តើការកាត់ស្បែកបានបង្ហាញយើងយ៉ាងដូចម្តេច សេចក្តីពិតនៃព្រះគម្ពីរ? ការកាត់ស្បែកគឺជាសកម្មភាពនៃការកាត់ស្បែកចុងស្វាសនៃប្រដាប់ភេទបុរស។ តើការកាត់ស្បែកក៏ជាសេចក្តីសន្យាដ៏ពិសេស មួយអំពីអនាគតដោយរបៀបណាដែរ? សម្រាប់ចម្លើយ សូមអានខគម្ពីរលោកុប្បត្តិ ១៧៖១-១៩ និងរ៉ូម ៤៖១១។
លោកអាប់រ៉ាមបានសង្ស័យចំពោះព្រះ (លោកុប្បត្តិ ១៦)។ ការសង្ស័យរបស់គាត់បានញែកគាត់ចេញពីព្រះ។ នៅក្នុងអំឡុងពេលនោះ ព្រះទ្រង់បានស្ងៀមស្ងាត់ទៅ។ ឥឡូវនេះ ព្រះបានមានបន្ទូលមកកាន់លោកអាប់រ៉ាមម្តងទៀតជាលើកដំបូង តាំងតែពីគាត់បានសង្ស័យមក។ ព្រះបានទំនាក់ទំនងជាមួយនឹងលោកអាប់រ៉ាមម្តងទៀតនៅពេលដែលព្រះបានតាំងសេចក្តីសញ្ញាជាមួយនឹងគាត់។
ការកាត់ស្បែកគឺជាទីសំគាល់មួយនៃសេចក្តីសញ្ញាដែលព្រះបានប្រទានដល់លោកអាប់រ៉ាម។ ការកាត់ស្បែករួមបញ្ចូលទាំងការកំចាយឈាមផងដែរ (និក្ខមនំ ៤៖២៥)។ ដូច្នេះ យើងអាចមើលឃើញថា ការកាត់ស្បែកគឺជារូបស័ព្ទមួយតំណាងអោយតង្វាយដែលព្រះបានបង្កើតឡើងសម្រាប់អំពើបាបរបស់យើង។ គោលគំនិតនេះបានបង្ហាញយើងថា «លោកបានសុចរិតដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ (រ៉ូម ៤៖១១)។
សេចក្តីសញ្ញា និងទីសំគាល់នៃការកាត់ស្បែកក៏បានជួយអោយយើងនឹកចាំអំពីសេចក្តីសន្យាដំបូងគេបង្អស់នៃព្រះអង្គសង្គ្រោះមួយអង្គដែលព្រះបានតាំងឡើងជាមួយនឹងមនុស្សលោកផងដែរ។ (សូម ប្រៀបធៀបខគម្ពីរលោកុប្បត្តិ ១៧៖៧ ជាមួយនឹងខគម្ពីរលោកុប្បត្តិ ៣៖១៥)។ សេចក្តីសន្យារបស់ព្រះចំពោះលោកអាប់រ៉ាមបានបង្ហាញយើងលើសពីអនាគតនៃមនុស្សជំនាន់នៃសាសន៍អ៊ីស្រាអែលទៅទៀត។ សេចក្តីសន្យាចំពោះលោកអ័ប្រាហាំក៏បានរួមបញ្ចូលទាំងផែនការសង្គ្រោះរបស់ព្រះសម្រាប់មនុស្សទាំងអស់ នៅលើផែនដីនេះផងដែរ។ សេចក្តីសន្យានៃសេចក្តីសញ្ញាដ៏នៅអស់កល្ប (លោកុប្បត្តិ ១៧៖៧) បានបង្ហាញយើងអំពីកិច្ចការដែលព្រះយេស៊ូវត្រូវធ្វើ។ យើងអាចមើលឃើញអំពីការសុគតរបស់ព្រះយេស៊ូវនៅលើ ឈើឆ្កាងជំនួសយើងបានតាមរយៈសន្យានេះដល់លោកអ័ប្រាហាំ។ ការសុគតរបស់ទ្រង់នឹងផ្តល់ជីវិតអស់កល្បដល់មនុស្សទាំងឡាយណាដែលបានទទួលយកអំណោយទាននេះដោយសេចក្តីំជំនឿ (សូមអាន ខគម្ពីររ៉ូម ៦៖២៣ និងទីតុស ១៖២)។
