សូមអានខគម្ពីរកូរិនថូសទី១ ១៥៖៥១-៥៥។ តើលោកប៉ុលបានបកស្រាយ «អាថ៌កំបាំង» អ្វីនៅក្នុងខទាំងនេះ?
តើ «អាថ៌កំបាំង» (កូរិនថូសទី១ ១៥៖៥១) ដែលលោកប៉ុលមានប្រសាសន៍នេះ គឺជាអ្វី? អ្នកអធិប្បាយល្បីៗមួយចំនួនបានគិតថា «អាថ៌កំបាំង» នេះ គឺដូចគ្នាទៅនឹង «ការលើកពួកជំនុំទាំងអស់ទៅ ស្ថានសួគ៌ដោយអាថ៌កំបាំង (secret rapture)»។ «ការលើកពួកជំនុំទាំងអស់ទៅស្ថានសួគ៌ដោយអាថ៌កំបាំងនេះ» គឺជាគ្រាមួយដែលព្រះយេស៊ូវនឹងលបចុះមកផែនដីនេះ ដើម្បីនឹងលើកពួកគ្រីស្ទានស្មោះត្រង់ ទៅស្ថានសួគ៌ជាមួយនឹងទ្រង់។ រីឯអ្នកផ្សេងទៀត ត្រូវនៅផែនដីនេះបន្ត ហើយក៏ឆ្ងល់ថា មានរឿងអ្វីកើតឡើងចំពោះមនុស្សទាំងនោះផងដែរ។ «ការសង្គ្រោះពួកជំនុំទាំងអស់ ដោយសម្ងាត់» នេះ បានកើតឡើង៧ឆ្នាំ មុនការយាងមកជាលើកទី២របស់ព្រះយេស៊ូវ។ ក្នុងអំឡុងពេលនៃការលើកពួកជំនុំទាំងអស់ទៅ ស្ថានសួគ៌ដោយអាថ៌កំបាំងនេះ អ្នកជិះឡានឈ្នួលសុខៗ ស្រាប់តែបាត់តៃកុងទៅ ដោយសារតែតៃកុងឡានឈ្នួលនោះត្រូវបានលើកឡើងទៅស្ថានសួគ៌បាត់ទៅហើយ។ អ្វីដែលនៅសល់នោះ គឺជាសម្លៀកបំពាក់នៃតៃកុងឡាននោះ។ សំណុំនៃសៀវភៅទាំង១៦ក្បាលដែលមានចំណងជើងថា បន្សល់ទុក (Left Behind) នោះបានសរសេរអំពីប្រធានបទនេះ។ ខ្សែភាពយន្តចំនួន៤រឿងត្រូវបានផលិតចេញពីសៀវភៅទាំងនេះ។ ខ្សែភាពយន្តទាំងនេះបានបង្រៀននូវគោលគំនិតខុសឆ្គង អំពីការលើកពួកជំនុំទាំងអស់ទៅស្ថានសួគ៌ដោយអាថ៌កំបាំង។ គួរអោយសោកស្តាយណាស់ មនុស្សរាប់លានអ្នកដែលបានមើលខ្សែ ភាពយន្តទាំងនេះ ពួកគេបានរៀនពីគោលគំនិតខុសឆ្គងនេះហើយ។
ជាការពិតណាស់ ព្រះគម្ពីរមិនបានបង្រៀនអំពីការលើកពួកជំនុំទាំងអស់ទៅស្ថានសួគ៌ដោយអាថ៌កំបាំងនោះទេ។ ពាក្យ «អាថ៌កំបាំង» ដែលលោកប៉ុលកំពុងតែមានប្រសាសន៍នេះ គឺថា ពួកមនុស្ស រស់នឹងត្រូវផ្លាស់ប្តូរទៅ។ បន្ទាប់មក ពួកគេនឹងចូលរួមជាមួយនឹងពួកមនុស្សស្លាប់ដែលព្រះបានប្រោស អោយមានជីវិតរស់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។ បទពិសោធន៍នេះ ទើបជាសេចក្តី ពិតនៃ «ការលើកពួកជំនុំទាំងអស់ទៅស្ថានសួគ៌»។ ពុំមាន «ការលើកពួកជំនុំទាំងអស់ទៅស្ថានសួគ៌ដោយ អាថ៌កំបាំង» នោះឡើយ ពីព្រោះពួកមនុស្សរស់ម្នាក់លើផែនដីនេះ នឹងបានឃើញព្រឹត្តិការណ៍នៃការយាង មកជាលើកទី២នេះ (វិវរណៈ ១៖៧)។ ពួកមនុស្សស្លាប់នឹងរស់ឡើងវិញ ហើយពួកមនុស្សរស់នឹងត្រូវផ្លាស់ប្តូរទៅ ខណៈដែលព្រះផ្លុំត្រែរបស់ទ្រង់ នៅពេលដែលទ្រង់យាងមកជាលើកទី២ (កូរិនថូសទី១ ១៥៖៥១, ៥២)។
