ព្រះបានបង្កើតយើងមកអោយមានសេរីភាពក្នុងការជ្រើសរើស។ សត្រូវធំបំផុតមួយនៃសេរីភាព ក្នុងការជ្រើសរើសរបស់យើងនោះគឺជាអារម្មណ៍របស់យើង។ ជារៀងរាល់ថ្ងៃ រូបភាពនៅក្នុងការផ្សាយពាណិជ្ជកម្ម និងតន្ត្រីនៅជុំវិញយើងបានធ្វើអោយយើងមានអារម្មណ៍ខឹង ខ្លាច និងចង់រួមភេទ។ យើង តែងតែមានអារម្មណ៍ និងគិតអំពីរឿងទាំងនេះជានិច្ច ដោយមិនដឹងអំពីអ្វីដែលកំពុងតែកើតឡើងចំពោះយើងនោះឡើយ។ តើយើងតែងតែសួរខ្លួនឯងថា «តើខ្ញុំចង់ញុាំអ្វី សម្រាប់អាហារពេលល្ងាចនេះ? តើខ្ញុំចង់ ធ្វើអ្វីនៅថ្ងៃនេះ? តើខ្ញុំមានអារម្មណ៍ល្អនៅក្នុងការទិញរបស់នេះរបស់នោះដែរឬទេ?» ញឹកញាប់ប៉ុនណា ដែរ? ញឹកញាប់ មែនទេ? អារម្មណ៍គឺជាផ្នែកដ៏ធំមួយនៃការសម្រេចចិត្តរបស់យើង។ ការដែលមានអារម្មណ៍ ច្រើនមិនអាក្រក់នោះទេ។ ប៉ុន្តែ អារម្មណ៍របស់ខ្ញុំចំពោះរបស់អ្វីមួយប្រហែលជាពាក់ព័ន្ធតិចតួចណាស់ ទៅនឹងអ្វីដែលត្រឹមត្រូវ។ អារម្មណ៍របស់យើងអាចកុហកយើងបាន [«ចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន» (យេរេមា ១៧៖៩)]។ អារម្មណ៍ របស់យើងអាចធ្វើអោយយើងមានរូបភាពមិនត្រឹមត្រូវមួយអំពីជីវិត។ អារម្មណ៍របស់យើងក៏អាចបណ្តាល អោយយើងធ្វើការជ្រើសរើសមិនល្អផងដែរ។ ហើយជម្រើសទាំងនេះអាចធ្វើអោយយើងឈឺចាប់បាន។
តើគំរូអ្វីខ្លះ ដែលលោកអ្នកអាចរកឃើញពីព្រះគម្ពីរទាក់ទងទៅនឹងមនុស្សដែលបានធ្វើការជ្រើសរើស ដោយសារតែពួកគេត្រូវបានគ្រប់គ្រងដោយអារម្មណ៍របស់ពួកគេ តែមិនមែនជាសេចក្តីពិតនៃ ព្រះគម្ពីរនោះ? សូមអានគំរូនៃមនុស្ស ដែលបានធ្វើទង្វើបែបនេះនៅក្នុងខគម្ពីរលោកុប្បត្តិ ៣៖៦; សាំយូអែល ទី២ ១១៖២-៤; កាឡាទី ២៖១១, ១២។
សូមអានខគម្ពីរពេត្រុសទី១ ១៖១៣។ តើលោកពេត្រុសចង់អោយអ្នកអានរបស់គាត់ធ្វើយ៉ាងដូចម្តេច?
