មេរៀនទី៦​៖ ៣០មេសា​-៦ឧសភា ២០២២

បុរសនៃសេចក្តីជំនឿ

Jeans
ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ១២៖១-៩; លោកុប្បត្តិ ១២៖១០-២០; លោកុប្បត្តិ ១៣៖១-១៨; លោកុប្បត្តិ ១៤៖១-១៧; លោកុប្បត្តិ ១៤៖១៨-២៤។

ខចងចាំ៖ «ដោយសារ​សេចក្តី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រាហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ» (ហេព្រើរ ១១៖៨)។

រឿងអំពីលោកអ័ប្រាហាំគឺជាស្នូលនៃកណ្ឌគម្ពីរលោកុប្បត្តិ។ យើងអាចអានរឿងនេះនៅក្នុងជំពូក១២-២២។ ជំពូកទាំងនេះបានបង្ហាញយើងអំពីគ្រាដែលព្រះបានបង្គាប់អោយលោកអ័ប្រាហាំចេញទៅ។ ដើម្បីឆ្លើយតបទៅនឹងសេចក្តីបង្គាប់នេះ លោកអ័ប្រាហាំបានចាកចេញពីស្រុកកំណើតរបស់គាត់ (លោកុប្បត្តិ ១២៖១)។ លោកអ័ប្រាហាំក៏ត្រូវតែចាកចេញពីជីវិតចាស់របស់គាត់ផងដែរ។ ក្រោយមក ព្រះបានបង្គាប់អោយលោកអ័ប្រាហាំចាកចេញទៀត។ ម្តងនេះ ព្រះបានបង្គាប់អោយលោកអ័ប្រាហាំឡើងទៅលើភ្នំមួយ ដើម្បីថ្វាយកូនប្រុសរបស់គាត់ លោកអ៊ីសាកទុកជាតង្វាយដុត (លោកុប្បត្តិ ២២៖២)។ លោកអ៊ីសាកគឺជាសេចក្តីសង្ឃឹមរបស់លោកអ័ប្រាហាំសម្រាប់ពេលអនាគត។ ដូច្នេះ នៅពេលដែលព្រះសូមអោយលោកអ័ប្រាហាំសម្លាប់លោកអ៊ីសាកនោះ សេចក្តីបង្គាប់នេះបានបង្ហាញយើងថា ព្រះក៏បានសូមអោយលោកអ័ប្រាហាំលះបង់អនាគតរបស់គាត់ផងដែរ។ លោកអ័ប្រាហាំតែងតែធ្វើ ដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ដោយមិននឹកគិតអំពីអតីតកាល និងអនាគតនោះឡើយ។​ នេះគឺជាមូលហេតុដែលគេបានហៅគាត់ថាជា «អ្នកដទៃ» (លោកុប្បត្តិ ១៧៖៨)។

លោកអ័ប្រាហាំត្រូវបានសូមអោយធ្វើកិច្ចការធំៗ២យ៉ាងនៅក្នុងជីវិតរបស់គាត់ គឺនៅដើមដំបូង និងចុងបញ្ចប់នៃជីវិតរបស់គាត់។ នៅក្នុងចន្លោះនៃដើមដំបូង និងចុងបញ្ចប់នេះ លោកអ័ប្រាហាំបានគោរពតាមព្រះដែលបានមានបន្ទូលមកកាន់គាត់ថា «កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ» (លោកុប្បត្តិ ១៥៖១)។នេះគឺជាមូលហេតុដែលនាំអោយអ្នកសរសេរគម្ពីរសញ្ញាថ្មីបាននឹកចាំពីលោកអ័ប្រាហាំថាជាបុរសនៃសេចក្តីជំនឿ (នេហេមា ៩៖៧, ៨)។ អ្នកសរសេរជាច្រើននាក់ក៏បានរៀបរាប់អំពីលោកអ័ប្រាហាំនៅក្នុងគម្ពីរសញ្ញាថ្មីផងដែរ។ សប្តាហ៍នេះ យើងនឹងបានឃើញអំពីមូលហេតុនៃលក្ខណៈពិសេសរបស់លោកអ័ប្រាហាំ។

ថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២

លោកអ័ប្រាហាំបានចាកចេញទៅ

សូមអានរឿងអំពីលោកអាប់រ៉ាមនៅក្នុងខគម្ពីរលោកុប្បត្តិ ១២៖១-៩។ តើហេតុអ្វីបានជាព្រះ បង្គាប់អោយលោកអាប់រ៉ាមចាកចេញពីស្រុកកំណើត និងគ្រួសាររបស់គាត់យ៉ាងដូច្នោះ? តើលោកអាប់រ៉ាមបានឆ្លើយតបទៅនឹងសេចក្តីបង្គាប់នោះដោយរបៀបណា?

--------------------------------------------------------

កន្លងមក យើងបានអាននៅក្នុងព្រះគម្ពីរអំពីការដែលព្រះបានមានបន្ទូលទៅមនុស្សម្នាក់ដែលមានឈ្មោះថា លោកណូអេ។ ព្រះបានបង្គាប់លោកណូអេថា ទ្រង់នឹងតាំងសេចក្តីសញ្ញាមួយជាមួយនឹងជីវិតទាំងអស់នៅលើផែនដីនេះ (លោកុប្បត្តិ ៩៖១៥-១៧)។ ព្រះបានសន្យាថា ទ្រង់នឹងមិនបំផ្លាញផែនដីនេះដោយទឹកជំនន់ធំទៀតឡើយ។ ឥឡូវនេះ ព្រះបានតាំងសេចក្តីសន្យាថ្មីមួយជាមួយនឹងលោកអាប់រ៉ាមយ៉ាង ដូច្នេះថា៖ «គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ឯង» (លោកុប្បត្តិ ១២៖៣)។

ព្រះបានចាប់ផ្តើមរក្សាសេចក្តីសន្យារបស់ទ្រង់ នៅពេលដែលលោកអាប់រ៉ាមបានចាកចេញពីអតីតកាលរបស់គាត់។​ លោកអាប់រ៉ាមបានចាកចេញពីអ្វីៗគ្រប់យ៉ាងដែលគាត់បានស្គាល់ នោះគឺជាគ្រួសាររបស់គាត់ ស្រុកកំណើតរបស់គាត់ ហើយផ្នែកមួយនៃខ្លួនគាត់ផ្ទាល់ផងដែរ។ ជាដំបូង លោកអាប់រ៉ាមបានចាកចេញពីក្រុងអ៊ើរនៅក្នុងស្រុកបាប៊ីឡូន​ដែលជាស្រុកកំណើតរបស់គាត់ (លោកុប្បត្តិ ១១៖៣១; អេសាយ ១៣៖១៩)។ យើងក៏បានឃើញនៅក្នុងខគម្ពីរដទៃទៀតដែលបានចែងថា ព្រះបានបង្គាប់អោយរាស្ត្ររបស់ទ្រង់ចាកចេញពីក្រុងបាប៊ីឡូននោះដែរ (អេសាយ ៤៨៖២០; វិវរណៈ ១៨៖៤)។

