មេរៀនទី៧​៖ ៥ - ១១ វិច្ឆិកា ២០២២

ព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញ

Jeans
ថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាថាយ ២៧៖៥១-៥៣; ៦២-៦៦; ម៉ាថាយ ២៨៖ ១-៦; យ៉ូហាន ២០៖១១-២៩។

ខចងចាំ៖ «កាល​ខ្ញុំ​ឃើញ​ទ្រង់ នោះ​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះបាទ​ទ្រង់​ដូច​ជា​ស្លាប់ តែ​ទ្រង់​ដាក់​ព្រះហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​ព្រះបន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ អញ​ជា​ដើម ហើយ​ជា​ចុង ជា​ព្រះ​ដ៏​រស់​នៅ អញ​បាន ស្លាប់ តែ​មើល អញ​រស់​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូន​សោ​នៃ​សេចក្តី​ស្លាប់ និង​ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ» (វិវរណៈ ១៖១៧, ១៨)។

តើការបង្រៀនដ៏សំខាន់បំផុតនៃសេចក្តីជំនឿគ្រីស្ទានគឺជាអ្វី? ជាការពិតណាស់ ការបង្រៀនដ៏សំខាន់បំផុតនោះ គឺជាការដែលព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញ។ ព្រះបានបណ្តាលអោយលោក ប៉ុលមានប្រសាសន៍ថា ប្រសិនបើព្រះយេស៊ូវមិនបានរស់ពីស្លាប់ឡើងវិញនោះទេ យើងនឹងបាត់បង់ជាមិនខាន ដោយថា៖ «ដ្បិត​បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​ទេ នោះ​ព្រះគ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​ដែរ ហើយ​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើអ្នករាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​នៅ​ឡើយ ហើយ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ក្នុង​ព្រះគ្រីស្ទ គេ​បាន​ត្រូវ​វិនាស​ហើយ» (កូរិនថូសទី១ ១៥៖១៦-១៨)។

លោកប៉ុលបានមានប្រសាសន៍ពិពណ៌នាអំពីសេចក្តីស្លាប់របស់ព្រះយេស៊ូវយ៉ាងដូច្នេះថា៖ «ដ្បិត​ខ្ញុំ​បាន​ផ្តាច់​ចិត្ត​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្តាប់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះយេស៊ូវគ្រីស្ទទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង» (កូរិនថូសទី១ ២៖២)។ ព្រះយេស៊ូវបានសុគតមែនពិត។ ប៉ុន្តែ យើងក៏ត្រូវតែចាំថា ព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញផងដែរ។ ការដែលព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញ នោះសំខាន់បំផុតដល់ពួកគ្រីស្ទាន ដោយសារតែយើងយល់ថា ព្រះយេស៊ូវក៏នឹងប្រោសអោយយើងរស់ពីស្លាប់ឡើងវិញផងដែរ។

សប្តាហ៍នេះ យើងនឹងសិក្សាអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ។ យើងនឹងក្រឡេកមើលទីសំគាល់ទាំងប៉ុន្មាន ដែលព្រះយេស៊ូវបានប្រទានដល់យើង ដើម្បីអោយយើងជឿថា ទ្រង់ពិតជាបានរស់ពីស្លាប់ឡើងវិញមែន។

ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២

ផ្នូរដែលត្រូវបានបិទ

នៅពេលដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាងនោះ មនុស្សជាច្រើនបានគិតថា កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់។ លើសពីនេះទៅទៀតនោះ អ្នកខ្លះបានគិតថា ព្រះយេស៊ូវបានបរាជ័យហើយ។ ដ្បិតសាតាំងបានល្បួងលោកយូដាសអោយ «លក់» ព្រះយេស៊ូវដល់ពួកខ្មាំងសត្រូវរបស់ទ្រង់ (លូកា ២២៖៣, ៤; យ៉ូហាន ១៣៖២៦, ២៧)។​ ពួកសម្តេចសង្ឃបានសូមអោយអ្នកគ្រប់គ្រងនៃសាសន៍រ៉ូមសម្លាប់ព្រះយេស៊ូវចោលចេញ (ម៉ាថាយ ២៦៖៥៩; ម៉ាថាយ ២៧៖២០)។ បន្ទាប់ពីព្រះយេស៊ូវត្រូវបាន គេចាប់រួចមក «ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ទ្រង់​ទៅ» (ម៉ាថាយ ២៦៖៥៦)។ បន្ទាប់មក លោកពេត្រុសបាននិយាយថា គាត់មិនស្គាល់ព្រះយេស៊ូវឡើយ អស់រយៈពេល៣ដងនៅក្នុងយប់នោះ (ម៉ាថាយ ២៦៖ ៦៩-៧៥)។ ឥឡូវនេះ ព្រះយេស៊ូវបានសម្រាកនៅក្នុងផ្នូរមួយ។ ផ្នូរនោះត្រូវបានជីកចូលទៅក្នុងថ្មមួយយ៉ាងធំ។ ពួកទាហានរ៉ូមបានយកថ្មយ៉ាងធំមួយមកបិទនៅមុខផ្នូរ ដែលផ្ទុករូបកាយរបស់ព្រះយេស៊ូវនៅ ក្នុងនោះ។ បន្ទាប់មក ពួកគេបានឈរយាម (ម៉ាថាយ ២៧៖៥៧-៦៦)។ ពួកអារក្សក៏បានឃ្លាំមើលផ្នូរនោះផងដែរ។ «សាតាំងចង់បិទព្រះយេស៊ូវទុកនៅក្នុងផ្នូរជារៀងរហូត»។ ដកស្រង់ពី Ellen G. White, Manuscript Release, volume 12, page 412, adapted។​

