មេរៀនទី៨​៖ ១៣-១៩ សីហា ២០២២

ការឃើញនូវអ្វីដែលមើលមិនឃើញ

Jeans
ថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាកុស ២៖១-៤; រ៉ូម ៨៖២៨-៣៩; យ៉ូហាន ១៤៖១-១៤; អេភេសូរ​១៖១៨-២៣; ពេត្រុសទី១ ៥៖៧; ទំនុកដំកើង ៥៥៖២២; ម៉ាថាយ ៦៖២៥-២៣; អេសាយ ៤០៖ ២៧-៣១; អេសាយ ៤០៖១១; រ៉ូម ១៣៖១៥។

ខចងចាំ៖ «ដោយសារ​សេចក្តី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោតខ្លាច​ដល់​សេចក្តី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ» (ហេព្រើរ ១១៖២៧)។

តើសេចក្តីជំនឿគឺជាអ្វី? កណ្ឌគម្ពីរហេព្រើរបានបកស្រាយអំពីអត្ថន័យនៃសេចក្តីជំនឿនេះយ៉ាងល្អបំផុតសម្រាប់យើង ដោយបានសំដែងយ៉ាងដូច្នេះថា៖ «ដោយសារ​សេចក្តី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោតខ្លាច​ដល់​សេចក្តី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ» (ហេព្រើរ ១១៖២៧)។ តើយើងអាចដឹងអំពីអ្វីដែលយើងមើលមិនឃើញនោះយ៉ាងដូចម្តេចទៅបាន? ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍មកកាន់យើងថា លោកម៉ូសេបានបង្ហាញយើងអំពីរបៀបដែល៖ «លោក​បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ» (ហេព្រើរ ១១៖២៧)។

ព្រះបានត្រាស់ហៅយើងរាល់គ្នាអោយមើលឃើញ «ព្រះដែលមើលមិនឃើញ»។ ជាការពិត ណាស់ ព្រះចង់អោយយើងមើលឃើញទ្រង់ នៅពេលវេលាដ៏ត្រឹមត្រូវមួយ។ លើសពីនេះទៅទៀតនោះ ព្រះចង់អោយយើងមើលឃើញទ្រង់ នៅពេលដែលអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតមិនប្រក្រតី។ យើងត្រូវ ការសេចក្តីជំនឿខាងឯសេចក្តីពិតនៃព្រះគម្ពីរដ៏រឹងមាំមួយ ដើម្បីអោយយើងអាចធ្វើរឿងនេះបាន។ ដូច្នេះ យើងត្រូវតែជឿទៅលើព្រះ និងនគររបស់ព្រះផងដែរ។ យើងក៏ត្រូវតែជឿទៅលើអំណាចនៃព្រះនាមរបស់ព្រះយេស៊ូវផងដែរ។ យើងត្រូវតែជឿថា ព្រះយេស៊ូវអាចប្រោសយើង និងអ្នកជាទីស្រឡាញ់របស់យើងអោយរស់ពីស្លាប់ឡើងវិញបាន។ សេចក្តីពិតនៃព្រះគម្ពីរទាំងនេះនឹងជួយអោយយើងមានភាព រឹងមាំនៅ ពេលដែលយើងកំពុងតែរងទុក្ខ និងចង់ឆ្ងល់អំពីអ្វីដែលយើងកំពុងតែជឿនោះ។

ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២

សេចក្តីស្រឡាញ់របស់ព្រះវរបិតា

ប្រសិនបើព្រះពិតជាស្រឡាញ់យើងមែន ទ្រង់នឹងធ្វើ ___________ សម្រាប់ខ្ញុំ»។ តើយើង មានអារម្មណ៍បែបនេះញឹកញាប់ប៉ុនណាដែរ? យើងបានក្រឡេកមើលជីវិតរបស់យើង បន្ទាប់មក ចាប់ផ្តើម ឆ្ងល់ថា តើព្រះពិតជាស្រឡាញ់យើងមែន ឬយ៉ាងណា។ យើងមានអារម្មណ៍ថា ប្រសិនបើទ្រង់ស្រឡាញ់ យើងមែន រឿងគ្រប់យ៉ាងគួរតែខុសពីនេះ មែនទេ?

គោលគំនិត២យ៉ាងបានធ្វើអោយយើងសង្ស័យថា តើព្រះទ្រង់ល្អមែន ឬមិនមែន។ គោលគំនិតទី១ យើងប្រហែលជាមានសេចក្តីប្រាថ្នាសម្រាប់អ្វីមួយដែលយើងជឿថា ល្អហើយ មើលទៅ។ ម្ល៉ោះហើយ គោលគំនិតដែលថា ព្រះប្រហែលជាចង់បានអ្វីមួយខុសពីយើងនោះ មើលទៅដូចជារឿងដ៏ឆ្កួតលីលាមួយ។ គោលគំនិតទី២ យើងប្រហែលជាសង្ស័យថា ចំពោះសេចក្តីល្អរបស់ព្រះ ដោយសារតែបទពិសោធន៍របស់ យើងមិនស្របទៅតាមគោលជំនឿរបស់យើង។ ដូច្នេះ ប្រសិនបើអ្វីមួយដែលមើលទៅល្អប្រសើរ និងធ្វើ អោយមានអារម្មណ៍ស្រស់ស្រាយនោះ យើងនឹងយល់ឃើញថា របស់ទាំងនោះគឺជារឿងដ៏ល្អមួយ។ ប៉ុន្តែ នៅពេលដែលយើងមិនអាចទទួលបាននូវអ្វីដែលយើងប្រាថ្នានោះ យើងបែរជាខឹងនឹងព្រះវិញ។

យើងត្រូវការសេចក្តីជំនឿ ដើម្បីជួយដល់យើងនៅក្នុងអំឡុងនៃគ្រាទាំងនេះ។ សេចក្តីជំនឿអាច ជួយដល់យើងបាន នៅពេលដែលយើងមានមន្ទិលសង្ស័យចំពោះព្រះ និងសេចក្តីស្រឡាញ់របស់ទ្រង់។

ខគម្ពីររ៉ូម ៨៖៣២-៣៩ គឺជាខដ៏មានអំណាចមួយ ដោយបានបង្ហាញអំពីសេចក្តីស្រឡាញ់ និង ការយកព្រះទ័យទុកដាក់របស់ព្រះចំពោះយើង។ តើលោកអ្នកអាចរកឃើញចំណុចអ្វីខ្លះ នៅក្នុងខទាំង នេះ ដើម្បីជួយការពារកុំអោយចិត្តរបស់លោកអ្នកសង្ស័យចំពោះសេចក្តីស្រឡាញ់របស់ព្រះនោះ?