ដូច្នេះ លោកអាប់រ៉ាមត្រូវតែចាកចេញពីស្រុកកំណើតរបស់គាត់។ បន្ទាប់មក លោកអាប់រ៉ាមក៏ត្រូវតែលះបង់គោលគំនិត និងការអប់រំជាច្រើនដែលគាត់បានរៀនតាំងតែពីក្មេងមកផងដែរ។

ទន្ទឹមនឹងនេះ សេចក្តីបង្គាប់របស់ព្រះអោយលោកអ័ប្រាហាំចាកចេញនេះត្រូវលះបង់ច្រើនជាង នេះទៅទៀត។​ ពាក្យថា «ទៅ» ប្រែមកពីពាក្យថា «លេខ លេខា (lekh lekha)» ជាភាសាហេព្រើរ។ ពាក្យនេះមាន័យថា «ទៅដោយខ្លួនឯង»។ ដូច្នេះ ពាក្យនេះបានបង្ហាញយើងថា លោកអាប់រ៉ាមត្រូវតែចាកចេញ ទៅ «ដោយ» ខ្លួនឯង។ ប៉ុន្តែ គាត់ក៏ត្រូវតែកាត់ «ចិត្តខ្លួន» ចេញផងដែរគឺថា គាត់ត្រូវតែកាត់ផ្តាច់ផ្នែក មួយនៃខ្លួនគាត់ដែលជាប់ទៅនឹងក្រុងបាប៊ីឡូន។

ព្រះត្រូវការអោយលោកអ័ប្រាហាំចាកចេញពីអតីតកាល និងស្រុកកំណើតរបស់គាត់ ដើម្បីអោយទ្រង់អាចបង្ហាញទឹកដីសន្យាថ្មីមួយដល់គាត់បាន។ សេចក្តីសន្យានៃទឹកដីថ្មីមួយនេះល្អប្រសើរជាងស្រុកណាៗទាំងអស់នៅលើផែនដីនេះ។ សេចក្តីសន្យានេះគឺស្តីអំពីផែនការរបស់ព្រះក្នុងការសង្គ្រោះមនុស្សគ្រប់គ្នានៅលើផែនដីនេះដែលនឹងជឿដល់ទ្រង់ដោយបានសំដែងយ៉ាងដូច្នេះថា៖ «អញ​នឹង​បង្កើតនគរ​១​យ៉ាង​ធំ​ពី​ឯង អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ទាំង​លើក​ឈ្មោះ​ឯង​ធំ​ផង ឯង​នឹង​បាន​ធ្វើ​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំងឡាយ អញ​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ដាក់​បណ្តាសា​ដល់​អស់​អ្នក​ណា​ដែល​ផ្តាសា​ឯង គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ឯង» (លោកុប្បត្តិ ១២៖២,​ ៣)។ ព្រះអង្គសង្គ្រោះគឺជាព្រះពរដែលព្រះនឹងប្រទានដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ (កិច្ចការ ៣៖២៥)។ យើងនឹងទទួលបានព្រះពរនេះពីពូជអំបូររបស់លោកអ័ប្រាហាំ (លោកុប្បត្តិ ២២៖១៨; លោកុប្បត្តិ ២៦៖ ៤; លោកុប្បត្តិ ២៨៖១៤)។

ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០២២

លោកអាប់រ៉ាមនៅក្នុងស្រុកអេស៊ីព្ទ

សូមអានរឿងអំពីលោកអាប់រ៉ាមនៅក្នុងខគម្ពីរលោកុប្បត្តិ ១២៖១០-២០។ តើហេតុអ្វីបានជា លោកអាប់រ៉ាមចាកចេញពីទឹកដីសន្យាទៅកាន់ស្រុកអេស៊ីព្ទយ៉ាងដូច្នេះ? សូមប្រៀបធៀបឥរិយាបថរបស់លោកអាប់រ៉ាមជាមួយនឹងឥរិយាបថរបស់ផោរ៉ោនដែលជាស្តេចនៃស្រុកអេស៊ីព្ទ។ តើពួកគេបានបង្ហាញឥរិយាបថយ៉ាងដូចម្តេចដែរ?

--------------------------------------------------------

នៅពេលដែលលោកអាប់រ៉ាមបានទៅដល់ទឹកដីសន្យាមិនបានយូរប៉ុន្មានផង គាត់បានសម្រេចចិត្តចាកចេញពីទីនោះ។​ ពេលនោះ គាត់បានធ្វើដំណើរទៅកាន់ស្រុកអេស៊ីព្ទ។ ព្រះបានប្រាប់យើងអំពីមូលហេតុដែលគាត់ត្រូវចាកចេញពីទីនោះ។​ «នៅ​ស្រុក​នោះ​កើត​មាន​អំណត់​អត់ ហើយ​អាប់រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ» (លោកុប្បត្តិ ១២៖១០)។

ព្រះគម្ពីរបានបង្ហាញយើងថា ពួកអ៊ីស្រាអែលតែងតែប្រាថ្នាចង់ទៅស្រុកអេស៊ីព្ទជានិច្ចនៅពេលដែលចិត្តរបស់ពួកគេមិនស្របជាមួយនឹងព្រះ (ជនគណនា ១៤៖៣)។ ពេលនោះ ពួកអ៊ីស្រាអែលបានជួបបញ្ហា នៅពេលដែលពួកគេបានទៅដល់ទីនោះ (យេរេមា ២៖១៨)។​ ដូច្នេះ ស្រុកអេស៊ីព្ទបានក្លាយមកជារូបស័ព្ទមួយតំណាងអោយមនុស្សលោកពឹងផ្អែកទៅលើមនុស្សលោកដូចគ្នា តែមិនបានពឹងផ្អែកទៅលើព្រះទៅវិញ (ពង្សាវតារក្សត្រទី២ ១៨៖២១; អេសាយ ៣៦៖៦, ៩)។

សូមប្រៀបធៀបរវាងលោកអាប់រ៉ាមដែលបានចាកចេញពីស្រុកកាណានទៅកាន់ស្រុកអេស៊ីព្ទនៅ ពេលឥឡូវនេះ ជាមួយនឹងលោកអាប់រ៉ាមដែលបានចាកចេញពីក្រុងអ៊ើរមក។ លោកអាប់រ៉ាមដែលបានចាកចេញពីក្រុងអ៊ើរគឺជាបុរសនៃសេចក្តីជំនឿ។ គាត់បានចាកចេញពីស្រុកកំណើតរបស់គាត់ទុកជាការឆ្លើយតបទៅនឹងសេចក្តីបង្គាប់របស់ព្រះ។ តែលោកអាប់រ៉ាមនៅពេលឥឡូវនេះ បានបោះបង់ចោលទឹកដីសន្យារបស់គាត់វិញ។ លោកអាប់រ៉ាមដែលបានចាកចេញពីក្រុងអ៊ើរពឹងផ្អែកទៅលើព្រះទាំងស្រុង។ តែលោក អាប់រ៉ាមនៅពេលឥឡូវនេះបានបញ្ចេញឥរិយាបថដូចជាស្តេចដែលគិតតែពីខ្លួនឯង និងអ្វីដែលខ្លួនចង់ បានប៉ុណ្ណោះ។ «ក្នុងអំឡុងពេលដែលលោកអ័ប្រាហាំស្នាក់នៅក្នុងស្រុកអេស៊ីព្ទនោះ គាត់បានបង្ហាញភាពទន់ខ្សោយរបស់មនុស្សលោក។ គាត់បានបង្ហាញថា ចិត្តរបស់គាត់មិនស្របជាមួយនឹងព្រះទាំងអស់នោះទេ។ គាត់បានលាក់បាំងមិនអោយស្តេចជ្រាបពីព័ត៌មានដ៏សំខាន់មួយទាក់ទងនឹងនាងសារ៉ា។ លោក អ័ប្រាហាំមិនបានទូលស្តេចថា នាងសារ៉ាជាប្រពន្ធរបស់គាត់នោះទេ។ ឥរិយាបថនេះបានបង្ហាញថា លោក អ័ប្រាហាំមិនបានជឿទុកចិត្តថា ព្រះនឹងការពារគាត់នៅពេលនោះឡើយ។ ឥរិយាបថនេះខុសគ្នាដាច់ស្រឡះពីសេចក្តីជំនឿ និងភាពក្លាហានរបស់គាត់ដែលគាត់បានបង្ហាញនៅក្នុងជីវិតរបស់គាត់ពីមុនមក»។ ដក ស្រង់ពី Ellen G. White, Patriarchs and Prophets, page 130, adapted។

