សូមអានអំពីព្រះ និងប៉មបាបិលនៅក្នុងខគម្ពីរលោកុប្បត្តិ ១១៖៥-៧ និងទំនុកដំកើង ១៣៩៖៧-១២។ តើហេតុអ្វីបានជានៅក្នុងរឿងនេះ ព្រះយាងចុះមកផែនដីនេះយ៉ាងដូច្នេះ? តើមានអ្វីកើតឡើងនៅត្រង់ប៉មបាបិល ដែលបណ្តាលអោយព្រះយាងចុះពីស្ថានសួគ៌មកយ៉ាងដូច្នេះ?
ពួកសាងសង់ប៉មបាបិលបានព្យាយាមឡើងទៅលើមេឃ។ ប៉ុន្តែ មិនថាពួកគេឡើងទៅខ្ពស់ប៉ុនណានោះទេ ព្រះនៅតែខ្ពស់ជាងពួកគេដដែល។ ម្ល៉ោះហើយ ព្រះបានយាងចុះមកឯពួកគេ។ គោលគំនិតនេះបានបង្ហាញយើងថា ព្រះទ្រង់មានគ្រប់ទាំងអំណាច ដូច្នេះមនុស្សមិនអាចប្រៀបផ្ទឹមនឹងទ្រង់បានឡើយ។ នេះគឺជាមូលហេតុដែលព្រះយេស៊ូវត្រូវតែយាងចុះមកដើម្បីសង្គ្រោះយើង។ ជាការពិតណាស់ គ្មានវិធីណាទៀតដែលអាចសង្គ្រោះយើងបានឡើយ។
«នោះព្រះយេហូវ៉ាទ្រង់យាងចុះមកដើម្បីទតមើលទីក្រុង ហើយនឹងប៉មដែលពួកមនុស្សជាតិ កំពុងធ្វើ» (លោកុប្បត្តិ ១១៖៥)។ តើព្រះចាំបាច់ត្រូវយាងចុះមកផែនដីនេះ ដើម្បីអោយបានជ្រាបថា មានអ្វីកើតឡើងដែរឬទេ? ទ្រង់មិនចាំបាច់ធ្វើដូច្នោះឡើយពីព្រោះទ្រង់អាចជ្រាបអំពីអ្វីៗទាំងអស់ (ទំនុកដំកើង ១៣៩៖៧-១២; សូមប្រៀបធៀបជាមួយនឹងខគម្ពីរទំនុកដំកើង ២៖៤)។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ទ្រង់នៅតែយាងចុះមក។ តើហេតុអ្វី? នោះគឺដោយសារតែព្រះចង់បង្ហាញមនុស្សលោកអំពីទំហំនៃការយកព្រះទ័យទុកដាក់ចំពោះពួកគេ និងអ្វីៗដែលពួកគេកំពុងតែធ្វើ។
សូមអានខគម្ពីរលូកា ១៖២៦-៣៣។ តើខទាំងនេះបានបង្រៀនយើងយ៉ាងដូចម្តេចអំពីព្រះ និងការយាងចុះមករបស់ទ្រង់នោះ?
