មេរៀនទី៦​៖ ២៩​ តុលា - ៤ វិច្ឆិកា ២០២២

ព្រះយេស៊ូវបានសុគតជំនួសយើង

Jeans
ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ១៣៖៨; កិច្ចការ ២៖២៣; ពេត្រុសទី១ ១៩, ២០; ទីតុស ១៖២; ម៉ាថាយ ១៦៖២១-២៣; យ៉ូហាន ១៩៖១-៣០; យ៉ូហាន ៣៖១៤-១៨; រ៉ូម ៦៖២៣; កូរិនថូសទី១ ១៖១៨-២៤។

ខចងចាំ៖ «ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើងនៅ​ទី​រហោស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើងយ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្សនោះ មិនត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣៖១៤, ១៥)។

មុន និងក្រោយយើងទាំងអស់គ្នានឹងត្រូវស្លាប់ជាមិនខាន។ ព្រះគម្ពីរបានបង្រៀនថា មនុស្សល្អ និងមនុស្សអាក្រក់នឹងត្រូវបញ្ចប់នៅកន្លែងតែមួយ។ ដូច្នេះ សេចក្តីសង្ឃឹមរបស់យើងទៅលើការរស់ឡើងវិញនេះសំខាន់ជាទីបំផុត។ យើងបានដឹងរួចមកហើយថា ការរស់ឡើងវិញគឺជាគ្រាមួយដែលព្រះយេស៊ូវ នឹងប្រោសរាស្ត្ររបស់ទ្រង់អោយរស់ពីស្លាប់ឡើងវិញ នៅពេលដែលព្រះយាងមកជាលើកទី២។ ប្រសិនបើយើងមិនមានសេចក្តីសង្ឃឹមទៅលើការរស់ឡើងវិញនោះទេ យើងនឹងគ្មានសេចក្តីសង្ឃឹមទាល់តែសោះ។ ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍ថា បើគ្មានក្តីសង្ឃឹមនេះទេ ពួកគ្រីស្ទានដែល «ដែល​បាន​ដេក​លក់​ទៅ​ក្នុង​ព្រះគ្រីស្ទ គេ​បាន​ត្រូវ​វិនាស​ហើយ» (កូរិនថូសទី១ ១៥៖១៨)។ ខនេះបាន បង្ហាញយើងថា ព្រលឹងនៃមនុស្សស្លាប់មិនមាននៅស្ថានសួគ៌នោះទេ។

ជាការពិតណាស់ ការរស់ឡើងវិញរបស់ព្រះយេស៊ូវសំខាន់ចំពោះជំនឿរបស់យើងជាទីបំផុត។ ការរស់ឡើងវិញរបស់ទ្រង់បានបង្ហាញយើងនូវភ័ស្តុតាងមួយដែលថា យើងនឹងរស់ពីស្លាប់ឡើងវិញដែរ។ ជាការពិតណាស់ មុនពេលដែលព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញនោះ ទ្រង់ត្រូវតែសុគតជាមុនសិន។ បទពិសោធន៍នេះបានធ្វើអោយព្រះយេស៊ូវព្រួយព្រះទ័យជាខ្លាំង។ ទ្រង់បានព្រួយព្រះទ័យជាខ្លាំង នៅក្នុងសួនច្បារគែតសេម៉ានី មុនពេលដែលទ្រង់សុគត។ ម្ល៉ោះហើយ ទ្រង់បានអធិស្ឋានថា «ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ឱ​ព្រះវរបិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូលបង្គំ​មក​ដល់​ពេល​នេះ» (យ៉ូហាន ១២៖២៧)។

សប្តាហ៍នេះ យើងនឹងក្រឡេកមើលនូវការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ តើការសុគតរបស់ព្រះយេស៊ូវបានប្រទានសេចក្តីសន្យានៃជីវិតអស់កល្បដល់យើងដោយរបៀបណា?

ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២

មុនពេលដែលផែនដីត្រូវបានបង្កើត

សូមអានខគម្ពីរវិវរណៈ ១៣៖៨; កិច្ចការ ២៖២៣ និងពេត្រុសទី១ ១៖១៩, ២០។ តើហេតុអ្វីបានជាព្រះបណ្តាលអោយលោកយ៉ូហានមានប្រសាសន៍ថា ព្រះយេស៊ូវគឺជាកូនចៀម «ដែល​ត្រូវ​គេ​សម្លាប់តាំង​ពី​កំណើត​លោកីយ៍​មក» (វិវរណៈ ១៣៖៨) យ៉ាងដូច្នេះ?

--------------------------------------------------------

«ឯ​អស់​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែលត្រូវ​គេ​សម្លាប់តាំង​ពី​កំណើត​លោកីយ៍​មក» (វិវរណៈ ១៣៖៨)។ តើខនេះមានន័យយ៉ាងដូចម្តេច?​ យើងត្រូវតែចាំថា វិវរណៈគឺជាកណ្ឌគម្ពីរមួយដែលប្រើរូបស័ព្ទ។​ បន្ទាប់មក យើងនឹងអាចយល់អំពីអត្ថន័យនៃខនេះ។ យើងបានដឹងហើយថា ព្រះយេស៊ូវមិនបានសុគតនៅលើឈើឆ្កាង រហូតទាល់តែរាប់ពាន់ឆ្នាំក្រោយមកទៀត បន្ទាប់ពីទ្រង់បង្កើតផែនដីរួច។ ដូច្នេះ ខនេះបានសំដែងថា ព្រះបានរៀបចំផែនការមួយ ដើម្បី សង្គ្រោះមនុស្សលោកមុនពេលដែលទ្រង់បង្កើតផែនដីនេះ។ ផ្នែកដែលសំខាន់បំផុតនៃផែនការនេះគឺជា ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ ព្រះយេស៊ូវគឺជាកូនចៀមរបស់ព្រះ។

តើ​ព្រះ​បាន​រៀបចំ​ផែនការ​យូរ​ប៉ុនណាដែរ ដើម្បីសង្គ្រោះពួកបាបជន? តើខគម្ពីរទីតុស១៖២ អាចជួយអោយយើងឆ្លើយទៅនឹងសំណួរនេះបានដោយរបៀបណា?