អ្វីដែលយើងបានឃើញនៅត្រង់នេះគឺជារបៀបដែលមនុស្សដ៏ខ្លាំងក្លាម្នាក់របស់ព្រះក៏អាចសាងកំហុសបានដែរ។ ប៉ុន្តែ តើព្រះបានបែរចេញពីគាត់ដែរឬទេ? ទេ ព្រះមិនបានបែរចេញពីគាត់ឡើយ។ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញលោកអាប់រ៉ាមអំពីសេចក្តីមេត្តា និងព្រះគុណរបស់ទ្រង់ទៅវិញ។ ឥឡូវនេះ យើងអាចយល់កាន់តែប្រសើរឡើងអំពីអ្វីដែលគម្ពីរសញ្ញាថ្មីចង់បង្ហាញ នៅពេលដែលគម្ពីរសញ្ញាថ្មីបានសំដែងថា លោកអ័ប្រាហាំគឺជាឧទាហរណ៍មួយអំពីរបៀបដែលយើងរាល់គ្នាត្រូវបានសង្គ្រោះ។ យើងត្រូវបានសង្គ្រោះតាមរយៈព្រះគុណរបស់ព្រះតែប៉ុណ្ណោះ។​ ប្រសិនបើព្រះមិនបានសង្គ្រោះយើងដោយសារព្រះគុណរបស់ទ្រង់នោះទេ លោកអាប់រ៉ាម ហើយនិងយើងទាំងអស់គ្នាច្បាស់ជាគ្មានសង្ឃឹមថា យើងបានសង្គ្រោះនោះឡើយ។​

តើការដែលពួកគ្រីស្ទានបែរចេញពីព្រះ និងសាងកំហុសគឺជារឿងងាយស្រួលដែរឬទេ? សូមពន្យល់។ តើហេតុអ្វីបានជាជម្រើសនៃការមិនគោរពតាមព្រះរបស់យើងនេះមិនដែលជាជម្រើសល្អនោះទេ? តើរឿងអំពីលោកអាប់រ៉ាមនៅក្នុងស្រុកអេស៊ីព្ទបានបង្ហាញយើងយ៉ាងដូចម្តេចអំពីចម្លើយឆ្លើយតបទៅនឹងសំណួរទាំងនេះ?​

ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២

លោកអាប់រ៉ាម និងលោកឡុត

សូមអានរឿងអំពីលោកអាប់រ៉ាមនៅក្នុងខគម្ពីរលោកុប្បត្តិ១៣៖១-១៨។ តើរឿងនេះបានបង្រៀនយើងយ៉ាងដូចម្តេច អំពីលោកអាប់រ៉ាម? តើឥរិយាបថរបស់គាត់បានបង្ហាញយើងអំពីអ្វីដែលនៅក្នុងចិត្តរបស់គាត់ដោយរបៀបណា?

--------------------------------------------------------

លោកអាប់រ៉ាមបានត្រឡប់មកស្រុកកាណានវិញ។ ក្រុងបេតអែលគឺជាចំណតដំបូងរបស់គាត់ (លោកុប្បត្តិ ១៣៖៣)។ លោកអាប់រ៉ាមបានឈប់នៅទីនោះមុនពេលគាត់ទៅដល់ស្រុកកាណាន (លោកុប្បត្តិ ១២៖៣-៦)។ ដូច្នេះ ដំណើរទៅកាន់ក្រុងបេតអែលនេះបានបង្ហាញយើងថា លោកអាប់រ៉ាមបានបែរចេញពីអំពើបាបរបស់គាត់។ ឥឡូវនេះ លោកអាប់រ៉ាមគឺជាបុរសនៃសេចក្តីជំនឿម្តងទៀត។

លោកអាប់រ៉ាមបានចូលមកជិតនឹងព្រះវិញ។ ចំណងមិត្តភាពរបស់ពួកគេបានបង្ហាញតាមរយៈឥរិយាបថ និងការដោះស្រាយរបស់លោកអាប់រ៉ាម។ មិនយូរប៉ុន្មាន បញ្ហាទឹកដីបានកើតឡើងរវាងលោក អាប់រ៉ាម និងលោកឡុត។ លោកអាប់រ៉ាមបានដោះស្រាយបញ្ហានេះដោយសន្តិវិធី។ គាត់បានណែនាំនូវកិច្ចព្រមព្រៀងដោយសន្តិវិធីមួយជូនលោកឡុត។ លោកអាប់រ៉ាមបានអនុញ្ញាតអោយលោកឡុតជ្រើសរើសទីលំនៅដែលគាត់ចង់បានជាមុនសិន (លោកុប្បត្តិ ១៣៖៩, ១០)។ ការផ្តល់ជូនដោយសប្បុរសនេះបានបង្ហាញយើងថា សេចក្តីស្រឡាញ់របស់ព្រះបានដិតជាប់នៅក្នុងចិត្តរបស់លោកអាប់រ៉ាម។

លោកឡុតបានជ្រើសរើសទឹកដីមួយផ្នែក «​របស់​ផង​ខ្លួន» (លោកុប្បត្តិ ១៣៖១១; សូមអានខ១០ផងដែរ)។ លោកឡុតមិនខ្វល់ខ្វាយថា ទឹកដីដែលគាត់បានជ្រើសរើសនោះពោរពេញទៅដោយមនុស្សអាក្រក់នោះឡើយ (លោកុប្បត្តិ ១៣៖១៣)។ ជម្រើសរបស់លោកឡុតបានបង្ហាញយើងថា គាត់មានចិត្តលោភលន់។ ពាក្យថា «ជារបស់ផងខ្លួន» (លោកុប្បត្តិ ១៣៖១១) បានជួយអោយយើងនឹកចាំពីមនុស្សដែលបានរស់នៅមុនសម័យទឹកជំនន់។ មនុស្សទាំងនេះក៏បានជ្រើសរើសប្រពន្ធតាមតែចិត្តរបស់ពួកគេផងដែរ (សូមអានខគម្ពីរលោកុប្បត្តិ ៦៖២)។

លោកអាប់រ៉ាមមិនបានជ្រើសរើសទឹកដីដែលគាត់ដែលកំពុងតែស្នាក់នៅនោះទេ។​ ព្រះបានប្រទានទឹកដីមួយដល់គាត់វិញ។ លោកអាប់រ៉ាមបានក្រឡេកមើលទឹកដីនេះ តាមតែព្រះបង្គាប់ដល់គាត់ ប៉ុណ្ណោះ (លោកុប្បត្តិ ១៣៖១៤)។​ ព្រះបានមានបន្ទូលមកកាន់លោកអាប់រ៉ាមម្តងទៀត បន្ទាប់ពីគាត់បានបែកចេញពីលោកឡុតរួចមក (លោកុប្បត្តិ ១៣៖១៤)។ តាមដែលយើងបានដឹងនោះ ព្រះមិនបានមានបន្ទូលមកកាន់លោកអាប់រ៉ាម តាំងតែពីគាត់បានចាកចេញពីក្រុងអ៊ើរមកម្ល៉េះ។ ឥឡូវនេះ ព្រះបានមានបន្ទូលមកកាន់លោកអាប់រ៉ាមថា «ចូរ​ឯង​ងើប​ភ្នែក​ឡើង​ឥឡូវ ហើយ​មើល​ពី​កន្លែង​ឯង​នោះ ទៅ​ខាង​ជើង ខាង​ត្បូង ខាង​កើត ហើយ​ខាង​លិច​ចុះ ដ្បិត​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ឯង​មើល​ឃើញ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង និង​ពូជ​ឯង​ជា​ដរាប​ត​ទៅ» (លោកុប្បត្តិ ១៣៖១៤, ១៥)។​ បន្ទាប់មក ព្រះបានត្រាស់ហៅលោក អាប់រ៉ាមអោយដើរមើលទឹកដីនេះ ដើម្បីបង្ហាញថា លោកអាប់រ៉ាមគឺជាម្ចាស់នៃទឹកដីនេះ។ «ចូរ​ឯង​ក្រោក ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះតាម​បណ្តោយ និង​ទទឹង​ចុះ ដ្បិត​អញ​នឹង​ឲ្យ​ដល់​ឯង​ហើយ» (លោកុប្បត្តិ ១៣៖១៧)។ ព្រះអម្ចាស់បានបញ្ជាក់អោយលោកអាប់រ៉ាមដឹងយ៉ាងច្បាស់ថា ទឹកដីនេះគឺជាអំណោយទានមកពីទ្រង់។ អំណោយទាននេះបានបង្ហាញលោកអាប់រ៉ាមអំពីសេចក្តីមេត្តា និងសេចក្តីស្រឡាញ់របស់ព្រះ។ លោកអាប់រ៉ាមត្រូវតែទទួលយកព្រះគុណនេះដោយសេចក្តីជំនឿ។​ សេចក្តីជំនឿរបស់គាត់នៅក្នុងព្រះគុណរបស់ព្រះនឹងដឹកនាំគាត់អោយគោរពតាមទ្រង់។

សូមគិតអំពីសេចក្តីសប្បុរសរបស់លោកអាប់រ៉ាម និងសេចក្តីលោភលន់របស់លោកឡុត។ តើយើងអាចបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសទៅកាន់អ្នកដែលគ្មានរបស់២យ៉ាងនេះដោយរបៀបណាដែរ?

ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២

ក្រុមនៃក្រុងបាបិល

សូមអានអំពីសង្គ្រាមនៅក្នុងខគម្ពីរលោកុប្បត្តិ ១៤៖១-១៧។ សង្គ្រាមនេះបានកើតឡើងមិនយូរប៉ុន្មានឡើយ បន្ទាប់ពីព្រះបានប្រទានទឹកដីដល់លោកអាប់រ៉ាម។ តើរឿងនេះបានបង្រៀនយើងយ៉ាងដូចម្តេចអំពីលោកអាប់រ៉ាម?

--------------------------------------------------------

នេះគឺជាសង្គ្រាមដំបូងគេបង្អស់ដែលព្រះគម្ពីរបានសំដែង (លោកុប្បត្តិ ១៤៖២)។​ កងទ័ពទាំង៤កងពីក្រុងមេសូប៉ូតាមៀ និងពើស៊ីបានច្បាំងទាស់នឹងកងទ័ពនៃសាសន៍កាណានទាំង៥កង។ ពួកកាណានបានរួបរួមជាមួយនឹងពួកស្តេចនៃក្រុងសូដុំម និងកូម៉ូរ៉ា (លោកុប្បត្តិ ១៤៖៤, ៥)។ ដូច្នេះ នេះគឺជាសង្គ្រាមដ៏ធំមួយ (លោកុប្បត្តិ ១៤៖៩)។ តើហេតុអ្វីបានជាក្រុមទាំង២នេះច្បាំងគ្នាយ៉ាងដូច្នេះ? នោះគឺដោយសារតែពួកកាណានបានច្បាំងទាស់នឹងការគ្រប់គ្រងនៃពួកស្តេចនៃក្រុងមេសូប៉ូតាមៀ និងពើស៊ី (លោកុប្បត្តិ ១៤៖៤, ៥)។ ពួកស្តេចទាំងនេះមកពីស្រុកបាប៊ីឡូន។ ពាក្យថា សង្គ្រាម «ពិភពលោក» បានកើតឡើង បន្ទាប់ពីព្រះបានប្រគល់ស្រុកកាណានដល់លោកអាប់រ៉ាមទុកជាអំណោយទានមួយ។ ដូច្នះ យើងបានឃើញថា សង្គ្រាមនេះលើសពីអ្វីដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោកទៅទៀត។ សង្គ្រាមនេះក៏បានសំដែងអត្ថន័យខាងឯវិញ្ញាណផងដែរ។

ដូចដែលយើងបានពិពណ៌នារួចមកហើយថា មនុស្សជាច្រើនក្រុមពីទឹកដីកាណានបានច្បាំងនៅក្នុងសង្គ្រាមនេះ។ ចំនួននៃមនុស្សដ៏ធំនេះបានបង្ហាញយើងថា សង្គ្រាមនេះស្តីអំពីអ្នកណាដែលនឹងត្រូវធ្វើជាម្ចាស់ ហើយគ្រប់គ្រងលើទឹកដីនេះ។ អ្វីដែលគួរអោយអស់សំណើចនោះគឺថា មនុស្សដែលច្បាំងដណ្តើមទឺកដីនេះបែរជាមិនបានធ្វើជាម្ចាស់លើទឹកដីនេះទៅវិញ។ ម្ចាស់នៃទឹកដីនេះពិតប្រាកដនោះគឺជា លោកអាប់រ៉ាមទៅវិញសោះ។

