លោកហ្វូដូ ដូស្តូយេវស្គី (Fyodor Dostoyevsky) ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់ កំពុង តែស្នាក់នៅក្នុងគុក រង់ចាំការកាត់ទោស។ ទោសរបស់គាត់គឺត្រូវប្រហារជីវិត។ ប៉ុន្តែ នៅវិនាទីចុងក្រោយ ទោសរបស់លោកដូស្គូយេវស្គីត្រូវបានប្តូរ។ គេបានអនុញ្ញាតអោយគាត់មានជីវិតរស់បន្តទៅទៀត។ គាត់ បានរស់នៅក្នុងគុកជាច្រើនឆ្នាំបន្ថែមទៀត បន្ទាប់ពីការកាត់ទោស។ ក្រោយមកទៀត លោកដូស្គូយេវស្គី បានសរសើរអំពីជីវិតរបស់គាត់នៅក្នុងគុកនោះយ៉ាងដូច្នេះថា៖ «មិនត្រូវបោះបង់ចោលឡើយ។ មនុស្សនៅជំុវិញលោកអ្នកអាចនឹងលែងជឿថា ពួកគេនឹងមានសេរីភាពនោះឡើយ។ លោកអ្នកអាចជាមនុស្សតែម្នាក់ដែលនៅជឿ ក៏ថាបាន។ ប៉ុន្តែ លោកអ្នកមិនត្រូវបោះបង់ចោលសេចក្តីជំនឿនោះឡើយ។ ចូរ សរសើរព្រះ នៅពេលដែលលោកអ្នកនៅតែម្នាក់ឯងវិញ»។
យើងបានឃើញរួចមកហើយ អំពីរបៀបដែលលោកប៉ុលបានរងនូវបទពិសោធន៍ និងគ្រាលំបាកៗ ដ៏ឈឺចាប់ជាច្រើន នៅក្នុងមេរៀនទាំងនេះ។ មនុស្សបានធ្វើបាបគាត់ និងចាប់គាត់ដាក់គុក។ ប៉ុន្តែ លោក ប៉ុលមិនពិបាកចិត្តអ្វីឡើយ។ គាត់ថែមទាំងបានសរសេរសំបុត្រកំសាន្តចិត្តពួកជំនុំនៅឯក្រុងភីលីពទៀត ផង។
តើលោកបានសរសេរយ៉ាងដូចម្តេច នៅក្នុងខគម្ពីរភីលីព ៤៖៤-៧? តើលោកប៉ុលអាចសរសេរ អំពីរឿងអស្ចារ្យទាំងនេះបាន នៅពេលដែលគាត់នៅក្នុងគុកនោះ ដោយរបៀបណាទៅ? តើយើងអាច ទទួល «សេចក្តីសុខសាន្តរបស់ព្រះ» ដែលលោកប៉ុលបានមានប្រសាសន៍នៅក្នុងខទាំងនេះដោយរបៀប ណា?
យើងងាយនឹងមានអំណរ នៅពេលដែលអ្វីៗគ្រប់យ៉ាងដំណើរទៅយ៉ាងរលូន។ ប៉ុន្តែ លោកប៉ុលបានលើកទឹកចិត្តយើងអោយមានអំណរជានិច្ច។ នៅពេលខ្លះ ការធ្វើអារម្មណ៍បែបនេះអាចនឹងប្លែក បន្តិច។ ដូច្នេះ តើការសរសើរតម្កើងព្រះជានិច្ចនោះ មានន័យយ៉ាងណាទៅ? ប្រសិនបើយើងជឿលោកប៉ុល យើងត្រូវតែធ្វើរឿង២យ៉ាង៖
(១) យើងត្រូវតែសរសើរតម្កើងព្រះទាំងគ្រាល្អ និងគ្រាអាក្រក់។ (២) យើងត្រូវតែរៀនសរសើរ តម្កើងព្រះនៅពេលដែលយើងមិនចង់សរសើរតម្កើងទ្រង់ទាល់តែសោះ។
លោកប៉ុលបានសូមអោយយើងសរសើរតម្កើងព្រះ នៅពេលដែលយើងមានអារម្មណ៍ថា យើង គ្មានហេតុផលណាក្នុងការសរសើរតម្កើងទ្រង់ទាល់តែសោះ។ ពេលនេះហើយ ដែលព្រះចង់អោយយើង សរសើរទ្រង់ជាងពេលណាៗទាំងអស់។ យើងអាចនិយាយបានថា ការសរសើរតម្កើងគឺជារបៀបមួយនៃ ការបង្ហាញសេចក្តីជំនឿរបស់យើង។ សេចក្តីជំនឿមិនមែនស្តីអំពីអារម្មណ៍ដែលយើងមាននោះឡើយ។ សេចក្តីជំនឿគឺជាអ្វីមួយ ដោយសារតែយើងបានជឿទៅលើសេចក្តីពិតនៃព្រះគម្ពីរអំពីព្រះ។ ទន្ទឹមគ្នានេះ ការសរសើរតម្កើងក៏មិនមែនស្តីអំពីអារម្មណ៍ល្អដែលយើងមានផងដែរ។ ការសរសើរតម្កើងគឺជាអ្វីមួយដែល យើងធ្វើ ដោយសារតែយើងបានទទួលសេចក្តីពិតនៃព្រះគម្ពីរអំពីព្រះ។ យើងក៏ត្រូវតែជឿទុកចិត្តទៅលើ សេចក្តីសន្យារបស់ព្រះផងដែរ។ សេចក្តីជំនឿដែលបានមកពីការជឿទុកចិត្តទៅលើព្រះនោះ អាចជួយ អោយគោលគំនិត អារម្មណ៍ និងការរស់នៅរបស់យើងកាន់តែប្រសើរ។
តើសេចក្តីពិតអំពីព្រះនៅក្នុងខគម្ពីរភីលីព ៤៖៤-៧ គឺជាអ្វីខ្លះ? សូមសរសេរបញ្ជីផ្ទាល់ខ្លួនមួយ ទាក់ទងទៅនឹងសេចក្តីពិតនៃគម្ពីរអំពីព្រះ។ សូមសរសើរតម្កើងព្រះចំពោះសេចក្តីពិតនៃព្រះគម្ពីរនេះម្តង មួយៗ។ តើបញ្ជីរបស់លោកអ្នកបានផ្លាស់ប្តូរអារម្មណ៍របស់លោកអ្នកអំពីរឿងលំបាកៗនៅក្នុងជីវិតរបស់ លោកអ្នកដោយរបៀបណា?
ថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០២២
ការអធិស្ឋានទូលសូមអោយកំផែងដួលរលំ
ពាក្យចាស់មួយជាភាសាអង់គ្លេសបានពោលថា៖ «លោកអ្នកមិនត្រូវឈរលាបពណ៌នៅកែង ជ្រុងឡើយ»។ តើពាក្យចាស់នេះមានន័យយ៉ាងដូចម្តេចដែរ? សូមស្រមៃអំពីបន្ទប់មួយ។ លោកអ្នកកំពុង តែលាបពណ៌ឥដ្ឋនៅក្នុងបន្ទប់។ ប៉ុន្តែ មួយស្របក់ក្រោយមក លោកអ្នកបានដឹងថា លោកអ្នកកំពុងតែ ស្ថិតនៅកែមជ្រុង មិនអាចដើរកាត់ទឹកថ្នាំពណ៌មិនទាន់ស្ងួតបានឡើយ។ ដូច្នេះ លោកអ្នកត្រូវតែនៅទី នោះ រហូតទាល់តែថ្នាំស្ងួតជាមុនសិន។
ពេលខ្លះ សេចក្តីជំនឿរបស់យើងប្រៀបដូចជា លោកអ្នកបាន «លាបពណ៌» នៅឯកែងជ្រុង យ៉ាងដូច្នោះដែរ។ នៅពេលដែលបញ្ហានៅក្នុងជីវិតមកដល់ សេចក្តីជំនឿរបស់លោកអ្នកបាន «បិទជ្រក» លោកអ្នក ដូចជាទឹកថ្នាំមិនទាន់ស្ងួតអ៊ីចឹង។ យើងបានក្រឡេកមើលបញ្ហារបស់យើង ព្រមទាំងត្រូវធ្វើការជ្រើសរើសមួយផងដែរ។ យើងអាចបដិសេធព្រះ សេចក្តីជំនឿ និងគោលជំនឿរបស់យើងបាន។ ឬ ដោយសេចក្តីជំនឿ យើងអាចជឿទៅលើអ្វីមួយដែលអ្នកដទៃគិតថា មិនអាចទៅរួច ប៉ុន្តែ ព្រះទ្រង់អាច ធ្វើបានវិញ។
ព្រះបានដឹកនាំសាសន៍អ៊ីស្រាអែលទៅឯ «កែងជ្រុង» មួយ។ ពួកសាសន៍អ៊ីស្រាអែលបានវង្វេង អស់រយៈពេល៤០ឆ្នាំនៅក្នុងទីរហោស្ថាន។ បន្ទាប់ពីវង្វេងរួចមក ព្រះមិនបានដឹកនាំរាស្ត្ររបស់ទ្រង់ទៅ កាន់វាលស្មៅទំនេរដ៏ស្រស់ស្អាតនោះឡើយ។ ព្រះបានដឹកនាំរាស្ត្ររបស់ទ្រង់ទៅកាន់ទីក្រុងដ៏រឹងមួយដ៏ រឹងមាំបំផុតនៅក្នុងទឹកដីនោះ។ បន្ទាប់ ព្រះបានបង្គាប់អោយពួកសាសន៍អ៊ីស្រាអែលដើរព័ទ្ធក្រុងយេរីខូរ អស់រយៈពេល៦ថ្ងៃ។ នៅក្នុងអំឡុងនៃការដើរនេះ ព្រះបានបង្គាប់ដល់ពួកសាសន៍អ៊ីស្រាអែលកុំអោយនិយាយអ្វីឡើយ។ ដូច្នេះ ពួកគេបានដើរដោយស្ងៀមស្ងាត់អស់រយៈពេល៦ថ្ងៃ។ នៅថ្ងៃទី៧ ព្រះបានបង្គាប់ អោយពួកសាសន៍អ៊ីស្រាអែលស្រែកឡើង។ ព្រះបានសន្យាថា ការស្រែក រួមទាំងសំឡេងត្រែរបស់ពួកគេ នឹងធ្វើអោយកំផែងក្រុងដួលរលំ។
សូមអានខគម្ពីរយ៉ូស្វេ ៥៖១៣-៦៖២០។ តើព្រះចង់បង្រៀនអ្វីខ្លះ ដល់ពួកសាសន៍អ៊ីស្រាអែល?
--------------------------------------------------------
ការស្រែកមិនបានធ្វើអោយកំផែងដួលរលំឡើយ។ នៅពេលដែលព្រះបង្គាប់អោយពួកសាសន៍ អ៊ីស្រាអែលស្រែកនោះ ទ្រង់បានសូមអោយពួកគេស្រែក ដូចដែលស្តេចដាវីឌបានសរសេរនៅបទគម្ពីរទំនុកដំកើងយ៉ាងដូច្នេះថា៖ «នែ ផែនដីទាំងមូលអើយ ចូរបន្លឺឡើង ដោយអំណរ ថ្វាយព្រះចុះ ចូរច្រៀងពី កិត្តិយសនៃព្រះនាមទ្រង់ ឲ្យសេចក្តីសរសើរទ្រង់បានរុងរឿងឡើង» (ទំនុកដំកើង ៦៦៖១, ២)។ ការស្រែក នេះគឹជាការសរសើរតម្កើង។ ពួកសាសន៍អ៊ីស្រាអែលបានសម្លឹងទៅឯកំផែងអស់រយៈពេល៦ថ្ងៃ។ ពួកគេ បានដឹងថា ពួកគេគ្មានមិនអាចបំផ្លាញកំផែងទាំងនេះ ដោយខ្លួនគេផ្ទាល់បានឡើយ។
តើរឿងអំពីកំផែងយេរីខូរបានជួយអោយយើងយល់អំពីអត្ថន័យនៃខគម្ពីរហេព្រើរ ១១៖៣០ យ៉ាងដូចម្តេចដែរ?
