មេរៀនទី៩​៖ ១៩-២៥ កុម្ភៈ ២០២២

ព្រះយេស៊ូវគឺជាដង្វាយដ៏ល្អឥតខ្ចោះជំនួសអំពើបាប

Jeans
ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ១៥៖៦-២១; អេភេសូរ ៣៖១៤-១៩; ហេព្រើរ ៧៖២៧; ហេព្រើរ ៩៖២២-២៨; រ៉ូម ៣៖២១-២៦។

ខចងចាំ៖ «ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប​ជានិច្ចដោយសារ​ដង្វាយ​តែ​១​នោះ» (ហេព្រើរ ១០៖១៤)។

ពួកសាសន៍រ៉ូមនៅក្នុងសម័យសញ្ញាថ្មីបានស្អប់ឈើឆ្កាងជាខ្លាំង។ ម្ល៉ោះហើយ ពួកគេមិនបានសរសេរអំពីឈើឆ្កាងច្រើននោះទេ។ គោលគំនិតនៃការស្លាប់នៅលើឈើឆ្កាងសម្រាប់ពួកសាសន៍រ៉ូមនោះគឺជាសេចក្តីអាម៉ាស់ជាទីបំផុត។ ដូច្នេះ ពួកគេមានអារម្មណ៍ថា សាសនាគ្រីស្ទគឺជាសាសនាដ៏អាក្រក់បំផុតមួយ។ ពួកសាសន៍រ៉ូមមិនចូលចិត្តគោលគំនិតនៃការថ្វាយបង្គំមនុស្សម្នាក់ថាជាព្រះដែលត្រូវបានគេកាត់ទោសហើយ ឆ្កាងនៅលើឈើឆ្កាងអោយស្លាប់នោះទេ។ ក្រឹត្យវិន័យនៃពួកយូដាក៏បានប្រកាសផងដែរថា អ្នកណាដែលត្រូវគេឆ្កាងនៅលើឈើឆ្កាងនោះត្រូវបណ្តាសាព្រះហើយ (ចោទិយកថា ២១៖២៣)។

អារម្មណ៍នៃសេចក្តីអាម៉ាស់ទាំងនេះអាចជួយអោយយើងយល់អំពីមូលហេតុដែលគំនូរនៃពួកគ្រីស្ទានដំបូងមិនបានបង្ហាញនៅលើឈើឆ្កាង។ ពួកគ្រីស្ទានបានគូររូបសត្វក្ងោក សត្វព្រាប ស្លឹកត្នោត និងសត្វត្រី។ ក្រោយមក គំនូរនៃពួកគ្រីស្ទានបានបង្ហាញអំពីទូករបស់លោកណូអេ លោកដានីយ៉ែលនៅក្នុងរូងតោ លោកយ៉ូណាសត្រូវបានត្រីធំខ្ជាក់ចេញមកក្រៅ និងអ្នកគង្វាលចៀមបីត្រកងកូនចៀម។ ពួកគ្រីស្ទានដំបូងក៏បានគូររូបព្រះយេស៊ូវព្យាបាលមនុស្សពិការ និងប្រោសអោយលោកឡាសាររស់ពីស្លាប់ឡើងវិញផងដែរ។ ប៉ុន្តែ ឈើឆ្កាងបានបង្ហាញអំពីការចាញ់ និងការអាម៉ាស់។ ក្រោយមក ឈើឆ្កាងនៃសេចក្តីអាម៉ាស់ដដែលនេះបានក្លាយទៅជានិមិត្តរូបនៃសាសនាគ្រីស្ទ។ លោកប៉ុលបានមានប្រសាសន៍ថា ដំណឹងល្អអំពីព្រះយេស៊ូវគឺជា «ដំណឹង​ពី​ឈើ​ឆ្កាង» (កូរិនថូសទី១ ១៖១៨)។

សប្តាហ៍នេះ យើងនឹងក្រឡេកមើលឈើឆ្កាងនៅក្នុងកណ្ឌគម្ពីរហេព្រើរ។

ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២

តើហេតុអ្វីបានជាត្រូវការដង្វាយសត្វ?

លោកប៉ុលបានបកស្រាយអំពីមូលហេតុដែលព្រះយេស៊ូវចាំបាច់សុគតយ៉ាងដូច្នេះថា៖ «[ព្រះគ្រីស្ទ] ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ» (ហេព្រើរ ៩៖១៥)។

នៅម្តុំបូព៌ាប្រទេសក្នុងសម័យព្រះគម្ពីរ សេចក្តីសញ្ញារវាងមនុស្ស២នាក់សំខាន់ជាទីបំផុត។ ភាគីទាំង២ដែលជាផ្នែកមួយនៃសេចក្តីសញ្ញាបានសន្យានឹងគ្នា។ បន្ទាប់មក ពួកគេនឹងសូត្រពាក្យសម្បថ។ ពាក្យសម្បថបានបង្ហាញថា​ ពួកព្រះនឹងដាក់ទោសដល់អ្នកណាដែលបានរំលងសេចក្តីសញ្ញា។ ពួកគេតែងតែសម្លាប់សត្វទុកជាផ្នែកមួយនៃសេចក្តីសញ្ញា។ បន្ទាប់មក ពួកគេបានដើរនៅកណ្តាលបំណែកនៃសត្វនោះ។ បំណែកទាំងនោះបានបង្ហាញអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះអ្នកណាដែលបានរំលងសេចក្តីសន្យា។

ចូរយើងក្រឡេកមើលឧទាហរណ៍នៃសេចក្តីសញ្ញាដែលព្រះបានតាំងឡើងជាមួយនឹងលោកអ័ប្រាហាំ។ លោកអ័ប្រាហាំបានពុះសត្វជាពីរ (លោកុប្បត្តិ ១៥៖៦-២១)។ តើលោកអ្នកបានឃើញដែរ ឬទេថា មានតែព្រះម្ខាងគត់ដែលបានដើរនៅកណ្តាលបំណែកនៃសត្វនោះ? តាមរយៈការធ្វើដូច្នេះ ព្រះ អាចបង្ហាញដល់លោកអ័ប្រាហាំថា ទ្រង់នឹងមិនរំលងសេចក្តីសន្យារបស់ទ្រង់ឡើយ។

សូមប្រៀបធៀបខគម្ពីរលោកុប្បត្តិ ១៥៖៦-២១ និងយេរេមា ៣៤៖៨-២២។ តើខទាំងនេះ បង្រៀនយើងយ៉ាងដូចម្តេចអំពីសេចក្តីសញ្ញា?