ដើមឡើយ លោកអាប់រ៉ាមមិនបានចូលរួមច្បាំងនោះទេ។​ គាត់ចង់បង្ហាញថា គាត់មិនបានកាន់កាប់ទឹកដីសន្យាដោយការច្បាំងដណ្តើមយកវានោះឡើយ។ លោកអ័ប្រាហាំបានកាន់កាប់ទឹកដីនេះទុកជាអំណោយទានមកពីព្រះ។ ហេតុផលតែមួយគត់ដែលនាំអោយលោកអាប់រ៉ាមចូលរួមច្បាំងនោះគឺដោយសារ តែក្មួយប្រុសរបស់គាត់ត្រូវបានកងទ័ពនៃស្រុកបាប៊ីឡូនចាប់ឃុំឃាំង (លោកុប្បត្តិ ១៤៖១២, ១៣)។

«នៅសម័យសង្គ្រាម លោកអាប់រ៉ាមបានស្នាក់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ។ លោកអាប់រ៉ាម បានដឹងអំពីសង្គ្រាមនេះតាមរយៈបុរសម្នាក់ដែលបានរត់រួចពីចំបាំងមក។ បុរសម្នាក់នេះបានប្រាប់លោក អាប់រ៉ាមអំពីអ្វីដែលបានកើតឡើងចំពោះក្មួយរបស់គាត់។ កាលពីមុនលោកឡុតមិនបានថ្លែងអំណរគុណ ដល់លោកអាប់រ៉ាមដោយអស់អំពីចិត្តនោះឡើយ។ ប៉ុន្តែ លោកអាប់រ៉ាមមិនបានរក្សាកំហឹងនៅក្នុងចិត្តរបស់គាត់ចំពោះលោកឡុតនោះឡើយ។ សេចក្តីស្រឡាញ់ដែលលោកអាប់រ៉ាមមានចំពោះក្មួយរបស់គាត់នោះ គឺធំធេងជាទីបំផុត។ លោកអាប់រ៉ាមបានសម្រេចចិត្តទៅជួយរំដោះក្មួយរបស់គាត់។ ជាដំបូង គាត់បានសូមជំនួយពីព្រះ។ បន្ទាប់មក គាត់បានត្រៀមខ្លួនជាស្រេចក្នុងការចេញច្បាំង»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 135, adapted។

លោកអាប់រ៉ាមមិនបានច្បាំងនឹងកងទ័ពទាំងអស់នោះទេ។ គាត់គ្រាន់តែវាយចូលទៅក្នុងជំរំឃុំឃាំងលោកឡុតប៉ុណ្ណោះ។ លោកអាប់រ៉ាមបានរំដោះលោកឡុត និងស្តេចនៃក្រុងសូដុំម។ លោកអាប់រ៉ាមបានបង្ហាញភាពក្លាហាន និងភាពរឹងមាំរបស់គាត់។ ជាការពិតណាស់ កេរ្តិ៍ឈ្មោះរបស់លោកអាប់រ៉ាមបានខ្ទរខ្ទៀរនៅក្នុងទឹកដីនេះ។ សាសន៍ដទៃក៏បានឮអំពីរបៀបដែលលោកអាប់រ៉ាមបានរំដោះស្តេចផងដែរ។ ហើយរឿងនេះក៏បានបង្រៀនពួកគេបន្ថែមទៀតអំពីព្រះដែលលោកអាប់រ៉ាមកំពុងតែគោរពបម្រើផងដែរ។

តើទង្វើរបស់យើងបានបង្រៀនអ្នកដទៃយ៉ាងដូចម្តេចអំពីព្រះដែលយើងកំពុងតែគោរពបម្រើនោះ?

ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២

លោកអាប់រ៉ាមថ្វាយតង្វាយដប់ហូតមួយដល់សង្ឃមុិលគីស្សាដែក

សូមអានរឿងអំពីលោកអាប់រ៉ាម និងលោកមុិលគីស្សាដែកនៅក្នុងខគម្ពីរលោកុប្បត្តិ ១៤៖១៨-២៤។​ តើលោកមុិលគីស្សាដែកគឺជាអ្នកណា? តើហេតុអ្វីបានជាលោកអាប់រ៉ាមថ្វាយតង្វាយដប់ហូតមួយ នៃរបស់របរទាំងអស់ពីសង្គ្រាមយ៉ាងដូច្នេះ?

--------------------------------------------------------

ការចុះមកភ្លាមៗរបស់លោកមុិលគីស្សាដែកមិនមែនជារឿងចម្លែកនោះឡើយ។​បន្ទាប់ពីពួកស្តេចនៃសាសន៍កាណានបានថ្លែងអំណរគុណដល់លោកអាប់រ៉ាមរួចមក ឥឡូវនេះ លោកអាប់រ៉ាមត្រូវថ្លែងអំណរគុណដល់លោកមុិលគីស្សាដែកវិញម្តង។ លោកមុិលគីស្សាដែកគឺជាសង្ឃមួយអង្គ។ លោកអាប់រ៉ាមបានដឹងគុណរបស់គាត់ចំពោះសង្ឃមុិលគីស្សាដែកតាមរយៈការថ្វាយដង្វាយដប់ហូតមួយនៃរបស់របរទាំងអស់ពីសង្គ្រាម។

សង្ឃមុិលគីស្សាដែកបានធ្វើដំណើរមកពីក្រុងសាឡិម។ សាឡិមមានន័យថា «សុខសាន្ត»។ ឈ្មោះនេះគឺជាសារមួយដ៏សំខាន់បំផុត បន្ទាប់ពីសង្គ្រាមរួចមក។​ ចំណុចមួយទៀតនៃឈ្មោះមុិលគីស្សាដែកនេះប្រែមកពីពាក្យថា «ស្សេដែក (tsedek)» ជាភាសាហេព្រើរ។ «ស្សេដែក» មានន័យថា «ត្រឹមត្រូវ»។ សូមប្រៀបធៀបឈ្មោះមុិលគីស្សាដែកនេះជាមួយនឹងឈ្មោះនៃពួកស្តេចសូដុំម និងកូម៉ូរ៉ា។ ស្តេចសូដុំត្រូវបានឧទ្ទិសនាមថាជាស្តេចប៊ឺរា៉ (Bera)។ ប៊ឺរ៉ាជាភាសាហេព្រើរមានន័យថា «នៅក្នុងសេចក្តីអាក្រក់»។ ស្តេចកូម៉ូរ៉ាត្រូវបានគេឧទ្ទិសនាមថាជាស្តេចប៊ឺស្សា។ ប៊ឺស្សាជាភាសាហេព្រើរមានន័យថា «នៅក្នុងអំពើ បាប»។ ជាការពិតណាស់ ឈ្មោះទាំងនេះបានបង្ហាញយើងយ៉ាងច្រើនអំពីស្តេចទាំង២អង្គនេះ។ ឈ្មោះរបស់ពួកគេគឺជារូបស័ព្ទតំណាងអោយអំពើបាប និងសេចក្តីអាក្រក់នៅក្នុងក្រុងរបស់ពួកគេ (លោកុប្បត្តិ ១៤៖២)។