--------------------------------------------------------

ក្នុងខគម្ពីររ៉ូម ៨៖៣២ យើងបានឃើញគោលគំនិតមួយដែលជាជំនួយក្នុងការការពារយើងពីការសង្ស័យ និងការភ័យខ្លាច នៅក្នុងអំឡុងនៃបទពិសោធន៍ដ៏លំបាក។ «ឯ​ព្រះអង្គ ដែល​មិន​បាន​សំចៃ​ ទុក​នូវ​ព្រះរាជបុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន ​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះរាជបុត្រា​ទ្រង់​នោះ​ផង» (រ៉ូម ៨៖៣២)។ តើលោកអ្នកអាចសន្និដ្ឋាន ថា ព្រះទ្រង់អាក្រក់ និងអាត្មានិយមយ៉ាងដូចម្តេចទៅបាន បើទ្រង់បានចាត់ព្រះយេស៊ូវអោយមកសុគតជំនួសយើងយ៉ាងដូច្នេះនោះ??

រ៉ូម ៨៖៣២ បានជួយអោយយើងមើលឃើញចំណុចមួយដ៏សំខាន់ទាក់ទងទៅនឹងការសុគតរបស់ព្រះយេស៊ូវជំនួសយើងនៅលើឈើឆ្កាង។ យើងត្រូវតែអនុញ្ញាតអោយឈើឆ្កាងផ្លាស់ប្តូរការគិតរបស់ យើង។ សេចក្តីពិតនៃព្រះគម្ពីរអំពីឈើឆ្កាងត្រូវតែមានឥទ្ធិពលខ្លាំងជាងការសង្ស័យទាំងអស់ដែលចូលមកក្នុងចិត្តរបស់យើងតាមរយៈបទពិសោធន៍លំបាកៗ និងការសាកល្បងទាំងឡាយរបស់យើង។

តើសេចក្តីស្រឡាញ់របស់ព្រះអាចមានឥទ្ធិពលខ្លាំងជាងការសង្ស័យរបស់យើងយ៉ាងដូចម្តេច ទៅបាន? សូមចំណាយពេលពិចារណាអំពីសេចក្តីពិតនៃព្រះគម្ពីរដែលព្រះបានចាត់ព្រះយេស៊ូវអោយមកសុគតជំនួសអំពើបាបរបស់យើង។ តើគោលគំនិតនេះបានធ្វើអោយសេចក្តីជំនឿរបស់លោកអ្នកកាន់ តែរឹងមាំឡើងដោយរបៀបណា?

ថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២

នៅក្នុងព្រះនាមព្រះយេស៊ូវ

«បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ» (យ៉ូហាន ១៤៖១៤)។

ព្រះយេស៊ូវនៅជាមួយនឹងសិស្សរបស់ទ្រង់មិនយូរប៉ុន្មានឡើយ។ បន្តិចទៀតនេះ ទ្រង់នឹងយាង ទៅឯស្ថានសួគ៌វិញ។ សិស្សរបស់ព្រះយេស៊ូវបានចាប់ផ្តើមមានអារម្មណ៍ច្របូកច្របល់ និងល្ហិតល្ហៃ។ ព្រះយេស៊ូវបានលើកទឹកចិត្ត និងគាំទ្រសិស្សរបស់ទ្រង់។ ឥឡូវនេះ ពួកគេនឹងលែងបានជួបព្រះភ័ក្ត្ររបស់ ព្រះតទៅទៀតហើយ។ ដូច្នេះ ព្រះយេស៊ូវបានប្រទានសេចក្តីសន្យាដ៏គួរអោយភ្ញាក់ផ្អើលមួយដល់ពួកសិស្សរបស់ទ្រង់ ដើម្បីកំសាន្តចិត្ត និងផ្តល់សេចក្តីសង្ឃឹមដល់ពួកគេឡើងវិញ។

សូមអានខគម្ពីរយ៉ូហាន ១៤៖១-១៤។ ក្នុងខ១៣ និង១៤ ព្រះយេស៊ូវបានសន្យានឹងធ្វើ «អ្វី គ្រប់យ៉ាង» ដែលយើងបានសូមដោយនូវព្រះនាមរបស់ទ្រង់។​ ដោយសារសេចក្តីសន្យានេះហើយ បានជា យើងតែងតែបញ្ចប់សេចក្តីអធិស្ឋានរបស់យើងជាមួយនឹងពាក្យថា «នៅក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន»។

តើហេតុអ្វីបានជាយើងនិយាយថា «នៅក្នុងព្រះនាមព្រះយេស៊ូវ» នៅចុងសេចក្តីអធិស្ឋានរបស់ យើងយ៉ាងដូច្នេះ? តើពាក្យទាំងនេះមានន័យយ៉ាងដូចម្តេច? តើហេតុអ្វីបានជាព្រះយេស៊ូវលើកទឹកចិត្តដល់យើង អោយអធិស្ឋានយ៉ាងដូច្នេះ? តើយើងអាចរកឃើញតម្រុយអ្វីខ្លះ នៅក្នុងខដែលយើងទើបនឹង បានអានអម្បាញ់មិញនេះ ដើម្បីជួយអោយយើងបានយល់អំពីសេចក្តីពិតនៃព្រះគម្ពីរដែលព្រះបានមាន បន្ទូលនេះ?

--------------------------------------------------------

នៅពេលដែលយើងសូមអ្វីមួយ «នៅក្នុងព្រះនាមព្រះយេស៊ូវ» នោះ យើងអាចច្បាស់ថា ស្ថាន-សួគ៌ទាំងអស់នឹងជួយដល់យើង។ យើងប្រហែលជាមិនបានឃើញពួកទេវតាធ្វើកិច្ចការនៅជុំវិញយើងនោះទេ។ ប៉ុន្តែ នៅក្នុងព្រះនាមព្រះយេស៊ូវ ព្រះបានចាត់ពួកទេវតាពីបល្ល័ង្កនៃស្ថានសួគ៌របស់ទ្រង់មកកាន់យើង។ ព្រះបានចាត់ពួកទេវតារបស់ទ្រង់មកឆ្លើយតបនឹងការអធិស្ឋានរបស់យើង។