លោកពេត្រុសបានយល់ឃើញថា គំនិតគ្រប់គ្រងលើរូបកាយ។ ប្រសិនបើយើងមិនគ្រប់គ្រង គំនិតរបស់យើងនោះទេ យើងនឹងត្រូវគ្រប់គ្រងដោយអារម្មណ៍របស់យើងជាមិនខាន។
សូមស្រមៃថា៖ លោកអ្នកកំពុងតែដើរនៅតាមផ្លូវមួយ។ ផ្លូវនោះមិនមែនជាផ្លូវធំទូលាយនោះ ឡើយ។ នៅតាមផ្លូវ លោកអ្នកបានឃើញផ្លូវដទៃទៀតជាច្រើន។ ផ្លូវទាំងនេះខ្លះនាំទៅឯកន្លែងដែលលោក អ្នកមិនចង់ទៅ។ រីឯផ្លូវដទៃទៀតវិញ មើលទៅល្អ ផ្លូវទាំងនេះបានធ្វើអោយលោកអ្នកមានអារម្មណ៍សប្បាយ និងមានសេរីភាព។ ប៉ុន្តែ ប្រសិនបើលោកអ្នកដើរទៅតាមផ្លូវទាំងនេះ លោកអ្នកនឹងដើរចេញពីផ្លូវត្រឹមត្រូវ ជាមិនខាន។ នៅពេលនោះ លោកនឹងវង្វេងផ្លូវ។ យើងនឹងមានបញ្ហាក្នុងការត្រឡប់មកឯផ្លូវត្រឹមត្រូវវិញ បន្ទាប់ពីនោះមក ជាក់ជាមិនខាន។
តើលោកអ្នកត្រូវធ្វើការជ្រើសរើសសំខាន់អ្វីខ្លះ? សូមសួរខ្លួនឯងថា តើខ្ញុំអាចដឹងថា ខ្ញុំកំពុងតែធ្វើការជ្រើសរើសដោយអារម្មណ៍របស់ខ្ញុំ ឬដោយសេចក្តីពិតនៃព្រះគម្ពីរបានដោយរបៀបណា?
ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២
ការថ្វាយអ្វីៗគ្រប់យ៉ាងដល់ព្រះ
«បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វេះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក» (ម៉ាថាយ ៥៖២៩)។
សូមគិតអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរម៉ាថាយ ៥៖២៩ខាងលើ។ តើលោកអ្នក គិតថា ព្រះយេស៊ូវបានសូមសិស្សរបស់ទ្រង់លះបង់ច្រើនពេកដែរឬទេ? សូមពន្យល់ចម្លើយរបស់លោក អ្នក។
--------------------------------------------------------
ព្រះបានសូមអោយយើងលះបង់អ្វីៗ ដែលអោយយើងបានល្អប៉ុណ្ណោះ។ ព្រះមិនបានសូម អោយយើងលះបង់អ្វីៗ ដោយសារតែទ្រង់ចង់អោយជីវិតរបស់យើងលំបាកវេទនានោះឡើយ។ ពេលខ្លះ យើងត្រូវការ យើងត្រូវការបញ្ជេញសកម្មភាពខ្លាំង ដោយសារតែយើងបានឃ្លាតឆ្ងាយពីផែនការរបស់ព្រះសម្រាប់យើង។ អ្នកដទៃអាចនឹងសួរថា «តើខ្ញុំបានឃ្លាតឆ្ងាយពីព្រះដោយរបៀបណា?»។ ចម្លើយតែងតែឆ្លើយស្រដៀងគ្នាជានិច្ចថា៖ ដោយបន្តិចម្តងៗ។
សូមអានខគម្ពីរម៉ាថាយ ៥៖២៩, ៣០។ ព្រះយេស៊ូវបានមានបន្ទូលអំពីការរួមភេទនៅក្នុងខទាំងនេះ។ ប៉ុន្តែ ក្បួនច្បាប់ដ៏សំខាន់នោះគឺជាដំបូន្មានល្អៗសម្រាប់កិច្ចការដែលយើងគួរធ្វើទាក់ទងទៅ នឹងអំពើបាបផ្សេងៗទៀតនៅក្នុងជីវិតរបស់យើង។ យើងត្រូវតែដើរតាមក្បួនច្បាប់ទាំងនេះ ប្រសិនបើយើងចង់អោយមានការលូតលាស់នៅក្នុងព្រះយេស៊ូវ។
តើព្រះយេស៊ូវបានចែករំលែកនូវគោលគំនិតសំខាន់អ្វី ជាមួយនឹងយើងតាមរយៈខគម្ពីរម៉ាថាយ ៥៖២៩, ៣០ នេះ? តើព្រះយេស៊ូវពិតជាសូមអោយយើងខ្វេះភ្នែក និងកាត់ដៃរបស់យើងចេញមែនឬ?