នៅពេលដែលទ្រង់នៅមានព្រះជន្មនៅលើផែនដីនេះនៅឡើយ ព្រះយេស៊ូវបានមានបន្ទូល ប្រាប់ពួកសិស្សរបស់ទ្រង់ អំពីការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការរស់ពីស្លាប់ឡើងវិញរបស់ទ្រង់ផងដែរ។ ព្រះយេស៊ូវបានមានបន្ទូលថា «ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេក្រៅ​ពី​ទី​សំគាល់​របស់​ហោរា​យ៉ូណាស​ឡើយ ដ្បិត​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំអស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​ យ៉ាង​នោះ​ដែរ» (ម៉ាថាយ​១២៖៣៩, ៤០)។ មានមួយដងនោះ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់នឹងត្រូវគេសម្លាប់ ប៉ុន្តែ ទ្រង់នឹងរស់ពីស្លាប់ឡើងវិញនៅថ្ងៃទី៣ (ម៉ាថាយ​១៦៖២១; ម៉ាថាយ ១៧៖២២, ២៣; ម៉ាថាយ ២០៖១៧-១៩)។ ពួកសម្តេចសង្ឃក៏បានដឹងថា ព្រះយេស៊ូវបានមានបន្ទូលនូវពាក្យពេចន៍ទាំងនេះផងដែរ។ ម្ល៉ោះហើយ ពួកគេបានធ្វើរឿងគ្រប់យ៉ាង ដើម្បីអោយប្រាកដថា ព្រះយេស៊ូវនឹងមិនរស់ឡើងវិញហើយយាងចេញពីផ្នូរបាន។

តើពួកសម្តេចសង្ឃបានធ្វើអ្វីខ្លះ ដើម្បីអោយប្រាកដថា ព្រះយេស៊ូវនឹងមិនរស់ឡើងវិញនោះ? សូមអានខគម្ពីរម៉ាថាយ ​២៧៖៦២-៦៦​ សម្រាប់ចម្លើយ។ តើរឿងទាំងនេះកាន់តែជួយបង្ហាញព្រះយេស៊ូវពិតជាបានរស់ឡើងវិញមែន នៅពេលក្រោយមកទៀតដោយរបៀបណា?

--------------------------------------------------------

ពួកសម្តេចសង្ឃបានធ្វើរឿងជាច្រើន ដើម្បីអោយប្រាកដថា​ ព្រះយេស៊ូវនឹងផ្ទំនៅក្នុងផ្នូរជារៀងរហូត។ ពួកគេប្រហែលជាខ្លាចនៅក្នុងចិត្តរបស់ពួកគេថា ព្រះយេស៊ូវនឹងរស់ឡើងវិញមែនពិត។

ថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២

ទ្រង់បានមានព្រះជន្មរស់

នៅត្រង់ឈើឆ្កាង ព្រះយេស៊ូវបានឈ្នះសាតាំង និងកងទ័ពអាក្រក់របស់វា។ ផ្នូរទទេគឺជាទីសំគាល់មួយដែលបង្ហាញថា ព្រះយេស៊ូវទ្រង់បានឈ្នះ។ «នៅពេលដែលព្រះយេស៊ូវត្រូវបានបញ្ចុះនៅក្នុងផ្នូរ សាតាំងបានគិតថា វាបានឈ្នះហើយ។ សាតាំងបានសង្ឃឹមថា ព្រះយេស៊ូវនឹងមិនរស់ពីស្លាប់ឡើងវិញនោះឡើយ។ សាតាំងបាននិយាយថា វាគឺជាម្ចាស់នៃសពរបស់ព្រះ។ ដូច្នេះ សាតាំងបានចាត់អោយ ពួកទេវតារបស់វាទៅយាមផ្នូររបស់ព្រះយេស៊ូវ ដើម្បីឃុំព្រះយេស៊ូវ។ សាតាំងបានខឹងយ៉ាងខ្លាំង នៅពេលដែលពួកទេវតារបស់វាបានរត់ចេញ ដោយសារតែទេវតារបស់ព្រះបានយាងចុះពីស្ថានសួគ៌មក។ នៅពេលដែលសាតាំងបានឃើញព្រះយេស៊ូវយាងចេញពីផ្នូរទាំងរស់នោះ សាតាំងបានដឹងថា នគររបស់វាត្រូវបញ្ចប់ហើយ។ សាតាំងបានដឹងថា​ នៅទីបំផុតវានឹងត្រូវស្លាប់ជាមិនខាន»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 782, adapted។ សូមចាំថា ព្រះគឺជាមនុស្សសុតសាទ ហើយក៏ជាព្រះសុតសាទផងដែរ។ នៅពេលដែលព្រះយេស៊ូវសុគត ព្រះយេស៊ូវខាងឯភាពជាមនុស្សប៉ុណ្ណោះដែលបានស្លាប់។ ប៉ុន្តែ ព្រះយេស៊ូវខាងឯភាពជាព្រះនោះ មិនបានស្លាប់ឡើយ។ ក្នុងភាពជាព្រះ ព្រះយេស៊ូវមានអំណាចដើម្បីនឹងរស់ពីស្លាប់ឡើងវិញ។

តើអ្នកណាជាអ្នកប្រោសព្រះយេស៊ូវអោយរស់ឡើងវិញ? តើការរស់ឡើងវិញរបស់ព្រះយេស៊ូវបានផ្តល់ក្តីសង្ឃឹមអ្វីដល់យើង? សូមអានខគម្ពីរម៉ាថាយ ២៨៖១-៦; យ៉ូហាន ១០៖១៧, ១៨ និងរ៉ូម ៨៖ ១១ សម្រាប់ចម្លើយ។

