លោកប៉ុលបានមានប្រសាសន៍ថា សេចក្តីសញ្ញាថ្មីមាន «[សេចក្តី] សន្យាប្រសើរជាង» (ហេព្រើរ ៨៖៦)។ តាមរយៈពាក្យថា សេចក្តីសន្យាប្រសើរជាងនេះ តើលោកប៉ុលចង់មានន័យយ៉ាងដូចម្តេច? លោកអ្នកប្រហែលជាគិតថា ចម្លើយគឺថា សេចក្តីសញ្ញាថ្មីមានរង្វាន់ប្រសើរជាងមុន។ ប៉ុន្តែ គោលគំនិតនេះមិនត្រឹមត្រូវនោះទេ។ ព្រះបានប្រទានរង្វាន់ដល់យើងដូចគ្នានឹងរង្វាន់ដែលសាសន៍អ៊ីស្រាអែលបានទទួលយ៉ាងដូច្នោះដែរ (សូមអានខគម្ពីរហេព្រើរ ១១៖១០, ១៣-១៦)។ ព្រះបានប្រទានលំនៅនៅស្ថានសួគ៌ និងអំណោយទាននៃជីវិតអស់កល្បដល់យើង និងសាសន៍អ៊ីស្រាអែលដូចគ្នា។ ខគម្ពីរហេព្រើរ ៨៖៦ អាចជួយអោយយើងយល់អំពីអត្ថន័យដែលលោកប៉ុលចង់បង្ហាញ នៅពេលដែលគាត់បានមានប្រសាសន៍ថា មាន «[សេចក្តីសន្យាប្រសើរជាង]» នេះ។ សេចក្តីសន្យាប្រសើរជាងបង្ហាញយើងអំពីប្រភេទខុសៗគ្នានៃសេចក្តីសន្យា។
សេចក្តីសញ្ញារវាងព្រះ និងសាសន៍អ៊ីស្រាអែលគឺជាការដោះដូររវាងព្រះ និងមនុស្ស។ ព្រះបាន សន្យាប្រទានព្រះពរជាច្រើនដល់សាសន៍អ៊ីស្រាអែលដោយដោះដូរជាមួយនឹងការស្តាប់បង្គាប់របស់ពួក គេ។ ព្រះបានធ្វើសកម្មភាពមុននៅក្នុងសេចក្តីសញ្ញានោះ។ ទ្រង់បានរំដោះសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ និងបានសន្យាថា នឹងនាំពួកគេចូលទៅក្នុងទឹកដីសន្យា។
សូមប្រៀបធៀបសេចក្តីសន្យានៅក្នុងខគម្ពីរនិក្ខមនំ ២៤៖១-៨ និងហេព្រើរ ១០៖៥-១០។ តើសេចក្តីសន្យាទាំងពីរនេះដូចគ្នា និងខុសគ្នានៅត្រង់ណា?
លោកម៉ូសេបានចាក់ឈាមទៅលើអាសនា និងប្រោះឈាមលើពួកបណ្តាជន។ ឈាមបានបង្ហាញថា ព្រះ និងរាស្ត្ររបស់ទ្រង់បានទទួលយកសេចក្តីសញ្ញា។ ពួកបណ្តាជនបានសន្យាថា នឹងធ្វើតាមអ្វីៗគ្រប់យ៉ាងដែលព្រះបានមានបន្ទូល។ យើងក៏ត្រូវតែសន្យាដូចគ្នាផងដែរនៅពេលដែលចុះសេចក្តីសញ្ញាជាមួយនឹងព្រះ។
សេចក្តីសញ្ញាថ្មីទាមទារនូវការស្តាប់បង្គាប់ដ៏ល្អឥតខ្ចោះមួយពីយើង។ ព្រះយេស៊ូវបានបំពេញ តម្រូវការនេះ។ ព្រះចាត់ព្រះរាជបុត្រារបស់ទ្រង់អោយមកឯផែនដីនេះ ហើយនិងរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះមួយ។ ឥឡូវនេះ ព្រះអាចរក្សាសេចក្តីសន្យាទាំងអស់នៃសេចក្តីសញ្ញាថ្មីបានដោយសារតែជីវិតរបស់ព្រះយេស៊ូវ។ យើងអាចមានជីវិតនេះជារបស់យើងផ្ទាល់តាមរយៈសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវ។ ដោយសារតែព្រះយេស៊ូវបានស្តាប់បង្គាប់ដល់ព្រះនេះហើយ បានជាយើងអាចជឿទុកចិត្ត ទៅលើសេចក្តីសន្យានៃសេចក្តីសញ្ញានេះបាន។ ព្រះយេស៊ូវបានធានាសេចក្តីសន្យារបស់ព្រះសម្រាប់យើង (ហេព្រើរ ៧៖២២)។ ដោយសារតែព្រះយេស៊ូវបានស្តាប់បង្គាប់ដល់ព្រះនេះហើយ បានជាព្រះប្រទាន ព្រះពរនៃសេចក្តីសញ្ញាថ្មីតាមព្រះយេស៊ូវដល់យើង។ មនុស្សគ្រប់គ្នាដែលជាកម្មសិទ្ធិរបស់ព្រះនឹងបានរីករាយជាមួយនឹងសេចក្តីសន្យានេះជាមួយនឹងទ្រង់។ ព្រះក៏បានចាត់ព្រះវិញ្ញាណបរិសុទ្ធដល់យើងផងដែរ ដើម្បីជួយអោយយើងធ្វើតាមក្រឹត្យវិន័យរបស់ទ្រង់។
ព្រះយេស៊ូវបានបំពេញតម្រូវការនៃសេចក្តីសញ្ញាថ្មី។ ដូច្នេះ សេចក្តីសន្យារបស់ព្រះចំពោះយើង ត្រូវបានធានា។ តើសេចក្តីពិតនៃព្រះគម្ពីរនេះអាចជួយអោយយើងយល់អំពីខគម្ពីរកូរិនថូសទី២ ១៖២០- ២២ ដោយរបៀបណា? តើសេចក្តីសង្ឃឹមដ៏អស្ចារ្យអ្វីដែលយើងបានរកឃើញសម្រាប់ខ្លួនយើងនៅក្នុងខទាំងនេះ?
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
សេចក្តីសញ្ញាថ្មីបានដោះស្រាយបញ្ហា «ចិត្ត» របស់យើង
សូមប្រៀបធៀបសេចក្តីសន្យានៃសេចក្តីសញ្ញាថ្មីនៅក្នុងខគម្ពីរយេរេមា ៣១៖៣៣ ជាមួយនឹង សេចក្តីសន្យានៅក្នុងខគម្ពីរអេសេគាល ៣៦៖២៦, ២៧។ តើសេចក្តីទាំងពីរនេះដូចគ្នាដោយរបៀបណា?
--------------------------------------------------------
ព្រះបានចារឹកសេចក្តីសញ្ញាដំបូងនៅលើផ្ទាំងថ្ម។ លោកម៉ូសេបានដាក់រូបភាពផ្ទាំងថ្មទាំងនេះនៅលើហឹបសញ្ញា (និក្ខមនំ ៣១៖៨; ចោទិយកថា ១០៖១-៤)។ ផ្ទាំងថ្មអាចបំបែកបាន។ ក្រដាសក៏អាច កាត់ និងយកទៅដុតបានដែរ (យេរេមា ៣៦៖២៣)។
ប៉ុន្តែ ឥឡូវនេះ ព្រះបានចារឹកក្រឹត្យវិន័យរបស់ទ្រង់នៅក្នុងចិត្តនៃរាស្ត្ររបស់ទ្រង់ទៅហើយ។ ចិត្តគឺជារូបស័ព្ទមួយតំណាងអោយគំនិត។ គំនិតគឺជាផ្នែកមួយនៃរាងកាយរបស់យើងដែលត្រូវដឹង និងចងចាំ (យេរេមា ៣៖១៥; ចោទិយកថា ២៩៖៤)។ យើងបានធ្វើការសម្រេចចិត្តសំខាន់ៗជាមួយនឹងគំនិតរបស់យើង។ គំនិតរបស់យើងបានបង្កើតអោយមានសេរីភាពក្នុងការជ្រើសរើស។