--------------------------------------------------------

សេចក្តីសញ្ញាដែលព្រះបានប្រទានដល់សាសន៍អ៊ីស្រាអែលនោះសំខាន់ជាទីបំផុត។ សេចក្តី សញ្ញានេះ​បានបង្ហាញយើងថា​ ព្រះនឹងប្រទានទឹកដីសន្យាមួយដល់សាសន៍អ៊ីស្រាអែល។ សេចក្តីសញ្ញានេះរួមមានទាំងក្រឹត្យវិន័យ និងឈាម។ ឈាមត្រូវបានដាក់នៅលើអាសនាដើម្បីបង្ហាញពួកបណ្តាជនអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះអ្នកណាដែលបានរំលងសេចក្តីសញ្ញា។ ឥឡូវនេះ យើងអាចយល់ច្បាស់អំពីមូលហេតុដែលលោកប៉ុលបានមានប្រសាសន៍ថា «បើ​គ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ (ហេព្រើរ ៩៖២២)។

ព្រះបានធ្វើការសម្រេចព្រះទ័យដ៏អាក្រក់មួយ នៅពេលដែលសាសន៍អ៊ីស្រាអែលបានរំលងសេចក្តីសញ្ញា។ សេចក្តីសញ្ញារបស់ទ្រង់បានចែងថា អ្នកណាដែលបានរំលងក្រឹត្យវិន័យរបស់ព្រះចាំបាច់ ត្រូវតែស្លាប់។ ប៉ុន្តែ ព្រះបានស្រឡាញ់ដល់រាស្ត្ររបស់ទ្រង់។ តើយ៉ាងណាទៅវិញប្រសិនបើព្រះបានបែរចេញ ហើយបដិសេធមិនព្រមដាក់ទោសដល់ពួកគេវិញនោះ? ពេលនោះ ព្រះមិនអាចបង្គាប់អោយមនុស្សគ្រប់គ្នារក្សាក្រឹត្យវិន័យរបស់ទ្រង់ទៀតឡើយ។

ដូច្នេះ ព្រះយេស៊ូវបានយាងជំនួសយើង។​ ទ្រង់បានសុគតជំនួសយើង ដើម្បីអោយយើង «បានទទួល​សេចក្តី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​កល្ប​ជានិច្ច» (ហេព្រើរ ៩៖១៥; សូមអានខ២៦ និងខគម្ពីរ រ៉ូម ៣៖២១-២៦)។ តាមវិធីនេះ ព្រះយេស៊ូវបានបង្ហាញថា ទណ្ឌកម្មនៃការរំលងក្រឹត្យវិន័យត្រូវមាន។ ទន្ទឹមគ្នានេះ ព្រះយេស៊ូវក៏អាចសង្គ្រោះអ្នកដែលបានរំលងក្រឹត្យវិន័យរបស់ទ្រង់ផងដែរ។ ព្រះយេស៊ូវអាចធ្វើកិច្ចការ២យ៉ាងនេះដោយសារតែទ្រង់បានសុគតជំនួសយើងនៅលើឈើឆ្កាង។

តើហេតុអ្វីបានជាក្រឹត្យវិន័យសំខាន់ម្ល៉េះ ចំពោះដំណឹងល្អដែលថា ព្រះយេស៊ូវបានសង្គ្រោះចេញពីអំពើបាបរបស់យើងនោះ? តើកណ្ឌគម្ពីរហេព្រើរបង្ហាញយើងយ៉ាងដូចម្តេចដែរអំពីចំណុចនេះ?

ថ្ងៃច័ន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២

ដង្វាយផ្សេងៗគ្នា

សេចក្តីស្លាប់របស់ព្រះយេស៊ូវអាចធ្វើអោយព្រះអត់ឱនទោសអោយដល់យើងបាន។ ប៉ុន្តែ ការអត់ឱនទោសលើសពីការលុបបំបាត់ទោសនៃអំពើបាបទៅទៀត។ ការអត់ឱនទោសត្រូវបានរាប់បញ្ចូលទាំង ផ្នែកសំខាន់ៗដទៃទៀតផងដែរ។ នេះគឺជាមូលហេតុដែលសាសន៍អ៊ីស្រាអែលបានថ្វាយដង្វាយ៥យ៉ាងផ្សេងៗគ្នា។ ដង្វាយនីមួយៗមានសារៈសំខាន់ក្នុងការបង្ហាញអំពីអត្ថន័យនៃឈើឆ្កាងរបស់ព្រះយេស៊ូវ។

តើលោកប៉ុលបានអធិស្ឋានយ៉ាងដូចម្តេចនៅក្នុងខគម្ពីរអេភេសូរ ៣៖១៤-១៩?

--------------------------------------------------------

លោកប៉ុលចង់អោយពួកជំនុំអេភេសូរយល់អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ។ ដង្វាយផ្សេងៗគ្នាដែលពួកយូដាបាននាំយកមកថ្វាយព្រះនៅក្នុងសម័យព្រះគម្ពីរនោះបានជួយបកស្រាយអំពីសេចក្តីស្រឡាញ់យ៉ាងដូច្នេះថា៖

ដង្វាយដុតគឺជាដង្វាយសត្វ។ តួនៃសត្វទាំងមូលត្រូវបានដុតនៅលើអាសនា (លេវីវិន័យ ១)។ ដង្វាយនេះបានបង្ហាញអំពីព្រះយេស៊ូវដែលបានលះបង់ជីវិតរបស់ទ្រង់ជំនួសយើង។ មែនហើយ ព្រះយេស៊ូវមានឋានៈស្មើនឹងព្រះគ្រប់យ៉ាង។ ប៉ុន្តែ ព្រះយេស៊ូវ «មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ» (ភីលីព ២៖៥-៨)។

ពួកអ៊ីស្រាអែលបាននាំយក ដង្វាយម្សៅ (ដង្វាយធញ្ញជាតិ) មកថ្វាយព្រះ ដើម្បីបង្ហាញអំពីការ ដឹងគុណរបស់គេចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះបានធ្វើក្នុងការថែរក្សារាស្ត្ររបស់ទ្រង់។ (លេវីវិន័យ ២)។ ដង្វាយនេះក៏បានបង្ហាញអំពីព្រះយេស៊ូវដែលជា «នំបុ័ង​ជីវិត» (យ៉ូហាន ៦៖៣៥, ៤៨)។ យើងមាន ជីវិតអស់កល្បដោយសារតែព្រះយេស៊ូវ។

ដង្វាយមេត្រីបានបង្ហាញយើងអំពីការចែករំលែកអាហាររវាងមិត្តភក្តិ និងគ្រួសារដើម្បីអបអរសាទរសម្រាប់ជីវិតសុខសប្បាយដែលព្រះបានប្រទានដល់រាស្ត្ររ​បស់ទ្រង់ (លេវីវិន័យ ៣)។ ដង្វាយនេះ ក៏បានបង្ហាញអំពីព្រះយេស៊ូវផងដែរ។ ដោយសារការសុគតរបស់ទ្រង់នេះហើយ ទើបយើងអាចទទួលបានសេចក្តីមេត្រី (អេសាយ ៥៣៖៥; រ៉ូម ៥៖១; អេភេសូរ ២៖១៤)។ ដង្វាយមេត្រីក៏បានបង្ហាញយើងថា យើងត្រូវតែមានចំណែកនៅក្នុងការសុគតរបស់ព្រះជំនួសយើងផងដែរ។ តើដោយរបៀបណា? គឺតាមរយៈការ «បរិភោគ» រូបកាយរបស់ទ្រង់ និង «បរិភោគ» លោហិតរបស់ទ្រង់ (យ៉ូហាន ៦៖៥១-៥៦)។

