អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លូកា ១៦៖១៩-៣១; លូកា ២៣៖៤៣; ភីលីព ១៖២១-២៤; ពេត្រុសទី១ ៣៖១៣-២០; វិវរណៈ ៦៖៩-១១។
ព្រះបានបណ្តាលអោយលោកពេត្រុសមានប្រសាសន៍ថា «[ចូរ] ឲ្យប្រុងប្រៀបជានិច្ចដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា» (ពេត្រុសទី១ ៣៖១៥)។ ព្រះក៏បានបណ្តាលអោយលោកប៉ុលមានប្រសាសន៍យ៉ាងដូច្នេះដែរថា «ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តីចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកម្លាំងចិត្តគេដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង ដ្បិតនឹងមានគ្រាមកដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើងមកបង្រៀនឲ្យត្រូវចិត្ត» (ធីម៉ូថេទី២ ៤៖២, ៣)។
នៅពេលដែលយើងសិក្សាខពិបាកៗ យើងគួរធ្វើដូចជាព្រះយេស៊ូវវិញ។ គឺថា «ព្រះយេស៊ូវ តែងតែមានបន្ទូលអំពីអ្វីដែលអ្នកដទៃត្រូវឮជានិច្ច។ ប៉ុន្តែ ព្រះយេស៊ូវក៏តែងតែចែកចាយសេចក្តីពិតជាមួយនឹងពួកគេដោយក្តីស្រឡាញ់ផងដែរ . . . . ទ្រង់មិនដែលគំរោះគំរើយម្តងណាឡើយ។ ទ្រង់មិនដែលពោលពាក្យអាក្រក់ណាមួយទៅអ្នកណាម្នាក់ឡើយ។ ទ្រង់ក៏មិនដែលធ្វើអោយអ្នកដទៃមានអារម្មណ៍មិនល្អចំពោះកំហុសរបស់ពួកគេនោះដែរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 353, adapted។ សប្តាហ៍នេះ យើងនឹងសិក្សាខគម្ពីរមួយចំនួនដែលមនុស្សបានប្រើ ដើម្បីបង្រៀននូវគោលគំនិតខុសឆ្គងដែលថា ព្រលឹងរបស់មនុស្សនៅតែបន្តរស់នៅ បន្ទាប់ពីគេបានស្លាប់ទៅនោះ។
ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២
បុរសអ្នកមាន និងលោកឡាសារ
សូមអានរឿងប្រៀបធៀបអំពីបុរសអ្នកមាន និងលោកឡាសារនៅក្នុងខគម្ពីរលូកា ១៦៖១៩-៣១។ តើយើងបានដឹងថា រឿងនេះគឺជារឿងមិនពិតដោយរបៀបណា? តើហេតុអ្វីបានជាយើងមិនត្រូវប្រើរឿងនេះ ដើម្បីបកស្រាយអំពីហេតុការណ៍ដែលត្រូវកើតឡើង បន្ទាប់ពីយើងស្លាប់ទៅយ៉ាងដូច្នេះ?
--------------------------------------------------------
អ្នកប្រាជ្ញខាងឯព្រះគម្ពីរមួយចំនួន បានណែនាំថា រឿងប្រៀបធៀបអំពីបុរសអ្នកមាន និងលោក ឡាសារនេះគឺជារឿងពិត។ ពួកគេបាននិយាយថា រឿងនេះបានបង្ហាញយើងអំពីអ្វីដែលនឹងត្រូវកើតឡើងបន្ទាប់ពីអ្នកណាម្នាក់ស្លាប់ទៅ។ ប៉ុន្តែ គោលគំនិតនេះខុសគ្នាពីសេចក្តីនៃព្រះគម្ពីរ។
ជាដំបូង រឿងនេះបានបង្រៀនយើងថា ស្ថានសួគ៌ និងស្ថាននរកនៅជិតនឹងគ្នាល្មមអោយមនុស្សនៅក្នុងកន្លែងទាំង២ និយាយគ្នាទៅវិញទៅមកបាន (លូកា១៦៖២៣-៣៣)។ រឿងនេះក៏បានបង្ហាញថា ព្រលឹងរបស់មនុស្សបានបន្តរស់នៅបន្ទាប់រូបកាយរបស់គាត់ស្លាប់ទៅដែរ។ រឿងនេះបានបង្ហាញថា មនុស្សស្លាប់មានភ្នែក ម្រាមដៃ អណ្តាតព្រមទាំងអារម្មណ៍នេះស្រេកឃ្លានផងដែរ។
ប្រសិនបើរឿងនៃព្រះគម្ពីរនៅត្រង់នេះបានបង្ហាញយើងនូវអ្វីដែលត្រូវកើតឡើង បន្ទាប់ពីយើងទៅមែននោះ ស្ថានសួគ៌មិនអាចជាកន្លែងមួយប្រកបទៅដោយសេចក្តីអំណរ និងសុភមង្គលនោះឡើយ។ គឺមិនមែន នៅពេលដែលមនុស្សដែលបានសង្គ្រោះអាចមើលឃើញអ្នកជាទីស្រឡាញ់របស់ពួកគេរងទុក្ខ គ្មានទីបញ្ចប់ និងនិយាយជាមួយពួកគេរហូតនោះទេ (លូកា ១៦៖២៣-៣១)។ តើម្តាយអាចរីករាយនៅក្នុងស្ថានសួគ៌យ៉ាងដូច្នេះទៅបាន ខណៈដែលគាត់ឃើញកូនជាទីស្រឡាញ់របស់គាត់កំពុងតែរងទុក្ខនៅ ក្នុងស្ថាននរកនោះ? គោលគំនិតនេះគឺជាគោលគំនិតមិនត្រឹមត្រូវ។ ម៉្យាងទៀត តើព្រះអាចរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះយើងដែលថា នឹងលែងមានទឹកភ្នែកនៅស្ថានសួគ៌ទៀតនោះយ៉ាងដូចម្តេចទៅបាន (វិវរណៈ ២១៖៤)?