តើលោកអ្នកធ្លាប់អធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវ ហើយរំពឹងចង់បានអ្វីផ្សេង នៅពេល លោកអ្នកនិយាយថា «អាម៉ែន» ដែរឬទេ? លោកប្រហែលជារំពឹងចង់អោយព្រះឆ្លើយតបនឹងការអធិស្ឋាន របស់លោកអ្នកភ្លាមៗផង ក៏ថាបាន។ ខណៈដែលព្រះអាចធ្វើបាដិហារ្យដ៏អស្ចារ្យនោះ ពេលខ្លះ ព្រះបាន ឆ្លើយតបទៅនឹងការអធិស្ឋានរបស់យើង ដែលយើងមិនរំពឹងទុកនោះ ដោយស្ងៀមស្ងាត់វិញ។ មែនហើយ ព្រះយេស៊ូវបានបង្គាប់អោយព្យុះឈប់បក់។ ជាការពិតណាស់ នេះគឺជាការអស្ចារ្យដ៏មានអំណាចមួយ។​ ប៉ុន្តែ ពេលខ្លះ ព្រះបានជួយដល់យើងតាមរបៀបដែលយើងមិនបានរំពឹងទុកវិញ។ ជាការពិតណាស់ រឿង នេះក៏បានកើតឡើងចំពោះព្រះយេស៊ូវ នៅពេលដែលព្រះបានជួយដល់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី ផងដែរ។ នៅពេលដែលយើងអធិស្ឋាននោះ ការអស្ចារ្យដ៏ធំនឹងមិនកើតឡើងភ្លាមៗនោះទេ។ ប៉ុន្តែ រឿង នេះក៏មិនមានន័យថា ព្រះមិនធ្វើកិច្ចការសម្រាប់យើងនោះដែរ។

សូមអានខគម្ពីរយ៉ូហាន ១៤៖១-១៤ ម្តងទៀត។ នៅពេលលោកអ្នកអានខនេះ សូមជឿថាព្រះយេស៊ូវកំពុងតែមានបន្ទូលមកកាន់លោកអ្នកមុខទល់នឹងមុខ។ តើសេចក្តីសន្យាទាំងនេះបានផ្តល់សេចក្តីសង្ឃឹម និងការលើកទឹកចិត្តយ៉ាងដូចម្តេច ដល់លោកអ្នក? ទន្ទឹមគ្នានេះ សូមសួរខ្លួនឯងថា «តើ មានចំណុចអ្វីខ្លះ នៅក្នុងជីវិតរបស់ខ្ញុំ ដែលស្របទៅនឹងរបៀបនៃការរក្សាសេចក្តីសន្យាទាំងនេះរបស់ព្រះ?»។ តើខ្ញុំត្រូវផ្លាស់ប្តូរអ្វីខ្លះ?

ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២

សេចក្តីសង្ឃឹមនៃការរស់ពីស្លាប់ឡើងវិញ

យើងបានជឿទៅលើការរស់ឡើងវិញ។ ការរស់ឡើងវិញគឺជាពេលវេលាមួយ នៅពេលដែល ព្រះនឹងប្រោសរាស្ត្ររបស់ទ្រង់ពីស្លាប់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។ ការរស់ឡើង វិញបានផ្តល់សេចក្តីសង្ឃឹមដល់យើង។ នៅពេលដែលយើងគិតអំពីព្រះជន្ម ការសុគត និងការរស់ឡើង វិញរបស់ព្រះយេស៊ូវនោះ យើងក៏បានគិតអំពីរបៀបនៃការសុគតរបស់ទ្រង់ ដែលអាចធ្វើអោយព្រះអត់ ឱនទោសដល់យើង និងទទួលយកយើងផងដែរ។

ទន្ទឹមគ្នានេះ ការរស់ឡើងវិញក៏បានបង្ហាញយើងថា ព្រះនឹងប្រោសអោយយើងរស់ពីស្លាប់ឡើង វិញដែរ។ បន្ទាប់ពីព្រះយេស៊ូវត្រូវបានប្រោសអោយរស់ពីស្លាប់ឡើងវិញនោះ ទ្រង់បានគង់នៅខាងស្តាំនៃព្រះវរបិតាទ្រង់។ កន្លែងដែលព្រះយេស៊ូវបានគង់នោះ បានបង្ហាញយើងថា ព្រះយេស៊ូវបានគ្រប់គ្រង និងមានអំណាច។ ឥឡូវនេះ សូមគិតអំពីគោលគំនិតនេះ ដែលថា៖ អំណាចនៃការរស់ឡើងវិញដែលបានប្រោសព្រះយេស៊ូវអោយរស់ឡើងវិញនោះ គឺជាអំណាចតែមួយដែលព្រះនឹងប្រទានដល់យើងនៅថ្ងៃនេះ។

ក្នុងខគម្ពីរអេភេសូរ ១៖១៨-២៣ ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍អំពីអំណាច របស់ព្រះ។ តើខទាំងនេះបានបង្រៀនយើងយ៉ាងដូចម្តេច អំពីការរស់ឡើងវិញ? តើលោកអ្នកបានឃើញ សេចក្តីសង្ឃឹម និងសេចក្តីសន្យាអ្វីខ្លះ នៅក្នុងខទាំងនេះ?

--------------------------------------------------------

លោកប៉ុលបានអធិស្ឋានសូមអោយពួកជំនុំអេភេសូរយល់អំពីរឿងមួយចំនួន។ យើងក៏អាច យល់អំពីរឿងទាំងនេះបានដែរ តាមរយៈជំនួយពីព្រះតែមួយគត់ គឺថា៖ (១) ព្រះបានសន្យាថា នឹងផ្លាស់ប្តូរ ជីវិតរបស់យើង។ ទ្រង់ក៏បានសន្យានឹងយើង អំពីអនាគតនៃជីវិតអស់កល្បមួយជាមួយនឹងព្រះយេស៊ូវផងដែរ។ (២) លោកប៉ុលក៏ចង់អោយពួកគ្រីស្ទានយល់អំពីរឿងដ៏អស្ចារ្យទាំងអស់ ដែលព្រះ និងអំណាច របស់ទ្រង់បានធ្វើសម្រាប់យើងផងដែរ។

លោកប៉ុលបានព្យាយាមបកស្រាយថា អំណាចនេះគួរអោយភ្ញាក់ផ្អើល និងអស្ចារ្យជាទីបំផុត។ អំណាចដែលព្រះបានប្រទានដល់យើងនៅសព្វថ្ងៃនេះ ក៏ជាអំណាចតែមួយដែលព្រះបានប្រើ ដើម្បីប្រោស ព្រះយេស៊ូវអោយមានជីវិតចេញពីដីម្តងទៀតផងដែរ។ បន្ទាប់មក អំណាចនេះក៏បានលើកព្រះយេស៊ូវអោយគង់នៅខាងស្តាំព្រះវរបិតាទ្រង់នៅឯស្ថានសួគ៌ផងដែរ។

