មេរៀនទី៥​៖ ២៣-២៩ កក្កដា ២០២២

ទំហំនៃការរងទុក្ខរបស់យើង

Jeans
ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ២២; យ៉ូហាន ៨៖៥៦; ហូសេ ២៖១-១២; ហូសេ​ ២៖១៤-២៣; យ៉ូប ១៖៦-២៖១០; កូរិនថូសទី២ ១៖៨, ៩; កូរិនថូសទី២ ១១៖២៣-២៩; កូរិនថូសទី២​ ១៖៤; អេសាយ ៤៣៖១-៧; ហេព្រើរ ៤៖១៥។

ខចងចាំ៖ « ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះយេហូវ៉ា​បាន​សព្វ​ព្រះហឫទ័យ​នឹង​វាយ​ទ្រង់​ឲ្យ​ជាំ ហើយ​ឲ្យ​ ឈឺ​ចាប់ កាល​ណា​ព្រះជន្ម​ទ្រង់​បាន​ត្រូវ​ថ្វាយ​ទុកជា​យញ្ញបូជា​លោះ​បាប​ហើយ នោះ​ទ្រង់​នឹង​បាន​ឃើញ ​ពូជពង្ស​របស់​ទ្រង់ ហើយ​នឹង​ចំរើន​ព្រះជន្ម​ទ្រង់​ឲ្យ​យឺនយូរ​ត​ទៅ ឯ​បំណង​ព្រះហឫទ័យ​នៃ​ព្រះយេហូវ៉ា នោះ​នឹង​ជឿន​ឡើង​ដោយ​ព្រះហស្ត​ទ្រង់ » (អេសាយ ៥៣៖១០)។

ភរិយារបស់លោកស៊ី អេស ឡូវីស (C.S.Lewish) កំពុងដេករង់ចាំសេចក្តីស្លាប់។ ក្នុងអំឡុង ពេលនេះ លោកឡូវីសបានសរសេរថា «ខ្ញុំមិនបានដឹងថា ខ្ញុំមិនមានគ្រោះថ្នាក់ច្រើន ដោយសារតែការ មិនជឿព្រះនោះឡើយ។ គ្រោះថ្នាក់ពិតប្រាកដសម្រាប់ខ្ញុំនោះគឺមកពីការចង់គិតអវិជ្ជមានអំពីទ្រង់។ ខ្ញុំមិនដែលនឹកឃើញនិយាយថា ‘បើដូច្នេះមែន ព្រះគ្មានទេនៅលើលោក» នោះឡើយ។ ផ្ទុយទៅវិញ ខ្ញុំខ្លាចក្រែងខ្ញុំនិយាយថា ‘តើនេះឬជាព្រះ?’ ទៅវិញទេ។ ដកស្រង់ពី A Grief Observed (New York: HarperCollins Publishers, Inc., 1961), pages 6, 7, adapted។

នៅពេលដែលរឿងនៅក្នុងជីវិតបានក្លាយទៅជាការឈឺចាប់នោះ អ្នកខ្លះបានបដិសេធព្រះ ពេញទំហឹង។ អ្នកខ្លះទៀតអាចនឹងមានអារម្មណ៍អំពីព្រះដូចគ្នាទៅនឹងលោកឡូវីសផងដែរ។ ពួកគេអាចនឹងចាប់ផ្តើមឆ្ងល់អំពីគោលគំនិត និងសេចក្តីជំនឿរបស់ពួកគេអំពីព្រះ។ ពួកគេក៏អាចនឹងចាប់ផ្តើម គិតអវិជ្ជមានអំពីព្រះផងដែរ។ ដូច្នេះ នេះគឺជាទំហំនៃការរងទុក្ខ និងគ្រាលំបាក ដែលព្រះយល់ព្រមអនុញ្ញាតអោយយើងរងនូវការសាកល្បង និងបញ្ហាទាំងឡាយ ដើម្បីអោយបានដូចជាព្រះយេស៊ូវ (រ៉ូម ៨៖២៩)។

ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២

ការសាកល្បងរបស់លោកអ័ប្រាហាំ

សូមអានអំពីការសាកល្បងដ៏លំបាកមួយរបស់លោកអ័ប្រាហាំនៅក្នុងបទគម្ពីរលោកុប្បត្តិ ២២។ ព្រះបានសូមអោយលោកអ័ប្រាហាំថ្វាយលោកអ៊ីសាក ដែលកូនប្រុសរបស់លោកអ័ប្រាហាំ ទុកជា តង្វាយដុតដល់ទ្រង់៊។​ សូមលោកអ្នកព្យាយាមស្រមៃមើលអំពីលោកអ័ប្រាហាំនៅក្នុងពេលនេះ។ តើលោក អ្នកគិតថា គាត់មានអារម្មណ៍យ៉ាងដូចម្តេចដែរ? តើហេតុអ្វីបានជាព្រះដ៏បរិសុទ្ធសូមអោយអ្នកជឿដ៏ស្មោះ- ត្រង់របស់ទ្រង់សម្រាប់កូនប្រុសខ្លួនឯងយ៉ាងដូច្នេះ? ចុះចំណែកឯសេចក្តីសន្យារបស់ព្រះចំពោះលោក អ័ប្រាហាំវិញនោះ? ព្រះបានសន្យាថា នឹងធ្វើអោយលោកអ័ប្រាហាំក្លាយទៅជាឪពុកនៃសាសន៍ជាច្រើន។ តើសេចក្តីសន្យានេះអាចកើតឡើងដោយគ្មានកូនប្រុសយ៉ាងដូចម្តេចទៅបាន?

តើហេតុអ្វីបានជាព្រះសូមអោយលោកអ័ប្រាហាំថ្វាយលោកអ៊ីសាកទុកជាតង្វាយដុតដល់ទ្រង់ យ៉ាងដូច្នេះ? ព្រះបានជ្រាបអ្វីៗគ្រប់យ៉ាងដែលនឹងត្រូវកើតឡើង មែនទេ? ដូច្នេះ តើព្រះចង់អោយលោក អ័ប្រាហាំរៀនមេរៀនសំខាន់អ្វី ចេញពីការសាកល្បងនេះ?