សង្ឃមុិលគីស្សាដែកបានបង្ហាញខ្លួន បន្ទាប់ពីលោកអាប់រ៉ាមច្បាំងឈ្នះពួកស្តេចពីស្រុកបាប៊ីឡូន និងបានផ្លាស់ប្តូររឿងអាក្រក់ៗដែលពួកគេបានធ្វើ។ ខគម្ពីរលោកុប្បត្តិ ១៤៖១៨-២៤ ក៏បានបង្ហាញយើងអំពីគ្រាដំបូងបង្អស់ដែលព្រះគម្ពីរបានប្រើពាក្យថា «សង្ឃ» ផងដែរ (លោកុប្បត្តិ ១៤៖១៨)។ សង្ឃមុិលគីស្សាដែកមានទំនាក់ទំនងជាមួយនឹង «ព្រះដ៏ខ្ពស់បំផុត» (លោកុប្បត្តិ ១៤៖២២)។ លោកអាប់រ៉ាមក៏បានប្រកាសដែរថា ព្រះយេហូវ៉ានេះគឺជាព្រះរបស់គាត់ (លោកុប្បត្តិ ១៤៖២២)។ ម្ល៉ោះហើយ លោកអាប់រ៉ាមបានទទួលស្គាល់ថា លោកមុិលគីស្សាដែកគឺជាសង្ឃរបស់ព្រះ។ សង្ឃមុិលគីស្សាដែកមិនមែនជាព្រះយេស៊ូវ នោះទេ។ សង្ឃមុិលគីស្សាដែកគឺជាអ្នកបម្រើម្នាក់របស់ព្រះនៅក្នុងចំណោមមនុស្សនាសម័យនោះ (សូម អាន Ellen G. White Comments, The SDA Bible Commentary, volume 1, pages 1092, 1093, adapted។

ក្នុងនាមសង្ឃមួយអង្គ លោកមុិលគីស្សាដែកបានចាត់ចែងខាងឯផ្នែកនំប័ុង និងទឹកទំពាំងបាយជូរស្រស់ (ចោទិយកថា ៧៖១៣; របាក្សត្រទី២ ៣១៖៥)។ ក្រោយមក ព្រះគម្ពីរបានផ្សាភ្ជាប់ទឹកផ្លែឈើនេះជាមួយនឹងតង្វាយដប់ហូតម្តងទៀត (ចោទិយកថា ១៤៖២៣)។ យោងទៅតាមរឿងនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ សង្ឃមុិលគីស្សាដែកក៏បានប្រទានពរដល់លោកអាប់រ៉ាមផងដែរ (លោកុប្បត្តិ ១៤៖១៩)។ «រួច​គាត់​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ទ្រង់» (លោកុប្បត្តិ ១៤៖២០)។ លោកអាប់រ៉ាមបានថ្វាយតង្វាយដប់ហូតមួយនេះទៅកាន់សង្ឃមុិលគីស្សាដែក ដើម្បីបង្ហាញអំពីការដឹងគុណរបស់គាត់ចំពោះព្រះដែល «ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែនដី» (លោកុប្បត្តិ ១៤៖២២)។ ដូច្នេះ លោកអ័ប្រាហាំបានបង្ហាញថា យើងថ្វាយតង្វាយដល់ព្រះដោយសារតែទ្រង់ជាម្ចាស់នៃអ្វីៗទាំងអស់ (ហេព្រើរ ៧៖២-៦; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ២៨៖២២)។ តង្វាយដប់ហូតមួយមិនមែនជាអំណោយថ្វាយដល់ព្រះនោះឡើយ។ តង្វាយដប់ហូតមួយគឺជាអំណោយទានមួយមកពីព្រះវិញ។ ដ្បិតអ្វីៗគ្រប់យ៉ាងដែលយើងមានសុទ្ធតែមកពីទ្រង់ទាំងអស់។

ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “Abraham in Canaan,” pages 134-136។

«ព្រះយេស៊ូវចង់អោយពួកជំនុំរបស់ទ្រង់បានព្រះពរ។ ព្រះយេស៊ូវនឹងប្រទានពរដល់ពួកជំនុំដូចដែលពួកគេអោយពរដល់អ្នកដទៃផងដែរ។ ព្រះបានជ្រើសរាស្ត្រដ៏ពិសេសមួយទុកជារបស់អង្គទ្រង់។ ទ្រង់បានយកពួកគេធ្វើជាបុត្រាបុត្រីរបស់ទ្រង់។ ព្រះមានបំណងចង់ប្រទានពរដល់មនុស្សទាំងអស់នៅលើផែនដីនេះជាមួយនឹងព្រះពរដែលទ្រង់បានប្រទានដល់រាស្ត្ររបស់ទ្រង់យ៉ាងដូច្នោះដែរ។ ព្រះអម្ចាស់ បានយកលោកអ័ប្រាហាំធ្វើជាមិត្តភក្តិដ៏ពិសេសរបស់ទ្រង់។ ព្រះក៏បានជ្រើសរើសប្រទានព្រះពរយ៉ាងច្រើនដល់លោកអ័ប្រាហាំផងដែរ។ ព្រះចង់អោយលោកអ័ប្រាហាំចែករំលែកព្រះពរទាំងនេះជាមួយនឹងមនុស្សនៅជុំវិញគាត់។ លោកអ័ប្រាហាំប្រៀបដូចជាពន្លឺភ្លឺនៅក្នុងទីងងឹតយ៉ាងដូច្នោះដែរ»។

«ព្រះបានប្រទានព្រះពរដល់កូនៗរបស់ទ្រង់ជាមួយនឹងពន្លឺ និងសេចក្តីពិតនៃព្រះគម្ពីរ។ ព្រះចង់អោយពួកគេចែករំលែកពន្លឺជាមួយនឹងមនុស្សនៅជុំវិញពួកគេ . . . . ព្រះយេស៊ូវបានមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ថា ‘អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី’ (ម៉ាថាយ ៥៖១៣)។ ព្រះបានធ្វើអោយកូនៗរបស់ ទ្រង់ក្លាយមកដូចជាអំបិលយ៉ាងដូច្នេះដែរ ដើម្បីអោយទ្រង់អាចសង្គ្រោះពួកគេបាន។ ប៉ុន្តែ មិនត្រឹមតែពួកគេប៉ុណ្ណោះឡើយ​។ ទ្រង់ក៏បានធ្វើអោយពួកគេក្លាយមកដូចជាអំបិល ដើម្បីអោយពួកគេជួយទ្រង់ក្នុងការសង្គ្រោះអ្នកដទៃផងដែរ . . . .។

«តើលោកអ្នកបានបញ្ចេញពន្លឺដូចជាថ្មដ៏រស់ដែលបានសាងសង់ឡើងនៅលើថ្មជ្រុងយ៉ាងឯករបស់ព្រះដែរឬទេ? . .​ . . សាសនារបស់យើងមិនអាចក្លាយមកជាការពិតបានឡើយ លុះត្រាតែសាសនានេះបានគ្រប់គ្រងលើផ្នែកនៃជីវិតរបស់យើងទាំងអស់ជាមុនសិន។​ យើងគួរតែបង្ហាញសាសនារបស់យើងតាមរយៈអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ។ យើងត្រូវតែអនុញ្ញាតអោយសេចក្តីមេត្តារបស់ព្រះផ្លាស់ប្តូរចិត្តរបស់យើង។ យើងត្រូវការព្រះយេស៊ូវច្រើនជាងភាពអាត្មានិយមរបស់យើង»។ ដកស្រង់ពី Ellen G. White, Reflecting Christ, page 205, adapted។

សំនួរពិភាក្សា៖
  1. សូមក្រឡេកមើលព្រះពរដែលព្រះបានប្រទានដល់លោកអ័ប្រាហាំយ៉ាងដូច្នេះថា៖ «អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ទាំង​លើក​ឈ្មោះ​ឯង​ធំ​ផង ឯង​នឹង​បាន​ធ្វើ​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំងឡាយ» (លោកុប្បត្តិ ១២៖២)។ តើការដែលបានពរមានន័យយ៉ាងដូចម្តេច? តើយើងអាចធ្វើជាទីបញ្ចេញពរដល់អ្នកដទៃបានដោយរបៀបណាដែរ?