ការយាងមកជាលើកទី២របស់ព្រះយេស៊ូវនឹងនាំមកនូវការជួបជុំដ៏ប្រសើរជាទីបំផុត។ រីឯរាស្ត្ររបស់ព្រះដែលនៅរស់ ពួកគេនឹងត្រូវផ្លាស់ប្តូរទៅ «ក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ» (កូរិនថូស ទី១ ១៥៖៥២)។ នៅពេលដែលព្រះចេញសេចក្តីបង្គាប់នោះ រាស្ត្ររបស់ព្រះនឹងទទួលបានរូបកាយថ្មីដែលមិនចេះស្លាប់។ រូបកាយរបស់ពួកគេត្រូវបានបង្កើតឡើងជារហូត។ ពួកមនុស្សរស់របស់ព្រះនឹងត្រូវ លើកឡើងព្រមគ្នាទៅលើមេឃ ដើម្បីនឹងជួបព្រះអម្ចាស់របស់ពួកគេ។ គឺថា ពួកទេវតា «នឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង» (ម៉ាថាយ ២៤៖៣១)។
«ពួកទេវតាបរិសុទ្ធនឹងប្រគល់ពួកក្មេងៗទៅអោយម្តាយរបស់ពួកគេ។ សេចក្តីស្លាប់ដែលធ្លាប់បានខ័ណ្ឌចែកមិត្តភក្តិជាច្រើនចេញពីគ្នានោះ ឥឡូវនេះ មិត្តភក្តិទាំងនេះបានជួបគ្នាវិញម្តងទៀត។ ពួកគេ នឹងមិនបែកគ្នាទៀតឡើយ។ មនុស្សគ្រប់គ្នានឹងច្រៀងចម្រៀងនៃសេចក្តីអំណរ ខណៈពេលដែលពួកគេ កំពុងតែធ្វើដំណើរទៅឯទីក្រុងរបស់ព្រះទាំងអស់គ្នា»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 645, adapted។
ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Thessalonian Letters,” page 255-268; “Called to Reach Higher Standard,” pages 319-321, in The Acts of the Apostles។
«ពួកសាសន៍រ៉ូមបានដឹងថា ពួកគ្រីស្ទានជឿថា ព្រះនឹងប្រោសរូបកាយរបស់ពួកគេពីស្លាប់ឡើងវិញ។ ម្ល៉ោះហើយ ពួកសាសន៍រ៉ូមបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រមាថដល់សេចក្តីសង្ឃឹមនេះ។ របាយការណ៍ មួយចេញពីក្រុមហ្គោល (Gaul) នៅក្នុងគ្រិស្តសករាជនៃឆ្នាំ១៧៧ បានពិពណ៌នាអំពី ពួកគ្រីស្ទាន ដែលត្រូវគេសម្លាប់ ដោយព្រោះសេចក្តីជំនឿរបស់ពួកគេ។ នៅពេលនោះ ពួកសាសន៍រ៉ូមបានសម្លាប់ពួកគ្រីស្ទានចោល រួចទុកសាកសពរបស់ពួកគេអោយស្អុយរលួយនៅនឹងដីអស់រយៈពេល៦ថ្ងៃ។ បន្ទាប់មក ពួកសាសន៍ រ៉ូមបានដុតសាកសពរបស់ពួកគេចោល រួចបោះធាតុរបស់ពួកគេចូលទៅក្នុងទន្លេរ៉ុនណេអស់ទៅ។ រួចពួកសាសន៍រ៉ូមនាំគ្នានិយាយថា «ឥឡូវនេះ ចាំមើលមើ ពួកគ្រីស្ទានទាំងនោះនឹងរស់ពីស្លាប់ឡើងវិញដែរឬទេ»។ ដកស្រង់ពី Stephen Cave, Immortality: The Quest Live Forever and How It Drives Civilization (New York: Crown Publishers, 2012), pages 104, 105, adapted។
