មេរៀនទី៨​៖ ១៤-២០ ឧសភា ២០២២

សេចក្តីសន្យា

Jeans
ថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖​ ហេព្រើរ ៧៖១១-១៩; ហេព្រើរ ៨៖១០-១២; ចោទិយកថា ៦៖៤-៦; ហេព្រើរ ១០៖៥-១០; យេរេមា៣១៖៣៣។

ខចងចាំ៖ «ឯ​អ័ប្រាហាំ​គាត់​ចាស់​ណាស់​ហើយ មាន​អាយុ​វែង ហើយ​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​គាត់​ក្នុង​គ្រប់​ការ​ទាំង​អស់» (លោកុប្បត្តិ ២៤៖១)។

ព្រះបានរក្សាសេចក្តីសន្យារបស់ទ្រង់ដែលថា នាងសារ៉ានឹងមានកូនប្រុសមួយ។ នៅពេលនោះ លោកអ័ប្រាហាំមានវ័យចំណាស់ទៅហើយ (លោកុប្បត្តិ ២១៖១-៥)។ លោកអ័ប្រាហាំដាក់ឈ្មោះកូននោះថា អ៊ីសាក។ ប៉ុន្តែ រឿងរបស់លោកអ័ប្រាហាំមិនទាន់ចប់នៅឡើយទេ។ លោកអ័ប្រាហាំបានយកលោកអ៊ីសាកទៅឯភ្នំម៉ូរីយ៉ា នៅពេលដែលគាត់ធំឡើង។ នៅទីនោះលោកអ័ប្រាហាំត្រូវថ្វាយលោក អ៊ីសាកដល់ព្រះទុកជាតង្វាយដុត។ នៅទីបំផុត ព្រះបានជំនួសលោកអ៊ីសាកជាមួយនឹងចៀមឈ្មោល មួយក្បាល (លោកុប្បត្តិ ២២៖១៣)។ ចៀមគឺជារូបស័ព្ទមួយបង្ហាញយើងអំពីផែនការសង្គ្រោះរបស់ព្រះ។ ព្រះចង់ប្រទានពរដល់មនុស្សលោកតាមរយៈលោកអ៊ីសាកនេះណាស់ (លោកុប្បត្តិ ២២៖១៧, ១៨)។ ជាការពិតណាស់ ព្រះពរនោះគឺជាអង្គព្រះយេស៊ូវនេះឯង (កិច្ចការ ១៣៖២៣)។ រឿងនេះបានបង្ហាញយើងនូវសេចក្តីពិតជាច្រើនអំពីផែនការសង្គ្រោះរបស់ព្រះ។

ក្រោយមកនាងសារ៉ាបានស្លាប់ទៅ បន្ទាប់ពីលោកអ័ប្រាហាំបានថ្វាយលោកអ៊ីសាកដល់ព្រះ រួចមក (លោកុប្បត្តិ ២៣)។ នៅពេលនោះលោកអ៊ីសាកមិនទាន់មានប្រពន្ធនៅឡើយទេ។ ម្ល៉ោះហើយ អនាគតរបស់លោកអ័ប្រាហាំក៏មិនទាន់ប្រាកដប្រជានៅឡើយដែរ។

លោកអ័ប្រាហាំបានធ្វើរឿងជាច្រើនដើម្បីអោយប្រាកដថា អនាគតដ៏ត្រឹមត្រូវមួយនឹងបានកើតឡើង។ លោកអ័ប្រាហាំបានបង្គាប់អោយលោកអេលាស៊ើររៀបចំអាពាហ៍ពិពាហ៍មួយសម្រាប់លោកអ៊ីសាក។ លោកអេលាស៊ើរបានរៀបចំអោយលោកអ៊ីសាករៀបការជាមួយនឹងនាងរេបិកា (លោកុប្បត្តិ ២៤)។ នាងរេបិកាបានបង្កើតកូនប្រុស២នាក់អោយលោកអ៊ីសាក (លោកុប្បត្តិ ២៥៖២១-២៣)។ លោកអ័ប្រាហាំក៏បានរៀបការម្តងទៀតដែរ។ នាងកេធូរ៉ាដែលជាប្រពន្ធថ្មីរបស់គាត់បានបង្កើតកូនជាច្រើនអោយលោកអ័ប្រាហាំ (លោកុប្បត្តិ ២៥៖១-៦)។ សប្តាហ៍នេះយើងនឹងអានអំពីលោកអ័ប្រាហាំ តាំងតែពីភ្នំម៉ូរីយ៉ារហូតដល់គ្រាចុងក្រោយនៃជីវិតរបស់គាត់ (លោកុប្បត្តិ ២៥៖៧-១១)។

ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២

តម្រូវការសម្រាប់សេចក្តីសញ្ញាថ្មី

តើការសាកល្បងដែលព្រះបានប្រទានដល់លោកអ័ប្រាហាំនោះមានន័យយ៉ាងដូចម្តេចដែរ? តើយើងអាចរៀនមេរៀនខាងឯវិញ្ញាណអ្វីខ្លះ ចេញពីរឿងដ៏គួរអោយភ្ញាក់ផ្អើលនេះ?​ សម្រាប់ចម្លើយ សូម អានខគម្ពីរលោកុប្បត្តិ ២២៖១-១២ និងហេព្រើរ ១១៖១៧។

--------------------------------------------------------

ព្រះបានបង្គាប់អោយលោកអ័ប្រាហាំថ្វាយលោកអ៊ីសាកដល់ទ្រង់ទុកជាតង្វាយដុត។ សេចក្តីបង្គាប់នេះបានប្រឆាំងទាស់ក្បួនច្បាប់នៃព្រះគម្ពីរដ៏សំខាន់មួយ មែនទេ? ព្រះបានហាមមិនអោយរាស្ត្ររបស់ទ្រង់សម្លាប់មនុស្សលោកដទៃទៀត ហើយថ្វាយពួកគេទុកជាយញ្ញបូជាខាងឯសាសនាដល់ទ្រង់នោះឡើយ។ បើដូច្នេះមែន តើហេតុអ្វីបានជាពេលនេះព្រះបានសាកល្បងលោកអ័ប្រាហាំតាមវិធីដ៏លំបាក និងគួរអោយភ្ញាក់ផ្អើលបែបនេះទៅវិញ?​

ជាដំបូង យើងត្រូវយល់អំពីការសាកល្បងនៃព្រះគម្ពីរជាមុនសិន។ បន្ទាប់មក យើងនឹងបានយល់អំពីចម្លើយឆ្លើយតបទៅនឹងសំណួរដ៏ពិបាកនេះកាន់តែប្រសើរឡើង។ នៅក្នុងព្រះគម្ពីរ ការសាកល្បងបង្គាប់នូវចំណុច២យ៉ាង។ ចំណុចទី១នៃការសាកល្បងនៃព្រះគម្ពីរនោះគឺ ដើម្បីបង្ហាញ​អំពីអ្វីដែលមាន នៅក្នុងចិត្តរបស់លោកអ្នក (ចោទិយកថា ៨៖២; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ២២៖១២)។ ចំណុចទី២នៃការសាកល្បងនៃព្រះគម្ពីរនោះគឺ ដើម្បីបង្ហាញអំពីសេចក្តីមេត្តារបស់ព្រះចំពោះបុគ្គលដែលទទួលការសាកល្បងនេះ (និក្ខមនំ ១៨-២០)។

ដូច្នេះ លោកអ័ប្រាហាំសុខចិត្តប្រថុយនៅក្នុងការសាកល្បងនេះ។ ប្រសិនបើគាត់ថ្វាយលោក អ៊ីសាកដល់ព្រះនោះ គាត់នឹងបាត់បង់ «អនាគត» របស់គាត់ (គឺថា កូនចៅជំនាន់ក្រោយរបស់គាត់នឹងកើតមកដោយសារតែលោកអ៊ីសាក)។ ប៉ុន្តែ លោកអ័ប្រាហាំបានជឿទុកចិត្តទៅលើព្រះ ទោះបីជាគាត់មិនបានយល់អំពីការសាកល្បងនេះក៏ដោយ។ សេចក្តីជំនឿមានន័យថា យើងជឿទុកចិត្តទៅលើអ្វីដែលយើងមើលមិនឃើញ ឬមិនយល់ដល់មែនទេ?