សេចក្តីសន្យាដែលព្រះតាំងឡើង ដើម្បីចារឹកក្រឹត្យវិន័យរបស់ទ្រង់នៅក្នុងចិត្តរបស់យើងនេះបានបង្ហាញថា ព្រះចង់អោយមនុស្សគ្រប់គ្នាបានដឹង និងយល់អំពីក្រឹត្យវិន័យរបស់ទ្រង់។ បញ្ហាជាមួយនឹង សាសន៍អ៊ីស្រាអែលនោះគឺថា អំពើបាបរបស់ពួកគេគឺជាផ្នែកដ៏ស៊ីជម្រៅមួយរបស់ពួកគេ។ លោកយេរេមា បានបកស្រាយថា «អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងជាពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ» (យេរេមា ១៧៖១)។ សាសន៍អ៊ីស្រាអែលមានចិត្តដ៏រឹងរូស (យេរេមា ១៣៖១០; យេរេមា ២៣៖១៧)។ ម្ល៉ោះហើយ ពួកយូដាមិនអាចធ្វើកិច្ចការត្រឹមត្រូវបានឡើយ (យេរេមា ១៣៖២៣)។
ដូច្នេះ តើបញ្ហា «ចិត្ត» របស់ពួកគេត្រូវបានដោះស្រាយដោយរបៀបណាដែរ? ចម្លើយមិនមែនជា ការផ្លាស់ប្តូរនៅក្នុងក្រឹត្យវិន័យនោះទេ។ តើហេតុអ្វី? នោះគឺដោយសារតែបញ្ហាដែលសាសន៍អ៊ីស្រាអែលមាន មិនមែនជាក្រឹត្យវិន័យនោះឡើយ តែមកពីចិត្តរបស់ពួកគេទៅវិញទេ។ ព្រះចង់អោយសាសន៍អ៊ីស្រាអែល ស្តាប់បង្គាប់ដោយសារតែពួកគេត្រូវថ្លែងអំណរគុណដល់ព្រះចំពោះអ្វីៗគ្រប់យ៉ាងដែលទ្រង់បានធ្វើសម្រាប់ពួកគេ។ នេះគឹជាមូលហេតុដែលព្រះបានមានបន្ទូលប្រាប់សាសន៍អ៊ីស្រាអែលថា ទ្រង់បានស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះពួកគេខ្លាំងប៉ុនណាមុនពេលដែលទ្រង់បានប្រទានក្រឹត្យវិន័យទាំង១០ប្រការដល់ពួកគេ (និក្ខមនំ ២០៖១, ២)។ ព្រះចង់អោយសាសន៍អ៊ីស្រាអែលគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ដើម្បីបង្ហាញថា ពួកគេបានយល់ទំហំដែលព្រះចង់អោយពួកគេបានល្អបំផុត។ ព្រះបានបង្ហាញសេចក្តី ស្រឡាញ់នៅក្នុងចិត្តព្រះទ័យរបស់ទ្រង់សម្រាប់រាស្ត្ររបស់ទ្រង់នៅពេលដែលទ្រង់បានរំដោះពួកគេចេញពីស្រុកអេស៊ីព្ទ។
សព្វថ្ងៃនេះ ព្រះក៏ចង់បានការថ្លែងអំណរគុណ និងការស្តាប់បង្គាប់ពីយើងផងដែរ។ សេចក្តីសញ្ញាថ្មីបានចាប់ផ្តើមឡើងជាមួយនឹងសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវបានបង្ហាញចំពោះយើងនៅលើ ឈើឆ្កាង។ ការស្តាប់បង្គាប់ពិតប្រាកដនោះមានប្រភពចេញមកពីចិត្តដែលបានស្រឡាញ់ដល់ព្រះ (ម៉ាថាយ ២២៖៣៤-៤០)។ សេចក្តីស្រឡាញ់នេះបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតនៅក្នុងចិត្តរបស់យើង។ ព្រះបានចាក់បង្អុរសេចក្តីស្រឡាញ់របស់ទ្រង់មកលើយើងតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ (រ៉ូម ៥៖៥; កាឡាទី ៥៖២២)។
តើការស្តាប់បង្គាប់របស់យើងបានបង្ហាញអំពីសេចក្តីស្រឡាញ់របស់យើងចំពោះព្រះដោយរបៀបណា?
ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២
សិក្សាបន្ថែម
«តើនឹងមានអ្វីកើតឡើង នៅពេលដែលព្រះបានបង្កើតជីវិតយើងជាថ្មី និងបាន «ដាំ» សេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងចិត្តរបស់យើងនោះ? តើយើងនឹងអាចបង្ហាញថា យើងបានគោរពតាម ក្រឹត្យវិន័យរបស់ព្រះនៅក្នុងជីវិតរបស់យើងដែរឬទេ? ជាការពិតណាស់ នៅពេលដែលសេចក្តីស្រឡាញ់ របស់ព្រះបាន «ដាំ» នៅក្នុងចិត្តរបស់យើងរួចហើយពេលនោះ សេចក្តីសន្យានៃសេចក្តីសញ្ញាថ្មីនឹងក្លាយមកជាការពិត។ សេចក្តីសន្យានោះគឺ៖ «[ព្រះ] នឹងដាក់ក្រឹត្យវិន័យអញនៅក្នុងចិត្តគេ ហើយនិងកត់ទុកនៅក្នុងគំនិតគេផង» (ហេព្រើរ ១០៖១៦)។ សេចក្តីសន្យានេះក៏បានក្លាយជាការពិតផងដែរ នៅពេលដែល យើងត្រូវបានបង្កើតជាថ្មី និងចាប់ផ្តើមមើលទៅដូចជាព្រះរបស់យើង។ ប្រសិនបើព្រះបានចារឹកក្រឹត្យវិន័យ របស់ទ្រង់នៅក្នុងចិត្តរបស់យើងទៅហើយ តើក្រឹត្យវិន័យនោះនឹងផ្លាស់ប្តូរជីវិតរបស់យើងដែរឬទេ? ជាការ ពិតណាស់ ការស្តាប់បង្គាប់បានបង្ហាញថា យើងគឺជាសិស្សរបស់ព្រះ។ ការស្តាប់បង្គាប់របសយើងបង្ហាញ ថា យើងស្មោះត្រង់ចំពោះព្រះ និងសុខចិត្តបម្រើទ្រង់ទាំងស្រុង។ នេះគឹជាមូលហេតុដែលព្រះគម្ពីរបានចែង ថា «ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តិរបស់ទ្រង់» (យ៉ូហាន ទី១ ៥៖៣)។ «អ្នកណាដែលថា បានស្គាល់ទ្រង់ តែមិនកាន់តាមបញ្ញត្តិទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នក កុហក ហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ» (យ៉ូហានទី១ ២៖៤)។ យើងបានទទួលព្រះគុណមកពីព្រះតាមរយៈសេចក្តីជំនឿ និងដោយសេចក្តីជំនឿតែមួយគត់។ សេចក្តីជំនឿមិនបានអោយយើងមានសេរីភាពចេញពីការស្តាប់បង្គាប់នោះឡើយ។ សេចក្តីជំនឿអាចធ្វើអោយយើងស្តាប់បង្គាប់ទៅវិញទេតើ . . . .»។