យើងបានឃើញសេចក្តីសន្យានៃជីវិតដ៏នៅអស់កល្បនេះនៅក្នុងការផ្លាស់ប្តូរឈ្មោះសម្រាប់លោកអាប់រ៉ាម និងនាងសារ៉ាយ។ អាប់រ៉ាមមានន័យថា «ឪពុកដ៏ខ្ពង់ខ្ពស់បំផុត»។ ចំណែកឯសារ៉ាយវិញមានន័យថា «ព្រះនាងរបស់ខ្ញុំ»។ ការផ្លាស់ប្តូរឈ្មោះរបស់ពួកគេបានបង្ហាញយើងអំពីផែនការនាពេលអនាគតរបស់ព្រះសម្រាប់ជីវិតរបស់ពួកគេ។ អ័ប្រាហាំមានន័យថា «ឪពុករបស់មនុស្សជាច្រើននាក់»។ សារ៉ាមានន័យថា «ព្រះនាង» (សម្រាប់មនុស្សគ្រប់គ្នា)។ ហើយអ៊ីសាកដែលជាឈ្មោះកូនប្រុសរបស់ពួក គេនោះមានន័យថា «គាត់នឹងសើច»។ ឈ្មោះនេះបានជួយអោយយើងនឹកចាំអំពីការសើចរបស់លោកអ័ប្រាហាំនៅក្នុងខគម្ពីរលោកុប្បត្តិ ១៧៖១៧។ ការសើចនេះបានបង្ហាញយើងអំពីការសង្ស័យរបស់គាត់ ឬមួយអាចជាការអស្ចារ្យរបស់គាត់ចំពោះសេចក្តីសន្យាដ៏មានអំណាចរបស់ព្រះក៏ថាបាន។ មែនហើយ លោកអ័ប្រាហាំបានជឿជាក់ចំពោះអ្វីដែលព្រះអម្ចាស់បានសន្យានឹងគាត់។ ទោះបីជាយ៉ាងនេះក្តី មានពេលខ្លះគាត់ក៏មានការលំបាកក្នុងការរស់នៅដោយសេចក្តីជំនឿដ៏ល្អឥតខ្ចោះ និងជឿជាក់ទៅលើព្រះផងដែរ។
តើយើងអាចរៀនរក្សាការជឿជាក់ទៅលើព្រះយ៉ាងដូចម្តេចទៅបាន នៅពេលដែលយើងកំពុងតែលំបាកក្នុងការជឿទុកចិត្តទៅទ្រង់នោះ? តើយើងត្រូវធ្វើអ្វីខ្លះជាមួយនឹងការសង្ស័យរបស់យើង?
ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២
កូនប្រុសនៃសេចក្តីសញ្ញា
មនុស្សគ្រប់គ្នាដែលស្នាក់នៅជាមួយនឹងលោកអ័ប្រាហាំសុទ្ធតែត្រូវបានកាត់ស្បែក។ យើងបានឃើញកាលពីម្សិលមិញរួចមកហើយថា ការកាត់ស្បែកគឺជាការកាត់ចុងស្វាសនៃប្រដាប់ភេទបុរស (លោកុប្បត្តិ ១៧៖២៣-២៧)។ ដូច្នេះ លោកអ៊ីសម៉ាអែល និងអ្នកបម្រើរបស់លោកអ័ប្រាហាំ «ទាំងប៉ុន្មាន» (លោកុប្បត្តិ ១៧៖២៣) សុទ្ធតែត្រូវបានកាត់ស្បែក។ ពាក្យសរសេរថា «ទាំងប៉ុន្មាន» ប្រែមកពីថា «កុល (kol)» ជាភាសាហេព្រើរ។ «កុល» មានន័យថា «ទាំងអស់»។ បន្ទាប់ពីបុរសទាំងអស់ត្រូវបានកាត់ស្បែក រួចរាល់ហើយ ព្រះបានលេចមកអោយលោកអ័ប្រាហាំឃើញ។ បន្ទាប់មក ទ្រង់បានសន្យាថា នឹងប្រទានកូនប្រុសមួយដល់លោកអ័ប្រាហាំ។
សូមអានរឿងអំពីលោកអ័ប្រាហាំ និងភ្ញៀវទាំង៣នាក់នៅក្នុងខគម្ពីរលោកុប្បត្តិ ១៨៖១-១៥។ តើយើងបានរៀនមេរៀនអ្វីខ្លះ ចេញពីរឿងស្តីអំពីសេចក្តីសប្បុរស និងការផ្គត់ផ្គង់អាហារដល់អ្នកដទៃនេះ? តើព្រះបានតបស្នងទៅនឹងទង្វើល្អរបស់លោកអ័ប្រាហាំដោយរបៀបណា? តើយើងអាចបកស្រាយសេចក្តីសន្យានេះមកពីព្រះដោយរបៀបណា?
