អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ហេព្រើរ ៦៖៤, ៥; រ៉ូម ៦៖៥; កាឡាទី ៥៖២៤; ហេព្រើរ ១០៖២៦-២៩; ហេព្រើរ ៦៖៩-១២។
ក្នុងបទគម្ពីរហេព្រើរ ១-៤ លោកប៉ុលបានបកស្រាយអំពីកិច្ចការដែលព្រះយេស៊ូវកំពុងតែ ធ្វើសម្រាប់យើងនៅស្ថានសួគ៌។ បន្ទាប់មក លោកប៉ុលបានប្តូរប្រធានបទនៅក្នុងខគម្ពីរហេព្រើរ ៥៖ ១១-៦៖២០។ ក្នុងខទាំងនេះ លោកប៉ុលបានផ្តល់នូវការដាស់តឿនយ៉ាងតឹងរុឹងដល់អ្នកអានរបស់គាត់។ ពួកគេកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការបាត់បង់សេចក្តីជំនឿ។
លោកប៉ុលបានប្រាប់អ្នកអានរបស់គាត់កុំអោយបែរចេញពីព្រះយេស៊ូវ។ លោកប៉ុលបានព្រួយបារម្ភខ្លាចអ្នកអានរបស់គាត់បាត់បង់សេចក្តីជំនឿ ដោយសារតែបញ្ហាទាំងអស់របស់ពួកគេ និងការសង្វេគខ្លួនរបស់ពួកគេ។ ពួកគេមិនត្រូវឈប់សម្លឹងមើលរឿងល្អៗទាំងអស់ដែលព្រះយេស៊ូវបានធ្វើសម្រាប់ពួកគេនោះទេ។ បើមិនដូច្នោះទេ សេចក្តីជំនឿ និងចំណេះដឹងរបស់ពួកគេអំពីព្រះយេស៊ូវ នឹងមិនលូតលាស់ទៀតឡើយ។
យើងទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងថ្នាក់នៃការបាត់បង់សេចក្តីជំនឿនៅពេលណាមួយមែនទេ? ការដាស់តឿនពីលោកប៉ុលបានបញ្ចប់ជាមួយនឹងឱវាទនៃការលើកទឹកចិត្តដោយក្តីស្រឡាញ់។ លោកប៉ុលបានប្រាប់អ្នកអានរបស់គាត់ថា គាត់បានជឿជាក់លើពួកគេ។ លោកប៉ុលក៏បានបង្ហាញដល់ អ្នកអានរបស់គាត់ផងដែរថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះដែលព្រះបានសន្យាថា នឹងចាត់អោយមក។ សេចក្តីសន្យានេះមិនអាចបំបែកបានឡើយ (ហេព្រើរ ៦៖៩-២០)។ ក្នុងខគម្ពីរហេព្រើរ ១០៖២៦-៣៩ លោកប៉ុលបានផ្តល់ឱវាទនៃការដាស់តឿន និងការលើកទឹកចិត្ត។ សប្តាហ៍នេះ យើងនឹងសិក្សាបទគម្ពីរហេព្រើរ ៦ និង១០ រួមទាំងឱវាទនៃការលើកទឹកចិត្តទាំងនេះផងដែរ។
ថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២
ការភ្លក់នូវសេចក្តីល្អៗពីព្រះ
តើអំណោយទានល្អៗអ្វីខ្លះ ដែលព្រះយេស៊ូវបានប្រទានដល់អ្នកជឿដែលស្តាប់បង្គាប់ទ្រង់នោះ? សម្រាប់ចម្លើយសូមអានខគម្ពីរហេព្រើរ ៦៖៤, ៥។
--------------------------------------------------------
លោកប៉ុលបានមានប្រសាសន៍អំពីមនុស្សកាលពីមុនដែល «បានទទួលពន្លឺ» (ហេព្រើរ ៦៖៤, គខប)។ «ពន្លឺ» បង្ហាញយើងថា ពួកគេបានស្គាល់សេចក្តីពិតនៃព្រះគម្ពីរ។ មនុស្សបានបែរចេញពីសាតាំង និង «សេចក្តីងងឹត» របស់វាទៅរក «ពន្លឺ» មកពីព្រះ (កិច្ចការ ២៦៖១៧, ១៨)។ «ពន្លឺ» ក៏បានបង្ហាញ យើងថា ព្រះបានរំដោះយើងចេញពីអំពើបាប (អេភេសូរ ៥៖១១) និងចេញពី «សេចក្តីងងឹត» ផងដែរ (ថែស្សាឡូនីចទី១ ៥៖៤, ៥)។ «សេចក្តីងងឹត» គឺជារូបស័ព្ទមួយតំណាងអោយមនុស្សដែលមិនយល់។ តើលោកអ្នកឃើញកិរិយាស័ព្ទដែលសរសេរ «បានទទួលពន្លឺ» នៅក្នុងខគម្ពីរហេព្រើរ ៦៖៤ ដែរឬទេ? កិរិយាស័ព្ទនេះបង្ហាញយើងថា ចំណេះដឹងរបស់យើងអំពីព្រះមានប្រភពមកពីព្រះយេស៊ូវ។ ព្រះយេស៊ូវ «ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ» (ហេព្រើរ ១៖៣)។
លោកប៉ុលក៏បានមានប្រសាសន៍ផងដែរថា មនុស្សកាលពីមុន «បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ» (ហេព្រើរ ៦៖៤)។ ពួកគេបាន «ភ្លក់អំណោយទាននៃស្ថានសួគ៌» (ហេព្រើរ ៦៖៤)។ ពាក្យសរសេរថា «ស្ថានសួគ៌» បង្ហាញយើងថា អំណោយទានមានប្រភពចេញមកពីព្រះ។ តើអំណោយទាននេះគឺជាអ្វី? មនុស្សដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធបានភ្លក់អំណោយទាននៃព្រះគុណ (រ៉ូម ៥៖១៥; យ៉ូហាន ៧៖៣៦-៣៩; កូរិនថូសទី១ ១២៖១៣)។ ព្រះគុណនេះក៏បានប្រទានកម្លាំងអោយយើងរស់នៅដើម្បីព្រះផងដែរ។ ព្រះវិញ្ញាណរបស់ទ្រង់នឹងសណ្ឋិតនៅក្នុងយើង ហើយនិងគ្រប់គ្រងយើង។ អាកប្បកិរិយារបស់យើងនឹងផ្លាស់ប្តូរទៅ។ បន្ទាប់មក យើងនឹងបានជាបរិសុទ្ធ (កាឡាទី ៥៖២២, ២៣)។