នេះគឺជាមូលហេតុដែលអ្នកប្រាជ្ញខាងឯព្រះគម្ពីរជាច្រើននាក់បានជឿថា រឿងអំពីបុរសអ្នកមាន និងលោកឡាសារនេះ គឺជារឿងប្រៀបធៀបមួយប៉ុណ្ណោះ។ មិនមែនផ្នែកទាំងអស់នៃរឿងនេះសុទ្ធតែជា ការពិតនោះឡើយ។ លោកចច អ៊ី លេដ (Geourge E. Ladd) គឺជាអ្នកប្រាជ្ញខាងឯព្រះគម្ពីរដែលមានអារម្មណ៍បែបនេះ។ គាត់បាននិយាយថា បុរសអ្នកមាន និងលោកឡាសារ គឺជា «រូបស័ព្ទមួយបង្ហាញយើងនូវផ្នត់គំនិតរបស់ពួកសាសន៍យូដាអំពីអ្នកមាន និងអ្នកក្រ។ ដូច្នេះ យើងមិនគួរគិតថា ព្រះយេស៊ូវប្រើរឿងនេះ ដើម្បីបង្រៀនយើងនូវអ្វីមួយដែលត្រូវកើតឡើងនៅពេលដែលយើងស្លាប់ទៅនោះឡើយ»។ ដកស្រង់ពី G. E. Ladd, “Eschatology,” in The New Bible Dictionary, edited by J. D. Douglas (Grand Rapids, MI: Erdmans, 1962), page 388, adapted។
រឿងប្រៀបធៀបអំពីបុរសអ្នកមាន និងលោកឡាសារបានបង្ហាញយើង អំពីបុរស២នាក់ដែលមានលក្ខណៈខុសពីគ្នាដាច់ដោយឡែក។ មានបុរសអ្នកមានម្នាក់ ដែលបានពាក់សម្លៀកបំពាក់ថ្លៃៗ។ ក៏មានបុរសអ្នកក្រម្នាក់ទៀតឈ្មោះថា ឡាសារ ដែលមានដំបៅពេញខ្លួនផងដែរ (លូកា ១៦៖១៩, ២០)។ រឿងនេះបានបង្រៀនយើងថា (១) ទ្រព្យសម្បត្តិរបស់យើងនៅក្នុងជីវិតនេះមិនអាចផ្តល់ជីវិតអស់កល្បដល់យើងបានឡើយ។ (២) យើងគឺជាអ្នកសម្រេចចិត្តថា នឹងទទួលយក ឬមិនទទួលយកជីវិតអស់កល្បនៅក្នុងជីវិតនេះ។ យើងមិនអាចផ្លាស់ប្តូរចិត្តរបស់យើងបន្ទាប់ពីយើងស្លាប់ទៅនោះឡើយ (លូកា ១៦៖២៥, ២៦)។
សូមអានព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរលូកា ១៦៖៣១។ តើព្រះយេស៊ូវបានមានបន្ទូលយ៉ាងដូចម្តេច អំពីរបៀបដែលព្រះគម្ពីរគួរតែគ្រប់គ្រងជីវិតរស់នៅរបស់យើងនោះ?
ថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២
«ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»
អ្នកប្រាជ្ញខាងឯព្រះគម្ពីរមួយចំនួនបានប្រើខគម្ពីរលូកា ២៣៖៤៣ ទុកជាភ័ស្តុតាងបង្ហាញថា ព្រលឹងរបស់មនុស្សនៅបន្តរស់នៅបន្ទាប់ពីគេបានស្លាប់ទៅ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ចោរនៅលើឆ្កាងឈើយ៉ាងដូច្នេះថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»។ ខនេះត្រូវបានសរសេរសឹងតែគ្រប់គម្ពីរសម្រាយទាំងអស់។ ដូច្នេះ យើងអាចនឹងគិតថា នៅថ្ងៃដែលព្រះយេស៊ូវសុគតនោះ ព្រះយេស៊ូវ និងចោរម្នាក់នោះច្បាស់ជាឡើងទៅឯស្ថានសួគ៌ជាមួយនឹងគ្នាហើយ។ ប៉ុន្តែ យើងត្រូវតែចាំថា មានគម្ពីរសម្រាយជាច្រើនត្រូវបានបង្កើតឡើង ដោយពួកអ្នកប្រាជ្ញ ដែលជឿទៅលើការបង្រៀនខុសឆ្គងនេះដែលថា ព្រលឹងនឹងបន្តរស់នៅជារៀងរហូត បន្ទាប់សេចក្តីស្លាប់ទៅ។ ដូច្នេះ តើការបកប្រែនៃខគម្ពីរលូកា ២៣៖៤៣ ដែលយើងបានអានអម្បាញ់មិញនេះ គឺជាវិធីដ៏ល្អបំផុតក្នុងការសរសេរខនេះដែរឬទេ?
សូមប្រៀបធៀបសេចក្តីសន្យារបស់ព្រះយេស៊ូវទៅកាន់ចោរម្នាក់នោះនៅលើឈើឆ្កាង ក្នុងខគម្ពីរលូកា ២៣៖៤៣ នេះ ជាមួយនឹងសេចក្តីសន្យារបស់ព្រះយេស៊ូវទៅកាន់នាងមា៉រា ម៉ាក់ដាឡានៅក្នុងខគម្ពីរយ៉ូហាន ២០៖១៧ និងទៅកាន់ពួកសិស្សរបស់ទ្រង់នៅក្នុងខគម្ពីរយ៉ូហាន ១៤៖១-៣។ តើយើងគួរតែយល់អំពីសេចក្តីសន្យារបស់ព្រះយេស៊ូវទៅកាន់ចោរម្នាក់នោះដោយរបៀបណា? តើសេចក្តីសន្យារបស់ព្រះយេស៊ូវទៅកាន់នាងម៉ារា ម៉ាក់ដាឡា និងពួកសិស្សរបស់ទ្រង់នេះបានជួយអោយយើងឆ្លើយទៅនឹងសំណួរនេះដោយរបៀបណា?
