ១២៖១-១៤ ព្រះអម្ចាស់បានមានបន្ទូលប្រាប់សាសន៍អ៊ីស្រាអែលអំពីអ្វីដែលពួកគេត្រូវធ្វើ មុនពេលដែលពួកគេអាចចាប់ផ្តើមសប្បាយជាមួយនឹងការសម្រាករបស់ទ្រង់។ ពួកគេត្រូវតែបំផ្លាញព្រះក្លែងក្លាយនៅក្នុងទឹកដីនោះជាមុនសិន។​ ពេលនោះព្រះនឹងបង្ហាញសាសន៍អ៊ីស្រាអែល អំពីកន្លែងដែលទ្រង់នឹងសណ្ឋិតនៅក្នុងចំណោមពួកគេ។

សូមអានអំពីក្រឹត្យវិន័យនៃថ្ងៃសប្បាតហ៍នៅក្នុងខគម្ពីរនិក្ខមនំ ២០៖៨-១១ និងចោទិយកថា ៥៖១២-១៥។ តើថ្ងៃសប្បាតហ៍អាចជួយអោយយើងនឹកចាំរឿងទាំងពីរយ៉ាងអ្វីខ្លះ? តើរឿងទាំងពីរយ៉ាង នេះមានទំនាក់ទំនងនឹងគ្នាយ៉ាងដូចម្តេច?

--------------------------------------------------------

ព្រះបានផ្សារភ្ជាប់ថ្ងៃសប្បាតហ៍ទៅនឹងចុងបញ្ចប់នៃភាពជាទាសករសម្រាប់រាស្ត្ររបស់ទ្រង់នៅក្នុងស្រុកអេស៊ីព្ទ។ ដូច្នេះ ព្រះបានបង្គាប់អោយសាសន៍អ៊ីស្រាអែលរក្សាថ្ងៃសប្បាតហ៍ ដើម្បីបង្ហាញថា ព្រះបានបង្កើតផែនដី​ ព្រមទាំងបានរំដោះពួកគេចេញពីទាសភាពផងដែរ។ ទន្ទឹមនឹងនេះ ថ្ងៃសប្បាតហ៍បង្ហាញយើងថា ព្រះគឺជាអាទិករបង្កើតយើង និងជាព្រះអង្គសង្គ្រោះរបស់យើង។ យើងមិនបានបង្កើតខ្លួនយើងនោះទេ ម្ល៉ោះហើយ យើងក៏មិនអាចសង្គ្រោះខ្លួនយើងបានដែរ។ មានតែព្រះប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន។ នៅពេលដែលយើងសម្រាកនៅថ្ងៃសប្បាតហ៍ យើងបង្ហាញដល់មនុស្សគ្រប់គ្នាថា យើងបានពឹងផ្អែកទៅលើព្រះក្នុងការប្រទានជីវិតដល់យើង និងរំដោះយើងចេញពីទាសភាពនៃអំពើបាប។ ការរក្សាថ្ងៃសប្បាតហ៍គឺជាភ័ស្តុតាងដ៏មានអំណាចមួយដែលបង្ហាញថា ទង្វើល្អរបស់យើងមិនអាចសង្គ្រោះយើងបាននោះទេ។ ការរក្សាថ្ងៃសប្បាតហ៍របស់យើងបង្ហាញមនុស្សគ្រប់គ្នាថា យើងត្រូវបានសង្គ្រោះដោយសារព្រះគុណរបស់ព្រះតែមួយគត់ប៉ុណ្ណោះ។

តើការរក្សាថ្ងៃសប្បាតហ៍របស់យើងបានបង្ហាញអ្នកដទៃថា យើងត្រូវតែពឹងផ្អែកលើព្រះដែលបានប្រទានជីវិតថ្មីដល់យើង និងសង្គ្រោះយើងទាំងស្រុងដោយរបៀបណា?

ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២

ដោយសារពួកគេមិនបានជឿ

យើងបានឃើញរួចមកហើយថា ព្រះបានរៀបចំផែនការថា ស្រុកកាណាននឹងក្លាយទៅជាកន្លែងសម្រាកមួយសម្រាប់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ សាសន៍អ៊ីស្រាអែលមិនបាន «​ចូលទៅ​ក្នុង​សេចក្តី​សំរាករបស់​អញ​សោះ​ឡើយ» (ហេព្រើរ ៣៖១៨)។ តើហេតុអ្វី? សម្រាប់ចម្លើយ សូមអានខគម្ពីរហេព្រើរ ៣៖១២-១៩។

--------------------------------------------------------

ខគម្ពីរហេព្រើរ ៣៖១២-១៩ បានបង្ហាញយើងអំពីរឿងដ៏គួរអោយសោកសៅមួយដែលបានកើតឡើង បន្ទាប់ពីព្រះបានរំដោះរាស្ត្ររបស់ទ្រង់ចេញពីស្រុកអេស៊ីព្ទមក។ សាសន៍អ៊ីស្រាអែលបានមកដល់ទឹកដីសន្យា ប៉ុន្តែ ពួកគេមិនអាចចូលទៅក្នុងការសម្រាកដែលព្រះបានសន្យានឹងពួកគេបាននោះឡើយ។ បទគម្ពីរជនគណនា១៣ និង១៤ បានបកស្រាយអំពីមូលហេតុដែលពួកគេមិនអាចចូលទៅក្នុងសេចក្តីសម្រាកនោះបាន។ អ្នកសង្កេតការណ៍១០នាក់ក្នុងចំណោម១២នាក់បាន «បង្កើត​រឿង​អាក្រក់​ពី​ស្រុកដែល​គេ​បាន​សង្កេត​មើល​នោះ» (ជនគណនា ១៣៖៣២)។