--------------------------------------------------------

ព្រះបានប្រទានការសាកល្បងដ៏លំបាកបំផុតមួយដល់លោកអ័ប្រាហាំ។ «ព្រះបានរង់ចាំប្រទាន ការសាកល្បងជាលើកចុងក្រោយនេះដល់លោកអ័ប្រាហាំ នៅពេលដែលគាត់មានវ័យចំណាស់ទៅហើយ។ នៅគ្រានេះនៅក្នុងជីវិតរបស់គាត់ លោកអ័ប្រាហាំចង់សម្រាកពីការសាកល្បង និងការរងទុក្ខជាខ្លាំង»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 147, adapted។ តើនេះគឺជាការសាកល្បងរបស់ព្រះដែលមានសតិមិនល្អឬ? ទេ មិនមែនដូច្នេះឡើយ។ «ការសាកល្បងបានធ្វើអោយលោកអ័ប្រាហាំឈឺចាប់ និងរងទុក្ខជាខ្លាំង។ ព្រះបានអនុញ្ញាតអោយលោកអ័ប្រាហាំយល់ចេញពីបទ ពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ អំពីទំហំនៃការលះបង់របស់ព្រះ ដើម្បីអោយទ្រង់អាចសង្គ្រោះយើងបាន»។ ដកស្រង់ពី Patriarchs and Prophets, page 154, adapted។

បទពិសោធន៍ដ៏អាក្រក់នេះ​គ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ព្រះមិនដែលចង់អោយលោក អ័ប្រាហាំសម្លាប់កូនប្រុសរបស់គាត់នោះឡើយ។ ការសាកល្បងនេះយើងអំពីចំណុចដ៏សំខាន់មួយ ទាក់ទងទៅនឹងរបៀបដែលព្រះធ្វើការ។ ព្រះប្រហែលជាអាចសូមអោយយើងធ្វើអ្វីមួយ ដែលទ្រង់មិនចង់អោយយើងបញ្ចប់នោះឡើយ។ ហើយព្រះក៏ប្រហែលជាអាចសូមអោយយើងទៅកន្លែងណាមួយ ដែល ទ្រង់មិនចង់អោយយើងទៅនោះដែរ។ អ្វីដែលសំខាន់បំផុតចំពោះព្រះនោះ មិនមែនជាចុងបញ្ចប់នោះ ឡើយ ប៉ុន្តែ ជាអ្វីដែលយើងបានរៀននៅតាមផ្លូវវិញ។

ព្រះយេស៊ូវប្រហែលជាបានគិតអំពីបទពិសោធន៍របស់លោកអ័ប្រាហាំ នៅពេលដែលទ្រង់ មានបន្ទូលថា «លោក​អ័ប្រាហាំ ជា​អយ្យកោអ្នក​រាល់​គ្នា លោក​បាន​ត្រេកអរ​ដោយ​ឃើញ​គ្រា​ខ្ញុំ លោក​ក៏​បាន​ឃើញ​មែន ហើយ​មាន​សេចក្តី​រីករាយ» (យ៉ូហាន ៨៖៥៦) ក៏ថាបាន។ លោកអ័ប្រាហាំបានឃើញការយាងមករបស់ព្រះយេស៊ូវ ដោយសារតែគាត់បានគោរពតាមព្រះ។ លោកអ័ប្រាហាំមិនបានគិតថា សេចក្តីបង្គាប់អោយសម្លាប់កូនប្រុសរបស់គាត់នេះចេញមកពីសាតាំងនោះឡើយ។ លោកអ័ប្រាហាំបាន ដឹងថា ព្រះបានសូមអោយគាត់ថ្វាយកូនប្រុសរបស់គាត់ដល់ទ្រង់។ នេះគឺជាមូលហេតុដែលនាំអោយលោកអ័ប្រាហាំបានទទួលជោគជ័យ ព្រមទាំងបានរៀនចេញពីបទពិសោធន៍នេះផង។ គាត់បានដឹងថា នៅពេលណាដែលព្រះបានមានបន្ទូលមកកាន់គាត់។

តើលោកអ្នកដឹងថា ព្រះមានបន្ទូលមកកាន់លោកអ្នកនៅពេលណាដែរឬទេ? តើព្រះបានទំនាក់ ទំនងលោកអ្នកអំពីផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់លោកអ្នកដោយវិធីណាខ្លះ?

ថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២

សាសន៍អ៊ីស្រាអែលបានត្រឡប់ទៅធ្វើរឿងអាក្រក់ម្តងទៀត

រឿងរបស់លោកហូសេមានមេរៀនដ៏មានអំណាចមួយចំនួនសម្រាប់បង្រៀនដល់យើង។ រឿង របស់លោកហូសេក៏គួរអោយភ្ញាក់ផ្អើលផងដែរ។ នាងកូមើរដែលជាប្រពន្ធរបស់គាត់បានរត់ចេញពីគាត់។ នាងក៏មានកូនជាមួយនឹងបុរសដទៃទៀតផងដែរ។ បន្ទាប់ពីនាងកូមើរបានកំផិតលោកហូសេរួចមក ព្រះ បានប្រាប់អោយលោកហូសេទៅយកប្រពន្ធរបស់គាត់ត្រឡប់មកវិញ ព្រមទាំងអោយលោកហូសេស្រឡាញ់ គាត់អោយអស់ពីចិត្តផងដែរ។ រឿងនេះគឺជារូបស័ព្ទមួយតំណាំងអោយព្រះ និងសាសន៍អ៊ីស្រាអែល។ ពួក សាសន៍អ៊ីស្រាអែលក៏ «បានកំផិត» ព្រះជាមួយនឹងពួកព្រះដទៃទៀតផងដែរ។ ប៉ុន្តែ ព្រះមិនដែលឈប់ ស្រឡាញ់សាសន៍អ៊ីស្រាអែលនោះឡើយ។ ព្រះចង់បង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់រាស្ត្ររបស់ទ្រង់ម្តងទៀត។ សូមក្រឡេកអំពីរបៀបដែលព្រះបានធ្វើការនេះ។

សូមអានខគម្ពីរហូសេ ២៖១-១២។ តើព្រះបានមានបន្ទូលថា នឹងទ្រង់នឹងធ្វើយ៉ាងដូចម្តេច ដើម្បីដឹកនាំសាសន៍អ៊ីស្រាអែលត្រឡប់មកឯទ្រង់វិញនោះ?

ហូសេ ២៖២, ៣-------------------------------------

ហូសេ ២៖៥-៧-------------------------------------

ហូសេ ២៖៨, ៩-------------------------------------

ហូសេ ២៖១០-------------------------------------

រឿងរបស់លោកហូសេបានបង្ហាញយើងអំពីបញ្ហា២យ៉ាងដែលយើងអាចមាន នៅពេលដែលព្រះ នាំយើងត្រឡប់មកឯទ្រង់វិញ។ បញ្ហាទី១ យើងប្រហែលជាមិនអាចមើលឃើញថា ព្រះកំពុងធ្វើកិច្ចការសង្គ្រោះយើងបានឡើយ។ នៅពេលដែលសាសន៍អ៊ីស្រាអែលជួបនឹងបទពិសោធន៍លំបាកៗ និងឈឺចាប់ នោះ ពួកគេមានបញ្ហាក្នុងការមើលឃើញថា ព្រះកំពុងធ្វើកិច្ចការសង្គ្រោះពួកគេបានឡើយ។ យើងក៏ដូច គ្នាដែរ នៅពេលជីវិតរបស់យើងពោរពេញទៅដោយបញ្ហានោះ។ កាលណាយើងមើលមិនឃើញកន្លែង ដែលយើងត្រូវទៅនោះទេ (ហូសេ ២៖៦) យើងប្រហែលជាសួរថា ព្រះនៅឯណាទៅ? នៅពេលដែលយើង គ្មានអាហារ សំលៀកបំពាក់ ទឹកបរិភោគ ឬមានអារម្មណ៍ខ្មាសអៀននោះ យើងអាចនឹងឆ្ងល់ថា ព្រះនៅឯ ណាទៅ? មិនថា យើងមានអារម្មណ៍យ៉ាងណាឡើយ ព្រះនៅតែធ្វើកិច្ចការសង្គ្រោះយើងជានិច្ច ដោយសារ តែទ្រង់ស្រឡាញ់យើងជាខ្លាំង។