--------------------------------------------------------

នៅពេលដែលព្រះយេស៊ូវបំពេញព័ន្ធកិច្ចនៅក្នុងស្រុកសាម៉ារី-បេរានោះ ទ្រង់បានប្រកាសថា ទ្រង់អាចនឹងលះបង់ជីវិតរបស់ទ្រង់នៅពេលណាក៏បាន។ ហើយទ្រង់ក៏បានប្រកាសថា ទ្រង់អាចនឹងនាំយកជីវិតរបស់ទ្រង់មកវិញម្តងទៀតផងដែរ (យ៉ូហាន ១០៖១៧, ១៨)។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់នាងម៉ាថាថា «ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត» (យ៉ូហាន ១១៖២៥)។ ខមួយទៀតនៅក្នុង ព្រះគម្ពីរបានសំដែងថា ព្រះបានប្រោសព្រះយេស៊ូវពីស្លាប់ឡើងវិញ (កិច្ចការ​ ២៖២៤; រ៉ូម ៨៖១១; កាឡាទី ១៖១; ហេព្រើរ ១៣៖២០)។ ព្រះបានចាត់ទេវតាដ៏មានអំណាចមួយអង្គពីស្ថានសួគ៌មក ដើម្បីនឹងប្រមៀល របាំងថ្មដ៏ធំចេញពីផ្នូររបស់ព្រះយេស៊ូវ (ម៉ាថាយ​ ២៨៖១, ២)។

ក្នុងខគម្ពីរម៉ាថាយ ២៨៖១១-១៥ យើងបានឃើញថា ពួកសម្តេចសង្ឃនៅតែបន្តប្រឆាំងទាស់នឹងព្រះយេស៊ូវ។ ពួកទាហាននៃសាសន៍រ៉ូម ដែលយាមផ្នូររបស់ព្រះយេស៊ូវនោះ បានចូលទៅឯពួកសង្ឃ។ ពួកទាហានបាន «ជំរាប​ដល់​ពួក​សង្គ្រាជ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក» (ម៉ាថាយ ២៨៖១១)។ តើការរាយការណ៍របស់ពួកទាហានបានបង្ហាញអ្វីដល់យើង? ការរាយការណ៍របស់ពួកគេបានបង្ហាញយើងថា​ ពួកទាហានបានឃើញព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ។

ការរាយការណ៍របស់កងទ័ពបានធ្វើអោយពួកសង្ឃខកចិត្តយ៉ាងខ្លាំង។ ម្ល៉ោះហើយពួកសម្តេចសង្ឃបាន «យក​ប្រាក់​ជា​ច្រើន​ទៅ​សូក​ដល់​ពួក​ទាហាន» (ម៉ាថាយ​ ២៨៖១២)។ ពួកសង្ឃបានបង្គាប់ពួក កងទ័ពអោយកុហកអំពីអ្វីដែលបានកើតឡើង។​ ដូច្នេះ ពួកទាហានបានប្រាប់មនុស្សគ្រប់គ្នាថា​ ពួកសិស្ស របស់ព្រះយេស៊ូវបានលួចយកសាកសពរបស់ទ្រង់។

ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២

មនុស្សជាច្រើនក៏បានរស់ពីស្លាប់ឡើងវិញផងដែរ

«គ្រា​នោះ វាំងនន​ក្នុង​ព្រះវិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា អស់​ទាំង​ផ្នូរ​ខ្មោច​ក៏​របើក​ឡើង ឯ​ខ្មោច​ពួក​អ្នក​បរិសុទ្ធដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ​ជា​ច្រើន ទាំង​ចេញ​ពី​ផ្នូរក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ លេច​មក​ឲ្យ​មនុស្ស​ជា​ច្រើន​ឃើញ​ដែរ» (ម៉ាថាយ​ ២៧៖៥១-៥៣)។ តើរឿងដ៏គួរអោយភ្ញាក់ផ្អើលនេះបានបង្រៀនយើងអ្វីខ្លះអំពីគ្រាមួយ នៅពេលដែលព្រះយេស៊ូវបានរស់ពីស្លាប់ឡើង វិញនោះ? តើការស់ឡើងវិញរបស់ព្រះយេស៊ូវមានន័យយ៉ាងណាសម្រាប់ពួកសិស្សរបស់ទ្រង់?

--------------------------------------------------------

នៅពេលដែលព្រះយេស៊ូវសុគត ការកក្រើកដីមួយបានកើតឡើង (ម៉ាថាយ​ ២៧៖៥០, ៥១)។ ការកក្រើកដីមួយទៀតក៏បានកើតឡើង នៅពេលដែលព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញផងដែរ (ម៉ាថាយ ២៨៖២)។ ក្នុងខគម្ពីរម៉ាថាយ ២៧៖៥១-៥៣ យើងបានឃើញថា ព្រះបានប្រោសរាស្ត្ររបស់ទ្រង់ជាច្រើន រស់ពីស្លាប់ឡើងវិញ។ បន្ទាប់មកមនុស្សទាំងនេះបានចូលទៅក្នុងក្រុងយេរូសាឡិម ព្រមទាំងបាននិយាយជាមួយនឹងមនុស្សជាច្រើននាក់នៅក្នុងក្រុងផងដែរ។ ព្រះបានប្រោសពួកបរិសុទ្ធទាំងនេះពីស្លាប់ឡើងវិញ ដើម្បីធ្វើស្មរបន្ទាល់ជំនួសអោយព្រះយេស៊ូវ។ ពួកបរិសុទ្ធបានប្រាប់មនុស្សគ្រប់គ្នាថា ព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញហើយ។ ពួកបរិសុទ្ធទាំងនេះគឺជានិមិត្តរូបតំណាងអោយរាស្ត្ររបស់ព្រះដែលនឹងត្រូវ រស់ពីស្លាប់ឡើងវិញ នៅពេលដែលទ្រង់យាងមកវិញជាលើកទី២។ ដូច្នេះ បន្ទាប់ពីការរស់ឡើងវិញរបស់ ព្រះយេស៊ូវភ្លាមនោះ ព្រះបានប្រទានទីសំគាល់ដ៏មានអំណាចមួយដល់សាសន៍យូដាថា​ ព្រះយេស៊ូវគឺ ជាព្រះអង្គសង្គ្រោះ។ មនុស្ស រួមទាំងពួកសង្ឃជាច្រើននាក់បានទទួលជឿព្រះយេស៊ូវ (សូមអានខគម្ពីរ កិច្ចការ ៦៖៧)។

