ខចងចាំ៖ «បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយ បានប្រគល់ព្រះអង្គទ្រង់ជំនួសផង ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ ដោយបានលាងសំអាត នឹងទឹក គឺជាព្រះបន្ទូល ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ» (អេភេសូរ ៥:២៥-២៧)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ៥:២១; អេភេសូរ ៥:២៥-២៧, ២៩; កូរិនថូសទី១ ១១:១-៤; ពេត្រុសទី១ ២:១៨-២៥។
នៅក្នុងខគម្ពីរអេភេសូរ ៥:២១-២៣ ព្រះបានមានបន្ទូលតាមរយៈលោកប៉ុលបន្ថែមទៀត អំពីរបៀបដែលអ្នកគ្រីស្ទានត្រូវបម្រើ និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ បន្ទាប់មក លោក ប៉ុលបានផ្តល់ដំបូន្មានដល់ភរិយាគ្រីស្ទាន (អេភេសូរ ៥:២២-២៤) និងស្វាមីគ្រីស្ទាន (អេភេសូរ ៥:៣៣)។
តើសព្វថ្ងៃនេះ យើងដែលជាអ្នកគ្រីស្ទានបានយល់ដំបូន្មានរបស់លោកប៉ុលដំបូន្មានរបស់លោក អ្នកនេះយ៉ាងដូចម្តេចដែរ? យើងបានយល់ឃើញថាព្រះមានព្រះហឫទ័យចង់ស្អាងចំណងមិត្តភាព និង ទំនាក់ទំនងគ្រួសារជាថ្មីឡើងវិញ។ ប៉ុន្តែ ព្រះយេស៊ូវចង់ស្អាងយើងឱ្យក្លាយជាមនុស្សថ្មីវិញ។ ចិត្តដែល បានផ្លាស់ប្តូរនេះ នឹងកែប្រែទំនាក់ទំនងគ្រួសារ និងចំណងមិត្តភាពរបស់យើង។ លោកប៉ុលមានចិត្ត រំភើបចំពោះការផ្លាស់ប្តូរពីជីវិតចាស់ដែលគ្មានព្រះយេស៊ូវ (អេភេសូរ ៤:២២) នេះ ទៅជាជីវិតថ្មីនៅ ក្នុងទ្រង់វិញនោះ (អេភេសូរ ២:១៥)។ នៅពេលដែលព្រះយេស៊ូវបានយាងមកសណ្ឋិតនៅក្នុងចិត្តរបស់ យើងនោះ ជីវិតរបស់យើងនឹងផ្លាស់ប្តូរជាមិនខាន។ យើងនឹងថ្វាយជីវិតរបស់យើងដល់ព្រះយេស៊ូវ ដោយ ឱ្យព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់គ្រប់គ្រងយើងវិញ (អេភេសូរ ២:២២; អេភេសូរ ៣:១៦; អេភេសូរ ៥:១៨-២១; អេភេសូរ ៦:១៧, ១៨)។ យើងនឹងរស់នៅដើម្បីព្រះយេស៊ូវ ហើយយើងក៏នឹងគោរពតាម ទ្រង់ផងដែរ (អេភេសូរ ៤:១៣, ១៥, ២០-២៤, ៣២; អេភេសូរ ៥:២, ១០, ១៧, ២១-២៣)។ ជីវិត ថ្មីមួយនេះគឺជាផ្នែកនៃផែនការរបស់ព្រះ សម្រាប់មនុស្សជាតិទាំងអស់។
តើលោកប៉ុលចង់មានន័យយ៉ាងណា នៅពេលដែលគាត់បានប្រាប់សមាជិកនៃពួកជំនុំ បម្រើ និងគោរពតាមគ្នាទៅវិញទៅមកនោះ? តើយើងបានយល់អំពីគោលគំនិតនេះយ៉ាងដូចម្តេចដែរ? សូមអាន ខគម្ពីរអេភេសូរ ៥:២១ សម្រាប់ចម្លើយ។