នៅពេលដែលព្រះយេស៊ូវយាងចុះមកស្នាក់នៅជាមួយនឹងយើងនោះ ទ្រង់បានបង្ហាញយើងអំពីសេចក្តីមេត្តា និងព្រះគុណរបស់ទ្រង់។ ទង្វើល្អរបស់យើងមិនអាចនាំយើងទៅព្រះបានឡើយ។ វិធីតែម៉្យាងគត់ដែលអាចសង្គ្រោះយើងបាននោះ ព្រះត្រូវតែយាងចុះមកដោយសេចក្តីមេត្តា។ យើងបានឃើញគោលគំនិតនេះតាមរយៈរឿងស្តីអំពីប៉មបាបិលដែលមានចែងនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ។ ព្រះគម្ពីរលោកុប្បត្តិបានចែងថា ព្រះបានយាងចុះមកផែនដីនេះចំនួន២ដង។ ដូច្នេះ យើងអាចមើលឃើញថា ព្រះបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ចំពោះអ្វីដែលកំពុងតែកើតឡើងនៅក្នុងចំណោមមនុស្សលោកនៅឯប៉មបាបិល។
ព្រះអម្ចាស់ចង់បញ្ឈប់ផែនការនៃការរួបរួមគ្នារបស់មនុស្សនៅត្រង់ប៉មបាបិល។ វាគឺជាផែនការដ៏អាក្រក់មួយដោយសារតែពួកគេគឺជាបាបជន។ ក្នុងភាពជាបាបជន ការព្រមព្រៀងរបស់ពួកគេគ្រាន់តែអាចនាំរកសេចក្តីអាក្រក់កាន់តែខ្លាំងឡើងៗប៉ុណ្ណោះ។ ម្ល៉ោះហើយ ព្រះបានជ្រើសរើសបំភាន់ភាសារបស់ ពួកគេ។ ពេលនោះ ពួកគេមិនអាចស្តាប់គ្នាយល់បានទៀតឡើយ។ ទីបំផុត ពួកគេបានបញ្ឈប់ការសាងសង់រួចនាំគ្នាចេញពីទីនោះអស់ទៅ។
«ព្រះបានធ្វើអោយផែនការរបស់ពួកសាងសង់ប៉មបាបិលត្រូវបរាជ័យ។ ពេលនោះ ពួកគេមានអារម្មណ៍ថា អាម៉ាស់ជាខ្លាំង។ ពួកគេបានសាងសង់ប៉មនេះ ដើម្បីបង្ហាញអំពីមហិច្ឆតារបស់ពួកគេ។ ចិត្តរបស់ពួកគេពោរពេញទៅដោយអំនួត។ ប៉ុន្តែ ឥឡូវនេះប៉មបានបង្ហាញថា ពួកគេគឺជាមនុស្សល្ងីល្ងើទៅវិញសោះ។ សព្វថ្ងៃនេះ មនុស្សកំពុងតែធ្វើរឿងដូចជាពួកសាងសង់ប៉មបាបិលដូច្នោះដែរ។ សព្វថ្ងៃនេះមនុស្សបានពឹងផ្អែកលើខ្លួនឯងទាំងស្រុង។ ពួកគេបានបដិសេធក្រឹត្យវិន័យរបស់ព្រះ។ សាតាំងក៏បានធ្វើរឿងដូចគ្នានេះនៅស្ថានសួគ៌ផងដែរ។ មហិច្ឆតាដដែលនេះក៏មានពេញនៅក្នុងចិត្តរបស់លោកកាអ៊ីន និងកូនចៅជំនាន់ក្រោយទាំងអស់របស់គាត់ផងដែរ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 123, adapted។
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២
មនុស្សត្រូវបានខ្ចាត់ខ្ចាយអស់ទៅ
ក្នុងខគម្ពីរលោកុប្បត្តិ ១១៖៨, ៩ និងលោកុប្បត្តិ៩៖១ យើងបានអានអំពីហេតុការណ៍ដែលបានកើតឡើងចំពោះមនុស្ស បន្ទាប់ពីប៉មបាបិលនោះមក។ «ព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេពីទីនោះទៅគ្រប់លើផែនដីវិញ» (លោកុប្បត្តិ ១១៖៩)។ តើផែនការមកពីព្រះនេះបានបង្ហាញយើងយ៉ាងដូចម្តេចដែរអំពីព្រះគុណរបស់ទ្រង់?