--------------------------------------------------------

«ព្រះមិនបានរៀបចំផែនការសង្គ្រោះមនុស្សលោកនេះនៅនាទីចុងក្រោយ បន្ទាប់ពីលោកអ័ដាម ធ្វើបាបនោះទេ . . . . ផែនការរបស់ព្រះ ដើម្បីសង្រ្គោះពួកបាបជនបានបង្ហាញអំពីក្បួនច្បាប់សំខាន់ៗ ដែលជាផ្នែកមួយនៃការគ្រប់គ្រងរបស់ទ្រង់តាំងតែពីដើមមកម្ល៉េះ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 22, adapted។

ជាដំបូង ព្រះបានបង្ហាញផែនការសង្គ្រោះរបស់ទ្រង់ដល់លោកអ័ដាម និងនាងអេវ៉ានៅក្នុងសួនច្បារអេដែន (លោកុប្បត្តិ ៣៖១៥, ២១)។ យើងបានឃើញផែនការនៃការសង្គ្រោះរបស់ទ្រង់នៅក្នុងសត្វទាំងអស់ដែលត្រូវបានសម្លាប់បូជាដល់ព្រះ។ យើងបានឃើញគំរូនៃផែនការសង្គ្រោះរបស់ព្រះនៅក្នុងការសាកល្បងនៃសេចក្តីជំនឿ ដែលព្រះបានដាក់អោយលោកអ័ប្រាហាំធ្វើ។ នៅចុងបញ្ចប់នៃការសាកល្បងរបស់លោកអ័ប្រាហាំ ព្រះបានបញ្ជូនចៀមឈ្មោលមួយ ដើម្បីយកមកសម្លាប់ជំនួសលោកអ៊ីសាកវិញ (លោកុប្បត្តិ ២២៖១១-១៣)។ សត្វជំនួសនេះបានបង្ហាញអំពីការសុគតនាពេលអនាគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាងជំនួសអំពើបាបរបស់យើង។​

ព្រះយេស៊ូវគឺជាអ្នកជំនួសរបស់យើង។​ ទ្រង់បានចេញថ្លៃលោះជំនួសអំពើបាបរបស់យើងជា មួយព្រះជន្មរបស់ទ្រង់។ សត្វទាំងអស់ដែលយកទៅថ្វាយដល់ព្រះនោះ គឺជារូបស័ព្ទតំណាងអោយការសុគតរបស់ព្រះយេស៊ូវទុកជា «កូន​ចៀម​នៃ​ព្រះដែល​ដោះ​បាប​មនុស្ស​លោក» (យ៉ូហាន ១៖២៩)។

មែនហើយ តង្វាយសត្វគឺជាការបង្ហូរឈាម និងពិបាកមើលជាទីបំផុត។ ប៉ុន្តែ តើហេតុអ្វីបាន ជាការបង្ហូរឈាម និងការស្លាប់ដ៏គួរអោយតក់ស្លុតនេះសំខាន់ម្ល៉េះ? តើការស្លាប់នៃសត្វដែលគ្មានកំហុសនេះបានបង្រៀនយើងអ្វីខ្លះ អំពីការសុគតរបស់ព្រះយេស៊ូវជំនួសយើង និងតម្លៃដ៏គួរអោយតក់ស្លុត ដែលទ្រង់ចេញថ្លៃលោះ ដើម្បីសង្គ្រោះយើងចេញពីអំពើបាបនេះ?

ថ្ងៃច័ន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២

ប្រសូតដើម្បីសុគត

តើពួកសិស្សរបស់ព្រះយេស៊ូវមានអារម្មណ៍យ៉ាងដូចម្តេច នៅពេលដែលពួកគេបានឮទ្រង់ប្រកាសថា ទ្រង់នឹងត្រូវរងទុក្ខ ហើយនិងត្រូវស្លាប់ដែរនោះ? តើអារម្មណ៍របស់ពួកគេបានបង្រៀនយើង យ៉ាងដូចម្តេច ពីការដែលយើងអាចនឹងយល់ខុសអំពីព្រះគម្ពីរនោះ?

ម៉ាថាយ ១៦៖២១-២៣ ----------------------

ម៉ាថាយ​១៧៖២២, ២៣; ម៉ាថាយ ៩៖៣០-៣២; លូកា ៩៖៤៤, ៤៥------------------------------------------

លូកា ១៨៖៣១-៣៤ ----------------------

ព្រះយេស៊ូវបានប្រសូតមក ដើម្បីសុគត។ ទ្រង់ត្រូវរស់នៅដើម្បីនឹងស្លាប់។ ព្រះយេស៊ូវបានជ្រាបថា ព្រះបានចាត់ទ្រង់អោយមកសុគតនៅលើឈើឆ្កាង។ ដូច្នេះ ព្រះយេស៊ូវមិនបានអនុញ្ញាតអោយអ្នកណាម្នាក់ ឬរបស់អ្វីមួយមក រារាំងទ្រង់ចេញពីការបំពេញកិច្ចការរបស់ទ្រង់នោះឡើយ។ «អ្វីៗគ្រប់យ៉ាងដែលបានកើតឡើងចំពោះព្រះយេស៊ូវ មុនការសុគតរបស់ទ្រង់នោះ ប្រៀបបានទៅនឹងសេចក្តីណែនាំ មួយដែលបានសរសេរនៅក្នុងទំព័រដើមនៃសៀវភៅមួយក្បាលអ៊ីចឹង។ សេចក្តីណែនាំនេះបានជួយអោយ អ្នកអានត្រៀមខ្លួនជាស្រេចសម្រាប់ទំព័រដែលនៅសេសសល់។ ទន្ទឹមគ្នានេះ មួយជីវិតរបស់ព្រះយេស៊ូវ គឺដើម្បីអោយទ្រង់ត្រៀមអង្គទ្រង់ជាស្រេច សម្រាប់ឈើឆ្កាង»។ ដកស្រង់ពី Ellen G. White, Fundamentals of Christian Education, page 382, adapted។

នៅឆ្នាំចុងក្រោយនៃកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដីនេះ ទ្រង់បានបកស្រាយដល់ពួកសិស្សរបស់ទ្រង់ថា ទ្រង់នឹងត្រូវស្លាប់។ ប៉ុន្តែ ពួកសិស្សរបស់ទ្រង់មិនព្រមទទួលស្គាល់ព្រះបន្ទូលរបស់ទ្រង់នេះឡើយ។​ ពួកគេបានជឿទៅលើគោលគំនិតខុសឆ្គងមួយអំពីព្រះអង្គសង្គ្រោះ។ គោលគំនិតខុសឆ្គងរបស់ពួកគេក៏បានធ្វើអោយពួកគេឈឺចាប់ និងរងទុក្ខផងដែរ។

