មេរៀនទី៩​៖ ២១-២៧ មេសា ២០២២

លោកយ៉ាកុបដែលជាអ្នកជំនួស

Jeans
ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ២៥៖២១-៣៤; លោកុប្បត្តិ ២៨៖១០-២២; លោកុប្បត្តិ ២៩៖១-៣០; លោកុប្បត្តិ ២៩៖៣១-៣០៖២២។

ខចងចាំ៖ «រួច​អេសាវ​និយាយ​ថា គេ​បាន​ដាក់​ឈ្មោះ​វា​ថា ‘យ៉ាកុប’ ត្រូវ​ណាស់ ព្រោះ​វា​បាន​ដណ្តើម​ខ្ញុំ​២​ដង​នេះ​ហើយ គឺ​បាន​យក​អំណាច​មរដក​បង​ច្បង​របស់​ខ្ញុំ​ម្តង ហើយ​មើលឥឡូវ​នេះ វា​មក​ដណ្តើម​យក​ពរ​របស់​ខ្ញុំ​ទៀតរួច​គាត់​សួរ​ថា តើ​លោក​ឪពុក​គ្មាន​បំរុង​ពរ​ណា​ទុក​សំរាប់​ឲ្យ​ខ្ញុំផង​ទេ​ឬ​អី» (លោកុប្បត្តិ ២៧៖៣៦។

ឥឡូវនេះ យើងនឹងក្រឡេកទៅមើលប្រវត្តិគ្រួសាររបស់លោកអ៊ីសាក ព្រមទាំងលោកអេសាវនិងលោកយ៉ាងកុបដែលជាកូនប្រុសរបស់គាត់ផងដែរ។ ការចាប់ផ្តើមនៃរឿងនេះមិនសូវល្អនោះឡើយ។ លោកយ៉ាកុបបានសាងកំហុសជាច្រើន។ យើងបានឃើញចំណុចខ្សោយខាងឯវិញ្ញាណរបស់គាត់ជាច្រើននៅពេលដែលគាត់ដណ្តើមយកសិទ្ធិនៃកូនច្បងជាមួយនឹងបងប្រុសរបស់គាត់ (លោកុប្បត្តិ ២៧៖២៧-៣៤)។ ក្រោយមក បងប្អូនទាំង២នាក់នេះក៏បានដណ្តើមគ្នាយកព្រះពរពីឪពុករបស់ពួកគេផងដែរ (លោកុប្បត្តិ ២៧)។

លោកយ៉ាកុបបានបោកបញ្ឆោតឪពុករបស់គាត់។ គាត់បានលួចយកពរពីបងប្រុសរបស់គាត់។ ម្ល៉ោះហើយ លោកយ៉ាកុបបានរត់ចេញ ដើម្បីការពារជីវិតរបស់គាត់ (លោកុប្បត្តិ ២៨៖១០-២២)។ បន្ទាប់ ពីនោះមកលោកយ៉ាកុបចាញ់បញ្ឆោតអ្នកដទៃ ដូចជាគាត់បានបោកបញ្ឆោតឪពុក និងបងប្រុសរបស់គាត់យ៉ាងដូច្នោះដែរ។ យើងអាចមើលឃើញនូវបទពិសោធន៍នេះនៅក្នុងអាពាហ៍ពិពាហ៍របស់គាត់។ លោកយ៉ាកុបបានចាប់ចិត្តនឹងនាងរ៉ាជែល (លោកុប្បត្តិ ២៩)។ ប៉ុន្តែ នៅយប់ផ្សំដំណេក នោះលោកឡាបាន់បានបោកបញ្ឆោតលោកយ៉ាកុបដោយអោយនាងលេអាទៅគាត់ជំនួសវិញ។ ដូច្នេះ លោកយ៉ាកុបត្រូវធ្វើការ១៤ឆ្នាំទៀត ទើបគាត់អាចយកប្រពន្ធទាំង២នាក់របស់គាត់បាន។

ប៉ុន្តែ ព្រះក៏បានប្រទានព្រះពរអោយលោកយ៉ាកុបមានកូនចៅជាច្រើននាក់នៅពេលនោះផងដែរ។ ព្រះក៏បានប្រទានទ្រព្យសម្បត្តិដល់លោកយ៉ាកុបផងដែរ។

ដូច្នេះ យើងបានឃើញសេចក្តីពិតដ៏សំខាន់មួយចេញពីរឿងនេះគឺថា រាស្ត្ររបស់ព្រះតែងតែបរាជ័យជានិច្ច។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ព្រះនៅតែរក្សាសេចក្តីសន្យារបស់ទ្រង់ជានិច្ច។

ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២

លោកយ៉ាកុប និងលោកអេសាវ

សូមអានអំពីលោកយ៉ាកុប និងលោកអេសាវនៅក្នុងខគម្ពីរលោកុប្បត្តិ ២៥៖២១-៣៤។ សូមប្រៀបធៀបបុគ្គលិកលក្ខណៈរបស់លោកយ៉ាកុបជាមួយនឹងបុគ្គលិកលក្ខណៈរបស់លោកអេសាវ។ តើបង ប្អូនទាំង២នេះមានលក្ខណៈខុសពីគ្នាយ៉ាងដូចម្តេច? តើអ្វីដែលធ្វើអោយលោកយ៉ាកុបស័ក្តិសមនឹងទទួលព្រះពរជាជាងលោកអេសាវនោះ?

--------------------------------------------------------

មុនពេលដែលលោកយ៉ាកុប និងលោកអេសាវកើតមកនោះ យើងបានឃើញថា បងប្អូនទាំង២នេះច្បាស់ជាមានបញ្ហានឹងគ្នាជាពុំខាន។ នៅពេលដែលពួកគេនៅក្នុងផ្ទៃម្តាយរបស់ពួកគេនោះ ពួកគេបានប្រយុទ្ធគ្នា។ ការប្រយុទ្ធគ្នារបស់ពួកគេបានបង្ហាញយើងថា ពួកគេមានបុគ្គលិកលក្ខណៈខុសពីគ្នាដាច់ស្រឡះ។ លោកអេសាវ «បាន​ទៅ​ជា​អ្នក​ចំណាន​ខាង​ឯ​វិជ្ជា​ព្រាន​ប្រមាញ់ ជា​មនុស្ស​នៅ​តែ​ទី​វាល ឯ​យ៉ាកុប​ជា​មនុស្ស​រមទម នៅ​តែ​ក្នុង​ត្រសាល​វិញ» (លោកុប្បត្តិ ២៥៖២៧)។ ពាក្យសរសេរថា «រមទម» ក៏ជាពាក្យតែមួយដែលបានប្រើក្នុងការបង្ហាញយើងអំពីឥរិយាបថល្អរបស់លោកយ៉ូបដែលជាមនុស្ស «គ្រប់លក្ខណ៍» និងលោកណូអេដែលជាមនុស្ស «សុចរិត» និង «ទៀងត្រង់» ផងដែរ (លោកុប្បត្តិ ៦៖៩, គខប)។

បងប្អូនទាំង២នាក់កាន់តែខុសពីគ្នាបន្ថែមទៀតនៅក្នុងជីវិតរបស់ពួកគេក្រោយៗមកទៀត។ យើងអាចឃើញអំពីរបៀបកាន់តែខុសពីគ្នារបស់ពួកគេនេះនៅក្នុងខគម្ពីរលោកុប្បត្តិ ២៧៖១-២៨៖៥។ ក្នុងសាច់រឿង លោកអេសាវបានត្រឡប់មកពីបរបាញ់វិញទាំងឃ្លាន និងអស់កម្លាំង។​ លោកយ៉ាកុបបានសំឡ ក្រហមអោយបងបរិភោគ។​ សម្រាប់លោកអេសាវ អាហារដែលគាត់បរិភោគនៅពេលនោះ (លោកុប្បត្តិ ២៥៖៣១) សំខាន់ជាងព្រះពរនាពេលអនាគតរបស់ព្រះទៅទៀត (សូមប្រៀបធៀបជាមួយនឹងខគម្ពីរហេព្រើរ១២៖១៦, ១៧)។