ដោយសារតែព្រះយេស៊ូវនេះហើយ បានជាអ្នកគ្រីស្ទានត្រូវតែបម្រើគ្នាទៅវិញទៅមកនោះ (សូមប្រៀបធៀបខគម្ពីរម៉ាកុស ១០:៤២-៤៥; រ៉ូម ១២:១០; ភីលីព ២:៣, ៤)។ សេចក្តីស្រឡាញ់ដែល ព្រះយេស៊ូវមានចំពោះយើងនេះ គឺជាហេតុផលដែលយើងត្រូវជួយដល់អ្នកដទៃ។ ហើយមិត្តភាពដែលយើងមានចំពោះព្រះយេស៊ូវនោះ ក៏ជាទំនាក់ទំនងដ៏សំខាន់បំផុតរបស់យើងផងដែរ។ នៅពេលដែលយើង យកព្រះយេស៊ូវជាទីមួយនោះ ទ្រង់នឹងជួយឱ្យយើងបានដឹងអំពីរបៀបស្រឡាញ់ និងរបៀបយកចិត្តទុកដាក់ចំពោះមនុស្សដទៃទៀត។
លោកប៉ុលក៏បានប្រាប់ឱ្យភរិយានៃអ្នកគ្រីស្ទានគោរពចុះចូលនឹងស្វាមីរបស់ពួកគេផងដែរ (សូម អានខគម្ពីរពេត្រុសទី១ ៣:១, ៥)។ តើលោកប៉ុលចង់មានន័យយ៉ាងណា នៅពេលដែលគាត់បានមាន ប្រសាសន៍ថាភរិយាត្រូវតែគោរពចុះចូលនឹងស្វាមីរបស់នាង ឱ្យដូចជាព្រះយេស៊ូវនោះ? ខគម្ពីរអេភេសូរ ៦:៧ បានជួយឱ្យយើងអាចឆ្លើយសំណួរនេះបាន។ នៅក្នុងខនេះ លោកប៉ុលបានប្រាប់ឱ្យពួកបាវបម្រើ បានបម្រើម្ចាស់របស់ពួកគេ ទុកដូចជាពួកគេកំពុងតែបម្រើព្រះយេស៊ូវយ៉ាងដូច្នោះដែរ មិនមែនបម្រើមនុស្ស នោះឡើយ។ ខគម្ពីរកូឡូស ៣:១៨ ក៏បានជំនួយជួយឱ្យយើងឆ្លើយសំណួរនេះផងដែរ ដោយបានចែង យ៉ាងដូច្នេះថា៖ «ពួកស្រីៗអើយ ចូរចុះចូលចំពោះប្តីខ្លួន ដូចជាគួរគប្បីក្នុងព្រះអម្ចាស់»។ ដូច្នេះ ខទាំងនេះ បានជួយឱ្យយើងយល់ ថាព្រះយេស៊ូវគឺជាតួអង្គដ៏សំខាន់បំផុត។ នៅក្នុងនាមជាអ្នកគ្រីស្ទាន ភរិយាត្រូវតែ លើកតម្កើងព្រះយេស៊ូវជាងស្វាមីរបស់ពួកគេ ប្រសិនបើស្វាមីរបស់ពួកគេបានសូមឱ្យពួកគេធ្វើអ្វីមួយ ដែល ព្រះយេស៊ូវមិនចង់ឱ្យពួកគេធ្វើនោះ។
នៅក្នុងកណ្ឌគម្ពីរកូឡូស និងកណ្ឌគម្ពីរអេភេសូរ យើងបានដឹងថាមានតែព្រះយេស៊ូវមួយគត់ ដែលជាសិរសានៃពួកជំនុំ។ ហើយពួកជំនុំក៏ប្រៀបដូចជារូបកាយរបស់ព្រះយេស៊ូវយ៉ាងដូច្នោះដែរ (អេភេសូរ ១:២២; អេភេសូរ ៥:២៣; កូឡូស ១:១៨)។ «ដ្បិតប្តីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃ ពួកជំនុំដែរ ក៏ជាព្រះអង្គសង្គ្រោះដល់រូបកាយផង» (អេភេសូរ ៥:២៣)។ ពួកជំនុំបានគោរពតាមព្រះយេស៊ូវ។ គំរូនេះបានជួយឱ្យយើងយល់អំពីរបៀបដែលភរិយាត្រូវតែគោរពចុះចូលនឹងស្វាមីរបស់នាងផងដែរ។ យើង ត្រូវតែប្រុងប្រយ័ត្ន កុំឱ្យខ្លួនយើងយល់ច្រឡំចំពោះខនេះឡើយ។ ដ្បិតព្រះគម្ពីរក៏បានបង្គាប់ឱ្យស្វាមីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះភរិយារបស់គាត់ផងដែរ។ សេចក្តីបង្ហាញនេះមិនបានអនុញ្ញាតឱ្យស្វាមីធ្វើបាប ប្រពន្ធរបស់គាត់ ឬវាយដំនាងនោះទេ។ ដ្បិតព្រះគម្ពីរក៏មិនបានសូមឱ្យភរិយាគោរពចុះចូលនឹងស្វាមី ដែល ធ្វើបាបនាងនោះដែរ។
តើហេតុអ្វីបានជាយើងត្រូវតែចងចាំដំបូន្មានអំពីកាល:ទេស:នៃការគោរពចុះចូលនេះយ៉ាងដូច្នេះ? តើយ៉ាងណាទៅវិញ ប្រសិនបើប្តីគឺជា «មនុស្សកោងកាច ខូចខិល សម្តីធ្ងន់ និងជាមនុស្សផ្តាច់ការទៅវិញ នោះ? ដូច្នេះ បុរសបែបនេះមិនគួរថាស្វាមីគឺជាមេគ្រួសារ ហើយភរិយាត្រូវតែធ្វើតាមបង្គាប់របស់គាត់នោះ ឡើយ។ ពីព្រោះបុរសម្នាក់បែបនេះមិនមែនជាព្រះអម្ចាស់នោះឡើយ។ ហើយបុរសបែបនេះក៏មិនបានយល់ អត្ថន័យពិតនៃពាក្យថា «ស្វាមី» នោះដែរ»។ ដកស្រង់ពី Ellen G. White, The Adventist Home, page 117, adapted។
ពួកជំនុំគឺជាកូនក្រមុំរបស់ព្រះយេស៊ូវ វគ្គ១
សូមប្រៀបធៀបខគម្ពីរអេភេសូរ ៥:២៥-២៧, ២៩ ជាមួយនឹងរឿងនៅក្នុងខគម្ពីរអេសេគាល ១៦:១-១៤។ តើនៅក្នុងខគម្ពីរអេភេសូរ ៥:២៥-២៧, ២៩ លោកប៉ុលបានចែករំលែកចំណុចអ្វីខ្លះ ពីសាច់រឿងនៅក្នុងកណ្ឌគម្ពីរអេសេគាលនោះ?
នៅក្នុងខគម្ពីរអេភេសូរ ៥:២៥-២៧, ២៩ លោកប៉ុលបានប្រើរូបស័ព្ទនៃការរៀបអាពាហ៍ពិពាហ៍ ដើម្បីបកស្រាយអំពីសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះពួកជំនុំ។ ព្រះយេស៊ូវគឺជាកូនកំលោះ មកពីស្ថានសួគ៌ ដែលទ្រង់បាន៖ ១. ស្រឡាញ់ពួកជំនុំ។ ពួកជំនុំក៏ប្រៀបដូចជាកូនក្រមុំរបស់ព្រះយេស៊ូវផងដែរ (អេភេសូរ ៥:២៥)។ យើងក៏ត្រូវតែចាំថាព្រះយេស៊ូវបានស្រឡាញ់យើង ដូចជាស្វាមីបានស្រឡាញ់ភរិយារបស់គាត់យ៉ាងដូច្នោះដែរ។ ២. យកព្រះអង្គទ្រង់មកធ្វើជាជំនូន។ នៅក្នុងសម័យព្រះគម្ពីរ កូនកំលោះ ត្រូវ «ផ្គាប់» កូនក្រមុំ ជាមួយនឹងជំនូននៃទឹកប្រាក់ និងរបស់របរជាច្រើន។ ជំនូនជាទឹកប្រាក់ និងរបស់របរនេះត្រូវបានគេហៅ ថាជា «បណ្ណាការ»។ ព្រះយេស៊ូវបានថ្លៃបណ្ណាការច្រើនជាងគេបំផុតដល់ពួកជំនុំ ពីព្រោះទ្រង់បានសុគត ជំនួសយើង (អេភេសូរ ៥:២៥)។ ៣. លាងសម្អាតកូនក្រមុំរបស់ទ្រង់។ នៅក្នុងសម័យព្រះគម្ពីរ អ្នកជួយដល់កូនក្រមុំ និងសមាជិក ស្រីៗនៅក្នុងគ្រួសាររបស់នាង បានជួយឱ្យកូនក្រមុំត្រៀមខ្លួនជាស្រេច សម្រាប់ពិធីមង្គលការរបស់នាង។ នៅក្នុងរឿងប្រៀបប្រដូចនេះ ព្រះយេស៊ូវដែលជាកូនកំលោះ បានជួយឱ្យកូនក្រមុំរបស់ទ្រង់ត្រៀមខ្លួនជា ស្រេចសម្រាប់ពិធីមង្គលការ។ តើដោយរបៀបណា? គឺដោយសារតែព្រះយេស៊ូវ បានសម្អាតកូនក្រមុំ របស់ទ្រង់ឱ្យបានស្អាត និងបានបរិសុទ្ធនោះឯង។ គឺថា ទ្រង់បានលាងសម្អាតអំពើបាបរបស់នាងជាមួយ នឹងទឹក នៅពេលដែលនាងជ្រមុជទឹក (អេភេសូរ ៥:២៦)។ ៤. នឹកចាំ និងបានមានបន្ទូលអំពីសេចក្តីសន្យារបស់ព្រះ។ ព្រះយេស៊ូវក៏បានសម្អាតកូនក្រមុំ របស់ទ្រង់ជាមួយនឹង «ព្រះបន្ទូល» ផងដែរ (អេភេសូរ ៥:២៦)។ ពាក្យថា «ព្រះបន្ទូល» នៅត្រង់នេះ គឺសំដៅទៅលើសេចក្តីសន្យារបស់ព្រះនោះឯង។ ដ្បិតព្រះយេស៊ូវបានតាំងសេចក្តីសន្យានេះជាមួយនឹង កូនក្រមុំរបស់ទ្រង់ នៅពេលដែលរៀបអាពាណ៌ពិពាហ៍ជាមួយនឹងនាងនោះ (សូមប្រៀបធៀបខគម្ពីរអេភេសូរ ១:៣-១៤; អេភេសូរ ២:១-១០)។ សេចក្តីសន្យានេះក៏ប្រៀបដូចជាសេចក្តីសន្យា ដែលព្រះបានតាំងឡើង ជាមួយនឹងអ្នកគ្រីស្ទាន នៅពេលដែលពួកគេបានថ្វាយជីវិតរបស់ពួកគេដល់ទ្រង់នោះដែរ។ ការភ្ជាប់ពាក្យ និងការសន្យានៅក្នុងសម័យព្រះគម្ពីរនោះ ក៏បានរាប់បញ្ចូលទាំងកិច្ចសន្យាផងដែរ។ កិច្ចសន្យាទាំងនេះ បានចែងអំពីចំនួននៃបណ្ណាការដែលស្វាមីត្រូវចេញ ព្រមទាំងបានចែងអំពីចំនួនដែលកូនក្រមុំត្រូវទទួល បានពីគ្រួសាររបស់នាងផងដែរ។ ៥. ជួយឱ្យកូនក្រមុំត្រៀមខ្លួនជាស្រេច។ នៅទីបំផុត នៅពេលដែលគេនាំយកកូនក្រមុំទៅជួប កូនកំលោះរបស់នាងនោះ នាងមានសម្រស់ស្អាតមែនទែន (អេភេសូរ ៥:២៧)។ ព្រះយេស៊ូវមិនត្រឹមតែសម្អាតកូនក្រមុំរបស់ទ្រង់នោះឡើយ។ ព្រះយេស៊ូវថែមទាំងបានប្រទានសំលៀកបំពាក់ឱ្យកូនក្រមុំស្លៀក ព្រមទាំងបានជួយឱ្យនាងត្រៀមខ្លួនជាស្រេចផងដែរ។
តើខគម្ពីរអេភេសូរ ៥:២៥-២៧, ២៩ បានជួយឱ្យយើងយល់អំពីរបៀបដែលព្រះយេស៊ូវបាន គិតចំពោះយើងនោះដោយរបៀបណា? តើហេតុអ្វីបានជាគោលគំនិតនេះកម្សាន្តចិត្តយើងខ្លាំងម្ល៉េះ?