--------------------------------------------------------
បន្ទាប់ពីទឹកជំនន់រួចមក ព្រះបានរៀបចំផែនការមួយសម្រាប់មនុស្សលោក។ ទ្រង់ចង់អោយពួកគេ «បង្កើតកូនឲ្យចំរើនជាច្រើនឡើងឲ្យបាននៅពេញពាសលើផែនដី» (លោកុប្បត្តិ ៩៖១; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ១៖២៨)។ ប៉ុន្តែ ពួកសាងសង់បានប្រឆាំងទាស់នឹងផែនការរបស់ព្រះ។ ពួកគេចង់រស់នៅជុំគ្នាជាក្រុមមួយ។ ហេតុផលមួយដែលនាំអោយពួកគេចង់សាងសង់ក្រុងបាបិលនោះគឺ ដើម្បីកុំអោយពួកគេបាន «បែក ខ្ញែកគ្នាចេញឆ្ងាយពីទីនោះទៅពាសពេញលើផែនដីទាំងមូល» (លោកុប្បត្តិ ១១៖៤)។ មនុស្សបានបដិសេធ មិនព្រមទៅកន្លែងផ្សេងៗគ្នា។ ពួកគេមានអារម្មណ៍ថា ពួកគេកាន់តែខ្លាំងឡើងជាមួយនឹងគ្នា។
គួរអោយសោកស្តាយណាស់ មនុស្សមានបំណងចង់ប្រើកម្លាំងរបស់ពួកគេសម្រាប់សេចក្តីអាក្រក់ តែមិនមែនសម្រាប់សេចក្តីល្អនោះឡើយ។ ពួកគេបាននិយាយថា «ចូរយើងសង់ទីក្រុង១សំរាប់យើង និងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ» (លោកុប្បត្តិ ១១៖៤)។ ផែនការយើងអំពីអំនួតនៅក្នុងចិត្តរបស់ពួកគេ។
ម្លោះហើយ ព្រះបានជំនុំជម្រះពួកគេ។ «ព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេពីទីនោះទៅគ្រប់លើផែនដី [ទៅ]» (លោកុប្បត្តិ ១១៖៩)។ ពួកគេមិនចង់បែកចេញពីគ្នានោះទេ។ ឥឡូវនេះ អ្វីដែលពួកគេភ័យខ្លាចនោះបានកើតឡើងមែន។
ឈ្មោះ «បាបិល» បានបង្ហាញយើងអំពីសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់មួយ។ ពាក្យបាបិលមានន័យថា «ក្លោងទ្វារទៅឯព្រះ»។ ពាក្យថា «បាបិល» មានទំនាក់ទំនងដ៏គួរអោយចាប់អារម្មណ៍មួយជាមួយនឹងពាក្យថា «បាឡាល (Balal)» ជាភាសាហេព្រើរ។ «បាឡាល» មានន័យថា «ភាន់ច្រឡំ» (លោកុប្បត្តិ ១១៖៩)។ មនុស្សបានភាន់ច្រឡំដោយសារតែពួកគេព្យាយាមទៅអោយដល់ «ក្លោងទ្វារទៅឯព្រះ»។ ប៉ុន្តែ ពួកគេមិនចង់ទៅទីនោះ ដើម្បីថ្វាយបង្គំព្រះនោះទេ។ ពួកគេចង់ឡើងទៅដើម្បីជំនួសទ្រង់។ ពួកគេបានគិតថា ខ្លួនគេនោះឯងគឺជាព្រះ។