ខណៈពេលដែលព្រះយេស៊ូវនៅក្នុងក្រុងសេសារា ភីលីពនៅឡើយនោះ ទ្រង់បានមានបន្ទូល ប្រាប់ពួកសិស្សរបស់ទ្រង់ថា «ទ្រង់​ត្រូវ​តែ​យាង​ទៅ​ឯ​ក្រុង​យេរូសាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​នៅ​ដៃ​នៃ​ពួក​ចាស់ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង តែ​ក្រោយ​៣​ថ្ងៃ​មក ទ្រង់​នឹង​មាន​ព្រះជន្ម​រស់ឡើង​វិញ» (ម៉ាថាយ ១៦៖២១)។ ក្រោយមកទៀត ព្រះយេស៊ូវបានយាងឆ្លងកាត់ស្រុកកាលីឡេ (ម៉ាកុស ៩៖៣០-៣២)។ នៅក្នុងអំឡុងនៃការធ្វើដំណើរឆ្លងកាត់ស្រុកកាលីឡេ និងដំណើរចុងក្រោយរបស់ទ្រង់ ទៅកាន់ក្រុងយេរូសាឡិមនេះ (លូកា ១៨៖៣១-៣៤) ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សរបស់ ទ្រង់ម្តងទៀត អំពីការសុគតរបស់ទ្រង់។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលអំពីចំណុចដែលទ្រង់មិនចង់អោយពួកគេឮ។ ដូច្នេះ ពួកគេមិនបានយកចិត្តទុកដាក់ស្តាប់នោះទេ។ យើងក៏ដូចជាពួកគេដែរ មែនទេ?

រាស្ត្រជ្រើសតាំងរបស់ព្រះមានគោលគំនិតខុសឆ្គងអំពីការយាងមកជាលើកទី១នៃព្រះអង្គសង្គ្រោះ។ តើអ្នកគ្រីស្ទាននៅសព្វថ្ងៃនេះបានជឿទៅលើគោលគំនិតខុសឆ្គងអ្វីខ្លះ អំពីការយាងមកជាលើកទី២នោះ?

ថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២

«ការ​ស្រេច​ហើយ»

សូមអាននៅក្នុងខគម្ពីរយ៉ូហាន ១៩៖១-៣០ អំពីការសុគតរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានមានបន្ទូលថា «ការស្រេចហើយ» (យ៉ូហាន ១៩៖៣០)។ តើហេតុអ្វីបានជាពាក្យពេចន៍ទាំងនេះសំខាន់ម្ល៉េះ? តើពាក្យពេចន៍ទាំងនេះមានន័យយ៉ាងដូចម្តេច?

--------------------------------------------------------

បទគម្ពីរយ៉ូហាន១៩ បានបង្ហាញប្រាប់យើងអំពីដង្ហើមចុងក្រោយរបស់ព្រះយេស៊ូវ មុនពេលដែលទ្រង់សុគតនៅលើឈើឆ្កាង។ ព្រះយេស៊ូវបានអធិស្ឋាននៅក្នុងសួនច្បារគែតសេម៉ានី។ បន្ទាប់មក ទ្រង់ត្រូវបានចាប់បញ្ចូលទៅឯសាលជំនុំជម្រះ។ ទ្រង់មិនបានទទួលនូវការកាត់ក្តីដោយយុត្តិធម៌នោះទេ។ បន្ទាប់មក ព្រះយេស៊ូវបានធ្វើដំណើរទៅសុគតនៅឯភ្នំកាល់វ៉ារី។ ពួកទេវតាអាក្រក់បានព្យាយាមរារាំងមិនអោយព្រះយេស៊ូវគោរពតាមព្រះអស់រយៈពេល១យប់ និង១ថ្ងៃ។ ខណៈដែលព្រះយេស៊ូវកំពុងតែព្យួរនៅលើឈើឆ្កាងនោះ ពួកមេដឹកនាំសាសនាបានសើចចំអកអោយទ្រង់។ ពួកគេបាននិយាយថា៖ «វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ បើ​សិន​ណា​វា​ជា​ស្តេច​សាសន៍​អ៊ីស្រាអែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មកនោះ​យើង​នឹង​ជឿ​ដល់​វា» (ម៉ាថាយ ២៧៖៤២)។

តើព្រះយេស៊ូវនៅមានអំណាច ដើម្បីនឹងយាងចុះពីឈើឆ្កាង និងសង្គ្រោះអង្គទ្រង់បានដែរឬទេ? ទ្រង់ពិតជាអាចធ្វើបាន។ ប៉ុន្តែ ព្រះយេស៊ូវមិនបានព្យាយាមសង្គ្រោះអង្គទ្រង់នោះទេ។ ទ្រង់គិតអំពីការសង្គ្រោះមនុស្សលោកជាងសង្គ្រោះអង្គទ្រង់។ ទ្រង់បានស្រឡាញ់មនុស្សលោកជាខ្លាំង រួមទាំងពួកមនុស្សដែលបានសើចចំអកដល់ទ្រង់ ខណៈដែលទ្រង់បានសុគតទៅហើយក៏ដោយ។ «ព្រះយេស៊ូវបានសុគតដើម្បីសង្គ្រោះពួកមនុស្ស ដែលបានសើចចំអកដល់ទ្រង់ ខណៈដែលទ្រង់តែបានព្យួរនៅលើឈើឆ្កាង។ ទ្រង់បានសុគតដើម្បីសង្គ្រោះពួកគេ។ ដូច្នេះ ព្រះយេស៊ូវបានបដិសេធមិនព្រមយាងចុះពីឈើឆ្កាង និងសង្គ្រោះអង្គទ្រង់នោះឡើយ។ ដែកគោលមិនបានទប់ព្រះយេស៊ូវទៅនឹងឈើឆ្កាងនោះទេ។ គឺសេចក្តីស្រឡាញ់ចំពោះពួកបាបជនវិញទេតើ ដែលបានទប់ព្រះយេស៊ូវនៅពេលនោះ»។ ដកស្រង់ពី Alfred Plummer, An Exegetical Commentary on the Gospel According to Saint Matthew (London: Elliot Stock, 1910), page 397, adapted។

ព្រះយេស៊ូវបានឈ្នះសង្គ្រាមទាស់នឹងសាតាំង និងនគររបស់វា។ តើដោយរបៀបណា? គឺតាមរយៈការរងទុក្ខរបស់ទ្រង់។ សាតាំងបានបង្កបញ្ហាអោយព្រះយេស៊ូវ ដែលនាំទ្រង់ទៅឯឈើឆ្កាង។ ខ្លួនសាតាំងផ្ទាល់ក៏បាននាំយូដាសអោយបែរមកទាស់នឹងព្រះយេស៊ូវផងដែរ (យ៉ូហាន ៦៖៧០; យ៉ូហាន ១៣៖២, ២៧)។ «សាតាំងបានធ្វើអោយព្រះយេស៊ូវសុគត។ ទន្ទឹមគ្នានេះ នៅពេលដែលព្រះយេស៊ូវសុគត នោះទ្រង់បែរជាឈ្នះសង្គ្រាមទាស់នឹងសាតាំងវិញ»។ ដកស្រង់ពី George E. Ladd, A Theology of the New Testament, revised edition (Cambridge, UK: Lutterworth Press, 1994), page 192, adapted។

