មេរៀនទី៥​៖ ២២ - ២៨ តុលា ២០២២

មនុស្សនៅក្នុងព្រះគម្ពីរដែលបានរស់ពីស្លាប់ឡើងវិញ

Jeans
ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ យូដាស ខ៩; លូកា ៩៖២៨-៣៦; ពង្សាវតារក្សត្រ ទី១ ១៧៖៨-២៤; ពង្សាវតារក្សត្រទី២ ៤៖១៨-៣៧; លូកា ៧៖១១-១៧; ម៉ាកុស ៥៖២១-២៤, ៣៥-៤៣; យ៉ូហាន ១១៖១-៤៤។

ខចងចាំ៖ «ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ» (យ៉ូហាន ១១៖២៥,​ ២៦)។

រហូតមកដល់ពេលនេះ យើងបានសិក្សាអំពីមនុស្សនៅក្នុងគម្ពីរសញ្ញាចាស់ ដែលបានជឿ ទៅលើការរស់ឡើងវិញ (យ៉ូប ១៩៖២៥-២៧; ហេព្រើរ ១១៖១៧-១៩; ទំនុកដំកើង ៤៩៖១៥; ទំនុកដំកើង ៧១៖២០)។ ការរស់ឡើងវិញគឺជាសេចក្តីសន្យាដែលថា ព្រះយេស៊ូវនឹងប្រោសមនុស្សពីស្លាប់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។ មនុស្សនៃគម្ពីរសញ្ញាចាស់ទាំងនេះបានជឿទុក ចិត្តទៅលើសេចក្តីសន្យារបស់ព្រះអំពីការរស់ឡើងវិញ (ដានីយ៉ែល ១២៖១, ២, ១៣)។

ព្រះគម្ពីរក៏បានបង្ហាញប្រាប់យើង អំពីមនុស្សដែលបានរស់ពីស្លាប់ឡើងវិញ មុនពេលដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាងផងដែរ។ លោកម៉ូសេគឺជាមនុស្សដំបូងគេនៅក្នុងគម្ពីរ ដែលបានរស់ពីស្លាប់ឡើងវិញ (យូដា ១៖៩; លូកា ៩៖២៨-៣៦)។ នៅក្នុងអំឡុងពេលដែលសាសន៍អ៊ីស្រាអែលនៅជានគរនៅឡើយនោះ កូនរបស់ស្ត្រីមេម៉ាយនៃភូមិសារិបតា (ពង្សាវតារក្សត្រទី១ ១៧៖៨-២៤) និងស្ដ្រីអារម្នាក់នៅស្រុកស៊ូណែម (ពង្សាវតារក្សត្រទី២ ៤៖១៨-៣៧) បានរស់ពីស្លាប់ឡើងវិញ។ ព្រះយេស៊ូវក៏បានប្រោសកូនស្រីរបស់លោកយ៉ៃរ៉ុស (លូកា ៨៖៤០-៥៦) និងលោកឡាសា (យ៉ូហាន ១១)។ ក្រោយមក មនុស្សទាំងអស់នេះបានស្លាប់ម្តងទៀត លើកលែងតែលោកម៉ូសេប៉ុណ្ណោះ។​ រឿងទាំងអស់នេះបានបង្រៀនយើងថា បន្ទាប់ពីរូបកាយរបស់យើងស្លាប់ទៅនោះ ព្រលឹងមិនបានបន្តរស់ នៅទៀតឡើយ (យ៉ូប ៣៖១១-១៣; ទំនុកដំកើង ១១៥៖១៧; ទំនុកដំកើង ១៤៦៖៤; សាស្តា ៩៖៥, ១០)។

សប្តាហ៍នេះ យើងនឹងក្រឡេកមើលនូវការរស់ឡើងវិញ នៅក្នុងព្រះគម្ពីរដែលបានកើតឡើងមុនពេលដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង។

ថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២

លោកម៉ូសេបានរស់ពីស្លាប់ឡើងវិញ

សូមអានខគម្ពីរយូដាសខ៩ និងលូកា ៩៖២៨-៣៦។ តើ​មានភស្ដុតាង​អ្វី​ដែល​ខគម្ពីរ​ទាំង នេះ​បង្ហាញយើង​ថា ម៉ូសេ​មាន​រូបកាយ​មួយនៅពេល​គាត់​បាន​រស់ពីស្លាប់ឡើងវិញនោះ?

--------------------------------------------------------

ព្រះបានបណ្តាលអោយលោកយូដាសមានប្រសាសាន៍ប្រាប់យើងថា៖ «រីឯ​មីកែល ជា​មហា​ទេវតា លោក​មិន​ហ៊ាន​ប្តឹង​ប្រមាថ​ដល់​អារក្ស ក្នុង​កាល​ដែល​កំពុង​តែ​ជជែក​នឹង​វា ទាំង​ប្រកែក​ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ​នោះ​ទេ» (យូដាស ខ៩)។ ជាការពិតណាស់ មីកែលគឺជាព្រះយេស៊ូវ។ តើលោកអ្នកបានឃើញថា​ ព្រះយេស៊ូវ និងសាតាំងកំពុងតែប្រកែកគ្នាពីដំណើរសពរបស់លោកម៉ូសេដែរឬទេ? ព្រះយេស៊ូវ និងសាតាំងមិនបានប្រកែកថា អ្នកគួរតែទទួលបានព្រលឹងរបស់លោកម៉ូសេនោះឡើយ។ ការប្រកែករបស់ព្រះយេស៊ូវ និងសាតាំងអំពី «សពរបស់លោកម៉ូសេ» នេះគឺជាភ័ស្តុតាងមួយ ដែលបង្ហាញ ថាលោកម៉ូសេមានរូបកាយមួយនៅពេលដែលគាត់រស់ពីស្លាប់ឡើងវិញ។