សេចក្តីជំនឿខាងឯព្រះគម្ពីរមិនមែនស្តីអំពីអ្វីដែលថ្វាយដល់ព្រះនោះទេ។ ជាការពិតណាស់ អ្វីដែលយើងថ្វាយដល់ព្រះនោះក៏សំខាន់ដែរ (រ៉ូម ១២៖១)។ ប៉ុន្តែ សេចក្តីជំនឿខាងឯព្រះគម្ពីរពិតប្រាកដនោះ គឺស្តីអំពីការជឿទុកចិត្តរបស់យើងទៅលើព្រះ និងការទទួលយកព្រះគុណរបស់ទ្រង់ដែលយើងមិនបានធ្វើអ្វីសោះទៅវិញទេ។

យើងបានឃើញសេចក្តីពិតនៃព្រះគម្ពីរនេះនៅក្នុងរឿងនៅលើភ្នំម៉ូរីយ៉ា​។ សូមក្រឡេកមើលរឿងល្អដែលលោកអ័ប្រាហាំបានធ្វើនៅក្នុងជីវិតរបស់គាត់កន្លងមក។ លោកអ័ប្រាហាំបានធ្វើកិច្ចការល្អៗជាច្រើន។​ គាត់មានចិត្តសប្បុរស និងជួយយកអាសាដល់អ្នកដទៃ។​ ឥឡូវនេះ គាត់បានធ្វើដំណើរទៅកាន់ភ្នំម៉ូរីយ៉ាជាមួយនឹងកូនប្រុសរបស់គាត់។ ជាការពិតណាស់ ដំណើរនេះបានធ្វើអោយលោកអ័ប្រាហាំ ឈឺចាប់ជាខ្លាំង នៅពេលដែលគាត់គិតអំពីអ្វីដែលនឹងកើតឡើងចំពោះលោកអ៊ីសាកនៅទីនោះ។ ប៉ុន្តែ កិច្ចការទាំងនេះមិនទាន់គ្រប់គ្រាន់ដើម្បីអោយលោកអ័ប្រាហាំបានសង្គ្រោះនោះឡើយ។​ តើហេតុអ្វី? នោះគឺដោយសារតែព្រះទ្រង់ផ្ទាល់បានប្រទានចៀមឈ្មោលមួយជំនួសវិញ។​ ចៀមឈ្មោលបានបង្ហាញយើងថា ព្រះយេស៊ូវគឺជាក្តីសង្ឃឹមងតែមួយគត់របស់យើងក្នុងការបានសង្គ្រោះ។

រឿងនេះក៏បានបង្ហាញយើងអំពីព្រះគុណរបស់ព្រះសម្រាប់យើងផងដែរ។ ទង្វើល្អរបស់យើង មិនអាចសង្គ្រោះយើងបានឡើយ។ មានតែការស្តាប់បង្គាប់របស់ព្រះយេស៊ូវមួយគត់ដែលអាចសង្គ្រោះយើងបាន (អេភេសូរ ៣៖៨; សូមប្រៀបធៀបជាមួយនឹងខគម្ពីររ៉ូម១១៖៣៣)។

តើរឿងអំពីលោកអ័ប្រាហាំនេះបានបង្រៀនលោកអ្នកយ៉ាងដូចម្តេច អំពីសេចក្តីជំនឿ? តើយើងគួរតែបង្ហាញសេចក្តីជំនឿរបស់យើងដោយរបៀបណាដែរ?

ថ្ងៃច័ន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២

ព្រះនឹងប្រទានដល់យើងនូវអ្វីដែលយើងត្រូវការ

តើព្រះបានរក្សាសេចក្តីសន្យារបស់ទ្រង់ដែលថា ទ្រង់នឹងប្រទាននូវអ្វីដែលលោកអ័ប្រាហាំ និងលោកអ៊ីសាកត្រូវការដោយរបៀបណា?​ តើព្រះបានប្រទានអ្វីខ្លះដល់ពួកគេ? សម្រាប់ចម្លើយ សូមអានខគម្ពីរលោកុប្បត្តិ ២២៖៨, ៤, ១៨។

--------------------------------------------------------

លោកអ៊ីសាកបានសួរឪពុករបស់គាត់ថា ពួកគេបានកូនចៀមមកពីណាសម្រាប់តង្វាយដុតនោះ។ លោកអ័ប្រាហាំផ្តល់ចម្លើយដ៏សំខាន់មួយដល់កូនប្រុសរបស់គាត់យ៉ាងដូច្នេះ៖ «កូន​អើយ កូន​ចៀម​ដែល​សំរាប់​ជា​តង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់ផ្គង់​ឲ្យ» (លោកុប្បត្តិ ២២៖៨)។ ខគម្ពីរនេះក៏អាចសរសេរថា៖ «ព្រះទ្រង់នឹងថ្វាយអង្គទ្រង់ផ្ទាល់ទុកជាកូនចៀម» បានដែរ។

ចម្លើយរបស់លោកអ័ប្រាហាំបានបង្ហាញយើងអំពីអត្ថន័យទាំងមូលនៃផែនការសង្គ្រោះរបស់ព្រះ។ ព្រះអម្ចាស់ទ្រង់ផ្ទាល់នឹងត្រូវរងការឈឺចាប់ ដើម្បីចេញថ្លៃលោះសម្រាប់អំពើបាបរបស់យើង។

រឿងអំពីលោកអ័ប្រាហាំ និងលោកអ៊ីសាកនៅលើភ្នំម៉ូរីយ៉ាបានបង្ហាញយើងអំពីអ្វីដែលនឹងត្រូវ កើតឡើងនៅលើឈើឆ្កាង។ សូមអានខគម្ពីរយ៉ូហាន ១៖១-៣ និងរ៉ូម ៥៖៦-៨។ តើខទាំងនេះអាចជួយ អោយយើងយល់អំពីអ្វីដែលបានកើតឡើងនៅត្រង់ឈើឆ្កាងដោយរបៀបណាដែរ?