នៅពេលដែលព្រះយេស៊ូវបន្លឺសំឡេងថា «ការស្រេចហើយ» (យ៉ូហាន ១៩៖៣០) មានរឿង២យ៉ាងបានកើតឡើង។ រឿងទី១ ការរងទុក្ខរបស់ទ្រង់នៅលើឈើឆ្កាងបានបញ្ចប់ហើយ។ រឿងទី២ ទ្រង់បានឈ្នះសង្គ្រាមពិភពលោកទាស់នឹងសាតាំង និងអំណាចនៃសេចក្តីអាក្រក់របស់វា។ «ពួកទេវតាទាំងអស់បានអបអរសាទរចំពោះជ័យជម្នះរបស់ព្រះអង្គសង្គ្រោះ។ សាតាំងបានចាញ់សង្គ្រាម ព្រមទាំងបាត់បង់នគររបស់វាផងដែរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 758, adapted។

អំពើបាបពិតជាអាក្រក់ណាស់ហើយ បានជាព្រះយេស៊ូវត្រូវសុគត ដើម្បីជួយសង្រ្គោះយើងនោះ។ តើ​សេចក្ដី​ពិត​នៃ​ព្រះគម្ពីរនៅត្រង់​នេះ​បង្រៀន​យើង​ថា អាកប្បកិរិយារបស់យើងមិនអាចសង្គ្រោះបានឡើយ?

ថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២

ទ្រង់បានសុគតសម្រាប់យើង

សូមអានខគម្ពីរយ៉ូហាន​ ៣៖១៤-១៨ និងរ៉ូម ៦៖២៣។ តើខទាំងនេះបានបង្រៀនយើងអ្វីខ្លះ អំពីការសុគតរបស់ទ្រង់សម្រាប់យើងនោះ?

--------------------------------------------------------

នៅពេលដែលព្រះយេស៊ូវបានទៅដល់ទន្លេយ័រដាន់ ដើម្បីជ្រមុជទឹកនោះ លោកយ៉ូហានបាទីស្ទបានប្រកាសថា៖ «នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះដែល​ដោះ​បាប​មនុស្ស​លោក» (យ៉ូហាន ១៖២៩)។ ការប្រកាសរបស់លោកយ៉ូហានបានបង្ហាញថា ព្រះយេស៊ូវគឺជាកូនចៀមដ៏មានព្រះជន្មរស់។ នៅក្នុងអំឡុងពេលនៃគម្ពីរសញ្ញាចាស់ សត្វទាំងអស់ដែលត្រូវសម្លាប់ទុកជាតង្វាយនោះ បានចង្អុលបង្ហាញអំពីការសុគតនាពេល អនាគតរបស់ព្រះយេស៊ូវ។ ប៉ុន្តែ ឈាមនៃសត្វទាំងនោះ មិនអាចដកហូតអំពើបាបបានឡើយ (ហេព្រើរ​ ១០៖៤)។ សេចក្តីអត់ឱនទោសដែលព្រះបានសន្យាតាមរយៈតង្វាយសត្វនេះគឺផ្នែកទៅលើការសុគតរបស់ព្រះយេស៊ូវទាំងស្រុង។ «បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើងពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង» (យ៉ូហាន ទី១ ១៖៩)។

សូមអានខគម្ពីរយ៉ូហាន ៣៖១៦, ១៧។ តើខទាំងនេះបានផ្តល់ក្តីសង្ឃឹមដ៏អស្ចារ្យអ្វីដែរដល់យើង?

--------------------------------------------------------

សូមគិតអំពីអ្វីៗគ្រប់យ៉ាងដែលខគម្ពីរយ៉ូហាន​ ៣៖១៦, ១៧ បានសន្យានឹងយើង។​ ព្រះយេស៊ូវ បានលះបង់ព្រះអង្គទ្រង់សម្រាប់យើងម្នាក់ៗ។ តើហេតុអ្វីបានជាព្រះដែលបានបង្កើតអ្វីៗគ្រប់យ៉ាងនេះ (យ៉ូហាន​១៖១-៣) សព្វព្រះឫទ័យនឹងស្លាប់ ដើម្បីយើងយ៉ាងដូច្នេះ? ទ្រង់បានសុគត ដើម្បីកុំអោយយើងត្រូវទទួលទោសនៃអំពើបាបរបស់យើង។ សេចក្តីពិតនៃព្រះគម្ពីរនេះគឺជាដំណឹងល្អមួយ។ ព្រះយេស៊ូវចង់ អោយយើងចែកចាយសេចក្តីពិតនេះជាមួយនឹងអ្នកដទៃ។

ព្រះយេស៊ូវបានប្រកាសថា៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ ព្រះរាជបុត្រា​ទ្រង់​តែ​១» (យ៉ូហាន ៣៖១៦) ដើម្បីសុគតជំនួសយើង។ យើងក៏មិនគួរភ្លេចថា គ្មានណាអ្នកម្នាក់បង្ខំអោយព្រះយេស៊ូវមកសុគតជំនួសយើងនោះដែរ។ ទ្រង់បានស្ម័គ្រចិត្តយាងមកសង្គ្រោះយើង (ហេព្រើរ ៩៖១៤)។ លោកម៉ាទីន លូធឺរ (Martin Luther) បានសរសេរថា «ឈើឆ្កាងប្រៀបដូចជាអាសនាយ៉ាងដូច្នេះដែរ។ ព្រះយេស៊ូវបានលះបង់ព្រះអង្គទ្រង់នៅលើអាសនានេះ។ ព្រះយេស៊ូវត្រូវបានបូជា ដោយភ្លើងនៃសេចក្តីស្រឡាញ់របស់ទ្រង់។ ភ្លើងនេះបានឆេះរោលរាលនៅក្នុងព្រះទ័យរបស់ព្រះយេស៊ូវ។​ ព្រះយេស៊ូវបានថ្វាយរូបកាយ និងលោហិតរបស់ទ្រង់ទុកជាតង្វាយដល់ព្រះវរបិតា។ ព្រះយេស៊ូវបានចូលទៅគាល់ព្រះ ដើម្បីសូមជំនួសសម្រាប់យើង។ ព្រះយេស៊ូវបានទូលអង្វរអោយព្រះសង្គ្រោះយើងជាមួយនឹងទឹកនេត្រាដ៏ក្តៅគគុករបស់ទ្រង់ (ហេព្រើរ ៥៖៧)»។ ដកស្រង់ពី Luther’s Works, volume 13 (St. Louis, MO: Concordia Publishing House, 1956), page 319, adapted។ ព្រះយេស៊ូវបានសុគតតែម្តងគត់ ដើម្បីសង្គ្រោះយើងទាំងអស់គ្នា (ហេព្រើរ ១០៖១០, ១២)។ តង្វាយរបស់ព្រះយេស៊ូវគឺពេញ ទៅដោយអំណាចក៏មិនចេះបាត់បង់សុពលភាពនោះដែរ។
លើសពីនេះទៅទៀតនោះ គឺថា៖ «តើយ៉ាងទៅវិញ ប្រសិនបើមានមនុស្សតែម្នាក់បានទទួលយកដំណឹងល្អវិញនោះ? តើព្រះយេស៊ូវនឹងសុគតសម្រាប់គេដែរឬទេ?​ ជាការពិតណាស់ ទ្រង់នឹងសុគតជំនួសគេ។ ព្រះយេស៊ូវនឹងជ្រើសរើសយកការរងទុក្ខ និងការស្លាប់សម្រាប់ព្រលឹងមួយនោះ»។ ដកស្រង់ ពី Ellen G. White, The Ministry of Healing, page 135, adapted។