ពាក្យដែលសរសេរថា «បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ» (ហេព្រើរ ៦៖៥) បានបង្ហាញយើងអំពីសេចក្តីពិតនៃព្រះគម្ពីរដទៃទៀត។ កាលណាព្រះវិញ្ញាណសណ្ឋិតនៅក្នុងយើង យើងនឹងបាន «ដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន» (ពេត្រុសទី១ ២៖២, ៣)។ ក្នុងខគម្ពីរហេព្រើរ ៦៖៥ ពាក្យសរសេរថា ពួកគេបាន «ស្គាល់ឫទ្ធានុភាពទាំងឡាយនៃបរលោក» បង្ហាញយើងអំពីការអស្ចារ្យនាពេលអនាគតដែលព្រះនឹងធ្វើ។ ព្រះនឹងដាស់យើងពីស្លាប់ឡើងវិញ (យ៉ូហាន ៥៖២៤, ២៨, ២៩)។ ទ្រង់នឹងផ្លាស់ប្តូររូបកាយរបស់យើង ដើម្បីអោយយើងអាចរស់នៅជារៀងរហូត។ ឥឡូវនេះ ពួកគ្រីស្ទានប្រហែលជាបានរីករាយជាមួយនឹង «រសជាតិ» ដ៏តូចមួយនៃអំណោយទានទាំងនេះខ្លះហើយ។ តើដោយរបៀបណា? នោះគឺថា ព្រះយេស៊ូវបានប្រទាននូវការគិតបែបថ្មីមួយដល់យើង (រ៉ូម ១២៖២) និងជីវិតថ្មីមួយនៅក្នុងទ្រង់ (កូឡូស ២៖១២, ១៣)។
នៅពេលដែលលោកប៉ុលសរសេរបទគម្ពីរហេព្រើរ ៦ ជាពិតណាស់ គាត់បានគិតអំពីសាសន៍ អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន។ ព្រះបានប្រទានអំណោយទានជាច្រើនដល់សាសន៍អ៊ីស្រាអែលដូចជា៖ ព្រះគុណ ចំណេះដឹង (នេហេមា ៩៖១២, ១៩; ទំនុកដំកើង ១០៥៖៣៩) នំប័ុងពីស្ថានសួគ៌ (និក្ខមនំ ១៦៖១៥) ព្រះវិញ្ញាណរបស់ទ្រង់ (នេហេមា ៩៖២០) និងបទទំនាយ (យ៉ូស្វេ ២១៖៤៥)។ ព្រះបានប្រទាន «រសជាតិ» មួយនៃស្ថានសួគ៌ដល់សាសន៍អ៊ីស្រាអែល នៅពេលដែលទ្រង់បានរំដោះពួកគេចេញពីស្រុកអេស៊ីព្ទមក (កិច្ចការ ៧៖៣៦)។ ប៉ុន្តែ សាសន៍អ៊ីស្រាអែលបានបែរចេញពីព្រះ (ជនគណនា ១៤៖១-៣៥)។ លោកប៉ុលបានដាស់តឿនអ្នកអានរបស់គាត់ថា ពួកគេកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការធ្វើរឿងដដែលនេះ។
តើលោកអ្នកបានភ្លក់អំណោយទានដែលលោកប៉ុលបានមានប្រសាសន៍យ៉ាងដូចម្តេចដែរ?
ថ្ងៃច័ន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២
ពួកអ្នកដែលមិនអាចត្រឡប់មកឯព្រះម្តងទៀត
សូមអានខគម្ពីរហេព្រើរ ៦៖៤-៦; ម៉ាថាយ ១៦៖២៤; រ៉ូម ៦៖៦; កាឡាទី ២៖២០; កាឡាទី ៥៖២៤ និងកាឡាទី ៦៖១៤។ ខទាំងនេះបានចែងអំពីការឆ្កាងព្រះយេស៊ូវរបស់យើងទៅនឹងឈើឆ្កាង និងការជីវិតចាស់របស់យើងទៅនឹងឈើឆ្កាង។ ខគម្ពីរខ្លះបានចែងអំពីការផ្ទុកឈើឆ្កាងរបស់យើង។ តើរូបស័ព្ទទាំងអស់នេះបង្ហាញយើងយ៉ាងដូចម្តេច? តើការឆ្កាងព្រះយេស៊ូវទៅនឹងឈើឆ្កាងម្តងទៀតមានន័យយ៉ាងដូចម្តេច?
--------------------------------------------------------
នៅពេលមនុស្ស «បែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះ គេមុខជាពុំអាចកែប្រែចិត្តគំនិតសាជាថ្មីម្ដងទៀតឡើយ» (ហេព្រើរ ៦៖៦, គខប)។ ពាក្យ «ពុំអាច» បានបង្ហាញយើងថា ព្រះមិនអាចធ្វើកិច្ចការមួយនេះបានឡើយ។ ព្រះមិនអាចសង្គ្រោះមនុស្សដែលបែរចេញពីទ្រង់បានឡើយ។ តើហេតុអ្វី? នោះគឺ ដោយសារតែ «ខ្លួនគេផ្ទាល់បានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ព្រមទាំងបានបន្ថោកកិត្តិយស ព្រះអង្គជាសាធារណៈផង» (ហេព្រើរ ៦៖៦, គខប)។ លោកប៉ុលចង់អោយយើងមើលឃើញថា យើងអាចបានសង្គ្រោះតាមរយៈព្រះយេស៊ូវតែមួយគត់ប៉ុណ្ណោះ (កិច្ចការ ៤៖១២)។ ប្រសិនបើយើងបែរចេញពីព្រះយេស៊ូវនោះយើងនឹងមិនបានសង្គ្រោះឡើយ។
តើយើងកំពុងតែធ្វើអ្វីពេលដែលយើង «បានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី» នោះ? រូបស័ព្ទនេះអាចជួយអោយយើងមើលឃើញនូវរឿងអាក្រក់ដែលយើងបានធ្វើចំពោះទំនាក់ទំនងផ្ទាល់ខ្លួន របស់យើងជាមួយនឹងព្រះយេស៊ូវ នៅពេលដែលយើងងាកចេញពីទ្រង់។ ដើម្បីអោយយើងយល់កាន់តែប្រសើរអំពីគោលគំនិតនេះ សូមគិតអំពីព្រះយេស៊ូវនៅក្នុងទីជំនុំជំរះរបស់លោកពីឡាត់។ តើហេតុអ្វីបានជាពួកមេដឹកនាំនៃសាសន៍យូដាស្រែកអោយលោកពីឡាត់ឆ្កាងព្រះយេស៊ូវទៅនឹងឈើឆ្កាងយ៉ាងដូច្នេះ? នោះគឺដោយសារតែពួកគេខ្លាចព្រះយេស៊ូវ។ ពួកគេបានចាត់ទុកព្រះយេស៊ូវជាខ្មាំងសត្រូវដ៏ធំមួយ និងជាគ្រោះថ្នាក់មួយដល់ផែនការរបស់ពួកគេ។ ម្ល៉ោះហើយ ពួកគេចង់អោយព្រះយេស៊ូវស្លាប់។ ទន្ទឹមគ្នានេះ មនុស្សដែលចង់គ្រប់គ្រងលើជីវិតរបស់គេនោះក៏បានចាត់ទុកព្រះយេស៊ូវ និងដំណឹងល្អរបស់ទ្រង់ជាគ្រោះថ្នាក់មួយផងដែរ។ ព្រះយេស៊ូវបានសូមអោយយើងលើកឈើឆ្កាងរបស់យើងឡើង (ម៉ាថាយ ១៦៖២៤)។ យើងអាចលើកឈើឆ្កាងរបស់យើងបាន លុះត្រាដែលយើងបោះបង់ចោលជីវិតចាស់របស់យើងជា មុនសិន។ ពេលនោះ យើងនឹងអាចនិយាយជាមួយនឹងលោកប៉ុលថា «ដោយសារទ្រង់ នោះលោកីយ៍បានត្រូវជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកីយ៍ដែរ» (កាឡាទី ៦៖១៤)។ ដូច្នេះ ប្រសិនបើយើងចង់រស់ក្នុងនាមជាពួកគ្រីស្ទាននោះ យើងត្រូវតែ «ស្លាប់» ជាមុនសិន (រ៉ូម ៦៖៦; កាឡាទី ៥៖២៤)។ «ការស្លាប់» បង្ហាញយើងថា ត្រូវតែបែរចេញពីគោលគំនិត និងទង្វើចាស់ៗរបស់យើងចោលចេញ។ ពេលនោះ យើងនឹងអាចរីករាយជាមួយនឹងជីវិតថ្មីមួយដែលព្រះចង់ប្រទានអោយយើង «រ៉ូម ៦៖១-១១)»។