--------------------------------------------------------

នៅលើភ្នំម៉ូរីយ៉ានោះ លោកអ័ប្រាហាំបានងាកទៅឃើញចៀមឈ្មោលមួយ «ជាប់​ស្នែង​នៅ​ព្រៃ​ខាង​ក្រោយ​ខ្លួន» (លោកុប្បត្តិ ២២៖១៣)។ ចៀមឈ្មោលនេះបានបង្ហាញយើងអំពីព្រះយេស៊ូវដែលបានពាក់មកុដមួយធ្វើពីបន្លា។ លោកអ័ប្រាហាំក៏បានឃើញព្រះយេស៊ូវតាមរយៈរូបស័ព្ទនៃចៀមនេះផងដែរ។ នេះគឺជាមូលហេតុដែលលោក «អ័ប្រាហាំ​ហៅ​កន្លែង​នោះ​ថា ‘យេហូវ៉ា-យីរេ’ ដូច​ជា​គេ​ក៏​និយាយ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ថា​នៅ​ភ្នំ​នៃ​ព្រះយេហូវ៉ា គឺ​ទ្រង់​នឹង​ផ្គត់ផ្គង់​ឲ្យ»។ ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានប្រទាននូវទីសំគាល់មួយដល់យើងដែរថា នៅថ្ងៃនោះ នៅលើភ្នំលោកអ័ប្រាហាំក៏បានឃើញទ្រង់តាមរយៈយញ្ញបូជានៃកូនចៀមផងដែរ។ ព្រះយេស៊ូវបានមានបន្ទូលថា «លោក​អ័ប្រាហាំ ជា​អយ្យកោ​អ្នក​រាល់​គ្នា លោក​បាន​ត្រេកអរ​ដោយ​ឃើញ​គ្រា​ខ្ញុំ លោក​ក៏​បាន​ឃើញ​មែន ហើយ​មាន​សេចក្តី​រីករាយ» (យ៉ូហាន ៨៖៥៦)។

«ព្រះបានបង្គាប់អោយលោកអ័ប្រាហាំសម្លាប់កូនប្រុសរបស់គាត់។ តើហេតុអ្វីបានជាព្រះប្រទាន ការសាកល្បងដ៏លំបាកនេះដល់លោកអ័ប្រាហាំយ៉ាងដូច្នេះ? នោះគឺដោយសារតែព្រះចង់ប្រទានការសាកល្បងមួយនៃសេចក្តីជំនឿដល់លោកអ័ប្រាហាំ។ ព្រះក៏ចង់បង្ហាញលោកអ័ប្រាហាំអំពីផែនការសង្គ្រោះរបស់ទ្រង់ផងដែរ។ លោកអ័ប្រាហាំបានឈឺចាប់យ៉ាងខ្លាំងនៅក្នុងអំឡុងពេលនៃការសាកល្បងនេះ។ ព្រះបានបណ្តោយអោយលោកអ័ប្រាហាំឈឺចាប់ចេញពីបទពិសោធន៍របស់គាត់ផ្ទាល់ ដើម្បីអោយគាត់បានយល់អំពីទំហំនៃការឈឺចាប់ដែលទ្រង់មានចំពោះយើង នៅពេលដែលទ្រង់ប្រទានព្រះរាជបុត្រារបស់ទ្រង់អោយមកសង្គ្រោះយើងដែលជាមនុស្សលោក»។ ដកស្រង់ពី Ellen G. White, Patrairchs and Prophets, page 154, adapted។

តើរឿងអំពីលោកអ័ប្រាហាំនេះជួយអោយយើងយល់អំពីអ្វីដែលបានកើតឡើងនៅត្រង់ឈើឆ្កាងដោយកាន់តែប្រសើរឡើងដោយរបៀបណា?

ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២

នាងសារ៉ាក៏បានស្លាប់ទៅ

ក្នុងខគម្ពីរលោកុប្បត្តិ ២២៖២៣ យើងបានអានថា នាងរេបិកាបានចាប់កំណើតឡើង។ នាង រេបិកាគឺជាអនាគតប្រពន្ធរបស់លោកអ៊ីសាក (លោកុប្បត្តិ ២៤)។ ក្នុងខគម្ពីរលោកុប្បត្តិ២៣ យើងបានអានថា នាងសារ៉ាបានស្លាប់ រួចនាងត្រូវបានគេយកទៅបញ្ចុះបាត់ទៅ។ ក្រោយមក បន្ទាប់ពីការស្លាប់របស់នាងរួចមក លោកអ័ប្រាហាំបានរៀបការជាមួយនឹងនាងកេធូរ៉ា (លោកុប្បត្តិ ២៥៖១-៤)។

តើការស្លាប់របស់នាងសារ៉ា និងទីកន្លែងដែលគេបញ្ចុះនាងនោះមានចំណុចសំខាន់អ្វីនៅក្នុងសេចក្តីសន្យាដែលព្រះបានតាំងឡើងជាមួយនឹងលោកអ័ប្រាហាំ? សម្រាប់ចម្លើយ សូមអានបទគម្ពីរលោកុប្បត្តិ២៣។

--------------------------------------------------------

នាងសារ៉ាបានស្លាប់ បន្ទាប់ពីលោកអ៊ីសាកត្រឡប់មកពីភ្នំម៉ូរីយ៉ាវិញ។​ ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា នាងសារ៉ា «អាយុ​បាន​១២៧​ឆ្នាំ» (លោកុប្បត្តិ ២៣៖១)។ នាងសារ៉ាគឺជាស្ត្រីតែម្នាក់គត់ នៅក្នុងគម្ពីរសញ្ញាចាស់ដែលមានអាយុកត់ត្រានៅក្នុងព្រះគម្ពីរ។ ព័ត៌មាននេះបានបង្ហាញយើងថា នាងសារ៉ាគឺជាមនុស្សដ៏សំខាន់ជាទីបំផុតនៅក្នុងរឿងរបស់លោកអ័ប្រាហាំ។ នាងបានរួមដំណើរជាមួយនឹងគាត់។​ នាងបានចូលរួមនៅក្នុងការធ្វើដំណើរជាមួយនឹងគាត់។ នាងតែងតែនៅជាប់នឹងគាត់ជានិច្ចមិនថា ពេលស្រណុក ឬពេលលំបាកនោះឡើយ។ នាងគឺជាផ្នែកមួយនៃជីវិតរបស់គាត់ នៅពេលដែលគាត់អាក់ខានក្នុងការបង្ហាញសេចក្តីជំនឿពីមួយគ្រាទៅមួយគ្រា (លោកុប្បត្តិ ១២៖១១-១៣)។

បទគម្ពីរលោកុប្បត្តិ២៣​ ភាគច្រើនបានពិពណ៌នាអំពីផ្នូរដែលលោកអ័ប្រាហាំបានទិញសម្រាប់នាងសារ៉ា។ រឿងនេះបានពិពណ៌នាបន្ថែមទៀត អំពីកន្លែងបញ្ចុះសព្វរបស់នាងជាជាងការស្លាប់របស់នាងទៅទៀត។​ ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា នាងសារ៉ាបានស្លាប់នៅក្នុងទឹកដីកាណាន (លោកុប្បត្តិ ២៣៖២)។ នាងសារ៉ាគឺជាសមាជិកគ្រួសារដំបូងគេបង្អស់ដែលបានស្លាប់ហើយ និងបញ្ចុះនៅក្នុងទឹកដីសន្យានេះ។​ ដូច្នេះ ការស្លាប់របស់នាងសារ៉ាមានទំនាក់ទំនងជាមួយនឹងទឹកដីសន្យា។