ប៉ុន្តែ លោកប៉ុលមិនបញ្ឈប់ការបកស្រាយត្រឹមនេះឡើយ។ (៣) ការរស់ឡើងវិញមិនត្រឹមតែផ្តល់អោយព្រះយេស៊ូវនូវអំណាចគ្រប់គ្រងរបស់សព្វសារពើនោះទេ។ ការរស់ឡើងវិញក៏បានផ្តល់អោយ ព្រះយេស៊ូវនូវអំណាចក្នុងការប្រទាននូវអ្វីៗគ្រប់យ៉ាងចំពោះតម្រូវការជារៀងរហូតនៃរាស្ត្ររបស់ទ្រង់ តាម ដែលអាចធ្វើទៅបានផងដែរ។

តើលោកអ្នកមានចំណុចមួយចំនួននៅក្នុងជីវិត ដែលត្រូវការការផ្លាស់ប្តូរពីព្រះយេស៊ូវដែរឬទេ? សូមសរសេរចំណុចទាំងនេះ។ នៅពេលលោកអ្នកសរសេររួច សូមអធិស្ឋាន ដើម្បីអោយអំណាច របស់ព្រះដកហូតនូវផ្នែកទាំងនេះនៃជីវិតរបស់លោកអ្នកចេញ។ ទន្ទឹមគ្នានេះ តើលោកអ្នកអាចធ្វើអ្វីបាន ខ្លះ នៅពេលឥឡូវនេះ? តើលោកអ្នកអាចបង្កើតជម្រើសអ្វីបានខ្លះ ដើម្បីអនុញ្ញាតអោយអំណាចរបស់ព្រះធ្វើការនៅក្នុងជីវិតរបស់លោកអ្នកកាន់តែពេញលេញនោះ?

ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២

ចូរអនុញ្ញាតអោយព្រះទ្របន្ទុកនៃការព្រួយបារម្ភដ៏ធ្ងន់របស់លោកអ្នក

មនុស្សខ្លះមានស្លាកដ៏អស់សំណើចមួយនៅតាមផ្ទះរបស់ពួកគេ។ ស្លាកនេះនិយាយថា៖ «បើ យើងនៅតែព្រួយ អធិស្ឋានធ្វើអ្វី?»។ ជាការពិតណាស់ ស្លាកនេះបានធ្វើអោយយើងសើច។ នោះគឺដោយ សារតែយើងដឹងថា យើងតែងតែព្រួយបារម្ភជានិច្ច ហើយយើងក៏មិនបានចូលទៅឯព្រះ ដើម្បីអនុញ្ញាតអោយទ្រង់ដោះស្រាយបញ្ហារបស់យើងនោះដែរ។

ប៉ុន្តែ នោះគឺជាអ្វីដែលព្រះចង់ធ្វើសម្រាប់យើង។​ គួរអោយសោកស្តាយណាស់ យើងបានទ្រ បញ្ហា និងការព្រួយបារម្ភរបស់យើង រហូតទាល់តែបន្ទុកនោះកើនឡើងខ្លាំង។ តើហេតុអ្វីបានជាយើងរង់ចាំរហូតទាល់តែបន្ទុកនោះហៀបនឹងបំផ្លាញយើងដោយទម្ងន់របស់វា មុនពេលចូលទៅសុំជំនួយពីព្រះយ៉ាងដូច្នោះ?

សូមអានខគម្ពីរពេត្រុសទី១ ៥៖៧។ លោកពេត្រុសបានប្រើសម្រង់មតិមួយចេញពីខគម្ពីរទំនុក ដំកើង ៥៥៖២២ នៅក្នុងខគម្ពីរពេត្រុសទី១ ៥៖៧។ តើសាររបស់លោកពេត្រុសសម្រាប់យើងនៅក្នុងខគម្ពីរពេត្រុសទី១ ៥៖៧នោះ គឺជាអ្វី? សូមអានខគម្ពីរម៉ាថាយ ៦៖២៥-៣៣ ផងដែរ។

--------------------------------------------------------

ខគម្ពីរពេត្រុសទី១ ៥៖៧ គឺជាខដ៏សាមញ្ញមួយ។ ខនេះគ្មានអត្ថន័យបង្កប់នោះឡើយ។ ខនេះ មានន័យត្រង់ ដោយបានសំដែងថា៖ «ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា» (ពេត្រុសទី១ ៥៖៧)។ ទ្រង់បានសន្យាថា នឹងដោះស្រាយ បញ្ហារបស់យើង នៅពេលដែលយើងថ្វាយការព្រួយបារម្ភរបស់យើងដល់ព្រះវរបិតានៅឯស្ថានសួគ៌។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងអំពីរឿងដដែលនេះនៅក្នុងខគម្ពីរម៉ាថាយ ៦៖២៥-៣៣។ បញ្ហា លំបាកសម្រាប់យើងនោះ មិនមែនជាការថ្វាយការព្រួយបារម្ភរបស់យើងទៅព្រះនោះទេ។ បញ្ហាពិតប្រាកដ នោះ គឺថា យើងមានអារម្មណ៍ថា ការថ្វាយការបារម្ភរបស់យើងទៅឯព្រះនោះ ហាក់ដូចជាល្អ និងងាយ ស្រួលពេក។

ការព្រួយបារម្ភបណ្តាលមកពីរឿងលំបាកៗជាច្រើន។ វាអាចបណ្តាលមកពីលោកអ្នកមានភាព តានតឹងពីការងាររបស់លោកអ្នក។ ឬមួយ អ្នកណាម្នាក់បានប្រាប់លោកអ្នកថា អ្នកធ្វើការមិនបានល្អ។ ឬមួយ លោកអ្នកអាចមានអារម្មណ៍ថា គ្មានអ្នកណាម្នាក់ស្រឡាញ់លោកអ្នកទាល់តែសោះ។ យើងក៏អាច ព្រួយបារម្ភអំពីថវិកា និងសុខភាពផងដែរ។ មនុស្សជាច្រើនមានអារម្មណ៍ថា កំហុសរបស់ពួកគេក៏មិនអាចលើកលែងអោយបានដែរ។

មិនថា ហេតុផលនៃការព្រួយបារម្ភរបស់យើងយ៉ាងណានោះទេ យើងបានចាប់បញ្ហារបស់យើង ជាប់ ដោយសារតែយើងគិតថា យើងអាចដោះស្រាយបញ្ហានោះល្អជាងអ្នកណាទាំងអស់។ ប៉ុន្តែ លោក ពេត្រុសបានមានប្រសាសន៍ប្រាប់យើង កុំអោយគិតបែបនេះតទៅទៀត។ ហេតុផលដែលយើងមិនត្រូវព្រួយបារម្ភនោះ គឺថា ព្រះបានយកព្រះទ័យទុកដាក់ចំពោះយើងហើយ។ តើព្រះមិនបានយកព្រះទ័យទុក ដាក់ក្នុងការបញ្ឈប់ការលែងលះមិនអោយកើតឡើង ឬមិនបានរក្សាលោកអ្នកមិនអោយបាត់បង់ការងារ ទេឬអី? ព្រះគម្ពីរបានសំដែងប្រាប់យើងថា ព្រះបានយកព្រះទ័យទុកដាក់ក្នុងការបង្វែរបទពិសោធន៍នៅ ក្នុងជីវិតរបស់យើង ប្រសិនបើរឿងនោះគឺជាផែនការរបស់ទ្រង់សម្រាប់យើង។