--------------------------------------------------------
ព្រះយេស៊ូវមិនបានសូមអោយយើងធ្វើបាបរាងកាយរបស់យើងនោះទេ។ មិនមែនដូច្នោះឡើយ ផ្ទុយទៅវិញ ព្រះយេស៊ូវចង់អោយយើងគ្រប់គ្រងចិត្ត និងរាងកាយរបស់យើងអោយបាន មិនថា មានបញ្ហា អ្វីនោះឡើយ។ តើលោកអ្នកបានឃើញថា ខទាំងនេះមិនបានចែងថា ព្រះនឹងដកសេចក្តីប្រាថ្នាក្នុងការធ្វើរឿងអាក្រក់ចេញពីចិត្តរបស់យើងដែរឬទេ? មែនហើយ ពេលខ្លះ ព្រះនឹងដកហូតសេចក្តីប្រាថ្នានេះជំនួសយើង។ ប៉ុន្តែ ជាទូទៅ ព្រះនឹងសូមអោយយើងលះបង់អ្វីមួយជាមុនសិន។ ឬមួយ ទ្រង់អាចសូមអោយយើងចាប់ផ្តើមធ្វើអ្វីមួយ ដែលយើងមិនចង់ធ្វើទាល់តែសោះ ក៏ថាបាន។ កិច្ចការនោះអាចជាការសាកល្បងដ៏លំបាកមួយ។ នៅពេលដែលយើងធ្វើការជ្រើសរើសត្រឹមត្រូវ យើងនឹងបានរីកចម្រើនឡើង។ បន្ទាប់មក សេចក្តីប្រាថ្នាក្នុងការធ្វើបាបនឹងអន់ថយចុះនៅក្នុងជីវិតរបស់យើងវិញ។
ពេលខ្លះ ព្រះបានប្រើការសាកល្បង និងសេចក្តីវេទនា ដើម្បីអោយទាញចំណាប់អារម្មណ៍របស់យើង។ នៅពេលដែលយើងរងទុក្ខ យើងតែងតែដឹងថា យើងបានឃ្លាតចេញពីព្រះឆ្ងាយប៉ុនណា។ សេចក្តី វេទនាក៏អាចជាការត្រាស់ហៅមួយរបស់ព្រះមកកាន់យើងផងដែរ ដើម្បីអោយមានការផ្លាស់ប្តូរដ៏ធំមួយក្នុងជីវិតរបស់យើង។ សេចក្តីវេទនាក៏អាចជួយអោយយើងមើលឃើញពីប្រាជ្ញានៅក្នុងការត្រឡប់មកឯផែនការរបស់ព្រះសម្រាប់យើងវិញដែរ។
ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២
កុំអោយបោះបង់ឡើយ
សូមអានរឿងអំពីការបោកចំបាប់របស់លោកយ៉ាកុបជាមួយនឹងព្រះ (លោកុប្បត្តិ ៣២)។ តើរឿងនេះបានសំដែងប្រាប់យើងយ៉ាងដូចម្តេច អំពីការមិនបោះបង់ចោល សូម្បីតែនៅពេលដែលយើងបាក់ទឹកចិត្តក៏ដោយនោះ?
--------------------------------------------------------
យើងអាចដឹងបាន អំពីអ្វីដែលត្រឹមត្រូវ ព្រមទាំងអាចជ្រើសរើសធ្វើរឿងត្រឹមត្រូវផង។ ប៉ុន្តែ នៅពេលដែលស្ថិតនៅក្នុងគំនាប យើងអាចយល់ឃើញថា ការតោងអោយជាប់ទៅនឹងព្រះ ហើយនិង សេចក្តីសន្យារបស់ទ្រង់នោះ គឺជារឿងដ៏លំបាកបំផុត។ ដូច្នេះ ការមិនបោះបង់ចោលគឺជាកម្លាំងគ្រីស្ទាន ដ៏សំខាន់មួយ។