ដង្វាយលោះបាបបានដកចេញកំហុសដែលបានបណ្តាលឡើងដោយសារអំពើបាប (លេវីវិន័យ ៤៖១-៥៖១៣)។ ឈាមនៃដង្វាយសត្វបានបង្ហាញអំពីជីវិតនៃសត្វ (លេវីវិន័យ ១៧៖១១)។ ឈាមនេះ គឺជារូបស័ព្ទតំណាងអោយលោហិតរបស់ព្រះយេស៊ូវ។ លោហិតរបស់ព្រះយេស៊ូវបានសង្គ្រោះយើងចេញពីអំពើបាបរបស់យើង (ម៉ាថាយ ២៦៖២៨; រ៉ូម ៣៖២៥; ហេព្រើរ ៩៖១៤)។

ដង្វាយសំណង (លេវីវិន័យ ៥៖១៤-១៧) បានបង្ហាញយើងអំពីអ្វីដែលយើងត្រូវធ្វើ ដើម្បីអោយអ្វីៗបានត្រឹមត្រូវឡើងវិញ បន្ទាប់ពីព្រះបានអត់ឱនទោសអោយយើង។ ព្រះចង់អោយយើងធ្វើអ្វីៗអោយបានត្រឹមត្រូវតាមដែលអាចធ្វើទៅបាន ជាមួយនឹងមនុស្សដែលយើងបានធ្វើបាប និងធ្វើខុស។

ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២

ព្រះយេស៊ូវគឺជាដង្វាយដ៏ល្អឥតខ្ចោះ

សូមអានខគម្ពីរហេព្រើរ ៧៖២៧ និងហេព្រើរ ១០៖១០។ តើខទាំងនេះបង្ហាញប្រាប់យើងយ៉ាង ដូចម្តេចអំពីដង្វាយដែលព្រះយេស៊ូវបានបង្កើត?

--------------------------------------------------------

លោកប៉ុលបានមានប្រសាសន៍ប្រាប់យើងអំពីហេតុផលដែលនាំអោយមានពួកសង្ឃជាច្រើនចេញពីកុលសម្ព័ន្ធលេវី។ «ពួក​សង្ឃ​ទាំង​នោះ​មាន​គ្នា​ជា​ច្រើនពី​ព្រោះ​គេ​តែង​តែ​ស្លាប់ មិន​នៅ​ជាប់​ស្ថិតស្ថេរ​ទេ» (ហេព្រើរ ៧៖២៣)។ ពួកសង្ឃ «ថ្វាយ​យញ្ញបូជា​ជា​រាល់​ថ្ងៃ» រួមទាំងដង្វាយពិសេស «រាល់​តែ​ឆ្នាំ» ផងដែរ (ហេព្រើរ ៩៖២៥)។ ដង្វាយ និងយញ្ញបូជាទាំងនេះ «ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ថ្វាយ​បាន​គ្រប់​លក្ខណ៍​ខាង​ឯ​បញ្ញា​ចិត្ត​បាន​ឡើយ» (ហេព្រើរ ៩៖៩; ហេព្រើរ ១០៖១-៤)។

ប៉ុន្តែ ព្រះយេស៊ូវប្រសើរជាងពួកសង្ឃទៅទៀត។ ព្រះយេស៊ូវត្រូវលះបង់អង្គទ្រង់តែ «ម្តងគត់»។ ដង្វាយនេះ «១​ដង​ជា​សំរេច» (ហេព្រើរ ១០៖១០, ១២-១៤)។ ដង្វាយរបស់ទ្រង់បានសំអាតចិត្តរបស់យើង (ហេព្រើរ ៩៖១៤; ហេព្រើរ ១០៖១-១០)។ ដង្វាយរបស់ទ្រង់ក៏បានដកអំពើបាបរបស់យើងចេញផងដែរ (ហេព្រើរ ៩៖២៦)។ ដង្វាយរបស់ទ្រង់ប្រសើរជាងដង្វាយសត្វទៅទៀត ពីព្រោះទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះ (ហេព្រើរ ៧៖២៦-២៨)។ ព្រះយេស៊ូវបានធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះចង់អោយទ្រង់ធ្វើ (ហេព្រើរ ១០៖៥-១០)។

ដូច្នេះ ដង្វាយរបស់ព្រះយេស៊ូវបានកើតឡើងត្រឹមតែ «ម្តងគត់» គឺ «១ដងជាសម្រេច»។ គោលគំនិតនេះបានបង្រៀននូវសេចក្តីពិតនៃព្រះគម្ពីរជាច្រើនដូចជា៖

១. ដង្វាយរបស់ព្រះយេស៊ូវគឺល្អឥតខ្ចោះ។ គ្មានអ្នកណាម្នាក់ដែលអាចថ្វាយយញ្ញបូជាប្រសើរជាងនេះបានឡើយ។ ពួកសង្ឃបានថ្វាយយញ្ញបូជាម្តងហើយម្តងទៀត ដោយសារតែយញ្ញបូជារបស់ពួកគេមិនបានធ្វើអោយយើងគ្រប់លក្ខណ៍នោះឡើយ។ «ប្រសិន​បើ​ពួក​អ្នក​ដែល​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​នេះ​បាន​បរិសុទ្ធ​ម្ដងជា​សំរេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា​ខ្លួន​គ្មាន​ជាប់​បាប​ទៀត​ទេ ហើយ​គេ​ក៏​លែង​មក​ថ្វាយ​យញ្ញ‌បូជា​ទៀត​ដែរ» (ហេព្រើរ ១០៖២)។