ខគម្ពីរចោទិយកថា ៣៤៖៥-៧ បានបង្ហាញប្រាប់យើងថា លោកម៉ូសេបានស្លាប់នៅពេលដែលគាត់អាយុ១២០ឆ្នាំ។ ព្រះអម្ចាស់បានបញ្ចុះគាត់នៅក្នុងកន្លែងដ៏អាថ៌កំបាំងមួយ នៅក្នុងជ្រលងភ្នំម៉ូអាប់។ ប៉ុន្តែលោកម៉ូសេមិនទាន់បានសម្រាកនៅក្នុងផ្នូរយូរប៉ុន្មានផង។ «ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានយាងចុះ ពីស្ថានសួគ៌មក ជាមួយនឹងពួកទេវតារបស់ទ្រង់។ ក៏មានទេវតាជួយព្រះយេស៊ូវបញ្ចុះសពរបស់លោកម៉ូសេ បន្ទាប់ពីគាត់ស្លាប់ទៅផងដែរ។ ព្រះយេស៊ូវបានប្រោសលោកម៉ូសេពីស្លាប់ឡើងវិញ . . . . នេះជាលើកដំបូងហើយដែលព្រះយេស៊ូវ បម្រុងនឹងប្រទានជីវិតដល់មនុស្សស្លាប់ម្នាក់។ ព្រះយេស៊ូវគឺជាព្រះអម្ចាស់នៃជីវិត។ នៅពេលដែលព្រះយេស៊ូវ និងពួកទេវតាដ៏ចែងចាំងរបស់ទ្រង់បានចូលទៅជិតផ្នូរនោះ សាតាំងបានភិតភ័យជាខ្លាំង។ សាតាំងបានភ័យខ្លាចថា​ វានឹងបាត់បង់អំណាចទៅលើពួកបាបជន . . . . ព្រះយេស៊ូវមិនបានប្រកែកជាមួយនឹងសាតាំងនោះទេ។ .​ . . . ព្រះយេស៊ូវបានបង្ហាញថា ព្រះវរបិតារបស់ទ្រង់ដែលគង់នៅស្ថានសួគ៌ គឺជាអ្នកមានអំណាចពិតប្រាកដ នៅពេលដែលទ្រង់បានមានបន្ទូលទៅសាតាំងថា ‘សូម​ឲ្យ​ព្រះអម្ចាស់​បន្ទោស​ឯង​ចុះ’ (យូដាស ខ៩) . . . . ព្រះយេស៊ូវបានបង្ហាញថា ទ្រង់អាចប្រោសមនុស្សស្លាប់អោយរស់ឡើងវិញបាន។ សាតាំងបានបាត់បង់អំណាចរបស់វាទៅលើពួកបាបជន។ ព្រះយេស៊ូវបានបង្ហាញថា អ្នកដែលទ្រង់បានសង្គ្រោះនោះនឹងរស់ឡើងវិញម្តងទៀត»។ ដកស្រង់ ពី Ellen G. White, Patriarchs and Prophets, pages 478, 479, adapted។

ព្រះគម្ពីរបានបង្ហាញយើងនូវភ័ស្តុតាងមួយថា ព្រះបានប្រោសអោយលោកម៉ូសេរស់ពីស្លាប់ឡើងវិញ។ លោកលូកាបានប្រាប់យើង អំពីគ្រាមួយដែលព្រះយេស៊ូវបាននាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានឡើងទៅអធិស្ឋាននៅលើភ្នំ (សូមអានខគម្ពីរលូកា ៩៖២៨-៣៦)។ នៅពេលដែល ព្រះយេស៊ូវកំពុងតែអធិស្ឋាននោះ លោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានបានឃើញសិរីល្អរបស់ ព្រះយេស៊ូវ។ ព្រះភ័ក្ត្ររបស់ទ្រង់បានផ្លាស់ប្តូរទៅ ហើយសំលៀកបំពាក់របស់ទ្រង់​ក៏ប្រែជាសដូចហិមៈផងដែរ។ «នោះ​ឃើញ​មានមនុស្ស២​នាក់​កំពុង​តែ​ទូល​នឹង​ទ្រង់ គឺ​លោក​ម៉ូសេ និង​លោក​អេលីយ៉ា ដែល​លេច​មក​ក្នុង​សិរីល្អ ទូល​ពី​ដំណើរ​ទ្រង់សុគតដែល​ត្រូវ​សំរេច​នៅ​ក្រុង​យេរូសាឡិម» (លូកា ៩៖៣០, ៣១)។ វត្តមានរបស់លោកម៉ូសេជាមួយនឹងព្រះយេស៊ូវនៅទីនោះ គឺជាភ័ស្តុតាងមួយបង្ហាញថា ព្រះយេស៊ូវនឹងឈ្នះលើអំពើបាប និងសេចក្តីស្លាប់។ យើងបានឃើញថា លោកម៉ូសេ និងលោកអេលីយ៉ាបានលេចមកអោយព្រះយេស៊ូវឃើញនៅលើភ្នំនោះ មិនមែនជា «វិញ្ញាណ» របស់ពួកគេនោះឡើយ។ (សូមចាំថា លោក អេលីយ៉ាក៏មិនបានស្លាប់ដែរ)។ ព្រះបានលើកលោកអេលីយ៉ាទៅឯស្ថានសួគ៌។ ដូច្នេះ វត្តមានរបស់លោក អេលីយ៉ាជាមួយនឹងព្រះយេស៊ូវនៅទីនោះក៏បានបង្ហាញយើងថា យើងនឹងមានរូបកាយមួយនៅពេលដែលព្រះលើកយើងទៅឯស្ថានសួគ៌)។

ថ្ងៃច័ន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២

ភ័ស្តុតាងពីរទៀតនៅក្នុងគម្ពីរសញ្ញាចាស់

សូមអានអំពីការរស់ឡើងវិញនៅក្នុងពង្សាវតារក្សត្រទី១ ១៧៖៨-២៤ និងពង្សាវតារក្សត្រទី២ ៤៖១៨-៣៧។ យើងបានឃើញនៅក្នុងមេរៀនទី៤​រួចមកហើយថា ការរស់ឡើងវិញគឺជាគ្រាមួយ នៅពេលដែលព្រះនឹងប្រោសមនុស្សពីស្លាប់ឡើងវិញ។ តើរឿងទាំង២នៅក្នុងខទាំងនេះដូចគ្នា និងខុសគ្នានៅត្រង់ណា?

--------------------------------------------------------

ក្នុងបទគម្ពីរហេព្រើរ១១ យើងបានអានថា «ពួក​ស្រីៗ បាន​ទទួល​មនុស្ស​ស្លាប់​របស់​ខ្លួន​មក ដោយ​រស់​ពី​ស្លាប់​ឡើង​វិញ» (ហេព្រើរ ១១៖៣៥)។ ខគម្ពីរពង្សាវតារក្សត្រទី១ ១៧៖៨-២៤ និងពង្សាវតារក្សត្រទី២ ៤៖១៨-៣៧ បានបង្ហាញយើងនូវរឿងអំពីពួកស្ត្រីៗ ដែលកូនប្រុសរបស់ពួកគេបានស្លាប់។ ស្ត្រីទាំង២នាក់សុទ្ធតែមានជំនឿទៅលើព្រះ។ ដូច្នេះ ព្រះបានប្រោសអោយកូនប្រុសទាំង២របស់ពួកគេ រស់ពីស្លាប់ឡើងវិញ រួចប្រគល់កូនៗទាំងនោះដល់ម្តាយរបស់ពួកគេវិញ។