លោកយ៉ាកុបគឺជាគំរូដ៏ល្អមួយនៅក្នុងព្រះគម្ពីរទាក់ទងនឹងការមិនបោះបង់ចោលនេះ។ លោក យ៉ាកុបបានបោកបញ្ឆោតលោកអេសាវ ដែលជាបងប្រុសរបស់គាត់ ព្រមទាំងឪពុករបស់គាត់ជាច្រើនឆ្នាំ មុនផងដែរ។ លោកយ៉ាកុបបានលួចព្រះពរពីបងប្រុសរបស់គាត់ (លោកុប្បត្តិ ២៧)។ ចាប់ពីពេលនោះ មក លោកយ៉ាកុបបានរត់គេចពីលោកអេសាវដែលចង់សម្លាប់គាត់ ដោយក្តីភ័យខ្លាច។ មែនហើយ ព្រះ បានប្រទានសេចក្តីសន្យានៃការការពារ និងព្រះពរដ៏អស្ចារ្យរបស់ទ្រង់ដល់លោកយ៉ាកុបតាមរយៈសុបិន អំពីជណ្តើរមួយដែលទល់មេឃ។ ប៉ុន្តែ លោកយ៉ាកុបនៅតែមានអារម្មណ៍ភ័យខ្លាចដដែល។ លោកយ៉ាកុប ចង់ដឹងថា ព្រះបានទទួលយកគាត់ ដោយរក្សាសេចក្តីសន្យាដែលទ្រង់បានសន្យានឹងគាត់កាលពីប៉ុន្មាន ឆ្នាំមុនដែរឬទេ។ ខណៈពេលដែលលោកយ៉ាកុបបោកចំបាប់ជាមួយព្រះ ដែលជាព្រះយេស៊ូវនោះ ត្រគាក របស់គាត់បានភ្លាត់ចេញពីគ្នា។ ដោយសារតែឈឺចាប់ខ្លាំងពេក លោកយ៉ាកុបបានឈប់បោកចំបាប់។ ក្នុងការឈឺចាប់ដ៏ធ្ងន់ធ្ងរនេះ លោកយ៉ាកុបបានឱបព្រះយេស៊ូវយ៉ាងណែន។ ព្រះយេស៊ូវបានមានបន្ទូល ទៅកាន់គាត់ថា «ចូរលែងឲ្យអញទៅ ដ្បិតភ្លឺហើយ» (លោកុប្បត្តិ ៣២៖២៦)។ ប៉ុន្តែ លោកយ៉ាកុបមិន ព្រមលែងឡើយ ទាល់តែព្រះយេស៊ូវប្រទានព្រះពររបស់ទ្រង់ដល់គាត់។
លោកយ៉ាកុបបានទទួលព្រះពរ ដោយសារតែគាត់បានតោងយ៉ាងជាប់តាមរយៈការឈឺចាប់។ រឿងនេះក៏បានកើតឡើងចំពោះយើងដែរ។ ព្រះប្រហែលជាអាចធ្វើអោយ «ត្រគាក» របស់យើងថ្លោះផង ដែរ។ នៅពេលនោះ ទ្រង់នឹងហៅយើងអោយតោងទ្រង់អោយជាប់តាមរយៈការឈឺចាប់របស់យើង។ ព្រះមិនបានលុបស្លាកស្នាមរបស់លោកយ៉ាកុបពីការប្រកួតចំបាប់របស់ទ្រង់ និងគាត់នោះទេ។ លោក យ៉ាកុបនៅតែដើរទាំងស្ពឹកជាប់ នៅពេលដែលគាត់ជួបបងប្រុសរបស់គាត់។ ពីសំបកក្រៅ លោកយ៉ាកុប មើលទៅដូចជាមនុស្សកំសោយម្នាក់។ ប៉ុន្តែ ការស្ពឹកជាប់នេះគឺជាទីសំគាល់នៃកម្លាំងរបស់គាត់។
តើលោកអ្នកអាចបង្កើតជម្រើសអ្វីខ្លះ ដែលនឹងជួយកុំអោយលោកអ្នកបោះបង់ចោលព្រះ នៅ ពេលដែលលោកអ្នកអស់សង្ឃឹម និងធ្វើខុសនោះ? ជម្រើសទាំងនេះអាចរាប់បញ្ចូលទាំងមិត្តភក្តិ របៀប រស់នៅ សៀវភៅដែលលោកអ្នកអាន ទម្លាប់សុខភាព និងជីវិតខាងឯវិញ្ញាណផងដែរ។
ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Night of Wrestling,” pages 195-203; in Patriarchs and Prophets; and “Consecration,” pages 43-48, in Steps to Christ។
«ព្រះបានបង្កើតមនុស្សអោយមានសេរីភាពក្នុងការជ្រើសរើស។ នៅពេលដែលអ្នកណាម្នាក់ ធ្វើបាប គាត់បានដាក់សេរីភាពក្នុងការជ្រើសរើសរបស់គាត់នៅក្រោមការគ្រប់គ្រងរបស់សាតាំង។ ចាប់ពី ពេលនោះមក សាតាំងបានព្យាយាមបោកបញ្ឆោតមនុស្សអោយធ្វើអ្វីដែលវាចង់អោយពួកគេធ្វើ។ សាតាំង បានធ្វើការ ដើម្បីបំផ្លាញមនុស្សលោក និងធ្វើអោយជីវិតរបស់ពួកគេគ្មានក្តីសុខ ហើយវេទនាជាទីបំផុត»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 5, page 515, adapted។