--------------------------------------------------------
ព្រះបន្ទូលរបស់ព្រះយេស៊ូវទៅកាន់នាងម៉ារា ម៉ាក់ដាឡា បានបង្ហាញថា ព្រះយេស៊ូវមិនបានទៅជួបព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌នោះឡើយ (យ៉ូហាន ២០៖១៧)។ ដូច្នេះ យើងអាចមើលឃើញថា យើងមិនគួរគិតថា ព្រះយេស៊ូវ និងចោរម្នាក់នោះបានទៅឯស្ថានសួគ៌នៅថ្ងៃតែមួយនោះទេ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថា ទ្រង់នឹងយកពួកគេទៅឯស្ថានសួគ៌ តែនៅពេលដែលទ្រង់យាងមកជាលើកទី២ប៉ុណ្ណោះ (យ៉ូហាន១៤៖១-៣)។ ដូច្នេះ ខទាំងនេះនៅក្នុងកណ្ឌគម្ពីរយ៉ូហាន គឺជាភ័ស្តុតាងបង្ហាញបន្ថែមទៀតថា ព្រះយេស៊ូវមិនបានទៅឯស្ថានសួគ៌ ជាមួយនឹងចោរម្នាក់នោះ នៅពេលដែលទ្រង់ ហើយនិងគាត់ស្លាប់នោះឡើយ។
ដូច្នេះ តើវិធីដ៏ល្អបំផុតនៅក្នុងការសរសេរខគម្ពីរលូកា ២៣៖៤៣ គួរតែសរសេរយ៉ាងដូចម្តេចទៅវិញ? យើងគួរតែសរសេរខនេះយ៉ាងដូច្នេះថា៖ «ខ្ញុំប្រាប់អ្នកនៅថ្ងៃនេះ ជាប្រាកដថា អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»។ នៅពេលដែលយើងសរសេរខនេះយ៉ាងដូច្នេះ យើងនឹងឃើញថា ព្រះយេស៊ូវកំពុងតែតាំងសេចក្តីសន្យាដល់ចោរម្នាក់នោះ នៅថ្ងៃនោះឯង។ ព្រះយេស៊ូវបានសន្យានឹងចោរម្នាក់នោះ នៅពេលនោះ និងនៅទីនោះថា គាត់នឹងបានសង្គ្រោះ។ ព្រះយេស៊ូវមិនបានមានបន្ទូលថា ចោរម្នាក់នោះនឹងនៅក្នុងស្ថានបរមសុខនៅ «ថ្ងៃនេះ» ឡើយ។ ព្រះយេស៊ូវកំពុងតែមានបន្ទូលមកកាន់លោកអ្នកនៅថ្ងៃ នេះថា នៅថ្ងៃណាមួយ លោកអ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ។
សូមអានរឿងអំពីចោរ ដែលព្រះយេស៊ូវបានសង្គ្រោះនៅលើឈើឆ្កាងនោះ (លូកា២៣៖៣៩-៤៣)។ ចោរម្នាក់នោះគឺជាបាបជនម្នាក់។ គាត់គ្មានអ្វីនឹងផ្តល់អោយព្រះយេស៊ូវនោះទេ។ ប៉ុន្តែ តើព្រះយេស៊ូវបានធ្វើយ៉ាងដូចម្តេចចំពោះគាត់? ទ្រង់បានប្រទានជីវិតអស់កល្បដល់ចោរដ៏កំសត់ម្នាក់នោះវិញ។ តើរឿងនេះបានបង្ហាញយើងថា ព្រះយេស៊ូវបានសង្គ្រោះយើងនៅពេលដែលយើងជឿទៅលើសេចក្តីមេត្តារបស់ទ្រង់នោះដោយរបៀបណា? តើហេតុអ្វីបានជាយើងគួរតែចាំថា ទង្វើល្អរបស់យើងមិនសង្គ្រោះយើងបាននោះ?
ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២
ដើម្បីចាកចេញពីជីវិតនេះ ទៅនៅជាមួយនឹងព្រះយេស៊ូវ
សូមអានអំពីអ្វីដែលលោកប៉ុលបានមានប្រសាសន៍នៅក្នុងខគម្ពីរភីលីប ១៖២១-២៤ និង ថែស្សាឡូនីចទី១ ៤៖១៣-១៩។ តើលោកប៉ុលបានរំពឹងចង់ «ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ» (ភីលីព ១៖២៣) នៅពេលណា?
--------------------------------------------------------
នៅពេលដែលលោកប៉ុលមានប្រសាសន៍ថា «[ខ្ញុំ] មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ» (ភីលីព ១៖២៣) តើគាត់កំពុងតែបង្រៀនយើងអំពីអ្វី? តើលោកប៉ុលបានផ្តាំថា បន្ទាប់ពីគាត់ស្លាប់ទៅ គាត់នឹងទៅនៅជាមួយនឹងព្រះយេស៊ូវ ហើយថា វិញ្ញាណរបស់គាត់នឹងបន្តរស់តទៅទៀតដែរឬទេ? ទេ មិនមែនដូច្នោះឡើយ។ ក្នុងខនេះ លោកប៉ុលបានមានប្រសាសន៍ថា គាត់ប្រាថ្នាចង់ស្លាប់ ដោយសារតែជីវិតនេះមានពេញទៅដោយបញ្ហា និងការរងទុក្ខ។ ម្ល៉ោះហើយ លោកប៉ុលចង់ទៅនៅជាមួយនឹងព្រះយេស៊ូវ។ ខនេះមិនបានបង្រៀនយើងថា លោកប៉ុលបានរំពឹងថា គាត់នឹងទៅស្ថានសួគ៌នៅពេលដែលគាត់ស្លាប់ ភ្លាមៗនោះទេ។ លោកប៉ុលបានដឹងថា គាត់នឹងមិនបានទទួលជីវិតអស់កល្បនោះឡើយ រហូតទាល់តែព្រះយេស៊ូវយាងមកជាលើកទី២ (ធីម៉ូថេទី២ ៤៖៨)។
លោកប៉ុលក៏បាន «មានប្រសាសន៍ផងដែរថា អ្វីដែលគាត់នឹងដឹងបន្ទាប់ពីការស្លាប់នោះ គឺជាការយាងមកជាលើកទី២នេះឯង។ ព្រះយេស៊ូវនឹងយាងមកនៅក្នុងពពក។ ព្រះយេស៊ូវនឹងប្រោសមនុស្ស ស្លាប់អោយរស់ឡើងវិញ។ បន្ទាប់មកលោកប៉ុលនឹង ‘នៅជាមួយនឹងព្រះអម្ចាស់’ (ថែស្សាឡូនីចទី១ ៤៖១៧)។ យើងគួរតែដឹងថា អ្នកសរសេរព្រះគម្ពីរនៅក្នុងសម័យរបស់លោកប៉ុលតែងតែមានប្រសាសន៍អំពីសេចក្តីស្លាប់ និងជីវិតអស់កល្បជាមួយនឹងគ្នាជានិច្ច»។ ដកស្រង់ពី Andrews Study Bible, page 1,555, note on Philippians 2:23, adapted។ តើលោកប៉ុលកំពុងតែមានប្រសាសន៍អំពីអ្វី នៅក្នុងខគម្ពីរធីម៉ូថេទី២ ៤? ជាការពិតណាស់ នោះគឺជាការស្លាប់របស់ប៉ុល និងការយាងមកជាលើកទី២នេះឯង។
ប៉ុន្តែ តើហេតុអ្វីបានជាលោកប៉ុលចង់ស្លាប់យ៉ាងដូច្នេះ? នោះគឺថា លោកប៉ុលចង់សម្រាកពីបញ្ហា និងការឈឺចាប់នៅក្នុងរាងកាយរបស់គាត់ទាំងអស់វិញទេតើ (កូរិនថូសទី១ ៩៖២៧)។ នៅពេលដែលលោកប៉ុលស្លាប់ទៅ គាត់បានដឹងថា គាត់នឹងទទួលបានជីវិតអស់កល្ប និងមកុដមកពីព្រះ។ លោក ប៉ុលបានមានប្រសាសន៍ថា «ពីនេះទៅមុខនឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ» (ធីម៉ូថេទី២ ៤៖៦-៨)។ ជាការពិតណាស់ លោកប៉ុលមិនចង់ស្លាប់ជារហូតនោះទេ។ ប៉ុន្តែ គាត់ចង់សម្រាករហូតទាល់តែព្រះយេស៊ូវប្រាសគាត់អោយរស់ពីស្លាប់ឡើងវិញ។
នៅពេលដែលជីវិតរបស់នាងជួបនឹងការលំបាកនោះ យើងតែងតែចង់ស្លាប់ជានិច្ច។ គ្មានអ្នកណាម្នាក់ចង់រងទុក្ខនោះឡើយ។ សូមស្រមៃថា លោកអ្នកកំពុងតែដេកលក់ទៅ។ បន្ទាប់មក ព្រះយេស៊ូវបានដាស់លោកអ្នកអោយក្រោកឡើងវិញ។ តើសេចក្តីពិតនៃព្រះគម្ពីរដ៏អស្ចារ្យនេះបានជួយអោយយើង យល់អំពីអត្ថន័យរបស់លោកប៉ុលនៅក្នុងខគម្ពីរភីលីព ១៖២១-២៤ នោះដោយរបៀបណា?
ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២
ការប្រដៅដល់ពួកវិញ្ញាណដែលជាប់ឃុំ
មានរឿងដ៏ចម្លែកមួយនៅបទគម្ពីរពេត្រុសទី១ ៣។ តើព្រះយេស៊ូវអាចប្រដៅ «ពួកវិញ្ញាណ ដែលជាប់ឃុំ . . . . ការដែលលោក [ណូអេ] កំពុងតែធ្វើទូកធំ» (ពេត្រុសទី១ ៣៖១៩, ២០) នោះយ៉ាងដូចម្តេចទៅបាន? សម្រាប់ចម្លើយ សូមអានខគម្ពីរពេត្រុសទី១ ៣៖១៣-២០ និងខគម្ពីរលោកុប្បត្តិ ៤៖១០ ផងដែរ។
--------------------------------------------------------
អ្នកប្រាជ្ញខាងឯព្រះគម្ពីរសម័យថ្មីជាច្រើនមិនបានយល់អំពីខគម្ពីរពេត្រុសទី១ ៣៖១៣-២០។ ពួកគេបានគិតថា ព្រលឹងនឹងបន្តរស់នៅបន្ទាប់ពីរូបកាយស្លាប់ទៅ។ ដូច្នេះ គោលជំនឿខុសឆ្គងរបស់ពួកគេបានធ្វើអោយពួកគេយល់ច្រឡំចំពោះអ្វីដែលពេត្រុសបានមានប្រសាសន៍។ ពួកគេបានគិតថា ព្រះយេស៊ូវបានចុះទៅមើលស្ថាននរកបន្ទាប់ពីទ្រង់សុគតទៅ។ នៅទីនោះ ព្រះយេស៊ូវបានប្រដៅពួកវិញ្ញាណនៃមនុស្សដែលបានរស់នៅមុនសម័យទឹកជំនន់។
នេះគឺគោលគំនិតដ៏គួរអោយអស់សំណើចមួយ។ យើងមិនអាចទទួលយកគោលគំនិតនេះបានឡើយ ដោយសារតែព្រះគម្ពីរបានបង្រៀនយើងថា យើងគ្មានឱកាសបានសង្គ្រោះទៀតឡើយ បន្ទាប់ពីយើងស្លាប់ទៅ (ហេព្រើរ ៩៖២៧, ២៨)។ ដូច្នេះ តើហេតុអ្វីបានជាព្រះយេស៊ូវប្រដៅមនុស្សដែលគ្មានឱកាសបានសង្គ្រោះទៀតយ៉ាងដូច្នេះ?
គោលគំនិតខុសឆ្គងអំពីពួកវិញ្ញាណនៅក្នុងស្ថាននរកនេះមិនស្របជាមួយនឹងការបង្រៀននៃព្រះគម្ពីរដែលថា ពួកមនុស្សស្លាប់នៅតែស្លាប់នៅក្នុងផ្នូរដដែលរហូតទាល់តែព្រះយេស៊ូវដាស់ពួកគេឡើងវិញ (យ៉ូប ១៤៖១០-១២; ទំនុកដំកើង ១៤៦៖៤; សាស្តា ៩៖៥, ១០; កូរិនថូសទី១ ១៥៖១៦-១៨; ថែស្សាឡូនីចទី១ ៤៖១៣-១៥)។
សូមស្រមៃថា លោកពេត្រុសពិតជាចង់មានន័យថា ព្រះយេស៊ូវបានយាងចុះទៅស្ថាននរកមែន ខណៈពេលដែលរូបកាយរបស់ទ្រង់ត្រូវបានស្លាប់នៅក្នុងផ្នូរនោះ។ ប្រសិនបើព្រះយេស៊ូវបានចុះទៅមើលស្ថាននរកមែននោះ ហេតុអ្វីបានជាព្រះយេស៊ូវប្រដៅត្រឹមតែពួកវិញ្ញាណដែលរស់នៅមុនទឹកជំនន់យ៉ាងដូច្នេះ? តើនៅក្នុងស្ថាននរកគ្មានអ្នកដទៃទៀតដែលរស់នៅក្រោយពីសម័យទឹកជំនន់រួចដែលព្រះយេស៊ូវអាចនឹងប្រដៅបានទេឬអី?