  2. លោកអាប់រ៉ាមបានកុហកស្តេចស្រុកអេស៊ីព្ទអំពីនាងសារ៉ា។ ផ្នែកនៃការកុហករបស់គាត់នេះមានសេចក្តីពិតខ្លះនៅក្នុងនោះ។​ តើការកុហក និងការបំប្លែងសេចក្តីពិតជាមួយនឹងការកុហក មួយណាអាក្រក់ជាង? សូមពន្យល់។

  3. សូមអានចម្លើយរបស់លោកអាប់រ៉ាមទៅកាន់ស្តេចនៃក្រុងសូដុំមម្តងទៀត (លោកុប្បត្តិ ១៤៖២១-២៣)។ តើហេតុអ្វីបានជាលោកអាប់រ៉ាមឆ្លើយតបនឹងស្តេចដោយរបៀបនេះយា៉ងដូច្នេះ? តើរឿងនេះបានបង្រៀនមេរៀនសំខាន់អ្វីដល់យើង? តើលោកអ័ប្រាហាំគួរតែទទួលយកអ្វីដែលស្តេចបានផ្តល់អោយគាត់ដែរឬទេ? បើគួរតើហេតុអ្វី? បើមិនគួរវិញ តើហេតុអ្វីដែរ?

រឿងខ្លី

អាពាហ៍ពិពាហ៍តាមក្តីស្រមៃ

Jeans

ថ្ងៃដែលនាងរស់បានឈានជំហានដំបូងរបស់នាងឆ្ពោះទៅកាន់ការក្លាយជាបេសកជននោះ គឺនៅពេលដែលនាងបានថ្វាយជីវិតដល់ព្រះយេស៊ូវ និងបានទទួលបុណ្យជ្រមុជទឹក ខណៈពេលដែលនាងនៅថ្នាក់ទី៧នៅឡើយនៅឯសហរដ្ឋអាមេរិក។ នៅពេលដែលនាងចូលថ្នាក់ទី៨ នាងត្រូវបានគេពឹងពាក់អោយជួយសំអាតព្រះវិហារអាត់វេនទីស្ទ។ នាងមិនដឹងថា ត្រូវសំអាតព្រះវិហារយ៉ាងណានោះទេ ម្ល៉ោះហើយនាងបានអង្គុយចុចព៉្យាណូជំនួសវិញ។ ខណៈពេលដែលនាងកំពុងលេងព៉្យាណូ ព្រមទាំងច្រៀងចម្រៀងអំពីព្រះអង្គសង្គ្រោះរបស់នាងនោះ នាងបានស្រមៃឃើញមនុស្សមកពីប្រទេសផ្សេងៗគ្នាកំពុងតែអង្គុយនៅលើកៅអីវែង នាងបានអធិស្ឋានបួងសួងនៅក្នុងចិត្តរបស់នាងថា នឹងរៀបការជាមួយបុរសម្នាក់ដែលនឹងឡើងមកលេងព៉្យាណូ ហើយច្រៀងជាមួយនឹងនាង។ តើអ្នកណាទៅហ្ន៎?

នៅពេលដែលនាងរស់អាយុ១៥ឆ្នាំ នាងបានសង្កេតមើលបងស្រីរបស់នាងម្នាក់ដែលទើបតែនឹងរៀបការថ្មីថ្មោង ត្រឡប់មកពីក្រេបទឹកឃ្មុំរបស់គាត់វិញទាំងពាក់ឈុតរៀបការ យកដៃខ្ទប់ភ្នែក និងយំខ្សឹបខ្សួល។ នាងរស់បានប្តេជ្ញាថា នឹងមិនអោយរឿងបែបនេះកើតឡើងនៅចំពោះនាងនោះឡើយ ដោយនាងបានធ្វើបញ្ជីមួយនៃលក្ខណៈសម្បត្តិអនាគតស្វាមីដែលនាងប្រាថ្នាចង់បាន។ ម្តាយរបស់នាងបាន ដឹងអំពីបញ្ជីនេះ រួចបាននិយាយដោយប្រាថ្នាថា៖ «រស់អើយ កូនក៏ត្រូវតែក្លាយមកជាស្ត្រីម្នាក់ដែលបុរសម្នាក់នោះត្រូវការផងដែរ»។ នាងរស់បានចាប់ផ្តើមអធិស្ឋានយ៉ាងអស់ពីចិត្តក្នុងការស្វែងរកបុរសម្នាក់ដែលមានលក្ខណៈសម្បត្តិទាំងនេះ។ ប៉ុន្តែ តើអ្នកណាទៅហ្ន៎?

នាងរស់បានភ្ជាប់ពាក្យជាមួយនឹងបុរសម្នាក់មិនបានប៉ុន្មានផង នាងបានផ្តាច់ពាក្យវិញមុនពេលដែលនាងហៀបនឹងចូលទៅរៀននៅក្នុងសាកលវិទ្យាល័យអែនឌ្រូវ៍។ ប៉ុន្មានខែក្រោយមក នាងបានផ្តាច់ទំនាក់ទំនងជាមួយនឹងបុរសម្នាក់ទៀត បន្ទាប់ពីបានដឹងថា បុរសម្នាក់នោះកំពុងតែទាក់ទងជាមួយ នឹងនារីម្នាក់ទៀត។​ នៅរដូវរងារក្នុងឆ្នាំនោះ ខណៈពេលដែលនាងកំពុងតែអង្គុយរង់ចាំឡើងសមចម្រៀង នៅក្នុងសាលប្រជុំនៃអគារស្នាក់នៅស្រី ស្រាប់តែមិត្តភក្តិម្នាក់បានលាន់មាត់ឡើងថា «លោកអេមីល ម៉លឌ្រីក មកដល់ហើយ (Emil Moldrik) តោះយើងនាំគ្នាឡើងឡាន»។ នាងរស់បានសួរថា «អ្នកណា គេ?»។ មិត្តភក្តិរបស់នាងបានតបថា «ឯងអត់ស្គាល់គាត់ទេអី? គាត់ជាអ្នកចម្រៀង អ្នកលេងព៉្យាណូ ហើយគាត់ក៏ចង់ធ្វើគ្រូគង្វាលផងដែរ»។​ នាងរស់បានគិតនៅក្នុងចិត្តថា តិចគាត់ហ្នឹងទៅដឹង។ នាងរស់បានច្រៀងផ្នែកសូប្រាណូ ហើយលោកអេមីលបានច្រៀងផ្នែកអាល់ថូអស់រយៈពេលពីរបីម៉ោង។ នាងមានអារម្មណ៍ថា ចិត្តរបស់នាងរីករាយជាខ្លាំង នាងមិនអាចឈប់សម្លឹងទៅឯភ្នែករបស់គាត់បានឡើយ។ នាងបានជឿថា ភ្នែកគឺជាកញ្ចក់ទៅកាន់បេះដូង។ ភ្នែករបស់បុរសម្នាក់នោះពោរពេញទៅដោយសេចក្តីសប្បុរស និងសេចក្តីស្មោះត្រង់។ លោកអេមីលបានសម្លឹងមកឯនាងវិញខណៈពេលដែលពួកគេកំពុង តែច្រៀង។ គាត់បានបបួលនាងដើរកំសាន្តនៅល្ងាចបន្ទាប់ទៀត។