លោកអ័ប្រាហាំបានប្រកែកជាមួយនឹងពួកកូនប្រុសរបស់លោកហេតអំពីទឹកដីដែលលោកអ័ប្រាហាំចង់ទិញយកមកធ្វើជាផ្នូរសម្រាប់នាងសារ៉ា។ រឿងនេះបានបង្ហាញយើងថា លោកអ័ប្រាហាំមានចំណាប់អារម្មណ៍លើសពីកន្លែងបញ្ចុះសពប្រពន្ធរបស់គាត់ទៅទៀត។ លោកអ័ប្រាហាំមានចំណាប់អារម្មណ៍ក្នុងការតាំងទីលំនៅរបស់គាត់នៅក្នុងទឹកដីសន្យាជារៀងរហូត។

សូមអានខគម្ពីរលោកុប្បត្តិ ២៣៖៦។ តើខគម្ពីរនេះបានបង្ហាញប្រាប់យើងយ៉ាងដូចម្តេច អំពីទំហំនៃការគោរពកោតខ្លាចពីមនុស្សដទៃដល់លោកអ័ប្រាហាំនោះ? តើហេតុអ្វីបានជាការគោរពកោតខ្លាចដែលមនុស្សដទៃបានបង្ហាញដល់លោកអ័ប្រាហាំនេះសំខាន់ម្ល៉េះ ចំពោះផែនការដែលព្រះមានសម្រាប់លោកអ័ប្រាហាំ ហើយនិងជីវិតរបស់គាត់នោះ?

ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២

ប្រពន្ធសម្រាប់លោកអ៊ីសាក

យើងបានឃើញរួចមកហើយថា​ បទគម្ពីរលោកុប្បត្តិ២៣ បានបង្ហាញប្រាប់យើងថា នាងសារ៉ាបានស្លាប់បាត់ហើយ។ បទគម្ពីរលោកុប្បត្តិ២៤ បាននិទានប្រាប់រឿងអំពីរបៀបដែលលោកអ៊ីសាករៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាងរេបិកា។ យើងនឹងបានឃើញថា សេចក្តីស្លាប់របស់នាងសារ៉ាក៏មានទំនាក់ទំនងជាមួយនឹងអាពាហ៍ពិពាហ៍របស់លោកអ៊ីសាក និងនាងរេបិកាផងដែរ។

តើហេតុអ្វីបានជាលោកអ័ប្រាហាំមានការព្រួយបារម្ភអំពីការជ្រើសរើសប្រពន្ធម្នាក់សម្រាប់លោក អ៊ីសាកយ៉ាងដូច្នេះ? តើហេតុអ្វីបានជាលោកអ័ប្រាហាំមិនចង់អោយលោកអ៊ីសាករៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីសាសន៍កាណានយ៉ាងដូច្នេះ? សម្រាប់ចម្លើយ សូមអាន​បទគម្ពីរលោកុប្បត្តិ២៤។

--------------------------------------------------------

លោកអ័ប្រាហាំបានជឿទុកចិត្តសេចក្តីសន្យារបស់ព្រះ។ ម្ល៉ោះហើយ លោកអ័ប្រាហាំ​បានជឿថា កូនចៅជំនាន់ក្រោយរបស់គាត់នឹងបានរស់នៅក្នុងទឹកដីសន្យាជាពុំខាន។ នេះគឺជាមូលហេតុដែលលោកអ័ប្រាហាំមិនចង់អោយលោកអ៊ីសាកតាំងទីលំនៅរបស់គាត់នៅខាងក្រៅទឹកដីសន្យានោះឡើយ (លោកុប្បត្តិ ២៤៖៧)។ ម៉្យាងទៀត លោកអ័ប្រាហាំក៏មិនចង់អោយលោកអ៊ីសាករៀបអាពាហ៍ពិពាហ៍ជាមួយនឹងមនុស្សដែលនាំអោយចិត្តរបស់លោកអ៊ីសាកបែរចេញពីព្រះនោះដែរ។ ដូច្នេះ លោកអ័ប្រាហាំបានចាត់អោយអ្នកបម្រើរបស់គាត់ទៅស្វែងរកប្រពន្ធម្នាក់ពីញាតិសន្តានរបស់គាត់សម្រាប់លោកអ៊ីសាកវិញ។ លោក អ៊ីសាកបាននាំកូនក្រមុំរបស់គាត់ចូលទៅក្នុងតង់ម្តាយរបស់គាត់។ លោកអ៊ីសាកស្រឡាញ់ «ថ្នាក់‌ថ្នម​នាងហើយ​នាង​ ក៏​ធ្វើ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ​ពី​ទុក្ខ ក្រោយ​ពី​ម្ដាយ​ស្លាប់» បាត់ទៅ (លោកុប្បត្តិ ២៤៖៦៧​, គខប)។ យើងបានឃើញចេញពីរឿងនេះហើយថា លោកអ៊ីសាកពោរពេញទៅដោយទុក្ខ និងការឈឺចាប់ជាខ្លាំង បន្ទាប់ពីម្តាយរបស់គាត់បានស្លាប់បាត់ទៅ។

រឿងអំពីការរៀបអាពាហ៍ពិពាហ៍របស់លោកអ៊ីសាក និងនាងរេបិកានេះពោរពេញទៅដោយការអធិស្ឋាន និងសេចក្តីសន្យា។ យើងអាចរៀននូវមេរៀនជាច្រើនអំពីព្រះគុណរបស់ព្រះ ហើយនិងសេរីភាពរបស់មនុស្សលោក​ចេញពីរឿងដ៏ស្រស់បំព្រងមួយនេះ។ លោកអ័ប្រាហាំបានសូមអោយអ្នកបម្រើរបស់គាត់ស្បថនៅក្នុងព្រះនាមរបស់ព្រះយ៉ាងដូច្នេះថា៖ «អញ​នឹង​ឲ្យ​ឯង​ស្បថ​នឹង​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ស្ថានសួគ៌ ហើយ​ជា​ព្រះ​នៃ​ផែនដី» (លោកុប្បត្តិ ២៤៖៣)។ តើលោកអ្នកឃើញថា លោកអ័ប្រាហាំបានជឿថា ព្រះគឺ ជាអ្នកបង្កើតផ្ទៃមេឃ និងផែនដីដែរឬទេ (លោកុប្បត្តិ ១៖១; លោកុប្បត្តិ ១៤៖១៩)?

បន្ទាប់មក លោកអ័ប្រាហាំបានថ្លែងអំពី «ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌» ហើយនិង «ទេវតា ទ្រង់» (លោកុប្បត្តិ ២៤៖៧)។ នាមទាំង២នេះបានបង្ហាញយើងអំពីទេវតារបស់ព្រះមួយអង្គដែលបាន យាងចុះពីស្ថានសួគ៌មកកាន់ភ្នំម៉ូរីយ៉ា (លោកុប្បត្តិ ២២៖១១)។ ទេវតាអង្គនេះមានថានៈស្មើនឹងព្រះដែលគ្រប់គ្រងលើជីវិតទាំងអស់។​ ទ្រង់នឹងនាំអោយអ្នកបម្រើរបស់លោកអ័ប្រាហាំជ្រើសរើសកូនក្រមុំម្នាក់សម្រាប់លោកអ៊ីសាក។