«ក្នុងអំឡុងពេលនៃព័ន្ធកិច្ចរបស់ព្រះយេស៊ូវនៅលើផែនដីនេះ ព្រះយេស៊ូវបានប្រោសមនុស្សស្លាប់ឡើងវិញ។ ទ្រង់បានធ្វើអោយពួកគេរស់ឡើងវិញ។ ព្រះយេស៊ូវបានប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយ នៅស្រុកណាអ៊ីនអោយរស់ឡើងវិញ។ ព្រះយេស៊ូវបានប្រោសកូនស្រីរបស់លោកយ៉ៃរុស និងលោកឡាសា អោយរស់ពីស្លាប់ឡើងវិញ។ បន្ទាប់ពីព្រះយេស៊ូវបានប្រោសពួកគេរួចហើយ ពួកគេបានរស់នៅម្តងទៀត។​ ប៉ុន្តែ នៅពេលអនាគត ពួកគេនឹងត្រូវស្លាប់។​ រីឯអ្នកដែលចេញពីផ្នូរ នៅពេលដែលព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញនោះ មិនបានស្លាប់ទៀតឡើយ។ ដ្បិតព្រះបានប្រទានជីវិតអស់កល្បដល់មនុស្សទាំងនេះហើយ។ បន្ទាប់មក ពួកបរិសុទ្ធទាំងនេះបានឡើងទៅស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវ។​ ពួកគេគឺជាពានរង្វាន់រស់ របស់ព្រះយេស៊ូវ។​ មានន័យថា​ ពួកបរិសុទ្ធទាំងនេះគឺជាទីសំគាល់បង្ហាញថា ព្រះយេស៊ូវបានទទួលជ័យជម្នះហើយ។ ព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ និងទីឃុំមនុស្សស្លាប់ (ផ្នូរ) . . . .​ រាស្ត្របរិសុទ្ធរបស់ព្រះ បានធ្វើដំណើរចូលទៅក្នុងក្រុងយេរូសាឡិម បន្ទាប់ពីព្រះបានប្រោសពួកគេពីស្លាប់ឡើងវិញ។ ពួកគេបាន ប្រកាសដល់មនុស្សជាច្រើននៅក្នុងក្រុងថា ព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញមែន ហើយពួកគេក៏បាន រស់ជាមួយនឹងទ្រង់ផងដែរ។ តាមរបៀបនេះ ព្រះបានប្រទានអោយយើងនូវទីសំគាល់នៃជីវិតអស់កល្ប សម្រាប់ការបង្រៀននៃព្រះគម្ពីរស្តីអំពីការរស់ឡើងវិញ។

មែនហើយ អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតអាចនឹងអាក្រក់ជាទីបំផុតនៅពេលណាមួយ។ ប៉ុន្តែ តើហេតុអ្វីបានជាយើងអាចជឿទុកចិត្តបានថា ព្រះយេស៊ូវបានឈ្នះសង្គ្រាមជំនួសយើងទៅហើយនោះ?

ថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២

ស្មរបន្ទាល់ដែលបានឃើញព្រះយេស៊ូវ បន្ទាប់ពីទ្រង់រស់ពីស្លាប់ឡើងវិញ

តើពួកសិស្សបានធ្វើអ្វីខ្លះ នៅពេលដែលពួកគេបានជួបនឹងព្រះយេស៊ូវ បន្ទាប់ពីទ្រង់បានរស់ពីស្លាប់ឡើងវិញនោះ? សូមអានខគម្ពីរយ៉ូហាន ​២០៖១១-២៩ សម្រាប់ចម្លើយ។

--------------------------------------------------------

ទេវតា២អង្គនៅឯផ្នូរទទេ បានប្រាប់នាងម៉ារា ម៉ាក់ដាឡា និងពួកស្ត្រីដទៃទៀតថា ព្រះយេស៊ូវបានរស់ពីស្លាប់វិញហើយ (ម៉ាថាយ ​២៨៖១, ៥-៧; ម៉ាកុស ១៦៖១-៧; លូកា ២៣៖៥៥; លូកា ២៤៖១-១១)។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានចូលមកឯពួកស្រ្តី។ ពួកនាងបានថ្វាយបង្គំទ្រង់ (ម៉ាថាយ ២៨៖១, ៩, ១០; យ៉ូហាន ២០៖១៤-១៨)។ ព្រះយេស៊ូវក៏បានលេចអោយពេត្រុស (លូកា ២៤៖៣៤; កូរិនថូសទី១ ១៥៖៥) និងសិស្ស២នាក់របស់ទ្រង់ឃើញនៅតាមផ្លូវទៅក្រុងអេម៉ោសផងដែរ។ ពួកគេបានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលព្រះយេស៊ូវមានបន្ទូលនឹងពួកគេ (ម៉ាកុស ១៦៖១២; លូកា ២៤៖១៣-៣៥)។ នៅពេលដែលព្រះយេស៊ូវយាងទៅឯបន្ទប់ខាងលើនោះ ពួកសិស្សរបស់ទ្រង់បានភិតភ័យអស់មួយស្របក់។ ។ បន្ទាប់មក ពួកគេបានពេញទៅដោយសេចក្តីអំណរ ចំពោះហេតុការណ៍ដែលបានកើតឡើង (លូកា ២៤៖៣៣-៤៩; យ៉ូហាន ២០៖១៩-២៣)។ មួយសប្តាហ៍ក្រោយមក ព្រះយេស៊ូវ បានលេចមកនៅក្នុងបន្ទប់ដដែល។ ទ្រង់មិនបានបើកទ្វារ មុនពេលដែលទ្រង់យាងចូលនោះទេ។ គ្មានអ្នកណាម្នាក់ដឹងថា ទ្រង់យាងចូលទៅក្នុងបន្ទប់នោះដោយរបៀបណាឡើយ។ នៅពេលនោះ ពួកសិស្សបានជឿថា ព្រះយេស៊ូវពិតជាមានព្រះជន្មរស់ឡើងវិញមែន (យ៉ូហាន ២០៖២៤-២៩)។