យើងក៏មិនគួរជឿថា លោកពេត្រុសកំពុងតែមានប្រសាសន៍ថា ព្រះយេស៊ូវបានប្រដៅពួកទេវតាអាក្រក់នៅក្នុងសម័យលោកណូអេនោះដែរ។ ព្រះគម្ពីរបានសំដែងថា «ពួកវិញ្ញាណដែលជាប់ឃុំ» មិនបានគោរពតាមព្រះកាលមុនមក (ពេត្រុសទី១ ៣៖១៩, ២០)។ ព័ត៌មាននេះពុំមានន័យថា ពួកទេវតាអាក្រក់បានសារភាពអំពើបាបរបស់ពួកគេ ហើយបានសង្គ្រោះនោះឡើយ។ ព្រះគម្ពីរបានសំដែងថា សព្វថ្ងៃនេះពួកទេវតាអាក្រក់នៅតែបន្តមិនគោរពតាមព្រះដដែល (អេភេសូរ ៦៖១២; ពេត្រុសទី១ ៥៖៨)។ លោក យូដាសបានប្រាប់យើងថា «ទោះទាំងពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែល បោះបង់ចោលទីលំនៅចេញ នោះទ្រង់បានឃុំក្នុងសេចក្តីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ចទុកសំរាប់ នឹងជំនុំជម្រះនៅថ្ងៃដ៏ធំនោះ» (យូដាស ១៖៦)។ ពួកទេវតាអាក្រក់ទាំងនេះគ្មានឱកាសនឹងបានសង្គ្រោះនោះឡើយ។
យើងគួរតែយល់ឃើញថា «ពួកវិញ្ញាណដែលជាប់ឃុំ» (ពេត្រុសទី១ ៣៖១៩) នេះគឺជា «ពួក មនុស្ស» (ពេត្រុសទី១ ៣៖២០) នៅក្នុងសម័យលោកណូអេដែលព្រះបានព្យាយាមសង្គ្រោះទេតើ។ ពាក្យសរសេរថា «វិញ្ញាណ» នៅក្នុងខ១៩មានន័យថា មនុស្សរស់ដែលអាចឮ និងទទួលយកនូវអំណោយទានរបស់ព្រះក្នុងការសង្គ្រោះពួកគេ។ ពាក្យថា «ជាប់ឃុំ» គឺជារូបស័ព្ទមួយតំណាងបង្ហាញយើងអំពីគុកនៃអំពើបាប មិនមែនជាគុកពិតប្រាកដឡើយ (រ៉ូម ៦៖១-២៣; រ៉ូម ៧៖៧-២៥)។ បើដូច្នេះមែន តើព្រះយេស៊ូវបានប្រដៅដល់ពួកមនុស្ស ដែលរស់នៅ មុនសម័យទឹកជំនន់នោះយ៉ាងដូចម្តេចទៅបាន? ចម្លើយគឺថា ព្រះយេស៊ូវបានប្រដៅដល់ពួកគេតាមរយៈពាក្យសម្តីរបស់លោកណូអេ (ពេត្រុសទី២ ២៖៥)។
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២
ព្រលឹងនៅក្រោមអាសនា
សូមអានអំពីអ្វីដែលលោកយ៉ូហានបានមានប្រសាសន៍នៅក្នុងខគម្ពីរវិវរណៈ ៦៖៩-១១។ តើលោកយ៉ូហានមានន័យយ៉ាងដូចម្តេច នៅពេលដែលលោកមានប្រសាសន៍ថា ព្រលឹងនៃពួកគ្រីស្ទានដែលគេបានសម្លាប់ បានបន្លឺសំឡេងនៅក្រោមអាសនានោះ? តើព្រលឹងនៃពួកមនុស្សស្លាប់អាចស្រែកយ៉ាងដូចម្តេចទៅបាន បើពួកគេបានស្លាប់ និងកំពុងតែដេកលក់ទៅហើយនោះ?
--------------------------------------------------------
ក្នុងបទគម្ពីរវិវរណៈ៦ ព្រះយេស៊ូវដែលជាកូនចៀមបានបកត្រាទី៥ ។ ត្រាទី៥នេះបានបង្ហាញរាស្ត្ររបស់ព្រះ អំពីអ្វីដែលត្រូវកើតឡើងដល់ពួកជំនុំរបស់ទ្រង់នាពេលអនាគត។ នៅពេលដែលត្រាទី៥ ត្រូវបានបកនោះ រឿងមួយដ៏គួរអោយភ្ញាក់ផ្អើលបានកើតឡើង។ យើងបានឃើញព្រលឹងនៃពួកគ្រីស្ទានដែលគេបានសម្លាប់ ដោយសារតែសេចក្តីជំនឿរបស់ពួកគេ។ ព្រលឹងទាំងនេះនៅក្រោមអាសនា។ ពួកគេ បានស្រែកអំពាវនាវអោយព្រះដាក់ទោសដល់ពួកមនុស្ស ដែលបានសម្លាប់ពួកគេ (វិវរណៈ ៦៖៩-១១)។ អ្នកប្រាជ្ញខាងឯព្រះគម្ពីរមួយចំនួនបានជឿថា អាសនានោះគឺជាអាសនាដុតគ្រឿងក្រអូបដែលយើងបានឃើញ នៅពេលដែលត្រាទី៧ត្រូវបានបក (វិវរណៈ ៨៖១-៦)។ ប៉ុន្តែ ត្រាទី៥បានបង្ហាញយើងអំពីឈាម មិនមែនជាគ្រឿងក្រអូបនៅក្នុងខគម្ពីរវិវរណៈ ៦៖៩-១១ នោះឡើយ (សូមអានគម្ពីរ KJV or NKJV)។ ដូច្នេះ យើងបានឃើញនៅត្រង់នេះថា លោកយ៉ូហានបានមានប្រសាសន៍អំពីអាសនានៃតង្វាយសត្វ។ ឈាមនៃតង្វាយសត្វដែលគេបានសម្លាប់នោះ បានហូរធ្លាក់ទៅក្រោមអាសនានេះ (លេវីវិន័យ ៤៖១៨, ៣០, ៣៤)។ ឈាមនៃតង្វាយទាំងនោះក៏បានហូរនៅជុំវិញអាសនាផងដែរ។ ទន្ទឹមគ្នានេះ ឈាមនៃពួកបរិសុទ្ធត្រូវបានហូរធ្លាក់ទៅក្រោមអាសនារបស់ព្រះ នៅពេលដែលពួកបរិសុទ្ធត្រូវគេសម្លាប់។ ពួកបរិសុទ្ធ ត្រូវគេសម្លាប់ដោយសារតែពួកគេស្មោះត្រង់ចំពោះព្រះយេស៊ូវ (វិវរណៈ ៦៖៩; សូមអានខគម្ពីរវិវរណៈ ១២៖១៧ និងវិវរណៈ ១៤៖១២ ផងដែរ)។