«ប្រសិនបើមនុស្សចង់បានជំនួយពីព្រះនោះ ពួកគេត្រូវតែដឹងនូវរាល់ចំណុចខ្សោយ និងតម្រូវ ការរបស់ពួកគេ។ ព្រះចង់ផ្លាស់ប្តូរពួកគេតាមរបៀបដ៏អស្ចារ្យមួយ។ មនុស្សក៏ត្រូវខិតខំផ្លាស់ប្តូរផងដែរ។ ពួកគេត្រូវតែអធិស្ឋាន និងមិនបោះបង់ចោលព្រះជាដាច់ខាត។ ពួកគេត្រូវតែលះបង់ចោលទម្លាប់ខុសឆ្គង ទាំងឡាយរបស់ពួកគេ។ មនុស្សនឹងឈ្នះសង្គ្រាមប្រឆាំងនឹងខ្លួនឯងបាន លុះត្រាតែពួកគេព្យាយាមកែ បញ្ហារបស់ពួកគេ មកធ្វើអ្វីដែលត្រឹមត្រូវវិញ។ មនុស្សជាច្រើនមិនអាចក្លាយទៅជាបុគ្គលដែលព្រះចង់បាននោះឡើយ។ តើហេតុអ្វី? នោះគឺដោយសារតែពួកគេរង់ចាំអោយព្រះធ្វើជំនួសពួកគេនូវកិច្ចការដែល ទ្រង់នឹងប្រទានអំណាចអោយពួកគេធ្វើ។ មនុស្សដែលមានប្រយោជន៍នៅក្នុងជីវិតនេះសុទ្ធតែត្រូវបានហ្វឹកហាត់ តាមរយៈការអប់រំដ៏តឹងរឹងមួយ។ មែនហើយ ពួកគេត្រូវតែលុតដំចិត្ត និងគំនិតរបស់ពួកគេយ៉ាង ល្អិតល្អន់ ដើម្បីអោយបានធ្វើអ្វីដែលត្រឹមត្រូវ។ បន្ទាប់មក ព្រះនឹងជួយដល់ពួកគេ។ ព្រះនឹងបង្រួបបង្រួម អំណាចដ៏អស្ចារ្យរបស់ទ្រង់ជាមួយនឹងការខិតខិតប្រឹងប្រែងរបស់មនុស្សលោក»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 248។
សំនួរពិភាក្សា៖
- តើការសម្លឹងទៅឯព្រះយេស៊ូវអាចជួយអោយយើងយល់ អំពីទំហំនៃសេចក្តីត្រូវការចំពោះព្រះគុណ និងសេចក្តីមេត្តារបស់ព្រះនោះបានដោយរបៀបណា?
- សូមអានរឿងអំពីព្រះយេស៊ូវនៅក្នុងសួរច្បារគែតសេម៉ានី (ម៉ាថាយ ២៦៖៣៦-៤២)។ តើព្រះយេស៊ូវ មានអារម្មណ៍ និងសេចក្តីប៉ងប្រាថ្នាយ៉ាងដូចម្តេចដែរ? តើអារម្មណ៍ និងសេចក្តីប៉ងប្រាថ្នានេះខុសពីអ្វីដែលព្រះចង់អោយទ្រង់ធ្វើយ៉ាងដូចម្តេចដែរ? តើយើងអាចរៀនអ្វីខ្លះ ចេញពីគំរូរបស់ព្រះយេស៊ូវនេះ?
- នៅក្នុងថ្នាក់ សូមពិភាក្សាអំពីរបស់ទាំងអម្បាលម៉ាននៅក្នុងសហគមន៍របស់លោកអ្នក ដែលអាចធ្វើ អោយលោកអ្នកចុះខ្សោយ និងបើកឱកាសអោយសាតាំងវាយប្រហារដល់លោកអ្នកបាន។ តើយើងអាច ធ្វើអ្វីបានខ្លះ ដើម្បីជួយអោយសមាជិកពួកជំនុំដទៃទៀតមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ទាំងនេះ? តើយើងអាចជួយដល់អ្នកដែលត្រូវការជំនួយដោយរបៀបណាដែរ?