៤០ថ្ងៃបានកន្លងផុតទៅ នៅក្នុងចន្លោះនៃការរស់ឡើងវិញរបស់ព្រះយេស៊ូវ និងការយាងទៅឯស្ថានសួគ៌វិញ។ នៅក្នុងអំឡុងពេលនេះ «ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង» (កូរិនថូសទី១ ១៥៖៦)។ លោកយ៉ាកុបក៏បានឃើញព្រះយេស៊ូវផងដែរ (កូរិនថូសទី១ ១៥៖៧)។ ព្រះយេស៊ូវបានចូលរួមជាមួយនឹងពួកសិស្សរបស់ទ្រង់មួយចំនួននៅឯឆ្នេរនៃសមុទ្រកាលីឡេ។ នៅទីនោះ ព្រះយេស៊ូវបានសោយអាហារពេលព្រឹកជាមួយនឹងពួកសិស្សរបស់ទ្រង់។ បន្ទាប់មក ព្រះយេស៊ូវបានមានបន្ទូលជាមួយនឹងលោកពេត្រុស (យ៉ូហាន ២១៖១-២៣)។ ព្រះយេស៊ូវក៏អាចនឹងបង្ហាញអង្គទ្រង់ដល់មនុស្សដទៃទៀតផងដែរ (កិច្ចការ ១៖៣)។ លោកប៉ុលក៏បានឃើញព្រះយេស៊ូវដោយផ្ទាល់ភ្នែកផងដែរ។ ព្រះយេស៊ូវបានលេចអោយលោកប៉ុលឃើញ នៅតាមផ្លូវទៅទីក្រុងដាម៉ាស (កូរិនថូសទី១ ១៥៖៨; សូមប្រៀបធៀបជាមួយនឹងខគម្ពីរកិច្ចការ ៩៖១-៩)។

នៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូវប្រាប់លោកថូម៉ាស់ថា ពួកគេបានឃើញព្រះយេស៊ូវ នោះលោកថូម៉ាស់បានសង្ស័យ។ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល នៅ​ព្រះហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ» (យ៉ូហាន ២០៖២៥)។ មួយអាទិត្យក្រោយមក ព្រះយេស៊ូវបានចូលមកឯពួកសិស្សរបស់ទ្រង់ម្តងទៀត។ លោកថូម៉ាស់ក៏នៅទីនោះដែរ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកថូម៉ាស់ថា «ចូរ​លូក​ម្រាម​ដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯ​ណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ» (យ៉ូហាន ២០៖ ២៧)។ «នោះ​ថូម៉ាស់ទូល​ឆ្លើយ​ថា ‘ឱ​ព្រះអម្ចាស់​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ’ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ‘ថូម៉ាស់អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយអ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​ សោះ’» (យ៉ូហាន ២០៖២៩)។

ថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២

ផលដំបូង

សូមអានខគម្ពីរកូរិនថូសទី១ ១៥៖២០។ សូមអានខគម្ពីរចោទិយកថា ២៦៖១-១១ ផងដែរ។ តើហេតុអ្វីបានជាលោកប៉ុលមានប្រសាសន៍ថា ព្រះយេស៊ូវគឺ «ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់ទៅ​ហើយ» យ៉ាងដូច្នេះ?

--------------------------------------------------------

នៅពេលដែលលោកប៉ុលមានប្រសាសន៍ថា ព្រះយេស៊ូវគឺជា «ផលដំបូង» ដែលព្រះនឹងប្រោសពីស្លាប់ឡើងវិញ លោកប៉ុលបានប្រទានព័ត៌មានដ៏សំខាន់នេះដល់យើង។ លោកប៉ុលបានប្រាប់យើងថា យើងក៏ដូចជាព្រះយេស៊ូវយ៉ាងដូច្នោះដែរ។ នៅពេលដែលព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញនោះ យើងក៏គិតឃើញអំពីរូបកាយរបស់យើងនៅពេលដែលព្រះនឹងប្រោសយើងពីស្លាប់ឡើងវិញនោះដែរ។

សូមចាំថា ព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញជាមួយនឹងរូបកាយជាមនុស្សលោកថ្មីមួយអង្គ។ រូបកាយជាមនុស្សលោករបស់ទ្រង់ស្ថិតស្ថេរជារៀងរហូត។ ប៉ុន្តែ ព្រះយេស៊ូវមានស្លាកស្នាមដែកគោលពីឈើឆ្កាងជាប់ទៅនឹងព្រះហស្ត និងព្រះបាទារបស់ទ្រង់។ ចំហៀងទ្រង់មានស្លាកស្នាមលំពែងចាក់ (យ៉ូហាន ២០៖២០, ២៧)។ តើនេះមានន័យថា នៅពេលដែលយើងរស់ពីស្លាប់ឡើងវិញនោះ រូបកាយរបស់យើងនឹងពេញទៅដោយស្លាកស្នាមពីការឈឺចាប់ដែលយើងបានរងទុក្ខកាលពីមុនឬយ៉ាងណា?