២. ដង្វាយផ្សេងៗគ្នាទាំងអស់នៅក្នុងគម្ពីរសញ្ញាចាស់បានបង្ហាញយើងអំពីព្រះយេស៊ូវនៅលើឈើឆ្កាង។ ព្រះបានសុគត ដើម្បីសំអាតយើងចេញពីអំពើបាប (ហេព្រើរ​ ៩៖១៤)។ ព្រះយេស៊ូវក៏បានញែកយើងចេញជាបរិសុទ្ធផងដែរ (ហេព្រើរ ១០៖១០-១៤)។ ព្រះយេស៊ូវដកអំពើបាបចេញពីជីវិតរបស់យើង (ហេព្រីរ ៩៖១៤)។ មុនពេលដែលពួកសង្ឃពីកុលសម្ព័ន្ធលេវីអាចចូលទៅឯព្រះជំនួសពួកបណ្តាជននោះ ពួកគេត្រូវគ្រប់លក្ខណ៍ និងបរិសុទ្ធជាមុនសិន (លេវីវិន័យ ៨, ៩)។ ដង្វាយរបស់ព្រះយេស៊ូវបាន ធ្វើអោយយើងគ្រប់លក្ខណ៍ និងបរិសុទ្ធ (ហេព្រើរ ១០៖១០-១៤)។ ឥឡូវនេះ ព្រះអាចចូលទៅឯព្រះជាមួយនឹងសេចក្តីជំនឿ និងសេចក្តីសង្ឃឹមដ៏ក្លៀវក្លា (ហេព្រើរ ១០៖១៩-២៣)។ យើងអាចបម្រើព្រះក្នុងនាមជាពួកសង្ឃដ៏ស្មោះត្រង់របស់ទ្រង់បាន (ហេព្រើរ ៩៖១៤; ពេត្រុសទី១ ២៖៩)។

៣. ដង្វាយរបស់ព្រះយេស៊ូវក៏បានប្រទានជីវិតខាងឯវិញ្ញាណដល់យើងផងដែរ។ ឈើឆ្កាងបានបង្ហាញយើងអំពីគំរូដែលយើងត្រូវតែធ្វើតាមនៅក្នុងជីវិតរបស់យើង។ លោកប៉ុលបានត្រាស់ហៅយើងអោយសម្លឹងទៅឯព្រះយេស៊ូវនៅលើឈើឆ្កាងរបស់ទ្រង់ហើយនិងធ្វើតាមទ្រង់ (ហេព្រើរ ១២៖១-៤; ហេព្រើរ ១៣៖១២, ១៣)។

ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

ឈើឆ្កាង និងតម្លៃនៃការអត់ទោស

សូមអានខគម្ពីរហេព្រើរ ៩៖២២-២៨។ តើខទាំងនេះបានចែងយ៉ាងដូចម្តេច អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងនៅក្នុងរោងឧបោសថនៅស្ថានសួគ៌?

--------------------------------------------------------

ព្រះគម្ពីរបានបង្រៀនយើងថា រោងឧបោសថនៅស្ថានសួគ៌ត្រូវតែសំអាតចេញពីអំពើបាប។ គោលគំនិតនេះមិនគួរធ្វើអោយយើងភ្ញាក់ផ្អើលនោះឡើយនៅពេលដែលយើងគិតអំពីរោងឧបោសថដែល ស្តេចសាឡូម៉ូនបានសាងសង់នោះ។ រោងឧបោសថនេះគឺជារូបស័ព្ទតំណាងអោយការគ្រប់គ្រងរបស់ព្រះ (សាំយូអែលទី១ ៤៖៤; សាំយូអែលទី២ ៦៖២)។ ក្នុងនាមជាស្តេច ព្រះគឺជាចៅក្រមនៃរាស្ត្ររបស់ទ្រង់។ ការគ្រប់គ្រងរបស់ទ្រង់គឺជា «សេចក្តី​សុចរិត និង​សេចក្តី​យុត្តិធម៌» (ទំនុកដំកើង ៩៧៖២)។ ដូច្នេះ រាស្ត្ររបស់ទ្រង់ចង់អោយព្រះយុត្តិធម៌។ ពួកគេចង់អោយព្រះរកយុត្តិធម៌ជូនមនុស្សស្លូតត្រង់ ហើយដាក់ទោសដល់អ្នកដែលបានធ្វើខុស។​ នៅពេលដែលព្រះបានអត់ឱនទោសដល់ពួកបាបជន នោះបានន័យថា ទ្រង់បានទទួលខុសត្រូវចំពោះអំពើបាបរបស់ពួកគេបាត់ទៅហើយ (និក្ខមនំ ៣៤៖៧; លេវីវិន័យ ១៤៖១៧-១៩)។ ពាក្យ «អត់ឱនទោស» ជាភាសាហេព្រើរនៅក្នុងខទាំងនេះគឺ «ណូសេ (nose)»។ ពាក្យនេះបាន បង្ហាញយើងថា ព្រះបាន «រែក» ឬទទួលខុសត្រូវចំពោះអំពើបាបរបស់យើងនៅពេលដែលទ្រង់បានអត់ឱនទោសអោយយើង។

ដង្វាយសត្វដែលសាសន៍អ៊ីស្រាអែលម្នាក់បានយកមកថ្វាយនៅឯរោងឧបោសថក៏បានបង្ហាញ យើងអំពីគោលគំនិតផងដែរ។ គេបានសារភាពអំពើបាបរបស់គេចំពោះសត្វនោះ រួចសម្លាប់វាទៅ។ សង្ឃ បានដាក់ឈាមនៅលើផ្នែកមួយនៃអាសនា។ សង្ឃបានប្រោះឈាមនៅខាងមុខវាំងននក្នុងទីបរិសុទ្ធ។ សង្ឃបាននាំយកអំពើបាបចូលទៅក្នុងរោងឧបោសថតាមវិធីនេះ។ សកម្មភាពនេះបានបង្ហាញអំពីរបៀប ដែលព្រះបានទទួលយកអំពើបាបនៃរាស្ត្ររបស់ទ្រង់ ហើយរែកអំពើបាបទាំងនោះដោយអង្គទ្រង់ផ្ទាល់។

ប៉ុន្តែ អំពើបាបបានធ្វើអោយរោងឧបោសថនៅស្ថានសួគ៌កខ្វក់។ ម្ល៉ោះហើយ រោងឧបោសថត្រូវការការសំអាត។ រោងឧបោសថនៅផែនដីបានបង្ហាញយើងអំពីរបៀបដែលព្រះនឹងសំអាតរោងឧបោសថនៅស្ថានសួគ៌។ កិច្ចការនេះមាន២ផ្នែក។ នៅឆ្នាំនោះ ពួកអ៊ីស្រាអែលបាននាំយកដង្វាយទៅឯរោងឧបោសថ។ ដង្វាយទាំងនោះបង្ហាញថា ព្រះបានសំអាតពួកគេ។ ប៉ុន្តែ ឥឡូវនេះ អំពើបាបរបស់ពួកគេបានផ្ទេរពីពួកគេទៅឯរោងឧបោសថ និងទៅឯព្រះវិញ។ នៅចុងឆ្នាំនោះ ព្រះបានសំអាតរោងឧបោសថ។ ទ្រង់បានយក អំពើបាបចេញពីរោងឧបោសថទៅដាក់នឹងសត្វពពែមួយដែលមានឈ្មោះថា អាស្សាស្សែល (Azazel) (សត្វសម្រាប់បំបរបង់)។ អាស្សាស្សែលបង្ហាញយើងអំពីសាតាំង (លេវីវិន័យ ១៦៖១៥-២២)។