សង្គ្រាមរវាងព្រះយេស៊ូវ និងជីវិតចាស់របស់យើងគឺជាសង្គ្រាមនៃសេចក្តីស្លាប់ (រ៉ូម ៨៖៧, ៨; កាឡាទី ៥៖១៧)។ យើងមិនអាចឈ្នះសង្គ្រាមនេះ ដោយច្បាំងតែម្តងហើយនោះទេ។ ក្នុងខគម្ពីរហេព្រើរ ៦៖៦ លោកប៉ុលមិនបានបង្ហាញយើង មនុស្សដែលជួនកាលបានបរាជ័យនៅក្នុងសង្គ្រាមនេះទេ។ លោក ប៉ុលក៏បានបង្ហាញយើងអំពីមនុស្សដែលបានបែរចេញពីព្រះ បន្ទាប់ពីគេបានទទួលយកទ្រង់ជាព្រះអង្គ សង្គ្រោះហើយផងដែរ (ហេព្រើរ ៦៖៤, ៥)។ មនុស្សនេះបានសម្រេចចិត្តថា ព្រះគឺជាគ្រោះថ្នាក់មួយដល់ ជីវិតចាស់របស់គាត់។ ដូច្នេះ គាត់បាន «កាត់ផ្តាច់» ទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេស៊ូវ។ ប៉ុន្តែ សេចក្តីសង្ឃឹមនៅតែមាននៅឡើយ។ គាត់នៅតែអាចបានសង្គ្រោះអោយតែគាត់មិនទាន់បានបែរចេញ ពីព្រះយេស៊ូវទាំងស្រុង។
ថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២
គ្មានដង្វាយអោយធួននឹងអំពើបាបបែបនោះឡើយ
សូមអានខគម្ពីរហេព្រើរ ១០៖២៦-២៩។ តើចំណុច៣យ៉ាងអ្វីខ្លះ ដែលលោកប៉ុលបានមានប្រសាសន៍នៅក្នុងខទាំងនេះអំពីមនុស្សដែលព្រះមិនអាចអត់ឱនទោសអោយបាន?
--------------------------------------------------------
តើលោកប៉ុលបានមានប្រសាសន៍ថា ព្រះនឹងមិនអត់ឱនទោសអោយយើង ប្រសិនបើយើងធ្វើ បាបបន្ទាប់ពីយើងបានទទួលសេចក្តីពិតនៃព្រះគម្ពីរហើយដែរឬទេ? មិនមែនទេ។ ព្រះបានលើកព្រះយេស៊ូវ អោយធ្វើមេធាវីរបស់យើងនៅក្នុងទីជំនុំជំរះនៃស្ថានសួគ៌មែនទេ (យ៉ូហានទី១ ២៖១)? ព្រះយេស៊ូវបាន ជួយអោយយើងទទួលការអត់ឱនទោសពីព្រះវរបិតា (យ៉ូហានទី១ ១៖៩)។ ប៉ុន្តែ ក្នុងខគម្ពីរហេព្រើរ ១០៖២៦-២៩ លោកប៉ុលបានមានប្រសាសន៍អំពីបាបជនដែលព្រះមិនអាចអត់ឱនទោសអោយ។ តើចំណុច៣យ៉ាងអ្វីខ្លះដែលលោកប៉ុលបានមានប្រសាសន៍អំពីមនុស្សបែបនេះ?
១. មនុស្សបែបនេះបាន «ជាន់ឈ្លីព្រះរាជបុត្រានៃព្រះ» (ហេព្រើរ ១០៖២៩)។ រូបស័ព្ទដ៏អាក្រក់នេះបានបង្ហាញយើងអំពីមនុស្សដែលបដិសេធមិនព្រមអោយព្រះយេស៊ូវគ្រប់គ្រងលើជីវិតរបស់គេ។ នាមថា «ព្រះរាជបុត្រានៃព្រះ» អាចជួយអោយយើងនឹកចាំថា ព្រះបានបង្គាប់អោយព្រះយេស៊ូវគង់នៅខាងស្តាំទ្រង់។ បន្ទាប់មក ព្រះបានតាំងសេចក្តីសន្យាមួយជាមួយនឹងព្រះយេស៊ូវ។ ព្រះនឹងដាក់ខ្មាំងសត្រូវរបស់ព្រះយេស៊ូវទុកជា «កំណល់ជើង» កល់ព្រះបាទព្រះយេស៊ូវ (ហេព្រើរ ១៖១៣; សូមអានខគម្ពីរហេព្រើរ ១៖៥-១២, ១៤)។ «កំណល់ជើង» គឺជារូបស័ព្ទមួយបង្ហាញយើងថា ព្រះនឹងធ្វើអោយខ្មាំងសត្រូវរបស់ ព្រះយេស៊ូវនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។ ពាក្យសរសេរថា «ជាន់ឈ្លីព្រះរាជបុត្រានៃព្រះ» បង្ហាញយើងថា មនុស្សដែលស្អប់ព្រះយេស៊ូវបានចាត់ទុកព្រះយេស៊ូវជាខ្មាំងសត្រូវរបស់គេ។ ទង្វើបែបនេះបង្ហាញ ថា គេបានដកព្រះយេស៊ូវចេញពីបល្ល័ង្ក រួចគេអង្គុយនៅលើបល្ល័ង្កនោះវិញ។ ហើយគេបានយកព្រះយេស៊ូវធ្វើជាកំណល់ជើងគេ។ លុយស៊ីហ្វ័រក៏បានព្យាយាមធ្វើរឿងដូចគ្នានេះចំពោះព្រះផងដែរ (អេសាយ ១៤៖១២-១៤)។ «មេប្រឆាំង» នឹងព្យាយាមធ្វើរឿងដដែលនេះនៅគ្រាចុងក្រោយ (ថែស្សាឡូនីចទី២ ២៖៣, ៤, គខប)។
២. មនុស្សបែបនេះបាន «រាប់ព្រះលោហិតនៃសេចក្តីសញ្ញាដែលបានញែកគេចេញជាបរិសុទ្ធទុកដូចជារបស់ប្រើធម្មតា» (ហេព្រើរ ១០៖២៩)។ គេបានបដិសេធដង្វាយដែលព្រះយេស៊ូវបានបង្កើតឡើងសម្រាប់អំពើបាបរបស់គេ (ហេព្រើរ ៩៖១៥-២២)។ ព្រះលោហិតរបស់ព្រះយេស៊ូវលែងមានអំណាចដកហូតកំហុសរបស់គេចេញ និងមិនអាចស្អាងគេទៀតបានឡើយ។
៣. មនុស្សបែបនេះក៏បាន «ត្មះតិះដៀលដល់ព្រះវិញ្ញាណដ៏មានព្រះគុណផង» ដែរ (ហេព្រើរ ១០៖២៩)។ ពាក្យសរសេរថា «ត្មះតិះដៀល» ប្រែមកពីពាក្យ «អេនីប្រីស៊ីស (enybrisis)» ជាភាសាក្រេក។ «អេនីប្រីស៊ីស» បង្ហាញយើងអំពីមនុស្សដែលបានចំអកឡកឡឺយ។ សូមប្រៀបធៀបទង្វើអាក្រក់របស់មនុស្សបែបនេះទៅនឹងទង្វើនៃព្រះវិញ្ញាណដែលតែងតែចង់បង្ហាញ «ព្រះគុណ» ដល់បាបជន។ ដូច្នេះ យើងសង្កេតឃើញថា អ្នកដែលបែរទាស់នឹងព្រះបានឆ្លើយតបទៅនឹងព្រះគុណរបស់ទ្រង់ដោយការត្មះតិះដៀលទៅវិញ។