រឿងទី១បានកើតឡើងនៅក្នុងអំឡុងពេលដែលពួកបណ្តាជនសឹងតែទាំងអស់នៅក្នុងសាសន៍ អ៊ីស្រាអែលបានឈប់ថ្វាយបង្គំព្រះ (សូមអានខគម្ពីរពង្សាវតារក្សត្រទី១ ១៧៖៨-២៤)។ ស្តេចអ័ហាប់ និងព្រះនាងយេសិបិលបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលនៅពេលនោះ។ ព្រះបានដាក់ទោសដល់សាសន៍អ៊ីស្រាអែល ដោយមិនអោយមានភ្លៀងធ្លាក់អស់រយៈពេលយ៉ាងយូរ។ នៅក្នុងអំឡុងពេលនេះ ព្រះបានបង្គាប់អោយលោកអេលីយ៉ាចូលទៅឯក្រុងសារិបតា។ ក្រុងសារិបតាគឺជាក្រុងមួយដែលនៅក្រៅប្រទេសអ៊ីស្រាអែល។ នៅទីនោះ លោកអេលីយ៉ាបានជួបនឹងស្ត្រីមេម៉ាយម្នាក់។ នាងមានអាហារមួយពេលចុងក្រោយសម្រាប់នាង និងកូនប្រុសរបស់នាង។ បន្ទាប់មក ពួកគេគ្មានអ្វីសេសសល់សម្រាប់បរិភោគទៀតឡើយ។ ប៉ុន្តែ ព្រះបានប្រទានការអស្ចារ្យមួយដល់ពួកគេ។ ទ្រង់បានប្រទានម្សៅ និងប្រេងជាច្រើនដល់ស្ត្រីមេម៉ាយម្នាក់នេះ។ ម្សៅ និងប្រេងមិនចេះអស់ឡើយ។ ប៉ុន្តែ បន្ទាប់ពីការអស្ចារ្យនេះមកមានរឿងមួយបានកើតឡើង។ កូនប្រុសរបស់ស្ត្រីមេម៉ាយបានធ្លាក់ខ្លួនឈឺ ហើយក៏ស្លាប់ទៅ។ ស្ត្រីមេម៉ាយ បានសូមអោយលោកអេលីយ៉ាជួយ។ លោកអេលីយ៉ាក៏ទូលអង្វរព្រះអម្ចាស់។ «ព្រះយេហូវ៉ា​ទ្រង់​ស្តាប់​តាម​អេលីយ៉ា ហើយ​ព្រលឹង​របស់​កូន​នោះ ក៏​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វាឲ្យ​រស់​ឡើង​វិញ» (ពង្សាវតារក្សត្រ ទី១ ១៧៖២២)។

រឿងទី២បានកើតឡើងនៅឯស្រុកស៊ូណែម (សូមអានខគម្ពីរពង្សាវតារក្សត្រទី២ ៤៖១៨-៣៧)។ ស៊ូណែមគឺជាស្រុកមួយនៅបែកខាងត្បូងនៃភ្នំគីលបោ។ នៅទីនោះ លោកអេលីសេបានជួបនឹងស្ត្រីអាម្នាក់។ លោកអេលីសេបានប្រាប់នាងថា នាងនឹងមានកូនប្រុសម្នាក់។ នាងក៏មានកូនមួយមែន។ កូននេះបានធំធាត់ឡើង ហើយក៏មានសុខភាពល្អផងដែរ។ ប៉ុន្តែ ក្រោយមក ក្មេងប្រុសនេះបានធ្លាក់ខ្លួនឈឺ រួចក៏ស្លាប់ទៅ។ ស្ត្រីស្រុកស៊ូណែមម្នាក់នេះបានឡើងទៅ​ឯភ្នំកើមែល។ នាងបានសូមអោយលោក អេលីសេ ទៅមើលកូនរបស់នាង។ លោកអេលីសេក៏ធ្វើដំណើរចេញទៅជាមួយនឹងនាង ព្រមទាំងបានអធិស្ឋានដល់ព្រះសម្រាប់ក្មេងនេះផងដែរ។ ព្រះបានឆ្លើយតបសេចក្តីអធិស្ឋានរបស់លោកអេលីសេ។ ក្មេងនេះក៏បានរស់ពីស្លាប់ឡើងវិញ។

ពួកស្ត្រីទាំងនេះកាន់សាសនាខុសពីគ្នា។ ប៉ុន្តែ ពួកគេទាំង២នាក់មានសេចក្តីជំនឿដូចគ្នា។ ស្ត្រីមេម៉ាយនៃក្រុងសារិបតាបានផ្តល់អាហារដល់លោកអេលីយ៉ា នៅគ្រាមួយដែលលោកអេលីយ៉ាងគ្មាន កន្លែងលាក់ខ្លួននៅក្នុងសាសន៍អ៊ីស្រាអែល។ ស្ត្រីនៃស្រុកស៊ូណែម និងប្តីរបស់នាងបានសង់បន្ទប់ដ៏ពិសេសមួយសម្រាប់លោកអេលីសេ។ ម្តាយទាំង២នេះបានសូមអោយពួកហោរារបស់ព្រះជួយដល់ពួកគេ នៅពេលដែលកូនរបស់ពួកគេបានស្លាប់។ បន្ទាប់មក ម្តាយទាំង២នេះមានសេចក្តីអំណរជាខ្លាំង នៅពេលដែលកូនប្រុសរបស់ពួកគេបានរស់ពីស្លាប់ឡើងវិញ។

ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២

កូនប្រុសរបស់ស្ត្រីមេម៉ាយនៅស្រុកណាអ៊ីន

ព្រះគម្ពីរបានសំដែងថា ព្រះយេស៊ូវ «បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក ដែល​ត្រូវ​អារក្ស​សង្កត់សង្កិន​បាន​ជា​ផង ដ្បិត​ព្រះ​បាន​គង់​ជា​មួយ​នឹង​ទ្រង់» (កិច្ចការ ១០៖៣៨)។ ព្រះគម្ពីរ ត្រូវបានបំពេញដោយរឿងរបស់ព្រះយេស៊ូវ និងរបៀបដែលទ្រង់បានជួយមនុស្សជាច្រើនពីការរងទុក្ខ និងកង្វះខាត។ ក្រោយមកទៀត មានសាសន៍យូដាជាច្រើនបានទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្គ្រោះរបស់ពួកគេ ដោយសារតែការល្អដែលព្រះយេស៊ូវបានធ្វើ។

«ព្រះយេស៊ូវបានចុះទៅដល់ស្រុកជាច្រើន។​ ទ្រង់បានព្យាយាមមនុស្សមានជំងឺទាំងអស់នៅទីនោះ។ កិច្ចការនៃការព្យាបាលរបស់ព្រះយេស៊ូវគឺជាភ័ស្តុតាងមួយបង្ហាញថា ព្រះបានជ្រើសរើសទ្រង់ជាព្រះអង្គសង្គ្រោះរបស់យើង។ ព្រះយេស៊ូវបានធ្វើអ្វីៗគ្រប់យ៉ាងជាមួយនឹងសេចក្តីស្រឡាញ់ និងសេចក្តី មេត្តានៅក្នុងព្រះទ័យរបស់ទ្រង់។ ព្រះយេស៊ូវបានមានព្រះទ័យទុកដាក់ចំពោះមនុស្ស។ ព្រះយេស៊ូវចង់បម្រើមនុស្ស និងយកព្រះទ័យទុកដាក់ចំពោះតម្រូវការរបស់ពួកគេ។ ដូច្នេះ ទ្រង់បានក្លាយមកដូចជាមនុស្សដែលមនុស្សបានសង្គ្រោះ។ មនុស្សដែលគ្មានអ្នកណាយកចិត្តទុកដាក់ និងអ្នកក្រីក្រមិនខ្លាចនឹងចូលទៅឯព្រះយេស៊ូវនោះឡើយ។ សូម្បីតែក្មេងតូចៗក៏ចូលចិត្តចូលទៅក្បែរទ្រង់ដែរ»។ ដកស្រង់ពី Ellen G. White, Steps to Christ, pages 11, 12, adapted។