ព្រលឹងនៅក្រោមអាសនាក៏ជារូបស័ព្ទមួយផងដែរ។ ប៉ុន្តែ តើយ៉ាងណាទៅវិញ ប្រសិនបើយើងនិយាយ ព្រលឹងទាំងនោះមិនមែនជារូបស័ព្ទនោះ? តើយ៉ាងណាទៅវិញ ប្រសិនបើយើងនិយាយថា ព្រលឹងទាំងនោះគឺជាមនុស្សពិតប្រាកដនោះ? បើអ៊ីចឹងមែន យើងត្រូវតែទទួលស្គាល់ថា ពួកមនុស្សទាំងនេះមិនបានត្រេកអរជាមួយនឹងជីវិតនៅឯស្ថានសួគ៌នោះទេ។ តើហេតុអ្វីទៅ? នោះគឺដោយសារតែពួកគេនៅតែបន្តស្រែកអំពាវនាវដល់ព្រះអោយដាក់ទោសដល់ពួកមនុស្ស ដែលបានសម្លាប់ពួកគេនៅឡើយ។ ដូច្នេះ ពួកមនុស្សទាំងនេះមិនបានរស់នៅក្នុងជីវិតដ៏រីករាយមួយនៅឯស្ថានសួគ៌នោះឡើយ។
ម៉្យាងទៀត យើងត្រូវតែចាំថា ព្រះមិនបានប្រទានទិដ្ឋភាពនៃស្ថានសួគ៌តាមដែលទ្រង់បានសន្យាដល់លោកយ៉ូហាននោះឡើយ។ «ដ្បិតមានអ្នកជិះនៅលើសេះស សេះក្រហម សេះខ្មៅ ឬសេះពណ៌ស្លាំង នៅលើមេឃកំពុងតែចេញដំណើរទៅធ្វើសង្គ្រាម។ នៅឯស្ថានសួគ៌ ព្រះយេស៊ូវមិនបានបង្ហាញព្រះអង្គ ទ្រង់ជាកូនចៀមពិតប្រាកដមួយដែលត្រូវគេបង្ហូរឈាម ដោយកាំបិតនោះឡើយ។ សត្វសាហាវទាំង៤ នៅក្នុងកណ្ឌគម្ពីរដានីយ៉ែលក៏មិនមែនជាសត្វពិតប្រាកដ ដែលមានស្លាបនោះដែរ . . . . ទន្ទឹមគ្នានេះ ក៏គ្មាន ‘ព្រលឹង’ នៃមនុស្សដែលដេកនៅក្រោមអាសនានៅឯស្ថានសួគ៌នោះដែរ។ ការបើកសំដែងទាំងអស់ នេះគឺជារូបស័ព្ទមួយ ពេញទៅដោយនិមិត្តសញ្ញាដែលបង្ហាញយើងនូវសេចក្តីពិតនៃព្រះគម្ពីរ ស្តីអំពីគ្រាចុងក្រោយវិញទេតើ»។ ដកស្រង់ពី The SDA Bible Commentary, volume 7, page 778, adapted។
ដូច្នេះ ព្រលឹងនៃមនុស្សស្លាប់ដែលលោកយ៉ូហានបានឃើញនៅក្រោមអាសនានោះ មិនបានបង្ហាញយើងអំពីអ្វីដែលបានកើតឡើង បន្ទាប់ពីយើងស្លាប់នោះឡើយ។ ព្រលឹងនៃមនុស្សស្លាប់បានបង្ហាញយើងពីរូបស័ព្ទមួយ ស្តីអំពីពួកគ្រីស្ទាន ដែលត្រូវគេសម្លាប់ដោយសារតែសេចក្តីជំនឿរបស់ពួកគេចំពោះព្រះ។
ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “A Great Gulf Fixed,’” pages 260-271, in Christ’s Object Lessons; “Calvary,” pages 749-752, in The Desire of Ages; and “Teachers as Examples of Christian Intergrity,” pages 504, in Fundamentals of Christian Education។
«ក្នុងរឿងប្រៀបធៀបអំពីបុរសអ្នកមាន និងលោកឡាសារនោះ ព្រះយេស៊ូវបានបង្ហាញយើងថា បុរសទាំងនេះបានជ្រើសរើសទទួលយក ឬមិនទទួលយកសេចក្តីអត់ឱនទោសរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែ ប្រសិនបើបុរសទាំងនេះខ្ជះខ្ជាយពេលវេលា ដើម្បីធ្វើអោយពួកគេសប្បាយចិត្តនោះ ពួកគេនឹងត្រូវកាត់ចេញពីជីវិតអស់កល្បជាមិនខាន។ ព្រះនឹងមិនប្រទានឱកាសជាលើកទី២ដល់ពួកគេ បន្ទាប់ពីពួកគេស្លាប់ទៅនោះឡើយ។ មនុស្សនឹងបែកចេញពីព្រះទាំងស្រុងរហូតដល់ទ្រង់មិនអាចជួយដល់ពួកគេបាន ដោយព្រោះតែជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 260, adapted។
«កាលពីមុន មានគ្រីស្ទានជាច្រើននាក់ត្រូវគេនិរទេសអោយទៅរស់នៅម្នាក់ឯងនៅតាមភ្នំ និងនៅតាមទីរហោស្ថាន។ ពួកគ្រីស្ទានទាំងនេះមួយចំនួនក៏ត្រូវបានគេទុកអោយស្លាប់នៅក្នុងគុកផងដែរ។ ពួកគេរងា និងស្រេកឃ្លានជាទីបំផុត។ ពួកមេភូឃុំរបស់ពួកគេបានធ្វើបាបពួកគេយ៉ាងខ្លាំង។ នៅក្នុងអំឡុងនៃគ្រាទាំងនេះ ពួកគ្រីស្ទានបានគិតថា ការស្លាប់គឺជាវិធីតែមួយគត់ក្នុងការបញ្ចប់នូវការរងទុក្ខរបស់ពួកគេ។ ពួកគេបានពេញទៅដោយក្តីអំណរដោយបានគិតថា ព្រះបានជ្រើសរើសពួកគេអោយរងទុក្ខសម្រាប់ព្រះយេសូ៊វ។ ដ្បិតព្រះយេស៊ូវបានសុគតសម្រាប់ពួកគេហើយ។ គំរូនៃពួកគ្រីស្ទានទាំងនេះនឹងកំសាន្តចិត្ត ព្រមទាំងលើកទឹកចិត្តដល់រាស្ត្ររបស់ព្រះនៅគ្រាមានបញ្ហាផងដែរ។ គ្រានៃបញ្ហានេះនឹងក្លាយទៅជាបទពិសោធន៍មួយ ដែលគ្មានអ្នកបានដឹងពីមុនមក»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 5, page 213, adapted។
សំនួរពិភាក្សា៖
- តើយើងអាចយល់ខគម្ពីរដែលយើងបានរៀននៅសប្តាហ៍នេះដោយរបៀបណា? តើការដេកលក់បានជួយអោយយើងយល់អំពីសេចក្តីស្លាប់ និងជីវិតអស់កល្បដោយរបៀបណា?
- តើនៅសព្វថ្ងៃនេះ មានរបស់អ្វីខ្លះដែលសមអោយយើងស្លាប់ជំនួសនោះ? តើយើងអាចរៀនអ្វីខ្លះ ចេញពីមនុស្សដែលសុខចិត្តលះបង់ជីវិតរបស់ពួកគេ ដោយមូលហេតុមិនត្រឹមត្រូវនោះ?