មនុស្សបែបនេះបានបដិសេធព្រះយេស៊ូវបដិសេធដង្វាយរបស់ទ្រង់ និងបដិសេធព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ព្រះមិនអាចអត់ឱនទោសអោយគេបានឡើយ។
ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២
ចំណុចវិជ្ជមាន
ក្នុងខគម្ពីរហេព្រើរ ៦៖៤-៨ លោកប៉ុលបានព្រមានអ្នកអានរបស់គាត់កុំអោយបែរចេញពីព្រះយេស៊ូវអោយសោះ។ បន្ទាប់មក លោកប៉ុលបានប្រាប់អ្នកអានរបស់គាត់ថា គាត់ដឹងច្បាស់ថា ពួកគេនឹងមិនបែរចេញពីព្រះយេស៊ូវឡើយ។ លោកប៉ុលក៏ជឿជាក់ថា អ្នកអានរបស់គាត់នឹងមិនបែរចេញពីព្រះយេស៊ូវ នាពេលអនាគតនោះដែរ។ នេះគឺដោយសារតែលោកប៉ុលជឿថា អ្នកអានរបស់គាត់នឹងធ្វើតាមការព្រមានរបស់គាត់ ព្រមទាំងផ្លាស់ប្រែជីវិតរបស់ពួកគេផងដែរ។ បន្ទាប់មក ពួកគេនឹងទទួលបានព្រះពរដែលព្រះបានសន្យាថា៖ ពួកគេនឹងបានសង្គ្រោះ (ហេព្រើរ ៦៖៧, ៩)។
សូមអានអំពីចំណុចល្អៗនៅក្នុងខគម្ពីរហេព្រើរ ៦៖៩-១២ ដែលលោកបានមានប្រសាសន៍ថា អ្នកអានរបស់គាត់បានធ្វើ និងកំពុងតែបន្តធ្វើ។ សូមរៀបរាប់អំពីចំណុចទាំងនេះ។ សូមបកស្រាយអំពីអ្វីដែលចំណុចទាំងនេះបានបង្ហាញ។
--------------------------------------------------------
ពួកគ្រីស្ទានបានបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះតាមរយៈទង្វើសប្បុរសរបស់ពួកគេ។ ពួកគ្រីស្ទាននៅក្នុងកណ្ឌគម្ពីរហេព្រើរបានធ្វើកិច្ចការល្អៗជាច្រើនកាលពីមុន។ ពួកគេក៏បានបន្ត ជួយ និងបម្រើអ្នកដទៃផងដែរ។ សេចក្តីស្រឡាញ់របស់យើងចំពោះព្រះមិនត្រឹមតែបង្ហាញតាមរយៈកិច្ចការធំៗដែលយើងបានធ្វើនោះទេ។ យើងអាចបង្ហាញសេចក្តីស្រឡាញ់របស់យើងតាមរយៈកិច្ចការតូចៗដែលយើងបានធ្វើចំពោះអ្នកដទៃជារៀងរាល់ថ្ងៃ។ យើងពិតជាអាចបង្ហាញថា យើងស្រឡាញ់ព្រះនៅពេល ណាដែលយើងជួយដល់អ្នកក្រីក្រ និងអ្នកខ្វះខាត (ម៉ាថាយ ១០៖៤២; ម៉ាថាយ ២៥៖៣១-៤៦)។ ដូច្នេះ លោកប៉ុលបានប្រាប់អ្នកអានរបស់គាត់កុំអោយភ្លេចក្នុងការធ្វើល្អឡើយ (ហេព្រើរ ១៣៖២, ១៦)។
លោកប៉ុលបានព្រមានអ្នកអានរបស់គាត់កុំអោយ «ខ្ជិល» អោយសោះ (ហេព្រើរ ៦៖១២)។ ពួកគេមិនត្រូវ «ព្រងើយកន្តើយឡើយ» (ហេព្រើរ ៦៖១២)។ មនុស្សខ្ជិលបានអាក់ខានក្នុងការលូតលាស់ខាងឯសេចក្តីជំនឿ។ ពួកគេក៏កំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការបែរចេញពីព្រះយេស៊ូវផងដែរ (ហេព្រើរ ៥៖១១; ហេព្រើរ ៦៖១២)។ លោកប៉ុលចង់អោយអ្នកអានរបស់គាត់មានក្តីសង្ឃឹមឡើង។ យើងអាចរក្សាសេចក្តីសង្ឃឹមអោយនៅគង់វង្សបានតាមរយៈកិច្ចការនៃសេចក្តីស្រឡាញ់ដល់អ្នកដទៃផងនេះឯង (រ៉ូម ១៣៖៨-១០)។
លោកប៉ុលក៏ចង់អោយអ្នកអានរបស់គាត់ធ្វើត្រាប់តាមជីវិតរបស់មនុស្សដែលបានបង្ហាញអំពីសេចក្តីជំនឿ និងសេចក្តីអត់ធ្មត់។ លោកប៉ុលក៏បានដាស់តឿនអ្នកអានរបស់គាត់កុំអោយធ្វើតាមគំរូអាក្រក់របស់ពួកសាសន៍អ៊ីស្រាអែលនៅឯទីរហោស្ថាននោះដែរ។ សាសន៍អ៊ីស្រាអែលនៅឯទីរហោស្ថានមិនបាន ជឿដល់ព្រះឡើយ។ ពួកគេបានលះបង់សេចក្តីជំនឿយ៉ាងងាយ។ ម្ល៉ោះហើយ ពួកគេមិនអាចទទួលយកអ្វី ដែលព្រះបានសន្យាដល់ពួកគេនោះឡើយ។ បន្ទាប់មក លោកប៉ុលបានបង្ហាញយើងអំពីលោកអ័ប្រាហាំ (ហេព្រើរ ៦៖១៣-១៥)។ លោកអ័ប្រាហាំគឺជាគំរូមួយនៃសេចក្តីជំនឿ។ លោកអ័ប្រាហាំបានអត់ធ្មត់។ ដូច្នេះ ព្រះបានតាំងសេចក្តីសន្យាជាមួយនឹងលោកអ័ប្រាហាំ។ ក្នុងបទគម្ពីរហេព្រើរ១១ លោកប៉ុលបាន បង្ហាញបញ្ជីគំរូនៃសេចក្តីជំនឿដ៏មានអំណាចមួយដល់យើង។ បញ្ជីនេះបានបង្ហាញនៅក្នុងបទគម្ពីរហេព្រើរ១២ ជាមួយនឹងព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជាគំរូនៃសេចក្តីជំនឿដ៏ល្អបំផុត។ ព្រះយេស៊ូវបានអត់ធ្មត់ (ហេព្រើរ ១២៖១-៤)។ ខគម្ពីរវិវរណៈ ១៤៖១២ បានបង្ហាញយើងថា រាស្ត្ររបស់ព្រះនៅគ្រាចុងក្រោយក៏បានអត់ធ្មត់ បង្ហាញសេចក្តីជំនឿ និងរក្សាបញ្ញត្តិរបស់ព្រះផងដែរ។
ពេលខ្លះ យើងត្រូវតែដាស់តឿនដល់អ្នកដែលយើងស្រឡាញ់។ តើយើងអាចរៀនអ្វីខ្លះចេញពីលោកប៉ុលអំពីរបៀបដ៏ល្អបំផុតក្នុងការដាស់តឿន និងលើកទឹកចិត្តអ្នកដទៃ?
ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២
ព្រះយេស៊ូវគឺជាយុថ្កានៃព្រលឹង
លោកប៉ុលបានបញ្ចប់ការដាស់តឿនរបស់គាត់ជាមួយនឹងការបកស្រាយអំពីសេចក្តីសង្ឃឹមដែលយើងមាននៅក្នុងព្រះយេស៊ូវក្នុងការសង្គ្រោះយើង។
សូមអានអំពីសេចក្តីសន្យារបស់ព្រះចំពោះយើងនៅក្នុងខគម្ពីរហេព្រើរ ៦៖១៧-២០។ តើព្រះបង្ហាញយើងថា ទ្រង់នឹងរក្សាសេចក្តីសន្យារបស់ទ្រង់ដោយរបៀបណា?
--------------------------------------------------------
ព្រះចង់បង្ហាញតាមវិធីជាច្រើនដែលទ្រង់នឹងរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះយើង។ ចំណុចទីមួយគឺថា ព្រះបានបង្កើតសម្បថ (ហេព្រើរ ៦៖១៧)។ ព្រះក៏បានបង្កើតសម្បថជាមួយនឹងលោកអ័ប្រាហាំ និងស្តេចដាវីឌ។ សម្បថទាំងនេះបានបង្ហាញយើងថា ព្រះនឹងបង្ហាញព្រះគុណរបស់ទ្រង់ដល់រាស្ត្ររបស់ទ្រង់ជានិច្ច។ តើលោកអ្នកនៅចាំទេនៅពេលណាដែលលោកម៉ូសេបានទូលសូមអោយព្រះអត់ឱនទោសដល់សាសន៍អ៊ីស្រាអែល បន្ទាប់ពីពួកគេបានថ្វាយបង្គំគោមាសនោះ? លោកម៉ូសេបានសូមអោយព្រះនឹក ចាំអំពីសម្បថរបស់ទ្រង់ជាមួយនឹងលោកអ័ប្រាហាំនៅពេលនោះ (សូមអានខគម្ពីរនិក្ខមនំ ៣២៖១១-១៤; លោកុប្បត្តិ ២២៖១៦-១៨)។ សេចក្តីសន្យាមកពីព្រះនេះមិនអាចផ្លាស់ប្តូរបានឡើយ (រ៉ូម ៩៖៤; រ៉ូម ១១៖២៨, ២៩)។
បទគម្ពីរទំនុកដំកើង៨៩ បានបង្ហាញយើងអំពីចំណុចដដែលនេះ។ លោកអេថានជាពួក អេសរ៉ាគីត បានសរសេរបទគម្ពីរទំនុកដំកើងនេះឡើយ។ ក្នុងបទគម្ពីរទំនុកដំកើងេះ លោកអេថានបានសូមអោយ ព្រះជួយដល់សាសន៍អ៊ីស្រាអែល។ លោកអេថានបានជឿថា ព្រះប្រាកដជាជួយដល់សាសន៍អ៊ីស្រាអែលជាមិនខាន។ តើហេតុអ្វី? នោះគឺដោយសារតែលោកអេថានបានជឿទៅលើសេចក្តីសន្យាដែលព្រះបានតាំងឡើងជាមួយស្តេចដាវីឌ។ ព្រះបានមានបន្ទូលថា៖ «អញនឹងមិនក្បត់សេចក្តីសញ្ញារបស់អញ ឬបំផ្លាស់បំប្រែសេចក្តីដែលបានចេញពីបបូរមាត់អញឡើយ អញបានស្បថម្តងហើយដោយនូវសេចក្តីបរិសុទ្ធរបស់អញថា អញមិនព្រមពោលកុហកដល់ដាវីឌឡើយ ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជ្យនឹងជាប់នៅចំពោះអញដូចជាព្រះអាទិត្យដែរ រាជ្យនោះនឹងបានតាំងនៅជាប់អស់កល្បជានិច្ចដូចជាព្រះចន្ទ» (ទំនុកដំកើង ៨៩៖៣៤-៣៧)។ គម្ពីរសញ្ញាថ្មីបានបង្ហាញយើងថា ព្រះយេស៊ូវបានរក្សានូវសេចក្តីសន្យាទាំង២យ៉ាងដែលព្រះបានតាំងឡើងជាមួយនឹងលោកអ័ប្រាហាំ និងស្តេចដាវីឌ (កាឡាទី ៣៖១៣-១៦; លូកា ១៖៣១-៣៣, ៥៤, ៥៥)។
ចំណុចទី២គឺថា ព្រះបានបង្ហាញយើងថា ទ្រង់នឹងរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះយើងនៅពេលដែលទ្រង់បានបង្គាប់អោយព្រះយេស៊ូវគង់នៅខាងស្តាំទ្រង់ បន្ទាប់ពីព្រះយេស៊ូវយាងត្រឡប់មកឯស្ថានសួគ៌វិញ។ «ព្រះយេស៊ូវទ្រង់បានយាងចូលទៅជំនួសយើងរាល់គ្នាទុកដូចជាអ្នកនាំមុខ» (ហេព្រើរ ៦៖២០)។ ទ្រង់បានយាងចូលទៅដើម្បីរៀបចំ «ផ្លូវសម្រាប់មនុស្សចូលទៅឯព្រះ» (ហេព្រើរ ៦៖២០, បកប្រែថ្មីពី NLV)។ ដូច្នេះ នៅពេលដែលព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌វិញ ទ្រង់បានបង្ហាញយើងថា យើងអាចជឿទុកចិត្តទៅលើសេចក្តីសន្យាដែលព្រះបានបង្កើតឡើងដើម្បីសង្គ្រោះយើង។ ព្រះបានគោរព និងលើកតម្កើងព្រះយេស៊ូវយ៉ាងខ្លាំងនៅស្ថានសួគ៌។ ប៉ុន្តែ ព្រះយេស៊ូវត្រូវតែឈឺចាប់ និងសុគតជំនួសមនុស្សគ្រប់គ្នាជាមុនសិន។ ការសុគតរបស់ទ្រង់នឹងសង្គ្រោះមនុស្សជាច្រើននាក់ (ហេព្រើរ ២៖៩, ១០)។ «យើងខ្ញុំមានសេចក្តីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួនដែលចូលទៅខាងក្នុងនៃវាំងនន» (ហេព្រើរ ៦៖១៩)។
ព្រះបានស្បថអោយយើង។ តើគោលគំនិតបែបនេះធ្វើអោយយើងមានអាម្មណ៍យ៉ាងដូចម្តេចដែរ? តើហេតុអ្វីបានជាគោលគំនិតនេះគួរតែជួយអោយលោកអ្នកជឿទុកចិត្តថា ព្រះនឹងសង្គ្រោះលោកអ្នកនោះ?
ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “John the Beloved,” pages 539-545, in The Acts of the Apostles; “Judas,”, pages 716-722, in The Desire of Ages។
«សង្គ្រាមដែលយើងត្រូវតែច្បាំងទាស់នឹងខ្លួនឯង ហើយនិងអំពើបាបនោះគឺជាសង្គ្រាមដ៏ធំ និងសំខាន់បំផុតនឹងត្រូវច្បាំង។ ម្ល៉ោះហើយ យើងត្រូវតែថ្វាយខ្លួនយើងទៅឯព្រះ។ យើងត្រូវតែដាក់ជីវិតរបស់យើងនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ទាំងស្រុង។ យើងត្រូវតែតស៊ូវក្នុងការធ្វើកិច្ចការទាំងនេះ។ ប៉ុន្តែ យើងត្រូវតែថ្វាយខ្លួនយើងទៅឯព្រះជាមុនសិន។ ពេលនោះ ទ្រង់នឹងអាចធ្វើអោយជីវិតរបស់យើងថ្មី និងបរិសុទ្ធឡើងវិញ»។ ដកស្រង់ពី Ellen G. White, Steps to Christ, page 43, adapted។
«លោកយ៉ូហានចង់ក្លាយមកដូចជាព្រះយេស៊ូវដែរ។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវបានផ្លាស់ប្តូរលោកយ៉ូហាន។ បន្ទាប់មក លោកយ៉ូហានមានចិត្តសប្បុរស និងសុភាពរាបសា។ ព្រះយេស៊ូវបាន សណ្ឋិតនៅក្នុងចិត្តរបស់លោកយ៉ូហានទាំងស្រុង។ លោកយ៉ូហានបានថ្វាយខ្លួនគាត់ទៅឯព្រះយេស៊ូវ ហើយបានអនុញ្ញាតអោយព្រះយេស៊ូវសណ្ឋិតនៅក្នុងគាត់លើសពីសិស្សដទៃទៀតរបស់ទ្រង់ . . . .»។
«លោកយ៉ូហានបានស្រឡាញ់ព្រះយេស៊ូវដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដែលមិនអាចបំបែកបាន។ សេចក្តីស្រឡាញ់នេះបានធ្វើអោយលោកយ៉ូហានចង់នៅជិតព្រះយេស៊ូវ និងនៅខាងទ្រង់ជានិច្ច។ ព្រះអង្គសង្គ្រោះបានស្រឡាញ់ដល់សិស្សទាំង១២របស់ទ្រង់ទាំងអស់។ ប៉ុន្តែ លោកយ៉ូហានបានស្រឡាញ់ព្រះយេស៊ូវជាងគេ។ គាត់នៅក្មេងជាងសិស្សដទៃទៀតរបស់ព្រះយេស៊ូវ។ ម្ល៉ោះហើយ លោកយ៉ូហានបានជឿទុកចិត្តលើព្រះយេស៊ូវតាមរបៀបដែលកូនបានជឿទុកចិត្តលើឪពុករបស់គេយ៉ាងដូច្នោះដែរ។ តាមវិធីនេះ លោកយ៉ូហាននៅជាប់នឹងព្រះយេស៊ូវកាន់តែខ្លាំងឡើង។ ព្រះយេស៊ូវផ្តល់ការបង្រៀន ខាងឯវិញ្ញាណដ៏សំខាន់ និងស៊ីជម្រៅបំផុតរបស់ទ្រង់ដល់លោកយ៉ូហាន។ លោកយ៉ូហានបានកត់ត្រាមេរៀនដ៏សំខាន់ៗទាំងនេះសម្រាប់យើងនៅក្នុងព្រះគម្ពីរ . . . .។
«ព្រះជន្មដ៏បរិសុទ្ធរបស់ព្រះយេស៊ូវបានធ្វើអោយលោកយ៉ូហានមានសិរីលំអ។ ជីវិតដ៏បរិសុទ្ធរបស់ទ្រង់បានផ្លាស់ប្តូរគាត់។ មុខរបស់គាត់បានបញ្ចេញសិរីលំអរបស់ព្រះយេស៊ូវ។ លោកយ៉ូហានបានក្រឡេកមើលព្រះយេស៊ូវដោយសេចក្តីស្រឡាញ់រហូតដល់គាត់មានសេចក្តីប្រាថ្នាមួយនៅក្នុងជីវិតគឺគាត់ចង់ក្លាយមកដូចជាព្រះយេស៊ូវ និងនៅជាប់នឹងទ្រង់ជានិច្ច។ ជីវិតរបស់លោកយ៉ូហានបានបង្ហាញអំពីព្រះជន្ម និងសេចក្តីស្រឡាញ់នៃគ្រូរបស់គាត់»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, pages 544, 545, adapted។
សំនួរពិភាក្សា៖
- សូមប្រៀបធៀបជីវិតរបស់លោកយ៉ូហាន និងលោកយូដាស។ នៅពេលដែលព្រះយេស៊ូវបានឃើញ លោកយ៉ូហាន និងបងប្អូនរបស់គាត់ ព្រះយេស៊ូវបានហៅពួកគេថា បូអានអឺកេស (Boanerges) ដែល មានន័យថា កូនផ្គរលាន់។ ឈ្មោះនេះបានបង្ហាញយើងថា លោកយ៉ូហានជាមនុស្សច្រឡោត។ លោកយូដាសក៏មានកំហុសច្រើនណាស់ដែរ។ ប៉ុន្តែ កំហុសរបស់គាត់មិនសូវអាក្រក់ដូចជាកំហុសរបស់លោក យ៉ូហាននោះទេ។ បើដូច្នេះមែន តើហេតុអ្វីបានជាលោកយ៉ូហានបានផ្លាស់ប្តូរក្លាយមកដូចជាព្រះយេស៊ូវ? រីឯលោកយូដាសវិញ ហេតុអ្វីបានជាគាត់បែរទៅជាធ្វើបាបទាស់នឹងព្រះវិញ្ញាណបរិសុទ្ធទៅវិញ?