«ព្រះបានតាំងសេចក្តីសន្យាជាមួយនឹងលោកអ័ប្រាហាំ។ លោកអ៊ីសាក និងនាងរេបិកាបានរក្សាសេចក្តីសន្យាទាំងនេះនៅក្នុងចិត្តរបស់ពួកគេជានិច្ច។ លោកអ៊ីសាក និងនាងរេបិកាបានបង្រៀនកូនប្រុសរបស់ពួកគេអំពីសេចក្តីសន្យាទាំងនេះ។ ក្មេងប្រុសទាំង២នាក់បានឃើញថា សេចក្តីសន្យាមកពីព្រះ​មានសារៈសំខាន់ជាទីបំផុត។ សេចក្តីសន្យាដ៏ពិសេសទាំងនេះមកពីព្រះរាប់បញ្ចូលលើសពីទ្រព្យសម្បត្តិទៅទៀត។ សេចក្តីសន្យាទាំងនេះក៏មានព្រះពរខាងឯវិញ្ញាណនៅក្នុងនោះផងដែរ។ កូនប្រុសដែលទទួលបានព្រះពរនេះនឹងក្លាយទៅជាសង្ឃសម្រាប់ក្រុមគ្រួសាររបស់គាត់។ កូនប្រុសនេះនឹងមានកូនចៅជាច្រើន។ ព្រះអង្គសង្គ្រោះនៃផែនដីទាំងមូលនេះនឹងប្រសូតចេញពីពូជអំបូរនៃគ្រួសារនេះ»។ ដកស្រង់ ពី Ellen G. White, Patriarchs and Prophets, page 177, adapted។

លោកអេសាវមិនបានខ្វល់អំពីព្រះពរខាងឯវិញ្ញាណនេះទេ។ ប៉ុន្តែ លោកយ៉ាកុបចង់បានព្រះពរខាងឯវិញ្ញាណជាទីបំផុត។ ក្រោយមកម្តាយរបស់គាត់បាននឹកឃើញផែនការមួយ (សូមអានបទគម្ពីរ លោកុប្បត្តិ ២៧) ដើម្បីបន្លំអោយឪពុករបស់គាត់ប្រទានព្រះពរនោះដល់លោកយ៉ាកុប។ លោកយ៉ាកុប ថែមទាំងប្រើពាក្យថា «ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​លោក​ឪពុក» (លោកុប្បត្តិ​២៧៖២០) ដើម្បីបន្លំលោកអ៊ីសាកទៀតផង។ មែនហើយ លោកយ៉ាកុបចង់បានរបស់មួយដែលល្អប្រសើរ។ ប៉ុន្តែ គាត់មិនគួរកុហក ដើម្បីអោយខ្លួនបានរបស់នោះឡើយ។ ការកុហកក៏មិនមែនជាផ្នែកមួយនៃផែនការរបស់ព្រះសម្រាប់យើងនោះដែរ។

លោកយ៉ាកុបចង់បានរបស់ល្អ។ ប៉ុន្តែ គាត់បានកុហក និងបន្លំដើម្បីអោយខ្លួនបានរបស់នោះមក។​ តើយើងអាចជៀសវាងអន្ទាក់ដូចគ្នានេះដោយរបៀបណា? ដូច្នេះ តើហេតុអ្វីបានជាយើងមិនត្រូវធ្វើអាក្រក់ ដើម្បីអោយបាន «សេចក្តីរល្អ» នោះឡើយ?

ថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២

លោកយ៉ាកុប និងជណ្តើរ

លោកអេសាវបានដឹងថា លោកយ៉ាកុបបានលួចព្រះពរពីគាត់បាត់ទៅហើយ។ ម្ល៉ោះហើយ លោកអេសាវបានសម្លឹងឃើញថា លោកយ៉ាកុបបានបោកបញ្ឆោតគាត់ និងបានយកព្រះពរដែលលោក អ៊ីសាកចង់អោយដល់គាត់ (លោកុប្បត្តិ ២៧៖៣៦)។ ឥឡូវនេះ លោកអេសាវចង់សម្លាប់ប្អូនប្រុសរបស់គាត់ (លោកុប្បត្តិ ២៧៖៤២)។ នាងរេបេកាមានការព្រួយបារម្ភជាខ្លាំង នាងចង់បញ្ឈប់អំពើឧក្រិដ្ឋកម្មនេះណាស់ (លោកុប្បត្តិ ២៧៖៤៥)។ ដូច្នេះ ដោយមានជំនួយពីលោកអ៊ីសាកនោះ នាងរេបិកាបានប្រាប់ អោយលោកយ៉ាកុបរត់ទៅឯសាច់ញាតិរបស់នាង (លោកុប្បត្តិ ២៧៖៤៣)។ នៅតាមផ្លូវ លោកយ៉ាកុបបានជួបជាមួយនឹងព្រះនៅក្នុងសុបិនត្រង់កន្លែងមួយដែលលោកអោយឈ្មោះថា បេតអែល។ បេតអែល មានន័យថា «ដំណាក់របស់ព្រះ»។ លោកយ៉ូសែបក៏បានស្បថនៅទីនោះផងដែរ។

សូមអានអំពីលោកយ៉ាកុបនៅបេតអែលក្នុងខគម្ពីរលោកុប្បត្តិ ២៨៖១០-២២។ សូមប្រៀបធៀបខទាំងនេះជាមួយនឹងរឿងនៃប៉មបាបិលនៅក្នុងខគម្ពីរលោកុប្បត្តិ១១៖១-៩។ តើបេតអែលខុសពីក្រុងបាបិលយ៉ាងដូចម្តេច? តើបទពិសោធន៍របស់លោកយ៉ាកុបនៅបេតអែលបានបង្រៀនយើងយ៉ាង ដូចម្តេចអំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះនោះ?

--------------------------------------------------------

ក្នុងសុបិនរបស់គាត់ លោកយ៉ាកុបបានឃើញជណ្តើរដ៏អស្ចារ្យមួយដែលមានទំនាក់ទំនងជាមួយនឹងព្រះ។ ជណ្តើរនោះ «បញ្ឈរ​នៅ​លើ​ដី» (លោកុប្បត្តិ ២៨៖១២)។ ពាក្យសរសេរថា «បញ្ឈរ» ប្រែមកពីកិរិយាស័ព្ទ «ណាតសាវ (natsav)» ជាភាសាហេព្រើរ។ កិរិយាស័ព្ទដដែលនេះក៏ត្រូវបានសរសេរនៅក្នុងខបន្ទាប់ទៀត ដើម្បីបង្ហាញយើងថា «ព្រះយេហូវ៉ា​ក៏​សណ្ឋិត​នៅ​ពី​លើ​ជណ្តើរ» (លោកុប្បត្តិ ២៨៖១៣)។ កិរិយាស័ព្ទនេះបានបង្ហាញយើងថា ជណ្តើរ និងព្រះអម្ចាស់គឺតែមួយទេ។