បញ្ហាទី២ យើងប្រហែលជាមិនបានយល់អំពីព្រះអង្គផ្ទាល់តែម្តង នៅពេលដែលទ្រង់កំពុងតែ ធ្វើកិច្ចការសង្គ្រោះយើងនោះ។ យើងប្រហែលជាឃើញទ្រង់កំពុងតែធ្វើកិច្ចការ ប៉ុន្តែ យើងមិនដឹងថា ទ្រង់ កំពុងតែធ្វើអ្វីឡើយ។ នៅពេលដែលយើងមានអារម្មណ៍ឈឺចាប់ និងខ្មាសអៀននោះ វាងាយនឹងអោយ យើងស្តីបណ្ទោសព្រះចំពោះព្រះទ័យអាក្រក់ និងកាចសាហាវរបស់ទ្រង់នេះណាស់។ យើងក៏ងាយនឹង ស្តីបណ្ទោសព្រះថា​ មិនបានយកព្រះទ័យទុកដាក់ និងមិនបានជួយយើងផងដែរ។ ប៉ុន្តែ ព្រះតែងតែធ្វើ កិច្ចការ ដើម្បីអោយយើងបានទៅជាមនុស្សថ្មីម្នាក់ជានិច្ច នោះគឺដោយសារតែទ្រង់ស្រឡាញ់យើង។

សូមអានខគម្ពីរហូសេ ២៖១៤-២៣។ តើខទាំងនេះបានបង្រៀនយើងយ៉ាងដូចម្តេច អំពីព្រះ? ចូរសូមអោយព្រះវិញ្ញាណបរិសុទ្ធបង្ហាញលោកអ្នក ប្រសិនបើលោកអ្នកបានរត់ចេញពីព្រះនៅក្នុងផ្នែកណា មួយនៃជីរិតរបស់លោកអ្នកនោះ? ប្រសិនបើលោកអ្នកបានធ្វើដូច្នេះមែន ហេតុអ្វីបានជាត្រូវរង់ចាំបញ្ហាមក សិន មុននឹងលោកអ្នកថ្វាយចិត្តរបស់លោកអ្នកទៅឯព្រះវិញនោះ? តើសព្វថ្ងៃនេះ អ្វីដែលរារាំងមិនអោយ លោកអ្នកថ្វាយរបស់គ្រប់យ៉ាងទៅឯព្រះនោះ?

ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២

បញ្ហារបស់លោកយ៉ូប

តើការរងទុក្ខរបស់លោកយ៉ូបបណ្តាលមកពីអ្វី ? សូមអានខគម្ពីរយ៉ូប ១៖៦-២៖១០ សម្រាប់ ចម្លើយ។

--------------------------------------------------------

យើងបានឃើញចំណុចដ៏គួរភ្ញាក់ផ្អើលមួយនៅក្នុងរឿងរបស់លោកយ៉ូប។ ពួកទេវតាបានចូល មកជួបនឹងព្រះ។ សាតាំងក៏បានចូលមកជាមួយនឹងពួកគេដែរ។ ព្រះបានសួរសាតាំងថា វាមកពីណា។ សាតាំងបានឆ្លើយថា «មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី» (យ៉ូប ១៖៧)។ បន្ទាប់មក ព្រះបានសួរសាតាំង នូវសំណួរបែបនេះថា៖ «ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បំរើ​អញ​ឬ​ទេ ដ្បិត​គ្មាន​អ្នក​ណា​មួយ នៅ​ផែនដី​ ឲ្យ​ដូច​គាត់​ឡើយ» (យ៉ូប ១៖៨)។ សំណួរនេះផ្ទាល់មិនមានអ្វីគួរអោយភ្ញាក់ផ្អើលឡើយ។ អ្វីដែលគួរអោយ ភ្ញាក់ផ្អើលទៅវិញនោះគឺថា ព្រះបានសួរនូវសំណួរនេះ។ តើលោកអ្នកបានឃើញថា សាតាំងមិនមែនជា អ្នកចង្អុលអោយមើលទៅឯគំរូរបស់លោកយ៉ូបដែរឬទេ? ព្រះទេតើ ដែលបានចង្អុលប្រាប់សាតាំងនោះ។ ព្រះបានធ្វើអោយសាតាំងចាប់អារម្មណ៍នឹងលោកយ៉ូប។ នៅផែនដីឯណោះវិញ លោកយ៉ូបមិនដឹងថា គាត់នឹងត្រូវរងការឈឺចាប់ធ្ងន់ធ្ងរប៉ុនណាឡើយ។ មែនហើយ សាតាំងគឺជាអ្នកដែលបានធ្វើអោយលោក យ៉ូបរងទុក្ខ មិនមែនជាព្រះឡើយ។​ ប៉ុន្តែ ព្រះបានអនុញ្ញាតអោយសាតាំងបំផ្លាញទ្រព្យសម្បត្តិ កូនចៅ និងសុខភាពផ្ទាល់របស់គាត់។ ប្រសិនបើព្រះជាអ្នកអនុញ្ញាតអោយលោកយ៉ូបរងទុក្ខយ៉ាងដូច្នេះហើយ តើត្រូវអំពុលជាមួយនឹងអ្នកណាដែលបណ្តាលអោយមានការរងទុក្ខនេះធ្វើអ្វី? តើព្រះអាចបរិសុទ្ធ និងល្អ យ៉ាងដូចម្តេចទៅបាន នៅពេលដែលព្រះបានអនុញ្ញាតអោយសាតាំងធ្វើអោយលោកយ៉ូបឈឺចាប់យ៉ាង ធ្ងន់នោះ? តើការរងទុក្ខរបស់លោកយ៉ូបគឺជាករណីពិសេស ឬមួយក៏ព្រះប្រើវិធីបែបនេះជាមួយនឹងយើង សព្វថ្ងៃនេះដែរ?

ក្នុងខគម្ពីរយ៉ូប ១៖២០, ២១ តើលោកយ៉ូបបានធ្វើយ៉ាងដូចម្តេច នៅក្នុងអំឡុងពេលនៃបញ្ហា របស់គាត់នេះ?