មានតែលោកកាលែប និងលោកយ៉ូស្វេប៉ុណ្ណោះដែលជឿថា ព្រះនឹងនាំពួកគេចូលទៅក្នុងទឹកដីសន្យា (ជនគណនា ១៤៖៧-៩)។ ប៉ុន្តែ ពួកបណ្តាជនគ្មានសេចក្តីជំនឿនោះទេ។ ជាការពិតណាស់ ការសង្ស័យរបស់ពួកគេគឺជាការគួរអោយភ្ញាក់ផ្អើលមួយ នៅពេលដែលយើងគិតអំពីបាដិហារ្យទាំងអស់ដែលពួកគេបានឃើញនោះ។ ពួកគេបានឃើញគ្រោះកាចទាំង១០ដែលព្រះបានទម្លាក់ទៅលើទឹកដីនៃស្រុកអេស៊ីព្ទ (និក្ខមនំ ៧-៩)។ ពួកអ៊ីស្រាអែលបានសម្លឹងមើលព្រះបំផ្លាញកងទ័ពសាសន៍អេស៊ីព្ទនៅក្នុងសមុទ្រក្រហម (និក្ខមនំ ១៤)។ ព្រះក៏ទម្លាក់នំប័ុងពីលើមេឃដល់រាស្ត្ររបស់ទ្រង់ផងដែរ។ ព្រះបានប្រទានទឹកចេញពីថ្មដល់សាសន៍អ៊ីស្រាអែល (និក្ខមនំ ១៧)។ ព្រះក៏បានដឹកនាំសាសន៍អ៊ីស្រាអែលដោយដុំពពករបស់ទ្រង់ផងដែរ (ខគម្ពីរនិក្ខមនំ ៤០៖៣៦-៣៨)។ ប៉ុន្តែ បន្ទាប់ពីបាដិហារ្យទាំងអស់នេះហើយ សាសន៍អ៊ីស្រាអែលបានបរាជ័យក្នុងការជឿទុកចិត្តទៅលើព្រះ។ គ្មានអ្វីត្រូវឆ្ងល់ឡើយដែលអ្នកសរសេរព្រះគម្ពីរជាច្រើននាក់បានមានប្រសាសន៍ថា សាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថានគឺជារូបស័ព្ទមួយតំណាងអោយចិត្តដែលគ្មានសេចក្តីជំនឿ (នេហេមា ៩៖១៥-១៧; ទំនុកដំកើង ១០៦៖២៤-២៦; កូរិនថូសទី១ ១០៖៥-១០)។

ព្រះបានសន្យាប្រទានដល់យើងនូវអំណោយដែលគ្មានមនុស្សលោកអាចផ្តល់អោយយើងបានឡើយ។ យើងអាចទទួលយកអំណោយនេះតាមរយៈសេចក្តីជំនឿនៅក្នុងព្រះគុណរបស់ព្រះតែប៉ុណ្ណោះ។ ពួកអ៊ីស្រាអែលបានជ្រើសរើសជឿដំណឹងអាក្រក់។ សេចក្តីជំនឿរបស់យើងអាចធ្វើអោយអ្នកដទៃជឿទុកចិត្តទៅលើព្រះបាន។ រីឯការសង្ស័យរបស់យើងក៏អាចធ្វើអោយអ្នកដទៃមិនអាចជឿទុកចិត្តទៅលើទ្រង់បានដែរ។ ម្ល៉ោះហើយ យើងត្រូវតែប្រុងប្រយ័ត្ន។ យើងត្រូវតែ «កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ» (ហេព្រើរ​៣៖១៣)។ យើងក៏គួរតែ «ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង» (ហេព្រើរ ១០៖២៤)។ លោកប៉ុលក៏បានសូមអោយយើងពិនិត្យមើលផងដែរថា «ក្រែង​មាន​អ្នក​ណា​ខ្វះ​ខាង​ឯ​ព្រះគុណ​នៃ​ព្រះ» (ហេព្រើរ ១២៖១៥)។ សព្វថ្ងៃនេះ យើងកំពុងតែធ្វើដំណើរទៅឯទឹកដីសន្យា។ យើងត្រូវទទួលខុសត្រូវចំពោះមនុស្សដែលរួមដំណើរនេះជាមួយនឹងយើង។

--------------------------------------------------------

តើលោកអ្នកអាចកំឡាចិត្តគ្រីស្ទានដទៃទៀតនៅជំុំវិញលោកអ្នកដោយរបៀបណា? តើលោកអ្នកអាចប្រាកដថា លោកអ្នកនឹងមិននិយាយ ឬធ្វើអ្វីមួយអោយប៉ះពាល់ដល់សេចក្តីជំនឿរបស់អ្នកណាម្នាក់ផ្សេងទៀតដោយរបៀបណា?

ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២

«នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ . . . »

សូមអានអំពីការត្រាស់ហៅនៃព្រះដល់រាស្ត្ររបស់ទ្រង់នៅក្នុងខគម្ពីរហេព្រើរ ៤៖៦-១១។ តើព្រះបានត្រាស់ហៅយើងអោយធ្វើអ្វី?

--------------------------------------------------------

យើងបានឃើញរួចមកហើយថា ព្រះបានរំដោះរាស្ត្ររបស់ទ្រង់ចេញពីស្រុកអេស៊ីព្ទ។ ប៉ុន្តែ ពួកគេគ្មានសេចក្តីជំនឿចូលទៅក្នុងសេចក្តីសម្រាករបស់ទ្រង់នោះទេ។ ទោះជាយ៉ាងនេះក្តី ព្រះនៅតែបន្តធ្វើ ការជាមួយនឹងរាស្ត្ររបស់ទ្រង់ (ធីម៉ូថេទី២ ២៖១៣)។ ចុះចំណែកឯសេចក្តីសន្យានៃសេចក្តីសម្រាកដែល ព្រះបានតាំងឡើងជាមួយនឹងសាសន៍អ៊ីស្រាអែលនោះ? ក្នុងខគម្ពីរហេព្រើរ ៤៖១, ៦, ៩ លោកប៉ុលបានប្រើកិរិយាស័ព្ទ «ខាថាលេប៉ូ (kataleipo)» និង «អ័ប៉ូលេប៉ូ (apoleipo)» ដើម្បីបង្ហាញយើងថា សេចក្តីសន្យាបានបន្ត «រង់ចាំ» រាស្ត្ររបស់ព្រះតទៅទៀត។ «ខាថាលេប៉ូ» និង «អ័ប៉ូលេប៉ូ» ក៏បានបង្ហាញយើងថា ពួកអ៊ីស្រាអែលមិនបានយកចិត្តទុកដាក់ចំពោះសេចក្តីសន្យានោះដែរ។ ក្នុងខគម្ពីរហេព្រើរ ៤៖៦, ៧ លោកប៉ុលបានមានប្រសាសន៍ថា ព្រះបានប្រទានការសម្រាករបស់ទ្រង់ដល់ស្តេចដាវីឌ (សូមអានបទគម្ពីរទំនុកដំកើង ៩៥)។ ការប្រទាននេះគឺជាភ័ស្តុតាងបង្ហាញថា សាសន៍អ៊ីស្រាអែលមិនបានទទួលយកសេចក្តីសន្យានៃការសម្រាកពីព្រះនោះទេ។ ម្ល៉ោះហើយ សេចក្តីសន្យាបានបន្តនៅទីនោះសម្រាប់អោយ រាស្ត្ររបស់ព្រះទទួលយកនៅពេលណាដែលពួកគេត្រៀមខ្លួនជាស្រេច។ លោកប៉ុលបានមានប្រសាសន៍ថា សេចក្តីសន្យានេះបានត្រៀមសម្រាប់យើងជាស្រេច តាំងពីពេលដែលព្រះបានបង្កើតផ្ទៃមេឃ និងផែនដីមកម្ល៉េះ (ហេព្រើរ ៤៖៣, ៤)។