ពួកជំនុំគឺជាកូនក្រមុំរបស់ព្រះយេស៊ូវ វគ្គ២
តើលោកប៉ុលបានប្រើរូបស័ព្ទនៃការរៀបអាពាហ៍ពិពាហ៍នេះ ដើម្បីជួយឱ្យអ្នកគ្រីស្ទានបានយល់ អំពីសេចក្តីស្រលាញ់ដែលព្រះយេស៊ូវមានសម្រាប់ពួកគេនោះ? តើលោកប៉ុលបានមានប្រសាសន៍ថាកូន ក្រមុំនឹងត្រូវបានប្រគល់ទៅឱ្យកូនកំលោះនោះ នៅពេលណាដែរ? សូមអានខគម្ពីរកូរិនថូសទី២ ១១:១- ៤ សម្រាប់ចម្លើយ។
នៅក្នុងខគម្ពីរអេភេសូរ ៥:២៥-២៧ លោកប៉ុលបានមានប្រសាសន៍ថាព្រះយេស៊ូវគឺជាអ្នកប្រគល់ ជំនូនដល់កូនក្រមុំដោយអង្គទ្រង់ផ្ទាល់។ យោងទៅតាមពិធីមង្គលការនៅក្នុងសម័យព្រះគម្ពីរ ឪពុកកូនក្រមុំគឺជាអ្នកនាំកូនក្រមុំទៅរកកូនកំលោះ។ ប៉ុន្តែ កូនកំលោះមិនដែលនាំកូនក្រមុំមកកាន់ខ្លួនឯងនោះ ឡើយ។ លោកប៉ុលបានបង្ហាញយើងនូវទិដ្ឋភាពផ្សេងមួយទៀត។ គឺថា ព្រះយេស៊ូវគឺជាអ្នកនាំពួកជំនុំដែលជាកូនក្រមុំរបស់ទ្រង់នោះ មករកទ្រង់ដោយផ្ទាល់។ លោកប៉ុលបានយកអាពាហ៍ពិពាហ៍មកធ្វើជារូបស័ព្ទមួយ ដើម្បីជួយឱ្យយើងបានយល់សេចក្តី ស្រឡាញ់ដែលព្រះយេស៊ូវមានសម្រាប់ពួកជំនុំរបស់ទ្រង់នេះ៖ ១. ការភ្ជាប់ពាក្យ។ ព្រះយេស៊ូវបានយកព្រះអង្គទ្រង់មកធ្វើ «បណ្ណាការ» ជូនពួកជំនុំ ដើម្បីឱ្យ ទ្រង់អាច «រៀបអាពាហ៍ពិពាហ៍» ជាមួយនឹងពួកគេបាន។ នៅពេលដែលព្រះយេស៊ូវបានចេញថ្លៃបណ្ណាការ នេះរួចហើយនោះ មានន័យថាទ្រង់បានភ្ជាប់ពាក្យជាមួយនឹងពួកជំនុំដែលជាកូនក្រមុំរបស់ទ្រង់នោះហើយ (អេភេសូរ ៥:២៥)។ ២. ការត្រៀមខ្លួនជាស្រេច សម្រាប់ពិធីមង្គលការ។ នៅក្នុងនាមជាកូនកំលោះ ព្រះយេស៊ូវបាន បន្តលាងសម្អាតកូនក្រមុំរបស់ទ្រង់ ដើម្បីឱ្យនាងបានត្រៀមខ្លួនជាស្រេច ក្នុងការទទួលទ្រង់ (អេភេសូរ ៥:២៦)។ ៣. ពិធីមង្គល។ ព្រះយេស៊ូវបានធ្វើឱ្យកូនក្រមុំត្រៀមខ្លួនជាស្រេច ដោយសារតែទ្រង់ចង់នាំនាងមករកទ្រង់ដោយផ្ទាល់។ ពិធីមង្គលការគឺជារូបស័ព្ទមួយតំណាងឱ្យការយាងមកជាលើកទី២របស់ព្រះយេស៊ូវ។ ទន្ទឹមគ្នានេះ ព្រះយេស៊ូវក៏នឹងយាងមកយកពួកជំនុំដែលជាកូនក្រមុំរបស់ទ្រង់នោះ មករក ទ្រង់ដោយផ្ទាល់ផងដែរ (អេភេសូរ ៥:២៧; សូមប្រៀបធៀបខគម្ពីរកូរិនថូសទី២ ១១:១, ២; កូឡូស ១: ២១-២៣, ២៨)។