លោកអ័ប្រាហាំបានគិតថា ស្ត្រីម្នាក់នោះប្រហែលជាអាចបដិសេធមិនព្រមរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងលោកអ៊ីសាកក៏ថាបាន។ មែនហើយ ព្រះទ្រង់មានអំណាច។ ប៉ុន្តែ ទ្រង់មិនបង្ខំអ្នកណាម្នាក់អោយគោរពតាមទ្រង់នោះឡើយ។ នាងរេបិកាអាចនិយាយថា ព្រម ឬមិនព្រមក៏បានដែរ។ ព្រះនឹងគោរពការសម្រេចចិត្តរបស់នាង។ ដូច្នេះ តាមរយៈរឿងនេះ យើងបានឃើញនូវគំរូមួយនៃអំណោយទានខាងឯសេរីភាពក្នុងការជ្រើសរើសដែលព្រះបានប្រទានដល់យើង​រាល់គ្នា។

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២

ប្រពន្ធសម្រាប់លោកអ័ប្រាហាំ

សូមអានអំពីហេតុការណ៍ចុងក្រោយនៃជីវិតរបស់លោកអ័ប្រាហាំនៅក្នុងខគ្ពីរលោកុប្បត្តិ ២៤៖ ៦៧-២៥៖១-៨។ តើរឿងទាំងនេះបានបង្ហាញយ៉ាងដូចម្តេចដែរ?

--------------------------------------------------------

បន្ទាប់ពីនាងសារ៉ាបានស្លាប់បាត់ទៅ លោកអ័ប្រាហាំបានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀត។ ប្រពន្ធរបស់គាត់បានកំសាន្តចិត្តគាត់ បន្ទាប់ពីការស្លាប់របស់នាងសារ៉ារួចមក ដូចដែលនាងរេបិកាបានកំសាន្តចិត្តលោកអ៊ីសាកយ៉ាងដូច្នោះដែរ (លោកុប្បត្តិ ២៤៖៦៧)។

កេធូរ៉ាគឺជាឈ្មោះប្រពន្ធថ្មីរបស់លោកអ័ប្រាហាំ។ តើនាងកេធូរ៉ាគឺជាអ្នកណា? យើងមិនបានដឹងច្បាស់ឡើយ។ ព្រះគម្ពីរបានចែងអំពីកូនៗរបស់នាងកេធូរ៉ាជាមួយនឹងលោកអ័ប្រាហាំនៅក្នុងបញ្ជីឈ្មោះតែមួយជាមួយនឹងកូនៗរបស់នាងហាការដែរ។ នៅពេលដែលកូនរបស់នាងកេធូរ៉ាធំឡើង លោកអ័ប្រាហាំក៏បានអោយពួកគេចេញទៅដូចជាលោកអ៊ីសម៉ាអែលផងដែរ។ លោកអ័ប្រាហាំចង់អោយមនុស្សគ្រប់គ្នាបានមើលឃើញថា លោកអ៊ីសាកគឺជាមនុស្សតែម្នាក់គត់ដែលនឹងអ្វីៗទាំងអស់ដែលជារបស់ផងគាត់ នៅពេលដែលគាត់ស្លាប់បាត់ទៅ។

ដូច្នេះ លោកអ័ប្រាហាំ «បាន​ចែក​អំណោយ​ខ្លះ​ដល់​ពួក​កូន​ចៅ​របស់​ប្រពន្ធ​ចុង​គាត់​ដែរ រួច​ក៏​ឲ្យគេ​ចាក​ចេញ​ពី​អ៊ីសាក​កូន​គាត់​ទៅ​ឯ​ស្រុក​ខាង​កើត​វិញ ក្នុង​កាល​ដែល​គាត់​នៅ​រស់​នៅ​ឡើយ» (លោកុប្បត្តិ ២៥៖៦)។ ពាក្យថា «ប្រពន្ធចុង»​ បានបង្ហាញថា នាងកេធូរ៉ាក៏ជាប្រពន្ធបែបដូចជានាងហាការផងដែរមិនដូចជានាងសារ៉ានោះឡើយ។

ក្នុងខគម្ពីរលោកុប្បត្តិ ២៥៖១-៤, ១២-១៨ យើងបានឃើញអំពីបញ្ជីឈ្មោះនៃកូនៗដែលលោក អ័ប្រាហាំមានជាមួយនឹងនាងកេធូរ៉ា។​ យើងក៏បានឃើញបញ្ជីឈ្មោះនៃកូនៗរបស់លោកអ៊ីសម៉ាអែលផងដែរ។ តើគោលបំណងនៃបញ្ជីឈ្មោះនេះគឺជាអ្វី? ដោយគ្មានចំងល់ បញ្ជីឈ្មោះនេះគឺជាទីសំគាល់មួយបង្ហាញថា ព្រះនឹងរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះលោកអ័ប្រាហាំគឺថា គាត់នឹងធ្វើជាឪពុកនៃសាសន៍ជាច្រើន។

បញ្ជីឈ្មោះនៃកូនៗរបស់លោកអ៊ីសម៉ាអែលត្រូវបានបង្កើតឡើងដោយពូជអំបូរទាំង១២ (សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ​១៧៖២០)។ លោកយ៉ាកុបក៏មានកូន១២ ដែលជាឪពុកនៃពូជ អំបូរទាំង១២ផងដែរ (លោកុប្បត្តិ​៣៥៖២២-២៦)។ យើងបានដឹងហើយថា ព្រះនឹងមិនតាំងសេចក្តីសញ្ញារបស់ទ្រង់ជាមួយនឹងលោកអ៊ីសម៉ាអែល ហើយនិងកូនៗរបស់គាត់នោះឡើយ។ ព្រះនឹងតាំងសេចក្តីសញ្ញា របស់ទ្រង់ជាមួយនឹងកូនចៅជំនាន់ក្រោយរបស់លោកអ៊ីសាកតែមួយគត់ (លោកុប្បត្តិ ១៧៖២១)។

ដូច្នេះ ព្រះបានរក្សាសេចក្តីសន្យារបស់ទ្រង់ជាមួយនឹងលោកអ័ប្រាហាំ។ ព្រះបានប្រទានពរអោយគាត់មានកូនចៅជាច្រើននាក់។ ព្រះបានមានបន្ទូលប្រាប់លោកអ័ប្រាហាំជាច្រើនឆ្នាំមុនថា៖ «ឯ​ឯង​នឹង​ទៅ​ឯ​ពួក​អយ្យកោ​ឯង​ដោយ​សុខសាន្ត ហើយ​គេ​នឹង​កប់​ឯង ក្រោយ​ដែល​ឯង​មាន​អាយុ​វែង​ល្អ​ហើយ» (លោកុប្បត្តិ ១៥៖១៥; សូមប្រៀបធៀបជាមួយនឹងខគម្ពីរសាស្តា៦៖៣)។

នៅទីបំផុត ព្រះអម្ចាស់បានរក្សាសេចក្តីសន្យារបស់ទ្រង់ដល់លោកអ័ប្រាហាំដែលជាអ្នកបម្រើ ដ៏ស្មោះត្រង់របស់ទ្រង់។ ព្រះអម្ចាស់បានបង្ហាញព្រះគុណ និងសេចក្តីមេត្តារបស់ទ្រង់ដល់លោកអ័ប្រាហាំ។ ក្នុងគម្ពីរសញ្ញាចាស់ លោកអ័ប្រាហាំគឺជាគំរូដ៏អស្ចារ្យមួយ និងអាចជាគំរូដ៏ល្អបំផុតមួយអំពីរបៀបដែលព្រះនឹងសង្គ្រោះយើង។ ព្រះនឹងសង្គ្រោះយើងដោយព្រះគុណរបស់ទ្រង់ នៅពេលដែលយើងជឿទៅលើទ្រង់។

ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២

សិក្សាបន្ថែម

លោកអ័ប្រាហាំគឺជាហោរាម្នាក់មកពីព្រះ។​ ព្រះបានចែករំលែកផែនការរបស់ទ្រង់ជាមួយនឹងលោកអ័ប្រាហាំ (លោកុប្បត្តិ ១៨៖១៧)។ ព្រះបានបង្ហាញលោកអ័ប្រាហាំអំពីផែនការសង្គ្រោះរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សលោកដោយការសុគតនៃព្រះរាជបុត្រារបស់ទ្រង់។

«លោកអ៊ីសាកគឺជារូបស័ព្ទមួយតំណាងអោយព្រះយេស៊ូវដែលជាព្រះរាជបុត្រារបស់ព្រះ។ ព្រះ នឹងប្រទានព្រះយេស៊ូវទុកជាតង្វាយជំនួសអំពើបាបរបស់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ព្រះចង់អោយ លោកអ័ប្រាហាំយល់ពីដំណឹងល្អអំពីព្រះយេស៊ូវ និងដំណើរការនៃផែនការសង្គ្រោះរបស់ទ្រង់។ ម្ល៉ោះហើយ ព្រះបានប្រទានការសាកល្បងមួយដល់លោកអ័ប្រាហាំ។ ព្រះបានបង្គាប់អោយលោកអ័ប្រាហាំសម្រាប់ លោកអ៊ីសាកដែលជាកូនប្រុសជាទីស្រឡាញ់បំផុតរបស់គាត់។ លោកអ័ប្រាហាំបានឈឺចាប់ជាខ្លាំងនៅអំឡុងពេលនៃការសាកល្បងនេះ។ ព្រះបានបណ្តោយអោយលោកអ័ប្រាហាំឈឺចាប់បែបនេះសម្រាប់ហេតុផលមួយ។ ការឈឺចុកចាប់ចេញពីបទពិសោធន៍នេះនឹងជួយលោកអ័ប្រាហាំយល់អំពីផែនការរបស់ព្រះក្នុងការសង្គ្រោះមនុស្សលោក។ លោកអ័ប្រាហាំបានរៀនអំពីទំហំនៃការលះបង់របស់ព្រះ នៅពេលដែលទ្រង់បានប្រទានព្រះរាជបុត្រារបស់ទ្រង់អោយមកសង្គ្រោះយើងចេញពីអំពើបាបនោះមក។ គ្មានបទពិសោធន៍ឯណាទៀតដែលលោកអ័ប្រាហាំបានជួបប្រហាក់ប្រហែលទៅនឹងការឈឺចាប់ដែលគាត់មាននៅពេលដែលគាត់គោរពតាមសេចក្តីបង្គាប់មកពីព្រះអោយសម្លាប់លោកអ៊ីសាកនោះឡើយ។ ដកស្រង់ ពី Ellen G. White, Testimonies for the Church, volume 3, page 369, adapted។

«លោកអ័ប្រាហាំបានទៅជាមនុស្សចំណាស់ម្នាក់។ គាត់បានរំពឹងថា មិនយូរទៀតទេ គាត់នឹងស្លាប់ជាពុំខាន។ ប៉ុន្តែ គាត់ត្រូវធ្វើរឿងមួយជាមុនសិន មុនពេលដែលគាត់ស្លាប់ទៅ។ ពេលនោះ លោក អ័ប្រាហាំនឹងអាចធានាបានថា ព្រះអាចនឹងរក្សាសេចក្តីសន្យារបស់ទ្រង់ដល់កូនចៅជំនាន់ក្រោយរបស់គាត់បាន។ លោកអ័ប្រាហាំត្រូវតែស្វែងរកប្រពន្ធម្នាក់អោយលោកអ៊ីសាក។ ព្រះបានជ្រើសរើសលោក អ៊ីសាកអោយធ្វើជាបុគ្គលម្នាក់ក្នុងការការពារចំណេះដឹងនៃក្រឹត្យវិន័យរបស់ព្រះ។ ព្រះក៏បានជ្រើសរើសលោកអ៊ីសាកអោយធ្វើជាអយ្យកោនៃរាស្ត្រជ្រើសតាំងផងដែរ។ ពួកសាសន៍កាណានបានថ្វាយបង្គំដល់ ព្រះក្លែងក្លាយ។ ព្រះបានជ្រាបអំពីអ្វីដែលនឹងត្រូវកើតឡើង ប្រសិនបើរាស្ត្ររបស់ទ្រង់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងពួកសាសន៍កាណាននោះ។ ពួកសាសន៍កាណាននឹងនាំអោយរាស្ត្ររបស់ទ្រង់បែរចេញពីទ្រង់ទាំងស្រុង . . . . ចំពោះលោកអ័ប្រាហាំ ការជ្រើសរើសប្រពន្ធម្នាក់អោយលោកអ៊ីសាកគឺជាជំនួញមួយដ៏សំខាន់បំផុត។ លោកអ័ប្រាហាំចង់អោយកូនប្រុសរបស់គាត់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីម្នាក់ដែល នឹងមិននាំលោកអ៊ីសាកចេញពីព្រះនោះឡើយ . . . . លោកអ៊ីសាកបានជឿទុកចិត្តថា ឪពុករបស់គាត់នឹងជ្រើសរើសប្រពន្ធដ៏ល្អបំផុតម្នាក់សម្រាប់គាត់។ គាត់ក៏បានជឿទៀតថា ព្រះទ្រង់នឹងបង្ហាញផ្លូវក្នុងការ ជ្រើសរើសប្រពន្ធម្នាក់សម្រាប់គាត់ផងដែរ។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 171, adapted។

សំនួរពិភាក្សា៖
  1. លោកអ័ប្រាហាំសុខចិត្តសម្លាប់លោកអ៊ីសាក ដើម្បីអោយព្រះសព្វព្រះហឫទ័យ។ តើលោកអ្នកគិតថា គាត់ត្រូវការសេចក្តីជំនឿ និងកម្លាំងច្រើនប៉ុនណាដែរ ដើម្បីអោយគាត់អាចធ្វើកិច្ចការនេះទៅបាន? តើត្រង់ណាខ្លះដែលធ្វើអោយលោកអ្នកមានការភ្ញាក់ផ្អើល និងមិនអស់ចិត្តអំពីរឿងនេះដែរនោះ?

  2. ចុះចំណែកឯសេរីភាពក្នុងការជ្រើសរើសរបស់លោកអ្នកនោះយ៉ាងដូចម្តេចដែរ? តើហេតុអ្វីបានជាយើងដែលជាគ្រីស្ទានក៏ត្រូវតែមានសេរីភាពក្នុងការជ្រើសរើសដែរនោះ? តើយើងមានគំរូអ្វីខ្លះ នៅក្នុងព្រះគម្ពីរដែលទាក់ទងទៅនឹងសេចរីភាពក្នុងការជ្រើសរើសនេះ? ពេលខ្លះ មនុស្សបានជ្រើសរើសខុស។ តើរឿងទាំងនេះបានបង្ហាញយើងថា ព្រះនៅតែអាចសម្រេចផែនការសង្គ្រោះរបស់ទ្រង់ចំពោះជីវិតរបស់ពួកគេនោះដោយរបៀបណាដែរ?