«កាលណាលោកអ្នកកាន់តែចូលទៅជិតព្រះយេស៊ូវ លោកអ្នកកាន់តែឃើញថា ខ្លួនឯងអាក្រក់ទៅៗ។ ការបើកសម្តែងខាងឯវិញ្ញាណរបស់លោកអ្នកនឹងកាន់តែច្បាស់ឡើង។ លោកអ្នកនឹងបានឃើញកំហុសឆ្គងទាំងអស់របស់លោកអ្នកប្រៀបធៀបទៅនឹងជីវិតដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវ។ ការមើលឃើញ យ៉ាងច្បាស់របស់លោកអ្នកបានបង្ហាញថា ការកុហករបស់សាតាំងមិនអាចគ្រប់គ្រងលោកអ្នកបានទៀតឡើយ។ អំណាចខាងឯការផ្តល់ជីវិតរបស់ព្រះវិញ្ញាណបរិសុទ្ធអាចជួយអោយលោកអ្នកមើលឃើញខ្លួនឯងថា ជាអ្នកណាពិតប្រាកដ»។
«លោកអ្នកមិនអាចស្រឡាញ់ព្រះយេស៊ូវបានឡើយ ទាល់តែលោកអ្នកបានឃើញថា ចិត្តរបស់លោកអ្នកផ្ទាល់ពោរពេញទៅដោយអំពើបាបជាមុនសិន។ នៅពេលដែលព្រះយេស៊ូវផ្លាស់ប្តូរជីវិតរបស់លោកអ្នកតាមរយៈព្រះគុណ និងការអត់ឱនទោសរបស់ទ្រង់នោះ លោកអ្នកនឹងកោតសរសើរដល់ព្រះយេស៊ូវ និងជីវិតដ៏បរិសុទ្ធរបស់ទ្រង់។ ប៉ុន្តែ ប្រសិនបើយើងមិនបានឃើញកំហុសរបស់យើងនោះទេ យើង ច្បាស់ជាដឹងថា យើងមិនអាចឃើញសិរីលំអរបស់ព្រះយេស៊ូវបានឡើយ។ អ្វីៗគ្រប់យ៉ាងអំពីព្រះយេស៊ូវ គឺល្អឥតខ្ចោះ»។ ដកស្រង់ពី Ellen G. White, Steps to Christ, pages 60, 64, 65, adapted។
សំនួរពិភាក្សា៖
- សូមគិតអំពីកថាខណ្ឌមកពីអ្នកស្រីអែល្លីន ជីវ៉ៃត៍ខាងលើ។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានមានប្រសាសន៍ថា កាលណាយើងចូលកាន់តែតព្រះយេស៊ូវ យើងកាន់តែឃើញអំពើបាបរបស់យើង។ តើហេតុអ្វីបានជាយើង មិនត្រូវអោយចំណុចអាក្រក់ៗដែលយើងបានឃើញនៅក្នុងខ្លួនយើងធ្វើអោយយើងបាត់បង់សេចក្តីសង្ឃឹម និងសេចក្តីជំនឿទាំងអស់របស់យើងនោះ?
- សូមគិតអំពីគោលគំនិតដែលថា ព្រះបានចារឹកក្រឹត្យវិន័យនៅក្នុងចិត្តរបស់យើង។ តើយើងបានឃើញសេចក្តីសន្យាអ្វីសម្រាប់ជីវិតខាងវិញ្ញាណរបស់យើងនៅក្នុងសេចក្តីពិតនៃព្រះគម្ពីរនេះ? តើសេចក្តីពិតនៃព្រះគម្ពីរនេះអាចជួយអោយយើងជៀសផុតពីការស្តាប់បង្គាប់ព្រះចំពោះហេតុផលខុសឆ្គងទាំងឡាយដោយរបៀបណា? (សូមអានខគម្ពីរហេព្រើរ ៩៖១៤)។
រឿងខ្លី
យកថ្ងៃសប្បាតហ៍ ឬយកអាហារូបករណ៍
អាហារូបករណ៍ពេញលេញក្នុងការសិក្សានៅសាលាឯកជនដែលមិនមែនជាគ្រីស្ទានគឺជាការផ្តល់ជូនមួយដ៏ពិសេសដែលក្មេងស្រីអាយុ៧ឆ្នាំមិនអាចប្រកែកបាន។