«នៅថ្ងៃនេះ» ព្រះបានត្រាស់ហៅយើងអោយទទួលយកសេចក្តីសម្រាករបស់ទ្រង់។ «នៅថ្ងៃនេះ» គឺជាពាក្យនៃពេលវេលាដ៏មានអំណាចមួយ ដូចដែលយើងបានឃើញនៅក្នុងកណ្ឌគម្ពីរចោទិយកថាដូច្នោះដែរ។ នៅពេលដែលលោកម៉ូសេបង្កើតសេចក្តីសញ្ញាថ្មីរវាងព្រះ និងពួកអ៊ីស្រាអែល គាត់បានប្រើពាក្យ​ «នៅថ្ងៃនេះ» (ចោទិយកថា ៥៖៣; សូមប្រៀបធៀបខគម្ពីរចោទិយកថា ៤៖៨; ចោទិយកថា ៦៖៦ និង ចោទិយកថា ១១៖២)។ លោកម៉ូសេបានត្រាស់ហៅពួកបណ្តាជន​ «នៅថ្ងៃនេះ» អោយមើលឃើញថា ព្រះតែងតែរក្សាសេចក្តីសន្យារបស់ទ្រង់ជានិច្ច (ចោទិយកថា ១១៖២-៧)។ ពួកបណ្តាជនក៏ត្រូវតែសម្រេចចិត្តស្តាប់បង្គាប់ព្រះ «នៅថ្ងៃនេះ» ផងដែរ (ចោទិយកថា ៥៖១-៣)។ ពួកគេមិនត្រូវលះបង់ចោលការសម្រេចចិត្តរបស់ពួកគេនោះទេ។ ទន្ទឹមគ្នានេះ ពាក្យថា «នៅថ្ងៃនេះ» ក៏បានបង្ហាញថា យើងមិនត្រូវបង្អង់ពេលស្តាប់បង្គាប់ព្រះនោះដែរ។

«នៅថ្ងៃនេះ» ក៏បានបង្ហាញយើងនូវពេលវេលាមួយ នៅពេលដែលព្រះនឹងចាប់ផ្តើមរក្សាសេចក្តី សន្យារបស់ទ្រង់ផងដែរ។ ពេលវេលានេះនឹងចាប់ផ្តើមឡើងនៅពេលដែលព្រះយេស៊ូវគង់នៅលើបល័្លង្កនៃព្រះវរបិតាទ្រង់។ ពេលនោះ ព្រះនឹងមានបន្ទូលប្រាប់ព្រះយេស៊ូវថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» (ហេព្រើរ ១៖៥)។ ពេលវេលាថ្មីមួយនេះនឹងនាំអំណោយ និងព្រះពរមកអោយយើងតាមរយៈ៖ (១) ព្រះយេស៊ូវបានយកឈ្នះខ្មាំងសត្រូវរបស់យើង (ហេព្រើរ ២៖១៤-១៦)។ (២) ព្រះយេស៊ូវ ក៏បានចាប់ផ្តើមសេចក្តីសញ្ញាថ្មីផងដែរ (ហេព្រើរ ៨-១០)។ ដូច្នេះ នៅថ្ងៃនេះយើងអាច «មក​ដល់​បល្ល័ង្ក​ នៃ​ព្រះគុណ ដោយ​ក្លាហាន» (ហេព្រើរ ៤៖១៤-១៦; ហេព្រើរ ១០៖១៩-២៣)។ យើងអាចនាំយកដង្វាយខាងឯវិញ្ញាណនៃការសរសើរតម្កើង និងអរព្រះគុណមកថ្វាយដល់ព្រះយេស៊ូវ (ហេព្រើរ ១២៖២៨; ហេព្រើរ ១៣៖១០-១៦)។ «នៅថ្ងៃនេះ» ព្រះបានត្រាស់ហៅយើងអោយជឿទុកចិត្តទៅលើសេចក្តីសន្យារបស់ទ្រង់។ ទ្រង់បានប្រទានហេតុផលទាំងអស់ដល់យើងដើម្បីអោយយើងទទួលយកការត្រាស់ហៅរបស់ទ្រង់ភ្លាមៗ ដោយមិនបង្អង់។

តើការសម្រេចចិត្តខាងឯវិញ្ញាណអ្វីខ្លះដែលលោកត្រូវធ្វើ «នៅថ្ងៃនេះ»? តើហេតុអ្វីបានជាលោកអ្នកមិនត្រូវលើកការសម្រេចចិត្តទាំងនោះទៅថ្ងៃក្រោយទៀត? តើនឹងមានអ្វីកើតឡើងនៅពេលដែល លោកអ្នកបង្អង់ពេលធ្វើអ្វីមួយដែលព្រះចង់អោយលោកអ្នកធ្វើនោះ?

ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២

ការចូលទៅក្នុងសេចក្តីសម្រាករបស់ទ្រង់

សូមអានខគម្ពីរហេព្រើរ ៣៖១១ និងហេព្រើរ ៤៖១, ៣, ៥, ១០ អំពីសេចក្តីសម្រាកដែលព្របាន ប្រទានដល់យើង។ តើព្រះបានមានបន្ទូលយ៉ាងដូចម្តេចអំពីសេចក្តីសម្រាក?