ផ្នែកទាំង២នេះបានបង្ហាញអំពីកិច្ចការដែលព្រះបានធ្វើនៅស្ថានសួគ៌ ដើម្បីយកអំពើបាបចេញ (និក្ខមនំ ២៥៖៩; ហេព្រើរ ៨៖៥)។ តាមរយៈកិច្ចការនេះ ព្រះអាចបង្ហាញសេចក្តីមេត្តាផង និងដាក់ទោសអំពើបាបផង។ ពួកបណ្តាជនដែលបានសារភាពអំពើបាបរបស់ពួកគេនៅឆ្នាំនោះបានបង្ហាញអំពីភាពស្មោះត្រង់របស់ពួកគេចំពោះព្រះ។ ពួកគេបានសម្រាក និងរំងាប់ចិត្តពួកគេចេញពីអំនួតទាំងអស់នៅថ្ងៃដែលព្រះនឹងជំនុំជំរះរាស្ត្ររបស់ទ្រង់ (លេវីវិន័យ ១៦៖២៩-៣១)។ នៅថ្ងៃនោះ ព្រះនឹង «បំផ្លាញ» អ្នក ណាដែលមិនបានបង្ហាញភាពស្មោះត្រង់ (លេវីវិន័យ ២៣៖២៧-៣២)។

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

ការជំនុំជំរះ និងនិស្ស័យរបស់ព្រះ

ព្រះបានសង្គ្រោះយើង ដោយសារតែឈើឆ្កាង។ ទ្រង់ក៏បានអត់ឱនទោសអំពើបាបរបស់យើង ដោយសារតែឈើឆ្កាងផងដែរ។ តើសេចក្តីពិតនៃព្រះគម្ពីរនេះបង្ហាញយ៉ាងដូចម្តេចអំពីទ្រង់? សម្រាប់ចម្លើយ​ សូមអានខគម្ពីររ៉ូម ៣៖២១-២៦; រ៉ូម ១៖១៦, ១៧ និងរ៉ូម ៥៖៨។

--------------------------------------------------------

ការអត់ឱនទោសដែលយើងបានទទួលពីព្រះនោះ បង្ហាញយើងអំពីកិច្ចការដែលព្រះបានធ្វើសម្រាប់យើងនៅស្ថានសួគ៌។ ជាដំបូងព្រះយេស៊ូវបានដកអំពើបាបរបស់យើង។ ទ្រង់ «បានរែក» អំពើ បាបរបស់យើងដោយអង្គទ្រង់ផ្ទាល់នៅលើឈើឆ្កាង។ នៅទីនោះ ទ្រង់បានទទួលយកការអត់ឱនទោសសម្រាប់មនុស្សគ្រប់គ្នាដែលបានជឿទៅលើទ្រង់ (កិច្ចការ ២៖៣៨; កិច្ចការ ៥៖៣១)។ ដូច្នេះ ព្រះយេស៊ូវអាចអត់ឱនទោសអោយមនុស្សគ្រប់គ្នាដែលបានជឿទៅលើទ្រង់។ បន្ទាប់មក ទ្រង់បានរៀបចំផ្លូវសម្រាប់យើងទៅឯព្រះ។ ផ្លូវនេះគឺជាសេចក្តីសញ្ញាថ្មី។ សេចក្តីសញ្ញាថ្មីបានអនុញ្ញាតអោយព្រះយេស៊ូវដាក់ក្រឹត្យវិន័យរបស់ព្រះនៅក្នុងចិត្តរបស់ពួកគ្រីស្ទាន (ហេព្រើរ​៨៖១០-១២; អេសេគាល ៣៦៖២៥-២៧)។ ព្រះ វិញ្ញាណបរិសុទ្ធបានធ្វើការជាមួយនឹងព្រះយេស៊ូវ ដើម្បីដាក់ក្រឹត្យវិន័យនៅក្នុងចិត្តរបស់យើង។

បន្ទាប់មក ព្រះយេស៊ូវបានធ្វើកិច្ចការសម្រាប់យើងរាល់គ្នានៅក្នុងអំឡុងពេលដែលព្រះកំពុង តែជំនុំជំរះមនុស្សគ្រប់គ្នានៅផែនដី។ កិច្ចការនេះបានកើតឡើងនៅក្នុងអំឡុងពេលចុងក្រោយ។ នៅពេល ដែលលោកប៉ុលបានសរសេរកណ្ឌគម្ពីរហេព្រើរនេះឡើង ពេលនោះនៅឆ្ងាយពីអនាគតខ្លាំងណាស់ (ហេព្រើរ ២៖១-៤; ហេព្រើរ ៦៖២; ហេព្រើរ ៩៖២៧, ២៨; ហេព្រើរ ១០៖២៥)។ ប៉ុន្តែ ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងសម័យអនាគតនេះឯង។ ព្រះបានចាប់ផ្តើមជាមួយនឹងរាស្ត្ររបស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ក្នុងនាមជាចៅក្រម (ដានីយ៉ែល ៧៖៩-២៧; ម៉ាថាយ ២២៖១-៤; វិវរណៈ ១៤៖៧)។ កិច្ចការដែលព្រះ បានធ្វើក្នុងនាមជាចៅក្រមរបស់យើងនោះ នឹងបង្ហាញមនុស្សគ្រប់គ្នាថា​ ទ្រង់យុត្តិធម៌ និងត្រឹមត្រូវកាល ដែលទ្រង់បានអត់ឱនទោសដល់យើង។ ក្នុងអំឡុងពេលនោះ មនុស្សគ្រប់គ្នានៅស្ថានសួគ៌នឹងអាចមើល បញ្ជីជីវិតនៃរាស្ត្រទាំងអស់របស់ព្រះ។ ព្រះនឹងបង្ហាញមនុស្សគ្រប់គ្នានៅស្ថានសួគ៌អំពីការផ្លាស់ប្តូរដែល បានកើតឡើងនៅក្នុងចិត្តនៃរាស្ត្ររបស់ទ្រង់។ ព្រះនឹងបង្ហាញអំពីរបៀបដែលរាស្ត្ររបស់ទ្រង់បានផ្លាស់ប្រែទៅជាល្អជាងមុន នៅពេលដែលពួកគេបានទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់ពួកគេ និង បានស្វាគមន៍ព្រះវិញ្ញាណបរិសុទ្ធអោយចូលទៅក្នុងចិត្តរបស់ពួកគេ។