--------------------------------------------------------
លោកអាប់រ៉ាមបានសង្ស័យចំពោះព្រះ (លោកុប្បត្តិ ១៦)។ ការសង្ស័យរបស់គាត់បានញែក «រួចព្រះយេហូវ៉ាទ្រង់លេចមកឯគាត់ នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ក្នុងកាលដែលគាត់កំពុងអង្គុយនៅមាត់ទ្វារត្រសាល នៅវេលាថ្ងៃពេញកំដៅ» (លោកុប្បត្តិ ១៨៖១)។ ជាទូទៅ ភ្ញៀវមិនងាយមកឯទីរហោស្ថាននោះឡើយ។ ម្ល៉ោះហើយ លោកអ័ប្រាហាំប្រហែលជាចង់ជួបសំណេះសំណាលជាមួយមនុស្សប្លែកមុខទាំងនេះណាស់។ លោកអ័ប្រាហាំបានរត់ទៅទទួលពួកគេ (លោកុប្បត្តិ ១៨៖២)។ សូមចាំថា លោកអ័ប្រាហាំអាយុ៩៩ឆ្នាំហើយ។ គាត់បានហៅបុរសម្នាក់ក្នុងចំណោមនោះថា ជាអាដូណាយ (Adonai) ដែលមានន័យថា «ព្រះអម្ចាស់របស់ខ្ញុំ» (លោកុប្បត្តិ ១៨៖៣)។ ឈ្មោះនេះតែងតែប្រើសម្រាប់ព្រះជានិច្ច (លោកុប្បត្តិ ២០៖៤; និក្ខមនំ ១៥៖១៧)។ បន្ទាប់មក លោកអ័ប្រាហាំបានប្រញាប់ប្រញាល់ចូលទៅយកអាហារមកជូនដល់ពួកគេ (លោកុប្បត្តិ ១៨៖៦, ៧)។ លោកអ័ប្រាហាំបានឈរនៅក្បែរភ្ញៀវ។ គាត់បានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ពួកគេ។ គាត់បានជាស្រេចក្នុងការបម្រើដល់ពួកគេ (លោកុប្បត្តិ ១៨៖៨)។
លោកអ័ប្រាហាំគឺជាគំរូមួយអំពីរបៀបដែលយើងគួរតែស្វាគមន៍អ្នកដទៃចូលមកក្នុងផ្ទះរបស់យើង (ហេព្រើរ ១៣៖២)។ ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា ការទទួលភ្ញៀវ និងមនុស្សប្លែកមុខចូលមកក្នុងផ្ទះរបស់យើងនោះ គឺជាកាតព្វកិច្ចខាងឯសាសនារបស់យើងក្នុងនាមជាគ្រីស្ទាន។ នៅពេលដែលយើងស្វាគមន៍អ្នកដទៃចូលមកក្នុងផ្ទះរបស់យើងនោះ មានន័យថា យើងបានទទួលព្រះអង្គហើយ (សូមប្រៀបធៀបជាមួយនឹងខគម្ពីរម៉ាថាយ ២៥៖៣៥-៤០)។ ព្រះត្រូវបានបង្ហាញតាមរយៈអ្នកស្រេកឃ្លាន និងអ្នកខ្វះខាតជាជាងបុគ្គលដែលផ្តល់អាហារអោយពួកគាត់ទៅទៀត។
យើងក៏បានឃើញព្រះយេស៊ូវដែលបានចាកចេញពីស្ថានសួគ៌មកកាន់ផែនដីនេះតាមរបៀបដែលព្រះបានចូលទៅឯលោកអ័ប្រាហាំផងដែរ។ ព្រះយេស៊ូវបានក្លាយមកជាមនុស្សបម្រើម្នាក់ ដើម្បីសង្គ្រោះមនុស្សលោក (ភីលីព ២៖៧, ៨)។ ព្រះយេស៊ូវបានយាងមកកាន់ផែនដីនេះដើម្បីរក្សាសេចក្តីសន្យារបស់ព្រះក្នុងការសង្គ្រោះយើង។ ទន្ទឹមគ្នានេះ ព្រះក៏បានចូលទៅឯអ័ប្រាហាំ ដើម្បីរក្សាសេចក្តីសន្យារបស់ទ្រង់ដល់លោកអ័ប្រាហាំ និងនាងសារ៉ាដែលថា ពួកគេនឹងមានកូនប្រុសមួយផងដែរ។ ការចូលទៅឯលោកអ័ប្រាហាំរបស់ព្រះបានធានាសេចក្តីសន្យារបស់ទ្រង់ (លោកុប្បត្តិ ១៨៖១០)។
ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២
លោកឡុតនៅក្នុងក្រុងសូដុំម
សូមអានរឿងអំពីក្រុងសូដុំមនៅក្នុងខគម្ពីរលោកុប្បត្តិ ១៨៖១៦-១៩៖២៩។ តើលោកអ័ប្រាហាំ មានទំនួលខុសត្រូវយ៉ាងណាចំពោះលោកឡុតដែលរស់នៅក្នុងក្រុងសូដុំមនោះ?