--------------------------------------------------------
នៅពេលដែលព្រះបម្រុងនឹងធ្វើរឿងថ្មីមួយសម្រាប់យើងនោះ ទ្រង់ក៏អាចនឹងដឹកនាំយើងទៅ ឯ «ក្រុងយេរីខូរ» ផងដែរ។ តើហេតុអ្វី? នោះគឺដោយសារតែទ្រង់ចង់បង្រៀនយើងថា យើងមិនអាចឈ្នះ ដោយកម្លាំងខ្លួនឯងបានឡើយ។ អ្វីៗដែលយើងត្រូវការនោះសុទ្ធតែមកពីព្រះទាំងអស់។ ម្ល៉ោះហើយ យើងត្រូវតែសរសើរតម្កើងទ្រង់។ ទង្វើបែបនេះបង្ហាញអំពីសេចក្តីជំនឿរបស់យើង។
ថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២
ជីវិតនៃការសរសើរតម្កើង
យើងអាចនឹងគិតថា ការសរសើរតម្កើងព្រះពិបាកនឹងធ្វើនៅក្នុងគ្រាស្រណុក។ បើដូច្នេះមែន តើការសរសើរទ្រង់នៅគ្រាលំបាកនោះ ពិបាកជាងនេះយ៉ាងណាទៅ? នេះគឺជាអ្វីដែលព្រះបានសូមអោយ យើងធ្វើ។ ការសរសើរតម្កើងគឺជារឿងមួយ ដែលយើងអាចធ្វើអោយកាន់តែប្រសើរឡើង។ ជាដំបូង ការសរសើរតម្កើងប្រហែលជាពិបាកសម្រាប់យើង។ ប៉ុន្តែ ការដែលយើងកាន់តែធ្វើបែបនេះ ការសរសើរ តម្កើងកាន់តែផ្លាស់ប្តូរយើង។ មិនយូរប៉ុន្មាន ការសរសើរតម្កើងនឹងក្លាយជាផ្នែកមួយនៃជីវិតរបស់យើង។
សូមអានបទគម្ពីរទំនុកដំកើង ១៤៥។ តើស្តេចដាវីឌបានផ្តល់ហេតុផលអ្វីខ្លះ សម្រាប់ការ សរសើរព្រះ? តើពាក្យពេចន៍នៃបទគម្ពីរទំនុកដំកើង ១៤៥ អាចក្លាយមកជាពាក្យរបស់លោកអ្នកដោយ វិធីណាខ្លះ?
--------------------------------------------------------
លោកឆាល ហាដុន ស្ពឺជៀន (Charles Haddon Spurgeon) ដែលជាអ្នកអធិប្បាយជនជាតិ អង់គ្លេសដ៏ល្បីល្បាញម្នាក់ បានសរសេរសៀវភៅមួយក្បាល ដែលមានឈ្មោះថា ការហ្វឹកហាត់សរសើរ តម្កើង (The Practice of Praise)។ សៀវភៅនេះស្តីអំពីខគម្ពីរទំនុកដំកើង ១៤៥៖៧។ លោកស្ពឺជៀន បានប្រាប់យើងនូវចំណុច៣យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីជួយអោយយើងសរសើរតម្កើងព្រះនៅក្នុងជីវិតរបស់យើងកាន់តែប្រសើរឡើង។
១. សូមក្រឡេកមើលជុំវិញលោកអ្នក។ ប្រសិនបើយើងមិនក្រឡេកមើលជំុវិញយើងនោះទេ យើងនឹងមិនឃើញសិរីល្អ និងសិរីលំអរបស់ព្រះនៅក្នុងជីវិតឡើយ។ នៅពេលនោះ ហើយយើងក៏មិនមាន ហេតុផលអ្វី ក្នុងការសរសើរតម្កើងដល់ទ្រង់ដែរ។ តើលោកអ្នកអាចមើលឃើញអ្វីខ្លះ តាមរយៈធម្មជាតិ ដែលបង្ហាញលោកអ្នកអំពីហេតុផល ដើម្បីសរសើរតម្កើងព្រះនោះ? តើលោកអ្នកអាចមើលឃើញអ្វីខ្លះ តាមរយៈជីវិតខាងឯវិញ្ញាណរបស់លោកអ្នក ដែលផ្តល់ហេតុផល ដើម្បីសរសើរតម្កើងព្រះនោះ? តើលោក អ្នកបានឃើញសេចក្តីជំនឿលូតលាស់ឡើងនៅក្នុងជីវិតនៃគ្រីស្ទានវ័យក្មេងណាម្នាក់ដែរឬទេ?
២. សូមចងចាំអំពីអ្វីដែលលោកអ្នកបានឃើញ។ ប្រសិនបើយើងចង់រស់នៅក្នុងជីវិតនៃការសរសើរតម្កើងនោះ យើងត្រូវតែចងចាំអំពីហេតុផលសរសើរតម្កើងព្រះរបស់យើងទាំងអម្បាលម៉ាន។ តើលោកអ្នកអាចចងចាំរឿងដ៏អស្ចារ្យអំពីព្រះដោយវិធីណា? តើសកម្មភាពនៃការថ្វាយបង្គំអ្វីខ្លះ ដែល ជួយអោយយើងនឹកចាំថា ព្រះទ្រង់ល្អនោះ? សូមគិតអំពីរឿងទាំងនេះជានិច្ច។ នៅពេលនោះ លោកអ្នក នឹងមិនភ្លេចសេចក្តីស្រឡាញ់របស់ព្រះឡើយ។
៣. សូមថ្លែងប្រាប់អំពីរឿងដែលព្រះបានធ្វើសម្រាប់លោកអ្នក។ ការសរសើរតម្កើងមិនត្រឹមតែជាអ្វីដែលយើងបានធ្វើតាមរយៈការអធិស្ឋាន នៅពេលដែលយើងនៅតែម្នាក់ឯងនោះទេ។ ការសរសើរ តម្កើងក៏ជាការថ្លែងប្រាប់អំពីព្រះទៅកាន់អ្នកដទៃផងដែរ។ តើលោកអ្នកអាចគិតឃើញហេតុផលអ្វីខ្លះ ក្នុងការសរសើរតម្កើងព្រះ? តើការសរសើរតម្កើងរបស់លោកអ្នកនឹងផ្លាស់ប្តូរជីវិតអ្នកដទៃដោយរបៀប ណា?