ជណ្តើរបានជួយអោយយើងនឹកចាំអំពីពួកសាងសង់ប៉មបាបិល។ ពួកគេចង់ទៅអោយដល់ផ្ទៃមេឃ។ ជណ្តើរដែលលោកយ៉ាកុបបានឃើញក៏ «មានចុងទល់នឹងផ្ទៃមេឃ» ផងដែរ។ ប៉ុន្តែ ប៉មបាបិល និងជណ្តើរមិនដូចគ្នានោះទេ។ ប៉មបាបិលបានបង្ហាញអំពីការព្យាយាមរបស់មនុស្សលោក ដើម្បីទៅអោយដល់ផ្ទៃមេឃដែលសណ្ឋិតនៅ។ ជណ្តើរនៃបេតអែលបានបង្ហាញយើងថា យើងអាចចូលទៅជិតព្រះបាន លុះត្រាតែទ្រង់ចូលមកជិតយើងប៉ុណ្ណោះ។ យើងមិនអាចចូលទៅឯព្រះបានដោយការព្យាយាមរបស់មនុស្សលោកនោះឡើយ។

មុនពេលដែលលោកយ៉ាកុបបានសុបិនឃើញអំពីជណ្តើរនេះ គាត់បានយកថ្មមួយមកកើយក្បាលហើយដេកលក់ទៅ។ «ថ្ម» នេះបានក្លាយមកជារូបស័ព្ទនៃ «បេតអែល» ដែលមានន័យថា «ដំណាក់របស់ព្រះ» (លោកុប្បត្តិ ២៨៖១៧; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ២៨៖២២) ដែលបានបង្ហាញយើងអំពីរោងឧបោសថដែលជាដំណាក់របស់ព្រះ។ រោងឧបោសថនេះគឺជាស្នូលកណ្តាលសម្រាប់កិច្ចការដែលព្រះកំពុងតែធ្វើ ដើម្បីសង្គ្រោះមនុស្សលោក។

លោកយ៉ាកុបមានពេញទៅដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគោរពកោតខ្លាចចំពោះព្រះ។​ ម្ល៉ោះហើយ គាត់បានសម្រេចចិត្តថ្វាយដល់ព្រះ «១​ភាគ​ក្នុង​១០ពី​គ្រប់​ទាំង​របស់​ដែល​ទ្រង់​ប្រទាន​ មក​ទូលបង្គំ​ដែរ» (លោកុប្បត្តិ ២៨៖២២)។ យើងបានដឹងហើយថា គេក៏អាចហៅតង្វាយ១ភាគក្នុង១០នេះ ថាជាតង្វាយដប់ហូតមួយបានដែរ។ លោកយ៉ាកុបបានថ្វាយតង្វាយដប់ហូតមួយដើម្បីបង្ហាញព្រះថា គាត់ដឹងគុណចំពោះព្រះពរដែលព្រះបានប្រទានដល់គាត់។ ដូច្នេះ ជាថ្មីម្តងទៀតយើងបានឃើញ អំពីគោលគំនិតនៃតង្វាយដប់ហូតមួយនេះ មុនពេលដែលមានសាសន៍អ៊ីស្រាអែលនៅលើផែនដីនេះទៅទៀត។

ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២

លោកយ៉ាកុបបានចាញ់បញ្ឆោត

សូមអានរឿងអំពីលោកយ៉ាកុប និងនាងលេអានៅក្នុងខគម្ពីរលោកុប្បត្តិ ២៩៖១-៣០។ តើព្រះ បានបណ្តោយអោយលោកឡាបាន់បោកបញ្ឆោតលោកយ៉ាកុបដោយរបៀបណា? ហេតុអ្វីបានជាទ្រង់ធ្វើយ៉ាងដូច្នេះ? តើលោកយ៉ាកុបបានរៀនមេរៀនអ្វីខ្លះ?

--------------------------------------------------------

របស់ដំបូងដែលលោកយ៉ាកុបបានឃើញ នៅពេលដែលគាត់ទៅដល់អណ្តូងនោះ គឺដុំថ្មមួយផ្ទាំង។ ថ្មបានជួយអោយយើងនឹកចាំអំពីបេតអែល។ ថ្មនៅបេតអែលគឺជារូបស័ព្ទមួយបង្ហាញថា ព្រះសណ្ឋិតនៅជិតរាស្ត្ររបស់ទ្រង់ (លោកុប្បត្តិ ២៨៖១៨, ១៩)។ ថ្មនៅត្រង់អណ្តូងនោះនឹងបើកឱកាសអោយលោកយ៉ាកុបនិយាយជាមួយនឹងនាងរ៉ាជែល។ លោកយ៉ាកុបបានរៀនពីអ្នកគង្វាលចៀមថា មិនយូរប៉ុន្មានទេ នាងរ៉ាជែលនឹងមកដងទឹកអោយចៀមរបស់នាងផឹកជាពុំខាន។ លោកយ៉ាកុបបានសូមអោយ អ្នកគង្វាលចៀមទាំងនោះរុញថ្មចេញ។ ប៉ុន្តែ ពួកគេបានបដិសេធ។ ម្ល៉ោះហើយ លោកយ៉ាកុបបានរុញថ្មនោះចេញដោយខ្លួនឯង។ បន្ទាប់មក គាត់បានណែនាំខ្លួនគាត់ដល់នាងរ៉ាជែល (លោកុប្បត្តិ ២៩៖១១)។

លោកយ៉ាកុបបានចាប់ចិត្តនឹងនាងរ៉ាជែលភ្លាម នៅពេលដែលគាត់បានឃើញនាងជាលើកដំបូង។ «លោកយ៉ាកុបបានចាប់ចិត្តស្រឡាញ់ [នាង] រ៉ាជែល» ជាខ្លាំង (លោកុប្បត្តិ ២៩៖១៨)។ គាត់បានសន្យាធ្វើការអោយលោកឡាបាន់៧ឆ្នាំ ប្រសិនបើលោកឡាបានអនុញ្ញាតអោយគាត់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាងរ៉ាជែល។ លោកឡាបាន់បានយល់ព្រមនឹងគាត់។ «យ៉ាកុប​ក៏​ខំ​បំរើ​អស់​៧​ឆ្នាំ ដើម្បី​ឲ្យបាន​រ៉ាជែល តែ​នោះ​មើល​ទៅ​ដូច​ជា​បួន​ដប់​ថ្ងៃ​ទេ ដោយ​ព្រោះ​គាត់​ស្រឡាញ់​ដល់​នាង​ណាស់» (លោកុប្បត្តិ ២៩៖២០)។

ប៉ុន្តែ នៅចុងបញ្ចប់នៃ៧ឆ្នាំនេះ លោកយ៉ាកុបបានចាញ់បញ្ឆោតលោកឡាបាន់។​ នៅយប់ផ្សំដំណេក លោកឡាបាន់បានប្តូរនាងរ៉ាជែលជាមួយនឹងនាងលេអាវិញ។ នៅថ្ងៃបន្ទាប់ លោកយ៉ាកុបបាន ភ្ញាក់ឡើងជាមួយនឹងកូនក្រមុំ «ផ្សេង» ទៅវិញ។​ ពេលនោះ លោកយ៉ាកុបបាននិយាយទៅកាន់លោកឡាបាន់ថា «ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ដូច្នេះ» (លោកុប្បត្តិ ២៩៖២៥)។ «បញ្ឆោត» គឺជាពាក្យតែមួយដែល លោកអ៊ីសាកបាននិយាយទៅកាន់លោកយ៉ាកុប បន្ទាប់ពីលោកយ៉ាកុបបានបន្លំលោកអ៊ីសាក និងលោក អេសាវដែលជាបងប្រុសរបស់គាត់ (លោកុប្បត្តិ ២៧៖៣៥)។