--------------------------------------------------------
ព្រះបានមានបន្ទូលប្រាប់លោកអ័ប្រាហាំម្តងទៀតថា ទ្រង់នឹងប្រទានកូនប្រុសម្នាក់ដល់គាត់។ បន្ទាប់មក តើលោកអ័ប្រាហាំបានធ្វើអ្វីទៀត? តើគាត់បានអបអរសាទរចំពោះដំណឹងល្អនេះដែរឬទេ? ទេ។ លោកអ័ប្រាហាំចង់ពិភាក្សាជាមួយនឹងព្រះ អំពីលោកឡុតនៅក្នុងក្រុងសូដុំម។ លោកអ័ប្រាហាំគឺជាហោរាម្នាក់។ ក្នុងនាមជាហោរា លោកអ័ប្រាហាំគឺជាបុគ្គលម្នាក់ដែលចូលទៅឯព្រះ ដើម្បីទូលសូមអោយទ្រង់សង្គ្រោះពួកបាបជន និងពួកមនុស្សអាក្រក់។ «បុរសទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុំម។ រីឯលោកអ័ប្រាហាំវិញ លោកឈរនៅជាមួយព្រះអម្ចាស់ដដែល» (លោកុប្បត្តិ ១៨៖២២, គខប)។ តើលោក អ្នកបានឃើញពាក្យថា «លោកឈរនៅជាមួយព្រះអម្ចាស់ដដែល» ដែរឬទេ? ពាក្យទាំងនេះបានបង្ហាញយើងថា លោកអ័ប្រាហាំកំពុងតែអធិស្ឋាននៅឡើយ។
លោកអ័ប្រាហាំបានសូមអោយព្រះសង្គ្រោះក្រុងសូដុំមដែលជាកន្លែងដែលក្មួយប្រុសរបស់គាត់បានស្នាក់នៅ។ លោកអ័ប្រាហាំបានចរចាជាមួយនឹងព្រះ សម្រាប់ជីវិតនៃមនុស្សនៅក្នុងក្រុងនេះ។ ព្រះបានយល់ព្រមសង្គ្រោះមនុស្សនៅក្នុងក្រុងសូដុំម ប្រសិនបើមានមនុស្សល្អត្រឹមតែ១០នាក់នៅក្នុងក្រុងនោះ។
ក្នុងពេលនេះផងដែរ ទេវតា២អង្គក៏បានចូលទៅក្នុងក្រុងសូដុំម ដើម្បីព្រមានលោកឡុតផងដែរ (លោកុប្បត្តិ១៩៖១-៣)។ ហេតុការណ៍ដែលបានកើតឡើងបន្ទាប់នោះបានបង្ហាញយើងថា ក្រុងសូដុំមអាក្រក់ជាទីបំផុត (លោកុប្បត្តិ ១៩៖៤-១០)។
«ឥឡូវនេះ យប់ចុងក្រោយនៃក្រុងសូដុំមបានមកដល់ហើយ។ នៅពីលើទីក្រុងមានសុទ្ធតែដុំពពកដ៏ខ្មៅងងឹត។ ដុំពពកទាំងនេះគឺជាទីសំគាល់មួយ។ ដុំពពកទាំងនេះបានបង្ហាញអំពីសេចក្តីក្រោធរបស់ព្រះ។ ប៉ុន្តែ មនុស្សនៅក្នុងក្រុងសូដុំមមិនបានយល់អំពីទីសំគាល់នេះឡើយ។ ពួកទេវតាបំផ្លាញបានចូលមកជិតក្រុងរួចរាល់ហើយ។ នៅពេលបន្ទាប់បែបនេះ មនុស្សនៅក្នុងក្រុងបែរជាគិតអំពីសេចក្តីស្រើប ស្រាល និងភាពមានបានទៅវិញ។ ថ្ងៃចុងក្រោយនៃក្រុងសូដុំមនេះក៏ដូចគ្នាទៅនឹងថ្ងៃពីមុនៗផងដែរ។ ល្ងាចបានចូលមកដល់។ ខណៈពេលដែលពន្លឺនៃព្រះអាទិត្យកំពុងតែរសាត់ចេញទៅទីក្រុងមើលទៅហាក់ ដូចជាមានសុវត្ថិភាព និងស្រស់ត្រកាលជាទីបំផុត។ ភាពត្រជាក់នាពេលល្ងាចនោះបានទាក់ទាញមនុស្សដែលរស់នៅក្នុងទីក្រុងនោះ។ ហ្វូងមនុស្សបានចេញមកខាងក្រៅ ដើម្បស្វែងរកការសប្បាយ។ នៅនាទីនោះ ពួកគេគិតតែពីភាពត្រេកត្រអាលដែលពួកគេអាចរកបានតែប៉ុណ្ណោះ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, pages 157, 158, adapted។
នៅទីបំផុត ព្រះអាចសង្គ្រោះត្រឹមតែលោកឡុត ប្រពន្ធ និងកូនស្រីទាំង២របស់គាត់ប៉ុណ្ណោះ (លោកុប្បត្តិ ១៩៖១៥)។ កូនប្រសារបស់លោកឡុតមិនបានចេញពីក្រុងឡើយ (លោកុប្បត្តិ ១៩៖១៤)។ បន្ទាប់មក ទឹកដីដ៏ស្រស់ស្អាតមួយនេះត្រូវបានបំផ្លាញទៅ។ ពាក្យថា «បំផ្លាញ» ប្រែមកពីពាក្យថា «ហាហ្វាខ (hafakh)» ជាភាសាហេព្រើរ។ យើងបានឃើញពាក្យនេះជាច្រើនដងនៅក្នុងរឿងនេះ (លោកុប្បត្តិ ១៩៖២១, ២៥, ២៩)។ ពាក្យថា «ហាហ្វាខ» បានបង្ហាញយើងថា ក្រុងសូដុំមត្រូវបានបំផ្លាញទាំងស្រុង (ចោទិ-យកថា ២៩៖២៣; អេម៉ុស ៤៖១១)។ គ្មានសល់អ្វីឡើយ។ ដូច្នេះ ក្រុងសូដុំមត្រូវបាន «លុប» ចេញ ដូច ជាទឹកជំនន់ដែលបាន «លុប» អ្វីគ្រប់យ៉ាងដែលព្រះបានបង្កើតយ៉ាងដូច្នោះដែរ (លោកុប្បត្តិ ៦៖៧)។ ហេតុការណ៍ដែលបានកើតឡើងដល់ក្រុងសូដុំមក៏ជារូបស័ព្ទមួយផងដែរ។ ហេតុការណ៍នេះបានបង្ហាញ យើងអំពីអ្វីដែលត្រូវកើតឡើងនៅគ្រាចុងក្រោយ (យូដា ១៖៧)។
ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Law and the Covenants,” pages 370-37៣; in Patriarchs and Prophets។
លោកអ័ប្រាហាំបានសូមអោយព្រះសង្គ្រោះមនុស្សនៅក្នុងក្រុងសូដុំម (លោកុប្បត្តិ ១៨៖២២-២៣)។ គំរូរបស់លោកអ័ប្រាហាំគួរតែលើកទឹកចិត្តយើងអោយអធិស្ឋានសម្រាប់ពួកបាបជន ទោះបីជា យើងមានអារម្មណ៍ថា ពួកគេគ្មានសង្ឃឹមបានសង្គ្រោះនោះឡើយក៏ដោយ។ ចម្លើយរបស់ព្រះបានបង្ហាញយើងថា ព្រះទ្រង់សព្វព្រះទ័យក្នុងការអត់ឱនទោសដល់យើង។ ព្រះនឹងបង្ហាញសេចក្តីមេត្តារបស់ទ្រង់ ទោះបីជាមានមនុស្សត្រឹមតែមួយចំនួនតូចដែលអាចបានសង្គ្រោះក៏ដោយ។
«ព្រះនឹងអត់ឱនទោសដល់ក្រុងទាំងមូល ប្រសិនបើមានមនុស្សស្មោះត្រង់នឹងទ្រង់មួយចំនួនតូចនៅក្នុងក្រុងនោះ»។ ដកស្រង់ពី Gerhard F. Hasel, The Remnant: The History and Theology of the Remnant Idea From Genesis to Isaiah, 3rd Edition (Berrien Springs, MI: Andrews University Press, 1980), pages 150, 152, adapted។
«មនុស្សទាំងអស់នៅជុំវិញយើងកំពុងតែធ្លាក់ចុះទៅក្នុងសេចក្តីវិនាស។ អ្វីដែលកំពុងតែកើត ឡើងចំពោះពួកគេនោះអាក្រក់ និងអស់សង្ឃឹមដូចជាសេចក្តីអាក្រក់ដែលបានកើតឡើងដល់ក្រុងសូដុំមយ៉ាងដូច្នោះដែរ។ មនុស្សកំពុងតែស្លាប់ជារៀងរាល់ថ្ងៃ។ ឱកាសរបស់ពួកគេក្នុងការទទួលបានសេចក្តីអត់ឱនទោសនោះបានមកដល់ទីបញ្ចប់ហើយ។ ជារៀងរាល់នាទី មនុស្សខ្លះមិនអាចសង្គ្រោះដោយសារព្រះគុណបានតទៅទៀតឡើយ។ តើមនុស្សដែលព្រមានដល់ព្រលឹងបាត់បង់ទាំងនេះនៅឯណាទៅ? តើដៃដែលឈោងទាញព្រលឹងបាត់បង់ទាំងនេះចេញពីសេចក្តីស្លាប់នៅឯណាទៅ? តើអ្នកណាទៅដែល គ្មានសេចក្តីអំនួតនៅក្នុងចិត្ត? តើអ្នកណាទៅដែលអាចស៊ូទ្រាំជាមួយនឹងសេចក្តីជំនឿបាន? តើអ្នកណាទៅដែលអាចទូលសូមអោយព្រះជួយដល់មនុស្សបាត់បង់ទាំងនេះបាន? វិញ្ញាណរបស់លោកអ័ប្រាហាំគឺ ជាវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទ។ ព្រះរាជបុត្រារបស់ព្រះគឺជាអ្នកដែលចូលទៅឯព្រះ ដើម្បីសូមជំនួយសម្រាប់ពួកបាបជន។ ព្រះយេស៊ូវបានចេញថ្លៃលោះ ដើម្បីសង្គ្រោះយើងចេញពីអំពើបាប។ ទ្រង់ក៏បានជ្រាបអំពីតម្លៃរបស់មនុស្សគ្រប់គ្នាផងដែរ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 140, adapted។
សំនួរពិភាក្សា៖
- មានតែឥន្ទធនូ និងការកាត់ស្បែកប៉ុណ្ណោះដែលត្រូវបានហៅថា ជាទីសំគាល់នៃសេចក្តីសញ្ញា។ យើងបានដឹងហើយថា ការកាត់ស្បែកគឺជាការកាត់ស្បែកចុងស្វាសនៃប្រដាប់ភេទបុរស។ សូមប្រៀបធៀបសេចក្តីសញ្ញារបស់លោកណូអេជាមួយនឹងសេចក្តីសញ្ញារបស់លោកអ័ប្រាហាំ។ តើសេចក្តីសញ្ញាទាំង២នេះដូចគ្នា និងខុសគ្នានៅត្រង់ណាដែរ?