លោកប៉ុល «បានឃើញព្រះយេស៊ូវនៅក្នុងសិរីល្អរបស់ទ្រង់។ ពន្លឺពីស្ថានសួគ៌បានធ្វើអោយលោកប៉ុលខ្វាក់ភ្នែក [សូមអានខគម្ពីរកិច្ចការ ៩៖១-៩]។ ភ្នែកទាំងគូរបស់លោកប៉ុលបានបង្ហាញថា ពួក វាត្រូវស្លាកស្នាម ដោយសារតែពន្លឺនេះសម្រាប់ជីវិតដែលនៅសេសសល់របស់គាត់»។ ដកស្រង់ពី Ellen G. White, The Story of Redemption, page 275, adapted។ ប៉ុន្តែ តើពាក្យពេចន៍របស់លោកប៉ុលចង់មានន័យថា យើងនឹងរស់ពីស្លាប់ឡើងវិញ ជាមួយនឹងរូបកាយ ដែលមានស្លាកស្នាមពីការរងទុក្ខនៅក្នុងជីវិតនេះដែរឬទេ (កូរិនថូសទី១ ១៥៖៥០-៥៤)? ទេ មិនមែនដូច្នោះឡើយ។ យើងនឹងមានរូបកាយ ថ្មីមួយដែលគ្មានស្លាកស្នាម។ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ខុសពីយើង។ រូបកាយរបស់ព្រះយេស៊ូវ «នឹងបង្ហាញ សញ្ញានៃការឈឺចាប់របស់ទ្រង់ជំនួសយើងនៅលើឈើឆ្កាងនោះជានិច្ច។ ស្លាកស្នាមដែកគោលនៅក្នុង ព្រះហស្តរបស់ទ្រង់នឹងបង្ហាញតម្លៃ ដែលព្រះយេស៊ូវបានលោះសេរីភាពរបស់យើងចេញពីការដាក់ទោសនៃអំពើបាប និងសេចក្តីស្លាប់»។ ដកស្រង់ពី Ellen G. White, Early Writings, page 179, adapted។ ស្លាកស្នាមរបស់ព្រះយេស៊ូវគឺជាទីសំគាល់បង្ហាញថា នៅពេលដែលយើងរស់ពីស្លាប់ឡើងវិញនោះ យើងនឹងគ្មានស្លាកស្នាមណាមួយឡើយ។ ដ្បិតស្លាកស្នាមរបស់យើងនឹងបាត់ជារៀងរហូតតទៅ។

ព្រះយេស៊ូវនៅតែមានស្លាកស្នាមពីឈើឆ្កាងជានិច្ច។ តើស្លាកស្នាមរបស់ទ្រង់នេះបានបង្ហាញយើងយ៉ាងដូចម្តេច អំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង? តើស្លាកស្នាមរបស់ទ្រង់នេះបានបង្ហាញយើងយ៉ាងដូចម្តេចដែរ អំពីមូលហេតុដែលព្រះសង្គ្រោះយើងនោះ? តើព្រះបាន «ចំណាយ» ច្រើនប៉ុន្មានដើម្បីសង្គ្រោះយើង?

ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “In Joseph’s Tomb,” pages 769-778; “The Lord Is Risen,” pages 779-787; “Why Weepest Thou?”, pages 788-794; “The Walk to Emmaus,” pages 795-801; “Peace Be Unto You,” pages 802-808; in The Desire of Ages។

«ព្រះយេស៊ូវបានបន្លឺវាចាពីឈើឆ្កាងថា៖ `ការស្រេចហើយ’។ មនុស្សស្លាប់បានឮសម្រែករបស់ព្រះយេស៊ូវ។ សម្រែករបស់ព្រះយេស៊ូវបានចូលទៅក្នុងផ្នូរ។ សំឡេងរបស់ទ្រង់បានហៅមនុស្សស្លាប់នៅទីនោះអោយរស់ឡើងវិញ។ ហេតុការណ៍ដដែលនេះនឹងកើតឡើង នៅពេលដែលព្រះយេស៊ូវយាងមកវិញជាលើកទី២។ សំឡេងរបស់ព្រះយេស៊ូវនឹងឮចេញពីស្ថានសួគ៌មក។ សំឡេងរបស់ទ្រង់នឹងចូលទៅបើកផ្នូរ។ អ្នកស្លាប់នៅក្នុងព្រះយេស៊ូវនឹងរស់ឡើងវិញ។ ពួកគេនឹងចេញពីផ្នូររបស់ពួកគេ។ នៅពេលដែលព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញនោះ ផ្នូរមួយចំនួនតូចបានបើកចំហឡើង។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញនោះ អ្នកស្លាប់នៅក្នុងព្រះគ្រីស្ទទាំងអស់នឹងឮសំឡេងព្រះយេស៊ូវ។ បន្ទាប់ មកពួកគេនឹងចេញពីផ្នូររបស់ពួកគេជាមួយនឹងជីវិតអស់កល្ប។ អំណាចដដែលដែលបានប្រោសព្រះយេស៊ូវពីស្លាប់ឡើងវិញនោះ ព្រមទាំងបានដាស់ពួកជំនុំរបស់ទ្រង់ពីស្លាប់ឡើងវិញផងដែរ។ បន្ទាប់មក ព្រះនឹងលើកតម្កើងព្រះយេស៊ូវ និងពួកជំនុំរបស់ទ្រង់ពីលើពួកមេដឹកនាំ ពួកទេវតាអាក្រក់ និងឈ្មោះទាំងអស់ដែលគេបានស្គាល់។ ព្រះ និងពួកជំនុំរបស់ទ្រង់នឹងត្រូវលើកតម្កើងនៅលើផែនដីនេះ ហើយនិងផែនដីថ្មីផងដែរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 787, adapted។​

សំនួរពិភាក្សា៖
  1. «ការស្រេចហើយ» (យ៉ូហាន ​១៩៖៣០) បន្ទាប់មក «ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ» (ម៉ាថាយ ២៨៖ ៦) គឺជាសម្រង់មតិ២ឃ្លាដែលមានឥទ្ធិពលជាទីបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោក។ តើពាក្យទាំងនេះបានជួយអោយយល់អំពីផែនការរបស់ព្រះដោយរបៀបណា?