ដូច្នេះ យើងបានឃើញចេញពីរឿងនេះថា អ្វីដែលលោកយ៉ាកុបបានធ្វើចំពោះអ្នកដទៃកាលពីមុននោះ ឥឡូវនេះក៏បានកើតឡើងចំពោះគាត់ផងដែរ។ យើងបានឃើញក្បួនច្បាប់នៃព្រះគម្ពីរដ៏សំខាន់ នេះនៅក្នុងសំណេររបស់លោកម៉ូសេដែលបានចែងយ៉ាងដូច្នេះថា៖ «ត្រូវ​សង​ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ដៃ​ឲ្យ​ធួន​នឹង​ដៃ ជើង​ឲ្យ​ធួន​នឹង​ជើង» (និក្ខមនំ ២១៖២៤; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ៩៖៦)។ ក្បួនច្បាប់នៃព្រះគម្ពីរនេះបានបង្ខំអោយមនុស្សដែលបានធ្វើខុសទទួលយកការដាក់ទោសដូចជាអ្នកដែលពួកគេបានធ្វើបាបយ៉ាងដូច្នោះដែរ។

ឥឡូវនេះ លោកយ៉ាកុបបានយល់អំពីអារម្មណ៍របស់លោកអេសាវ និងឪពុករបស់គាត់យ៉ាងច្បាស់។ តើលោកអ្នកឃើញនូវរបៀបដែលព្រះបានបង្រៀនលោកយ៉ាកុបអំពីការកុហករបស់គាត់ តាមរយៈការបោកបញ្ឆោតរបស់លោកឡាបាន់ដែរឬទេ? សំណួរដែលលោកយ៉ាកុបបានសួរថា «ហេតុអ្វីបាន ជាបញ្ឆោតខ្ញុំដូច្នេះ» បានបង្ហាញថា លោកយ៉ាកុបបានដឹងថា​ ការកុហកមិនមែនជារឿងត្រឹមត្រូវនោះឡើយ។

តើហេតុអ្វីបានជាយើងចាំបាច់ជឿទុកចិត្តទៅលើព្រះ នៅពេលដែលអ្នកបោកបញ្ឆោតយើងនោះបានគេចខ្លួនរួចពីទង្វើអាក្រក់របស់ពួកគេយ៉ាងដូច្នេះ?

ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២

ព្រះពរនៃគ្រួសារ

ចំពោះលោកយ៉ាកុប ការងារ៧ឆ្នាំចុងក្រោយរបស់គាត់សម្រាប់លោកឡាបាន់នោះ គឺជាបន្ទុកដ៏ធ្ងន់មួយ។ ទន្ទឹមនឹងនេះ ព្រះក៏បានប្រទានព្រះពរដល់លោកយ៉ាកុបផងដែរ។ កូនប្រុសទាំង១១ក្នុងចំណោម១២នាក់នឹងក្លាយមកជាពួកអយ្យកោនៃសាសន៍អ៊ីស្រាអែល។

ក្នុងខគម្ពីរលោកុប្បត្តិ ២៩៖៣១-៣០៖២២ យើងបានអានអំពីកូនៗដែលលោកយ៉ាកុបបានបង្កើត។ ខទាំងនេះបានផ្តើម និងបញ្ចប់ជាមួយនឹងពាក្យដ៏សំខាន់ទាំងនេះថា៖ ព្រះបាន «ប្រោស»។ ជាដំបូងព្រះបាន «ប្រោស» អោយនាងលេអាបង្កើតកូនបាន (លោកុប្បត្តិ ២៩៖៣១)។ បន្ទាប់មក ព្រះក៏បាន «ប្រោស» អោយនាងរ៉ាជែលមានកូនម្នាក់ផងដែរ។ តើពាក្យនេះបានបង្ហាញយើងយ៉ាងដូចម្តេចដែរ? ពាក្យនេះបានបង្ហាញយើងថា កូនៗទាំងនេះសុទ្ធតែជាបាដិហារ្យទាំងអស់។​ ពួកគេគឺជាអំណោយទានមកពីព្រះ។

សូមអានរឿងនៅក្នុងខគម្ពីរលោកុប្បត្តិ ២៩៖៣១-៣០៖២២។ តើយើងនៅសព្វថ្ងៃនេះអាចយល់អំពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងរឿងនេះដោយរបៀបណាដែរ?

--------------------------------------------------------

ព្រះបានប្រទានកូនម្នាក់ដល់នាងលេអា។ នាងបានដាក់ឈ្មោះគាត់ថា រូបេន។ តើហេតុអ្វីបាន ជានាងលេអាដាក់ឈ្មោះគាត់យ៉ាងដូច្នេះ? ឈ្មោះ «រូបេន» នេះប្រែមកពីពាក្យ «រ៉ាអា (ra’ah)» ជាភាសា ហេព្រើរ ដែលមានន័យថា «បានឃើញ»។ ដូច្នេះ ព្រះ «បានទតឃើញ» ថា លោកយ៉ាកុបមិនបានស្រឡាញ់ នាងលេអានោះឡើយ​ (លោកុប្បត្តិ ២៩៖៣១)។ លោករូបេនគឺជាអំណោយទានមកពីព្រះ។ ព្រះបាន ប្រទានកូនប្រុសម្នាក់ដល់នាងលេអា ដើម្បីកំសាន្តនាង។ នាងលេអាបានដាក់ឈ្មោះកូនប្រុសទី២របស់ នាងថា ស៊ីម្មាន។ ស៊ីម្មានប្រែមកពីកិរិយាស័ព្ទ «ស្សាមា (shama)» ដែលមានន័យថា «បានឮ»។ ព្រះ «បានឮ» អារម្មណ៍នៃការឈឺចាប់ និងការអាម៉ាស់ជាខ្លាំងរបស់នាងលេអា។ ម្ល៉ោះហើយ ព្រះមានព្រះហឫទ័យអាណិតអាសូរដល់នាង ដូចដែលទ្រង់មានចំពោះនាងហាការយ៉ាងដូច្នោះដែរ (លោកុប្បត្តិ ២៩៖៣៣)។

ឈ្មោះថា «ស៊ីម្មាន» នេះក៏មានទំនាក់ទំនងជាមួយនឹងឈ្មោះរបស់លោកអ៊ីសម៉ាអែល​ដែលជា កូនប្រុសរបស់នាងហាការផងដែរ។ អ៊ីសម៉ាអែលមានន័យថា «ព្រះទ្រង់នឹងឮ» (សូមអានខគម្ពីរលោកុប្បត្តិ ១៦៖១១)។ នៅពេលដែលនាងលេអាបានកូនពៅរបស់នាងនោះ នាងបានដាក់ឈ្មោះថា «យូដា» ដែលមានន័យថា «សរសើរតម្កើង»។ ឈ្មោះនេះបានបង្ហាញយើងថា ព្រះបានប្រោសអោយនាងបានធូរស្បើយ ជាខ្លាំង។ នាងលេអាលែងនិយាយអំពីការឈឺចាប់របស់នាងតទៀតឡើយ។ នាងបានសរសើរតម្កើងព្រះសម្រាប់ការអស្ចារ្យ និងសេចក្តីមេត្តារបស់ទ្រង់ចំពោះនាងតែប៉ុណ្ណោះ។

បន្ទាប់មក ព្រះបាន «នឹកចាំ» អំពីនាងរ៉ាជែល រួចទ្រង់ក៏ប្រោសអោយនាងមានកូនប្រុសមួយផងដែរ (លោកុប្បត្តិ ៣០៖២០)។ ប៉ុន្តែ នាងរ៉ាជែលត្រូវរង់ចាំអស់រយៈពេលជាង១៤ឆ្នាំជាមុនសិន រហូតដល់ព្រះបានប្រោសអោយនាងមានកូនម្នាក់ (លោកុប្បត្តិ ២៩៖១៨, ២៧; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ៣០៖២៥)។ នាងរ៉ាជែលបានដាក់ឈ្មោះកូនប្រុសរបស់នាងថា «យ៉ូសែប» ដើម្បី បង្ហាញថា « ព្រះ​ទ្រង់​បាន​ដក​សេចក្តី​ដំនៀល​ពី​អញ​ចេញ ហើយ​នាង​ឲ្យ​ឈ្មោះ​ថា យ៉ូសែប ដោយ​ថា សូមព្រះយេហូវ៉ា​បន្ថែម​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​១​ទៀត» (លោកុប្បត្តិ ៣០៖២៣, ២៤)។