- សូមគិតអំពីបុរសអ្នកមាន និងបុរសអ្នកក្រឡាសារបន្ថែមទៀត។ នៅពេលដែលព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញនោះ មានមនុស្សជាច្រើនបានជឿថា ទ្រង់គឺជាព្រះអង្គសង្គ្រោះ។ អ្នកដទៃទៀតក៏បានឃើញភ័ស្តុតាងដូចគ្នានេះដែរ។ ប៉ុន្តែ ចិត្តរបស់ពួកគេនៅតែរឹងរូស។ ដូច្នេះ ពួកគេមិនបានជឿឡើយ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីការពារខ្លួនយើងចេញពីចិត្តដ៏រឹងរូសនេះ?
រឿងខ្លី
ព្រះគឺជាអាទិភាពទី១
លោកម៉ូដេសធី ខាឃូឡា (Modesty Kakula) ដែលជាអ្នកអាជីវកម្មម្នាក់នៅក្នុងប្រទេសណាមីប៊ី មានវិធីប្លែកៗក្នុងការចែកចាយអំពីព្រះយេស៊ូវ។ ពាក្យស្លោកមួយបានបិទនៅលើឡានទាំង៣គ្រឿងរបស់គាត់ថា៖ «ព្រះគឺជាអាទិភាពទី១»។ វិធីសាស្ត្រដ៏អស្ចារ្យមួយរបស់លោកម៉ូដេសធីចំពោះការ ផ្សព្វផ្សាយបេសកកម្មនោះ បានចាប់ផ្តើមឡើងនៅពេលដែលនិយោជកដំបូងរបស់គាត់បានលក់ឡានអោយគាត់នៅក្នុងទីក្រុងខាធីម៉ា ម៉ូលីឡូ (Katima Mulilio) ក្នុងតម្លៃ៥០០០ដុល្លារណាមីប៊ី។ លោកម៉ូដេសធី ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យ២ឆ្នាំ និងបានរៀបការថ្មីថ្មោងនោះ ត្រឹមតែរយៈពេល៤ខែប៉ុណ្ណោះ គាត់បានប្រឹងប្រែងធ្វើការ ហើយបានសងជិតអស់នៅសល់តែ៥០០០ដុល្លារទៀតប៉ុណ្ណោះ។ បន្ទាប់មក និយោជករបស់គាត់បានផ្លាស់ប្តូរចិត្តរបស់គាត់ ដោយលក់ឡាននោះក្នុងតម្លៃ៦០០០០ដុល្លារណាមីប៊ីវិញ។ លោក ម៉ូដេសធីបានសួរថា «ហេតុអ្វីបានជាលោកឡើងថ្លៃនៅពេលដែលខ្ញុំបង់រំលួសវាជិតអស់យ៉ាងដូច្នេះ?»។
ប៉ុន្មានខែក្រោយមក នៅពេលដែលលោកម៉ូដេសធីបានបង់រំលួស៥០០០ដុល្លារណាមីប៊ីរួច និយោជករបស់គាត់បានឡើងតម្លៃរហូតដល់៧០០០០ដុល្លារណាមីប៊ី។ លោកម៉ូដេសធីបានព្យាយាមបង់រំលួសម្តងទៀត ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺថា និយោជករបស់គាត់បានចោទគាត់ថា គាត់មិនបានបង់ប្រាក់ទាល់តែសោះ។ រឿងក្តីនេះបានឡើងទៅដល់តុលាការ ហើយចៅក្រមបានកាត់អោយ លោកម៉ូដេសធីឈ្នះក្តី។ ប៉ុន្តែ និយោជកម្នាក់នោះបានប្រាប់តុលាការទាំងកំហឹងថា «បើវាចង់បានឡានហ្នឹង ទាល់តែឆ្លងសាកសពអញសិន»។ នាងរេបិកាដែលជាប្រពន្ទរបស់លោកម៉ូដេសធី បានខ្សឹបប្តីរបស់នាង រួចនាងបានសូមនិយាយទៅកាន់តុលាការ។ នាងបាននិយាយទាំងទឹកភ្នែកថា «អោយគាត់យកឡាន គាត់ទៅវិញចុះ ព្រះនឹងមានវិធីផ្សេងសម្រាប់ខ្ញុំ និងប្តីរបស់ខ្ញុំ»។ និយោជកបានប្រគល់លុយ២២០០០ដុល្លារណាមីប៊ីដល់លោកម៉ូដេសធី ហើយបានបញ្ឈប់គាត់ពីការងារទៅ។
លោកម៉ូដេសធី ដែលគ្មានប្រាក់ចំណូលនៅឯផ្ទះនោះ បានអំពាវនាវដល់ព្រះដោយចិត្តក្តុកត្តួល។ ខណៈដែលគាត់កំពុងតែអធិស្ឋាននោះ គាត់បានជ្រុលដៃធ្វើអោយព្រះគម្ពីររបស់គាត់ធ្លាក់ទៅលើឥដ្ឋ។ នៅពេលដែលគាត់រើសយកព្រះគម្ពីរដែលបើកនោះ ភ្នែករបស់លោកម៉ូដេសធីបានសម្លឹងចំខគម្ពីររ៉ូម ៨៖២៨ ដែលបានសំដែងថា «គ្រប់ការទាំងអស់ផ្សំគ្នាសំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់»។ «អស្ចារ្យណាស់» លោកម៉ូដេសធីបានបន្លឺសំឡេងឡើង ខណៈពេលដែលចិត្តរបស់គាត់ពេញទៅដោយសេចក្តីសុខសាន្ត និងសេចក្តីសន្យា។ នៅព្រឹកថ្ងៃ បន្ទាប់ទូរស័ព្ទបានរោទិ៍ឡើង ខណៈដែលលោកម៉ូដេសធីកំពុងតែដេកនៅលើគ្រែនៅឡើយ។ សំឡេងនៃបុរសមិនស្គាល់មុខម្នាក់ចង់លក់ឡានអោយគាត់ក្នុងតម្លៃ២៣០០០ដុល្លារណាមីប៊ី។ លោកម៉ូដេសធី បានធ្វើដំណើរទៅផ្ទះបុរសម្នាក់នោះយ៉ាងប្រញាប់។ ជាការពិតណាស់ មានឡានមួយគ្រឿងកំពុងតែដាក់លក់មែន។ បុរសម្នាក់នោះបានបញ្ចុះតម្លៃរហូតដល់២២៥០០ដុល្លារណាមីប៊ី តាមសំណូមពររបស់លោក ម៉ូដេសធី លោកម៉ូដេសធីបានខ្ចីប្រាក់ពីឪពុកម្តាយរបស់គាត់ ដើម្បីបង្គ្រប់តម្លៃ។ ដើម្បីប្រកាសប្រាប់ទី បន្ទាល់ដល់មនុស្សគ្រប់គ្នា អំពីសេចក្តីល្អរបស់ព្រះនោះ លោកម៉ូដេសធីបានបិទពាក្យស្លោកមួយដែលថា «ព្រះគឺជាអាទិភាពទី១» នៅឯកញ្ចក់ខាងក្រោយ។ សព្វថ្ងៃនេះ លោកម៉ូដេសធីគឺជាអ្នកចាស់ទុំ និងជាម្ចាស់អាជីវកម្មម្នាក់ដែលមានឡាន៣គ្រឿងឡាននីមួយៗសុទ្ធតែមានពាក្យស្លោកនៅឯកញ្ចក់ខាងក្រោយទាំងអស់។ នៅពេលដែលគាត់បើកឡានទៅកន្លែងណាមួយ មនុស្សតែងតែចង្អុលឡានរបស់គាត់ ហើយនិយាយជានិច្ចថា «ព្រះជាអាទិភាពទី១»។