រឿងខ្លី

ព្រះបានរៀបចំអោយខ្ញុំជួបមនុស្ស២នាក់

Jeans

ខ្ញុំមិនទម្លាប់ធ្វើដំណើរទៅណាមកណាដោយមិនបានទូលសួរព្រះជាមុនថា ដំណើរនោះស្របតាម ឬមិនស្របតាមព្រះហឫទ័យទ្រង់នោះឡើយ។ ខ្ញុំរស់នៅក្នុងប្រទេសអៀរឡង់ ក្រុមគ្រួសាររបស់ខ្ញុំរស់នៅឯប្រទេសអាហ្វ្រិកខាងត្បូង រីឯបងស្រីវិញរស់នៅឯប្រទេសណាមីប៊ី។ ខ្ញុំបានចុះទៅសួរសុខទុក្ខពួកគាត់មួយឆ្នាំម្តង។ ខ្ញុំបានអានព្រះគម្ពីរ សៀវភៅអ្នកស្រីអែល្លីន ជីវ៉ៃត៍ និងសៀវភៅមគ្គទេសក៍សិក្សាព្រះគម្ពីរមេរៀនថ្ងៃសប្បាតហ៍សម្រាប់មនុស្សចាស់នៅលើយន្តហោះ។ ខ្ញុំក៏តែងតែដាក់សៀវភៅជំហ៊ានទៅកាន់ព្រះគ្រីស្ទនៅក្នុងកាបូបរបស់ខ្ញុំផងដែរ។ សៀវភៅទាំងនេះបានជួយបង្រួមការធ្វើដំណើរអោយកាន់តែឆាប់ដល់ ហើយនិងនាំអោយមានការសន្ទនាដ៏គួរអោយចាប់អារម្មណ៍មួយចំនួនទៀតផងដែរ។ រាល់ពេលដែលខ្ញុំកំពុងតែធ្វើដំណើរនោះ តែងតែមានហេតុការណ៍ដ៏គួរអោយចាប់អារម្មណ៍កើតឡើងជានិច្ច។

គ្រាមួយ ខណៈពេលដែលខ្ញុំកំពុងតែរង់ចាំជើងយន្តហោះរបស់យើងនៅឯព្រលានយន្តហោះនៃទីក្រុងឌូលីន (Dublin) នោះ ខ្ញុំបានចាប់ផ្តើមនិយាយទៅកាន់បុរសម្នាក់អង្គុយនៅជិតខ្ញុំ។ បុរសម្នាក់នោះមានតួនាទីជាអ្នកស៊ើបអង្កេតពិសេសសម្រាប់កងកម្លាំងប៉ូលិសអៀរឡង់ ហើយគាត់ក៏កំពុងតែធ្វើដំណើរត្រឡប់ទៅស្រុកវិញ ដើម្បីជួបជុំគ្រួសាររបស់គាត់នៅក្នុងទីក្រុងខេប (Cape) ប្រទេសអាហ្វ្រិកខាងត្បូងរៀងរាល់២ទៅ៣ខែម្តងផងដែរ។ ពួកយើងបានពិគ្រោះអំពីជីវិត ខណៈពេលដែលពួកយើងកំពុងតែរង់ចាំវេនឡើងយន្តហោះរបស់ពួកយើង។ នៅលើយន្តហោះ ស្ត្រីវ័យក្មេងម្នាក់បានអង្គុយនៅជិតខ្ញុំ រួចនាងចាប់ផ្តើមនិយាយមកកាន់ខ្ញុំភ្លាម។ នាងបាននិយាយថា «ខ្ញុំបានមកដល់ព្រលានយន្តហោះយឺតបន្តិច ខ្ញុំតានតឺងមែនទែនទម្រាំបានឡើងយន្តហោះនេះ»។ ខ្ញុំបាននិយាយទៅកាន់ស្ត្រីនោះថា «ព្រះទ្រង់ជ្រាបថា អ្នកត្រូវជិះយន្តហោះនេះ។ ខ្ញុំបាននិយាយអំពីរបៀបដែលព្រះបានផ្លាស់ប្តូរជីវិតរបស់យើង នៅពេលដែលយើងអនុញ្ញាតអោយទ្រង់ផ្លាស់ប្តូរជីវិតរបស់យើង។ មុនពេលយន្តហោះចេញដំណើរ អ្នកបម្រើលើយន្តហោះបានប្រាប់ស្ត្រីម្នាក់នោះថា នាងបានអង្គុយខុសកន្លែងហើយ។ ស្ត្រីម្នាក់នោះបានក្រោកចេញទៅ ហើយអ្នកដែលត្រូវមកអង្គុយជិតខ្ញុំនោះគឺជាប៉ូលិសអ្នកស៊ើបអង្កេតម្នាក់នោះទៅវិញ។ ខ្ញុំបាននិយាយ ថា «ពិតជាគួរអោយចាប់អារម្មណ៍មែនខ្ញុំជឿថា ព្រះធ្វើដូច្នេះប្រាកដជាមានហេតុផលអ្វីមួយហើយ មើល ទៅ»។ បុរសនោះបានសួរខ្ញុំថា «តើអ្នកជឿព្រះដែរ មែនទេ?»។ គាត់បានសួរនាំអំពីប្រវត្តិនៃសាសនារបស់ខ្ញុំ ហើយខ្ញុំបានឆ្លើយទៅគាត់វិញថា ខ្ញុំគឺជាសេវេនដេយអាត់វេនទីស្ទ។ គាត់បាននិយាយថា «ពិត ជាចម្លែកមែន ប្រពន្ធរបស់ខ្ញុំដែលជាសេវេនដេយអាត់វេនទីស្ទតែងតែព្យាយាមបញ្ចុះបញ្ចូលខ្ញុំអោយជឿ អស់រយៈពេលជាច្រើនឆ្នាំ»។ ខ្ញុំបាននិយាយថា «ខ្ញុំពិតជាចង់សំណេះសំណាលជាមួយនឹងអ្នកណាស់»។ ឥឡូវនេះ ខ្ញុំបានជួបអ្នកមែន។ យើងបានពិគ្រោះគ្នាអំពីសេចក្តីសង្គ្រោះ បន្ទាប់មកខ្ញុំបានអោយសៀវភៅជំហ៊ានទៅកាន់ព្រះគ្រីស្ទមួយច្បាប់ដល់គាត់។ គាត់បាននិយាយថា «ប្រពន្ធខ្ញុំតែងតែព្យាយាមបញ្ចុះបញ្ចូល អោយខ្ញុំអានសៀវភៅនេះ ឥឡូវនេះខ្ញុំនឹងសាកអានវាមើល»។

មនុស្សដែលខ្ញុំបានជួបទាំង២នាក់នេះពិតជាគួរអោយកត់សម្គាល់មែនទែន។ ចិត្តរឹងរូសរបស់ប៉ូលិសស៊ើបអង្កេតត្រូវបានបំបែកចេញមុនពេលដែលយន្តហោះរបស់យើងបានចាកចេញទៅ។ ខ្ញុំក៏បាន ចែករំលែកអំពីព្រះជាមួយនឹងស្ត្រីម្នាក់ដែលអង្គុយខុសកន្លែងផងដែរ។ ប្រទេសអៀរឡង់គឺជាប្រទេសបែបលោកីយ៍សុទ្ធសាត ហើយការនិយាយអំពីសាសនាគ្រីស្ទទៅកាន់អ្នកដទៃនោះមិនមែនជារឿងងាយស្រួលនោះឡើយ។ ប៉ុន្តែ ព្រះបានប្រទានឱកាស២ដងដល់ខ្ញុំមុនពេលដែលយន្តហោះបានហោះឡើងទៅ។