ម៉ាឡេវ៉េឡេវ (Malevelev) បានធំធាត់ឡើងនៅក្នុងគ្រួសារគ្រីស្ទាន និងត្រូវបានបង្រៀនអោយ នឹកចាំដល់ព្រះរាល់ការសម្រេចចិត្តទាំងអស់របស់នាង។ នាងមានគម្រោងចុះឈ្មោះនៅឯសាលាសិក្សា អាត់វេនទីស្ទតៃវ៉ាន់នៅពេលដែលនាងរៀនចប់ថ្នាក់ទី៦។ ពេលនោះ អ្នកតំណាងមកពីសាលាឯកជនមួយ បានបង្ហាញខ្លួននៅក្នុងភូមិរបស់នាង និងបានផ្តល់ជូនអាហារូបករណ៍ពេញលេញដល់នាង។
ថ្លៃសិក្សានៅឯសាលាសិក្សាអាត់វេនទីស្ទតៃវ៉ាន់មានតម្លៃខ្ពស់ ពិបាកសម្រាប់ឪពុកម្តាយនាងក្នុងការបង់។ ពួកគេបានសូមអោយនាងទៅរៀននៅឯសាលាឯកជនជំនួសវិញ។ ក្នុងអំឡុងពេលរដូវក្តៅ ម៉ាឡេវ៉េឡេវបានទៅមើលសាលារៀន ហើយបានដឹងថា នាងនឹងត្រូវតែចូលរៀននៅថ្ងៃសប្បាតហ៍។ នាងមិនអាចទៅថ្វាយបង្គំនៅឯព្រះវិហារបាននោះទេ។ ជម្លោះមួយនេះបានផ្ទុះឡើងនៅក្នុងគំនិតនាងថា៖ តើនាងគួរទទួលយកអាហារូបករណ៍ ឬក៏រក្សាថ្ងៃសប្បាតហ៍ទៅហ្ន៎? នាងដឹងថា នាងគួរតែជ្រើសរើសយកថ្ងៃសប្បាតហ៍។
នៅចុងរដូវក្តៅ ឪពុកម្តាយរបស់ម៉ាឡេវ៉េឡេវបានទទូចអោយទៅសាលាឯកជន។ នាងមានអារម្មណ៍បាក់ទឹកចិត្តជាខ្លាំង ហើយនាងបានអធិស្ឋានយ៉ាងអស់ពីចិត្ត។ នាងបានអធិស្ឋានថា «ឱព្រះអង្គ អើយ សូមជួយទូលបង្គំផង សូមទ្រង់បង្ហាញផ្លូវទូលបង្គំផង»។ នាងបាននិយាយយ៉ាងទន់ភ្លន់ តែម៉ឺងម៉ាត់ទៅកាន់ឪពុកម្តាយរបស់យើងដោយទទួលបានកម្លាំងចិត្តឡើងវិញ។ នាងបាននិយាយថា «ខ្ញុំចង់ទៅរៀននៅឯសាលាសិក្សាអាត់វេនទីស្ទតៃវ៉ាន់ ខ្ញុំមិនចង់ទៅរៀននៅថ្ងៃសៅរ៍ឡើយ ព្រោះខ្ញុំចង់ទៅព្រះវិហារ»។
នាងបានពន្យល់ពីបំណងប្រាថ្នារបស់នាងក្នុងការរក្សាភាពស្មោះត្រង់ចំពោះព្រះដោយរក្សាបញ្ញត្តិទាំង១០ប្រការរួមទាំងបញ្ញត្តិទី៤ផងដែរ ដែលបានចែងថា «ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» (និក្ខមនំ ២០៖៨)។
នាងបាននិយាយថា «ខ្ញុំមិនចង់បំពានសេចក្តីពិតដែលបានបង្រៀនដោយលោកតារបស់ខ្ញុំនោះទេ។ ដោយឃើញការប្តេជ្ញាចិត្តរបស់នាង ឪពុកម្តាយរបស់នាងបានអនុញ្ញាតអោយនាងរៀននៅតែសាលាសិក្សាអាត់វេនទីស្ទ។ ម៉ាឡេវ៉េឡេវបានរៀនអស់រយៈពេល៥ឆ្នាំនៅឯសាលារៀន ឥឡូវនេះ នៅក្នុងថ្នាក់ទី១១។ នាងបាននិយាយថា «ខ្ញុំមានគ្រូ និងមិត្តរួមថ្នាក់ល្អៗ យើងដូចជាគ្រួសារធំមួយអ៊ីចឹង ខ្ញុំបានរាប់អានមិត្តភក្តិគ្រីស្ទានជាច្រើន យើងបានថ្វាយបង្គំព្រឹកល្ងាចរួមគ្នា យើងបានអធិស្ឋានរួមគ្នា ហើយយើងក៏បានសិក្សារួមគ្នាផងដែរ»។ ខ្ញុំរីករាយជារៀងរាល់ពេលនៅឯសាលារៀន។