ជាការពិតណាស់ យើងបានរារាំងផែនការរបស់ព្រះសម្រាប់ជីវិតរបស់យើងដោយមិនដឹងខ្លួន។ យើងតែងតែមិនគោរពតាមផែនការរបស់ទ្រង់ជានិច្ច។ ហើយយើងក៏បានសាងកំហុសផងដែរ។ តើរឿង អំពីនាងរ៉ាជែល និងនាងលេអាបានបង្ហាញយើងថា ផែនការរបស់ព្រះនឹងសម្រេចនៅផែនដី និងស្ថានសួគ៌ដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២

លោកយ៉ាកុបបានចាកចេញទៅ

លោកយ៉ាកុបបានបម្រើលោកឡាបាន់អស់រយៈពេលជាច្រើនឆ្នាំ។ លោកយ៉ាកុបគឺជាអ្នកធ្វើការដ៏ស្មោះត្រង់ម្នាក់។ គាត់បានខិតខំធ្វើការអោយឪពុកមាររបស់គាត់។ លោកយ៉ាកុបចង់សងសឹងជាមួយឪពុកមាររបស់គាត់ដែលបានបោកបញ្ឆោតគាត់នៅយប់ផ្សំដំណេករបស់គាត់។ លោកឡាបាន់គឺមិន មែនជាមនុស្សប្រកាន់យុត្តិធម៌នោះឡើយ។ ប៉ុន្តែ លោកយ៉ាកុបមិនបានរអ៊ូរទាំអ្វីឡើយ។​ គាត់បានធ្វើកិច្ចការគ្រប់យ៉ាងដែលលោកឡាបាន់បានសូមដល់គាត់។ នៅពេលដែលនាងរ៉ាជែលមានកូនជាលើកដំបូងនោះគ្រប់យ៉ាងបានផ្លាស់ប្តូរទៅ។ លោកយ៉ាកុបបានធ្វើការអោយឪពុកមាររបស់គាត់អស់រយៈពេល១៤ឆ្នាំ (លោកុប្បត្តិ ៣០៖២៦)។ ឥឡូវនេះ លោកយ៉ាកុបបានគិតអំពីការត្រឡប់ទៅកាន់ទឹកដីសន្យាដែលជាស្រុកកំណើតរបស់គាត់វិញ។ ប៉ុន្តែ លោកយ៉ាកុបមានការព្រួយបារម្ភជាខ្លាំង។ តើគាត់នឹងមានទ្រព្យ ល្មមគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការនៃក្រុមគ្រួសាររបស់គាត់ដែរឬទេ (លោកុប្បត្តិ ៣០៖៣០)?

សូមអានរឿងនៅក្នុងខគម្ពីរលោកុប្បត្តិ ៣០៖២៥-៣២។​ តើមានអ្វីកើតឡើងនៅក្នុងរឿងនេះ? តើលោកយ៉ាកុបបានប្រាប់ហេតុផលអ្វីខ្លះ ទៅកាន់លោកឡាបាន់? តើលោកឡាបាន់បានឆ្លើយតបយ៉ាងដូចម្តេចដែរ?

--------------------------------------------------------

លោកយ៉ាកុបបានឆ្លងកាត់ដំណើរជីវិតដ៏វែងឆ្ងាយមួយតាំងតែពីគាត់បានចាកចេញពីស្រុកកំណើតរបស់គាត់មក។ គាត់មិនដែលរំពឹងថា នឹងចាកចេញពីស្រុកកំណើតគាត់យូរយ៉ាងនេះឡើយ។​ប៉ុន្តែ រឿងជាច្រើនបានកើតឡើងចំពោះគាត់ ដែលឃាត់មិនអោយគាត់ត្រឡប់ទៅផ្ទះរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំ។ ឥឡូវនេះ ដល់ពេលដែលគាត់ត្រូវត្រឡប់ទៅស្រុកកំណើតគាត់វិញជាមួយនឹងក្រុមគ្រួសាររបស់គាត់ហើយ។

តើហេតុអ្វីបានលោកយ៉ាកុបរង់ចាំយ៉ាងយូរក្នុងការត្រឡប់ទៅផ្ទះយ៉ាងដូច្នេះ? តើហេតុអ្វីបាន ជាលោកយ៉ាកុបមិនព្រមចាកចេញពីលោកឡាបាន់លឿនជាងនេះ? ចម្លើយគឺថា លោកយ៉ាកុបបានផ្លាស់ប្តូរហើយ។​ យើងអាចឃើញអំពីការអត់ធ្មត់របស់លោកយ៉ាកុបបាន តាមរយៈពេលដ៏ជាយូរឆ្នាំដែលគាត់បានបំពេញការងារអោយឪពុកមាររបស់គាត់។ មែនហើយ លោកយ៉ាកុបមិនដូចមុនទៀតឡើយ។ ឥឡូវនេះគាត់បានយល់ថា គាត់ត្រូវតែរង់ចាំព្រះ និងជឿជាក់ទៅលើទ្រង់ជាមុនសិន។ គាត់បានរង់ចាំអោយ ព្រះមានបន្ទូលប្រាប់គាត់អំពីពេលមួយដ៏ស័ក្តិសមមួយក្នុងការត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ។​ លោកយ៉ាកុបនឹងចាកចេញទៅតាមសេចក្តីបង្គាប់របស់ព្រះ។ ព្រះបានបង្ហាញអង្គទ្រង់ដល់លោកយ៉ាកុបក្នុងរូបភាពជា «ព្រះនៃបេតអែល» (លោកុប្បត្តិ ៣១៖១៣)។ បន្ទាប់មក ព្រះបានបង្គាប់អោយលោកយ៉ាកុបចាកចេញពីលោកឡាបាន់ទៅ «​នៅ​ឯ​ស្រុក​កំណើត​ឯង​វិញ​ទៅ» (លោកុប្បត្តិ ៣១៖១៣)។ ពាក្យទាំងនេះ បានជួយអោយយើងនឹកចាំអំពីពាក្យពេចន៍ដែលព្រះបានប្រើ ដើម្បីបង្គាប់អោយលោកអ័ប្រាហាំចាកចេញពី «ញាតិសន្តាន និងពីផ្ទះឪពុកឯង» ទៅ (លោកុប្បត្តិ ១២៖១)។ រឿងមួយទៀតដែលជួយអោយលោកយ៉ាកុបយល់ឃើញថា ដល់ពេលត្រឡប់ទៅស្រុកកំណើតខ្លួនវិញនោះ គឺជាឥរិយាបថរបស់លោកឡាបាន់ហើយ និងកូនៗរបស់លោកឡាបាន់ផ្ទាល់តែម្តង​ (សូមអានខគម្ពីរលោកុប្បត្តិ ៣១៖១,​ ២)។ «លោកយ៉ាកុបចង់ចាកចេញពីលោកឡាបាន់ជាយូរមកហើយ។ ប៉ុន្តែ លោកយ៉ាកុបមានការភ័យខ្លាចមិនហ៊ានទៅជួបនឹងលោកអេសាវនោះឡើយ។ លោកឡាបាន់ និងកូនៗរបស់គាត់បានច្រណែននឹងទ្រព្យសម្បត្តិដែលលោកយ៉ាកុបមាន។ លោកយ៉ាកុបខ្លាចក្រែងពួកគេព្យាយាមធ្វើបាបគាត់ ព្រមទាំងលួចទ្រព្យសម្បត្តិរបស់គាត់ទៀតផង»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 193, adapted។