--------------------------------------------------------

ព្រះមិនបានត្រាស់ហៅយើងអោយរីករាយជាមួយនឹងសេចក្តីសម្រាកបែបធម្មតានោះទេ។ ព្រះបានត្រាស់ហៅយើងអោយរីករាយជាមួយនឹងសេចក្តីសម្រាករបស់ទ្រង់។ ព្រះគម្ពីរបានបង្ហាញយើងថា «សេចក្តីសម្រាក» អាចបង្ហាញយើងនូវចំណុចជាច្រើនដូចជា៖ (១) «សេចក្តីសម្រាក» បង្ហាញយើងអំពីសេចក្តីសុខសាន្តដែលពួកអ៊ីស្រាអែលបានទទួលនៅក្នុងស្រុកកាណាន (ចោទិយកថា ៣៖២០)។ (២) «សេចក្តីសម្រាក» បង្ហាញយើងអំពីរោងឧបោសងដែលមានហឹបសញ្ញានៅក្នុងនោះ (របាក្សត្រទី២ ៦៖៤១)។ (៣) «សេចក្តី សម្រាក» ក៏បង្ហាញយើងអំពីថ្ងៃសប្បាតហ៍ផងដែរ (និក្ខមនំ ២០៖១១)។ ក្នុងខគម្ពីរ ហេព្រើរ ៤៖១, ៣, ៥, ១០ ព្រះអម្ចាស់បានត្រាស់ហៅយើងអោយរីករាយជាមួយនឹងសេចក្តីសម្រាកខុសពីគេមួយ គឺជាសេចក្តីសម្រាករបស់ទ្រង់។

តើយើងត្រូវបានត្រាស់ហៅអោយធ្វើអ្វី យោងតាមខគម្ពីរហេព្រើរ ៤៖៩-១១?

--------------------------------------------------------

ថ្ងៃសប្បាតហ៍បានអបអរសាទរដល់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង។ ព្រះយេស៊ូវបានរំដោះយើងចេញពីទាសភាពនៃអំពើបាប ដូចដែលទ្រង់បានរំដោះសាសន៍អ៊ីស្រាអែលចេញពីទាសភាពនៅក្នុងស្រុកអេស៊ីព្ទដូច្នោះដែរ (ចោទិយកថា ៥៖១២-១៥)។ សេចក្តីសម្រាកនៃថ្ងៃសប្បាតហ៍ក៏បានអបអរសាទរនូវពេលវេលាមួយដែលព្រះបានបញ្ចប់ការបង្កើតផ្ទៃមេឃ និងផែនដីផងដែរ (លោកុប្បត្តិ ២៖១-៣; និក្ខមនំ ២០៖៨-១១)។

លោកប៉ុលក៏បានផ្សារភ្ជាប់គំនិតនៃសេចក្តីសម្រាកជាមួយនឹងព្រះយេស៊ូវផងដែរ។ ព្រះបានគង់នៅលើបល្ល័ង្កនៃព្រះវរបិតាទ្រង់បន្ទាប់ពីទ្រង់បានសុគតជំនួសបាបរបស់ពួកយើង (ហេព្រើរ ១០៖១២-១៤)។

តើលោកអ្នកឃើញថា ព្រះបានសម្រាកបន្ទាប់ពីទ្រង់បានធ្វើអោយយើងរស់នៅយសុខសាន្តត្រាណ និងមានសុភមង្គលហើយដែរឬទេ? ទន្ទឹមគ្នានេះ ព្រះបានសម្រាកនៅក្នុងរោងឧបោសថ នៅផែនដីបន្ទាប់ពីស្តេចដាវីឌបានដណ្តើមយកទឹកដី ហើយសាសន៍អ៊ីស្រាអែល «នៅ​ដោយសុខសាន្តត្រាណ» (ពង្សាវតារក្សត្រទី១ ៤៖២១-២៥; សូមអានខគម្ពីរនិក្ខមនំ ១៥៖១៨-២១; ចោទិយកថា ១១៖២៤; សាំយូអែលទី២ ៨៖១-៤ ផងដែរ)។ ព្រះបានបង្គាប់អោយស្តេចសាឡូម៉ូនសាងសង់ដំណាក់សម្រាប់ព្រះ បន្ទាប់ពីស្តេច និងពួកបណ្តាជនបានសាងសង់លំនៅរបស់ពួកគេរួចជាមុនសិន។

ព្រះពរដ៏ធំបំផុតនៃសេចក្តីសម្រាកនឹងបានមកដល់នៅក្នុងផែនដីថ្មី។ លោកប៉ុលបានមានប្រសាសន៍ថា «លោក [អ័ប្រាហាំ] រង់ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំងដែល​ព្រះ​ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់» (ហេរព្រើរ ១១៖១០; សូមអានខគម្ពីរហេព្រីរ ១១៖១៤-១៦ ផងដែរ)។ ព្រះបានសន្យាប្រទានដល់យើងនូវសិរីល្អ និងការគោរពដែលលោកអ័ដាមបានបាត់បង់នៅលើផែនដីថ្មី (ហេព្រើរ ២៖៥-៨; ហេព្រើរ ១២៖២៨)។ អំណោយទាំងនេះគឺជាផ្នែកមួយនៃសេចក្តីសម្រាកនាពេលអនាគតដែលព្រះបានសន្យានឹងយើង។ សេចក្តីសម្រាកនេះលើលពីទឹកដីទៅទៀត។ សេចក្តីសម្រាកនេះគឺសេចក្តីសម្រានៃ ថ្ងៃសប្បាតហ៍នៅលើផែនដីថ្មី គឺជាកន្លែងដែលព្រះនឹងតម្កល់បល្ល័ង្ករបស់ទ្រង់។

តើយើងអាចរីករាយជាមួយនឹងសេចក្តីសម្រាកដែលព្រះមានសម្រាប់យើងនៅក្នុងពេលនេះដែរឬទេ? តើសេចក្តីសន្យានៃសេចក្តីសម្រាកនាពេលអនាគតនៅលើផែនដីថ្មីបង្ហាញយើងថា ព្រះនឹង សង្គ្រោះយើងតាមរយៈព្រះគុណរបស់ទ្រង់តែប៉ុណ្ណោះដោយរបៀបណា?​

ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២

រសជាតិនៃនគរស្ថានសួគ៌

សូមប្រៀបធៀបក្រឹត្យវិន័យនៃថ្ងៃសប្បាតហ៍នៅក្នុងខគម្ពីរនិក្ខមនំ ២០៖៨-១១ ជាមួយនឹង ក្រឹត្យវិន័យនៃថ្ងៃសប្បាតហ៍នៅក្នុងខគម្ពីរចោទិយកថា ៥៖១២-១៥។ បន្ទាប់មក សូមអានអំពីថ្ងៃសប្បាតហ៍នៅ ក្នុងខគម្ពីរហេព្រើរ ៤៖៨-១១។ តើខទាំងនេះបានចែងអំពីការសម្រាកនៃថ្ងៃសប្បាតហ៍យ៉ាងដូចម្តេច? តើខទាំងនេះខុសគ្នាយ៉ាងដូចម្តេចដែរ?