ឥឡូវនេះ តើលោកអ្នកកំពុងតែព្រួយបារម្ភអំពីអ្វីដែរ? តើមានរឿងពិបាកដែលព្រះធ្វើមិនបាន ដែរឬទេ? លោកអ្នកប្រហែលជាជឿថា ព្រះអាចបញ្ហារបស់លោកអ្នកបាន។​ ប៉ុន្តែ លោកអ្នកក៏មិនជឿថា ទ្រង់នឹងដោះស្រាយបញ្ហាទាំងនោះតាមរបៀបដែលលោកអ្នកចង់បាននោះដែរ។ តើរឿងនេះពិតសម្រាប់ លោកអ្នកប៉ុនណាដែរ?

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២

ចូររក្សាភាពស្មោះត្រង់ចំពោះព្រះដែលយើងមើលមិនឃើញ

តើនៅពេលខ្លះ លោកអ្នកមានអារម្មណ៍ថា គ្មានអ្នកណាម្នាក់យកចិត្តទុកដាក់ចំពោះអ្វីដែលបានកើតឡើងចំពោះលោកអ្នកដែរឬទេ? ការគិតបែបនេះមិនត្រឹមត្រូវទេ មែនទេ? ប៉ុន្តែ តើយ៉ាងណាទៅ វិញ ប្រសិនបើយើងគិតថា ព្រះមិនយកព្រះទ័យទុកដាក់ចំពោះយើងវិញនោះ? ការគិតបែបនេះកាន់តែ ឈឺចាប់ជាងមុនទៅទៀត។

ពួកសាសន៍យូដាដែលត្រូវបានគេជម្លៀសទៅឯក្រុងបាប៊ីឡូននោះ បានគិតយ៉ាងដូច្នេះ។ ពួកគេ បានគិតថា ព្រះមិនយកព្រះទ័យទុកដាក់ចំពោះពួកគេនោះឡើយ។ ពួកគេបានគិតថា ព្រះបានទុកពួក គេអោយនៅឯកោ ដោយសារតែអំពើបាបរបស់ពួកគេ។ ប៉ុន្តែ លោកអេសាយបានផ្តល់សារកំសាន្តចិត្តមួយមកពីព្រះជូនដល់ពួកសាសន៍យូដា។ បទគម្ពីរអេសាយ ៤០ គឺជាជំពូកដ៏ល្អមួយ។ ក្នុងជំពូកនេះ ព្រះ បានបណ្តាលអោយលោកអេសាយបង្ហាញពួកបណ្តាជន អំពីទំហំនៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកគេយ៉ាងដូច្នេះថា៖ «ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​ មក​បី​នៅ​ព្រះពាហុ ហើយ​លើក​ផ្ទប់​នៅ​ព្រះឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម» (អេសាយ ៤០៖១១)។ ប៉ុន្តែ ពួកសាសន៍យូដានៅក្នុងក្រុងបាប៊ីឡូនពិបាកនឹងជឿពាក្យទាំងនេះណាស់។ ពួកគេនៅ តែគិតថា «ឱព្រះអង្គអើយ តើទ្រង់នៅឯណាទៅ? ពួកទូលបង្គំមើលមិនឃើញទីសំគាល់ណាដែលថា ទ្រង់ គង់ជាមួយនឹងពួកទូលបង្គំទាល់តែសោះ»។

សូមអានខគម្ពីរអេសាយ ៤០៖២៧-៣១។ តើលោកអេសាយបានប្រៀបធៀបព្រះទៅនឹងអ្វី? តើរូបស័ព្ទទាំងនេះបានបង្ហាញពួកសាសន៍យូដាថា ព្រះបានយកព្រះទ័យទុកដាក់ចំពោះពួកគេដោយរបៀបណា?

--------------------------------------------------------

ពួកសាសន៍យូដានៅក្នុងកណ្ឌគម្ពីរអេសធើរក៏ប្រហែលជាគិតថា ព្រះមិនបានយកព្រះទ័យទុក ដាក់ចំពោះពួកគេដែរ។ កណ្ឌគម្ពីរអេសធើរមិនបានកត់ត្រាឈ្មោះព្រះនៅក្នុងនោះទាល់តែសោះ។ ប៉ុន្តែ រឿងទាំងមូលបានបង្ហាញយើងអំពីព្រះ និងរបៀបដែលទ្រង់បានសង្គ្រោះរាស្ត្ររបស់ទ្រង់ចេញពីច្បាប់មួយអាចនឹងបំផ្លាញពួកគេបាន។ រឿងនេះគឺជាកំណត់ត្រាមួយនៃប្រវត្តិសាស្ត្រយូដា។ ទន្ទឹមគ្នានេះ រឿង នេះក៏ជារូបស័ព្ទមួយតំណាងអោយហេតុការណ៍ដែលនឹងត្រូវកើតឡើងនាពេលអនាគតផងដែរ។ រឿងនេះ បានបង្ហាញយើងអំពីគ្រាមួយ នៅពេលដែលពួកមនុស្សអាក្រក់នឹងធ្វើបាបរាស្ត្ររបស់ព្រះម្តងទៀត ព្រម ទាំងបង្កើតច្បាប់មួយ ដើម្បីបំផ្លាញពួកគេទៀតផង (វិវរណៈ ១៣៖១៥)។ ជាការពិតណាស់ យើងអាច នឹងគិតថា ឥឡូវនេះ ព្រះក៏មិនបានយកព្រះទ័យទុកដាក់ចំពោះរាស្ត្ររបស់ទ្រង់ដែរ តាមរយៈរឿងអាក្រក់ៗ ដែលបានកើតឡើង។ ប៉ុន្តែ យើងមិនត្រូវភ័យខ្លាចនោះទេ ពីព្រោះព្រះដែលបានសង្គ្រោះរាស្ត្ររបស់ទ្រង់ នៅក្នុងកណ្ឌគម្ពីរអេសធើរនោះ ទ្រង់ក៏នឹងសង្គ្រោះរាស្ត្ររបស់ទ្រង់នៅក្នុងគ្រាចុងក្រោយផងដែរ។

សូមគិតអំពីរបៀបដែលសាសន៍អ៊ីស្រាអែលបានពិពណ៌នាអំពីព្រះទៅកាន់ពួកសាសន៍យូដា នៅក្នុងក្រុងបាប៊ីឡូន។ ប្រសិនបើលោកអ្នកជាសាសន៍អ៊ីស្រាអែលវិញ តើលោកអ្នកគិតយ៉ាងណា? តើ លោកអ្នកអាចនិយាយយ៉ាងដូចម្តេច ទៅកាន់មនុស្សដែលមានអារម្មណ៍ថា ព្រះបានទុកពួកគេអោយនៅ ឯកោនោះ? តើលោកអ្នកនឹងបង្រៀនពួកគេអោយសម្លឹងទៅឯព្រះដោយក្តីជំនឿ មិនមែនដោយភ្នែករបស់ ពួកគេនោះដោយរបៀបណា?

ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “In the Days of Queen Ester,” pages 598-606, in Patriarchs and Prophets។

«ព្រះនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង ប្រសិនបើយើងទូលសូមដល់ទ្រង់។ ព្រះវិញ្ញាណ របស់ទ្រង់គឺជាសេចក្តីពិត។ ទ្រង់នឹងដឹកនាំយើង។ មនុស្សមួយចំនួនបានភ័យខ្លាចក្នុងការជឿទុកចិត្តទៅ លើព្រះ។ ពួកគេមានអារម្មណ៍ថា ការជឿទុកចិត្តព្រះប្រៀបដូចជាការរំពឹងចង់អោយព្រះធ្វើអ្វីមួយ ដែល ទ្រង់មិនបានសន្យាយ៉ាងដូច្នោះដែរ។ ពួកគេបានអធិស្ឋានទូលសូមអោយព្រះអម្ចាស់បង្រៀនរាស្ត្ររបស់ ទ្រង់។ ប៉ុន្តេ មនុស្សទាំងនេះបានភ័យខ្លាចក្នុងការជឿទុកចិត្តទៅលើសេចក្តីសន្យារបស់ព្រះ ឬយល់ឃើញ ថា ព្រះបានបង្រៀនពួកគេរួចរាល់ហើយ។ ដូច្នេះ យើងត្រូវតែចូលទៅឯព្រះជាមួយនឹងចិត្តដែលគ្មានអំនួត។ យើងក៏ត្រូវតែមានការប្តេជ្ញាចិត្តក្នុងការរៀនផងដែរ។ បន្ទាប់មក យើងនឹងអាចជឿថា ព្រះនឹងរក្សាសេចក្តី សន្យារបស់ទ្រង់ក្នុងការបង្រៀនយើង។ មិនត្រូវសង្ស័យចំពោះព្រះមួយវិនាទីណាឡើយ។ កាលណាលោក អ្នកសង្ស័យចំពោះព្រះនោះ លោកអ្នកនឹងខកខានក្នុងការបង្ហាញការគោរព និងអោយតម្លៃដល់ទ្រង់ជា មិនខាន។ លោកអ្នកត្រូវតែជឿថា ព្រះនឹងដឹកនាំលោកអ្នក។ នៅពេលនោះ ទ្រង់នឹងប្រទានពរដល់លោក អ្នក នៅពេលដែលលោកអ្នកធ្វើតាមសេចក្តីបង្គាប់របស់ទ្រង់។ ជាការពិតណាស់ យើងអាចនឹងមិនទុកចិត្ត ខ្លួនឯងថា មានការយល់ដឹងគ្រប់គ្រាន់សម្រាប់ការបង្រៀនរបស់ព្រះ។ ម្ល៉ោះហើយ យើងត្រូវតែអធិស្ឋាន ព្រមទាំងជឿថា ព្រះនឹងជួយអោយយល់អំពីការបង្រៀននេះ។ នៅពេលនោះ ព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំ យើងអោយយល់អំពីផែនការរបស់ព្រះសម្រាប់យើង។ បន្ទាប់មក យើងនឹងអាចមើលឃើញនូវការដឹកនាំ និងព្រះពររបស់ព្រះនៅក្នុងជីវិតរបស់យើងជាក់ជាមិនខាន»។ ដកស្រង់ពី Ellen G. White, Manuscript Releases, volume 6, page 225។

«សេចក្តីជំនឿរបស់យើងនឹងលូតលាស់ឡើង នៅពេលដែលយើងប្រឆាំងទាស់នឹងការសង្ស័យ នៅពេលដែលព្រះប្រទានការសាកល្បងមួយដល់យើង។ បទពិសោធន៍ទាំងនេះនឹងជួយអោយសេចក្តីជំនឿរបស់យើងកាន់តែរឹងមាំឡើង។ បទពិសោធន៍ទាំងនេះមានតម្លៃចំពោះយើងលើសជាងគ្រឿងអលង្ការ ទៅទៀត»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 3, page 555, adapted។

សំនួរពិភាក្សា៖
  1. សូមរៀបរាប់រឿងមួយចំនួន ដែលយើងបានជឿ ដោយមើលមិនឃើញ។ យើងបានដឹងថា រឿងទាំង នេះគឺជាការពិត ប៉ុន្តែ យើងមិនអាចឃើញដោយភ្នែករបស់យើងបានឡើយ។ តើរឿងទាំងនេះអាចជួយ អោយយើងយល់អំពីអត្ថន័យនៃ «ព្រះដែលមើលមិនឃើញ» នោះ បានដោយរបៀបណា?

  2. តើយើងអាចធ្វើអ្វីបានខ្លះ ដើម្បីជួយអោយខ្លួ​នយើងជឿទុកចិត្តថា ផ្លូវរបស់ព្រះអម្ចាស់គឺជាផ្លូវដ៏ល្អបំផុត ទោះបីជាផ្លូវនោះតែងតែជាផ្លូវដែលយើងមិនចង់ទៅក៏ដោយ?

  3. សូមអានសម្រង់មតិចុងក្រោយរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ម្តងទៀត។ តើគោលគំនិតនេះអាចជួយដល់ យើង នៅក្នុងអំឡុងនៃគ្រាលំបាកដោយរបៀបណា?

  4. ពេលខ្លះ យើងបានអធិស្ឋាន និងខំប្រឹងធ្វើអស់ពីសមត្ថភាពរបស់យើង។ ប៉ុន្តែ​ ទោះជាយ៉ាងនេះក្តី អ្វីៗ នៅតែប្រែទៅជាអាក្រក់ដដែល។ តើយើងបានរៀនមេរៀនអ្វីខ្លះ នៅសប្តាហ៍នេះ ដែលអាចជួយអោយយល់អំពីមូលហេតុដែលព្រះបានអនុញ្ញាតរឿងអាក្រក់ៗកើតឡើងនោះ?