សូមយកប៊ិក និងក្រដាស បន្ទាប់មក សូមចំណាយពេលគិត និងសរសេរចុះអំពីចំណុច៣យ៉ាង ដែលអាចធ្វើបាន ដើម្បីសរសើរតម្កើងព្រះ។ តើលោកអ្នកអាចធ្វើបានអ្វីខ្លះ ដើម្បីអោយការសរសើរតម្កើង ព្រះក្លាយទៅជាទម្លាប់មួយនៅក្នុងជីវិតរបស់លោកអ្នកនោះ?
ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២
ចម្រៀងនៃការសរសើរតម្កើងដ៏មានអំណាច
កណ្ឌគម្ពីរកិច្ចការបានបង្ហាញយើងថា ការសរសើរតម្កើងរបស់យើងអាចក្លាយទៅជាកម្លាំងដ៏ខ្លាំងមួយ នៅក្នុងជីវិតរបស់អ្នកដទៃ។ សូមអានខគម្ពីរកិច្ចការ ១៦៖១៦-៣៤។ ក្នុងរឿងនេះ លោក ប៉ុល និងលោកស៊ីឡាសត្រូវបានគេចាប់ដាក់គុក បន្ទាប់ពីវាយដំរួច។ គ្មានអ្នកណាម្នាក់លាបថ្នាំនៅលើ ខ្នងដាច់ស្នាមរបស់ពួកគាត់នៅទីនោះឡើយ។ ជាការពិតណាស់ លោកប៉ុល និងលោកស៊ីឡាសកំពុងតែស្ថិតនៅក្នុងភាពឈឺចាប់ជាខ្លាំង។ ជើងរបស់ពួកគេត្រូវបានភ្ជាប់ដោយឃ្នោះឈើ។ បន្ទាប់មក គេបាន យកពួកគាត់ទៅដាក់នៅឯគុកងងឹត។ តើលោកប៉ុល និងលោកស៊ីឡាសបានបោះបង់សេចក្តីជំនឿដែរឬទេ? ទេ ផ្ទុយទៅវិញ ពួកគេបានអធិស្ឋាន និងច្រៀងវិញ។
បន្ទាប់មក រញ្ជួយដីមួយបានធ្វើអោយគុករបើកឡើង។ ប៉ុន្តែ លោកប៉ុល និងលោកស៊ីឡាស និងអ្នកទោសដទៃទៀតមិនបានព្យាយាមរត់គេចឡើយ។ មេភូឃុំបានភ្ញាក់ផ្អើលជាខ្លាំង ដោយមិនឃើញ មានអ្នកណាម្នាក់ព្យាយាមរត់យ៉ាងដូច្នេះ។ មេភូឃុំបាន «ផ្តួលខ្លួននៅទៀបជើងប៉ុល និងស៊ីឡាស ទាំង ញាប់ញ័រ គាត់នាំគេចេញទៅក្រៅសួរថា ‘លោកម្ចាស់អើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះផង’» (កិច្ចការ ១៦៖២៩, ៣០)។
តើហេតុអ្វីបានជាហេតុការណ៍ដែលបានកើតឡើងនេះ ធ្វើអោយមេភូឃុំគិតអំពីតម្រូវការចង់បានសេចក្តីសង្គ្រោះយ៉ាងដូច្នេះ? តើលោកអ្នកគិតថា ការអធិស្ឋាន និងចម្រៀងរបស់លោកប៉ុល និង លោកស៊ីឡាសនេះមានចំណែកអ្វី ដែលធ្វើអោយអ្នកគុកមិនរត់គេចនោះ? តើលោកអ្នកគិតថា ចម្រៀង និង ការអធិស្ឋាន របស់លោកប៉ុល និងលោកស៊ីឡាសបានជួយអោយមេភូឃុំ និងគ្រួសាររបស់គាត់ថ្វាយ ចិត្តរបស់ពួកគេទៅឯព្រះអម្ចាស់ដោយរបៀបណាដែរ?
--------------------------------------------------------
លោកអ្នកប្រហែលជាគិតទាំងភ្ញាក់ផ្អើលថា ការសរសើរតម្កើងរបស់លោកអ្នកអាចផ្លាស់ប្តូរជីវិតមនុស្សនៅជុំវិញលោកអ្នកបាន។ តើយ៉ាងណាទៅវិញ ប្រសិនបើលោកប៉ុល និងលោកស៊ីឡាសអង្គុយរអ៊ូរទាំនៅក្នុងគុកងងឹតវិញនោះ? តើលោកអ្នកគិតថា នឹងមានអ្នកណាម្នាក់បានសង្រ្គោះនៅយប់នោះដែរឬទេ?