អ្នកស្រីអែល្លីន ជីវ៉ៃត៍បានមានប្រសាសន៍អំពីពេលវេលានោះយ៉ាងដូច្នេះថា៖ «មនុស្សបានឈរនៅមុខព្រះ។ បញ្ជីជីវិតរបស់មនុស្សម្នាក់ៗពោរពេញដោយស្នាមប្រឡាក់នៃអំពើបាប។ គេនឹងសារភាព ទោសកំហុសរបស់គេ។ គេមិនអាចជំទាស់ទៅនឹងបណ្តឹងទាស់នឹងគេបានឡើយ ពីព្រោះតែអំពើបាបរបស់គេ។ ប៉ុន្តែ ព្រះយេស៊ូវក៏មានវត្តមាននៅទីនោះដែរ។ ព្រះគឺជាព្រះអង្គជំនួយ ទ្រង់គឺជាមេធាវីរបស់យើង។ ទ្រង់នឹងជំទាស់ជូនមនុស្សគ្រប់គ្នាដែលបានបែរចេញពីអំពើបាប និងបានប្រគល់ជីវិតរបស់គេដល់ព្រះ។ ព្រះយេស៊ូវនឹងការពារយើង។ ព្រះនឹងបង្ហាញអំពីអ្វីដែលទ្រង់បានធ្វើនៅត្រង់ភ្នំកាល់វ៉ារីសម្រាប់យើង។ ព្រះយេស៊ូវបានរស់នៅក្នុងជីវិតនៃការស្តាប់បង្គាប់មួយដ៏ល្អឥតខ្ចោះចំពោះក្រឹត្យវិន័យរបស់ព្រះ មុនពេលដែលទ្រង់បានសុគតនៅលើឈើឆ្កាង។ ជីវិតដ៏ល្អឥតខ្ចោះនេះបានផ្តល់អោយព្រះយេស៊ូវនូវអំណាចទាំងអស់នៅស្ថានសួគ៌ និងនៅផែនដី។ ព្រះយេស៊ូវបានសូមអោយព្រះវរបិតាបង្ហាញសេចក្តីមេត្តាចំពោះមនុស្ស មានទោស ហើយនាំគេត្រឡប់មកឯទ្រង់វិញ»។ ដកស្រង់ពី Testimonies for the Church, volume, 5, pages, 471, 472, adapted។​

ថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “Calvary,” pages 741-757; “ ‘It Is Finished,’ pages 758-764; in The Desire of Ages។

សាស្ត្រាចារ្យជីរី ម៉ូស្កាឡា (Jiri Moskala) បានបកស្រាយអំពីអ្វីដែលបានកើតឡើងនៅថ្ងៃដែលព្រះនឹងជំនុំជំរះរាស្ត្ររបស់ទ្រង់។ ព្រះ «មិនបានបង្ហាញអំពើបាបរបស់ខ្ញុំទៅកាន់មនុស្សគ្រប់គ្នានៅស្ថានសួគ៌ដូចដែលអ្នកម្ចាស់ហាងបានបង្ហាញទំនិញរបស់គាត់សម្រាប់លក់នៅតាមកញ្ចក់ហាងរបស់គាត់នោះឡើយ។ ព្រះនឹងមិនធ្វើដូច្នោះឡើយ។ ព្រះនឹងបង្ហាញអំណាចដ៏គួរអោយភ្ញាក់ផ្អើល និងអស្ចារ្យនៃសេចក្តីមេត្តារបស់ទ្រង់។ ព្រះនឹងបកស្រាយនូវទឹកចិត្ត និងគោលគំនិតរបស់ខ្ញុំអំពីទ្រង់ នៅមុខមនុស្ស គ្រប់គ្នានៅស្ថានសួគ៌។ ព្រះនឹងបង្ហាញអាកប្បកិរិយា សកម្មភាព និងរបៀបដែលខ្ញុំបានរស់នៅ។ ព្រះនឹង បង្ហាញគ្រប់គ្នានៅស្ថានសួគ៌អំពីរឿងទាំងអស់នេះ។ ជាការពិតណាស់ ព្រះយេស៊ូវនឹងប្រាប់មនុស្សគ្រប់គ្នា ខ្ញុំបានធ្វើខុសជាច្រើន។ មែនហើយ ខ្ញុំបានធ្វើខុសទាស់នឹងក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ទ្រង់។ ប៉ុន្តែ ខ្ញុំក៏លន់តួ និងបានងាកចេញពីអំពើបាបរបស់ខ្ញុំផងដែរ។ ខ្ញុំបានសូមអោយព្រះអត់ឱនទោសដល់ខ្ញុំ។ ខ្ញុំបានផ្លាស់ប្តូរដោយសារសេចក្តីមេត្តា និងព្រះគុណរបស់ទ្រង់។ ព្រះយេស៊ូវនឹងប្រកាសថា៖ «ឈាមរបស់ខ្ញុំគឺជាវិធីតែមួយគត់ដែលបាបជនជីរីត្រូវការ។ លោកជីរីបានជ្រើសរើសរស់នៅដើម្បីខ្ញុំ។ ឥឡូវនេះ លោកជីរីមានសន្តានចិត្តសម្រាប់អ្នកដទៃ។ គាត់មិនអាត្មានិយមឡើយ។ គាត់គឺជាអ្នកបម្រើដ៏ល្អ និងស្មោះត្រង់ដែលពោរពេញដោយសេចក្តីជំនឿ»។ ដកស្រង់ពី “Toward a Biblical Theology of God’s Judgment: A Celebration of the Cross in Seven Phases of Divine Universal Judgment,” Journal of the Adventist Theological Society 15 (Spring 2004): page 155, adapted។

សំនួរពិភាក្សា៖
  1. មនុស្សជាច្រើនមានអារម្មណ៍ថា ពួកគេត្រូវយកដង្វាយមួយមកថ្វាយដល់ព្រះ ដើម្បីអោយទទួលបាន ការអត់ឱនទោសរបស់ទ្រង់។ មនុស្សខ្លះបានធ្វើដំណើរយ៉ាងយូរ ដើម្បីបង្ហាញសេចក្តីជំនឿរបស់ពួកគេ។ មនុស្សជាច្រើនបានធ្វើកិច្ចការល្អ។ ហើយខ្លះទៀតបានលះបង់ចំណង់ជាច្រើននៅក្នុងជីវិត ដើម្បីព្យាយាម អោយព្រះអត់ឱនទោសអោយពួកគេ។ តើយើងយល់យ៉ាងណាដែរអំពីទង្វើទាំងអស់នេះ? តើឈើឆ្កាងរបស់ព្រះយេស៊ូវបានបង្ហាញយើងថា ទ្រង់បានបញ្ចប់តម្រូវការខាងឯដង្វាយទាំងអស់នេះហើយដោយរបៀបណា (ដានីយ៉ែល ៩៖២៧; ហេព្រើរ ១០៖១៨)?