ដូច្នេះ លោកយ៉ាកុបបាននាំយកគ្រួសារ និងទ្រព្យសម្បត្តិរបស់គាត់ទាំងប៉ុន្មានចាកចេញពីនោះទៅ។ គាត់បានចាប់ផ្តើមនូវដំណើរមួយដែលជាការចាប់ផ្តើមនៃជំពូកថ្មីមួយនៅក្នុងផែនការនៃរាស្ត្រជ្រើសតាំងរបស់ព្រះ។​

ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២

សិក្សាបន្ថែម

ព្រះបានជ្រើសរើសលោកយ៉ាកុប។ លោកយ៉ាកុបមិនបានធ្វើអ្វីអោយបានព្រះគុណរបស់ព្រះនោះឡើយ។ ព្រះបានជ្រើសរើសលោកយ៉ាកុបដោយសារតែព្រះគុណ និងសេចក្តីមេត្តារបស់ទ្រង់។​ លោកយ៉ាកុបបានបរាជ័យនៅពេលដែលគាត់ព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដើម្បីទទួលបានព្រះគុណនេះ។ ទីបំផុតគាត់បានបោកបញ្ឆោតបងប្រុសរបស់គាត់ ព្រមទាំងកុហកដល់ឪពុករបស់គាត់ទៀតផង។​ យើងទាំងអស់គ្នាក៏ដូចជាលោកយ៉ាកុបយ៉ាងដូច្នេះដែរ។ យើងមិនអាចទិញព្រះគុណរបស់ព្រះបានឡើយ។ ប្រសិនបើយើងយកបានព្រះគុណមែន នោះមានន័យថា យើងត្រូវបានសង្គ្រោះតាមរយៈទង្វើរបស់យើងហើយ (សូមអានខគម្ពីររ៉ូម ៤៖១-៥)។ ដំណឹងល្អគឺស្តីអំពីរបៀបដែលព្រះបានសង្គ្រោះយើងដោយព្រះគុណរបស់ទ្រង់ទៅវិញទេ។ នៅពេលដែលលោកយ៉ាកុបបានដឹងអំពីរបៀបរស់នៅដោយសេចក្តីជំនឿវិញនោះ ជីវិតគាត់ក៏បានផ្លាស់ប្តូរដែរ។ លោកយ៉ាកុបបានរៀនជឿទុកចិត្ត និងពឹងផ្អែកទាំងស្រុងទៅលើព្រះ។ បទពិសោធន៍របស់លោកយ៉ាកុបបានបង្រៀនយើងអំពីមេរៀនដ៏សំខាន់មួយគឺថា៖ យើងមិនត្រូវព្យាយាមអោយខ្លួនបានទទួលជោគជ័យដោយការបោកបញ្ឆោតអ្នកដទៃនោះឡើយ។

«លោកយ៉ាកុបបានព្យាយាមកុហក ដើម្បីអោយខ្លួនបានសិទ្ធិនៃកូនច្បង។ ប៉ុន្តែ ឥរិយាបថរបស់គាត់គ្រាន់តែធ្វើអោយគាត់ទទួលរងនូវការបាត់បង់ប៉ុណ្ណោះ។ លោកយ៉ាកុបមានអារម្មណ៍ថា គាត់បានបាត់បង់អ្វីៗគ្រប់យ៉ាង។ គាត់បានគិតថា គាត់បានបាត់បង់ទំនាក់ទំងរបស់គាត់ជាមួយនឹងព្រះ ហើយនិងស្រុកកំណើតរបស់គាត់។ គាត់គឺជាអ្នករត់គេចដ៏អស់សង្ឃឹមម្នាក់។​ ប៉ុន្តែ តើព្រះបានធ្វើយ៉ាងដូចម្តេចដែរ? ព្រះបានក្រឡេកមកមើលលោកយ៉ាកុបដែលមានអារម្មណ៍ថា អស់សង្ឃឹម។ ព្រះបានទតឃើញថា លោកយ៉ាកុបបានខូចចិត្តជាខ្លាំង។ ប៉ុន្តែ ព្រះក៏បានទតឃើញអនាគតរបស់លោកយ៉ាកុប និងរបៀបដែលគាត់នឹងថ្វាយសិរីល្អដល់ទ្រង់ផងដែរ។ នៅពេលដែលព្រះឃើញអ្នករត់គេចដ៏អស់សង្ឃឹមនេះភ្លាម ទ្រង់ក៏បានបង្ហាញជណ្តើរដ៏អាថ៌កំបាំងអោយគាត់ឃើញភ្លែត។ ជណ្តើរនេះបានបង្ហាញយើងអំពីព្រះយេស៊ូវគ្រីស្ទ។ លោក យ៉ាកុបគឺជារូបស័ព្ទមួយតំណាងអោយមនុស្សលោកដែលបានបាត់បង់ទំនាក់ទំនងជាមួយនឹងព្រះ។ អំពើបាបបានពង្រាត់មនុស្សចេញពីព្រះ។ ប៉ុន្តែ ព្រះនៃស្ថានសួគ៌បានទតមើលពួកគេ ហើយបានអនុញ្ញាតអោយព្រះយេស៊ូវសង្គ្រោះពួកគេ។ ប្រសិនបើយើងនៅឯបេតអែលវិញនោះ យើងប្រហែលជានិយាយថា ‘ខ្ញុំប្រាថ្នា ចង់ប៉ះផ្ទៃមេឃ ប៉ុន្តែ​ តើខ្ញុំអាចចាប់វាបានដោយរបៀបណា?’។ ជាការពិតណាស់ លោកយ៉ាកុបក៏បានគិត យ៉ាងដូច្នេះដែរ។ ម្ល៉ោះហើយ ព្រះបានបើកសំដែងអោយលោកយ៉ាកុបបានឃើញជណ្តើរមួយ។ ជណ្តើរនេះបានភ្ជាប់ផែនដីទៅនឹងស្ថានសួគ៌ដោយព្រះយេស៊ូវ។ មនុស្សអាចឡើងតាមជណ្តើរនេះបានដោយសារតែជណ្តើរនេះបានបញ្ឈរនៅលើដី។ រីឯចុងជណ្តើរនេះវិញក៏ទល់នឹងផ្ទៃមេឃផងដែរ»។ ដកស្រង់ពី Ellen G. White Comments, The SDA Bible Commentary, volume 1, page 1095, adapted។

សំនួរពិភាក្សា៖
  1. សូមក្រឡេកមើលជីវិតនៃពួកបុរស និងស្ត្រីទាំងនេះនៅក្នុងព្រះគម្ពីរ​គឺ៖ លោកអ៊ីសាក១ នាងរេបិកា១ លោកយ៉ាកុប១ លោកអេសាវ១ លោកឡាបាន់១ នាងរ៉ាជែល១ និងនាងលេអា១។ សូមក្រឡេកមើលនូវការកុហកទាំងអស់របស់ពួកគេ។ តើកំហុសរបស់ពួកគេបានបង្រៀនយើងយ៉ាងដូចម្តេច អំពីនិស្ស័យនៃមនុស្ស?​ តើកំហុសទាំងនោះបានបង្រៀនយើងយ៉ាងដូចម្តេចដែរអំពីសេចក្តីមេត្តា និងការអត់ឱនទោសរបស់ព្រះ?

  2. តើលោកអ្នកអាចរកឃើញតម្រុយអ្វីខ្លះ នៅក្នុងរឿងរបស់លោកយ៉ាកុបដែលថា គាត់បានធំធាត់ឡើង ហើយបានផ្លាស់ប្តូរនៅក្នុងសេចក្តីជំនឿរបស់គាត់នោះ?