សូមអានអំពីការរស់ឡើងវិញ នៅក្នុងខគម្ពីរលូកា ៧៖១១-១៧។ យើងបានដឹងហើយថា ការរស់ឡើងវិញគឺគ្រាមួយនៅពេលមនុស្សនឹងរស់ពីស្លាប់ឡើងវិញ។ សូមប្រៀបធៀបការរស់ឡើងវិញ នៅក្នុងខគម្ពីរលូកា ៧៖១១-១៧ ជាមួយនឹងការរស់ឡើងវិញ ដែលយើងបានសិក្សាកាលពីម្សិលមិញ។ តើការរស់ឡើងវិញនៅក្នុងកណ្ឌគម្ពីរខុសគ្នាពីមេរៀនម្សិលមិញយ៉ាងដូចម្តេចដែរ?

--------------------------------------------------------

ព្រះយេស៊ូវបានព្យាបាលអ្នកជំងឺ និង​បណ្តេញអារក្សចេញពីមនុស្ស។ នៅពេលដែលព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានទៅដល់ស្រុកណាអ៊ីននោះ ពួកគេបានឃើញមនុស្សមួយហ្វូងនៅតាមផ្លូវទៅឯពិធីបុណ្យសពមួយ។ ក៏ឃើញមានមនុស្សមួយក្រុមកំពុងតែសែងក្តារមឈូស ដែលមានសពនៅក្នុងនោះ។ ពួកគេបានបើកក្តារមឈូសឡើង។ កូនប្រុសតែមួយគត់របស់ស្ត្រីមេម៉ាយម្នាក់បានដេកនៅក្នុងក្តារមឈូស។ ស្រ្តីមេម៉ាយបានយំយ៉ាងខ្លាំង ធ្វើអោយព្រះយេស៊ូវមានអារម្មណ៍ក្តុកក្តួលចំពោះម្តាយដ៏សោកសង្រេងម្នាក់នេះជាខ្លាំង។ ព្រះយេស៊ូវបានមានបន្ទូលទៅនាងថា «កុំយំអី» (លូកា ៧៖១៣)។ បន្ទាប់មក ព្រះយេស៊ូវបាន «យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា ‘អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង’» (លូកា ៧៖១៤)។ សាច់រឿងទាំងមូលត្រូវបានផ្លាស់ប្តូរ ដោយសារ តែព្រះយេស៊ូវនៅទីនោះ។ មនុស្សជាច្រើនដែលបានឃើញការអស្ចារ្យនេះបានដឹងថា បាន​កើត​ឡើង​ក្នុង​ពួក​គេហើយ។ ដូច្នេះ ពួកគេបាននិយាយថា ព្រះយេស៊ូវគឺជា «ហោរាធំ១» (លូកា ៧៖១៤, បកប្រែថ្មី)។ ពួកបណ្តាជនបានជឿថា ព្រះបានចាត់ព្រះយេស៊ូវអោយមកបង្ហាញថា ទ្រង់បានយកព្រះទ័យទុកដាក់ចំពោះរាស្ត្ររបស់ទ្រង់យ៉ាងអនេក។

ទាំងស្រ្តីនៅស្រុកសារិបតា និងស្ត្រីនៅស្រុកស៊ូណែមសុទ្ធតែបានសូមជំនួយពីអ្នកបម្រើរបស់ព្រះ។ ប៉ុន្តែ ស្ត្រីនៅស្រុកណាអ៊ីនបានទទួលជំនួយដោយមិនបាច់សូម។ ព្រះបានយកព្រះទ័យទុកដាក់ចំពោះយើង ទោះបីជានៅពេលដែលយើងមានអារម្មណ៍ថា យើងមិនមានតម្លៃគ្រប់គ្រាន់ ដើម្បីនឹងសូមជំនួយពីទ្រង់ក៏ដោយ។

ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២

កូនស្រីរបស់លោកយ៉ៃរុ៉ស

សូមអានរឿងអំពីកូនស្រីរបស់លោកយ៉ៃរុ៉ស នៅក្នុងខគម្ពីរម៉ាកុស ៥៖២១-២៤, ៣៥-៤៣។ តើយើងបានរៀនអំពីសេចក្តីស្លាប់ចេញពីព្រះបន្ទូលរបស់ព្រះយេស៊ូវដែលថា «កូន​នេះ​មិន​មែន​ស្លាប់​ទេ គឺ​វា​ដេក​លក់​ទេ​តើ» យ៉ាងដូចម្តេចដែរ?

--------------------------------------------------------

កូនស្រីអាយុ១២ឆ្នាំរបស់លោកយ៉ៃរុ៉សបានដេកឈឺនៅឯផ្ទះ។ ដូច្នេះ លោកយ៉ៃរុសបានចូលទៅឯព្រះយេស៊ូវ ដើម្បីសូមអោយទ្រង់ព្យាបាលកូនស្រីរបស់គាត់។ លោកយ៉ៃរុ៉សចង់អោយព្រះយេស៊ូវចូលមកឯផ្ទះរបស់គាត់ដើម្បីពាល់គាត់។ ប៉ុន្តែ មុនពេលដែលលោកយ៉ៃរុ៉ស និងព្រះយេស៊ូវមកដល់ផ្ទះ នោះមានមនុស្សខ្លះបាននាំដំណឹងអាក្រក់មកប្រាប់លោកយ៉ៃរុ៉សបាត់ទៅហើយ។ «កូន​ស្រី​លោក​ស្លាប់​ ហើយនៅ​តែ​រំខាន​ចិត្ត​លោក​គ្រូ​ធ្វើ​អ្វី​ទៀត» (ម៉ាកុស ៥៖៣៥)។ ព្រះយេស៊ូវបានឮដំណឹងដ៏សោកសៅនេះ។ ទ្រង់បានមានបន្ទូលទៅកាន់លោកយ៉ៃរុ៉សថា «កុំ​ខ្លាច​អីឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ» (ម៉ាកុស ៥៖៣៦)។ លោកយ៉ៃរុសត្រូវតែជឿទុកចិត្តថា ព្រះយេស៊ូវអាចសង្គ្រោះកូនស្រីរបស់គាត់បាន ទោះបីជានាងស្លាប់ហើយក៏ដោយ។