ពួកសាសន៍រ៉ូមបានបរាជ័យក្នុងការបង្ហាញថា សេចក្តីសន្យានៃព្រះគម្ពីរមិនពិតនោះទេ។ អំណាចដែលប្រោសអោយព្រះយេស៊ូវរស់ឡើងវិញនោះ ក៏អាចប្រោសអោយយើងរស់ពីស្លាប់ឡើងវិញដែរ។ ដូច្នេះ មិនថា រូបកាយរបស់យើងទៅជាយ៉ាងណានោះទេ វាមិនមែនជាបញ្ហាអ្វីឡើយ។ ព្រះបានបង្កើតផ្កាយ និងភពទាំងអស់នៅក្នុងលំហ។ ប្រសិនបើទ្រង់អាចបង្កើតរបស់ទាំងអស់បានទៅហើយនោះ ទ្រង់ប្រាកដជាអាចនឹងប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ ហើយនិងលើកពួកគេទៅឯស្ថានសួគ៌ជាមួយនឹងមនុស្សរស់បានដែរ។
«ព្រះបានបណ្តាលអោយលោកប៉ុលសរសេរថា៖ ‘បើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ’ (ថែស្សាឡូនីចទី១ ៤៖១៤)។ ពួកគ្រីស្ទានជាច្រើននាក់បានជឿថា ខនេះមានន័យថា ព្រះយេស៊ូវនឹងយាងចុះពីស្ថានសួគ៌មក ជាមួយនឹងវិញ្ញាណនៃសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដែលបានស្លាប់ទៅ។ ប៉ុន្តែ លោកប៉ុលមិនបានមានប្រសាសន៍យ៉ាងដូច្នេះឡើយ។ លោកប៉ុលបានមានប្រសាសន៍ថា ព្រះនឹងប្រោសពួកបរិសុទ្ធដែលដេកលក់ទៅហើយនោះ អោយក្រោកចេញពីផ្នូររបស់ពួកគេវិញ ដូចដែលព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញយ៉ាងដូច្នេះដែរ។ បន្ទាប់មក ព្រះនឹងលើករាស្ត្រ របស់ទ្រង់ទៅឯស្ថានសួគ៌ជាមួយនឹងទ្រង់។ នេះជាសេចក្តីសន្យាដ៏មានតម្លៃជាទីបំផុត ហើយក៏ជាសេចក្តី សង្ឃឹមដ៏ប្រសើរបំផុតផងដែរ។ សេចក្តីសន្យានេះមិនត្រឹមតែសម្រាប់ពួកជំនុំថែស្សាឡូនីចនោះទេ។ សេចក្តីសង្ឃឹមនេះគឺសម្រាប់ពួកគ្រីស្ទានទាំងអស់មិនថា ពួកគេនៅទីណាក៏ដោយ»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 259, adapted។
សំនួរពិភាក្សា៖
- តើយើងមានក្តីសង្ឃឹមអ្វី ដើម្បីនឹងទាស់ជាមួយនឹងសេចក្តីស្លាប់នៅក្នុងជីវិតរបស់យើងនោះ? តើយើងអាចជួយអ្នកណាម្នាក់ ដែលជឿទៅលើ «ការលើកពួកជំនុំទាំងអស់ទៅស្ថានសួគ៌ដោយអាថ៌កំបាំង» នោះដោយរបៀបណា? (សូមអានការមេរៀននៅថ្ងៃព្រហស្បត្តិ៍)។
- សូមអានខគម្ពីរកូរិនថូសទី១ ១៥៖១២-១៩។ តើខទាំងនេះបានបង្ហាញយើងថា មនុស្សស្លាប់កំពុងតែដេកលក់ ហើយពួកគេក៏មិននៅស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវដែរនោះដោយរបៀបណា?
រឿងខ្លី
ការទទួលយកព្រះបន្ទូល វគ្គ២
ក្នុងរយៈពេល៣ឆ្នាំ នាងអ៊ូឡាឡៃ រ៉ាស៊ីដបានបញ្ចប់គោលដៅរបស់នាងនៅក្នុងការអានព្រះគម្ពីរ ពីដើមដល់ចប់នៅលើកោះសៃផាន (Saipan) នៃសមុទ្រប៉ាស៊ីហ្វិក។ ដោយផ្នែកទៅលើអ្វីដែលនាងបានអាននោះ នាងបានចាប់ផ្តើមរក្សាថ្ងៃសប្បាតហ៍ និងបរិភោគអាហារធញ្ញជាតិ។ ស្ត្រីដែលញៀនសុរាអស់រយៈពេល៣៧ឆ្នាំម្នាក់នេះ បានប្រាប់គ្រួសាររបស់នាងថា ព្រះយេស៊ូវបានដកហូតចំណង់ចង់ផឹកស្រាចេញ អស់ហើយ។ ប៉ុន្តែ ការធ្វើរោគវិនិច្ឆ័យខាងឯវេជ្ជសាស្ត្រ មុនពេលដែលនាងចាប់ផ្តើមអានព្រះគម្ពីរនោះ បាន បង្ហាញថា នាងមានជំងឺមហារីកពោះវៀន។ បន្ទាប់មក នាងចាប់ផ្តើមជំងឺរើមបន្ថែមទៀត។ ជំងឺទាំង២យ៉ាងនេះបានធ្វើអោយមានការឈឺចាប់យ៉ាងខ្លាំង។ ប៉ុន្តែ នាងបានផ្តោតអារម្មណ៍ទៅឯរឿងផ្សេងវិញ។ នាងគិត មិនឃើញថា ហេតុអ្វីបានជានាងនៅតែមានអារម្មណ៍ថា នាងមិនទាន់ស្គាល់ព្រះយេស៊ូវពិតប្រាកដសោះ ទោះបីជានាងបានអានព្រះគម្ពីរទាំងមូលហើយក៏ដោយ។ នាងបានអធិស្ឋានយ៉ាងអស់ពីចិត្ត។ រំពេចនោះ ចំណង់ ចង់យល់ចង់ដឹងរបស់នាងបានជំរុញអោយនាងទូរស័ព្ទទៅកាន់គ្លីនិកសេវេនដេយអាត់វេនទីស្ទសៃផាន។ នាងអ៊ូឡាឡៃបានប្រាប់អ្នកលើកទូរស័ព្ទថា «អោយខ្ញុំសូមទោស ការដែលខ្ញុំទូរស័ព្ទទៅនេះ មិនមានអ្វីទាក់ទងទៅនឹងគ្លីនិកនោះទេ គឺថា ខ្ញុំចង់និយាយជាមួយនឹងអ្នកណាម្នាក់ដែលមកពីព្រះវិហារ ខ្ញុំបានអានព្រះគម្ពីរ ទាំងអស់ហើយ ប៉ុន្តែ ខ្ញុំនៅតែមិនយល់»។ មួយស្របក់ក្រោយមក ប៉ាស្ទ័រវ័យក្មេងម្នាក់បានបង្ហាញខ្លួននៅ ខាងមុខទ្វាររបស់នាងអ៊ូឡាឡៃ។ អ្នកទាំង២បាននិយាយយ៉ាងស្និទ្ធស្នាលជាមួយនឹងគ្នា។ នាងអ៊ូឡាឡៃ មានអារម្មណ៍ហាក់ដូចជានាងបានស្គាល់ប៉ាស្ទ័រម្នាក់នេះពីមុខមកអ៊ីចឹង បន្ទាប់មក ពួកគេបានចាប់ផ្តើមសិក្សា ព្រះគម្ពីរជាមួយនឹងគ្នា។ នាងអ៊ូឡាឡៃបានសូមប៉ាស្ទ័រជ្រមុជទឹក។ ប្រហែលជាមួយខែមុនពិធីបុណ្យជ្រមុជ ទឹកនារដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៩នោះ ការឈឺចាប់ដ៏ធ្ងន់ធ្ងររបស់នាងអ៊ូឡាឡៃបានជាទៅវិញភ្លាមៗ។ គ្រូពេទ្យធ្លាប់ប្រាប់នាងអ៊ូឡាឡៃថា ជំងឺរើមមិនអាចព្យាបាលបានឡើយ ម្ល៉ោះហើយ នាងអាចនឹងឈឺចាប់ជាច្រើនខែទៅមុខទៀត។ ប៉ុន្តែ ឥឡូវនេះ ការឈឺចាប់បានបាត់អស់ទៅ។ នៅពេលដែលនាងស្ទាបពោះរបស់នាងនោះ នាងមានអារម្មណ៍ថា វាខុសប្លែកពីមុន។ មួយរយៈពេលខ្លីក្រោយមក គ្រូពេទ្យបានប្រាប់នាងថា នាងបានជាពីជំងឺមហារីកហើយ។