  2. ទន្ទឹមគ្នានេះ តើដង្វាយមានចំណែកអ្វីខ្លះនៅក្នុងជីវិតរបស់យើង? តើព្រះយេស៊ូវមានន័យយ៉ាងណា នៅពេលដែលទ្រង់បានមានបន្ទូលថា យើងត្រូវតែលីឈើឆ្កាងដើរតាមទ្រង់នោះ (ម៉ាថាយ ១៦៖២៤)? តើលោកប៉ុលចង់មានន័យយ៉ាងដូចម្តេចដែរ នៅពេលដែលគាត់បានមានប្រសាសន៍ថា «[ចូរ] ឲ្យ​បាន​ថ្វាយ​ រូបកាយ​ទុក​ជា​យញ្ញបូជា​រស់ ហើយ​បរិសុទ្ធ [ចុះ]»? តើខគម្ពីរម៉ាថាយ ១៦៖២៥ និងរ៉ូម ១២៖១ ព្រមទាំង ការដាស់តឿនដែលលោកប៉ុលបានផ្តល់អោយយើងនៅក្នុងខគម្ពីរហេព្រើរ ១៣៖១៥, ១៦ មានទំនាក់ទំនងអ្វីនឹងគ្នាដែរ?

រឿងខ្លី

ដំណឹងល្អតាមទូរស័ព្ទ

Jeans

ខាំឡាដែលជាអ្នករកចំណូលចិញ្ចឹមគ្រួសាររបស់គាត់បានធ្លាក់ខ្លួនឈឺនៅក្នុងជនបទមួយនៃប្រទេសឡាវ។ ជើងរបស់គាត់ទាំងពីរកាន់តែធ្ងន់ទៅៗ ធ្វើអោយគាត់មិនអាចដើរបាន។​ គាត់ត្រូវបានគេ ឃាត់អោយនៅផ្ទះអស់រយៈពេល៣ខែ។​

ដោយគ្មានប្រាក់ទៅជួបគ្រូពេទ្យ លោកខាំឡាបានប្រើឱសថបុរាណគ្រប់ប្រភេទពីគ្រូឡាវ គ្រូហ្ម និងគ្រូខ្មោចនៅក្នុងភូមិរបស់គាត់ ប៉ុន្តែ នៅតែមិនបានជាសះស្បើយ។

ទីបំផុត ដោយឃើញគាត់អស់សង្ឃឹមជាខ្លាំង ទើបបុរសម្នាក់បានណែនាំគាត់អំពីគ្រូគង្វាលអាត់វេនទីស្ទម្នាក់ដែលបានជួយមនុស្សជាច្រើនតាមទូរស័ព្ទ។ ខាំឡាបានទូរស័ព្ទទៅលោកគ្រូសាឌូលី (Sadua Lee) ដើម្បីសូមជំនួយ។ ពេលនោះ ការទូរស័ព្ទទៅអ្នកណាម្នាក់មិនមែនជារឿងងាយស្រួលនោះទេ។ ដើម្បីអោយបានទូរស័ព្ទទៅអ្នកណាម្នាក់ត្រូវចំណាយប្រាក់៧០០គីប (៣០០រៀល) ក្នុងមួយនាទី។ នៅពេលនោះ ប្រជាជន១ភាគ៣បានរស់នៅដោយចំណាយប្រាក់តិចជាង៥០០០រៀលក្នុង១ថ្ងៃ ហើយ២ ភាគ៣ទៀតបានរស់នៅដោយចំណាយប្រាក់តិចជាង៨០០០រៀលក្នុង១ថ្ងៃ។

អ្នកជំងឺខាំឡាបានអង្វរគ្រូគង្វាលសាឌូលីអោយព្យាបាលដល់គាត់។ លោកគ្រូបានតបទៅវិញថា «ខ្ញុំមិនអាចព្យាបាលប្អូនប្រុសបានឡើយ ពីព្រោះខ្ញុំមិនមែនជាមនុស្សអស្ចារ្យអ្វីនោះទេ​។ ប៉ុន្តែ ព្រះយេស៊ូវ ដែលជាព្រះរបស់ខ្ញុំ ទ្រង់អាចព្យាបាលប្អូនប្រុសបាន បើសិនជាទ្រង់សព្វព្រះហឫទ័យ។ អ្វីដែលយើងអាច ធ្វើបាននោះគឺសូមដល់ទ្រង់។ លោកគ្រូគង្វាលបានសំណូមពរអោយលោកខាំឡាអធិស្ឋានជាមួយនឹងគាត់តាមទូរស័ព្ទ។ នៅថ្ងៃបន្ទាប់ លោកគ្រូបានអញ្ជើញលោកខាំឡាអោយអធិស្ឋានជាមួយនឹងគាត់ម្តងទៀត។ លោកខាំឡារំភើបចិត្តជាខ្លាំង។ គាត់បានឧទានថា «ខ្ញុំអាចដើរបានហើយលោកគ្រូ»។ ទោះបីជាជើងរបស់គាត់នៅទន់ខ្សោយក៏ដោយ យ៉ាងហោចណាស់គាត់អាចដើរបានជាលើកដំបូងក្នុងរយៈពេល ៣ខែ។ គាត់បានចេញទៅធ្វើការនៅឯចំការរបស់គាត់។ គាត់បាននិយាយថា «ព្រះរបស់លោកគ្រូមានអំណាចខ្លាំងណាស់។ តើខ្ញុំអាចថ្វាយបង្គំព្រះយេស៊ូវដែលជាព្រះរបស់លោកគ្រូបានដោយរបៀបណា?»។ លោកគ្រូគង្វាលបានប្រាប់គាត់ថា គាត់អាច ហើយគួរតែថ្វាយបង្គំព្រះយេស៊ូវគ្រប់ពេល ហើយបន្ថែមទៀតថា ព្រះយេស៊ូវបានញែកថ្ងៃពិសេសមួយសម្រាប់ថ្វាយបង្គំគឹថ្ងៃសប្បាតហ៍ដែលជាថ្ងៃទី៧។ លោកខាំឡាបានយល់ព្រមឈប់ធ្វើការនៅថ្ងៃសប្បាតហ៍ ដើម្បីថ្វាយបង្គំដល់ព្រះយេស៊ូវ។ ដោយឃើញថា គាត់ស្នាក់នៅឆ្ងាយពីព្រះវិហារពេក ទើបគាត់សូមអោយគ្រូគង្វាលជួយគាត់ថ្វាយបង្គំជារៀងរាល់ថ្ងៃសប្បាតហ៍។ នេះមានន័យថា គ្រូគង្វាលត្រូវតែទូរស័ព្ទទៅគាត់ជារៀងរាល់ថ្ងៃសប្បាតហ៍ ប៉ុន្តែ លោកគ្រូមិនបានជំទាស់អ្វីឡើយ។ ប្រសិនបើព្រះយេស៊ូវអាចផ្តល់ការព្យាបាលលោកខាំឡាបាន ទ្រង់ក៏នឹងផ្តល់មធ្យោបាយក្នុងការចំណាយទៅលើការប្រើទូរស័ព្ទផងដែរ។