សព្វថ្ងៃនេះ លោកអេមីល និងអ្នកស្រីរស់ ម៉លឌ្រីកបានរៀបការជិត៦០ឆ្នាំហើយ។ ពួកគាត់ បានបម្រើព្រះជាង១៥ប្រទេស ព្រមទាំងបានច្រៀង និងលេងឧបករណ៍តន្ត្រីនៅក្នុងនាមជាពួកបេសកជនផងដែរ។ លោកអេមីលអាចលេងឧបករណ៍តន្ត្រីចំនួន១២ប្រភេទ រួមទាំងទ្រ និងពិណអូតូផងដែរ។ ប្តី ប្រពន្ធមួយគូនេះក៏បានទៅលេងប្រទេសអ៊ុយក្រែនចំនួន១០ដងដោយខ្លួនឯង ព្រមទាំងបានរៀបចំថ្នាក់អាពាហ៍ពិពាហ៍ ថ្នាក់ភាសាអង់គ្លេស និងថ្នាក់ព្រះគម្ពីរផងដែរ។ អ្នកស្រីរស់បាននឹកដល់កាលដែលគាត់បានច្រៀង និងលេងព៉្យាណូនៅក្នុងព្រះវិហារតែម្នាក់ឯងនៅថ្ងៃនោះ គាត់បានសរសើរព្រះដែលបានធ្វើអោយសុបិនរបស់គាត់បានក្លាយមកជាការពិត។ គាត់បាននិយាយថា «ខ្ញុំបានច្រៀង និងលេងតន្រ្តីនៅកន្លែងផ្សេងៗគ្នាជាច្រើន ដូច្នេះហើយបានជាព្រះឆ្លើយតបនឹងសេចក្តីអធិស្ឋានរបស់ខ្ញុំ»។

អំណានដង្វាយប្រចាំសប្តាហ៍

តង្វាយសង្គ្រោះខាងឯផ្នែកគ្រោះមហន្តរាយ និងគ្រោះទុរ្ភិក្ស

«ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​ស្គាល់​សេចក្តី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុតឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម» (យេរេមា ២៩៖១១)។

ក្នុងអំឡុងពេលនៃវិបត្តិ ដូចជាជំងឺកូវីដ១៩ដែលបានកណត់កាលពីឆ្នាំមុនថា កំពុងតែបន្តរាតត្បាតយ៉ាងឆាប់រហ័សនោះ បានធ្វើ៊អោយយើងមានការលំបាកក្នុងការនឹកចាំថា ព្រះទ្រង់មានផែនការសម្រាប់យើង។ ប៉ុន្តែ ព្រះទ្រង់ពិតជាមានផែនការសម្រាប់យើងមែន ទ្រង់ក៏មានផែនការសម្រាប់ពួកជំនុំយើងខ្លះដែលបានបាត់បង់ការងារ និងអ្នកជាទីស្រឡាញ់របស់ពួកគេ ដោយសារតែវិបត្តិសុខភាពជាសកលនេះ និងវិបត្តិផ្សេងៗទៀតដែលជាសញ្ញានៃការដែលព្រះយេស៊ូវជិតនឹងយាងមកផងដែរ។

តង្វាយសង្គ្រោះខាងឯផ្នែកគ្រោះមហន្តរាយ​ និងទុរ្ភិក្សនៅថ្ងៃនេះក៏បានគាំទ្រដល់ភ្នាក់ងារមនុស្សធម៌ពិភពលោក (ADRA) និងសេវាកម្មបម្រើសហគមន៍របស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទ (ACS) ដែលជាសាខាមនុស្សធម៌នៃព្រះវិហាររបស់យើងនៅជុំវិញពិភពលោក និងនៅឯសហរដ្ឋអាមេរិកផងដែរ។

កិច្ចការរបស់អង្គការអាត់ដ្រា (ADRA) បានបំពេញតម្រូវការមនុស្សជាង២០លាននាក់ដែលបានទទួលផលប៉ះពាល់ពីជំងឺកូវីដ១៩នេះដែរ។ ការរួមចំណែករបស់លោកអ្នកអាចជួយផ្លាស់ប្តូរជីវិតរបស់មនុស្សច្រើននាក់ទៀតដែលត្រូវការជំនួយ តាមរយៈការផ្តល់អាហារ ទឹក ជម្រក ការអប់រំ ប្រាក់ចំណូល និងការថែទាំសុខភាពជាដើម។ របស់ទាំងនេះគឺជាមូលដ្ឋាននៃជីវិតដែលត្រូវបានបំផ្លាញដោយជំងឺរាតត្បាតដ៏កាចសាហាវ។ ការរួមចំណែក របស់លោកអ្នកនៅថ្ងៃនេះអាចស្តារជីវិត សុខភាព និងសេចក្តីសង្ឃឹមនៃមនុស្សច្រើននាក់ទៀត។

សេចក្តីអំពាវនាវ៖ ការរួមចំណែករបស់យើងនៅពេលព្រឹកនេះនឹងជួយផ្លាស់ប្តូរជីវិតដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ជាទីបំផុត។ ការគាំទ្ររបស់លោកអ្នកចំពោះអង្គការអាត់ដ្រា និងអេស៊ីអេសមិនត្រឹមតែជាថវិការប៉ុណ្ណោះឡើយ។ ការគាំទ្ររបស់លោកអ្នកក៏ជាជម្រក ទឹកស្អាត អាហារសង្គ្រោះបន្ទាន់ ការការពារ និងជាខ្សែសង្គ្រោះជីវិតផងដែរ។ ការគាំទ្ររបស់យើងគឺសកម្មភាពនៃសេចក្តីស្រឡាញ់របស់ព្រះ។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់ចំពោះឱកាសនៃការគាំទ្រកិច្ចការសង្គ្រោះនៅជុំវិញពិភពលោកនេះ។ សូមទ្រង់ប្រទានពរដល់អ្នកដែលផ្តល់ជំនួយនេះ។ សូមទ្រង់បន្តការពារ និងផ្គត់ផ្គង់ដល់អស់អ្នកណាដែលកំពុងតែរងទុក្ខយ៉ាងធ្ងន់ធ្ងរនៅក្នុងវិបត្តិសុខភាពជាសកលនេះផង។ អាម៉ែន។ ​

Powered by CAM