រឿងខ្លី
គ្រោងការនៃពួកវិញ្ញាណអាក្រក់ត្រូវបានបរាជ័យ វគ្គ៦
ជាច្រើនខែបានកន្លងផុតទៅ មុនពេលដែលជូនា និងម្តាយបានរកឃើញមើលមូលហេតុថា ហេតុដែលនាំអោយឪពុករបស់ពួកគេផ្លាស់ប្តូរចិត្ត ទៅចូលរួមនៅក្នុងកម្មវិធីជ្រមុជទឹករបស់ជូនាវិញ។ ពួកវិញ្ញាណអាក្រក់បានឃាត់ឪពុកមិនអោយទៅចូលរួមនៅក្នុងកម្មវិធីជ្រមុជទឹកនៅថ្ងៃសប្បាតហ៍នោះ។ ដូច្នេះ ឪពុកបានបដិសេធការអញ្ជើញអោយចូលរួមពីកូនប្រុសរបស់គាត់។ នៅថ្ងៃជ្រមុជទឹក ឪពុកមាន អារម្មណ៍មិនស្ងប់ទាល់តែសោះ ដូច្នេះ គាត់បានប្រាប់អោយម្តាយជូនគាត់ទៅឯវត្តខាន់ណូបល នៅក្នុង ទីក្រុងម៉ាណូសនៃប្រទេសប្រេស៊ីលវិញ។ នៅម្តុំម៉ោង៥នៃល្ងាចនោះ ពួកអារក្សនៅឯវត្តបានប្រាប់ឪពុក អោយស្លៀកពាក់អាវផាយសង្គ្រាជរបស់គាត់ ដើម្បីធ្វើដំណើរទៅឯព្រះវិហារសហគមន៍សេវេនដេយអាត់វេនទីស្ទអាល់ហ្វា។ ពួកវាបានស្បថថា នឹងចូលសណ្ឋិតពួកជំនុំនៅក្នុងព្រះវិហារ ដើម្បីរារាំងជូនាមិនអោយជ្រមុជទឹក។
ឪពុកបានស្លៀកពាក់អាវផាយរបស់គាត់ រួចជិះតាក់ស៊ីចេញទៅ។ គាត់អាចឮសំឡេងនៃពួក វិញ្ញាណអាក្រក់នៅជុំវិញគាត់។ នៅឯឃ្លោងទ្វារព្រះវិហារ ពួកអារក្សបានស្រែកឡើងថា ពួកវាមិនអាចទៅ ក្នុងបានឡើយ។ នៅពេលនោះ ឪពុកបាននឹកចាំអំពីមេរៀនដ៏សំខាន់បំផុត ដែលពួកអារក្សបានបង្រៀន ដល់គាត់កាលពីប៉ុន្មានឆ្នាំមុនថា៖ មិនត្រូវទុកភារកិច្ចចោលជាដាច់ខាត។ ប្រសិនបើគាត់ចាប់ផ្តើមកិច្ចការ ណាមួយហើយ គាត់ត្រូវតែធ្វើរឿងនោះអោយចប់។ ឪពុកបានចូលទៅក្នុងព្រះវិហារដោយភាពក្លាហាន។ ខណៈពេលដែលគាត់ដើរចូលទៅក្នុងសាលធំនោះ អំណាចដ៏បរិសុទ្ធ និងទន់ភ្លន់បានចូលមកក្នុងចិត្ត របស់គាត់។ គាត់មិនដែលធ្លាប់មានបទពិសោធន៍ និងមានអារម្មណ៍បែបនេះពីមុនមកនោះទេ។ ក្រោយមក គាត់បានដឹងថា នេះគឺជាអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។