តើលោកអ្នកអាចទទួលយកសេចក្តីសន្យានៅក្នុងខគម្ពីរយ៉ូហាន ៣៖១៦ ដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថន័យនៃឈើឆ្កាង

សូមអានខគម្ពីរកូរិនថូសទី១ ១៖១៨-២៤។ តើលោកប៉ុលបានមានប្រសាសន៍អំពីឈើឆ្កាងយ៉ាងដូចម្តេចដែរនៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាសារនេះសំខាន់ម្ល៉េះ សម្រាប់សម័យរបស់យើង?

--------------------------------------------------------

ក្នុងព្រះគម្ពីរ យើងបានឃើញថា ឈើឆ្កាងរបស់ព្រះយេស៊ូវគឺជាផ្នែកដ៏សំខាន់បំផុតនៃផែនការរបស់ព្រះដើម្បីសង្គ្រោះពួកបាបជន។ «យើងមិនអាចយល់អំពីទំហំនៃសេចក្តីស្រឡាញ់របស់ព្រះដែលបានបង្ហាញដល់មនុស្សលោក នៅត្រង់ឈើឆ្កាងនៃកាល់វ៉ារីបានឡើយ។ នៅត្រង់ឈើឆ្កាងព្រះយេស៊ូវ និងសេចក្តីស្រឡាញ់របស់ទ្រង់បានជួបជាមួយនឹងសាតាំង ហើយនិងភាពអាត្មានិយមរបស់វាមុខទល់នឹងមុខ»។ ដកស្រង់ពី Stephen N. Haskell, The Cross and Its Shadow (South Lancaster, MA: Bible Training School, 1914), page v, adapted។

ខណៈពេលដែលព្រះយេស៊ូវកំពុងតែលះបង់ព្រះអង្គទ្រង់សម្រាប់មនុស្សលោកនោះ សាតាំងបានធ្វើអោយទ្រង់រងនូវការឈឺចាប់ដ៏ធ្ងន់បំផុត។ ព្រះយេស៊ូវមិនត្រឹមតែរងនូវការស្លាប់ជាលើកទី១ ដែលមនុស្សគ្រប់គ្នាត្រូវស្លាប់នោះទេ។ ព្រះយេស៊ូវថែមទាំងបានរងនូវការស្លាប់ជាលើកទី២ផងដែរ។ អ្នកណា ដែលបានទទួលយកព្រះយេស៊ូវនោះ មិនចាំបាច់រងនូវការស្លាប់ជាលើកទី២នេះឡើយ។

ឈើឆ្កាងបង្រៀនយើងអំពីសេចក្តីពិតនៃព្រះគម្ពីរសំខាន់ៗជាច្រើន គឺថា៖ (១) ឈើឆ្កាងបានបង្ហាញយើងអំពីការដាក់ទោសរបស់ព្រះទាស់ទៅនឹងអំពើបាប (រ៉ូម ៣៖២១-២៦)។ (២) ឈើឆ្កាងបានបង្ហាញយើងអំពីសេចក្តីស្រឡាញ់របស់ព្រះសម្រាប់ពួកបាបជន (រ៉ូម ៥៖៨)។ (៣) ឈើឆ្កាងបានផ្តល់កម្លាំងដល់យើងដើម្បីដោះ «ច្រវ៉ាក់» នៃអំពើបាបចេញ (រ៉ូម ៦៖២២, ២៣; កូរិនថូសទី១ ១៖១៧-២៤)។(៤) ឈើឆ្កាងគឺជាក្តីសង្ឃឹមនៃជីវិតអស់កល្បតែមួយគត់របស់យើង (ភីលីព ៣៖៩-១១; យ៉ូហាន ៣៖១៤-១៦; យ៉ូហានទី១ ៥៖១១, ១២)។ ហើយ (៣) ឈើឆ្កាងគឺជារបស់តែមួយគត់ដែលនឹងបញ្ឈប់ពួកមនុស្ស និងពួកទេវតាចេញពីការចាប់ផ្តើមសង្គ្រាមមួយទៀតទាស់នឹងការគ្រប់គ្រងរបស់ព្រះ (វិវរណៈ ៧៖១៣-១៧; វិវរណៈ ២២៖៣)។

បើគ្មានជំនួយរបស់ព្រះនោះទេ​ មនុស្សមានប្រាជ្ញាមិនអាចរៀននូវសេចក្តីពិតនៃព្រះគម្ពីរសំខាន់ៗ អំពីឈើឆ្កាងបានឡើយ។ ក៏គ្មានចម្ងល់អ្វីដែរដែលអ្នក «មានប្រាជ្ញា» ទាំងនេះនឹងគិតថា ការបង្រៀនអំពីឈើឆ្កាងគឺជារឿងល្ងីល្ងើមួយប៉ុណ្ណោះ។ បើដូច្នេះមែន តើយើងគួរតែភ្ញាក់ផ្អើលនៅពេលដែលមនុស្ស «មានប្រាជ្ញា» ជាច្រើននាក់មិនជឿថា មានព្រះបង្កើតផែនដី និងផ្ទៃមេឃនេះដែរឬទេ?