- លោកអ័ប្រាហាំគឺជាគំរូមួយនៃការរស់នៅដោយសេចក្តីជំនឿ។ ទន្ទឹមគ្នានេះ គាត់ក៏បានសាងកំហុសផងដែរ។ តើយើងអាចរៀនមេរៀនអ្វីខ្លះចេញពីគំរូរបស់គាត់ទាំងនេះ?
- មនុស្សខ្លះបានប្រកែកថា ព្រះនឹងមិនដាក់ទោសដល់មនុស្សវង្វេងឡើយ។ មនុស្សទាំងនេះបាននិយាយថា សកម្មភាពបែបនេះមិនត្រឹមត្រូវជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះនោះទេ។ តើយើងនឹងឆ្លើយទៅកាន់មនុស្សដែលជឿទៅលើគោលគំនិតខុសឆ្គងនេះដោយរបៀបណាដែរ?
រឿងខ្លី
សេចក្តីអធិស្ឋានរបស់គ្រូបង្រៀនម្នាក់
មិត្តភក្តិសាលារៀនម្នាក់បានណែនាំនាងសេលីណា (Selinah) ថា នាងគួរតែថ្វាយបង្គំដល់ព្រះយេស៊ូវ។ មិត្តម្នាក់នោះបាននិយាយថា «ឯងត្រូវតែទៅព្រះវិហារ ពីព្រោះព្រះយេស៊ូវជិតយាងមកនៅពេលដែលទ្រង់យាងមក ទ្រង់យកអ្វីដែលជារបស់ទ្រង់ទៅវិញ»។ មិត្តម្នាក់នោះបាននិយាយផងដែរថា នៅលើលោកនេះមានតែព្រះវិហារ២ប៉ុណ្ណោះ ព្រះវិហារអាត់វេនទីស្ទ និងព្រះវិហារដទៃទៀត។ នាងសេលីណាដែលមានឪពុកម្តាយមិនមែនជាអ្នកកាន់សាសនាច្បាស់លាស់នោះបានជ្រើសរើសព្រះវិហារដទៃទៀតដោយសារតែព្រះវិហារនោះគឺជាព្រះវិហារដ៏ធំមួយនៅក្នុងភូមិរបស់នាងនៅឯភាគខាងជើងនៃប្រទេសបុតស្វាណា។
ក្រោយមក សាច់ញាតិម្នាក់ដែលមានអាយុស្របាលនឹងនាងសេលីណាដែរបានបបួលនាងសេលីណាទៅឯព្រះវិហារអាត់វេនទីស្ទ។ មិត្តភក្តិរបស់នាងពីព្រះវិហារដទៃទៀតនោះទប់ស្កាត់មិនអោយនាងទៅឯព្រះវិហារអាត់វេនទីស្ទឡើយ។ មិត្តម្នាក់បាននិយាយថា «កុំទៅព្រះវិហារនេះឡើយ»។ មិត្តម្នាក់ទៀតបានបន្ថែមទៀតថា «បើឯងទៅ ឯងមិនអាចត្រឡប់មកឯព្រះវិហាររបស់ឯងបានទៀតឡើយ»។ នាងសេលីណាបានសួរទៅវិញថា «ហេតុអ្វីបានជាត្រូវចាកចេញពីព្រះវិហាររបស់ខ្ញុំនោះ?»។
នៅព្រឹកថ្ងៃសប្បាតហ៍នោះ នាងសេលីណាបានដើរទៅកាន់ព្រះវិហារជាមួយនឹងក្មេងប្រុសម្នាក់។ កម្មវិធីថ្វាយបង្គំព្រះបានចាប់ផ្តើមឡើងនៅពេលដែលពួកគេទៅដល់ទីនោះ។ នាងសេលីណាមានអារម្មណ៍ថា ខុសគ្នាជាខ្លាំង។ អ្នកអធិប្បាយបានទូលទៅកាន់ព្រះហាក់ដូចជាគាត់កំពុងតែនិយាយទៅកាន់មិត្តភក្តិអ៊ីចឹង។ នាងក៏មានការភ្ញាក់ផ្អើលចំពោះការចាប់ដៃគ្នា បន្ទាប់ពីកម្មវិធីថ្វាយបង្គំព្រះរួចដែរ។ នាងមានអារម្មណ៍ថា ពួកជំនុំដូចជាបានរំពឹងទុកអំពីនាងរួចទៅហើយ។ ការបានដឹងថា អ្នកអធិប្បាយនឹងរៀបចំសេ៊រីមួយនៃការអធិប្បាយនោះ នាងបានត្រឡប់មកវិញម្តងទៀតចំពេលដែលស៊េរីនោះបែរទៅជាសេ៊រីនៃការផ្សាយដំណឹងល្អទៅវិញ។ នាងបានស្តាប់ដោយការភ្ញាក់ផ្អើល ខណៈពេលដែលអ្នកអធិប្បាយបានបញ្ចាំងស្លាយ ដើម្បីបង្ហាញថា