«មនុស្សនៃក្រុងបាបិលមានបំណងចង់ចាប់ផ្តើមការគ្រប់គ្រងមួយបែកចេញពីព្រះ។ ពួកសាងសង់ខ្លះបានគោរពដល់ព្រះ។ ប៉ុន្តែ មនុស្សទាំងនេះត្រូវបានចាញ់បញ្ឆោតផែនការរបស់ពួកមនុស្សអាក្រក់ ទៅវិញ។ ព្រះបានយកព្រះទ័យទុកដាក់ចំពោះមនុស្សចាញ់កលគេទាំងនេះ។ ដូច្នេះ ដោយសារតែទ្រង់ស្រឡាញ់ពួកគេ ទើបបានជាទ្រង់ពន្យារការដាក់ទោសរបស់ទ្រង់។ ព្រះបានប្រទានឱកាសដល់ពួកគេ ដើម្បីបង្ហាញអំពីគោលបំណងពិតនៅក្នុងចិត្តរបស់ពួកគេ។ ពួកកូនប្រុសរបស់ព្រះបានព្យាយាមបញ្ចុះបញ្ចូលអោយពួកមនុស្សផ្លាស់ប្តូរផែនការរបស់ពួកគេ។ ប៉ុន្តែ នៅចុងបញ្ចប់ពួកគេបានព្រមព្រៀងគ្នាទាស់ នឹងព្រះ។ តើយ៉ាងណាទៅវិញ ប្រសិនបើព្រះមិនបានបញ្ឈប់ពួកគេនោះ? ពេលនោះ ពួកគេនឹងធ្វើបាបកាន់តែខ្លាំងឡើងនៅលើផែនដីនេះ។ ពួកគេមានបំណងចង់ប្រឆាំងទាស់នឹងព្រះ ហើយបែរមកថ្វាយបង្គំខ្លួនឯងជំនួសវិញ។ ពួកគេចង់ចាប់ផ្តើមនគរជំនួសព្រះទាំងស្រុង»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 123, adapted។
ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Tower of Babel,” pages 117-124, in Patriarchs and Prophets។
«មនុស្សបានសម្រេចចិត្តសាងសង់ទីក្រុងមួយ។ ពួកគេក៏ចង់សាងសង់ប៉មមួយអោយខ្ពស់បំផុត ផងដែរ . . . ពួកសាងសង់បានរៀបផែនការទាំងនេះ ដើម្បីកុំអោយពួកគេខ្ចាត់ខ្ចាយទៅជាសហគមន៍តូចៗនៅលើផែនដីនេះ។ ព្រះបានបង្គាប់ពួកគេអោយប្តូរទីលំនៅខ្លួនទៅកាន់កន្លែងផ្សេងៗគ្នានៅលើផែនដីនេះ។ ព្រះក៏បានបង្គាប់អោយពួកគេបង្កើតកូនចៅនៅពាសពេញលើផែនដី ព្រមទាំងគ្រប់គ្រងលើទឹកដីរបស់ពួកគេផងដែរ។ ប៉ុន្តែ ពួកសាងសង់ប៉មបាបិលមានបំណងចង់រក្សាសហគមន៍របស់ពួកគេនៅកន្លែងតែមួយគត់។ ពួកគេក៏ចង់ចាប់ផ្តើមនគរមួយដែលពេញនៅលើផែនដីនេះទាំងមូលផងដែរ។ ក្រុងរបស់ពួកគេនឹងក្លាយទៅជារាជធានីនៃនគរទូទាំងពិភពលោកនេះផងដែរ។ ពេលនោះ មនុស្សគ្រប់គ្នានៅលើផែនដីនេះនឹងសរសើរតម្កើង ព្រមទាំងក្រាបថ្វាយបង្គំដល់ពួកគេផង ដោយសារតែស្នាដៃដ៏អស្ចារ្យរបស់ពួកគេ។ ប៉មដ៏អស្ចារ្យបានជាប់ទៅនឹងផ្ទៃមេឃដ៏ខ្ពស់បំផុត។ ពួកគេចង់អោយប៉មនេះបង្ហាញមនុស្សគ្រប់ គ្នានៅលើផែនដីនេះថា ពួកគេមានអំណាច និងឆ្លាតវៃជាទីបំផុត។ កូនចៅជំនាន់ក្រោយរបស់ពួកគេនឹង បានឃើញប៉មនេះ ហើយនឹកចាំអំពីពួកគេជានិច្ច។ ដូច្នេះ ពួកគេនឹងល្បីរន្ទឺជារៀងរហូតតទៅ»។