យើងមិនដឹងថា មានរឿងអ្វីកើតឡើងចំពោះមេភូឃុំ និងក្រុមគ្រួសាររបស់គាត់នោះឡើយ។ ប៉ុន្តែ សូមគិតស្រមៃថា ពួកគេបានអានពាក្យពេចន៍ដែលលោកប៉ុលបានសរសេរពីគុកមួយទៀតនៅឯក្រុងរ៉ូមយ៉ាងដូច្នេះថា៖ «ដ្បិតមានឱកាសបើកឲ្យអ្នករាល់គ្នាហើយ មិនមែនឲ្យគ្រាន់តែជឿដល់ព្រះគ្រីស្ទ តែប៉ុណ្ណោះទេ គឺឲ្យរងទុក្ខដោយព្រោះទ្រង់ដែរ ទាំងកើតមានសេចក្តីតតាំងដដែល ដែលឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំមានទៀត» (ភីលីព ១៖២៩, ៣០)។ ជាការពិតណាស់ ប្រសិនបើមេភូឃុំបានអាន ពាក្យពេចន៍ទាំងនេះមែននោះ ចិត្តរបស់គាត់នឹងពេញដោយក្តីអំណរជាក់ជាមិនខាន។
សូមសរសើរតម្កើងព្រះអោយកាន់តែខ្លាំងឡើង នៅពេលដែលលោកអ្នកនៅជុំវិញអ្នកដទៃ។ដ្បិតលោកអ្នកមិនដឹងថា ពាក្យសម្តី និងចម្រៀងនៃការសរសើរតម្កើងរបស់លោកអ្នកអាចនឹងផ្លាស់ប្តូរជីវិតអ្នកណាម្នាក់បានទេឬអី។
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២
ការសរសើរតម្កើងគឺជាអាវុធដ៏មានអំណាចមួយ
សូមអានខគម្ពីររបាក្សត្រទី២ ២០៖១-៣០។ ក្នុងរឿងនេះ ស្តេចយ៉ូសាផាតបានដឹងថា ការសរសើរតម្កើងគឺជាអាវុធដ៏មានអំណាចមួយ។ ស្តេចបានដឹងថា ខ្មាំងសត្រូវធំកំពុងតែឡើងមកទាស់នឹង ទ្រង់ហើយ។ ប៉ុន្តែ ទ្រង់មិនបានចេញទៅច្បាស់នឹងពួកគេភ្លាមនោះទេ។ តើទ្រង់បានធ្វើអ្វី? ទ្រង់បាន «តាំង ព្រះទ័យស្វែងរកព្រះយេហូវ៉ា» (របាក្សត្រទី២ ២០៖៣)។ បន្ទាប់មក ពួកបណ្តាជននៃស្រុកយូដាធ្វើដំណើរ មកកាន់ទីក្រុងយេរូសាឡិម ដើម្បីតមអត់។ ការតមអត់គឺជាគ្រាមួយ នៅពេលដែលពួកបណ្តាជនឈប់បរិភោគអាហារមួយរយៈពេលខ្លី សម្រាប់គោលបំណងខាងឯវិញ្ញាណ។ ក្នុងអំឡុងពេលនៃការតមអត់ ស្តេចយ៉ូសាផាតបានអធិស្ឋានថា «ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់កាត់ទោសដល់គេ ពីព្រោះខ្ញុំរាល់គ្នាគ្មានកម្លាំង នឹងទប់ទល់ចំពោះពួកគេយ៉ាងធំ ដែលមកទាស់នឹងយើងរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែ ភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ» (របាក្សត្រី២ ២០៖១២)។
តើលោកអ្នកនឹងធ្វើយ៉ាងណាទៅ នៅពេលដែលលោកអ្នកឃើញ «សត្រូវធំ» ឡើងមកទាស់ នឹងលោកអ្នកនោះ? សូមអានបន្ទូលរបស់ស្តេចយ៉ូសាផាតនៅក្នុងខគម្ពីររបាក្សត្រទី២ ២០៖៣-១២។ តើលោកអ្នកអាចរៀនអ្វីខ្លះ ពីស្តេចយ៉ូសាផាត នៅពេលដែលលោកអ្នកជួបនឹងបញ្ហានោះ?
--------------------------------------------------------
ព្រះវិញ្ញាណបរិសុទ្ធបានប្រទានសារដ៏ពិសេសមួយមកពីព្រះដល់លោកយ៉ាហាសៀល។ លោក យ៉ាហាសៀលបានចូលមកទូលស្តេចថា៖ «អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចំបាំងនេះទេ ឲ្យគ្រាន់តែតម្រៀប គ្នាឈរស្ងៀម ហើយចាំមើលសេចក្តីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះឱពួក យូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ស្អែកនេះ ចូរ ចេញទៅទាស់នឹងគេចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងអ្នករាល់គ្នាហើយ» (របាក្សត្រទី២ ២០៖១៧)។ បន្ទាប់ពីការប្រកាសរបស់លោកយ៉ាហាសៀល ពួកបណ្តាជនបានថ្វាយបង្គំព្រះ និងច្រៀង សរសើរតម្កើងទ្រង់ (របាក្សត្រទី២ ២០៖១៩)។ មែនហើយ ព្រះនឹងច្បាំងជំនួសពួកគេ។ ប៉ុន្តែ ពួកបណ្តាជនក៏ត្រូវតែចេញទៅជួបនឹងខ្មាំងសត្រូវរបស់ពួកគេផងដែរ។
ការចេញទៅនេះមិនមែនជាការចេញទៅឯសង្គ្រាមដោយធម្មតានោះឡើយ។ ស្តេចយ៉ូសាផាត បានបង្គាប់អោយក្រុមចម្រៀងច្រៀងសរសើរតម្កើងព្រះ ខណៈពេលដែលពួកគេចេញពីក្រុងទៅ។ «ច្នេះ កាលគេចាប់តាំងច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់» (កូរិនថូសទី២ ២០៖២២)។ ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា ព្រះបានជួយដល់រាស្ត្ររបស់ទ្រង់នៅក្នុងគ្រាដ៏ត្រឹមត្រូវមួយ គឺនៅពេល ដែលពួកគេបានចាប់ផ្តើម «អរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្តីសប្បុរសទ្រង់នៅជាប់អស់កល្ប ជានិច្ច» (របាក្សត្រទី២ ២០៖២១)។
សូមអានខគម្ពីររបាក្សត្រទី២ ២០៖១-៣០ ម្តងទៀត។ តើលោកអ្នកអាចរកឃើញក្បួនច្បាប់សំខាន់ៗអ្វីខ្លះ នៅក្នុងខទាំងនេះ ដែលអាចជួយដល់ជីវិតខាងឯវិញ្ញាណរបស់លោកអ្នក នៅក្នុងអំឡុង នៃសេចក្តីវេទនា និងគ្រានៃភាពតានតឹងនោះ?
ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “Jehoshaphat,” pages 190-203, in Prophets and Kings; and «The Fall of Jericho,” pages 487-498, in Patriarchs and Prophets។
«ចូរបង្រៀនចិត្ត និងដៃរបស់យើងអោយសរសើរតម្កើងព្រះចំពោះសេចក្តីស្រឡាញ់របស់ទ្រង់។ គ្មានអ្នកណាម្នាក់អាចប្រៀបផ្ទឹមនឹងសេចក្តីស្រឡាញ់របស់ព្រះចំពោះយើងបានឡើយ។ ចូរបង្រៀនខ្លួនយើង អោយពេញដោយក្តីសង្ឃឹមចុះ។ សូមរៀនរស់នៅក្នុងពន្លឺដែលចែងចាំងចេញពីឈើឆ្កាងនៃកាល់វ៉ារីចុះ។ យើង ត្រូវតែចងចាំជានិច្ចថា យើងគឺជាបុត្រាបុត្រីនៃស្តេចស្ថានសួគ៌។ យើងគឺជាបុត្រា និងបុត្រីរបស់ព្រះអម្ចាស់។ ទ្រង់គឺជាមេទ័ពនៃពួកទេវតា។ ព្រះបានប្រទានអំណោយទាននៃសេចក្តីសុខសាន្ត ដោយសារតែហេតុផល នេះហើយ។ យើងអាចជឿទុកចិត្តទៅទ្រង់បាន ដោយគ្មានការភ័យខ្លាចអ្វីឡើយ»។ ដកស្រង់ពី Ellen G. White, The Ministry of Healing, page 253, adapted។
«ខ្ញុំស្រឡាញ់ព្រះ និងចង់សរសើរតម្កើងទ្រង់។ ខ្ញុំក៏ចង់អោយលោកអ្នកថ្វាយសិរីល្អដល់ទ្រង់ជាមួយនឹងខ្ញុំផងដែរ។ សូមសរសើរព្រះអម្ចាស់ នៅពេលដែលលោកអ្នកសោកសៅ។ សូមសរសើរតម្កើង ទ្រង់ នៅពេលដែលលោកអ្នកប្រឆាំងទាស់នឹងអំពើបាប។ ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍ ថា «ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង» (ភីលីព ៤៖៤)។ តើ សេចក្តីអំណរនឹងនាំវិញ្ញាណនៃការសោកសៅចូលទៅក្នុងគ្រួសាររបស់លោកអ្នកដែរឬទេ? ទេ មិនមែន ដូច្នោះឡើយ។ សេចក្តីអំណរនាំមកនូវពន្លឺវិញទេតើ។ តាមវិធីនេះ លោកអ្នកនឹងស្រូបយកកាំរស្មីដ៏នូវអស់កល្បជានិច្ចចេញពីបល្ល័ង្ករបស់ព្រះ។ លោកអ្នកអាចនឹងចែករំលែកពន្លឺនេះជាមួយនឹងមនុស្សនៅជុំវិញលោកអ្នកបាន។ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកអោយធ្វើរឿងនេះ។ សូមចែករំលែកជីវិត និងពន្លឺនេះជាមួយនឹងមនុស្សនៅជុំវិញលោកអ្នក។ សូមព្យាយាមធ្វើអោយជីវិតមនុស្សនៅជុំវិញលោកអ្នកបាន ប្រសើរឡើង។ សូមនាំពួកគេទៅឯព្រះចុះ។ សូមបង្ហាញស្ថានសួគ៌ និងសិរីល្អនៃស្ថានសួគ៌ដល់ពួកគេចុះ។ សូមអោយពួកគេរកឃើញទ្រព្យសម្បត្តិមកពីស្ថានសួគ៌ចុះ។ ទ្រព្យសម្បត្តិទាំងនេះមិនចេះច្រេះ រលួយ និងបាត់បង់ឡើយ។ ទ្រព្យសម្បត្តិទាំងនេះមានជារៀងរហូត»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 2, pages 593, 594។
សំនួរពិភាក្សា៖
- តើការសរសើរតម្កើងព្រះមានសារៈសំខាន់យ៉ាងដូចម្តេច ចំពោះជីវិតនៃពួកជំនុំ? តើពួកជំនុំរបស់លោក អ្នកសរសើរតម្កើងព្រះនៅថ្ងៃសប្បាតហ៍យ៉ាងដូចម្តេចដែរ? តើការសរសើរតម្កើងនេះបាននាំលោកអ្នកទៅ ជិតនឹងព្រះដែរឬទេ? ប្រសិនបើទេ តើពួកជំនុំរបស់លោកអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីអោយបទពិសោធន៍ នៃការសរសើរតម្កើងនេះកាន់តែប្រសើរឡើងនោះ?
- តើការសរសើរតម្កើងព្រះ នៅពេលដែលលោកអ្នកសោកសៅ ឬនៅពេលដែលលោកអ្នកប្រឆាំងទាស់ នឹងអំពើបាបនោះ មានន័យយ៉ាងណាចំពោះលោកអ្នក? តើការសរសើរតម្កើងអាចជួយដល់លោកអ្នកនៅ អំឡុងនៃបទពិសោធន៍ទាំងនេះបានដោយរបៀបណា?
- តើការសរសើរតម្កើងបានផ្លាស់ប្តូរជីវិតរបស់លោកអ្នកដោយរបៀបណា?
- នៅក្នុងថ្នាក់ សូមរើសយកបទទំនុកដំកើងនៃការសរសើរតម្កើងមួយមកអាន។ តើបទទំនុកដំកើងនេះ បានបង្រៀនលោកអ្នកយ៉ាងដូចម្តេច អំពីការសរសើរតម្កើង? តើបទទំនុកដំកើងនៃការសរសើរតម្កើងនេះ ធ្វើអោយសេចក្តីជំនឿរបស់លោកអ្នកកាន់តែរឹងមាំឡើងដោយរបៀបណា?