លោកយ៉ៃរុស និងព្រះយេស៊ូវបានទៅដល់ផ្ទះរបស់លោកយ៉ៃរុ៉ស។ មានមនុស្សជាច្រើននៅ ក្នុងផ្ទះ។ បន្ទាប់មក «ទ្រង់​ក៏​យាង​ចូល​ទៅ​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​កើត​វឹកវរ ហើយ​យំ​ដូច្នេះ កូន​នេះ​មិន​មែន​ស្លាប់​ទេ គឺ​វា​ដេក​លក់​ទេ​តើ» (ម៉ាកុស ៥៖៣៩)។ មនុស្សទាំងនោះបានសើចចំអកអោយព្រះយេស៊ូវ។ តើហេតុអ្វី? (១) ពួកគេបានដឹងថា ក្មេងស្រីនេះបានស្លាប់ទៅហើយ។ (២) ពួកគេមិនបានយល់អំពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះយេស៊ូវនោះទេ។ «រូបស័ព្ទដែលព្រះយេស៊ូវពេញចិត្តបំផុតជំនួសអោយពាក្យថា ‘ស្លាប់’ នោះ គឺជាពាក្យថា ‘ដេកលក់’ (សូមអានខគម្ពីរម៉ាថាយ ៩៖២៤; លូកា​ ៨៖៥២; សូមអានខគម្ពីរយ៉ូហាន​១១៖១១-១៥ ផងដែរ)។ សេចក្តីស្លាប់គឺជាការដេកលក់ដ៏ស្ងប់មួយ។ មានតែព្រះមួយគត់ដែលអាចដាស់យើងពីដំណេកនេះបាន។​ ព្រះគឺជាអ្នកប្រទានជីវិតដ៏មានអំណាចជាទីបំផុត។ មានតែទ្រង់មួយគត់ ដែលអាចប្រទានជីវិតដល់ពួកមនុស្សស្លាប់ និងធ្វើអោយពួកគេរស់ម្តងទៀតបាន (សូមអានខគម្ពីរវិវរណៈ ១៖១៨; សូមអានខគម្ពីរយ៉ូហាន ៣៖១៦; រ៉ូម ៦៖២៣ ផងដែរ)»។ ដកស្រង់ពី The SDA Bible Commentary, volume 5 page 609, adapted។

ព្រះយេស៊ូវប្រោសកូនស្រីរបស់លោកយ៉ៃរុ៉សអោយរស់ពីស្លាប់ឡើងវិញ។ បន្ទាប់មក ឪពុកម្តាយរបស់ក្មេងស្រីម្នាក់នេះ និងពួកសិស្សរបស់ព្រះយេស៊ូវ «មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ក្រៃលែង» (ម៉ាកុស ៥៖៤២)។ យើងអាចដឹងថា មកពីហេតុអ្វីមែនទេ? សម្រាប់ពេលនេះ សេចក្តីស្លាប់គឺជាចុងបញ្ចប់នៃជីវិត។ អាក្រក់ជាងនេះទៅទៀតនោះ គឺថា សេចក្តីស្លាប់គឺជាចុងបញ្ចប់។ យើងមិនអាចត្រឡប់ក្រោយបានឡើយ។ ដូច្នេះ នៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូវ និងឪពុកម្តាយរបស់ក្មេងស្រីម្នាក់នេះបានឃើញនាងរស់ពីស្លាប់ឡើងវិញនោះ ពួកគេបានធ្វើបន្ទាល់ពីការអស្ចារ្យនេះ ដោយផ្ទាល់ភ្នែក។ ជាការពិតណាស់ ការអស្ចារ្យនេះបានផ្លាស់ប្តូរជីវិតរបស់ពួកគេ។

សូមពិនិត្យមើលព្រះបន្ទូលរបស់ព្រះយេស៊ូវទៅកាន់លោកយ៉ៃរុ៉សម្តងទៀតដែលថា៖ «កុំ​ខ្លាច​ អី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ» (ម៉ាកុស ៥៖៣៦)។ តើយើងអាចរៀនជឿ នៅពេលដែលភ័យខ្លាចនោះដោយរបៀបណា? តើហេតុអ្វីបានជាពេលដែលយើងភ័យខ្លាចបំផុត គឺជាពេលដែលយើងត្រូវជឿបំផុតយ៉ាងដូច្នេះ?

ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២

លោកឡាសារ

សូមអានខគម្ពីរយ៉ូហាន​១១៖១-៤៤។ តើជំងឺដំកាត់ និងសេចក្តីស្លាប់របស់លោកឡាសារបាននាំ «កិត្តិសព្ទដល់ព្រះ» និងលើកដំកើងដល់ «ព្រះរាជបុត្រានៃព្រះ» ដោយរបៀបណាដែរ?

--------------------------------------------------------

យើងបានឃើញហើយថា ព្រះយេស៊ូវចូលចិត្តប្រើពាក្យ «ដេកលក់» ដើម្បីបកស្រាយអំពី «សេចក្តី ស្លាប់»។ នៅពេលព្រះយេស៊ូវឮថា លោកឡាសារមានជំងឺនោះ ទ្រង់បានមានបន្ទូលថា «ឡាសារ ជា​សំឡាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ ខ្ញុំ​ទៅ​ដើម្បី​នឹង​ដាស់​គាត់​ឡើង» (យ៉ូហាន ១១៖១១)។ ពួកសិស្សរបស់ព្រះយេស៊ូវមួយចំនួនបានគិតថា ព្រះយេស៊ូវចង់មានន័យថា លោកឡាសារកំពុងតែដេកលក់ទៅលើគ្រែ (យ៉ូហាន ១១៖១១-១៣)។ ប៉ុន្តែ ព្រះយេស៊ូវបានបកស្រាយថា៖ «ឡាសារស្លាប់ហើយ» (យ៉ូហាន ១១៖១-១៤)។ នៅពេលដែលព្រះយេស៊ូវទៅដល់ភូមិបេថានី លោកឡាសារបានស្លាប់អស់រយៈពេល៤ថ្ងៃទៅ ហើយ។ នៅពេលដែលសពចាប់ផ្តើមធំក្លិននោះ ពួកបណ្តាជនបានដឹងថា លោកឡាសារបានស្លាប់បាត់ ទៅហើយ។