ពួកសត្វសាហាវនៃបទគម្ពីរដានីយ៉ែល៧តំណាងអោយនគរទាំងឡាយនៃពិភពលោករហូតទៅដល់ការយាងមកជាលើកទី២របស់ព្រះយេស៊ូវ។ បន្ទាប់ពីការផ្សាយដំណឹងល្អនោះរួចមក នាងមិនដែលត្រឡប់ទៅព្រះវិហារចាស់របស់នាងទៀតឡើយ។ នាងបានទទួលបុណ្យជ្រមុជទឹកចូលជាសមាជិកនៃព្រះវិហារអាត់វេនទីស្ទ។ នាងសេលីណា អូរេនេល ឃ្វៀ (Selinah Oreneile Nkwae) បានធំធាត់ឡើងក្លាយទៅជាគ្រូបង្រៀនម្នាក់។ នាងចង់បង្រៀនក្មេងៗនៅឯសាលារៀនអាត់វេនទីស្ទអំពីព្រះយេស៊ូវលើសជាងអ្វីៗទាំងអស់។ ប៉ុន្តែ គ្មានសាសារៀនអាត់វេនទីស្ទនៅក្នុងក្រុងរបស់នាងនោះឡើយ ម្ល៉ោះហើយ នាងបានបង្រៀននៅឯសាលារដ្ឋអស់រយៈពេល៣៤ឆ្នាំ។ បន្ទាប់ពីចូលនិវន្តត៍រួចមក នាងបានអធិស្ឋានយ៉ាងអស់ពីចិត្ត ដើម្បីអោយនាងបានក្លាយទៅជាស្មរបន្ទាល់ដ៏ល្អម្នាក់សម្រាប់ព្រះ បន្ទាប់មកនាងក៏បានខិតខំបង្កើតការផ្សាយដំណឹងល្អជាច្រើនទៀត ដែលនាំអោយមានមនុស្សមួយចំនួនបានទទួលបុណ្យជ្រមុជទឹកផងដែរ។ ប៉ុន្តែ នាងក៏មិនអាចបំភ្លេចនូវបំណងប្រាថ្នារបស់នាងក្នុងការបង្រៀននៅឯសាលារៀនអាត់វេនទីស្ទបានដែរ។
ថ្ងៃមួយប្តីរបស់នាងបានឃើញកាសែតឃោសនាមួយសន្លឹកស្តីអំពីការស្វែងរកគ្រូសម្រាប់សាលារៀនអាត់វេនទីស្ទថ្មីមួយនៅក្នុងទីក្រុងហ្វ្រង់ស៊ីស។ នាងសេលីណាបានដាក់ពាក្យ ហើយសាលារៀនបឋមសិក្សាអ៊ីស្ទើន ហ្គេត (Eastern Gate) បានទទួលយកនាង។ សាលារៀននេះត្រូវបានសាងសង់ដោយតង្វាយសប្បាតហ៍ ទី១៣នៅក្នុងឆ្នាំ២០១៥។ ព្រះបានឆ្លើយតបទៅនឹងសេចក្តីអធិស្ឋានរបស់នាង។ អ្នកគ្រូសេលីណាបាននិយាយថា «ការអធិស្ឋានជាប្រចាំរបស់លោកគ្រូអ្នកគ្រូទាំងអស់នោះ គឺជាការសូមអោយក្មេងៗមើលឃើញចរិតលក្ខណៈរបស់ព្រះនៅក្នុងយើង»។
អំណានដង្វាយប្រចាំសប្តាហ៍
ទ្រង់បានប្រទានកម្លាំង
យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើង ដោយសារតែទ្រង់បានដាក់របស់ដ៏មានតម្លៃមួយនៅក្នុងហោប៉ៅរបស់យើងម្នាក់ៗ។ លោកអ្នកមួយចំនួនមិនជឿទៅលើពាក្យទាំងនេះនោះទេ ពីព្រោះលោកអ្នកប្រហែលជាយល់ឃើញថា កាបូបរបស់ខ្ញុំមានប្រាក់ស្តួចស្តើងជាទីបំផុត។ ពេលខ្លះ យើងបានព្យាយាមរករបស់ដ៏មានតម្លៃនេះយ៉ាងហ្មត់ចត់ ប៉ុន្តែ យើងនៅតែមិនបានឃើញរបស់ដែលយើងបានទទួលនេះ។ ដូច្នេះ យើងត្រូវបានល្បួងអោយមានមន្ទិលសង្ស័យទៅលើពាក្យទាំងនេះ ឬយល់ឃើញថា ពាក្យថា «ទ្រព្យសម្បត្តិ» សំដៅទៅលើអត្ថន័យខាងឯវិញ្ញាណទេមើលទៅ។ តើវាអាចទៅរួចទេ ដែលថា យើងផ្តោតខ្លាំងពេកទៅលើផលផ្លែចុងក្រោយ តែយើងមិនបានពេញចិត្តទៅនឹង «កម្លាំង ប្រមូលបានទ្រព្យសម្បត្តិ» (ចោទិយកថា ៨៖១៨, គខប) ដែលព្រះបានប្រទានដល់យើងនោះ?