--------------------------------------------------------

យើងអាចធ្វើតាមវិធីមួយនៅក្នុងចំណោមវិធីទាំង២នេះ នៅពេលដែលយើងបានទទួលនូវការ សាកល្បងលំបាកៗ។ យើងអាចនឹងខឹង ហើយគិតអវិជ្ជមានអំពីព្រះ។ ឬមួយ យើងអាចនឹងឱបក្រសោប ព្រះអោយកាន់តែខ្លាំងឡើងជាងមុន។ តើលោកយ៉ូបបានធ្វើយ៉ាងដូចម្តេច? គាត់នៅតែស្មោះត្រង់ចំពោះ ព្រះ និងថ្វាយបង្គំដល់ទ្រង់។

ក្នុងខគម្ពីរយ៉ូប ១៖២០, ២១ លោកយ៉ូបបានធ្វើកិច្ចការ៣យ៉ាងដែលអាចជួយដល់យើងបាន នៅពេលដែលយើងរងទុក្ខ។ (១) លោកយ៉ូបបានទទួលស្គាល់ថា គាត់បានអស់សង្ឃឹម។ គាត់បានយល់ ឃើញថា គ្មានអ្នកណាម្នាក់ជំពាក់អ្វីនឹងគាត់នោះឡើយ ដោយថា៖ «ទូលបង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ» (យ៉ូប ១៖២១)។ (២) លោកយ៉ូបបានជឿថា ព្រះនៅ តែជាអ្នកគ្រប់គ្រងយ៉ាងពេញលេញដដែល ដោយថា៖ «ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅ​វិញ» (យ៉ូប ១៖២១)។ (៣) លោកយ៉ូបបានថ្វាយបង្គំដល់ព្រះ និងជឿថា ទ្រង់ស័ក្តិសម នឹងទទួលនូវការសរសើរតម្កើង ដោយថា៖ «សូម​ឲ្យ​ព្រះនាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ» (យ៉ូប ១៖២១)។

តើលោកអ្នកកំពុងតែរងទុក្ខដែរឬទេ? សូមធ្វើកិច្ចការទាំង៣យ៉ាងដែលលោកយ៉ូបបានធ្វើចុះ។ តើលោកអ្នកគិតថា កិច្ចការទាំងនេះនឹងជួយដល់លោកអ្នកដោយរបៀបណា?

ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២

សេចក្តីសង្ឃឹមដែលនឹងសង្គ្រោះយើង

«ដ្បិត​បង​ប្អូន​អើយ យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​សេចក្តី​វេទនា​ដែល​កើត​ឡើង ដល់​យើង​ខ្ញុំ​ នៅ​ស្រុក​អាស៊ី​ថា យើង​ខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃលែង ហួស​ពី​កំឡាំង​នៃ​យើង​ខ្ញុំ​ទៅ​ទៀត ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អស់​សង្ឃឹម​នឹង​នៅ​រស់​ផង យើង​ខ្ញុំ​ក៏​មាន​សាលក្រម​នៃ​សេចក្តី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ» (កូរិនថូសទី២ ១៖៨, ៩)។

ព្រះបានជ្រើសរើសលោកប៉ុលអោយអធិប្បាយទៅកាន់ពួកសាសន៍ដទៃ។ លោកប៉ុលបានរង ទុក្ខនូវរឿងជាច្រើននៅក្នុងកិច្ចការរបស់គាត់សម្រាប់ព្រះ។​ ជាការពិតណាស់ លោកប៉ុលបានរងទុក្ខលើស ជាងមនុស្សភាគច្រើនទៅទៀត។​ ប៉ុន្តែ លោកប៉ុលមិនបានបោះបង់ចោលសេចក្តីសង្ឃឹមនោះឡើយ។ ការសរសើរតម្កើងរបស់គាត់ចំពោះព្រះកាន់តែកើនឡើង។​ សូមអានអំពីបញ្ជីនៃគ្រាលំបាករបស់លោកប៉ុលនៅក្នុងខគម្ពីរកូរិនថូសទី២ ១១៖២៣-២៩។ ឥឡូវនេះ សូមអានខគម្ពីរកូរិនថូសទី២ ១៖៣-១១ វិញ ម្តង។

ក្នុងខគម្ពីរកូរិនថូសទី២ ១៖៤ ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍ថា ព្រះបាន កំសាន្តចិត្តយើង «ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​ បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង» ផងដែរ។ តើលោកអ្នកគិត ថា ព្រះប្រើសេចក្តីវេទនា ដើម្បីបង្ហាញយើងថា ទ្រង់ចង់អោយយើងបម្រើដល់ទ្រង់ដែរឬទេ? ប្រសិនបើ មែន សូមផ្តល់ហេតុផលថា ហេតុអ្វីបានជាលោកអ្នកគិតយ៉ាងដូច្នោះ។

--------------------------------------------------------

ព្រះចង់អោយយើងជួយមនុស្សដែលកំពុងតែឈឺចាប់។ ម្ល៉ោះហើយ ព្រះអាចនឹងអនុញ្ញាតអោយ យើងរងទុក្ខដូចជាអ្នកដទៃយ៉ាងដូច្នោះដែរ។ បន្ទាប់មក យើងនឹងអាចលើកទឹកចិត្តដល់អ្នកដទៃចេញពីបទពិសោធន៍របស់យើងបាន។ យើងអាចនឹងប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់ និងការកំសាន្តចិត្តដែល ព្រះបានប្រទានដល់យើង។ ព្រះយេស៊ូវបានធ្វើដូច្នេះគ្រប់ពេលវេលា (សូមអានខគម្ពីរហេព្រើរ ៤៖១៥)។

លោកប៉ុលមិនបានប្រាប់យើងអំពីគ្រាលំបាករបស់គាត់ ដើម្បីអោយយើងអាណិតគាត់នោះ ឡើយ។​ លោកប៉ុលចង់អោយយើងដឹងថា​ ព្រះអាចនឹងជួយដល់យើងបាន មិនថា បញ្ហាធ្ងន់ធ្ងរប៉ុនណា នោះឡើយ។ យើងអាចនឹងបោះបង់ចោល ហើយចង់ស្លាប់អោយផុតទៅ។ ឬមួយ យើងអាចនឹងខ្លាច គេមកសម្លាប់យើង ក៏ថាបាន។ ប៉ុន្តែ យើងអាចជឿទុកចិត្តទៅលើទ្រង់បាន ពីព្រោះព្រះអាចនឹងប្រោសមនុស្សស្លាប់អោយរស់ឡើងវិញបាន (កូរិនថូសទី២ ១៖៩)។

សេចក្តីជំនឿរបស់លោកប៉ុលត្រូវបានគាំទ្រដោយចំណុច៣យ៉ាង។ ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍ អំពីចំណុចទាំង៣យ៉ាងនេះនៅក្នុងខគម្ពីរកូរិនថូសទី២ ១៖១០, ១១ យ៉ាង ដូច្នេះថា៖ (១) ព្រះបានសង្គ្រោះយើងចេញពីគ្រោះថ្នាក់កាលពីមុន។ ទ្រង់នឹងបន្តសង្គ្រោះយើងជានិច្ច (កូរិនថូសទី២ ១៖១០)។ (២) លោកប៉ុលបានដាក់សេចក្តីសង្ឃឹមរបស់គាត់ទៅលើព្រះ។ (៣) លោកប៉ុលបានថ្លែងអំណរគុណដល់ការអធិស្ឋាននៃមិត្តភក្តិរបស់គាត់ (កូរិនថូសទី២ ១៖១១)។

តើយើងបានរៀនមេរៀនអ្វីខ្លះចេញពីលោកប៉ុល ដែលអាចជួយអោយយើងរឹងមាំនៅក្នុងអំឡុង នៃគ្រាលំបាកៗ ដោយមិនស្រណោះដល់ខ្លួនឯងនោះ?​

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២

តើយើងអាចទ្រាំទ្រការឈឺចាប់បានប៉ុនណា?