«មនុស្សដែលរស់នៅក្នុងតំបន់ទំនាបនៃស្រុកស៊ីណេរមិនបានជឿទុកចិត្តទៅលើសេចក្តីសន្យារបស់ព្រះនោះទេ។ ពួកគេមិនបានជឿទុកចិត្តទៅលើទ្រង់នៅពេលដែលទ្រង់បានមានបន្ទូលថា ទ្រង់នឹងមិនបំផ្លាញផែនដីនេះដោយទឹកជំនន់ម្តងទៀតនោះឡើយ។ មនុស្សជាច្រើននាក់គ្មានជំនឿទៅលើព្រះទាល់តែសោះ។ មនុស្សទាំងនេះបាននិយាយថា បាតុភូតធម្មជាតិបានបណ្តាលអោយកើតមានទឹកជំនន់ដ៏ធំនេះ។ មនុស្សខ្លះទៀតបានជឿថា ព្រះបានបំផ្លាញផែនដីចាស់ដោយទឹកជំនន់មួយ។ ប៉ុន្តែ មនុស្សទាំងនេះក៏ដូចជាលោកកាអ៊ីនយ៉ាងដូច្នោះដែរ។ ពួកគេបានបែរមកទាស់នឹងព្រះនៅក្នុងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេបានសម្រេចចិត្តសាងសង់ប៉មនេះឡើង។ ហេតុផលមួយដែលនាំអោយពួកគេចង់សាងសង់ប៉មនេះនោះគឺជាការការពារពីទឹកជំនន់ម្តងទៀត។ ពួកគេចង់សាងសង់ប៉មអោយបានខ្ពស់បំផុតកំពស់ទឹកជំនន់នៅលើផែនដីនេះ។ ពួកគេបានយល់ឃើញថា ប្រសិនបើពួកគេសាងសង់ប៉មខ្ពស់បែបនេះ ពួកគេនឹងអាចការពារខ្លួនពីគ្រោះថ្នាក់ទាំងអស់នៅពេលអនាគត។ ពួកគេក៏ចង់ទៅអោយដល់ពពក ដើម្បីស្វែងរកមូលហេតុដែលបណ្តាលអោយមានទឹកជំនន់ផងដែរ។ ផែនការទាំងអស់បានបង្ហាញថា ពួកគេមានបំណងចង់ជំនួសព្រះពិតមែន។ ពួកសាងសង់ក៏មានបំណងចង់បង្វែរចិត្តកូនចៅជំនាន់ក្រោយរបស់ពួកគេចេញពីព្រះជារៀងរហូត និងធ្វើអោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយផងដែរ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, pages 118, 119, adapted។
សំនួរពិភាក្សា៖
- តើនឹងមានអ្វីកើតឡើងនៅពេលដែលមនុស្សព្យាយាមជំនួសព្រះ និងការគ្រប់គ្រងរបស់ទ្រង់នោះ? តើផែនការនេះបង្កបញ្ហាអ្វីខ្លះ? តើប្រវត្តិសាស្ត្របានបង្ហាញយើងយ៉ាងដូចម្តេចដែរ?
- តើយើងដែលជាពួកជំនុំអាចជៀសវាងពីការសាងសង់ «ប៉មបាបិល» របស់យើងដោយរបៀបណាដែរ?
រឿងខ្លី
បាដិហារ្យនៅក្នុងសហព័ន្ធអារ៉ាប់រួម
លោកប្រាឌីព លីយ៉ានេច (Pradeep Liyanage) មិនដែលនឹកគិតដល់ព្រះយេស៊ូវពីមុនមក នោះទេ ទាល់តែកូនប្រុសរបស់គាត់បានចូលរួមនៅក្នុងក្លឹបផាតហ្វាញឌ័រមួយនៅឯសហព័ន្ធអារ៉ាប់រួម។ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់នេះបានត្រឡប់មកផ្ទះវិញដោយក្តីអំណរអំពីរឿងក្នុងព្រះគម្ពីរដែលគាត់បាន ស្តាប់នៅក្នុងក្លឹប។ ខណៈដែលលោកប្រាឌីព និងប្រពន្ធរបស់គាត់បានឃើញភាពរីករាយនៃកូនប្រុសគាត់ និងបានស្តាប់រឿងនៃព្រះគម្ពីរទាំងនោះ ពួកគេចាប់ផ្តើមចង់ដឹងបន្ថែមទៀត។ បន្ទាប់មក ពួកគេបានចាប់ផ្តើមសិក្សាព្រះគម្ពីរជាមួយនឹងលោកមូយី អូយីនឡយ (Oyinloye) ដែលជាគ្រូគង្វាលនៃពួកជំនុំអាត់វេនទីស្ទនៅក្នុងប្រទេសស្សារចា (Sharjah)។