អំណានដង្វាយប្រចាំសប្តាហ៍

ការបដិសេដខ្លួនឯង

យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើងដោយសារតែសេចក្តីស្រឡាញ់ដ៏លះបង់របស់ទ្រង់នេះហើយ។ ព្រះយេស៊ូវបានចាកចេញពីស្ថានសួគ៌ រួចទ្រង់បានទទួលយកសេចក្តីវេទនាពីការធ្លាក់ចុះទៅអំពើបាបនៃមនុស្សជាតិ។ ទ្រង់បានបំពេញបេសកកម្មរបស់ទ្រង់ទាស់នឹងសេចក្តីអាក្រក់ដ៏គួរអោយភ័យខ្លាច និងការតស៊ូដ៏ធ្ងន់ធ្ងរ។ នៅទីបំផុត ទ្រង់បានលះបង់ទាំងអស់ រួមទាំងព្រះជន្មរបស់ទ្រង់ផងដែរ។ នេះគឺជារបៀបដែលទ្រង់បានបង្ហាញសេចក្តីស្រឡាញ់។ ក្នុងនាមជាអ្នកតំណាងរបស់ព្រះ ស្មារតីនៃការលះបង់គឺជាផ្នែកមួយនៃអត្តសញ្ញាណពិតរបស់យើង។ នេះគឺស្មារតីមួយដែលបានបង្ហាញដោយអ្នកត្រួសត្រាយនៃពួកជំនុំរបស់យើង។ លោកជេ អរ អាន់ឌ្រូវ (J.N. Andrews)​ គឺជាអ្នកដឹកនាំម្នាក់នៅក្នុងចំណោមពួកជំនុំ។ លោក ចន អាន់ឌ្រូវដែលជាបុរសពោះម៉ាយកូន២បានទទួលយកការត្រាស់ហៅអោយទៅឯទ្វីបអឺរ៉ុបក្នុងនាមជាបេសកជនផ្លូវការដំបូងគេបង្អស់នៃព្រះវិហារសេវេនដេយអាត់វេនទីស្ទ។ គាត់បានទទួលយកការត្រាស់ហៅនេះ ទាំងមិនដឹងថា ប្រាក់ខែជាក់លាក់របស់គាត់បានប៉ុន្មាននោះឡើយ។ ថ្នាក់លើបានយល់ព្រមផ្ញើប្រាក់ដល់គាត់ពីពេលមួយទៅពេលមួយ ប៉ុន្តែ មិនបានទៀងទាត់តាមតម្រូវការរបស់គាត់នោះឡើយ។ ដើម្បីអោយគាត់អាចបោះពុម្ពខិត្តប័ណ្ណ និងកាសែតបារាំង «លេស ស៊ីចនេស ដេស​ ថេម (Les Signes des Temps)» បាននោះ គាត់តែងតែប្រើថវិកាផ្ទាល់របស់គាត់ជានិច្ច។ មានពេលខ្លះទៀត គាត់ត្រូវទៅដោយគ្មានអាហារ និងសម្ភារៈមូលដ្ឋានសំខាន់ៗដទៃទៀតផងដែរ។ ក្នុងឆ្នាំ១៨៧៧ គាត់បានកើតជំងឺរលាកសួត ហើយបន្ទាប់ពីបានទទួលការពិនិត្យរួចមក គ្រូពេទ្យបាននិយាយថា៖ «បុរសម្នាក់នេះឃ្លានស្ទើរតែស្លាប់ហើយ»។ មួយឆ្នាំក្រោយមក កូនស្រីរបស់គាត់បានស្លាប់ដោយសារតែជំងឺរបេង។ ទោះជាយ៉ាងនេះក្តី បេសកជនបេ្តជ្ញាចិត្តម្នាក់នេះបានបន្តពុះពារធ្វើកិច្ចការរបស់គាត់យ៉ាងសស្រាក់សស្រាំ រហូតដល់គាត់បានស្លាប់ដោយសារតែជំងឺរបេងដែរនៅអាយុ៥៤ឆ្នាំ។

យើងកំពុងតែរស់នៅក្នុងគ្រាមួយដែលពិបាកបំផុតក្នុងការស្វែងរកប្រាក់ និងធនធានដទៃទៀត។ ការរង់ចាំធនធានដែលនៅសល់ ដើម្បីគាំទ្របេសកកម្មណាមួយនោះ គឺជាសេចក្តីប្រាថ្នាដ៏គួរអោយគោរពជាទីបំផុត។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានមានប្រសាសន៍ទាក់ទងទៅនឹងបរិបទនេះយ៉ាងដូច្នេះថា៖ «បើអ្នកណាអះអាងថា ខ្លួនជាសិស្សដ៏ពិតប្រាកដរបស់ព្រះ តែមិនមានការបដិសេធខ្លួនឯងនោះទេ នោះទ្រង់នឹងចាត់ទុកអ្នកទាំងនោះថា បានបដិសេធនាមជាគ្រីស្ទានហើយ។ អ្នកណាដែលអះអាងខ្លួនឯងថា ជាអ្នកដែលបាននៅជាប់ជាមួយនឹងព្រះគ្រីស្ទ តែបណ្តោយអោយខ្លួនតាមចំណង់អាត្មានិយមនៃការចង់បានទ្រព្យសម្បត្តិ សំលៀកបំពាក់ គ្រឿងសង្ហារឹម និងអាហារថ្លៃៗនោះ អ្នកទាំងនោះគ្រាន់តែជាគ្រីស្ទានដែលមានត្រឹមតែឈ្មោះប៉ុណ្ណោះ។ ការក្លាយមកជាគ្រីស្ទានគឺជាការធ្វើអោយដូចជាព្រះគ្រីស្ទ»។ (Review & Herald, Oct. 13, 1896)។ សប្តាហ៍នេះ សូមអោយតង្វាយ១០ហូត១ និងតង្វាយសទ្ធាតាមសេចក្តីសន្យារបស់យើងនេះបានឆ្លុះបញ្ចាំងអំពីស្មារតីនៃការបដិសេធខ្លួនឯង ដែលជាវិញ្ញាណនៃព្រះគ្រីស្ទផងចុះ។

សេចក្តីអំពាវនាវ៖ «ដោយសារ​សេចក្តី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ» (យ៉ូហានទី១ ៣៖១៦)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំសូមសរសើរទ្រង់ចំពោះការលះបង់ដ៏អស្ចារ្យបំផុតក្នុងការសង្គ្រោះយើង។ សូមទ្រង់ជួយអោយទូលបង្គំយើងខ្ញុំបង្ហាញស្មារតីលះបង់ នៅក្នុងជីវិតប្រចាំថ្ងៃនៃពួកទូលបង្គំយើងខ្ញុំ រួមទាំងរបៀបប្រើប្រាស់ធនធាននៃពួកទូលបង្គំយើងខ្ញុំផង។ ​

Powered by CAM