កន្លងមក យើងបានក្រឡេកមើលគំរូនៃការសាកល្បងជាច្រើន ដែលព្រះបានប្រទានដល់យើង ដើម្បីជួយអោយយើងបានដូចជាព្រះយេស៊ូវ។ អ្នកខ្លះប្រហែលជាបានក្រឡេកមើលគំរូទាំងនេះ រួចយល់ ឃើញថា ព្រះអាក្រក់ និងតឹងរឹងចំពោះយើងណាស់ មើលទៅ។ ពួកគេអាចនឹងនិយាយថា «យើងដឹងថា ព្រះចង់អោយយើងបានល្អ។ ប៉ុន្តែ គំរូទាំងនេះមិនបានបង្ហាញការយកព្រះទ័យទុកដាក់ និងស្រឡាញ់ ចំពោះយើងនោះឡើយ។ មើលទៅ ព្រះប្រៀបដូចជាអ្នកធ្វើបាបគេទៅវិញទេ។ ទ្រង់បានធ្វើរឿងទាំងនេះ ដើម្បីអោយយើងជួបនឹងគ្រាលំបាក។ នេះគឺជាមូលហេតុនៃគ្រប់យ៉ាង។ យើងមិនអាចធ្វើអ្វីបានឡើយ»។

ជាការពិតណាស់ យើងកំពុងតែរស់នៅលើផែនដីដែលពេញទៅដោយអំពើបាប។ ម្ល៉ោះហើយ យើងបានយល់អំពីហេតុការណ៍ដែលបានកើតឡើងតែបន្តិចបន្តួចប៉ុណ្ណោះ។ យើងនឹងបានដឹងលើសពី នេះទៅទៀត នៅពេលដែលយើងនៅឯស្ថានសួគ៌ (កូរិនថូសទី១ ៤៖៥; កូរិនថូសទី១ ១៣៖១២)។ ប៉ុន្តែ នៅពេលនេះ យើងត្រូវតែទទួលស្គាល់ថា ព្រះយកព្រះទ័យទុកដាក់ចំពោះយើង ទោះបីជាអ្វីៗគ្រប់យ៉ាង មិនដំណើរការល្អក៏ដោយ។ លោកអេសាយបានមានប្រសាសន៍អំពីបញ្ហានេះ។

សូមអានខគម្ពីរអេសាយ ៤៣៖១-៧។ ព្រះបានមានបន្ទូលទៅកាន់រាស្ត្ររបស់ទ្រង់ថា «កុំ​ឲ្យ​ ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ កាល​ណា​ឯង​ ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាប​ឆេះ​ឯង​ដែរ (អេសាយ ៤៣៖១-២)។ ទន្លេ និងភ្លើងគឺជារូបស័ព្ទ។ របស់ទាំង២យ៉ាងនេះបានបង្ហាញយើងអំពីគ្រោះថ្នាក់ដ៏អាក្រក់។ របស់ទាំង២យ៉ាងនេះក៏បានបង្ហាញយើងអំពីគ្រាមួយ នៅពេលរាស្ត្ររបស់ព្រះឆ្លងសមុទ្រក្រហម និងឆ្លង ទន្លយ័រដាន់ផងដែរ។ បទពិសោធន៍ទាំងនេះគឺជាគ្រាដ៏តក់ស្លុតបំផុតសម្រាប់រាស្ត្ររបស់ព្រះ។ ប៉ុន្តែ បទ ពិសោធន៍ទាំងនេះបាននាំទៅរកជីវិតថ្មីមួយ។ លោកអ្នកប្រហែលជារំពឹងថា ព្រះនឹងមានបន្ទូលថា ទ្រង់ នឹងការពាររាស្ត្ររបស់ទ្រង់ចេញពីគ្រោះថ្នាក់ទាំងនេះ ហើយនាំពួកគេទៅតាមផ្លូវដ៏ងាយស្រួលហើយ​ មើល ទៅ។ ប៉ុន្តែ ព្រះជាមួយនឹងរាស្ត្រមិនខុសគ្នាពីអ្នកគង្វាលជាមួយនឹងចៀមរបស់ទ្រង់នៅក្នុងបទគម្ពីរទំនុក ដំកើង ២៣ នោះឡើយ។ ដូច្នេះ យើងមិនត្រូវភ័យខ្លាចឡើយ នៅពេលដែលគ្រាលំបាកមកដល់។

សូមក្រឡេកមើលខគម្ពីរអេសាយ ៤៣៖១-៧។ សូមសរសេរអំពីវិធីខុសៗគ្នាដែលព្រះបានកំសាន្តចិត្តរាស្ត្ររបស់ទ្រង់នៅក្នុងអំឡុងនៃគ្រាលំបាក។ តើចម្លើយរបស់លោកអ្នកនៅក្នុងគំនិតរបស់លោក អ្នកបានបង្ហាញរូបភាពអំពីព្រះយ៉ាងដូចម្តេចដែរ? តើសេចក្តីសន្យាណាមួយនៅក្នុងខទាំងនេះ ដែលលោក អ្នកត្រូវការបំផុតនៅក្នុងជីវិតរបស់លោកអ្នកនោះ?