កំហឹងរបស់ឪពុកអំពីការជ្រមុជទឹកបានរសាយបាត់ទៅ។ លោករ៉ូបឺតូ ហ្វឺណាន់ដេស ដែលជាជំនួយការបានជួបគាត់នៅខាងក្រោយសាល លោកហ្វឺណាស់ដេសបានឱបឪពុក រួចនាំគាត់ទៅឯអាង ជ្រមុជទឹក។ ឪពុកបានបែរទៅឯពួកជំនុំនៅពីក្រោយ កំពុងតែឱនក្បាលចុះ។ គាត់បានគិតថា ពួកគេខ្លាច គាត់ ប៉ុន្តែ ក្រោយមក គាត់បានដឹងថា ពួកគេកំពុងតែអធិស្ឋាន។ នៅពេលដែលគាត់ឃើញជូនានៅក្នុង អាងទឹក គាត់បានដឹងថា ពួកអារក្សបានកុហកគាត់។ គ្មានអ្នកណាម្នាក់បង្ខំអោយជូនាចូលជាពួកជំនុំ អាត់វេនទីស្ទនោះឡើយ។ ការជ្រមុជទឹកនេះគឺជាការសម្រេចចិត្តរបស់គាត់ផ្ទាល់។
បន្ទាប់ពីច្រៀងរួច គ្រូគង្វាយរីខាដូបានលើកដៃរបស់គាត់ ហើយនិយាយថា «ក្នុងនាមខ្ញុំជាអ្នក ផ្សាយដំណឹងល្អម្នាក់ ខ្ញុំសូមជ្រមុជទឹកជូនានៅក្នុងនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ អាម៉ែន»។ បន្ទាប់មក គាត់បានជ្រមុជជូនាចូលទៅក្នុងទឹក។
បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ជូនាបានយកមីក្រូហ្វូន រួចបែរមកមើលឪពុក។ ជូនាបាននិយាយ ថា «ប៉ា មិនថា បា៉កាន់សាសនាណាទេ ខ្ញុំនៅតែស្រឡាញ់ប៉ាជានិច្ច»។ គាត់បានឱបឪពុករបស់គាត់ទាំង យំ។ ពាក្យសម្តីរបស់ជូនាបានប៉ះពាល់ចិត្តរបស់ឪពុកជាខ្លាំង។ នៅពេលចប់កម្មវិធី សមាជិកព្រះវិហារ ស្រោចស្រប់គាត់ដោយការឱប។ គាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ គាត់មិនដែលរំពឹងថា នឹងត្រូវគេគោរព ដោយក្តីស្រឡាញ់បែបនេះនោះឡើយ។ គាត់បាននិយាយនៅក្នុងឡានថា «ទីនេះជាកន្លែងល្អ ហើយ មនុស្សក៏ល្អៗដែរ»។
នៅពេលត្រឡប់មកផ្ទះវិញ ឪពុកបានកោះហៅប្រាប់មនុស្សដែលគាត់បានស្គាល់ទាំងអម្បាល-ម៉ាន ដើម្បីប្រកាសដោយមោទនភាពថា កូនប្រុសរបស់គាត់បានទទួលបុណ្យជ្រមុជទឹកហើយ។ គាត់បានរៀបរាប់អំពីបទពិសោធន៍នេះថា ជាបទពិសោធន៍ដ៏អស្ចារ្យមួយ។
ម្តាយបានដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្តើមធ្វើការនៅក្នុងចិត្តរបស់គាត់ហើយ។ សេចក្តី សុខសាន្តដ៏មិនគួរអោយជឿមួយបំពេញលំនៅរបស់ពួកគេអស់រយៈពេល៤ថ្ងៃ។ បន្ទាប់មក ពួកវិញ្ញាណ អាក្រក់បានបញ្ជាអោយឪពុកសម្លាប់ម្តាយ និងជូនាចោលចេញ។
អំណានដង្វាយប្រចាំសប្តាហ៍
តើអ្នកណាដែលហ៊ានប្រថុយជាមួយនឹងព្រះ?