រឿងខ្លី
ការលូតលាស់នៅក្នុងព្រះគ្រីស្ទ វគ្គ៩
បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ម្តាយរួចមក ឪពុកបានប្រឈមមុខនឹងការតស៊ូខាងឯវិញ្ញាណ ដ៏ធ្ងន់ធ្ងរមួយ។ ពួកអារក្សបានចូលសណ្ឋិតគាត់នៅពេលយប់ ប៉ុន្តែ គាត់បានព្យាយាមសំងំ។ នៅពេលដែល ពួកអារក្សចូលសណ្ឋិតគាត់ម្តងៗ ពួកវាបានបង្ហាញម្តាយថា ពួកវាស្អប់នាងជាខ្លាំង។
ឪពុក និងម្តាយបានពង្រឹងសេចក្តីជំនឿរបស់ពួកគេតាមរយៈការអធិស្ឋាន និងការសិក្សាមេរៀន សប្បាតហ៍ស្គូលជារៀងរាល់ថ្ងៃ។ ឪពុកក៏បានចំណាយពេលវេលាផ្ទាល់ខ្លួនជាមួយនឹងព្រះ ព្រមទាំងលុត ជង្គង់អធិស្ឋានផងដែរ។ គាត់ទាំង២បានបង្កើតទម្លាប់នៃការអធិស្ឋាន ការថ្វាយបង្គំ និងការសិក្សាមេរៀនថ្ងៃសប្បាតហ៍ជារៀងរាល់ថ្ងៃ។
ម្តាយបានជឿទុកចិត្តទៅលើព្រះ ហើយនាងក៏មានអារម្មណ៍ថា ទ្រង់បានបង្ហាញការយកព្រះទ័យ ទុកដាក់របស់ទ្រង់ចំពោះគ្រួសាររបស់នាងដែរ។ នាងក៏បានរកឃើញសេចក្តីជំនឿ និងការធានាពីក្នុងព្រះគម្ពីរ ផងដែរ ជាពិសេសនោះ ខគម្ពីរមួយចំនួនដែលបានជួយដល់នាង នៅក្នុងអំឡុងនៃការតស៊ូវរបស់ឪពុកជា មួយនឹងពួកវិញ្ញាណអាក្រក់។ នាងបានអានខគម្ពីរយ៉ាកុប ៤៖៧ ដែលបានចែងយ៉ាងដូច្នេះថា៖ «ដូច្នេះ ត្រូវ ចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ»។ នាងបានអានខគម្ពីរ ថែស្សាឡូនីចទី២ ៣៖៣ ដែលបានចែងបន្តទៀតថា៖ «តែព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ទ្រង់នឹងតាំងអ្នករាល់ គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាឲ្យរួចពីសេចក្តីអាក្រក់ផង»។ នាងក៏បានទទួលសេចក្តីសន្យា របស់ព្រះយេស៊ូវនៅក្នុងខគម្ពីរយ៉ូហាន ១០៖១០ ផងដែរ ថា៖ «ឯចោរ វាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរ ផង»។ នៅពេលដែលនាងរកបានខគម្ពីរមួយដែលបានផ្តល់សេចក្តីសង្ឃឹមដល់នាងនោះ នាងតែងតែចម្លង ខគម្ពីរនោះទុកជាកំណត់ហេតុដល់ពិសេសមួយ ព្រមទាំងបានយកខទាំងនោះអធិស្ឋានដល់ព្រះ នៅពេល ម៉ោង៥ព្រឹក ដែលជាម៉ោងអធិស្ឋានរបស់នាងផងដែរ។ ម្តាយក៏បានសរសេរការអធិស្ឋានមួយសម្រាប់ឪពុក ផងដែរ ហើយនាងបានអធិស្ឋានជារៀងរាល់ព្រឹកអស់រយៈពេល១ឆ្នាំ។ នាងបានអធិស្ឋានថា «ឱព្រះអម្ចាស់ អើយ ទូលបង្គំសូមអោយទ្រង់ជួយអោយអីថ្វាដូ ប្តីទូលបង្គំនេះ បានបែរមករកទ្រង់ ដោយអស់ពីចិត្តផង សូមទ្រង់ជួយអោយទូលបង្គំស្រឡាញ់គាត់ និងធ្វើអោយសេចក្តីស្រឡាញ់របស់ទូលបង្គំចំពោះគាត់បានថ្មី ឡើងវិញផង ឱព្រះអម្ចាស់អើយ ទូលបង្គំសូមថ្វាយរបស់ទាំងអស់ទៅទ្រង់ ដូច្នេះ សូមទ្រង់ប្រទានពរដល់ ប្តីទូលបង្គំ ខណៈពេលដែលគាត់កំពុងតែព្យាយាមថ្វាយការគោរពដល់ទ្រង់ សូមទ្រង់បង្ហាត់បង្រៀនគាត់ នៅពេលដែលចាំបាច់ ព្រមទាំងជួយបំផ្លាស់បំប្រែគាត់អោយក្លាយជាបុគ្គលម្នាក់ ដែលចង់គោរពតាមទ្រង់ ផង សូមទ្រង់ជួយអោយទូលបង្គំលើកទឹកចិត្តគាត់ និងបង្ហាញការគោរពដល់គាត់ផងដែរ។ ទូលបង្គំសូមទូលថ្វាយនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន»។
ទន្ទឹមគ្នានេះ ឪពុកក៏បានចាប់ផ្តើមសិក្សាព្រះគម្ពីរ ដើម្បីត្រៀមជ្រមុជទឹកផងដែរ។ គាត់ចង់ជ្រមុជ ទឹកនៅថ្ងៃទី២៩ ដើម្បីអោយបាន១ឆ្នាំពេញ បន្ទាប់ពីពិធីបុណ្យជមុជទឹករបស់ជូនា។
ខណៈពេលដែលឪពុកកំពុងតែសិក្សាព្រះគម្ពីរនោះ គាត់បានតាមដានការអធិប្បាយតាមយូធូបដោយអ្នកអធិប្បាយមកពីព្រះវិហារអាត់វេនទីស្ទ ទាំងចង់ដឹងចង់យល់។ គាត់ក៏បានតាមដានការអធិប្បាយ មកពីនិកាយគ្រីស្ទានដទៃៗទៀតផងដែរ ដើម្បីចង់ដឹងថា ការបង្រៀនរបស់ពួកគេទាស់នឹងព្រះគម្ពីរដែរឬ ទេ។ នៅពេលដែលគាត់កំពុងតែស្តាប់អ្នកអធិប្បាយដទៃទៀតនោះ គាត់បានភ្ញាក់ផ្អើលជាខ្លាំង ដោយពួក អារក្សបានទិទៀនគាត់ថា ពួកវានឹងបញ្ជូនគាត់ទៅឯព្រះវិហារប្រសើរជាងព្រះវិហារអាត់វេនទីស្ទ ប្រសិនបើគាត់ចាប់អារម្មណ៍នឹងអ្នកអធិប្បាយទាំងនោះ។