- តើហេតុអ្វីបានជាព្រះសូមអោយយើងប្រគល់ជីវិតរបស់យើងទាំងស្រុងអោយទ្រង់គ្រប់គ្រងយ៉ាងដូច្នេះ? តើសេរីភាពរបស់យើង និងការដែលបានសង្គ្រោះនោះមានទំនាក់ទំនងអ្វីនឹងគ្នាដែរ?
រឿងខ្លី
ស្ករឆក់
លោកអ៊ុងគឺជាកម្មកររោងចក្រស្ករម្នាក់នៅក្នុងប្រទេសឡាវដែលបានទទួលបុណ្យជ្រមុជទឹករួចហើយ ប៉ុន្តែ គាត់បានបាត់បង់ចំណាប់អារម្មណ៍ទៅលើព្រះអស់រយៈពេលប្រហែលជា៣ឆ្នាំ។ គ្រូគង្វាលបានទៅអញ្ជើញគាត់នៅផ្ទះដោយមានលិខិតអញ្ជើញអោយវិលត្រឡប់មកឯព្រះវិហារវិញ ដើម្បីថ្វាយបង្គំនៅថ្ងៃសប្បាតហ៍។ លោកអ៊ុងបានសន្យាថា «បាទ ខ្ញុំនឹងទៅលោកគ្រូ»។ ប៉ុន្តែ គាត់មិនបានទៅនោះទេ។ នៅពេលគ្រូគង្វាលត្រឡប់មកអញ្ជើញគាត់ម្តងទៀត លោកអ៊ុងបានពន្យល់ថាគាត់បានអាក់ខានចូលរួមកម្មវិធីថ្វាយបង្គំនៅព្រះវិហារ ពីព្រោះមានមិត្តម្នាក់បានមកលេងផ្ទះគាត់ដោយមិនប្រាប់មុន។ គាត់បាននិយាយថា «ថ្ងៃសប្បាតហ៍នេះ ខ្ញុំនឹងទៅលោកគ្រូ»។ ប៉ុន្តែ គាត់មិនបានទៅនោះទេ។ នៅពេលដែល គ្រូគង្វាលទៅអញ្ជើញគាត់ម្តងទៀត លោកអ៊ុងបានដោះសាថា កង់របស់គាត់បានខូច។ គ្រូគង្វាលបាន ចុះសួរសុខទុក្ខគាត់ជាច្រើនដង លោកអ៊ុងតែងតែដោះសាបែបនេះបែបនោះជានិច្ច។ សមាជិកព្រះវិហារ បានអធិស្ឋាន ហើយគ្រូគង្វាលនៅតែបន្តចុះសួរសុខទុក្ខគាត់។ ប៉ុន្តែ លោកអ៊ុងហាក់ដូចជាឃ្លាតឆ្លាយពីព្រះយេស៊ូវទៅហើយ។
ក្រោយៗមកទៀត គាត់បានចាប់ផ្តើមទទួលទានស្រា និងបង្កបញ្ហានៅផ្ទះ។ គាត់តែងតែវាយដំបងស្រីរបស់គាត់ដោយបន្សល់ស្លាកស្នាមនៅលើមុខ ដៃ និងជើងរបស់នាង។ នៅទីបំផុតបងស្រីរបស់គាត់ដែលជាសមាជិកក្រុមជំនុំដ៏ស្មោះត្រង់ម្នាក់បានចាកចេញពីផ្ទះទុកអោយគាត់នៅជាមួយប្រពន្ធ និងកូនៗរបស់គាត់។ បងស្រីបានមកឯព្រះវិហារទាំងស្រក់ទឹកភ្នែក។ នាងបាននិយាយថា «ខ្ញុំស្រឡាញ់ ប្អូនប្រុសខ្ញុំណាស់ សូមកុំឈប់អធិស្ឋានអោយអ៊ុងឡើយលោកគ្រូ»។
ថ្ងៃមួយ ខណៈពេលដែលអ៊ុងកំពុងតែធ្វើការនៅឯរោងចក្រស្ករនោះ គាត់បានឡើងជណ្តើរដែកដើម្បីប្រមូលស្ករពីធុងដែកធំ។ សកម្មភាពនោះគឺជាកិច្ចការធម្មតានៃការងាររបស់គាត់។ ប៉ុន្តែ នៅថ្ងៃនោះខ្សែភ្លើងបានដោតភ្ជាប់ទៅនឹងធុងដែកដំណើរការខុសប្រក្រតី។ នៅពេលដែលគាត់លូកដៃទៅចាប់យកគែមខាងលើនៃធុងនោះ ស្រាប់តែមានចរន្តអគ្គិសនីឆក់ឆ្លងកាត់ដៃ និងរាងកាយរបស់គាត់។ ចរន្តអគ្គីសនីបានឆក់គាត់ជាប់ទៅធុងដែក។ គាត់មិនអាចដកដៃចេញពីគែមធុងបានឡើយ។ នៅពេលនោះ គាត់បានគិតអំពីគ្រួសាររបស់គាត់។ ស្រាប់តែគាត់នឹកចាំអំពីព្រះ។ គាត់បានអធិស្ឋានថា «ឱព្រះអង្គអើយ សូមជួយ ទូលបង្គំផង»។ ភ្លាមៗនោះ ចរន្តអគ្គិសនីបានឈប់ដំណើរការ ហើយគាត់បានដួលទៅនឹងលើឥដ្ឋ។ ក្នុងចិត្តរបស់គាត់នៅពេលនោះមានតែគំនិតមួយប៉ុណ្ណោះគឺថា៖ ព្រះអម្ចាស់បានប្រទានជីវិតថ្មីមួយដល់ខ្ញុំ ដើម្បីអោយខ្ញុំបានរស់ម្តងទៀត។ លោកអ៊ុងសំណំតែស្លាប់នៅពេលឆក់នោះ ប៉ុន្តែ គាត់បានមានជីវិតរស់។ ដៃឆ្វេងរបស់គាត់បានរលាកយ៉ាងធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ដ៏ចៃដន្យនោះ ប៉ុន្តែ កន្លែងផ្សេងទៀតនៅល្អទាំងអស់។
អ្នកភូមិសឹងតែមិនជឿថា គាត់នៅរស់។ លោកអ៊ុងបានប្រាប់ប្រពន្ធគាត់ថា គាត់មានផែនការក្នុងការថ្វាយជីវិតរបស់គាត់ទៅឯព្រះយេស៊ូវម្តងទៀត។ គាត់បាននិយាយថា «ខ្ញុំត្រូវតែត្រឡប់ទៅឯ ព្រះវិហារវិញ ពីព្រោះព្រះបានប្រទានជីវិតថ្មីមួយដល់ខ្ញុំ ខ្ញុំត្រូវតែធ្វើជាស្មរបន្ទាល់សម្រាប់ទ្រង់ ពីព្រោះខ្ញុំគួរតែស្លាប់ ប៉ុន្តែ ខ្ញុំមិនស្លាប់ ដូច្នេះខ្ញុំត្រូវតែត្រឡប់ទៅឯទ្រង់វិញ»។
អំណានដង្វាយប្រចាំសប្តាហ៍
ភ្នាក់ងារនៃសេចក្តីស្រឡាញ់ និងសេចក្តីមេត្តា