  2. ជាដំបូង ពួកសម្តេចសង្ឃចង់អោយពួកទាហានយាមផ្នូរព្រះយេស៊ូវ។ ពួកគេចង់អោយប្រាកដថា ពួកសិស្សរបស់ព្រះយេស៊ូវមិនបានលួចសពរបស់ព្រះយេស៊ូវនោះឡើយ។ ក្រោយមក ពួកសម្តេចសង្ឃបានយក​ប្រាក់​ជា​ច្រើន​ទៅ​សូក​ដល់​ពួក​ទាហាន ដោយនិយាយថា ពួកសិស្សរបស់ព្រះយេស៊ូវបានលួចសពទ្រង់ហើយ។ តើរឿងនេះបានជួយអោយយើងយល់ថា ព្រះពិតជាបានរស់ពីស្លាប់ឡើងវិញនោះដោយរបៀបណា? តើហេតុអ្វីបានជាផ្នូរទទេរបស់ព្រះយេស៊ូវសំខាន់ម្ល៉េះចំពោះពួកគ្រីស្ទាន?

រឿងខ្លី

ការទទួលយកព្រះបន្ទូល វគ្គ១

Jeans

បន្ទាប់ពីនាងអ៊ូឡាឡៃ រ៉ាស៊ីដ (Eulalia Rashid) បានអស់ស្រាបៀរផឹក នាងក៏ចេញទៅរក ហាង ដើម្បីនឹងទិញបន្ថែមទៀតនៅលើកោះម៉ារៀណាខាងជើង (Nothern Mariana) ដែលជាសម្បត្តិរួមរបស់សហរដ្ឋអាមេរិក នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ពេលនោះគឺជាល្ងាចឆ្លងចូលថ្ងៃបុណ្យណូអែល។ នាងមានអារម្មណ៍ឯកោ ហើយក៏គ្មានអ្នកណាជប់លៀងឆ្លងពិធីបុណ្យនេះជាមួយនឹងនាងនោះដែរ។ នាងដែលជាអ្នកសេពគ្រឿងស្រវឹងអស់រយៈពេល៣៧ឆ្នាំមកហើយនោះ បានបោះបង់កូនទាំង៤ និងចៅទាំង១៣នាក់របស់នាងចោល។ នាងក៏មានជំងឺមហារីកពោះវៀនផងដែរ។ ខណៈដែលនាងអ៊ូឡាឡៃកំពុងតែដើរនោះ នាងបានប្រទះឃើញកូនប្រអប់ឈើតូចនៅលើដី តាមដងផ្លូវដ៏ងងឹតសូន្យសុងមួយ។ នាងបានរើសវាឡើង ហើយអង្រួនវា ដោយគិតថា នឹងមានប្រាក់ខ្លះនៅក្នុងនោះ។ នៅក្នុងនោះមានកាក់មួយមែន រួចនាងក៏បានដាក់ប្រអប់នោះនៅក្នុងហោប៉ៅរបស់នាង។ ប៉ុន្មាននាទីក្រោយមក ដោយឈរនៅក្រោមពន្លឺហាង នាងបានទាញប្រអប់ចេញពីហោប៉ៅ នាងបានឃើញពាក្យសរសេរនៅលើប្រអប់នោះថា «ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង» (ទំនុកដំកើង ១១៩៖ ១០៥)។

នៅព្រឹកថ្ងៃបន្ទាប់ ដែលជាថ្ងៃបុណ្យណូអែលនោះ នាងអ៊ូឡាឡៃបានអានព្រះបន្ទូលនៅលើប្រអប់នោះម្តងហើយម្តងទៀត។ តើ «ពាក្យ» នេះមានន័យយ៉ាងមិចទៅ? តើពាក្យថា «ព្រះបន្ទូល​នៃ​ទ្រង់​ ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ» មានន័យមិចទៅ? នាងបានឆ្ងល់នៅក្នុងចិត្ត។ នាងអ៊ូឡាឡៃមានជំនឿទៅលើព្រះយេស៊ូវ ប៉ុន្តែ នាងមិនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទ្រង់នោះទេ។ ឥឡូវនេះ នាងបានព្យាយាមបកប្រែខគម្ពីរទំនុកដំកើង១១៩៖១០៥ ជាភាសាតូម៉ូរ៉ូ (Tomoro) និងភាសាប៉ាឡូ (Palau) ដែលជាភាសាដើមរបស់នាង។ នាងបានស្វែងរកខនេះនៅក្នុងព្រះគម្ពីរសម្រាយជាច្រើន។ នាងបានអានព្រះគម្ពីរទាំងមូល ប៉ុន្តែ នាងនៅតែមិនយល់អំពីពាក្យនេះដដែល។ នាងបានគិតថា នាងអាចរកឃើញ នូវការបកស្រាយមួយចេញពីកន្លែងណាមួយបាន។ ថ្ងៃមួយនាងបានបើកអានខគម្ពីរយ៉ូហាន ១៖១ ដែលបានសំដែងថា «កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះឯង​ជា​ព្រះ»។ នាងបានភ្លឺភ្នែកឡើងដោយក្តីអំណរ។ នាងក៏អានបន្តទៅទៀតថា «ព្រះបន្ទូល​ក៏​ត្រឡប់​ជាសាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា»។ នាងបានយល់ឃើញថា ត្រង់នេះហើយជាចម្លើយ។ ព្រះបន្ទូលគឺជាព្រះយេស៊ូវ។ ហើយព្រះយេស៊ូវគឺជាចង្កៀងដល់ជើងទូលបង្គំុ។