--------------------------------------------------------

យើងបានឃើញរួចមកហើយថា ក្រឹត្យវិន័យនៃថ្ងៃសប្បាតហ៍អាចជួយអោយយើងនឹកចាំអំពីអតីតកាល។ ខគម្ពីរនិក្ខមនំ និងចោទិយកថាបានប្រាប់អោយយើងសម្រាកនៅថ្ងៃសប្បាតហ៍ ដើម្បីបង្ហាញថា យើងបានជឿថា ព្រះយេស៊ូវបានបង្កើតយើង និងសង្គ្រោះយើង។​ ខគម្ពីរហេព្រើរ ៤៖៩-១១​ បាន ត្រាស់ហៅយើងអោយក្រឡេកមើលទៅអនាគត។ ខទាំងនេះបានបង្ហាញប្រាប់យើងថា ព្រះបានបង្កើតសេចក្តីសម្រាកនៃសប្បាតហ៍សម្រាប់យើងដែលនឹងក្លាយជាផ្នែកមួយនៃជីវិតរបស់យើងនៅលើផែនដីថ្មី។ បន្ទាប់ពីលោកអ័ដាម និងនាងអេវ៉ាបានធ្វើបាបរួចមក ថ្ងៃសប្បាតហ៍បានបង្ហាញថា នៅថ្ងៃមួយព្រះនឹងធ្វើអោយអ្វីៗគ្រប់យ៉ាងថ្មីឡើងវិញម្តងទៀត។ នៅពេលដែលយើងរក្សាថ្ងៃសប្បាតហ៍ យើងក៏បានបង្ហាញអ្នកដទៃថា យើងបានជឿថា​ព្រះនឹងសង្គ្រោះយើងផងដែរ។ ថ្ងៃសប្បាតហ៍បានផ្តល់អោយយើងនូវ «រសជាតិ» តូចមួយនៃនគរស្ថានសួគ៌ ខណៈដែលយើងកំពុងតែរស់នៅលើផែនដីមួយដែលនៅឆ្ងាយពីភាពល្អឥតខ្ចោះ។​

អ្នកប្រាជ្ញយូដាក៏ជឿលើគោលគំនិតនេះផងដែរ។ យើងអាចឃើញអំពីគោលគំនិតនេះនៅក្នុង សៀវភៅមួយដែលមានចំណងជើងថា «Life of Adam and Eve» The Old Testament Pseudepigraph, by James H. Charlesworth។ នៅក្នុងកិច្ចការនេះ លោកឆាលវឺស (Charlesworth) បាននិយាយថា «ថ្ងៃទី៧គឺជារូបស័ព្ទដែលបង្ហាញយើងថា​ ពួកអ្នកស្លាប់នឹងរស់ឡើងវិញពីផ្នូររបស់ពួកគេ។​ បន្ទាប់មក ពេលវេលាថ្មីមួយនៃសេចក្តីសម្រាកនឹងចាប់ផ្តើមឡើង»។ ដកស្រង់ពី​ Page 18, adapted។ អ្នក និពន្ធជនជាតិយូដាពីបុរាណបានសរសេរថា «ពេលអនាគតនៃសេចក្តីសម្រាកដូចគ្នាទៅនឹងថ្ងៃសប្បាតហ៍ដែលនឹងបន្តជារហូតដូច្នោះដែរ»។​ ដកស្រង់ពី Jacob Neusner, The Mishnah a New Translation (New Haven, CT: Yale University Press), page 873, adapted។ ក្រោយមក សៀវភៅអូធីយត់ របស់លោកគ្រូ អ័គីបា (Othiot of Rabbi Akiba) ក៏បានសរសេរឡើង។ ក្នុងសៀវភៅនេះ យើងអាចអានបានយ៉ាងដូច្នេះថា៖ «ពួកបណ្តាជននៃសាសន៍អ៊ីស្រាអែលបានទូលសួរព្រះអម្ចាស់ដ៏បរិសុទ្ធថា៖ ‘ទ្រង់គឺ ជាម្ចាស់គ្រប់គ្រងលើផែនដីទាំងមូល។ សូមអោយទ្រង់មានពេញដោយព្រះពរ។ តើអំណោយរបស់យើង គឺជាអ្វីប្រសិនបើយើងរក្សាក្រឹត្យវិន័យទាំងអម្បាលម៉ាននោះ?’។ ព្រះបានមានបន្ទូលតបទៅគេវិញថា៖ ‘អ្នករាល់គ្នានឹងបាននគរស្ថានសួគ៌’។ ពួកបណ្តាជនបាននិយាយទៅកាន់ទ្រង់ថា៖ ‘តើមានអ្វីខ្លះហើយដែលអាចបង្ហាញយើងអំពីនគរស្ថានសួគ៌នោះ?’។ ព្រះយេស៊ូវបានបង្ហាញថ្ងៃសប្បាតហ៍ដល់ពួកគេ»។ ដងស្រង់ពី Theodore Friedman, “The Sabbath Anticipation of Redemption,” Judaism: A Quarterly Journal, volume 16, pages 443, 444, adapted។

ថ្ងៃសប្បាតហ៍គឺជាពេលវេលាសម្រាប់សេចក្តីអំណរ ការថ្លែងអំណរគុណ និងការអបអរសាទរ។​ នៅពេលដែលយើងរក្សាថ្ងៃសប្បាតហ៍យើងបានបង្ហាញថា យើងបានជឿទៅលើសេចក្តីសន្យានៃការសង្គ្រោះរបស់ព្រះ។​ យើងបានបង្ហាញថា យើងបានទទួលយកអំណោយនៃព្រះគុណ ការអត់ឱនទោស និងអំណាចឈ្នះលើអំពើបាបរបស់ទ្រង់ហើយ។​ ការរក្សាថ្ងៃសប្បាតហ៍របស់យើងបានបង្ហាញថា យើងមានសេចក្តីជំនឿរស់។

តើសេចក្តីសម្រាករបស់យើងនៅថ្ងៃសប្បាតហ៍បានបង្ហាញថា ​យើងមិនអាចសង្គ្រោះខ្លួនយើងតាមរយៈទង្វើល្អរបស់យើងដោយរបៀបណា?

ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២

សិក្សាបន្ថែម

ក្នុងកណ្ឌគម្ពីរហេព្រើរ លោកប៉ុលបានប្រើសេចក្តីសម្រាកនៃថ្ងៃសប្បាតហ៍ ដើម្បីបង្ហាញយើងថា ព្រះបានសង្គ្រោះយើងតាមរយៈព្រះគុណរបស់ទ្រង់។​ លោកប៉ុលមិនបានប្រើថ្ងៃអាទិត្យ ដើម្បីបង្ហាញយើងអំពីសេចក្តីពិតនៃព្រះគម្ពីរនេះទេ។ តើព័ត៌មាននេះបង្ហាញយើងយ៉ាងដូចម្តេច អំពីពួកគ្រីស្ទានសញ្ញាថ្មី? ព័ត៌មាននេះបង្ហាញយើងថា ពួកគ្រីស្ទានសញ្ញាថ្មីបានគោរព និងរក្សាថ្ងៃសប្បាតហ៍។ ប៉ុន្តែ មិនយូរប៉ុន្មាន ការផ្លាស់ប្តូរដ៏ធំបានកើតឡើងនៅក្នុងពួកជំនុំ។ ពួកគ្រីស្ទានលែងសម្លឹងឃើញថ្ងៃសប្បាតហ៍ ថាជារូបស័ព្ទមួយអំពីរបៀបដែលព្រះបានសង្គ្រោះយើងទៀតឡើយ។ ពួកគេបានសម្លឹងឃើញថ្ងៃសប្បាតហ៍ ថាជារបស់ពួកយូដា និងជាផ្នែកមួយនៃសេចក្តីសញ្ញាចាស់។ ម្ល៉ោះហើយ ពួកគេលែងរក្សាថ្ងៃសប្បាតហ៍ទៀតហើយ។ នេះគឺជាមូលហេតុដែលលោកអិចណាធីអ៊ូសនៃក្រុងអាន់ទីយ៉ុក (Ignatious of Antioch) បានសរសេរនៅម្តុំឆ្នាំ១១០នៃគ្រិស្តសករាជយ៉ាងដូច្នេះថា៖ «អ្នកណាដែលបានកាន់តាមសេចក្តីសញ្ញា ចាស់កាលពីមុន ឥឡូវនេះ ពួកគេមានសេចក្តីសង្ឃឹមថ្មីហើយ។ ពួកគេលែងរក្សាថ្ងៃសប្បាតហ៍ទៀតហើយ។ ឥឡូវនេះ ពួកគេបានរក្សាថ្ងៃអាទិត្យដែលជាថ្ងៃនៃព្រះអម្ចាស់វិញ។ នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) ជីវិតរបស់យើង បានរស់ពីស្លាប់ឡើងវិញជាមួយនឹងព្រះយេស៊ូវហើយ»។ ដកស្រង់ពី Jacques B. Doukhan, Israel and the Church: Two Voices for the Same God (Peabody, MA: Hendrickson Publicshers, 2002), page 42, adapted។ ទន្ទឹមនឹងនេះ លោកម៉ាស៊ាន (Marcion) បានបង្គាប់មិនអោយសិស្សរបស់គាត់ទទួលទានអាហារនៅថ្ងៃសប្បាតហ៍ឡើយ ដើម្បីបង្ហាញអ្នកដទៃថា ពួកគេបានច្រានចោលពួកយូដា និងព្រះរបស់ពួកយូដាទៅហើយ។ លោកវីកទឺរីនឺស (Victorinus) ក៏មិនចង់អោយអ្នកដទៃគិតថា «គាត់ បានរក្សាថ្ងៃសប្បាតហ៍របស់ពួកយូដា» នោះដែរ។ សូមអាន Israel and the Church, pages 41-45, adapted។

«នៅពេលដែលព្រះយេស៊ូវសណ្ឋិតនៅក្នុងចិត្តរបស់យើង យើងនឹងទទូលបានសេចក្តីសុខសាន្ត និងសេចក្តីសម្រាក។ យើងប្រហែលជាមិនបានបង្ហាញសេចក្តីសុខសាន្តនេះតាមរយៈអាម្មណ៍សប្បាយ រីករាយពុះកញ្ជ្រោលនោះទេ។ ប៉ុន្តែ យើងនឹងទទួលបានទំនុកចិត្តមួយដែលដក់នៅក្នុងចិត្តរបស់យើង។ ហេតុផលរបស់លោកអ្នកសម្រាប់សេចក្តីសង្ឃឹមមិនមែនចេញពីលោកអ្នកផ្ទាល់នោះទេ។ សេចក្តីសង្ឃឹមរបស់លោកអ្នកមានប្រភពចេញមកពីព្រះយេស៊ូវគ្រីស្ទតែមួយគត់។ ភាពល្ងង់ខ្លៅរបស់លោកអ្នកបានចូលជាមួយនឹងព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់។​ រីឯភាពកម្សោយរបស់លោកអ្នកក៏បានចូលជាមួយនឹងអំណាច ហើយនិងព្រះចេស្តារបស់ទ្រង់ដែរ។ ព្រះចេស្តារបស់ទ្រង់មិនចេះសាបសូន្យឡើយ។​ ដូច្នេះ សូមកុំស្វែងរកសេចក្តីសង្ឃឹមនៅក្នុងលោកអ្នកឡើយ។ សូមកុំអោយគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនអោយសោះ។ តែសូមសម្លឹងទៅឯព្រះយេស៊ូវវិញ។ ចូរអោយចិត្តគំនិតរបស់លោកអ្នកប្រាថ្នាចង់បានសេចក្តីស្រឡាញ់ និងសិរីលំអរបស់ទ្រង់វិញ។​ សូមគិតអំពីព្រះយេស៊ូវតែមួយគត់។ ដ្បិតទ្រង់មិនអាត្មានិយម។ ព្រះទ័យរបស់ទ្រង់គ្មានអំនួត។ ទ្រង់ឥតសៅហ្មង។ ទ្រង់បរិសុទ្ធ ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏មិនអាចយកអ្វីមួយនៅលើមេឃ ឬនៅលើផែនដីមកបៀបផ្ទឹមបានដែរ។ សូមលោកអ្នកយកគោលគំនិតអំពីព្រះយេស៊ូវ និងសេចក្តីស្រឡាញ់របស់ទ្រង់នេះធ្វើជាប្រធានបទ ដើម្បីពិចារណាចុះ»។ ដកស្រង់ពី Ellen G. White, Steps to Christ, pages 70, 71, adapted។

សំនួរពិភាក្សា៖
  1. តើការរក្សាថ្ងៃសប្បាតហ៍របស់យើងបង្ហាញថា យើងបានជឿថា យើងត្រូវបានសង្គ្រោះដោយសារព្រះគុណរបស់ព្រះដោយរបៀបណា? តើការរក្សាថ្ងៃសប្បាតហ៍របស់យើងបង្ហាញថា ព្រះបានប្រទាន ជីវិតថ្មីមួយដល់យើងដោយរបៀបណា?