នៅក្នុងសម័យព្រះគម្ពីរ ពិធីមង្គលការតែងតែមានក្បួនដង្ហែនៅពេលយប់ជានិច្ច (សូមអានខគម្ពីរ ម៉ាថាយ ២៥:១-១៣)។ កូនកំលោះបានរៀបចំពិធីមង្គលការរបស់គេនៅក្នុងគេហដ្ឋានខាងកូនក្រមុំ ដែល ជាកន្លែងដែលគូស្វាមីភរិយាត្រូវរស់នៅ បន្ទាប់ពីពួកគេបានរៀបអាពាហ៌ពិពាហ៍រួច។ បន្ទាប់មក ក្បួនដង្ហែ បានចាប់ផ្តើមឡើង។ អ្នកចូលរួមនៅក្នុងក្បួនដង្ហែនោះបានកាន់ទៀនម្នាក់មួយៗ។ ក៏មានអ្នកខ្លះបានលេង តន្ត្រីផងដែរ។ អ្នកចូលរួមទាំងអស់បានរីករាយ និងពេញដោយក្តីអំណរ។ ហ្វូងមនុស្សដង្ហែឆ្ពោះទៅឯ គេហដ្ឋាននៃឪពុកខាងកូនក្រមុំ។ កូនក្រមុំក៏បានចូលរួមនៅក្នុងក្បួនដង្ហែនៅត្រង់គេហដ្ឋានឪពុករបស់នាងផងដែរ។ មានពេលខ្លះ នាងបានចេញទៅរកក្បួនដង្ហែនៅតាមផ្លូវមកកាន់គេហដ្ឋានឪពុករបស់នាង នោះតែម្តង ក៏មាន។ ក្បួនដង្ហែបាននាំគូស្វាមីភរិយាដែលបានភ្ជាប់ពាក្យរួចនោះ ចូលទៅក្នុងគេហដ្ឋានថ្មីរបស់ពួកគេ។ ភ្ញៀវបានចូលរួមពិធីមង្គលមួយសប្តាហ៍ជាមួយនឹងពួកគេនៅក្នុងគេហដ្ឋានថ្មីនោះ។ គូស្វាមីភរិយាបានរៀបអាពាហ៍ពិពាហ៍នៅចុងសប្តាហ៍នោះតែម្តង។ ទន្ទឹមគ្នានេះ កូនក្រមុំក៏ត្រូវបានប្រគល់ ឱ្យកូនកំលោះនៅក្នុងពិធីមង្គលការនោះដែរ។ លោកប៉ុលបានប្រាប់រូបស័ព្ទនេះ ដើម្បីជួយឱ្យយើងយល់អំពីការយាងមកជាលើកទី២។ ការភ្ជាប់ពាក្យដ៏យូររវាងព្រះយេស៊ូវ និងកូនក្រមុំរបស់ទ្រង់នោះ នឹងត្រូវបញ្ចប់នៅថ្ងៃណាមួយមិនខាន។
ចូរស្រឡាញ់ភរិយារបស់អ្នក ឱ្យដូចជាខ្លួនអ្នកចុះ
តើលោកប៉ុលបានប្រើហេតុផលអ្វីខ្លះ ដើម្បីលើកទឹកចិត្តស្វាមីឱ្យចេះស្រលាញ់ និងចេះថ្នាក់ថ្នមភរិយារបស់ពួកគេនោះ? សូមអានខគម្ពីរអេភេសូរ ៥:២៨-៣០ សម្រាប់ចម្លើយ។
លោកប៉ុលបានផ្តល់បញ្ជីក្បួនច្បាប់មួយសម្រាប់គ្រួសារអាត់វេនទីស្ទ (អេភេសូរ ៥:២១-៦:៩)។ នៅក្នុងខគម្ពីរអេភេសូរ ៥:២៨-៣០ លោកប៉ុលមានសារមួយសម្រាប់ស្វាមី ដែល «ស្អប់រូបសាច់ខ្លួនឯង ឡើយ» (អេភេសូរ ៥:២៩, សូមអានខ២៨ផងដែរ)។ បុរសដែលស្អប់រូបសាច់ខ្លួនឯងនេះ អាចនឹងវាយដំធ្វើបាបភរិយារបស់គាត់បាន។ នៅក្នុងនគររ៉ូមនៅសម័យរបស់លោកប៉ុលនោះ ឪពុកគឺជាអ្នកធំជាងគេ នៅក្នុងគ្រួសារ។ យោងទៅតាមច្បាប់រ៉ូម ឪពុកអាចដាក់ទោស ឬសម្លាប់ប្រពន្ធកូន និងបាវបម្រើរបស់ ពួកគេបាន