ថ្ងៃនៃការថ្វាយចិត្តដល់ព្រះយេស៊ូវ និងការទទួលបុណ្យជ្រមុជទឹកបានមកដល់សម្រាប់ លោក ប្រាឌីព ប្រពន្ធ និងកូនប្រុសរបស់គាត់។ លោកប្រាឌីពក៏ចង់ចូលជាសមាជិកអាត់វេនទីស្ទផងដែរ ប៉ុន្តែ គាត់មានទម្លាប់មិនល្អមួយដែលគាត់ហាក់ដូចជាគ្មានអំណាចយកឈ្នះវាបានទាល់តែសោះ នោះគឺជាការជក់បារី។
ក្នុងពិធីបុណ្យជ្រមុជទឹក ប្រធាននាយកដ្ឋានសុខភាពថ្មីម្នាក់ដែលទើបតែនឹងចូលបម្រើការនៅក្នុងទីស្នាក់ការកណ្តាលនៃយូញានមិសិនខាងឯតំបន់ឈូងសមុទ្រមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង។ ខណៈដែលនាងខាធី ខូលេម៉ាន់ (Kathy Coleman) កំពុងតែពិនិត្យមើលការិយាល័យថ្មីរបស់នាង នាងបានដឹងថា នាងខ្វះត្រានៃនាយកដ្ឋានសុខភាពសម្រាប់បោះលើឯកសារសំខាន់ៗ។ នាងបានទូរស័ព្ទទៅ ឯអតីតប្រធានាយកដ្ឋានសុខភាព ដើម្បីសួរនាំអំពីត្រា និងប្រអប់សម្ភារៈមួយចំនួនទៀតដែលនាងមិនទាន់បានដឹង។ ប្រអប់ទាំងនោះមានសុទ្ធតែកម្មវិធីសុខភាព រួមទាំងកម្មវិធីផ្តាច់បារីផងដែរ។
លោកគ្រូមូយីបានទូរស័ព្ទមកកាន់នាងខាធី ខណៈពេលដែលនាងកំពុងតែរៀបចំសម្ភារៈ។ គាត់បានសួរនាងថា «តើអ្នកគ្រូអាចរៀបចំកម្មវិធីផ្តាច់បារីសម្រាប់លោកប្រាឌីពបានដែរឬទេ?»។ នៅ ពេលនោះ នាងខាធីបានដឹងថា ព្រះបានប្រទានអ្វីៗគ្រប់យ៉ាងអោយនាងជួយដល់បុរសម្នាក់នោះ។ ព្រះបានដាក់មេរៀនទាំងអស់ចូលគ្នាចំពេលដែលគ្រូគង្វាលទូរស័ព្ទមកតែម្តង។ បន្ទាប់ នាងខាធីបានទាក់ទងទៅលោកប្រាឌីព និងបានជួយអោយគាត់ផ្តាច់បារីតាមរយៈកម្មវិធីទាំង៩អាទិត្យ។ លោកប្រាឌីពបានផ្អាកជក់បារី។ ២ខែក្រោយមក បន្ទាប់ពីបានបញ្ចប់កម្មវិធីនោះរួចមកគាត់បានផ្តាច់បារីបានសម្រេច ដោយលែងនឹកនាពីវាតទៅទៀត។ គាត់បានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃសប្បាតហ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ដោយក្តីអំណរ។ លោកប្រាឌីពបាននិយាយថា «ព្រះអម្ចាស់បានប្រទានពរដល់ខ្ញុំទាំងខាងសាច់ឈាម ហើយនិងព្រលឹងវិញ្ញាណនៅក្នុងជីវិតរបស់ខ្ញុំ គឺថាទ្រង់បានពង្រឹងសុខភាពរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំកាន់ តែមានសុភមង្គលឡើង ហើយសូម្បីតែការងាររបស់ខ្ញុំក៏ល្អប្រសើរជាងមុនដែរ»។