  2. តើយើងអាចរក្សាថ្ងៃសប្បាតហ៍អោយបរិសុទ្ធបានដោយរបៀបណា? តើបទពិសោធន៍នេះខុសគ្នាពីការព្យាយាមសង្គ្រោះខ្លួនយើងតាមរយៈទង្វើល្អរបស់យើងយ៉ាងដូចម្តេចដែរ?

រឿងខ្លី

ការស្វែងរកសេចក្តីសុខសាន្ត


វាគឺជាថ្ងៃដ៏អាក្រក់មួយសម្រាប់ជីវិតរបស់លោកយៀន។ គ្រូធ្មប់បានទៅជួបគាត់នៅក្នុងភូមិរបស់ពួកគេនៅភាគខាងត្បូងប្រទេសឡាវ ហើយបានប្រកាសថា គាត់នឹងត្រូវស្លាប់។ គ្រូធ្មប់បាននិយាយយ៉ាងម៉ឺងម៉ាត់ថា «គ្មានអ្នកណាអាចជួយឯងបានទេ»។ លោកយៀនភ័យជាខ្លាំង។ មនុស្សនៅក្នុងភូមិរបស់គាត់បានជឿថា គ្រូធ្មប់តែងតែទាយឆុតជានិច្ច។ គាត់មិនដែលកុហកឡើយ។ លោកយៀន​ភិតភ័យជាខ្លាំងដល់ថ្នាក់គាត់មិនអាចបរិភោគ ឬគេងលក់បានឡើយ។ មិនយូរប៉ុន្មាន ប្រពន្ធរបស់គាត់បានកត់សម្កាល់ថា មានអ្វីមួយខុសប្រក្រតីយ៉ាងខ្លាំង។ នាងបានសួរទៅគាត់ថា «មានរឿងអី?»។ លោកយៀនបានប្រាប់នាងអំពីការជួបជាមួយនឹងគ្រូធ្មប់។​ គាត់បាននិយាយថា «ខ្ញុំត្រូវស្លាប់ហើយ»។ គាត់មិនដឹងថា ត្រូវធ្វើយ៉ាងណានោះទេ។ ប្រពន្ធរបស់គាត់ក៏មិនដឹងថា ជួយយ៉ាងណាដែរ។ ពេលនោះ គាត់បានឮអំពីពួកគ្រីស្ទានមួយក្រុមតូចដែលបានជួបជំុគ្នាថ្វាយបង្គំនៅថ្ងៃសៅរ៍។​ គាត់មិនដែលចូលទៅក្នុងព្រះវិហារសាសនាគ្រីស្ទពីមុនមកទាល់តែសោះ ប៉ុន្តែ គាត់បានសំរេចទៅដើម្បីអោយបានដឹងថា ពួកគ្រីស្ទានអាចសូមព្រះរបស់ពួកគេអោយជួយដល់គាត់បានដែរឬអត់។

នៅថ្ងៃសប្បាតហ៍បន្ទាប់ លោកយៀន និងប្រពន្ធរបស់គាត់បានបង្ហាញខ្លួននៅមុខព្រះវិហារសេវេនដេយអាត់វេនទីស្ទ។ គាត់បានប្រាប់ពួកជំនុំអំពីគ្រូធ្មប់ និងការខ្លាចស្លាប់របស់គាត់។​ បន្ទាប់ពីបានស្តាប់រួចហើយ​ ពួកជំនុំបានប្រាប់គាត់អំពីព្រះយេស៊ូវ។ ពួកគេបានប្រាប់គាត់ថា ព្រះយេស៊ូវមានអំណាច មិនត្រឹមតែសង្គ្រោះគាត់ចេញពីការស្លាប់ដែលបានទស្សន៍ទាយដោយគ្រូធ្មប់តែប៉ុណ្ណោះនោះទេ ទ្រង់ថែមទាំងអាចប្រទានជីវិតអស់កល្បដល់គាត់ថែមទៀតផង។ នៅក្នុងព្រះគម្ពីររបស់ពួកជំនុំមានសេចក្តីសន្យាមួយដែលចែងថា៖​ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់ ​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣៖១៦)។

លោកយៀនមានសេចក្តីត្រេកអរយ៉ាងខ្លាំងនៅពេលដែលគាត់បានឮអំពីព្រះយេស៊ូវយ៉ាងដូច្នោះ។ គាត់អាចទទួលបានសេចក្តីសុខសាន្តបានតាមរយៈព្រះយេស៊ូវតែមួយគត់ ដែលទ្រង់បានមាន បន្ទូលថា៖ «ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ» (យ៉ូហាន ១៤៖២៧)។ នៅពេលដែលគាត់ចាកចេញពីពួកជំនុំទៅ គាត់សប្បាយចិត្តជាខ្លាំង ហើយគាត់មិនអាចរក្សាទុកដំណឹងល្អសម្រាប់តែខ្លួនគាត់បានឡើយ។ គាត់បានចែករំលែកនូវសេចក្តីសុខសាន្តដែលព្រះយេស៊ូវ បានប្រទានដល់គាត់ជាមួយអ្នកភូមិដទៃទៀត។ គាត់ដើរទៅផ្ទះដោយស្នាមញញឹមធំៗនៅលើមុខរបស់គាត់។ វាគឺជាថ្ងៃដ៏ល្អបំផុតសម្រាប់ជីវិតរបស់គាត់។

សព្វថ្ងៃនេះ លោកយៀននៅមានជីវិត និងមានសុខភាពល្អនៅឡើយទេ ហើយគាត់កំពុងតែចូលរួមជាមួយនឹងពួកជំនុំដែលគាត់បានរកឃើញព្រះយេស៊ូវជាលើកដំបូងនោះឯង។