យើងរាល់គ្នាថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើងដោយសារទ្រង់បានអញ្ជើញយើងរាល់គ្នាឲ្យចូលរួមក្នុងសកម្មភាពនៃសេចក្តីស្រឡាញ់និងសេចក្តីមេត្តា។ បទគម្ពីរម៉ាថាយជំពូក២៥ បានរៀបរាប់អំពីរបៀបដែលអស់អ្នកជឿលើការយាងមកលើកទីពីររបស់ព្រះយេស៊ូវគួរប្រព្រឹត្តក្នុងខណៈពេលដែលកំពុងរង់ចាំ។ រឿងប្រៀបធៀបអំពីស្ត្រីព្រហ្មចារីទាំង១០បង្រៀនយើងរាល់គ្នាអំពីសារៈសំខាន់នៃការថែបំប៉នខាងព្រលឹងវិញ្ញាណរបស់អ្នកជឿម្នាក់ៗ។ រីឯរឿងប្រៀបធៀបអំពីថង់ប្រាក់គឺនិយាយអំពីការប្រើប្រាស់ទេពកោសល្យ និងអំណោយទានដែលព្រះប្រទានធ្វើឲ្យសម្រេចបេសកកម្ម របស់ព្រះអង្គ។ ទីបំផុត រឿងប្រៀបធៀបអំពីចៀមនិងពពែក៏បានបញ្ជាក់អំពីសារៈសំខាន់នៃសកម្មភាពនៃសេចក្តីស្រឡាញ់និងសេចក្តីមេត្តាជាការបម្រើដល់ព្រះជាម្ចាស់វិញម្តង។ ខណៈដែលយើងកំពុងទន្ទឹងរង់ចាំ កិច្ចការរបស់យើងនឹងមិនពេញលេញឡើយប្រសិនបើយើងមិនបានបម្រើដល់អ្នកដែលកំពុងខ្វះខាតនោះ។ នៅគ្រាជំនុំជម្រះ ព្រះជាម្ចាស់ទ្រង់នឹងគិតបញ្ជីអំពីរបៀបដែលយើងប្រព្រឹត្តនឹងមនុស្សតូចតាចទាំងនេះ។
ព្រះវិហារបៀវបាស៊ិន (Beau-Bassin) ដែលស្ថិតនៅក្នុងប្រទេសដែនកោះម៉ារីសៀស (Maurituius) ត្រូវបានជ្រើសរើសធ្វើជាភ្នាក់ងារនៃសេចក្តីស្រឡាញ់និងសេចក្តីមេត្តានៅក្នុងសហ-គមន៍របស់ពួកគេ។ ជាច្រើនឆ្នាំកន្លងទៅហើយ គ្រូគង្វាលថ្មីថ្មោងម្នាក់ពីព្រះវិហារនោះបានជួបជាមួយមនុស្សអនាថាពីរនាក់។ ដោយសារតែអាណិតអាសូរដល់ពួកគេ គាត់ក៏បានសួរពួកគេថាតើចង់ឲ្យព្រះវិហារជួយអ្វីខ្លះដល់ពួកគេ។ ពួកគេបានឆ្លើយថា «ពួកយើងចង់បានអាហារជាទៀងទាត់ឲ្យបាន មួយពេលក្នុងមួយសប្តាហ៍»។ ប្រសិនបើពួកគេបរិភោគអាហារឆ្អែតមួយយបទៀតប្រាកដជាមានន័យ យ៉ាងខ្លាំងដល់ពួកគេមិនខាន។ ជាការឆ្លើយតបទៅនឹងសំណូមពរនេះ ព្រះវិហារបៀវបាស៊ិនក៏ចាប់ផ្តើមផ្តល់ «អាហារមួយពេលក្នុងមួយសប្តាហ៍» ឡើង សម្រាប់មនុស្សអនាថា និងកំសត់ទុរគតក្នុងមូលដ្ឋាន ដែលអាចចម្អែតមនុស្សបាន២៥ ទៅ៤០នាក់។ គ្រូគង្វាលត្រូវបានផ្លាស់ប្តូរទីកន្លែងធ្វើការ ប៉ុន្តែបោះទោះបីជាអវត្តមានគ្រូគង្វាលក្តីក៏សមាជិកពួកជំនុំនៅតែប្តេជ្ញាចិត្តបន្តគម្រោងនេះដដែលដែរ តាមរយៈការបរិច្ចាគពិសេស ឬការនាំយកអាហារដែលចំអិនរួចជាស្រេច ពួកគេអាចឧបត្ថម្ភគាំទ្រដល់ព័ន្ធកិច្ចនេះឲ្យបន្តទៅមុខទៀត។ ជាញឹកញាប់មានអ្នកស្ម័គ្រចិត្តជាច្រើននាក់ពីគ្រប់វ័យបានបរិច្ចាគពេលវេលារបស់ពួកគេ ដោយបានចាកចេញពីភាពស្រណុកសុខស្រួលរបស់ពួកគេ។ ឆ្នាំនេះពួកគេកំពុងតែអបអរសាទរខួបទី២៥ឆ្នាំនៃកម្មវិធីសប្បុរសធម៌និងការបម្រើដល់មនុស្សអនាថារបស់ពួកគេ។ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវ តើលោកអ្នកប្រាថ្នាចង់ធ្វើជាភ្នាក់ងារនៃព្រះពរ ដោយញញឹមទៅរកមនុស្សកំសត់ទុរគត និងអនាថាដែរឬទេ? សប្តាហ៍នេះ យើងរាល់គ្នាមានឱកាសមួយទៀតក្នុងការធ្វើជាព្រះពរ ដោយការថ្វាយបង្គំជាមួយនឹងប្រាក់ដង្វាយ១០ហូត១និងដង្វាយសទ្ធាជាទៀងទាត់។
សេចក្តីអំពាវនាវ៖ «នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ» (ម៉ាថាយ ២៥៖៤០)។
សេចក្តីអធិដ្ឋាន៖
ព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំចង់ធ្វើជាដៃគូជាមួយព្រះអង្គជាមួយនឹងធនធាន របស់យើងរាល់គ្នាដើម្បីសម្រាលទុក្ខលំបាកដល់មនុស្សទាំងឡាយដែលនៅជុំវិញយើងរាល់គ្នា។ សូមជួយឲ្យយើងរាល់គ្នាធ្វើជាភ្នាក់ងារនៃសេចក្តីស្រឡាញ់និងសេចក្តីមេត្តារបស់ព្រះអង្គផងចុះ។ សូមថ្វាយសេចក្តីអធិដ្ឋាននេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។