ម៉ាឡេវ៉េឡេវមានពេញដោយក្តីសង្ឃឹមសម្រាប់អនាគត។ នាងបាននិយាយថា «ខ្ញុំដឹងថា ព្រះ នឹងដឹកនាំខ្ញុំ ហើយទ្រង់នឹងបំពេញផែនការដ៏អស្ចារ្យរបស់ទ្រង់សម្រាប់ខ្ញុំ នៅពេលលោកអ្នកត្រូវការធ្វើការសម្រេចចិត្តដ៏សំខាន់ណាមួយ សូមជឿទុកចិត្តទៅលើព្រះ ហើយជ្រើសរើសទៅតាមបំណងព្រះហឫទ័យរបស់ព្រះ។ ខ្ញុំបានលើកទឹកចិត្តខ្លួនឯងជាមួយនឹងខគម្ពីរសាស្តា ១២៖១ គ្រប់ពេលវេលា ឥឡូវនេះ ខ្ញុំកំពុងតែចែករំលែកអាថ៌កំបាំងរបស់ខ្ញុំជាមួយនឹងលោកអ្នកសូមអោយព្រះប្រទានពរដល់លោកអ្នក។
អំណានដង្វាយប្រចាំសប្តាហ៍
អ្វីដែលទ្រង់ទទួល ទ្រង់ធ្វើឲ្យវាកើនឡើង
យើងរាល់គ្នាថ្វាយបង្គំព្រះដោយនាំមកជាមួយនូវដង្វាយ១០ហូត១ និងដង្វាយសទ្ធាជាទៀង ទាត់ ព្រមទាំងការបរិច្ចាគផ្សេងៗផងដោយសារព្រះអង្គទ្រង់ធ្វើឲ្យអ្វីៗដែលទ្រង់ទទួលទ្រង់ធ្វើឲ្យវាកើនឡើងជាបន្តបន្ទាប់។ បាដិហារ្យនៃការធ្វើឲ្យនំបុ័ងកើនឡើងបង្រៀនថា វាលរហោឋានអាចក្លាយមក ជាភោជនីយដ្ឋានកាលណាមានព្រះយេស៊ូវ គ្មានអ្វីដែលតូចពេកសម្រាប់ព្រះអង្គក្នុងការធ្វើឲ្យវាក្លាយ ទៅជាពិធីជប់លៀងដ៏ធំនោះឡើយ។ ព្រះយេស៊ូវអាចធ្វើឲ្យអ្វីដែលត្រូវបានថ្វាយទៅទ្រង់កើនឡើងតែប៉ុណ្ណោះ។ អាហារដែលសល់នៅឯផ្ទះ ទ្រង់មិនបានធ្វើឲ្យវាកើនឡើងឡើយ។ អាហារដែលត្រូវ បានបរិភោគមុនពេលដែលពួកសិស្សមកដល់ក៏មិនអាចធ្វើឲ្យកើនឡើងបានឡើយ ហើយអាហារដែលត្រូវបានលាក់ទុកក៏មិនអាចធ្វើឲ្យកើនឡើងបានដែរ។ ខណៈដែលពួកសិស្សដើរកាត់បណ្តាជនដើម្បីរកមើលនំបុ័ង នោះមានក្មេងប្រុសម្នាក់បានឲ្យនំប័ុង និងត្រីរបស់គាត់ដល់ពួកគេ។ ព្រះយេស៊ូវបានធ្វើឲ្យទាំងនំប័ុងនិងត្រីបានកើនឡើង។ ទ្រង់បានធ្វើឲ្យអ្វីៗដែលត្រូវបានថ្វាយដល់ទ្រង់កើនឡើង។