ឪពុកបានឈប់តាមដានការអធិប្បាយទាំងនោះ ដោយគិតថា ឥឡូវនេះ ខ្ញុំបានដឹងថា ខ្ញុំចូល ព្រះវិហារត្រូវហើយ។
អំណានដង្វាយប្រចាំសប្តាហ៍
គ្រានៃការភ្ញាក់រលឹកខាងឯវិញ្ញាណ
យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើង ដោយសារតែយើងកំពុងតែ ស្ថិតនៅក្នុងគ្រានៃការភ្ញាក់រលឹក។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានសរសេរថា៖ «ការភ្ញាក់រលឹកខាង ឯការគោរពព្រះពិតនៅក្នុងចំណោមយើងនោះ គឺជារឿងធំ និងបន្ទាប់បំផុតនៃតម្រូវការទាំង អស់របស់យើង»។ ដកស្រង់ពី True Revival, p. 9។ ការភ្ញាក់រលឹកគឺជាការត្រាស់ហៅអោយ បែរចេញពី ព្រះក្លែងក្លាយ មកទទួលស្គាល់ទ្រង់ទុកជាព្រះអម្ចាស់នៃជីវិតរបស់យើង។ បទ គម្ពីររបាក្សត្រទី២ ២៩-៣១ បានបង្ហាញប្រាប់យើងអំពីការភ្ញាក់រលឹក នៅក្នុងអំឡុងពេលនៃស្តេចហេសេគាលយ៉ាងដូច្នេះថា៖ «ព្រះវិហារត្រូវបានសង់ឡើងវិញ។ ការថ្វាយបង្គំព្រះ ត្រូវបានស្តារឡើងវិញ។ បុណ្យរំលងត្រូវបានអបអរសាទជាថ្មីម្តងទៀត។ ហើយពួកលេវីក៏ត្រូវបានបញ្ចូលទៅក្នុងព័ន្ធកិច្ចបម្រើព្រះវិញដែរ។ ការស្តារឡើងវិញនៃការថ្វាយបង្គំព្រះពិត គឺស្ថិតនៅលើចិត្តនៃការភ្ញាក់រលឹកពិត។
ការឆ្លើយតបរបស់ពួកបណ្តាជនចំពោះការត្រាស់ហៅអោយមានការភ្ញាក់រលឹក នេះ បានរួមបញ្ចូលនូវសារធាតុដ៏ជាក់ស្តែងមួយ គឺថា៖ «នៅខណៈនោះ ហេសេគាទ្រង់មាន ព្រះបន្ទូលឡើងថា ‘ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួន ដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា និងតង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ពួក ជំនុំក៏នាំយកយញ្ញបូជា និងតង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកតង្វាយដុតមកដែរ’» (របាក្សត្រទី២ ២៩៖៣១)។ ការភ្ញាក់រលឹកខាងឯវិញ្ញាណគឺជា ការទទួលស្គាល់ព្រះថា ជាព្រះអម្ចាស់ ព្រមទាំងលើកតម្កើងទ្រង់ជាមួយនឹងអំណោយរបស់ យើងផងដែរ។
រឿងរបស់លោកសាខេនៅក្នុងគម្ពីរសញ្ញាថ្មីបានបង្ហាញការថ្វាយចេញពីលទ្ធផលនៃការភ្ញាក់រលឹក។ មុនពេលដែលគាត់បានស្វាគមន៍ព្រះយេស៊ូវទុកជាភ្ញៀវកិត្តិយសរបស់គាត់នោះ លោកសាខេគឺជាមនុស្សលោភលន់ជាងគេបំផុតនៅក្នុងក្រុងយេរីខូរ។ គាត់បាន ត្រៀមខ្លួនជាស្រេច ដើម្បីលះចោលនូវជាតិសាសន៍ មិត្តភ័ក្តិ សាសនា និងកេរិ៍្តឈ្មោះរបស់ គាត់។ ទោះជាយ៉ាងនេះក្តី នៅពេលដែលសេចក្តីសង្គ្រោះបានចូលមកក្នុងផ្ទះរបស់គាត់នោះ គាត់ត្រូវបានជំរុញអោយលើសពីអ្វីដែលគាត់មានទៅទៀត គឺថា៖ «ទូលបង្គំចែកទ្រព្យទូលបង្គំ ពាក់កណ្តាលឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានហូតពន្ធបំបាត់ចំពោះអ្នកណា នោះ ទូលបង្គំនឹងសងគេ១ជា៤វិញ» (លូកា ១៩៖៨)។ នេះគឺជាសេចក្តីស្រឡាញ់របស់គាត់ដែល បានឆ្លើយតបទៅនឹងសេចក្តីស្រឡាញ់ដែលគាត់បានទទួលពីព្រះយេស៊ូវ។ យើងអាចអោយ អ្នកដទៃ ដោយគ្មានសេចក្តីស្រឡាញ់បាន ប៉ុន្តែ យើងមិនអាចមានសេចក្តីស្រឡាញ់បាន ដោយសារគ្មានការអោយនោះឡើយ។ ការត្រាស់ហៅអោយមានការភ្ញាក់រលឹកខាងឯវិញ្ញាណ នោះ កំពុងតែបន្លឺសំឡេងម្តងទៀតយ៉ាងខ្លាំង នៅក្នុងពួកជំនុំរបស់យើង។ សប្តាហ៍នេះ ខណៈ ដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់ តាមសេចក្តីសន្យា នោះ តើការថ្វាយនេះបានបង្ហាញថា សារនៃការភ្ញាក់រលឹកបានចាក់ឫសនៅក្នុងចិត្តយើងដែរឬទេ?
សេចក្តីអំពាវនាវ៖«នៅខែចេត្រ ក្នុងឆ្នាំទី១នៃរាជ្យទ្រង់ នោះទ្រង់ក៏បើកទ្វារព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញផង» (របាក្សត្រទី២ ២៩៖៣)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ សូមជួយអោយទូលបង្គំឆ្លើយតបទៅនឹងការត្រាស់ហៅ អោយភ្ញាក់រលឹក តាមរយៈការអធិស្ឋាន ការច្រៀង ការថ្វាយ និងឧទ្ទិសជីវិតរបស់ទូលបង្គំផង។