បន្ទាប់មក ព្រះយេស៊ូវបានមានបន្ទូលទៅកាន់នាងម៉ាថា «ប្អូន​នាង​នឹង​រស់​ឡើង​វិញ» (យ៉ូហាន ១១៖២៣)។ នាងម៉ាថាបានទូលព្រះយេស៊ូវថា នាងជឿទៅលើការរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ ការរស់ឡើងវិញ នៅថ្ងៃចុងបំផុតគឺជាគ្រាមួយដែលព្រះនឹងប្រោសអោយរាស្ត្ររបស់ទ្រង់រស់ពីស្លាប់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់នាងម៉ាថា ថា៖ «ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ប្អូន​នាង​នឹង​រស់​ឡើង​វិញ ម៉ាថា​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​វិញ​ដែរ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ ហើយគង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ» (យ៉ូហាន ១១៖២៣-២៦)។ ព្រះយេស៊ូវបានបន្ថែមទៀតថា «តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬ​អី» (យ៉ូហាន ១១៖៤០)។ នាងម៉ាថាបានជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ដ្បិតនាងបានឃើញសិរីល្អរបស់ព្រះនៅក្នុងព្រះយេស៊ូវ គឹនៅពេលដែលទ្រង់បានប្រោសលោកឡាសារពីស្លាប់ឡើងវិញ។

ព្រះគម្ពីរបានសំដែងថា ព្រះបានបង្កើតជីវិតទាំងអស់ (ទំនុកដំកើង ៣៣៖៦)។ ព្រះអាចធ្វើជីវិត ថ្មីឡើងវិញតាមរយៈសេចក្តីបង្គាប់របស់ទ្រង់។ នេះគឺជាអ្វីដែលបានកើតឡើងជាមួយនឹងលោកឡាសារ។ បន្ទាប់ពីការអធិស្ឋានដ៏ខ្លីមួយរួចមក ព្រះយេស៊ូវបានបន្លឺវាចាថា «ឡាសារ​អើយ ចូរ​ចេញ​មក» (យ៉ូហាន ១១៖៤៣)។ នៅពេលដែលហ្វូងមនុស្សឃើញឡាសារដើរចេញពីផ្នូរមកនោះ ពួកគេបានដឹងថា ព្រះយេស៊ូវអាចធ្វើអោយមនុស្សរស់មែនពិត។ ព្រះយេស៊ូវមានអំណាចដូចជាព្រះ។ ព្រះយេស៊ូវបានបង្កើតផែនដីនេះជាមួយនឹងអំណាចដូចជាព្រះនេះហើយ។ ជាមួយនឹងអំណាចដូចជាព្រះនេះ ព្រះនឹងប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។ នៅពេលដែលព្រះយេស៊ូវប្រោសឡាសារនោះ ព្រះយេស៊ូវបានប្រទានទីសំគាល់មួយថា ទ្រង់មានអំណាចលើសេចក្តីស្លាប់។ តើលោកអ្នកត្រូវការភ័ស្តុតាងបន្ថែមទៀត ដើម្បីបង្ហាញថា ព្រះពេញទៅដោយអំណាចដែរឬទេ?

សូមអានព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅក្នុងខគម្ពីរយ៉ូហាន ១១៖២៥, ២៦។ តើព្រះយេស៊ូវកំពុងតែបង្រៀនយើងយ៉ាងដូចម្តេច អំពីអ្នកដែលបានជឿដល់ទ្រង់នោះ? តើហេតុអ្វីបានជាព្រះបន្ទូលរបស់ព្រះយេស៊ូវផ្តល់នូវសេចក្តីសង្ឃឹមដល់យើងច្រើនម្ល៉េះ?

ថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “The Death of Moses,” pages 469-480, in Patriarchs and Prophets; “The Voice of Stern Rebuke,” pages 129-142; “A Prophets and Peace”; pages 235-243, in Prophets and Kings; “The Centurion,” pages 318-319; “The Touch of Faith,” pages 342, 243; “Lazarus, Come Forth,” pages 524-536, in The Desire of Ages។

«នៅក្នុងព្រះយេស៊ូវ មានជីវិត។ ជីវិតនេះមិនមែនកើតចេញពីអ្វីមួយផ្សេងទៀតនោះឡើយ។ ‘ឯ​អ្នក​ណា​ដែល​មាន​ព្រះរាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ’ (យ៉ូហានទី១ ៥៖១២)។ ព្រះយេស៊ូវគឺជាព្រះ។ ក្នុងនាមជាព្រះ ព្រះយេស៊ូវអាចប្រទាន ជីវិតអស់កល្បដល់យើង។ ព្រះយេស៊ូវបានមានបន្ទូលថា ‘ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្តីរស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ’ (យ៉ូហាន ១១៖២៥, ២៦)។ ព្រះយេស៊ូវបានទតឃើញអនាគតដែលទ្រង់នឹងប្រោសមនុស្សស្លាប់អោយរស់ឡើង​វិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។ នៅពេលនោះ រាស្ត្ររបស់ព្រះនឹងផ្លាស់ប្តូរទៅ ព្រមទាំង​ទទួលបានរូបកាយថ្មីផងដែរ។ ព្រះនឹងយកពួកគេទៅឯស្ថានសួគ៌។ ពួកគេនឹងមិនស្លាប់ឡើយ។ ការអស្ចារ្យ នេះគឺជាសេចក្តីសន្យាមួយដែលបង្ហាញថា ព្រះយេស៊ូវនឹងប្រោសអ្នកដែលបានសង្គ្រោះទាំងអស់ពីស្លាប់ឡើងវិញ។ តាមរយៈព្រះបន្ទូល និងព្រះរាជកិច្ចរបស់ទ្រង់ ព្រះយេស៊ូវបានបន្លឺវាចាថា ទ្រង់គឺជាអ្នកប្រទានជីវិតដល់មនុស្សស្លាប់។​ មិនយូរប៉ុន្មាន ព្រះយេស៊ូវនឹងត្រូវសុគតនៅលើឈើឆ្កាង។ ប៉ុន្តែ មុនពេលដែលទ្រង់សុគត ព្រះយេស៊ូវបានបង្ហាញថា​ ទ្រង់មានអំណាចលើសេចក្តីស្លាប់។​ ទ្រង់បានបង្ហាញថា​ ទ្រង់អាចប្រទានជីវិតអស់កល្បដល់យើងបាន»។ ដកស្រង់ Ellen G. White, The Desire of Ages, page 530, adapted។

សំនួរពិភាក្សា៖
  1. យើងក៏ស្លាប់ដូចជា៖ សត្វមាន់ សត្វការស្ទ័រ សត្វអយស្ទ័យ (oysters) និងសត្វដទៃផងដែរ។ យើងម្នាក់ៗសុទ្ធតែដឹងថា​ យើងនឹងត្រូវស្លាប់ (សូមអានខគម្ពីរ ៩៖៥)។​ ប៉ុន្តែ សត្វទាំងអស់មិនដឹងថា​ ពួកវានឹងត្រូវស្លាប់នោះទេ។ តើហេតុអ្វីបានជាសេចក្តីសន្យានៃការរស់ឡើងវិញដែលថា ព្រះនឹងប្រោសអោយយើងរស់ពីស្លាប់ឡើងវិញនោះ សំខាន់ម្ល៉េះសម្រាប់យើង?