អំណានដង្វាយប្រចាំសប្តាហ៍
មិនគ្រាន់តែគ្រប់គ្រងប៉ុណ្ណោះទេ គឺអោយបានទ្រព្យសម្បត្តិផងដែរ
យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានដែលយើងមាន ដោយសារតែទ្រង់បានប្រទានអំណាចដល់យើងអោយបានបង្កើតទ្រព្យសម្បត្តិ។ រឿងប្រៀបធៀបអំពីប្រាក់បានពិពណ៌នាអ្នកបម្រើ៣នាក់ ដែលបានទទួលចំណែកនៃទ្រព្យសម្បត្តិពីចៅហ្វាយរបស់ពួកគេ ព្រមទាំងបានពិពណ៌នាអំពីរបៀបដែលពួកគេបានយកប្រាក់ទាំងនោះ ទៅបង្កើនបន្ថែមទៀតផងដែរ។ អ្នកបម្រើទាំង៣បានធ្វើរឿងមួយដូចៗគ្នា គឺថា ពួកគេបានជូនប្រាក់ដល់ចៅហ្វាយរបស់ពួកគេវិញដោយមិនមានបាត់អ្វីមួយ កាក់ណាឡើយ។ ទោះជាយ៉ាងនេះក្តី អ្នកបម្រើ២នាក់ដំបូងបានធ្វើកិច្ចការមួយបន្ថែមទៀត។ គឺថា ពួកគេបានបង្កើតទ្រព្យសម្បត្តិចេញពីប្រាក់ដែលពួកគេបានទទួលនោះ ដូច្នេះ ពួកគេក៏បានទទួលរង្វាន់ ដោយបានអនុវត្តយ៉ាងដូច្នោះ។ព្រះបានសន្យាថា ទ្រង់នឹងប្រទាន «ឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ» ដល់ពួកអ្នកបម្រើរបស់ទ្រង់នោះ ប៉ុន្តែ គួរអោយសោកស្តាយណាស់ដែលអ្នកបម្រើទី៣បានភ្លាត់នៅក្នុងចំណុចនេះ ដូច្នេះ គាត់មិនបានទទួលរង្វាន់ពីចៅហ្វាយរបស់គាត់នោះឡើយ។
ក្នុងនាមជាអ្នកជឿ យើងត្រូវមានទំនួលខុសត្រូវចំពោះអ្វីដែលយើងបានទទួល ព្រមទាំងអ្វីដែលអាចធ្វើបានផងដែរ។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានសរសេរថា៖ «ដើម្បីបង្កើតភាពស្ទាត់ជំនាញខាងឯសេចក្តីជំនឿនៅក្នុងព្រះគ្រីស្ទនោះ យើងបានសន្យាថា ក្នុងនាមជាអ្នកបម្រើរបស់ព្រះ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ហើយយើងក៏គួរតែកែលំអចំណុចគ្រប់យ៉ាងអោយដល់កម្រិត ខ្ពស់បំផុតនៃភាពគ្រប់លក្ខណ៍ផងដែរ ដើម្បីអោយយើងអាចធ្វើកិច្ចការល្អៗជាច្រើន ដែលយើងអាចធ្វើទៅបាន។ ដកស្រង់ពី Christ’s Object Lessons, p.330។ ការលូតលាស់នៅក្នុងផ្នែកទាំងអស់នៃជីវិត ហើយនិងការចូលរួមបង្កើតធនធាននេះគឺជាកិច្ចការមួយរបស់ព្រះ។ ទំនួលខុសត្រូវនេះតែងតែត្រូវការនូវការលើកទឹកចិត្ត កម្លាំង ការតស៊ូវ និងការអប់រំខ្លួនឯងជានិច្ច។ វាក៏ដូចជាដំណើរនៃការដើរឡើងភ្នំយ៉ាងដូច្នោះដែរ។ ទោះជាយ៉ាងនេះក្តី មិនត្រូវអោយមានអ្នកណាម្នាក់បាក់ទឹកចិត្ត ឬឈប់ធ្វើ កិច្ចការទាំងអស់នេះឡើយ។ ព្រះបានតាំងសេចក្តីសន្យាដ៏អស់កល្បមួយ គឺជាការប្រទានអោយ «មានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ» នេះឯង។
គោលការណ៍នៃការធ្វើ «កិច្ចការល្អៗជាច្រើន» នេះគឺជាការអញ្ជើញអោយវាយតម្លៃទៅលើការ ដាក់ថ្វាយរបស់យើង។ សព្វថ្ងៃនេះ យើងគឺជាធនធាននៃព្រះពរតាមរយៈការថ្វាយតង្វាយដ៏ស្មោះត្រង់របស់យើងនេះ។ សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើង តាមសេចក្តីសន្យានោះ ចូរអោយយើងឆ្លុះបញ្ចាំង និងអធិស្ឋានដើម្បីអោយបានក្លាយទៅជាព្រះពរដ៏ធំមួយ តាមរយៈការបង្កើនធនធានរបស់យើងអោយដល់សក្តានុពលពិតប្រាកដរបស់វាផងចុះ។
សេចក្តីអំពាវនាវ៖
«ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯង មានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីនឹងបញ្ជាក់សេចក្តីសញ្ញាដែលទ្រង់បានស្បថនឹងពួកអយ្យកោ ឯងដូចជាមានសព្វថ្ងៃនេះ» (ចោទិយកថា ៨៖១៨)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ដែលបានប្រទានធនធានរបស់ទ្រង់ដល់ទូលបង្គំ។ តាមរយៈការសហការជាមួយនឹងទ្រង់នេះ ទូលបង្គំបានប្តេជ្ញាចិត្តថា ទូលបង្គំនឹងបង្កើនធនធានរបស់ទ្រង់អោយបាន ព្រមទាំងធ្វើជាបណ្តាញដ៏ធំនៃព្រះពររបស់ទ្រង់ដល់មនុស្សជាតិទាំងអស់ផងដែរ។