យុវកម្លោះម្នាក់ចង់ក្លាយទៅជាគ្រូគង្វាល។ ដោយសារតែគ្មានសាលារៀនទេវវិទ្យានៅក្នុងប្រទេសរបស់គាត់ គាត់ក៏បានដាក់ពាក្យទៅកាន់សាលារៀនពីរកន្លែងនៅឯបរទេស។ ជាអកុសល សាលារៀនមួយបានបិទទ្វារដោយសារតែសង្គ្រាមស៊ីវិល។ សម្រាប់សាលារៀនមួយទៀតព្រមទទួលយកគាត់ ប៉ុន្តែគាត់បែរជាពុំបានទទួលវីសាឲ្យចូលទៅកាន់ប្រទេសនោះទៅវិញ។ គាត់មានការខកចិត្ត យ៉ាងខ្លាំង។ បន្ទាប់មក មានហេតុការណ៍មួយដែលមិនបានរំពឹងទុកជាមុនកើតឡើង។ គាត់ត្រូវបាន គេអញ្ជើញឲ្យទៅកាន់ការិយាល័យខុនហ្វឺរ៉ិនមូលដ្ឋាន។ នៅទីនោះ មានគេណែនាំគាត់ឲ្យស្គាល់បុរស ម្នាក់។ បុរសនោះបានសួរគាត់ថា «តើអ្នកពិតជាចង់សិក្សាទេវវិទ្យាដើម្បីក្លាយមកជាគ្រូគង្វាលមែនទេ?» គាត់បានឆ្លើយស្របទៅតាមសំណួរនេះ។ បុរសចំឡែកបានប្រាប់គាត់អំពីបំណងរបស់គាត់ក្នុងការបង់ថ្លៃសិក្សារបស់គាត់ទាំងស្រុងនៅសាលារៀនទេវវិទ្យាណាមួយដែលគាត់ជ្រើសរើស។ គាត់ពិបាកនឹងជឿអ្វីដែលកំពុងកើតឡើងខ្លាំងណាស់ ប៉ុន្តែនៅថ្ងៃនោះគាត់ក៏បានយល់អំពីអត្ថន័យនៃពាក្យថា អ្វីក៏ដោយដែលព្រះជាម្ចាស់បានទទួល ទ្រង់ធ្វើឲ្យវាកើនឡើង។ ដោយសារតែធនធានរបស់ពួកគាត់មានកម្រិត ប្រសិនបើឪពុកម្តាយរបស់គាត់លាក់ទុកដង្វាយ១០ហូត១ និងសទ្ធាអស់រាប់សិបឆ្នាំក៏មិនអាចសន្សំប្រាក់នោះបានល្មមស្មើនឹងថ្លៃសិក្សានៅសាលារៀនដែលគាត់ត្រូវទៅសិក្សាបានឡើយ។ដូចបានឃើញស្រាប់ហើយថា ព្រះទ្រង់រមែងធ្វើឲ្យធនធានដែលយើងថ្វាយទៅព្រះអង្គបានកើនឡើងជានិច្ច តើយើងរាល់គ្នាគួរតែថ្វាយបង្គំព្រះអង្គដោយនាំមកជាមួយនូវដង្វាយ១០ហូត១ និងដង្វាយ- សទ្ធាដែរឬទេ?
សេចក្តីអំពាវនាវ៖ «នៅទីនេះមានក្មេងម្នាក់ មាននំបុ័ងម្សៅឱក៥ និងត្រីតូច២ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី ដល់មនុស្សច្រើនទាំងម៉្លេះ» (យ៉ូហាន ៦៖៩)។
សេចក្តីអធិដ្ឋាន៖
ព្រះអម្ចាស់យេស៊ូវអើយ សូមជួយយើងរាល់គ្នាឲ្យទទួលស្កាល់ថា នៅគ្រាដែល យើងខ្វះខាត ជម្រើសដ៏ឆ្លាតវៃបំផុតរបស់យើងគឺត្រូវថ្វាយអ្វីដែលជារបស់ព្រះអង្គទៅព្រះអង្គវិញ ព្រមទាំងអ្វីៗដែលទ្រង់បានសូមឲ្យយើងថ្វាយទ្រង់ផង។ សូមជួយយើងរាល់គ្នាឲ្យមានទំនាក់ទំនងជាមួយ ព្រះអង្គជាប្រចាំប្រយោជន៍ឲ្យសេចក្តីជំនឿរបស់យើងមានភាពរស់រវើកឡើង និងដើម្បីឲ្យទ្រង់ធ្វើឲ្យអ្វីៗដែលយើងបានថ្វាយទៅព្រះអង្គ ទ្រង់នឹងអាចធ្វើឲ្យវាកើនឡើងបាន។