  2. អ្នកគ្រីស្ទាន និងអ្នកដទៃជាច្រើននាក់បានគិតថា ពួកគេនឹងឡើងទៅស្ថានសួគ៌ បន្ទាប់ពីពួកគេស្លាប់ទៅ។ តើហេតុអ្វីបានគោលគំនិតនេះជាគោលគំនិតមិនត្រឹមត្រូវ? តើគួរត្រូវការការរស់ឡើងវិញដែរឬទេ ប្រសិនបើមនុស្សគ្រប់គ្នានឹងឡើងទៅស្ថានសួគ៌ បន្ទាប់ពីពួកគេស្លាប់ទៅនោះ? សូមពន្យល់។​

រឿងខ្លី

ទូតរបស់ព្រះគ្រីស្ទ

Jeans

គោលដៅមួយរបស់ខ្ញុំក្នុងនាមជាអ្នកអប់រំនៃសាលារៀនលេខ ហ្វ័រេស (Lake Forest) នៅក្នុងទីក្រុងអ័រឡង់ដូ (Orlando) រដ្ឋផ្លរីដា (Florida) គឺចង់ស្គាល់សិស្សម្នាក់ៗអោយបានជិតស្និទ្ធ។ នេះ គឺជាបញ្ហាប្រឈមមួយនៅក្នុងសាលារៀនដែលមានសិស្ស៤៥០នាក់នៅក្នុងចន្លោះនៃឆ្នាំ១៩៧០។

នៅដើមឆ្នាំសិក្សា​ មានសិស្សម្នាក់បានមកឯខ្ញុំ សួរថា៖ «តើលោកគ្រូបានស្គាល់លោកប៉ុលហើយឬនៅ? ខ្ញុំបានឆ្លើយថា នៅទេ។ សិស្សបាននិយាយទៀតថា «លោកគ្រូគួរតែស្គាល់គាត់ យ៉ាងហោចក៏ដឹងថា គាត់មកពីរដ្ឋណាដែរ»។

ពេលឮបែបនេះហើយ ធ្វើអោយខ្ញុំកាន់តែចង់ដឹងចង់ឃើញ ដូច្នេះ ខ្ញុំបានអញ្ជើញលោកប៉ុល មកកាន់ការិយាល័យរបស់ខ្ញុំ។ គាត់គឺជាក្មេងអៀនព្រានម្នាក់ដែលមានអាយុ១៦ឆ្នាំ។ ខ្ញុំបានសួរគាត់ថា «ប៉ុល តើអ្នកមកពីរដ្ឋណាដែរ?»។ គាត់បានឆ្លើយថា ​«ខ្ញុំមកពីទីក្រុងផ្លេន (Plains) ដែលជាទីក្រុងតូចមួយនៅក្នុងរដ្ឋជកជី (Georgia) លោកគ្រូ»។ ខ្ញុំបានចំហមាត់ធំៗ រួចនិយាយថា «អូ ទីក្រុងនេះគឺជាកន្លែងដែលប្រធានាធិបតីជីមមី ខាតធឺរ (Jimmy Carter) ស្នាក់នៅ»។ ខ្ញុំក៏សួរទៀតថា «ប៉ុល តើអ្នកស្គាល់ ប្រធានាធិបតីម្នាក់នេះដែរឬទេ? គាត់ឆ្លើយថា «បាទ លោកគ្រូ។

នៅដើមរដូវក្តៅនោះ គាត់ត្រូវការការងារមួយ ដើម្បីបង់ថ្លៃសិក្សារបស់គាត់នៅឯសាលារៀន លេខ ហ្វ័រេស ហើយគាត់បានទទួលការងារនៅឃ្លាំងសណ្តែកដី ដែលជាឧស្សាហកម្មសំខាន់មួយនៅក្នុងទីក្រុងផ្លេន។ គាត់​រំភើប​ក្នុង​ការធ្វើការងារនេះជាខ្លាំងថែមទាំងគិតថា ​គាត់បានចរចារឿងឈប់នៅថ្ងៃសប្បាតហ៍រួចរាល់ហើយដែរ។ ប៉ុន្តែ អ្នកគ្រប់គ្រងការងាររបស់គាត់បានបញ្ឈប់គាត់ភ្លាម នៅពេលដែលគាត់បានចាកចេញកាលពីថ្ងៃសុក្រ ដោយសន្យាថា គាត់នឹងត្រលប់មកធ្វើការវិញនៅថ្ងៃចន្ទក្រោយ។ អ្នកគ្រប់គ្រងការងារបាននិយាយថា «ទេ ឯងត្រូវតែមកនៅថ្ងៃស្អែក ពីព្រោះថ្ងៃស្អែកក៏យើងធ្វើការដែរ»។ លោកប៉ុលបានតបទៅវិញថា «ប៉ុន្តែ លោកក៏ដឹងថា ខ្ញុំគឺជាសេវេនដេយអាត់វេនទីស្ទម្នាក់ដែរ»។ អ្នកគ្រប់គ្រងបាននិយាយថា «ឯងត្រូវតែមកធ្វើការនៅថ្ងៃស្អែក បើមិនអ៊ីចឹងទេ ឯងមិនបាច់មកទៀតទេ»។ លោក ប៉ុលបានគិតមួយស្របក់ រួចនិយាយថា «តើខ្ញុំអាចនិយាយជាមួយនឹងម្ចាស់ឃ្លាំងបានដែរឬទេ?»។ អ្នកគ្រប់គ្របបានឧទានថា «ប៉ុន្តែ ម្ចាស់ឃ្លាំងនេះ គឺជាលោកប្រធានាធិបតី»។ លោកប៉ុលបានសួរថា «ឥឡូវនេះ គាត់នៅក្រុងដែរឬទេ?»។ អ្នកគ្រប់គ្រងបាននិយាយទៀតថា «ប៉ុន្តែ យើងគិតថា និយាយជាមួយគាត់ក៏គ្មានអីផ្លាស់ប្តូរដែរ»។

លោកប៉ុលក៏ធ្វើដំណើរទៅឯផ្ទះរបស់លោកខាតធឺរ។ គាត់ត្រូវឆ្លងកាត់អ្នកយាម ប៉ុន្តែ គាត់នៅតែអាចអង្គុយនិយាយជាមួយលោកប្រធានាធិបតីបាន។ លោកជីមមី ខាតធឺរ បានស្តាប់យ៉ាងយកចិត្តទុកដាក់ នៅពេលគាត់ពន្យល់ពីស្ថានភាព និងការប្រតិបត្តិរបស់គាត់នៅថ្ងៃសប្បាតហ៍ថ្ងៃទី៧។ លោកប្រធានាធិបតីបាន​និយាយ​ថា «ខ្ញុំ​ពិតជាគោរព​យុវជន​ណា​ដែល​មាន​ជំនឿមុតមាំ ដូចជាអ្នកអ៊ីចឹង ដូច្នេះ អ្នក​អាច​ឈប់​នៅថ្ងៃសប្បាតហ៍បាន»។ ក្មេងជំទង់អាយុ១៦ឆ្នាំដែលមានសម្តីទន់ភ្លន់ម្នាក់នេះ បានក្លាយ ទៅជាទូតរបស់ព្រះគ្រីស្ទដល់ប្រធានាធិបតេយ្យនៃសហរដ្ឋអាមេរិក។