ឥឡូវនេះ បុរសអាយុ៤៧ឆ្នាំម្នាក់នេះកំពុងតែប្រកាសប្រាប់មនុស្សគ្រប់គ្នាអំពីព្រះយេស៊ូវ និងអញ្ជើញពួកគេអោយទទួលបានបទពិសោធន៍នៃក្តីអំណរដូចជាគាត់ដែរ។ តាមរយៈទីបន្ទាល់នៃការផ្តាច់បារីរបស់គាត់នេះ គ្រួសារ៣ក្រុមទៀតបានបញ្ជូនកូនរបស់ពួកគេមកកាន់ក្លឹបផាតហ្វាញឌ័រ។ លោកម៉ារខូលេម៉ាន់ (Marc Coleman) ដែលជាប្រធានកាន់តំបន់ឈូងសមុទ្របានមានប្រសាសន៍ថា «ព្រះយេស៊ូវបានត្រាស់ហៅសិស្សរបស់ព្រះអង្គគ្រប់គ្នាអោយបំភ្លឺសម្រាប់ទ្រង់ ព្រះអម្ចាស់កំពុងតែត្រាស់ហៅយើងរាល់គ្នាអោយរស់នៅក្នុងជីវិតនៃការកែប្រែមួយដែលនឹងអនុញ្ញាតអោយអ្នកដទៃដឹងអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវនៅក្នុងយើង»។
អំណានដង្វាយប្រចាំសប្តាហ៍
ការធ្វើត្រាប់តាមព្រះដ៏មានរបៀបរៀបរយ
យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានដែលយើងមានតាមរបៀបដ៏រៀបរយជាទីបំផុត ដោយសារតែយើងបានធ្វើត្រាប់តាមព្រះដ៏មានសណ្តាប់ធ្នាប់មួយអង្គ។ លក្ខណៈពិសេសដ៏គួរអោយចាប់អារម្មណ៍មួយដែលព្រះបានបង្កើតនោះ គឺការរចនាដ៏មានរបៀបរៀបរយជាទីបំផុត។ លំដាប់លំដោយប្រចាំថ្ងៃ សប្តាហ៍ និងខែទាំងអស់បានសំដែងអំពីអ្នករចនា អ្នកបង្កើត និងអ្នកទ្រទ្រង់សកលលោកនេះទាំងមូល។ ក្នុងនាមពួកជំនុំ យើងបានចាត់ទុកខ្លួនយើងថា ជារូបចម្លងរបស់ទ្រង់ រីឯទ្រង់វិញគឺជាគំរូរបស់យើង។ ដូច្នេះ អ្នកណាដែលមានបំណងចង់ក្លាយជារូបចម្លងដ៏ច្បាស់របស់ទ្រង់បេះបិទនោះ ត្រូវតែយកចិត្តទុកដាក់ចំពោះបន្ទូលទាំងនេះដែលបានចែងយ៉ាងដូច្នេះថា៖ «ត្រូវតែធ្វើការទាំងអស់តាមបែបគួរសម ហើយដោយលំដាប់លំដោយផង។ ភាពចៃដន្យមិនគួរជាខអាងក្នុងការគេចវេសពីរបៀបរៀបរយនៃការថ្វាយបង្គំ និងការថ្វាយតង្វាយនោះឡើយ។