ឥឡូវនេះ នាងចាប់ផ្តើមចូលចិត្តអានព្រះគម្ពីរ។ នាងបានបន្តអាន និងចាប់ផ្ដើមអធិស្ឋានជាប្រចាំ។ នៅពេលដែលនាងអានព្រះគម្ពីរ និងអធិស្ឋាននោះ ជីវិតរបស់នាងបានផ្លាស់ប្តូរទៅ។ នាងបានអាននៅក្នុងបទគម្ពីរនិក្ខមនំ២០ថា ព្រះបានញែកថ្ងៃទីប្រាំពីរជាថ្ងៃសប្បាតហ៍ បន្ទាប់មក នាងបានចាប់ផ្ដើមរក្សាថ្ងៃសប្បាតហ៍នៅក្នុងផ្ទះរបស់នាង។ នាងបានអានអំពីអាហារស្អាត និងអាហារមិនស្អាតនៅក្នុងបទគម្ពីរលេវីវិន័យ១១ បន្ទាប់មក នាងបានកែរបបអាហាររបស់នាង។ នៅពេលដែលនាងឃើញថា ព្រះបានប្រទានរបបអាហារផ្អែកទៅលើរុក្ខជាតិនោះ នាងបានធ្វើសួនមួយដែលមានដំឡូងជ្វា ស្ពៃណាច (Spinach) សណ្តែក ត្រប់វែង ប៉េងប៉ោះ ដំឡូងមី ល្ហុង ស្វាយ ក្រូចឆ្មា ស្រកានាគ ទៀបបារាំង មន (mulberries) និងផ្លែដូងជាដើម។ គ្រួសាររបស់នាងមិនដឹងថា មានរឿងអ្វីកើតឡើងចំពោះនាងនោះទេ។ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ដែលឃើញនាងឈប់ផឹកស្រា។ នាងបានប្រាប់ពួកគេថា នៅថ្ងៃមួយ នាងបានតាំងចិត្តថា នាងនឹងឈប់ផឹកស្រា នៅពេលនោះព្រះយេស៊ូវបានដកហូតភាពញៀនគ្រឿងស្រវឹងរបស់នាងចេញនៅក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ នាងអ៊ូឡាឡៃមិនដឹងថា នាងបានក្លាយទៅជាបេសកជនម្នាក់ដល់គ្រួសារនាងតាមរយៈគំរូរបស់នាងនោះឡើយ។

អំណានដង្វាយប្រចាំសប្តាហ៍

តង្វាយនៃការលះបង់ប្រចាំឆ្នាំ

តើលោកអ្នកនឹងលះបង់អ្វីខ្លះ សម្រាប់បេសកកម្មបម្រីព្រះនេះ?

អ្នកត្រួសត្រាយផ្លូវនៃអង្គការគ្លូបលមិសិនគឺជាវីរជននៃបេសកកម្មអាត់វេនទីស្ទ។ សព្វថ្ងៃនេះ នៅជំុវិញពិភពលោក មានអ្នកបម្រើព្រះរាប់រយនាក់បានចូលទៅក្នុងតំបន់ហាមឃាត់ ក្រុមរបស់ពួកគាត់ បានចាប់ផ្តើមបង្កើតសមាជិកនៃពួកជំនុំអាត់វេនទីស្ទថ្មីៗនៅទីនោះ។ កន្លែងជាច្រើន ដែលពួកគាត់បានបម្រើការនោះ​ សុទ្ធតែជាព្រះវិហារដែលមិនធ្លាប់ជោគជ័យពីមុនមកទាល់តែសោះ ប៉ុន្តែ គ្មានអ្នកណាម្នាក់បានប្រាប់អ្នកត្រួសត្រាយទាំងនេះថា ពួកគាត់មិនអាចធ្វើកិច្ចការនេះបានឡើយ។​ ដូច្នេះ ពួកគាត់បានចូលទៅរស់នៅក្នុងចំណោមមនុស្សនៅក្នុងតំបន់ទាំងនេះ បន្ទាប់មក ពួកគាត់បានអនុវត្តនូវព័ន្ធកិច្ចនៃវិធីសាស្ត្ររបស់ព្រះគ្រីស្ទនៅទីនោះ។ ពួកគាត់បានចូលរួមជាមួយនឹងអ្នកស្រុកតាមរបៀបផ្សេងៗគ្នាដូចជា៖​ ចុះទៅតាមវាលស្រែ និងលេងបាល់ទាត់ជាមួយក្មេងៗនៅក្នុងទីក្រុងជាដើម។ ពួកគាត់បានបង្ហាញសេចក្តីអាណិតអាសូរ ព្រមទាំងផ្តត់ផ្គង់តម្រូវការតាមវិធីជាក់ស្តែងផ្សេងៗផងដែរ។ បន្ទាប់មក ពួកគាត់បានដណ្តើមយកទំនុកចិត្តពីអ្នកស្រុកទាំងនោះ ហើយក៏បានសូមអោយពួកគេដើរតាមព្រះយេស៊ូវផងដែរ។ អ្នកត្រួសត្រាយទាំងនេះបានបន្ទាបខ្លួន ដូចជាព្រះយេស៊ូវបានធ្វើនៅក្នុងសហគមន៍របស់ទ្រង់យ៉ាងដូច្នោះដែរ។ ពួកគាត់លះបង់ពេលវេលា និងការខំប្រឹងប្រែងរបស់ពួកគាត់ ដើម្បីនឹងរស់នៅយ៉ាងសាមញ្ញបំផុត ហើយក៏បាននាំអ្នកដទៃអោយមានចំណងមេត្រីជាមួយព្រះផងដែរ។

សេចក្តីអំពាវនាវ៖
តាមប្រវត្តិសាស្ត្រ តង្វាយប្រចាំឆ្នាំនឹងត្រូវលើកនៅចុងសប្តាហ៍នៃការអធិស្ឋាន ហើយតង្វាយនេះទៀតសោត គឺជាឱកាសមួយ ដើម្បីអោយយើងលះប​ង់សម្រាប់បេសកកម្មបម្រីព្រះ។ ហេតុដូច្នេះ សូមសមាជិកទាំងអស់គ្នាដាក់ថ្វាយ ដោយក្តីសប្បុរសចំពោះតង្វាយដ៏សំខាន់នេះផង។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ សូមទ្រង់ជួយអោយទូលបង្គំលះបង់នូវអ្វីមួយ ដែលមិនចាំបាច់សម្រាប់ទូលបង្គំ ព្រមទាំងជួយអោយទូលបង្គំថ្វាយរបស់ដ៏មានតម្លៃចេញពីរបស់មិនត្រូវការចាំបាច់ទាំងនោះទុកជាតង្វាយនៃការលះបង់ប្រចាំឆ្នាំផងចុះ។ ​

Powered by CAM