អ្នក ហើយនិងខ្ញុំគឺជាទូតសម្រាប់ព្រះគ្រីស្ទ។ «ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ» (កូរិនថូសទី២ ៥៖២០)។ ដោយមានជំនួយពីព្រះគ្រីស្ទ ចូរអោយយើងធ្វើជាទូតដ៏ស្មោះត្រង់ម្នាក់របស់ទ្រង់ផងចុះ។

អំណានដង្វាយប្រចាំសប្តាហ៍

សម្រាប់មនុស្សគ្រប់គ្នា . . . ពីគ្រប់របស់ទាំងអស់

យើងបានថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយសទ្ធារបស់យើង ដោយសារតែតង្វាយទាំងនេះគឺជាឱកាស និងជាព្រះពរសម្រាប់ទូលបង្គំ។ ប៉ុន្តែ តើយើងពិតជាមានអារម្មណ៍បែបនេះដែរឬទេ? មានពេលខ្លះ​ យើងបានជជែកវែកញែកយ៉ាងផ្ចិតផ្ចង់ថា អ្នកណាដែលគួរតែថ្វាយតង្វាយ១០ហូត១នេះ។ អ្នកខ្លះបានហាមមិនអោយអនុវត្តនូវការថ្វាយតង្វាយ១០ហូត១នេះ នៅក្នុងក្រុមដែល នៅមានកម្រិតនោះ ដោយបានប្រើសម្រង់មតិនៅក្នុងខគម្ពីរលេវីវិន័យ ២៧៖៣០, ៣២ ដែលបានសំដែងយ៉ាងដូច្នេះថា៖ «ហើយ​ផល​ពី​ដី​១​ភាគ​ក្នុង​១០ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើនោះជា​របស់​ផង​ព្រះយេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សំរាប់​ទ្រង់» «ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​១​ភាគ​ក្នុង១០ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​តង្វាយ​១​ភាគ​ក្នុង​១០​ទុក​ជា​បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា»។ បទគម្ពីរនេះបានផ្តោតទៅលើតង្វាយ១០ហូត១ ដែលបានផលមកពីការដាំដុះ និងការចិញ្ចឹមសត្វ។ តើការអនុវត្តនូវការដាក់តង្វាយ១០ហូត១នេះ ប្រើសម្រាប់តែកសិករ និងអ្នកចិញ្ចឹមប៉ុណ្ណោះ ឬយ៉ាងណាទៅ? តើអ្នកជំនួញ អ្នកមេកានិច គ្រូបង្រៀន អ្នកសំណង់ ឬអ្នកដទៃទៀតដែលបានទទួលនូវប្រាក់ចំណូលជាលុយសុទ្ធនោះ មិនអាចថ្វាយតង្វាយ១០ហូត១នេះទេ មែនទេ? អ្នកខ្លះអាចនឹងសប្បាយចិត្តជាមួយនឹងការហាមប្រាមនេះ អ្នកខ្លះទៀតក៏មិនសប្បាយចិត្តផងដែរ ដោយពួកគេត្រូវបានផ្លាស់ចេញពីឱកាស និងព្រះពរនេះ។ បរិបទទាំងមូលនៃបទគម្ពីរលេវីវិន័យ២៧ អាចជួយដោះស្រាយនូវបញ្ហានេះបាន។​

ជំពូកនេះបានបង្ហាញពីសេចក្តីណែនាំអំពីការប្រោសលោះ និងការប្តូរពីរបស់របរដែលបាន ថ្វាយដល់ព្រះនោះទៅជាប្រាក់សុទ្ធវិញ។ ការប្តូរនេះរួមមានទាំងមនុស្ស សត្វ ផ្ទះ ដីធ្លី ព្រមទាំងចំការ ដែលបានថ្វាយដល់ព្រះផងដែរ។ ពួកសាសន៍អ៊ីស្រាអែលអាចប្តូរតង្វាយ១០ហូត១ពីផលនៃចំការនោះទៅជាប្រាក់កាក់សុទ្ធវិញ ប៉ុន្តែ គ្មានខណាបង្ហាញអំពីការប្តូរតង្វាយ១០ហូត១នៃសត្វនោះឡើយ ហើយជំពូកនេះក៏មិនបានលើកឡើងអំពីតង្វាយ១០ហូត១ពីប្រាក់ដែលបានចំណេញនោះដែរ។ ការពន្យល់ដ៏សមហេតុសមផល សម្រាប់ចំណុចខ្វះចន្លោះនេះ ប្រាកដជាទាក់ទងជាមួយនឹងការជំរុញដ៏សំខាន់មួយនៅក្នុងជំពូកនេះ គឺជាការប្តូរពីរបស់របរដែលបានថ្វាយដល់ព្រះនោះ មកជាប្រាក់សុទ្ធវិញ។​ ប្រសិនបើ១០ភាគរយនៃប្រាក់ចំណូលមាននៅក្នុងទម្រង់ជាសាច់ប្រាក់ទៅហើយនោះ នោះមិនចាំបាច់ប្តូរ ហើយក៏មិនចាំបាច់រៀបរាប់នៅក្នុងបញ្ជីនៃបទគម្ពីរលេវីវិន័យ២៧ នោះដែរ។

ជាការពិតណាស់ តង្វាយ១០ហូត១នៃសត្វ ដីធ្លា ឬធនធានផ្សេងៗទៀតត្រូវបានថ្វាយដល់ព្រះអម្ចាស់។ ដ្បិតទ្រង់រំពឹងចង់បានតង្វាយ១០ហូត១នៃគ្រប់របស់ទាំងអស់ពីយើងម្នាក់ៗ។ ការអនុវត្ត បែបនេះក៏មិនមែនជាការរឹតបន្តឹងដល់កសិករនោះដែរ។ សប្តាហ៍នេះ យើងទាំងអស់គ្នាត្រូវបានអញ្ជើញអោយចូលរួមថ្វាយបង្គំដល់ព្រះដ៏ជាអ្នកទំនុកបម្រុងនេះ ជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើងតាមការសន្យារបស់យើង។

សេចក្តីអំពាវនាវ៖
«រួច​គាត់​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ទ្រង់» (លោកុប្បត្តិ ១៤៖២០)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់​ សម្រាប់ឱកាស និងព្រះពរដែលទ្រង់បានប្រទានដល់មនុស្សគ្រប់គ្នាតាមរយៈការថ្វាយតង្វាយ១០ហូត១នេះ។​ ដោយព្រះគុណរបស់ទ្រង់ទូលបង្គំពិតជាចង់បង្ហាញភក្តីភាពរបស់ទូលបង្គំ ចំពោះតង្វាយដែលទូលបង្គំបានថ្វាយដល់ទ្រង់នេះណាស់។ ​

Powered by CAM