អំណានដង្វាយប្រចាំសប្តាហ៍

តម្លៃនៃជីវិត

យើងរាល់គ្នាថ្វាយបង្គំព្រះជាម្ចាស់ជាមួយនឹងធនធានរបស់យើងដោយសារតែទ្រង់បានថែរក្សាការពារជីវិតរបស់យើងរាល់គ្នា។ យើងរាល់គ្នានឹកចាំអំពីលោកយ៉ូសែប និងនាងម៉ារាដែលបាននាំទារកយេស៊ូវទៅកាន់ព្រះវិហារក្នុងវ័យ៣៣ថ្ងៃបន្ទាប់ពីប្រសូត។ ព្រឹត្តិការណ៍នេះត្រូវបានស្គាល់ថាជាការឧទ្ទិសថ្វាយខ្លួនរបស់ព្រះយេស៊ូវ ព្រមទាំងបានបណ្តាលចិត្តដល់គ្រីស្ទានជាច្រើនផង។ ប្រភពដើមនៃការអនុវត្តនេះគឺមានឡើងតាំងតែពីគ្រាដែលសាសន៍អ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីព្ទមកម៉្លេះ។ នៅក្នុងអំឡុងគ្រោះកាចទី១០ កូនច្បងរបស់សាសន៍អេស៊ីព្ទត្រូវបានសម្លាប់ខណៈដែលព្រះជាម្ចាស់ទ្រង់បានការពារដល់កូនច្បងនៃសាសន៍អ៊ីស្រាអែលវិញ។ ឪពុកម្តាយគ្រប់គ្នាក្នុងសាសន៍អ៊ីស្រាអែលត្រូវថ្វាយកូនច្បងរបស់ខ្លួនដល់ព្រះអម្ចាស់ទុកជាសញ្ញាសំគាល់ដល់ការនឹកចាំនេះ ព្រមទាំងត្រូវថ្វាយដង្វាយសទ្ធាផង។ គ្រួសារនីមួយៗត្រូវថ្វាយកូនចៀមដែលមានអាយុមួយខួប ឬព្រាបជំទើរពីរក្បាលអាស្រ័យទៅលើស្ថានភាពទ្រព្យសម្បត្តិរបស់គ្រួសារ និងសម្រាប់ជាការឧទ្ទិសថ្វាយជីវិតរបស់កូនច្បងដែលត្រូវបានសំចៃទុកផង។

ព្រះជាម្ចាស់ទ្រង់ក៏កំពុងតែសំចៃទុកនូវជីវិតទាំងឡាយផងដែរ។ អេរិកគឺជាយុវជនម្នាក់នៅពេលដែលគាត់ទទួលស្គាល់អំពីរបៀបដែលព្រះបានសំចៃទុកជីវិតរបស់គាត់។ ការងារនារដូវក្តៅរបស់ គាត់គឺត្រូវសម្អាតផ្ទាំងកញ្ចក់ធំៗនៅតាមបង្អួចនៃអគារជាន់ទីបី។ គាត់ត្រូវចេញពីបន្ទប់នីមួយៗទៅ ឈរលើគែមបង្អួចដែលលយចេញត្រឹមតែ១២សង់ទីម៉ែត្រប៉ុណ្ណោះដើម្បីសម្អាត់ផ្ទៃខាងក្រៅនៃកញ្ចក់បង្អួចនីមួយៗ។ ពុំមានខ្សែសុវត្ថិភាពបំពាក់ជាប់ខ្លួនឡើយ មានតែដៃម្ខាងត្រូវប្រឹងតោងស៊ុមបង្អួច ហើយដៃម្ខាងទៀតធ្វើការជូតសម្អាត។ ថ្ងៃមួយ ខណៈពេលដែលគាត់កំពុងធ្វើការនៅខាងក្រៅបន្ទប់មួយនៃជាន់ទីបី ខ្យល់ដ៏កំណាចមួយបានបក់មកបិទបង្អួចដែលដៃគាត់កំពុងតោងស៊ុមនោះ។ គាត់ក៏ ភ្ញាក់ព្រើត ហើយក៏ព្រលែងដៃ។ គាត់បានឈរទ្រឹងដោយព្រលែងដៃអស់ប៉ុន្មានវិនាទី ដែលមានកំពស់ប្រហែល២០ម៉ែត្រពីដីទាំងគ្មានប្រព័ន្ធសុវត្ថិភាពបំពាក់លើខ្លួនឡើយ។ នេះគឺជាបាដិហារ្យមួយដែលអេរិកក៏បានគ្រប់គ្រងខ្លួនឯងបានវិញ ហើយអាចចាប់តោងស៊ុមនោះទាំងដៃឈឺចាប់។ ព្រះជាម្ចាស់ទ្រង់បានថែរក្សាការពារជីវិតរបស់គាត់ ហើយគាត់ក៏បានជ្រើសរើសថ្វាយជីវិតទាំងស្រុងក្នុងការបម្រើដល់ព្រះដែលបានថែរក្សាការពារដល់រូបគាត់។

បន្ទាប់ពីឆ្លងកាត់ជំងឺរាតត្បាតដ៏សាហាវដែលបានសម្លាប់មនុស្សអស់រាប់លាននាក់ យើងរាល់គ្នាគឺជាមនុស្សដែលនៅរស់រានមានជីវិត ដែលមានហេតុផលជាច្រើនត្រូវអរព្រះគុណដល់ព្រះអង្គ។ សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះអង្គព្រមទាំងថ្វាយដង្វាយ១០ហូត១ និងដ្ងវាយសទ្ធាផង ចូរយើងរាល់គ្នាបង្ហាញការអរព្រះគុណដល់ព្រះអង្គសម្រាប់ការការពារថែរក្សាដល់យើងរាល់គ្នាចុះ។

សេចក្តីអំពាវនាវ៖ «ដ្បិត​អស់​ទាំង​កូន​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​របស់​ផង​អញ ទោះ​ទាំង​មនុស្ស​ទាំង​សត្វ​ផង គឺ​នៅ​ថ្ងៃ​ដែល​បាន​វាយ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ នោះ​អញ​បាន​ញែក​គេ​ចេញ ទុក​សំរាប់​អញ​ហើយ» (ជនគណនា ៨៖១៧)។

សេចក្តីអធិដ្ឋាន៖
ព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំថ្វាយបង្គំព្រះអង្គដោយសារសេចក្តីស្រឡាញ់និងការថែរក្សារបស់ព្រះអង្គដល់ជីវិតរបស់យើងរាល់គ្នា។ សូមទ្រង់ទទួលយកនូវដង្វាយនៃការអរព្រះគុណពីយើងរាល់គ្នាផងចុះ។ សូថ្វាយសេចក្តីអធិដ្ឋាននេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ ​

Powered by CAM