ពាក្យ «ហ្វូ៊ល (fool)» ជាភាសាអង់គ្លេស ប្រែមកពីពាក្យ «ហ្វូ៊លីស (foolish) ជាភាសាក្រេក។ ការអធិប្បាយអំពីឈើឆ្កាងគឺជា «សេចក្តីល្ងីល្ងើ (ហ៊្វូលីស)» មួយសម្រាប់ «ពួកអ្នកប្រាជ្ញ» នៅលើផែនដីនេះ។ ពួកគេមិនអាចដឹងអំពីព្រះយេស៊ូវ ឬព្រះគុណរបស់ទ្រង់ដែលប្រទានមកដល់យើងនៅលើឈើឆ្កាងបានឡើយ។

ការបង្រៀនរបស់ពួកអ្នកប្រាជ្ញបានជួយដល់យើងជាអនេក។ ប៉ុន្តែ តើហេតុអ្វីបានជាយើងមិន ត្រូវបណ្តោយអោយប្រាជ្ញារបស់ពួកគេចូលមកជ្រៀតជ្រែកយើង និងព្រះយេស៊ូវដែលបានប្រើ «សេចក្តី​ ល្ងីល្ងើ . . [ទុក] . . ជា​ការ​ប្រកាស​ដំណឹង​ល្អ» វិញនោះ (កូរិនថូសទី១ ១៖២១)?

ថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “Gethsemane,” page 685-697; “Calvary,” pages 741-757, in The Desire of Ages; “Repentence,” page 27, in Steps to Christ។

«ខ្ញុំបានឃើញគ្រប់គ្នានៅស្ថានសួគ៌ចង់អោយខ្ញុំបានសង្គ្រោះ។ តើគោលគំនិតនេះមិនគួរអោយ យើងខ្វល់អំពីការបានសង្គ្រោះទេឬអី? តើគោលគំនិតនេះមិនគួរការពារយើងពីការមិនខ្វល់ខ្វាយទេឬអី? ការដែលបានសង្គ្រោះ ឬមិនបានសង្គ្រោះមានសារៈសំខាន់ជាទីបំផុតសម្រាប់យើង។ តើយើងមិនខ្វល់អំពីរបៀបដែលព្រះបានប្រទានមក ដើម្បីសង្គ្រោះយើងទេឬអី? មនុស្សខ្លះមិនខ្វល់ខ្វាយអំពីចំណុចទាំង នេះឡើយ។ ពួកគេក៏មិនបានអរព្រះគុណចំពោះសេចក្តីមេត្តារបស់ព្រះនោះដែរ។ ព្រះបានជ្រួញចិញ្ចើម នឹងពួកគេ។ ព្រះវិញ្ញាណរបស់ព្រះមិនគង់នៅជាមួយនឹងយើងនោះទេ ប្រសិនបើយើងមិនចង់ទទួលយកទ្រង់។ ប្រសិនបើយើងធ្វើអោយព្រះវិញ្ញាណមិនសព្វព្រះទ័យនោះ ទ្រង់នឹងយាងចេញពីយើងទៅ ពីព្រោះយើងមិនបានអរព្រះគុណព្រះនូវអ្វីៗគ្រប់យ៉ាង។ ព្រះបានធ្វើកិច្ចការជាច្រើនដើម្បីសង្គ្រោះមនុស្សលោក។ ប្រសិនបើពួកគេបង្ហាញថា ពួកគេមិនចង់ទទួលយកសេចក្តីមេត្តារបស់ព្រះនោះ នៅចុងបំផុត ពួកគេនឹងត្រូវស្លាប់ទៅ។ នៅពេលដែលពួកគេស្លាប់ទៅ ពួកគេនឹងទទួលរងនូវការឈឺចាប់ទាំងអស់ដែលព្រះ បានទទួលនៅលើឈើឆ្កាង។ នៅពេលនោះ មនុស្សមិនបានសង្គ្រោះទាំងនេះ នឹងបានយល់អំពីអ្វីៗគ្រប់យ៉ាងដែលពួកគេបាត់បង់ គឺជាជីវិតអស់កល្ប និងសម្បត្តិនៃស្ថានសួគ៌។ តង្វាយដ៏អស្ចារ្យរបស់ព្រះយេស៊ូវសម្រាប់អំពើបាបរបស់យើងនេះ បានបង្ហាញយើងអំពីទំហំនៃតម្លៃរបស់មនុស្សលោក។ នៅពេលដែលព្រលឹងដ៏មានតម្លៃម្នាក់បានបាត់បង់ទៅហើយនោះ ពួកគេនឹងបាត់បង់ជារៀងរហូតតទៅ»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 1, page 124, adapted។

សំនួរពិភាក្សា៖
  1. ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍ថា «ដ្បិត​ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល នោះពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ» (ហេព្រើរ ១០៖៤)។ តើហេតុអ្វីបានជាពួកគេនៅតែថ្វាយតង្វាយ ប្រសិនបើតង្វាយទាំងនេះមិនបានសង្គ្រោះអ្នកដែលថ្វាយនោះ?

  2. បើព្រះយេស៊ូវបានសុគតជំនួសអំពើបាបនៃមនុស្សគ្រប់គ្នាទៅហើយនោះ ហេតុអ្វីបានជាមនុស្សមិនសង្គ្រោះទាំងអស់? តើហេតុអ្វីបានជាជម្រើសរបស់យើងម្នាក់ៗ សំខាន់ម្ល៉េះ សម្រាប់ការសម្រេចព្រះទ័យ របស់ព្រះនោះ? សូមអានខគម្ពីរកូរិនថូសទី២ ៥៖១៨-២១ សម្រាប់ចម្លើយ។

  3. តើអ្នកប្រាជ្ញនៅលើផែនដីនេះបានបង្រៀនអំពីគោលគំនិតល្ងង់ខ្លៅអ្វីខ្លះ? តើគោលគំនិតដែលថា ជីវិតនេះបានចាប់ផ្តើមឡើងដោយភាពចៃដន្យនោះយ៉ាងដូចម្តេចដែរ? ឬថា ផែនដីនេះ ផ្កាយ និងភពទាំងអស់សុទ្ធតែបានកើតឡើងដោយខ្លួនឯងនោះ? តើមានលោកអ្នកអាចគិតឃើញឧទាហរណ៍នៃគោលគំនិតល្ងង់ខ្លៅដទៃទៀតអ្វីខ្លះ?