  3. តើយើងដែលជាអាត់វេនទីស្ទអាចប្រឈមនឹងគ្រោះថ្នាក់នៃការមិនគិតគូរដែលលោកអេសាវមានទាក់ទងទៅនឹងសិទ្ធិនៃកូនច្បងនោះ ដោយវិធីណាខ្លះ? តើយើងអាចធ្វើយ៉ាងណាដើម្បីអោយប្រាកដថា យើងនឹងមិនឈប់ស្រឡាញ់ព្រះសម្រាប់សេចក្តីពិតនៃព្រះគម្ពីរទាំងអស់ ដែលទ្រង់បានប្រទានដល់យើងនោះ?

រឿងខ្លី

ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្ញុំ

Jeans

ខ្ញុំបានបើកអានព្រះគម្ពីររបស់ខ្ញុំនៅលើជើងហោះហើរពីប្រទេសណាមីប៊ី (Namibia)​ ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងតាមទន្លាប់របស់ខ្ញុំ។ រំពេចនោះ បុរសវ៍័យក្មេងម្នាក់ដែលអង្គុយនៅក្បែរខ្ញុំនោះ បាននិយាយឡើង។​ គាត់បានសួរថា «តើនេះជាព្រះគម្ពីរមែនទេ?» គាត់មកពីប្រទេសអឺរ៉ុបខាងកើត។ ខ្ញុំតបទៅវិញថា «ចាស នេះគឺជាព្រះគម្ពីរ»។ គាត់បានសួរទៀតថា «តើអ្នកជឿលើព្រះគម្ពីរដែរឬទេ?»។ ខ្ញុំបានឆ្លើយថា «ចាស ខ្ញុំជឿលើព្រះគម្ពីរដោយអស់ពីចិត្តរបស់ខ្ញុំ»។

គាត់បាននិយាយថា ជីដូនជីតារបស់គាត់ក៏ធ្លាប់អានព្រះគម្ពីរអោយគាត់ស្តាប់ផងដែរ ប៉ុន្តែ គាត់មិនជឿទៅលើរឿងនៅក្នុងព្រះគម្ពីរនោះទេ ជាពិសេសរឿងនៃការបង្កើតផ្ទៃមេឃ និងផែនដីនេះតែម្តង។ ខ្ញុំបានចែករំលែកបទពិសោធន៍នៃការផ្លាស់ប្តូរជីវិតរបស់ខ្ញុំផ្ទាល់ ក្នុងនាមជាមនុស្សម្នាក់ដែលបានត្រឡប់ មកឯព្រះវិញដោយខ្លួនឯង បន្ទាប់ពី១៥ឆ្នាំរួចមក​ ហើយទ្រង់បានដឹកនាំទៅឯកន្លែងដ៏សុខសាន្តមួយនៅ ក្នុងពិភពលោកនេះ។ គាត់បានចាប់អារម្មណ៍ជាមួយនឹងរឿងរបស់ខ្ញុំជាខ្លាំង។ គាត់បានសួរថា «តើខ្ញុំអាច កាន់ព្រះគម្ពីររបស់អ្នកបន្តិចបានទេ?។ ខ្ញុំមានអារម្មណ៍រំភើបជាខ្លាំងដែលបានឃើញព្រះគម្ពីររបស់ខ្ញុំនៅក្នុងដៃរបស់គាត់។ ព្រះគម្ពីរបានធ្វើអោយគាត់មានចំណាប់អារម្មណ៍ជាខ្លាំង។ បន្ទាប់ពីគាត់បានប្រគល់ព្រះគម្ពីរមកអោយខ្ញុំវិញ ខ្ញុំបានបើកអានបទគម្ពីរអេសាយ៤៣យ៉ាងខ្លាំងៗ។ គាត់បានស្តាប់សេចក្តីសន្យា នៃការការពាររបស់ព្រះទាំងចាប់អារម្មណ៍ជាទីបំផុត។ មុនពេលយន្តហោះចុះ ខ្ញុំបានសួរទៅគាត់ថា «តើ អ្នកចង់បានអំណោយដែរឬទេ?»។ នៅក្នុងកាបូបរបស់ខ្ញុំមានសៀវភៅ ជំហ៊ានទៅកាន់ព្រះគ្រីស្ទ ចម្លងមួយក្បាល។ គាត់មិនចង់យកសៀវភៅនេះទេ ប៉ុន្តែ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនៅមានសៀវភៅចម្លងមួយក្បាលទៀត។ ខ្ញុំបាននិយាយទៀតថា «ខ្ញុំបានសរសេរលេខទូរស័ព្ទរបស់ខ្ញុំនៅក្នុងក្របរួចហើយ ប្រសិនបើ អ្នកមានចំងល់អ្វី អ្នកអាចផ្ញើសារមកខ្ញុំបាន»។

នៅពេលដែលខ្ញុំបានទៅដល់ផ្ទះរបស់ខ្ញុំនៅក្នុងប្រទេសអៀរឡង់ គាត់បានពញ្ញាក់ខ្ញុំថា «ខ្ញុំបានមកដល់ផ្ទះហើយ ហើយខ្ញុំគិតថា ការដែលយើងជួបគ្នានោះ គឺជារឿងចៃដន្យមួយ»។ គាត់បានសរសេរថា គាត់បានជួបស្រ្តីម្នាក់ដែលតែងតែអធិស្ឋានជាប្រចាំ នៅក្នុងប្រទេសណាមីប៊ី។ គាត់បាននិយាយទៀតថា «ដោយបានឃើញបែបនេះ ខ្ញុំបានចាប់ផ្តើមគិតអំពីជីដូនជីតារបស់ខ្ញុំអានព្រះគម្ពីរ បន្ទាប់មក ទើបខ្ញុំបានជួបជាមួយនឹងអ្នក»។ ខ្ញុំបានតបទៅវិញថា «ខ្ញុំមិនជឿទៅលើរឿងចៃដន្យនោះឡើយ សូមអោយព្រះ មានបន្ទូលមកកាន់ចិត្តរបស់អ្នកផងចុះ»។ ពួកយើងបានផ្ញើសារទៅវិញទៅមក ហើយខ្ញុំក៏បានផ្ញើខគម្ពីរ ខ្លះទៅអោយគាត់ផងដែរ។ ថ្ងៃមួយគាត់បានផ្ញើរូបភាពនៃព្រះវិហារមួយអោយខ្ញុំ។ គាត់បាននិយាយថា «ខ្ញុំស្នាក់នៅជិតព្រះវិហារមួយនេះ»។ ខ្ញុំបានតបទៅវិញថា ខ្ញុំចង់ផ្ញើសៀវភៅប្រវត្តិសាស្ត្រនៃព្រះវិហារ គ្រីស្ទានមួយក្បាលអោយគាត់។ បន្ទាប់ពីខ្ញុំបានអាសយដ្ឋានរបស់គាត់ហើយ ខ្ញុំបានផ្ញើសៀវភៅ មហាវិវាទ ដល់គាត់។ ក្រោយមក មានគេផ្ញើវីដេអូដល់ខ្ញុំ ស្តីអំពីផែនការសង្គ្រោះ បន្ទាប់មក ខ្ញុំបានផ្ញើវីដេអូ នោះទៅអោយគាត់បន្តទៀត។ គាត់បានតបមកវិញថា «ពិតជាអស្ចារ្យមែន»។ ខ្ញុំបានអធិស្ឋានថា «ឱព្រះ អម្ចាស់អើយ សូមទ្រង់ជួយអោយខ្ញុំបានដឹងអំពីអ្វីដែលមានប្រសិទ្ធិភាពចំពោះជីវិតរបស់គាត់ផង»។ គំនិតដ៏អស្ចារ្យមួយបានជ្រាបចូលមកក្នុងចិត្តរបស់ខ្ញុំថា៖ គាត់បានកាន់ព្រះគម្ពីររបស់អ្នក ដូច្នេះ ចូរអោយព្រះគម្ពីររបស់អ្នកទៅគាត់ទៅ។ ខ្ញុំបានសម្រេចចិត្តថា នឹងផ្ញើព្រះគម្ពីររបស់ខ្ញុំទៅអោយគាត់។ ខ្ញុំបានសរសេរសំបុត្រមួយថា «នេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្ញុំ។ ព្រះបានប្រទានព្រះរាជបុត្រារបស់ទ្រង់ដែលទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ទ្រង់ សម្រាប់សេចក្តីសង្គ្រោះរបស់យើង។ ខ្ញុំសង្ឃឹមថា យើងនឹងអានទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្ញុំនេះជារៀងរាល់ថ្ងៃ»។