នៅក្នុងខគម្ពីរអេភេសូរ ៥:២៥-២៧ លោកប៉ុលបានបង្ហាញយើងអំពីគំរូនៃសេចក្តីស្រឡាញ់ដ៏មានឥទ្ធិពលជាទីបំផុត គំរូនោះគឺជាសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានសម្រាប់ពួកជំនុំរបស់ទ្រង់នោះឯង។ គំរូនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវនេះ បានផ្តល់គំរូថ្មីខុសពីមុនដល់ពួកស្វាមី ដើម្បីឱ្យ ពួកគេបានធ្វើតាម។ លោកប៉ុលបានសូមឱ្យស្វាមីគ្រីស្ទានស្រឡាញ់ភរិយារបស់ពួកគេ (អេភេសូរ ៥:៨) ឱ្យដូចជាព្រះយេស៊ូវបានស្រឡាញ់កូនក្រមុំដែលពួកជំនុំរបស់ទ្រង់យ៉ាងដូច្នោះដែរ។ ព្រះយេស៊ូវបានសុគត ដើម្បីពួកជំនុំ។ ព្រះយេស៊ូវបានផ្គត់ផ្គង់តម្រូវការគ្រប់បែបយ៉ាងរបស់នាង (អេភេសូរ ៥:២៥-២៧)។ លោក ប៉ុលបានសូមឱ្យស្វាមីគ្រីស្ទានឈប់ប្រព្រឹត្តដូចជាស្វាមីមិនមែនជឿព្រះបានធ្វើនោះតទៅទៀត ដោយ សម្របឱ្យត្រូវនឹងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទវិញ។
នៅក្នុងខគម្ពីរអេភេសូរ ៥:២៨-៣០ លោកប៉ុលផ្តល់ហេតុផលថ្មីមួយដល់ស្វាមីគ្រីស្ទាន ឱ្យស្រឡាញ់ភរិយារបស់ពួកគេឱ្យដូចជាខ្លួនឯង។ លោកប៉ុលបានមានប្រសាសន៍ថា «មិនដែលមានអ្នកណា ស្អប់រូបសាច់ខ្លួនឯងឡើយ» (អេភេសូរ ៥:២៩)។ លោកប៉ុលមិនចង់ឱ្យស្វាមីគ្រីស្ទានវាយដំ ឬធ្វើបាបភរិយារបស់ពួកគេនោះឡើយ។ ដូច្នេះ លោកប៉ុលបានអញ្ជើញគ្រីស្ទានឱ្យចងចាំថាពួកគេ និងភរិយារបស់ ពួកគេត្រូវតែរួបរួមគ្នាឱ្យដូចជារូបកាយតែមួយ។ ប្រសិនបើស្វាមីគ្រីស្ទានបានធ្វើបាបភរិយារបស់គាត់នោះ មានន័យថាគាត់បានធ្វើបាបខ្លួនឯងហើយ។ មនុស្សភាគច្រើនដែលមិនមែនជាមនុស្សល្ងីល្ងើនោះ ពួកគេ មិនដូច្នេះឡើយ។
លោកប៉ុលបានមានប្រសាសន៍ថាព្រះយេស៊ូវគឺជាគំរូសម្រាប់ទាំងភរិយាទាំងស្វាមី។ តើលោក អ្នកបានរៀនមេរៀនអ្វីពីព្រះយេស៊ូវ អំពីការស្រឡាញ់សមាជិកគ្រួសាររបស់លោកអ្នកនោះ?
គំរូនៅក្នុងព្រះគម្ពីរអំពីអាពាហ៍ពិពាហ៍
ចូរសិក្សារឿងនៅក្នុងខគម្ពីរលោកុប្បត្តិ ២:១៥-២៥ អំពីរបៀបដែលព្រះបានបង្កើតផ្ទៃមេឃ និង ផែនដី។ តើមានរឿងអ្វីកើតឡើង មុនពេលដែលស្វាមី «ទៅនៅជាប់នឹងប្រពន្ធ» និង «ត្រឡប់ជាសាច់តែ១» (លោកុប្បត្តិ ២:២៤) នោះ?