រឿងខ្លី

រៀបអាពាហ៍ពិពាហ៍ជាមួយនឹងព្រះគ្រីស្ទ វគ្គ៨

មួយអាទិត្យ បន្ទាប់ពីគាត់បានថ្វាយចិត្តដល់ព្រះយេស៊ូវរួច ឪពុកបានបោសសំអាតវត្តនៅក្នុងទីក្រុងម៉ាណូសនៃប្រទេសប្រេស៊ីល។ គាត់បានប្រមូលរូបសំណាក និងអាសនាថ្ម ដែលគាត់ធ្លាប់សម្លាប់ សត្វ សែនដល់ពួកអារក្ស។ ឪពុកបានដឹកគ្រឿងសក្ការៈបូជាពីវត្តទៅអោយស្ត្រី២នាក់នៅឯទីក្រុងមួយទៀត។

នៅថ្ងៃសុក្រមួយ បន្ទាប់ពីគាត់បានបញ្ចប់ការងាររួច ខណៈពេលដែលគាត់កំពុងតែចូលទៅក្នុង ឡាននោះ ពួកអារក្សបានស្រែកឡើងថា ពួកវានឹងសម្លាប់គាត់។ រំពេចនោះ ស្រមោលខ្មៅមួយដែលមាន រូបរាងដូចជាមនុស្ស អមដោយពួកអារក្ស៣រូបក៏បានចូលទៅក្នុងឡាននោះដែរ។ ពួកអារក្សបានបង្ហាញឪពុកនូវពន្លឺភ្លឺពីចម្ងាយមួយ។ ឈើឆ្កាងមួយដែលជាប់ទៅដោយភក់បានលេចចេញពីពន្លឺនោះ។ ពួក អារក្សបាននិយាយចំអកថា នោះគឺជាទីបញ្ចប់របស់គាត់។ ឪពុកបានស្រែកឡើងថា «ឱព្រះយេស៊ូវអើយ សូមទ្រង់យាងមកគង់នៅជិតទូលបង្គំ ហើយនាំទូលបង្គំត្រឡប់ទៅផ្ទះវិញផង»។ ស្រមោលខ្មៅនោះបាន រលាយបាត់ទៅ។ នេះគឺជាលើកដំបូងហើយ ដែលឪពុកបានដង្ហើយហៅព្រះយេស៊ូវ ហើយគាត់ក៏មាន អារម្មណ៍ថា ខ្លួនមានសុវត្តិភាពផងដែរ។

នៅព្រឹកថ្ងៃបន្ទាប់ ឪពុកបានចូលរួមនៅក្នុងកម្មវិធីថ្វាយបង្គំនៅថ្ងៃសប្បាតហ៍ជាលើកដំបូង។ នៅពេលនោះ ចំនឹងថ្ងៃនៃបុណ្យលាងព្រះអម្ចាស់ ហើយគាត់ក៏មានអារម្មណ៍ថា អំណាចអធិធម្មជាតិដែល គាត់ធ្លាប់បានជួបនៅក្នុងពិធីបុណ្យជ្រមុជទឹករបស់ជូនានោះ ក៏មានវត្តមាននៅទីនោះដែរ។ ខណៈពេលដែលបុរសម្នាក់កំពុងតែលាងជើងអោយគាត់នោះ អំពើបាបរបស់ឪពុកបានហោះកាត់មុខគាត់។ បន្ទាប់ មក គាត់បានសូមនូវការអត់ឱនទោសពីព្រះទាំងស្រក់ទឹកភ្នែក។ គាត់មានអារម្មណ៍ហាក់ដូចជាព្រះវិញ្ញាណ បរិសុទ្ធកំពុងតែសំអាតគាត់អ៊ីចឹង។

មួយរយៈក្រោយមក ឪពុកបានចូលស្តីម្តាយរៀបអាពាហ៍ពិពាហ៍ទៅតាមច្បាប់។ ម្តាយសប្បាយ ចិត្តជាខ្លាំង។ ឥឡូវនេះ នាងអាចជ្រមុជទឹកបានហើយ។ ឪពុក និងជូនាបានធ្វើដំណើរទៅស្តាប់ម្តាយច្រៀង ជាមួយនឹងអ្នកចម្រៀងមួយក្រុមនៅឯព្រះវិហារសហគមន៍អាត់វេនទីស្ទអាល់ហ្វា នៅថ្ងៃជ្រមុជទឹករបស់ នាង។ រំពេចនោះ ជណ្តើរដែលប្រើសម្រាប់តុបតែងព្រះវិហារបានរលំចុះ ហើយបុរសដែលឈរនៅលើជណ្តើរនោះបានធ្លាក់ចំពីលើឪពុក ធ្វើអោយគាត់ដួលទៅនឹងឥដ្ឋ។ ឪពុកបាននិយាយថា គាត់មិនអីទេ ប៉ុន្តែ ក្រោយមក គាត់បានចាប់ផ្តើមស្រែកឡើង។​ ពួកអារក្សបានចូលសណ្ឋិតនៅក្នុងគាត់។

ជូនាបានរត់ទៅរកឪពុក។ គាត់បានដេកញ័រនៅលើដី។ វិញ្ញាណមួយបានស្រែកចេញពីមាត់ របស់ឪពុកថា​ វាចង់សម្លាប់ឪពុកជាមួយនឹងជណ្តើរនេះណាស់។​

ជូនាបានឮអំពីមហាវិវាទរវាងព្រះគ្រីស្ទ និងសាតាំង ប៉ុន្តែ គាត់មិនដែលបានឃើញវិវាទនេះនៅ ក្នុងជីវិតពិតនោះទេ។ គាត់បានអធិស្ឋានភ្លាម។ ក្រុមចម្រៀងក៏បានច្រៀងឡើងថា «ឱព្រះយេស៊ូវគ្រីស្ទ អើយ ទ្រង់គឺជាកូនកម្លោះ ជាអ្នកព្រោះពូជ ជាបិតា ជាអ្នកគង្វាល និងជាគុជខ្យងដ៏អស្ចារ្យរបស់ខ្ញុំ ឱព្រះ-គ្រីស្ទអើយ ទ្រង់គឺជាអ្វីៗគ្រប់យ៉ាងនៃទូលបង្គំ»។ ម្តាយបានព្យាយាមទាញកដៃឪពុកអោយត្រង់ឡើង។ កដៃទាំង២របស់គាត់ត្រជាក់ស្រេប។ វិញ្ញាណនោះបានថា​ វាស្អប់នាងណាស់។ ឪពុកបាននិយាយទាំង សំឡេងខ្សាវៗថា «អូយ ឈឺណាស់» ។