រឿងខ្លី

ត្រូវបែរកំផ្លៀងម្ខាងទៅអោយគេទៀត

Jeans

លោកអូម៉ា​ ​(Omar) ដែលជាសិស្សសាកលវិទ្យាល័យនៅមជ្ឈិមបូព៌ា ត្រូវការការងារមួយជាចាំបាច់ ប៉ុន្តែ គាត់មិនដឹងថា ត្រូវធ្វើយ៉ាងណាដើម្បីអោយគេជួលនោះឡើយ។ ក្នុងអំឡុងពេលនៃកិច្ចសម្ភាសន៍ការងារ គាត់បានប្រាប់អ្នកតំណាងក្រុមហ៊ុនដោយបើកចំហថា គាត់មិនអាចធ្វើការនៅថ្ងៃសៅរ៍បានទេ ដោយសារតែថ្ងៃនោះគឺជាថ្ងៃបរិសុទ្ធរបស់គាត់។ អ្នកតំណាងក្រុមហ៊ុនមិនបានពិចារណាអ្វីឡើយ។ អ្នកតំណាងបានតបថា «បើអ៊ីចឹងមែន ពួកយើងមិនត្រូវការអ្នកឡើយ»។ នេះគឺជាការពិត។ អាត្រានៃអ្នកអត់ការងារធ្វើនៅក្នុងស្រុកខ្ពស់មែនទែន ដូច្នេះ ក្រុមហ៊ុនមិនចាំបាច់ជួលលោកអូម៉ានោះឡើយ។ មនុស្សជាច្រើនកំពុងស្វែងរកការងារ ដូច្នេះ ការស្វែងរកអ្នកណាម្នាក់ដែលចង់ធ្វើការនៅថ្ងៃសៅរ៍នោះ គឺជារឿងងាយស្រួលជាទីបំផុត។

លោកអូម៉ាបានចាកចេញពីការិយាល័យនៃក្រុមហ៊ុនទាំងសោកសៅ។ លោកអូម៉ាគឺជាអ្នកជំនឿថ្មីដែលទើបតែថ្វាយជីវិតរបស់គាត់ដល់ព្រះយេស៊ូវ កាលពីប៉ុន្មានថ្ងៃមុន។ គាត់បានចូលរួមជាមួយនឹងអ្នកជឿដទៃទៀត អស់រយៈពេល៦ឆ្នាំ ព្រមទាំងបានសិក្សាព្រះយេស៊ូវ មុនពេលដែលគាត់បានធ្វើការសម្រេចចិត្តទៀតផង។​ បន្ទាប់ពីការបដិសេធការងាររួចមក គាត់បានទិញរទេះកង់បី ទាំងគិតថា នឹងរកលុយតាមការលក់ស៊ីមិត (simit) ដែលជាប្រភេទនំប៉័ងមួយ ដែលមានរាងមូលគ្របទៅដោយគ្រាប់ល្ង។ សេចក្តីជំនឿរបស់គាត់បានប៉ះពាល់ចិត្តមិត្តភក្តិរបស់គាត់ ដែលបានរក្សានូវថ្ងៃសប្បាតហ៍ ពួកគេក៏ចាប់ផ្តើមអធិស្ឋានជូនគាត់។

ប៉ុន្មានថ្ងៃក្រោយមក លោកអូម៉ាបានប្រកាសដោយក្តីរំភើបថា ក្រុមហ៊ុនបានទូរស័ព្ទហៅគាត់ទៅវិញថែមទាំងផ្តល់ការងារមួយឈប់នៅថ្ងៃសៅរ៍ដល់គាត់ផងដែរ។ គាត់​បានរំភើប​ចិត្ត​ជា​ខ្លាំង ​ដែល​គាត់​សម្រេច​ចិត្តថា នឹង​ស្វែង​រក​មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ប្រាប់​គេអំពីព្រះគ្រីស្ទ។

កំពុងតែគាស់កំប៉ុងភេសជ្ជៈនៅក្នុងហាងកាហ្វេមួយប៉ុន្មានថ្ងៃក្រោយទៀតនោះគាត់ និងបុរសចំណាស់ម្នាក់បានចាប់ផ្តើមជជែកគ្នាអំពីសាសនា។ លោកអូម៉ាបានចែកចាយអំពីដំណើរជីវិតរបស់គាត់ពីអ្នកកាន់គម្ពីរបរិសុទ្ធតាមប្រពៃណីគ្រួសាររបស់គាត់មកជាអ្នកកាន់ព្រះគម្ពីរប៊ីបវិញ ព្រមទាំងបានចែកចាយអំពីសេចក្តីសុខសាន្តដ៏អស្ចារ្យមួយដែលគាត់បានរកឃើញផងដែរ។ នៅពេលដែលលោកអូម៉ាដើរចេញពីហាងកាហ្វេនោះ​ បុរសម្នាក់ដែលបានឮពីការសន្ទនានៅក្បែរនោះ បានដើរតាមគាត់។​ បុរសម្នាក់នោះបានស្រែកឡើងថា «ឯងកើតនៅក្នុងប្រទេសនេះ ហើយក៏ដឹងរឿងច្រើនណាស់ដែរ ហេតុអ្វីបានជាមិនចេះខ្មាសខ្លួនឯងទាល់តែសោះ?»។ បុរសម្នាក់នោះបានចាប់ផ្តើមលើកដៃវាយលោកអូម៉ា។

ក្រោយមកទៀត នៅថ្ងៃនោះដដែល មិត្តភក្តិរក្សាថ្ងៃសប្បាតហ៍ម្នាក់បានទូរស័ព្ទទៅលោកអូម៉ា គាត់បានស្វាគមន៍ដោយក្តីរីករាយទាំងភ្នែកជាំហើម។ មិត្តភក្តិម្នាក់នោះបាននិយាយថា «ឯងអាចទូរស័ព្ទ ប្តឹងប៉ូលិសបាន»។ លោកអូម៉ាបាននិយាយថា «ខ្ញុំអាចទូរស័ព្ទប្តឹងប៉ូលិសបាន ប៉ុន្តែ ព្រះយេស៊ូវបានបង្គាប់អោយយើងបែរកំផ្លៀងម្ខាងទៀតអោយគេ។ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​ថ្លែង​ទុក​ថា ‘ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​តតាំង​នឹង​អំពើ​អាក្រក់​ឡើយ បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​នៃ​អ្នក នោះ​ត្រូវ​តែ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត’» (ម៉ាថាតយ ៥៖៣៨, ៣៩)។