មានបុរសម្នាក់តែងតែរអ៊ូរទាំអំពីអ្នកដែលបានលួចលុយរបស់គាត់។ គាត់ថែមទាំងសង្ស័យប្រពន្ធ និងកូនរបស់គាត់ទៀតផង។ ថ្ងៃមួយ មិត្តភក្តិរបស់គាត់បានណែនាំគាត់ថា៖ «ប្រសិនបើឯងស្បថថា នឹងថ្វាយអំណោយពិសេសមួយដល់ព្រះនោះ គ្មានអ្នកណាម្នាក់ហ៊ានប៉ះពាល់លុយឯងទៀតឡើយ»។ គាត់បានយល់ព្រមស្បថ។ នៅថ្ងៃបើកប្រាក់ខែ គាត់បានរាប់លុយរបស់គាត់ រួចយកទៅលាក់បាត់ទៅ។ ពីរបីថ្ងៃក្រោយមកគាត់បាននឹកចាំអំពីពាក្យសម្បថរបស់គាត់ ប៉ុន្តែ គាត់បានឃើញលុយនៅសល់បន្តិចបន្ទួចប៉ុណ្ណោះតបស្នងនឹងការមិនធ្វើតាមសម្បថរបស់គាត់។ គាត់បានផ្ទុះកំហឹងស្រែកជេរប្រពន្ធ និងកូនៗរបស់គាត់ថា៖ «ថ្ងៃនេះ ពួកឯងបានលួចយកលុយរបស់ព្រះហើយ ដូច្នេះ ព្រះនឹងផ្តន់ទារដល់ពួកឯង»។ ប្រពន្ធរបស់គាត់បានស្ងៀមរួចសរសេរនៅក្នុងក្រដាសមួយពីលើដល់ក្រោម ព្រមទាំងបានបន្ថែមតួលេខខ្លះពីស្តាំទៀតផង។ បន្ទាប់មក នាងបានរុញក្រដាសនោះទៅអោយប្តីរបស់នាងដែលកំពុងតែខឹង។ គាត់បានឈ្ងោកអានបញ្ជីនៃសម្ភារៈ និងតម្លៃរបស់ពួកវា។ ពេលនោះ គាត់មិនហ៊ាននិយាយអ្វីតទៅទៀតឡើយ។ តាមពិត គ្មានអ្នកណាម្នាក់លួចលុយរបស់គាត់នោះឡើយ តែគាត់ទៅវិញទេដែលបានចំណាយលុយដោយគ្មានគម្រោងច្បាស់លាស់នោះ។
នៅពេលដែលហិរញ្ញវត្ថុរបស់យើងមានភាពរញ៉េរញ៉ៃនោះ យើងប្រាកដជាមិនអាចទទួលបានជីវិតដ៏សប្បាយរីករាយបានឡើយ ហើយយើងក៏មានការលំបាកក្នុងការគោរពព្រះ ជាមួយនឹងតង្វាយ១០ហូត១ដ៏ស្មោះត្រង់ និងតង្វាយសទ្ធាដ៏ជាក់លាក់មួយរបស់យើងផងដែរ។ តើលោកអ្នកចង់រីករាយជាមួយនឹងគុណភាពនៃជីវិតដែលព្រះវរបិតារបស់លោកអ្នកបានកំណត់យ៉ាងម៉ត់ចត់សម្រាប់លោកអ្នកដែរឬទេ? សប្តាហ៍នេះ សូមអោយយើងឆ្លុះបញ្ចាំងអំពីរូបភាពនៃព្រះដ៏មានរបៀបរៀបរយដែលយើងបានបម្រើតាមរយៈតង្វាយ១០ហូត១ និងតង្វាយទៀតទាត់របស់យើងតាមសេចក្តីចុះ។
សេចក្តីអំពាវនាវ៖ «ឯព្រះ ដែលប្រទានព្រះអាទិត្យសំរាប់ជាពន្លឺនៅពេលថ្ងៃ ហើយតាំងរបៀបនៃព្រះចន្ទ និងតារាទាំងប៉ុន្មានសំរាប់បំភ្លឺនៅពេលយប់ជាព្រះដែលបណ្តាលឲ្យសមុទ្រ កំរើកឡើង ដល់ម៉្លេះបានជាឮសន្ធឹករលកដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា» (យេរេមា៖ ៣១៖៣៥)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ពួកទូលបង្គំសូមថ្លែងអំណរគុណចំពោះគំរូនៃរបៀបរៀបរយដែលទ្រង់បានរៀបអោយពួកទូលបង្គំ។ សូមទ្រង់ប្រទានប្រាជ្ញា និងការកែតម្រង់ ដើម្បីអោយពួកទូលបង្គំបានឆ្លុះបញ្ចាំងអំពីលក្ខណៈនៅក្នុងការចាត់ចែងកិច្ចការផ្ទាល់ខ្លួនរបស់ពួកទូលបង្គំផងចុះ។