ទោះបីជាឈឺចាប់យ៉ាងណាក៏ដោយ ឪពុកនៅតែបន្តចូលរួមពិធីបុណ្យជ្រមុជទឹករបស់ម្តាយនៅ ឯព្រះវិហារនាព្រឹកថ្ងៃសប្បាតហ៍នោះ។ ហើយម្តាយក៏បានជ្រមុជទឹកដោយក្តីអំណរផងដែរ។

អំណានដង្វាយប្រចាំសប្តាហ៍

សេចក្តីអធិប្បាយតាមរយៈការថ្វាយតង្វាយ

យើងបានថ្វាយបង្គំព្រះជាមួយនឹងតង្វាយរបស់យើង ដោយសារតែតង្វាយទាំងនេះ គឺជាសេចក្តីអធិប្បាយ ដោយគ្មានសំឡេង។ ក្រោយពីបានសង់រោងឧបោសថពីតង្វាយស្ម័គ្រ ចិត្តរបស់ពួកបណ្តាជនរួចមក ឥឡូវនេះ ដល់ពេលត្រូវញែកលោកអើរ៉ុន និងពួកកូនប្រុសគាត់ សម្រាប់កិច្ចបម្រើដ៏បរិសុទ្ធវិញម្តង។ បទគម្ពីរនិក្ខមនំ ២៩ បានបង្ហាញព័ត៌មានយ៉ាងលម្អិត អំពីកិច្ចបំបួសនៃពួកសង្ឃដំបូងគេបង្អស់នៅក្នុងសាសន៍អ៊ីស្រាអែល។ អ្វីដែលគួរអោយចាប់ អារម្មណ៍នោះ គឺថា លោកម៉ូសេ ដែលជាមេដឹកនាំមិនអធិប្បាយនៅក្នុងឱកាសនេះឡើយ។ ប៉ុន្តែ ចំណុចមួយដែលលេចធ្លោនោះ គឺជាតង្វាយលោះបាប តង្វាយដុត និងតង្វាយគ្រវី ដែល ជាតង្វាយផ្សេងៗគ្នា។ តើតង្វាយទាំងនេះបានថ្លែងអំពីសារអ្វីខ្លះ?

តង្វាយលោះបាបគឺតង្វាយអោយធួននឹងបាប។ ពួកសង្ឃត្រូវបានរំលឹកថា ពួកគេ ត្រូវការព្រះគុណ និងសេចក្តីអត់ឱនទោស ដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេ។ តង្វាយដុត ត្រូវបញ្ឆេះអ្វីៗទាំងអស់ដែលមាននៅលើអាសនា។ តង្វាយនេះបានចង្អុលបង្ហាញអំពីការបេ្តជា ចិត្តទាំងស្រុងពីពួកអ្នកដែលត្រូវបានត្រាស់ហៅអោយបម្រើការងារនេះ។ រីឯតង្វាយ គ្រវីវិញនោះ ត្រូវបានបង្ហាញតាមចលនានៃការគ្រវីឡើងទៅលើមេឃ។ តង្វាយនេះតំណាង អោយការឧទ្ទិសរបស់ពួកសង្ឃដល់កិច្ចបម្រើរបស់ព្រះ ព្រមទាំងបង្ហាញអំពីការផ្គត់ផ្គង់របស់ ព្រះ សម្រាប់ពួកអ្នកដែលបានលះបង់ខ្លួនឯង ដើម្បីបម្រើដល់ទ្រង់ផងដែរ។ តាមរយៈការ តង្វាយទាំងនេះ ពួកគេបានដឹងអំពីអត្ថន័យពិតនៃការបំបួសរបស់ពួកគេ។

តើយើងមានការសង្ស័យខ្លះ អំពីកិច្ចនៃការថ្វាយបង្គំព្រះជាមួយតង្វាយរបស់យើង ដែរឬទេ? ប្រសិនបើព្រះវិហារតំបន់មួយមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ ព័ន្ធកិច្ចរបស់ខ្លួនទៅហើយនោះ តើព្រះវិហារតំបន់នោះគួរតែរក្សាការថ្វាយតង្វាយទុកជាធាតុ ផ្សំនៃកិច្ចថ្វាយបង្គំព្រះតទៅទៀតដែរឬទេ? តង្វាយគឺជាសេចក្តីអធិប្បាយដោយគ្មានសំឡេង។ តង្វាយតំណាងអោយសកម្មភាពនៃការថ្វាយបង្គំ និងផ្តល់មេរៀនខាងឯវិញ្ញាណសំខាន់ៗ។ លើសពីនេះទៅទៀតនោះ តង្វាយបានរំលឹកយើងអំពីអំណោយទាននៃសេចក្តីសង្គ្រោះរបស់ ព្រះ ព្រះពរប្រចាំថ្ងៃរបស់ទ្រង់ និងការឆ្លើយតបរបស់យើងចំពោះការប្តេជ្ញាចិត្តទាំងស្រុង។ ការបំបិទសំឡេងរបស់ព្រះ តាមរយៈការច្រានចោលនូវការថ្វាយតង្វាយនោះ មិនរឿងសម ហេតុសមផលនោះឡើយ។ សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ ១០ហូត១ និងតង្វាយទៀងទាត់របស់យើង តាមសេចក្តីសន្យានោះ សូមអោយផ្ទៀងស្តាប់សំឡេងរបស់ព្រះផងចុះ។

សេចក្តីអំពាវនាវ៖«នេះ​ជា​ការ​ដែល​ឯង​ត្រូវ​ធ្វើ ដើម្បី​នឹង​ញែក​អ្នក​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​ដល់​អញ គឺ​ត្រូវ​ឲ្យ​យក​គោ​ឈ្មោល​ស្ទាវ​១ និង​ចៀម​ឈ្មោល​២​ដ៏​ឥត​ខ្ចោះ» (និក្ខមនំ ២៩៖១)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមសរសើរតម្កើងទ្រង់ចំពោះវិធីជាច្រើន ដែល ទ្រង់បានមានបន្ទូលមកកាន់ទូលបង្គំ ដែលជាកូនៗរបស់ទ្រង់។ ខណៈដែលទូលបង្គំថ្វាយ តង្វាយសទ្ធា និងតង្វាយ១០ហូត១នៅថ្ងៃនេះ សូមទ្រង់បង្រៀនទូលបង្គំនូវមេរៀនខាងឯវិញ្ញាណ ដែលទូលបង្គំត្រូវការផង។ ​

Powered by CAM