អរគុណសម្រាប់ដង្វាយសប្បាតហ៍ស្គូលរបស់លោកអ្នកដែលបានជួយផ្សព្វផ្សាយដំណឹងល្អដល់ប្រជាជនឡាវ និងប្រទេសដទៃទៀតនៃភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូងដែលនឹងទទួលយកដង្វាយ ត្រីមាសសប្បាតហ៍ទី១៣នេះ។ (ខាងឆ្វេងនេះគឺជារូបរបស់លោកគ្រូសាឌូលី។

អំណានដង្វាយប្រចាំសប្តាហ៍

ព្រះដែលយើងរាល់គ្នាអាចពឹងពាក់បានជារៀងរហូត

យើងរាល់គ្នាបានជ្រើសរើសថ្វាយដង្វាយជាទៀងទាត់ និងតាមប្រព័ន្ធដោយសារព្រះជាម្ចាស់ទ្រង់ថែរក្សាការពារយើងរាល់គ្នាជាទៀងទាត់ដែរ។ សាច់រឿងអំពីប្រេងនិងម្ស៉ៅរបស់ស្ត្រីមេម៉ាយសាសន៍​ស៊ូណាមបានបញ្ជាក់យ៉ាងច្បាស់អំពីសេចក្តីមេត្តារបស់ព្រះជាម្ចាស់ដែលមិនចេះរីងស្ងួត និងស្រស់ថ្មី​ឡើងជារៀងរាល់ព្រឹក។ ជារៀងរាល់ថ្ងៃក្នុងអំឡុងបីឆ្នាំកន្លះនេះ តែងតែមានអាហារនៅលើតុរបស់នាងជានិច្ច។ មិនដែលមានថ្ងៃណាដែលនាងគ្មានអាហារសោះឡើយ។ ព្រះជាម្ចាស់ទ្រង់ទទួលស្គាល់ដោយស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ព្រះអង្គក្នុងការឆ្លើយតបទៅនឹងអំពើល្អរបស់ស្ត្រីមេម៉ាយដែលបានផ្តល់នំតូចមួយដំបូងបង្អស់ដល់លោកអេលីយ៉ា ដែលជាបាវបម្រើរបស់ព្រះអង្គ។ ក្នុងអំឡុងគ្រា​ទុរភិក្សនេះ បាដិហារ្យរបស់ព្រះគឺកើតឡើងជាបន្តបន្ទាប់ប្រៀបដូចជាថ្ងៃរះឡើងជារៀងរាល់ថ្ងៃដែរ។ សូម្បីតែសព្វថ្ងៃនេះក៏ព្រះជាម្ចាស់ទ្រង់នៅតែប្រទានពរជាទៀងទាត់ដែរ។ ថ្មីៗនេះ គ្រួសារមួយគ្រួបានទៅបោះទីលំនៅនៅក្នុងប្រទេសថ្មីមួយ ហើយបានជួបបញ្ហាហិរញ្ញវត្ថុខ្លះ។ ថវិកាគ្រួសាររបស់ពួកគេមិនមានតុល្យភាពនឹងការចំណាយឡើយ។ ពួកគេបានខិតខំត្បិតត្បៀតការចំណាយហើយក្តីក៏នៅតែមិនគ្រាន់ល្មមដែរ។ ឥឡូវនេះដល់ដំណាក់កាលដែលត្រូវសម្រេចចិត្តដ៏សំខាន់មួយ ថាតើត្រូវកាត់បន្ថយ​ប្រាក់ដង្វាយ ឬមួយក៏ឈប់ឲ្យកូនរៀនថ្នាក់ព្យ៉ាណូរបស់គាត់។ ការសម្រេចចិត្តទាំងពីរនេះគ្រាន់តែ​បណ្តោះអាសន្នប៉ុណ្ណោះទម្រាំដល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេប្រសើរឡើង។ ពួកគេបានអធិដ្ឋាន​ទាំងឈឺចាប់ ទីបំផុតពួកគេបានជ្រើសរើសយកជម្រើសទីពីរ គឺឲ្យកូនផ្អាករៀនថ្នាក់ព្យ៉ាណូសិន។ បួនដប់ថ្ងៃក្រោយមក នៅពេលព្រឹកព្រលឹមមួយ ភរិយារបស់គាត់បានឃើញស្រោមសំបុត្រមួយនៅលើឥដ្ឋក្នុងបន្ទប់ទទួលភ្ញៀវរបស់ពួកគេ។ ស្រោមសំបុត្រនោះបិទជិត ប៉ុន្តែពុំមានសរសេរឈ្មោះនៅលើនោះទេ។ នៅពេលដែលពួកគេបើកស្រោមសំបុត្រ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញមានលុយនៅក្នុងស្រោមសំបុត្រនោះ! ចំនួនលុយនៅក្រោមស្រោមសំបុត្រគឺច្រើនជាងថ្លៃសាលារៀនព្យ៉ាណូមួយត្រីមាសទៅទៀត។ ពួកគេក៏ចាប់ផ្តើមយល់អំពីការដែលព្រះជាម្ចាស់ទ្រង់ថែរក្សាដល់ពួកគេយ៉ាងទៀងទាត់។

កាលៈទេសៈជីវិតខ្លះអាចនឹងល្បួងយើងរាល់គ្នាឲ្យរំខានដល់ភាពទៀងទាត់របស់យើងក្នុងការថ្វាយបង្គំព្រះជាមួយនឹងការថ្វាយធនធានរបស់យើងរាល់គ្នា។ ប្រសិនបើនេះគឺជាការលំបាករបស់យើងរាល់គ្នា ចូរយើងអនុញ្ញាតឲ្យសេចក្តីស្មោះត្រង់និងភាពទៀងទាត់របស់ព្រះជាម្ចាស់បណ្តាលចិត្តយើងរាល់គ្នាចុះ។ សប្តាហ៍នេះ ជាការឆ្លើយតបទៅនឹងនិរន្តរភាពរបស់ព្រះអង្គ ចូរយើងថ្វាយបង្គំព្រះអង្គជាមួយនឹងប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធាជាទៀងទាត់ចុះ។

សេចក្តីអំពាវនាវ៖ «ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែល​រលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី» (ពង្សាវតារក្សត្រទី១ ១៧៖១៤)។

សេចក្តីអធិដ្ឋាន៖
ព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំសូមអរគុណព្រះអង្គសម្រាប់ភាពមិនប្រែប្រួល និងអស់កល្បរបស់ព្រះអង្គ ដែលយើងរាល់គ្នាអាចពឹងពាក់សម្រាប់ការរស់រានជារៀងរាល់ថ្ងៃបាន។ សូមជួយយើងរាល់គ្នាឲ្យឆ្លុះបញ្ចាំងនូវរូបភាពនៃភាពទៀងទាត់នៅក្នុងភាពស្មោះត្រង់ផងចុះ។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។ ​

Powered by CAM