--------------------------------------------------------

ខគម្ពីរអេសាយ ៤៣៖១-៧ បានបង្រៀនយើងនូវចំណុច៣យ៉ាងអំពីការសាកល្បងរបស់ព្រះ សម្រាប់យើង។ (១) ការសាកល្បងរបស់ព្រះមិនមែនសម្រាប់បំផ្លាញយើងនោះឡើយ។​ ការសាកល្បង ទាំងនោះគឺសម្រាប់បំផ្លាញអំពើបាបរបស់យើងទៅវិញទេតើ។ (២) ការសាកល្បងរបស់ព្រះមិនមែនសម្រាប់ ធ្វើអោយយើងមានអារម្មណ៍អាក់អន់ចិត្តនោះឡើយ ប៉ុន្តែ ការសាកល្បងទាំងនោះគឺសម្រាប់ធ្វើអោយយើង បានគ្រប់លក្ខណ៍ និងបរិសុទ្ធវិញ។ (៣) ការយកព្រះទ័យទុកដាក់របស់ព្រះចំពោះយើងក៏មិនដែលផ្អាក នៅក្នុងអំឡុងនៃគ្រាឈឺចាប់របស់យើងផងដែរ។ ទ្រង់បានស្រឡាញ់យើងជាមួយនឹងព្រះទ័យដ៏ទន់ភ្លន់។ មិនថា មានរឿងអ្វីកើតឡើងចំពោះយើងនោះទេ ព្រះមិនទុកអោយយើងនៅតែម្នាក់ឯងនោះឡើយ។

ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “The Test of Faith,” pages 145-155, in Patriarchs and Prophets; and “Praise Ye the Lord,” pages 315-319, in Testimonies for the Church, volume 5។

«ព្រះតែងតែប្រទានការសាកល្បងដល់រាស្ត្ររបស់ទ្រង់ជានិច្ច។ សេចក្តីវេទនាគឺជាការសាក ល្បង។ សេចក្តីវេទនាបានញែកអំពើបាបចេញពីយើង។ បន្ទាប់មក យើងនឹងបានក្លាយមកដូចជាមាស អ៊ីចឹង។ ព្រះយេស៊ូវបានទតមើលយើងអនុវត្តនូវការសាកល្បង។ ទ្រង់បានជ្រាបអំពីតម្រូវការរបស់យើង ដើម្បីអោយយើងអាចនឹងក្លាយទៅដូចជាលោហៈដ៏មានតម្លៃមួយយ៉ាងដូច្នោះដែរ។ បន្ទាប់មក យើងនឹង អាចបង្ហាញអំពីសេចក្តីស្រឡាញ់របស់ទ្រង់បាន។ តាមរបៀបនេះ ព្រះបានប្រើការសាកល្បងដ៏ឈឺចាប់ បំផុត ដើម្បីអប់រំដល់ពួកអ្នកបម្រើរបស់ទ្រង់។ ព្រះបានទតឃើញថា ពួកអ្នកបម្រើខ្លះរបស់ទ្រង់មានទេព-កោសល្យដែលពួកគេអាចប្រើ ដើម្បីជួយដល់ព័ន្ធកិច្ចរបស់ទ្រង់បាន។ ដូច្នេះ ព្រះបានការសាកល្បងដ៏ពិសេសៗដល់ពួកមនុស្សទាំងនេះ។ ទ្រង់បានដាក់ពួកគេតាមការងារ និងតាមកន្លែងដែលនឹងបង្ហាញពួកគេអំពីអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ . . . . ព្រះបានបង្ហាញចំណុចខ្សោយរបស់ពួកគេ។ ទ្រង់បានបង្រៀនពួកគេអោយជឿទុកចិត្តចំពោះទ្រង់។ ការសាកល្បងទាំងនេះគឺជាផ្នែកមួយនៃផែនការរបស់ ព្រះ។ តាមរបៀបនេះ ព្រះអាចនឹងបង្រៀន បង្វឹក និងលត់ដំដល់រាស្ត្ររបស់ទ្រង់បាន។ ព្រះបានធ្វើអោយ រាស្ត្ររបស់ទ្រង់ត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តកិច្ចការទៅតាមទេពកោសល្យដែលទ្រង់បានប្រទានដល់ ពួកគេម្នាក់ៗ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophet, pages 129, 130, adapted។

«តើព្រះបានអនុញ្ញាតអោយលោកអ្នករងទុក្ខដែរឬទេ? បើមែន សូមទទួលយកសេចក្តីវេទនា និងការសាកល្បងចុះ។ សូមចងចាំថា ព្រះបានអនុញ្ញាតអោយលោកអ្នកមានបទពិសោធន៍បែបនេះ។ ដូច្នេះ សូមជឿទុកចិត្តទៅលើទ្រង់នៅក្នុងគ្រាលំបាក និងគ្រាស្រណុកចុះ។ សូមជឿថា ព្រះនឹងប្រទានអ្វីៗ គ្រប់យ៉ាង ដើម្បីអោយលោកអ្នកបានប្រសើរឡើង . . . . នៅពេលដែលយើងរងទុក្ខ យើងត្រូវតែសរសើរ ព្រះដោយចិត្តនៃការដឹងគុណ។ តើយើងអាចបដិសេធមិនសរសើរតម្កើងព្រះ នៅពេលដែលយើងនឹកចាំ អំពីសេចក្តីស្រឡាញ់ដែលទ្រង់បានបង្ហាញយើងនៅលើឈើឆ្កាងយ៉ាងដូចម្តេចទៅបាន? ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 5, page 316, adapted។

សំនួរពិភាក្សា៖
  1. នៅក្នុងថ្នាក់ ចូរសូមអោយអ្នកណាម្នាក់ចែកចាយអំពីសាកល្បងខាងឯសេចក្តីជំនឿដ៏លំបាកបំផុត ដែលគាត់ធ្លាប់បានជួប។ តើបុគ្គលម្នាក់នេះបានយកឈ្នះការសាកល្បងរបស់គាត់ដែរឬទេ? តើលោកអ្នក អាចរៀនអ្វីខ្លះ ចេញពីបទពិសោធន៍របស់បុគ្គលម្នាក់នេះ?

  2. សូមពិនិត្យឡើងវិញ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៃជីវិតរបស់ព្រះយេស៊ូវ មុនពេលទ្រង់បានធ្វើដំណើរឆ្ពោះទៅឯឈើឆ្កាងនោះ។ តើទ្រង់បានជួបនឹងការសាកល្បងយ៉ាងដូចម្តេចដែរ? តើទ្រង់ត្រូវរងនូវការឈឺចាប់អ្វីខ្លះ? តើព្រះយេស៊ូវបានធ្វើយ៉ាងដូចម្តេចដែរ? តើយើងអាចរៀនក្បួនច្បាប់សំខាន់ៗ អ្វីខ្លះ ចេញពីគំរូរបស់ទ្រង់នេះ? តើក្បួនច្បាប់ទាំងនេះអាចជួយដល់យើង នៅពេលដែលយើងរងទុក្ខដោយ របៀបណាដែរ?

  3. តើសេចក្តីវេទនាផ្ទាល់របស់យើងអាចក្លាយទៅជាព្រះពរមួយទៅកាន់ការរងទុក្ខដទៃទៀតដោយរបៀប ណា?