សេចក្តីសប្បុរសរបស់យើងត្រូវបានបំផុស ដោយសេចក្តីសប្បុរសរបស់ព្រះ។ ព្រះគម្ពីរ បានរៀបរាប់អំពីសេចក្តីសប្បុរសនៃសាសន៍អ៊ីស្រាអែល នៅក្នុងការរៀបចំសាងសង់ព្រះវិហារ។ ជាដំបូង ស្តេចដាវីឌបានបរិច្ចាគទ្រព្យសម្បត្តិរបស់ទ្រង់។ បន្ទាប់មក ពួកមេដឹកនាំដទៃទៀតបាន ធ្វើតាមគំរូរបស់ទ្រង់។ ដោយមានការបំផុសពីសំណាក់នៃពួកមេដឹកនាំ ពួកបណ្តាជនទាំងអស់ ក៏បាន «ថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា» ផងដែរ (ខ៩)។ ដោយទតឃើញការបង្ហាញពីទឹក ចិត្តសប្បុរសយ៉ាងដូច្នេះ ស្តេចដាវីឌបានស្រែកសរសើរតម្កើងព្រះ ហើយបានរៀបរាប់អំពីកត្តា ដែលជំរុញអោយមានការបរិច្ចាគយ៉ាងច្រើនសន្ធឹកសន្ធាប់នេះថា៖ «ឱព្រះយេហូវ៉ាអើយ ភាព ដ៏ធំ និងព្រះចេស្តា សិរីល្អ ជ័យជំនះ និងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ផងទ្រង់» (១១)។ ស្តេចដាវីឌដរាប់ការបរិច្ចាគ នេះទុកជាការឆ្លើយតបទៅអ្វីដែលព្រះបានប្រទានអោយ ដូចជា៖ ការឡើងគ្រោងរាជ្យ ការអត់ ឱនទោស អំណោយ សេចក្តីសន្យា និងភាពសម្បូរបែបជាដើម។ ទោះបីជាអ្នកណាម្នាក់បានជ្រើសរើសបិរច្ចាគអ្វីៗទាំងអស់យ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែមានមធ្យោបាយ ដើម្បីបំពេញធនធានរបស់បុគ្គលម្នាក់នោះជានិច្ចដែរ។ នេះគឺជាផ្នត់គំនិតរបស់ស្តេចដាវីឌ ដែលជាមេដឹកនាំដ៏សប្បុរសម្នាក់នៅក្នុងសាសន៍អ៊ីស្រាអែល។
លោកអ័ប្រាហាំ ដែលជាជនជនម៉ាសៃ (Masai) ក៏មានផ្នត់គំនិតដូចជាស្តេចដាវីឌផង ដែរ។ គាត់គឺជាម្ចាស់នៃគោ១០០០ក្បាល ហើយក៏ជាម្ចាស់នៃហ្វូងចៀម និងពពែជាច្រើនទៀត ដែរ។ ដោយដឹងថា ព្រះគឺជាប្រភពនៃព្រះពររបស់គាត់ លោកអ័ប្រាហាំបានស្បថថា គាត់នឹង ស្មោះត្រង់ចំពោះព្រះជានិច្ច។ គាត់បាននាំយកគោរបស់គាត់ចូលក្នុងក្រោលធំៗ ហើយគាត់ បានរាប់គោទាំងនោះ នៅពេលដែលពួកវាដើរចូលតាមប្រឡោះឈើនោះដែរ។ ក្នុងចំណោមគោ ១០ លោកអ័ប្រាហាំបានថ្វាយមួយទុកជាតង្វាយ១០ហូត១សម្រាប់ព្រះ។ មិត្តភក្តិ និងអ្នកជិតដិត នឹងគាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ យោងទៅតាមវប្បធម៌របស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានវាស់វែងតាមរយៈពាហនៈ។ គ្មានអ្នកណាម្នាក់លះបង់គោរបស់គេនោះទេ។ ពួកគេ ចាប់ផ្តើមសើចចំអកគាត់ ព្រមទាំងថា គាត់ឆ្គួតផងដែរ។ ប៉ុន្តែ ការសើចចំអកនោះបានឈប់ទៅ បន្ទាប់រយៈពេល៩ខែក្រោយមក គោ៤០ក្បាលរបស់អ័ប្រាហាំបានកើតសុទ្ធតែកូនភ្លោះ។ ហើយ ចៀម និងពពែរបស់គាត់ជាច្រើន ក៏បានបង្កើតកូន៣ៗផងដែរ។
«សេចក្តីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្តីដែលទ្រង់មានព្រះបន្ទូល តើមិនសំរេចតាមទេឬអី» (ជនគណនា ២៣៖១៩)។ សប្តាហ៍នេះ ខណៈដែលយើង ថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើង តាមសេចក្តីសន្យា នោះ ចូលអោយសញ្ជឹងគិតអំពីសេចក្តីពិតនៃពាក្យទាំងនេះនៅក្នុងជីវិតរបស់យើងចុះ។
សេចក្តីអំពាវនាវ៖«តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់ គ្នាអាចនឹងថ្វាយតង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ» (របាក្សត្រទី១ ២៩៖១៤)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ សេចក្តីសប្បុរសរបស់ទ្រង់ចំពោះទូលបង្គំ គ្មានដែនកំណត់ ឡើយ ហើយសេចក្តីសប្បុរសរបស់ទ្រង់នេះក៏បានគ្របដណ្តប់អស់ទាំងផ្អែកនៃការរស់នៅ របស់ទូលបង្គំផងដែរ។ សូមជួយអោយទូលបង្គំមានចិត្តសប្បុរសដូចជាទ្រង់ផង។