អំណានដង្វាយប្រចាំសប្តាហ៍

អ្នកផ្គត់ផ្គង់អ្វីៗទាំងអស់

យើងបានថ្វាយតង្វាយ១០ហូត១ពីគ្រប់របស់ទាំងអស់ ដោយសារតែព្រះអម្ចាស់របស់ យើងគឺជាអ្នកផ្គត់ផ្គង់នៃអ្វីៗទាំងអស់។ បន្ទាប់ពីទ្រង់បានទទួលយកឈ្នះលើកងទ័ពចម្រុះដ៏ខ្លាំងខ្ខ្លានោះមក លោកអ័ប្រាហាំបានថ្វាយតង្វាយ១០ហូត១ពីគ្រប់របស់ទាំងអស់ (អាហារ របស់ របរ និងទ្រព្យសម្បត្តិ) ដល់សង្ឃមុិលគីស្សាដែក (លោកុប្បត្តិ ១៤)។ លោកយ៉ាកុបដែលជាចៅរបស់គាត់ក៏បានសន្យាថា នឹងថ្វាយតង្វាយ១០ហូត១ពីគ្រប់របស់ទាំងអស់ផងដែរ (លោកុប្បត្តិ ២៨)។ ខគម្ពីរលេវីវិន័យ២៧៖៣០ មិនបានចែងអំពីតង្វាយ១០ហូត១ដែលត្រូវតែជារបស់មានតម្លៃ និងអាចទទួលយកបាននោះឡើយ ប៉ុន្តែ បានសំដែងយ៉ាងដូច្នេះវិញថា៖ «ហើយ​ផល​ពី​ដី​១​ភាគ​ក្នុង​១០ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើនោះ​ជា​របស់​ផង​ ព្រះយេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សំរាប់​ទ្រង់»។ ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ក៏បានទទួលស្គាល់ផងដែរថា ការថ្វាយតង្វាយ១០ហូត១គឺជាការថ្វាយចេញ «ពី​របស់​ទាំង​អម្បាលម៉ាន ​ដែល​ទូលបង្គំបាន​ចំណេញ» (លូកា ១៨៖១២) ព្រមទាំងចេញ «ជីរអង្កាម ជីរ​លីងល័ក្ត និង​ល្ង​ ផង» (ម៉ាថាយ ២៣៖២៣)។ តើហេតុផលនៃការសង្កត់ធ្ងន់ទៅលើតង្វាយ១០ហូត១នេះគឺជាអ្វី? តម្លៃដ៏ពិតប្រាកដនៃការថ្វាយតង្វាយ១០ហូត១គឺជានិមិត្តរូប មិនមែនជារូបិយវត្ថុនោះឡើយ។ តង្វាយ១០ហូត១បានរំលឹកយើងអោយទទួលស្គាល់ និងចងចាំថា ព្រះគឺជាអ្នកប្រទានអ្វីៗទាំងអស់យ៉ាងដូច្នេះថា៖ «ទ្រង់បានសូមអោយយើងទទួលស្គាល់ទ្រង់ថា ជាអ្នកប្រទានអ្វីៗទាំងអស់។ ដោយសារហេតុនេះហើយ បានជាទ្រង់មានបន្ទូលថា ក្រៅពីអំណោយទាន និងតង្វាយផ្សេងៗទៀតនោះ ខ្ញុំនឹងរក្សាទុកមួយភាគក្នុងដប់ពីទ្រព្យសម្បត្តិទាំងអស់របស់អ្នករាល់គ្នាដាក់នៅក្នុងជម្រុករបស់ខ្ញុំនេះ។ (ដកស្រង់ពី Counsel to Stewardship, pp. 80-81)។ តង្វាយ១០ហូត១មួយដែលលំអៀងនោះមានន័យថា ព្រះជាអ្នកផ្គត់ផ្គង់ត្រឹមតែផ្នែកនៃអ្វីដែលយើងត្រូវការតែប៉ុណ្ណោះ។ ល្បែងបិទភ្នែកដែលជាល្បែងទុកចិត្តគ្នាដ៏ពេញនិយមមួយអោយ យើងយល់អំពីតម្លៃនៃការពឹងផ្អែកទៅលើព្រះថា ជាអ្នកប្រទានអ្វីៗគ្រប់យ៉ាងដល់យើង។ ក្នុងល្បែងមួយនេះ លោកអ្នកត្រូវបិទភ្នែក បន្ទាប់មកអោយមនុស្ស២នាក់រុញយើងទៅមក។ មួយស្របក់ក្រោយមក លោកអ្នកនឹងទទួលបានអារម្មណ៍ថា ខ្លួនមានសុវត្ថិភាពដោយសារតែការជឿ ទុកចិត្តទាំងស្រុងទៅលើក្រុមរបស់លោកអ្នក។ រឿងនេះអាចសម្រេចទៅបានដរាបណាតែលោកអ្នកបិទភ្នែកទាំងស្រុង។ សុវត្ថិភាពដ៏ល្អឥតខ្ចោះគឺជាលទ្ធផលនៃការជឿទុកចិត្តដ៏ស្មោះ។ នៅក្នុងពិភពលោកនៃភាពមិនប្រាកប្រជា និងច្របូកច្របល់មួយនេះ ការអនុវត្តនូវការថ្វាយតង្វាយ១០ហូត១ពីរបស់ទាំងអស់ដែលជាចំណុចកំពូលនៃការពឹងផ្អែកទាំងស្រុងនោះ នឹងជួយ អោយយើងមានសេចក្តីសុខសាន្តនៅក្នុងចិត្ត។ តើការអនុវត្តនូវការថ្វាយតង្វាយ១០ហូត១របស់លោកអ្នកបានបញ្ចូលសារបែបណាទៅកាន់ខួរក្បាល និងចិត្តរបស់លោកអ្នកនោះ? សប្តាហ៍នេះ ខណៈពេលដែលយើងកំពុងតែថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយសទ្ធារបស់ យើងតាមសេចក្តីសន្យានោះ យើងនឹងបានលូតលាស់ខាងឯសេចក្តីសុខសាន្តនៃនគរស្ថានសួគ៌។

សេចក្តីអំពាវនាវ៖ «ហើយ​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ទ្រង់​នឹង​គង់ នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា» (ភីលីព ៤៖១៩)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំសូមសរសើរតម្កើងដល់ទ្រង់ ដោយសារតែនៅក្នុងទ្រង់មានសេចក្តីសុខសាន្តដ៏ល្អឥតខ្ចោះមួយ។ សូមជួយអោយទូលបង្គំយើងខ្ញុំទទួលស្គាល់ទ្រង់ជានិច្ចថា ទ្រង់គឺជាអ្នកប្រទាននូវអ្វីៗទាំងអស់ តាមរយៈតង្វាយ១០ហូត១ អំណោយទាន និងតង្វាយសទ្ធានៃទូលបង្គំយើងខ្ញុំនេះផង។ ​

Powered by CAM