រឿងខ្លី

ជួបប្រទះនឹងពិធីបុណ្យជ្រមុជទឹក វគ្គ៥

ថ្ងៃជូនាជ្រមុជទឹកបានមកដល់។ បេក្ខជន៥នាក់រួមទាំងជូនានឹងត្រូវជ្រមុជទឹកនៅម៉ោង៤ល្ងាច នៅឯព្រះវិហារសហគមន៍អាត់វេនទីស្ទអាល់ហ្វា ក្នុងទីក្រុងម៉ាណូសនៃប្រទេសប្រេស៊ីល។ ឪពុកបាន និយាយថា «ជូនយើងទៅវត្ត។ យើងមិនទៅចូលរួមកម្មវិធីហ្នឹងទេ»។ នៅតាមផ្លូវទៅឯព្រះវិហារ ម្តាយ បានឆ្ងល់ថា តើឪពុកអាចនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីជ្រមុជទឹកនេះ ទាំងអាវផាយសង្គ្រាជរបស់គាត់ពី វត្តខាន់ណូបលដែរឬទេ។ ជូនាបាននិយាយថា «កូនមិនខ្វល់ថា ឪពុកនឹងមកទាំងអាវផាយសង្គ្រាជនោះ ឡើយ ខ្ញុំនឹងទទួលយកគាត់»។ នៅឯព្រះវិហារ គ្រូគង្វាលរីខាដូបានប្រកាសថា លោកជូនានឹងត្រូវជ្រមុជ ទឹកមុនគេគ្រូគង្វាលបានសូមអោយជូនាចែករំលែករឿងរបស់គាត់ ខណៈពេលដែលគាត់ឈរនៅក្បែរអាងជ្រមុជទឹក។ ជូនាបានចែករំលែកអំពីការដែលគាត់ត្រូវគេធ្វើបាប​នៅឯសាលារៀន បន្ទាប់មក ឃ្លី-ហ្វឺសិនមិត្តរួមថ្នាក់របស់គាត់បានបបួលទៅឯក្លឹបវីដេអូហ្គេម ដែលច្រៀងអំពីព្រះយេស៊ូវ និងជជែកគ្នា អំពីព្រះគម្ពីរ។ នៅពេលដែលជូនាចែករំលែកចប់ គាត់បានចុះទៅក្នុងអាងជ្រមុជទឹក រួចបែរមុខទៅឯក្រុម ជំនុំទាំងអស់។ នៅពេលនោះ ឪពុកបានចូលមកក្នុងព្រះវិហារទាំងអាវផាយសង្គ្រាជរបស់គាត់។ ម្តាយ បាននិយាយទាំងស្រក់ទឹកភ្នែកថា៖ «គាត់នៅទីនេះហើយ គាត់បាននិយាយថា គាត់មិនមកទេ ប៉ុន្តែ គាត់ នៅទីនេះហើយ»។ មនុស្សទាំងអស់បានក្រឡេកទៅមើលខាងក្រោយសាលនៃព្រះវិហារ។ ម្តាយបាន អធិស្ឋានយ៉ាងស្ងៀមស្ងាត់ ដោយនឹកចាំអំពីការងាររបស់ឪពុកផងនោះ ពួកជំនុំក៏បានអធិស្ឋានផងដែរ។ អ្នកខ្លះទៀតបានសម្លឹងទៅឯអាវផាយដ៏អស្ចារ្យរបស់ឪពុក។ គ្រប់គ្នាបានគោរពស្វាគមន៍ដល់គាត់។ អ្នក ជំនួយការព្រះវិហារបានឈរស្វាគមន៍នៅកៀកនឹងគាត់។ លោករ៉ូបឺតូ ហ្វឺណាន់ដេស (Roberto Fernandez) ដែលជាជំនួយការ បាននិយយាថា «សូមស្វាគមន៍ លោកអេថ្វាដូ ពួកយើងកំពុងតែរង់ចាំអ្នក សូមអញ្ជើញចូលមក»។ គាត់បាននាំឪពុកទៅកាន់អាង ដែលជូនាកំពុងតែរង់ចាំជ្រមុជទឹក។ ជូនាបានគិត អំពីរឿងជាច្រើននៅពេលនោះ។ គាត់បានគិតថា ព្រះបានរៀបចំអ្វីៗទាំងអស់ គ្មានអ្នកណាម្នាក់ដឹងថា ខ្ញុំ នឹងត្រូវជ្រមុជទឹកមុនគេ ហើយឪពុករបស់ខ្ញុំបានមកទាន់ពេលដែលខ្ញុំចុះមកក្នុងអាងនោះឡើយ ផែនការ របស់ព្រះមិនជាល្អឥតខ្ចោះមែន។ ពិធីបុណ្យជ្រមុជទឹកសម្រាប់បេក្ខជនទាំង៥នាក់សមតែ១០នាទីប៉ុណ្ណោះ ប៉ុន្តែ ពិធីបុណ្យជ្រមុជទឹករបស់ជូនាដល់១ម៉ោងឯណោះ។ មិត្តភក្តិពីក្នុងក្លឹបវីដេអូហ្គេមបានឈរសរសើរ តម្កើងព្រះចំពោះការសម្រេចចិត្តរបស់ជូនា និងការលើកទឹកចិត្តដល់ជូនា។ គ្រូគង្វាលរីខាដូបានសូមអោយផាតហ្វាញឌ័រចាប់ផ្តើមចម្រៀង រួចគ្រប់គ្នាបានចូលរួមច្រៀងទាំងអស់គ្នា។ ខណៈពេលដែលជូនា ងើបពីទឹកវិញនោះ ពួកផាតហ្វាញឌ័របានក្រវីកន្សែងលឿងរបស់ពួកគេដោយក្តីអំណរអបអរដល់ជូនា ដែលកំពុងតែឱបឪពុកទាំងសើមជោគ។ ជូនាបាននិយាយថា​ «មិនថា ប៉ាកាន់សាសនាណាទេ ខ្ញុំនៅ តែស្រឡាញ់ប៉ាជានិច្ច»។ គាត់បានមើលទៅឯទស្សនាទាំងអស់ រួចនិយាយបន្ថែមទៀតថា «ខ្ញុំសូម អរគុណបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ លើសពីនេះទៅទៀតនោះ ខ្ញុំក៏សូមអរគុណ ឪពុករបស់ខ្ញុំដែលមានវត្តមាននៅទីនេះផងដែរ»។ ឪពុកបាននិយាយទៅកាន់ជូនាថា «កូនប្រុស ប៉ាសុខ ចិត្តទទួលយកសាសនារបស់កូន ដោយសារតែរឿងអធិធម្មជាតិជាច្រើនបានកើតឡើង ប៉ាបានរារាំង កូនចេញពីសាសនារបស់កូនមួយរយៈនេះ ហើយប៉ាក៏មិនចង់អោយកូនពាក់ព័ន្ធជាមួយនឹងសាសនាណា ដែរ ប៉ុន្តែ ប៉ាសុខចិត្តទទួលយកសាសនារបស់កូន ដោយសារតែប៉ាមានអារម្មណ៍ថា មានអធិធម្មជាតិ មួយនៅទីនេះ ប៉ាសង្ឃឹមថា ផ្លូវរបស់កូនទៅឯព្រះយេស៊ូវនេះនឹងមិនឈឺចាប់ឡើយ»។