អំណានដង្វាយប្រចាំសប្តាហ៍

ចូរសូមសេចក្តីសន្យាពីទ្រង់ចុះ

យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានដែលយើងមានដោយសារតែការនេះបានដាក់យើងទៅក្នុងលក្ខខណ្ឌនៃការទូលសូមសេចក្តីសន្យាពីទ្រង់។ ព្រះគម្ពីរមានពេញទៅដោយសារសេចក្តីសន្យា។ លោកអេវឺរេត អ ស្ទូម (Everette R. Storms) បានចំណាយអស់រយៈពេល១ឆ្នាំកន្លះ ដើម្បីនឹងរាប់សេចក្តីសន្យាទាំងអស់នៅក្នុងព្រះគម្ពីរ ហើយបានឃើញថា មានសេចក្តីសន្យាចំនួន៧៤៨៧ ដែលព្រះបានតាំងឡើងជាមួយនឹងមនុស្សលោក។ សេចក្តីសន្យារបស់ព្រះមានលក្ខណៈពិសេស៣យ៉ាង៖ (១) សេចក្តីសន្យាទាំងនោះគឺជាការពិត (២) មនុស្សលោកអាចសូមសេចក្តីសន្យាទាំងនោះបាន ហើយ (៣) សេចក្តីសន្យាទាំងនោះក៏ភ្ជាប់មកជាមួយនឹងលក្ខខណ្ឌផងដែរ។ លោកប៉ុលបានសរសេរ អំពីជំនឿចិត្តរបស់គាត់ចំពោះសេចក្តីសន្យារបស់ព្រះយ៉ាងដូច្នេះថា៖ «ដ្បិត​ទោះ​បើ​មាន​សេចក្តី​សន្យា​របស់​ព្រះ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​សុទ្ធ​តែ​ជា «បាទ»ក្នុង​ទ្រង់ ហើយ«អាម៉ែន»ក្នុង​ទ្រង់​ដែរ» (កូរិនថូសទី២ ១៖២០)។ នៅពេលដែលព្រះមានបន្ទូលថា «បាន» នោះគ្មានអ្នកណាអាចនិយាយថា «មិនបាន» នោះឡើយ។ សេចក្តីសន្យាខ្លះក៏មានលក្ខខណ្ឌនៃសេចក្តីជំនឿ និងការគោរពតាមដែលជាតម្រូវការសំខាន់ទាំង២យ៉ាងផងដែរ (ម៉ាថាយ​ ២១៖២២; អេសាយ ៥៩៖២)។ ទាក់ទងទៅនឹងការគោរពតាមនេះ អ្នក ស្រីអែល្លីន ជីវ៉ៃត៍បានសរសេរថា៖ «អ្នកណាដែលបានគោរពតាមទ្រង់នោះ ពួកគេអាចនឹងសូមអោយ ទ្រង់បំពេញសេចក្តីសន្យារបស់ទ្រង់ដោយភាពជឿជាក់បាន»។ ដកស្រង់ពី Christ’s Object Lesson, p.145។ ឧបទ្ទវហេតុនៅក្នុងជីវិតរបស់លោកហ្វ្រេដ ស្ទៀវល់ (Fred Stirewalt) ដែលជាកសិករម្នាក់មកពីទីក្រុងហូលីស្ទ័រ (Hollister) នៃរដ្ឋកាលីហ្វរញ៉ា បានបង្ហាញអំពីតម្លៃនៃការគោរពតាមព្រះ តាមរយៈការសូមសេចក្តីសន្យាពីព្រះ។​ ល្ងាចមួយ លោកហ្វ្រេដបានសង្កេតឃើញថា ចំការរបស់គាត់ពេញទៅដោយ អណ្តើតមាសយ៉ាងសន្ធឹក។​ ភ្លាមនោះ​គាត់បានដឹងអំពីលទ្ធផលនៃគ្រោះមហន្តរាយនេះយ៉ាងច្បាស់ គឺថា សត្វល្អិតទាំងនេះនឹងស៊ីដំណាំទាំងអស់គ្មានសល់អ្វីឡើយ។ ដោយមិនអាចធ្វើអ្វីបាននោះ គាត់ក៏ទៅនិយាយជាមួយនឹងកូនស្រីហេលេនរបស់គាត់ទាំងពិបាកចិត្ត។ នាងហេលេនបានសួរគាត់ថា «ប៉ាបាន ដាក់តង្វាយ១០ហូត១ហើយឬនៅ?»។ គាត់បានឆ្លើយថា «ប៉ាបានដាក់ហើយកូន»។ នាងហេលេនក៏និយាយទៀតថា «បើប៉ាបានដាក់តង្វាយ១០ហូត១ហើយនោះ ប៉ាគួរតែសូមអោយព្រះរក្សាសេចក្តីសន្យារបស់ទ្រង់ ដោយបណ្តេញពួកអណ្តើកមាសទាំងនេះអោយចេញពីចំការយើងទៅ»។ ដោយភាពជឿជាក់ទៅលើពាក្យទាំងនេះ ពួកគេបានលុតជង្គង់អធិស្ឋានសូមសេចក្តីសន្យានៃខគម្ពីរម៉ាឡាគី ៣៖១០, ១១ វិញ ដែលបានសំដែងថា «ចូរ​នាំ​យក​តង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បងល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ នៃ​ពួក​ពលបរិវារ»។ បន្ទាប់បានអធិស្ឋានហើយនោះ​ ពួកគេបានឃើញហ្វូងនៃពួកចាបខ្មៅហើរពីលើចំការរបស់ពួកគេ។ ពួកចាបខ្មៅគ្រាន់តែហើរពីចំការរបស់គាត់មួយស្របក់ខ្លីប៉ុណ្ណោះ សម្រាប់តែបាត់ពួកអណ្តើកមាសទៅណាអស់។​ ព្រះមាននគរស្ថានសួគ៌ ដែលពេញទៅដោយព្រះពរសម្រាប់អស់អ្នកណាដែលគោរពតាមទ្រង់។ សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើងតាមសេចក្តីសន្យានោះ​ មានន័យថា​ យើងកំពុងតែដាក់ខ្លួនយើងនៅក្នុងលក្ខខណ្ឌមួយនៃការសូមសេចក្តីសន្យាពីទ្រង់ហើយ។

សេចក្តីអំពាវនាវ៖
«ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ល្អ​ចុះ មាន​ពរ​ហើយមនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់» (ទំនុកដំកើង ៣៤៖៨)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់​ចំពោះសេចក្តីសន្យារបស់ទ្រង់ខាងឯវិញ្ញាណ ព្រមទាំងព្រះពរជាបណ្តុះអាសន្ននេះផង។ សូមទ្រង់ប្រទានសេចក្តីសន្យា និងព្រះពររបស់ទ្រង់នេះមកលើជីវិតរបស់ទូលបង្គំផង។ សូមទ្រង់ដកហូតនូវភាពមន្ទិលសង្ស័យ និងភាពមិនស្មោះត្រង់ទាំងអស់ដែលអាចជាឧបសគ្គរារាំងទូលបង្គំនោះចេញពីទូលបង្គំផង។ ​

Powered by CAM