សព្វថ្ងៃនេះ នាងអ៊ូឡាឡៃគឺជាបេសកជនម្នាក់ដល់អ្នកជិតខាង និងគ្រួសាររបស់នាងដែលមានកូន៤នាក់ និងចៅ១៣នាក់នៅលើកោះសៃផាន។ ខណៈពេលដែលនាងកំពុងតែមើលថែសួនបៃតងដ៏ខៀវខ្ចី របស់នាងនោះ នាងបានអធិស្ឋានជូនពួកគេ ដោយនាងបានហៅកន្លែងនោះថា ជាសួនច្បារអធិស្ឋានរបស់នាង។ នាងបានជូនផ្លែឈើដែលបានដាំនោះ ដល់អ្នកជិតខាងរបស់នាង។ បន្ទប់មួយនៅក្នុងផ្ទះរបស់នាង ត្រូវបានគេទុកមួយឡែកសម្រាប់ជាកន្លែងថ្វាយបង្គំជាកន្លែងដែល Adventists និងអ្នកផ្សេងទៀតជួបជុំគ្នានៅល្ងាចថ្ងៃសប្បាតហ៍។ នាងបានទុកបន្ទប់មួយនៅក្នុងផ្ទះរបស់នាងដោយឡែក សម្រាប់អោយអ្នកអាត់វេនទីស្ទ និងអ្នកដទៃទៀតជួបជុំគ្នាថ្វាយបង្គំនៅពេលល្ងាចនៃថ្ងៃសប្បាតហ៍។ នាងអ៊ូឡាឡៃដែលមានអាយុ៦៦ឆ្នាំ មិនបានសង្ស័យអ្វីឡើយ នៅពេលដែលអ្នកសរសេរគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា «ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង» នោះ (ទំនុកដំកើង ១១៩៖១០៥)។ នាងបាននិយាយថា «សេចក្តីសង្ឃឹម និងការលើកទឹកចិត្តរបស់ខ្ញុំទៅដល់អ្នកដទៃនេះ គឺជាការគោរពតាមព្រះបន្ទូល ដ្បិតព្រះបន្ទូលនេះគឺជាព្រះយេស៊ូវ ហើយព្រះយេស៊ូវក៏ជាផ្លូវទៅកាន់ជីវិតអស់កល្បផងដែរ»។
អំណានដង្វាយប្រចាំសប្តាហ៍
សេចក្តីអំពាវនាវអោយមានភាពទៀងទាត់ជាប្រចាំ
យើងបានថ្វាយបង្គំព្រះ ដោយការថ្វាយតង្វាយទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងការយកព្រះទ័យទុកដាក់ដ៏បរិបូរណ៍ និងទៀងទាត់របស់ទ្រង់ផងដែរ។ ហោរាយេរេមានបានប្រើទម្រង់ជាពហុ វចនៈ ដើម្បីពិពណ៌នាអំពីសេចក្តីសញ្ញា សេចក្តីស្រឡាញ់ ព្រះគុណ សេចក្តីល្អ សេចក្តីសប្បុរស សេចក្តី មេត្តាករុណា សេចក្តីអាណិតអាសូរ និងសេចក្តីផ្សេងៗរបស់ព្រះនៅពេលដែលគាត់កំពុងតែឆ្លងកាត់នូវសេចក្តីល្បួង ទុក្ខសោក និងការប្រមាថម៉ាក់ងាយនោះ។ ក្រៅពីសេចក្តីល្អៗជាច្រើននេះ ព្រះក៏បាន ធ្វើការអស្ចារ្យនៅក្នុងវិបត្តិរបស់ហោរាយេរេមាជាប្រចាំ និងទៀងទាត់ផងដែរ មិនមែនម្តងម្កាលនោះឡើយ។ គាត់ក៏មិនចាំបាច់ជ្រើសរើសរវាងព្រះពរដ៏ធំធេងនៃការអស្ចារ្យជាប្រចាំ ឬម្តងម្កាលនោះដែរ។ ដ្បិតព្រះបានប្រទានអោយគាត់នូវការអស្ចារ្យទាំង២យ៉ាងនេះ។ សាសន៍អ៊ីស្រាអែលបានឆ្លើយតបទៅ នឹងភាពទៀងទាត់ជាប្រចាំរបស់ព្រះនេះ ដោយការដាក់គំរូនៃការថ្វាយបង្គំ និងការថ្វាយតង្វាយយ៉ាងទៀងទាត់។