ខណៈពេលដែលគ្រួសាររបស់ជូនាបានចូលទៅក្នុងឡាន បន្ទាប់ពីកម្មវិធីជ្រមុជទឹកនោះ ឪពុក បាននិយាយថា «ទីនេះជាកន្លែងល្អ អ្នកនៅទីនេះក៏ល្អដែរ»។ ឪពុកបានញញឹម ដោយក្តីអំណរ។

អំណានដង្វាយប្រចាំសប្តាហ៍

ការគាំទ្របេសកកម្មតាមបែបទូលំទូលាយ

យើងបានថ្វាយបង្គំព្រះជាមួយនឹងតង្វាយ និងការបរិច្ចាករបស់យើង ដោយសារតែទ្រង់បានត្រាស់ហៅយើងអោយយកចិត្តទុកដាក់ចំពោះអ្នកដទៃ ដូចជាអង្គទ្រង់ដែរ។ ថ្ងៃមួយ ហ្វូងមនុស្សបានដឹងអំពីការធ្វើដំណើររបស់ព្រះយេស៊ូវ និងពួកសាវករបស់ទ្រង់ ពួកគេក៏នាំគ្នា មករកទ្រង់។ ដោយសេចក្តីអាណិតអាសូរ ព្រះយេស៊ូវបានចំណាយពេលក្នុងការបង្រៀន ប្រទានពរ និងព្យាបាលអស់រយៈពេលមួយថ្ងៃពេញ។ នេះគឺជាការជួបជុំខាងឯវិញ្ញាណ។ នៅ ពេលដែលព្រះអាទិត្យហៀបនឹងលិចទៅហើយ ពួកសាវកបានសូមអោយព្រះយេស៊ូវបង្គាប់អោយហ្វូងមនុស្សចេញទៅរកអាហារបរិភោគរៀងៗខ្លួន (ម៉ាកុស ៦៖៣៦)។ មិនយូរប៉ុន្មាន ហ្វូងមនុស្សបានចាប់ផ្តើមឃ្លាន តែពុំមានអ្នកណាម្នាក់លក់នំប័ុងនៅក្នុងទីវាលនោះឡើយ។ ប៉ុន្តែ ជំនួសអោយការយល់ព្រមទៅតាមសំណើដ៏សមហេតុសមផលរបស់ពួកសាវកនេះ ទ្រង់ បានបង្គាប់ពួកសាវកថា «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ» (ម៉ាកុស ៦៖៣៧)។ ចម្លើយដ៏នឹក ស្មានមិនដល់នេះ បានបង្ហាញពីការយកព្រះទ័យទុកដាក់របស់ព្រះយេស៊ូវ ចំពោះសេចក្តីត្រូវ ការខាងឯវិញ្ញាណ និងខាងឯសាច់ឈាមរបស់មនុស្ស។ នេះក៏ជាបេសកកម្មរបស់យើងផង ដែរ គឺថា៖ «នៅពេលដែលយើងឃើញមនុស្សកំពុងតែមានទុក្ខ មិនថា ដោយសារតែសេចក្តី វេទនាក្តី ឬអំពើបាបក្តី យើងមិនត្រូវនិយាយថា ការនេះគ្មានពាក់ព័ន្ធអ្វីនឹងខ្ញុំឡើយ»។ ដកស្រង់ ពី E. G. White, Desire of Ages, p.504។

រឿងរបស់នាងអេមីលីនណេពីរដ្ឋម៉ាដាហ្គាស្ការបានរំលឹកយើងថា យើងដាក់ស្នាម ញញឹមនៅលើមុខអ្នកដទៃវិញបាន។ មុនឆ្នាំ២០១៥ នាងអេមីលីនណេតែងតែជ្រួញចិញ្ចើម ជានិច្ច។ នាងគឺជាស្ត្រីមេម៉ាយម្នាក់ ដែលមានកូនតែងតែស្រេកឃ្លានជានិច្ច ហើយនាងក៏គ្មាន សមត្ថភាពបញ្ជូនពួកគេទៅរៀននោះដែរ។ បន្ទាប់មក នាងបានចូលរួមនៅក្នុងកម្មវិធីរក្សា ស្បៀង នៃអង្គការអាត្រានៅក្នុងទីក្រុងដែលមានឈ្មោះថា ប៊ីគីលី (Bikily)។ នៅទីនោះ នាង បានទទួលការបណ្តុះបណ្តាល ព្រមទាំងបានទទួលសម្ភារកសិកម្ម និងគ្រាប់ពូជដែលធន់នឹង គ្រោះរាំងស្ងួតផងដែរ។ ជាលទ្ធផល នាងបានបង្កើតចំការរបស់នាង ដោយដាំពោត ដំឡូងជ្វា ដំឡូងមី និងល្ពៅ។ សព្វថ្ងៃនេះ នាងមានអាហារគ្រប់គ្រាន់សម្រាប់ទទួលទាន នាងមានប្រាក់ សម្រាប់ទិញសំលៀកបំពាក់អោយកូនៗរបស់នាង បង់ថ្លៃសាលារៀនអោយពួកគេ ព្រមទាំង មានប្រាក់សម្រាប់វិនិយោគនាពេលអនាគតផងដែរ។ លើសពីនេះទៅទៀតនោះ ឥឡូវនេះ ទឹកមុខរបស់នាងមានពេញទៅដោយស្នាមញញឹម។

តើលោកអ្នកចង់ធ្វើបេសកកម្មតាមគន្លងរបស់ព្រះយេស៊ូវ និងផ្តល់ភាពញញឹមដល់ អ្នកដទៃដែរឬទេ? ការបរិច្ចាគគឺជាមធ្យោបាយមួយដែលព្រះបានបង្កើតឡើង ដើម្បីសម្រាល ទុក្ខលំបាក បង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ និងនាំមកនូវសេចក្តីសង្ឃឹមឡើងវិញ។ សប្តាហ៍ នេះ យើងអាចអនុវត្តវិធីបម្រើរបស់ព្រះយេស៊ូវ ដោយការថ្វាយបង្គំទ្រង់ជាមួយនឹងតង្វាយ១០ ហូត១ និងតង្វាយទៀងទាត់ និងតង្វាយជាប្រព័ន្ធរបស់យើង តាមសេចក្តីសន្យា។

សេចក្តីអំពាវនាវ៖ «តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ»​ (ម៉ាកុស ៦៖៣៧)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ ចំពោះសេចក្តីស្រឡាញ់ និង សេចក្តីមេត្តាករុណា ដែលទ្រង់មានសម្រាប់ទូលបង្គំ។ សូមទ្រង់ជួយអោយទូលបង្គំផ្សព្វផ្សាយ ព្រះពររបស់ទ្រង់ដល់អ្នកដទៃផងចុះ។ ​

Powered by CAM