ថ្ងៃមួយ បុរសម្នាក់ត្រូវបានគេសួរអំពីភាពខុសគ្នារវាងគាត់ ហើយនិងប្រពន្ធរបស់គាត់។ គាត់បានឆ្លើយយ៉ាងដូច្នេះថា៖ «នៅពេលដែលខ្ញុំឃ្លាន ខ្ញុំមានឥរិយាបថខុសពីប្រពន្ធរបស់ខ្ញុំ។ បន្ទាប់ពីធ្វើការនៅឯការិយាល័យមួយថ្ងៃរួចមក ខ្ញុំនឹងទម្លាក់កាបូបរបស់ខ្ញុំចុះ ហើយប្រញាប់ទៅផ្ទះបាយបើកគំរបឆ្នាំរកមើលម្ហូបដែលខ្ញុំចូលចិត្តភ្លាម។ រីឯប្រពន្ធរបស់ខ្ញុំវិញ នៅពេលណាដែលគាត់ឃ្លាន គាត់នឹងបើកទូដាក់ចាន និងទូទឹកកក ដើម្បីយករបស់មិនទាន់ឆ្អិន មកចម្អិនធ្វើអាហារភ្លាម»។ តម្រូវការដូចគ្នា តែមានយុទ្ធសាស្ត្រ២ខុសគ្នា។ យុទ្ធសាស្ត្រមួយ គឺជាការស្វែងរកផលផ្លែចុងក្រោយទាំងអស់សង្ឃឹម រីឯយុទ្ធសាស្ត្រមួយទៀតនោះគឺជាការប្រើវត្ថុធាតុដើមមានស្រាប់។
ការដែលទទួលស្គាល់ និងប្រើវត្ថុធាតុដើមរបស់ព្រះមានប្រសិទ្ធភាពជាជាងការរសាយចិត្ត និងការបាក់ទឹកចិត្តចំពោះផលផ្លែចុងក្រោយដែលមិនសមដូចបំណងទៅទៀត។ ព្រះបានប្រទានវត្ថុធាតុដើមរួមជាមួយនឹងសុខភាព កម្លាំង ទេពកោសល្យ និងអំណោយទានដទៃទៀតផងដែរ។ ព្រះបានសន្យាថា នឹងចម្រើនកម្លាំងដល់យើងនៅពេលដែលយើងឧស្សាហ៍ប្រើវត្ថុធាតុដើមទាំងអស់នេះ។ តើលោកអ្នកដឹងថា ការចាប់ដៃគូជាមួយនឹងព្រះក្នុងការបង្កើតធនធានទ្រទ្រង់ជីវិតរបស់យើងនេះ គឺជាបទពិសោធន៍មួយដ៏គួរអោយរំភើបបំផុតដែរឬទេ? សប្តាហ៍នេះ យើងអាចសរសើរតម្កើងដល់ព្រះក្នុងការដែលទ្រង់ជួយបំប្លែងវត្ថុធាតុ ដើមដែលទ្រង់បានប្រទានដល់យើង តាមរយៈការចូលរួមដាក់តង្វាយ១០ហូត១ និងតង្វាយសទ្ធាតាមសេចក្តីសន្យា។
សេចក្តីអំពាវនាវ៖ «ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញដ្បិតគឺទ្រង់ហើយដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីនឹងបញ្ជាក់សេចក្តីសញ្ញា ដែលទ្រង់បានស្បថ នឹងពួកអយ្យកោឯងដូចជាមានសព្វថ្ងៃនេះ» (ចោទិយកថា ៨៖១៨)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់ចំពោះវត្ថុធាតុដើម និងសមត្ថភាពក្នុងការប្រមូលបានទ្រព្យសម្បត្តិ ។ ជាការពិតណាស់ ព្រះអង្គគឺជាអ្នកផ្គត់ផ្គង់អ្វីៗគ្រប់យ៉ាងដល់ទូលបង្គំយើងខ្ញុំ។