បទគម្ពីរលេវីវិន័យ ២៨ និង ២៩ បានរៀបរាប់អំពីភាពទៀងទាត់ជាប្រចាំនេះតាមរយៈការ ថ្វាយបង្គំ និងការថ្វាយតង្វាយដល់ព្រះ។ ពួកសាសន៍អ៊ីស្រាអែលបានថ្វាយបង្គំជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ រាល់ខែ និងរាល់ពិធីបុណ្យប្រចាំឆ្នាំទាំងអស់ផងដែរ។ ទាក់ទងទៅនឹងតង្វាយរបស់ពួកគេនេះ គឺថា ពួកគេបាន «ថ្វាយចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួបទុកជាតង្វាយដុតជានិច្ច» (លេវីវិន័យ ២៨៖៣)។ គួរអោយចាប់អារម្មណ៍ណាស់ អ្វីដែលពួកគេបាននាំយកមកជារៀងរាល់សប្តាហ៍ រាល់ខែ និងរាល់ពិធីបុណ្យប្រចាំឆ្នាំនេះ គឺជាតង្វាយ «បន្ថែមពីលើតង្វាយដុតជាប្រចាំ» នោះទៀត។ ក្នុងអំឡុងនៃពិធីបុណ្យនៃរោងឧបោសថនោះ ពួកគេបានថ្វាយតង្វាយពិសេសៗជាច្រើន ប៉ុន្តែ បទគម្ពីរបានលើក ឡើងត្រឹមតែ៨យ៉ាងប៉ុណ្ណោះ ដែលបន្ថែមទៅលើតង្វាយទៀងទាត់ជាប្រចាំនោះ គឺថា តង្វាយមួយថ្ងៃម្តងៗអោយគ្រប់ថ្ងៃនៃពិធីបុណ្យនោះ។
គំរូខាងលើនេះបានបង្ហាញប្រាប់យើងថា ការអនុវត្តដ៏ល្អបំផុតនោះ មិនមែនជាការក្លាយទៅ ជាអ្នកថ្វាយបង្គំព្រះត្រឹមតែនៅក្នុងសប្តាហ៍នៃពិធីបុណ្យអីស្ទ័រ ដែលជារដូវនៃថ្ងៃបុណ្យណូអែល ឬថ្ងៃសប្បាតហ៍ពិសេសៗប៉ុណ្ណោះឡើយ។ ព្រះដែលបានសម្តែងព្រះអង្គទ្រង់ជាប្រចាំ និងជាបន្តបន្ទាប់នេះ បានរំពឹងចង់បានគំរូនៃការថ្វាយបង្គំបែបនេះពីកូនៗរបស់ទ្រង់ជានិច្ច។ តើគោលការណ៍នេះបានបង្ហាញ តាមរយៈការអនុវត្តនៃការថ្វាយតង្វាយរបស់យើងនេះដោយរបៀបណា? ការចូលរួមនៅក្នុងការថ្វាយតង្វាយ ដើម្បីគាំទ្រគម្រោង ឬព័ន្ធកិច្ចមប្រើព្រះល្អៗនោះ តែងតែនាំមកនូវក្តីអំណរជានិច្ច។ ទោះជាយ៉ាងនេះក្តី វាគឺជាការសមរម្យមួយ ដែលអំណោយ និងការបរិច្ចាគម្តងម្កាលទាំងនេះបានជួយបន្ថែមទៅលើតង្វាយទៀងទាត់របស់យើងនោះ។ ចំណុចនៃការចាប់ផ្តើម ដើម្បីអោយការអនុវត្តបែបនេះកើតមានឡើងនោះ គឺត្រូវកំណត់សមាមាត្រ ពីភាគរយនៃប្រាក់ចំណូលរបស់យើងនៅក្នុងការថ្វាយតង្វាយទៀងទាត់អោយបានរួចរាល់ជាមុខសិន។
សេចក្តីអំពាវនាវ៖
«គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់» (បរិទេវ ៣៖២២-២៣)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរគុណទ្រង់ ចំពោះព្រះទ័យទុកដាក់ដ៏បរិបូរណ៍ និងទៀងទាត់របស់ទ្រង់នេះ។ ដើម្បីឆ្លើយតបទៅនឹងការនេះ ទូលបង្គបានជ្រើសរើសថ្វាយបង្គំទ្រង់ជាប្រចាំ ព្រមទាំងដក១០ភាគរយពីប្រាក់ចំណូលរបស់ទូលបង្គំទុកជាតង្វាយទៀងទាត់ផងដែរ។