នៅក្នុងដំបូន្មានរបស់លោកប៉ុលសម្រាប់ស្វាមី និងភរិយា (អេភេសូរ ៥:៣១) នេះ លោកប៉ុលបានប្រើសម្រង់មតិមួយពីខគម្ពីរលោកុប្បត្តិ ២:២៤។ ខណៈពេលដែលលោកប៉ុលបានមានប្រសាសន៍អំពីរបៀបដែលជីវិតបានកកើតឡើងនោះ គាត់ក៏បានមានប្រសាសន៍អំពីតម្រូវការនៃពួកជំនុំគ្រីស្ទាន និងសុខភាពនៅក្នុងគ្រួសារដែលជាកម្មសិទ្ធនៃពួកជំនុំទាំងនេះផងដែរ។ លោកប៉ុលបានជឿថាខគម្ពីរលោកុប្បត្តិ ២:២៤ នេះ គឺជាដំបូន្មានអំពីអាពាហ៍ពិពាហ៍ដ៏ល្អបំផុត នៅគ្រប់សម័យកាលទាំងអស់។ ព្រះបានបង្កើតការរួមភេទឱ្យមកជាផ្នែកមួយនៃអាពាហ៍ពិអាពាហ៍។ ការរួមភេទគឺជារូបស័ព្ទមួយតំណាងឱ្យរបៀបស្វាមី និងភរិយា បានរួបរួមគ្នា និងបានក្លាយមកជាសាច់តែមួយនៅក្នុងអាពាហ៍ពិពាហ៍នោះ។ គឺថា ចិត្ត គំនិត រូបកាយ និងវិញ្ញាណរបស់ពួកគេបានរួបរួមជាមួយនឹងគ្នា។
លោកប៉ុលបានប្រើខគម្ពីរលោកុប្បត្តិ ២:២៤ ដើម្បីជួយឱ្យយើងយល់កាន់តែច្បាស់ អំពីសេចក្តីស្រឡាញ់របស់ស្វាមីគ្រីស្ទាន និងភរិយាគ្រីស្ទាន។ នៅពេលដែលលោកប៉ុលបានជ្រើសរើសសម្រង់មតិ មួយពីខគម្ពីរលោកុប្បត្តិ ២:២៤ នោះ គាត់បានរើសយកខមួយ ស្តីអំពីអាពាហ៍ពិពាហ៍ មុនពេលដែលផែនដី នេះមានអំពើបាប។ ប៉ុន្តែ ឥឡូវនេះ យើងកំពុងតែរស់នៅលើផែនដីដែលពោរពេញទៅដោយអំពើបាប។ អាពាហ៍ពិពាហ៍សព្វថ្ងៃនេះ និងអាពាហ៍ពិពាហ៍កាលពីសម័យមុន តែងតែបង្ហាញយើងនូវគោលគំនិតមួយដែល ថាស្ត្រីគឺជាអ្នកខុស។ គោលគំនិតអំពីការរួមភេទនៅក្នុងសម័យទំនើបនេះ បាននិយាយថាស្ត្រីគួរតែស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់បុរស ហើយនាងក៏ត្រូវបម្រើបុរសដូចជាបាវបម្រើផងដែរ។ ប៉ុន្តែ ព្រះគម្ពីរមិនបានបង្រៀនគោលគំនិតអំពីការរួមភេទបែបនេះនោះឡើយ។ លោកប៉ុលបានមានប្រសាសន៍ថា កាលពីដើមដំបូង ឡើយ ព្រះបានបង្កើតការរួមភេទ ដើម្បីឱ្យបុរស និងស្ត្រីបានក្លាយមកជាសាច់តែមួយ ចិត្តតែមួយ និងវិញ្ញាណ តែមួយនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ។ ទន្ទឹមគ្នានេះ ស្វាមីមិនត្រូវគ្រប់គ្រងគំនិត និងរូបកាយរបស់ភរិយា ខ្លួននោះឡើយ។ ព្រះគម្ពីរបានបង្រៀនថានៅក្នុងអាពាហ៍ពិពាហ៍ ស្វាមី និងភរិយាបានក្លាយមកជាសាច់តែ មួយ។ ដូច្នេះ ខគម្ពីរអេភេសូរ ៥:២១-៣៣ និងខគម្ពីរលោកុប្បត្តិ ២:២៤ គឺជាសេចក្តីពិតសំខាន់ៗនៅក្នុងព្រះគម្ពីរ ដែលបានបង្រៀនយើងអំពរបៀបដែលស្វាមី និងភរិយាគួរតែប្រព្រឹត្ត និងគួរតែស្រឡាញ់គ្នាទៅវិញ ទៅមកនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ។
នៅក្នុងខគម្ពីរអេភេសូរ ៥:៣២ ព្រះបានមានបន្ទូលប្រាប់លោកប៉ុលអំពី «សេចក្តីពិតដ៏អាថ៌កំបាំង» មួយ។ សេចក្តីដ៏អាថ៌កំបាំងនេះគឺជាការបង្រៀនដ៏អស្ចារ្យមួយ ដែលថាសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចំពោះពួកជំនុំរបស់ទ្រង់ បានជួយឱ្យយើងយល់អំពីអាពាហ៍ពិពាហ៍គ្រីស្ទាន ហើយអាពាហ៍ពិពាហ៍គ្រីស្ទាន នោះ ក៏បានជួយឱ្យយើងយល់អំពីសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវមានចំពោះពួកជំនុំរបស់ទ្រង់ផងដែរ។ នៅពេលដែលយើងប្រៀបធៀបអាពាហ៍ពិពាហ៍គ្រីស្ទានទៅនឹងសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះ ពួកជំនុំរបស់ទ្រង់នោះ យើងនឹងបានយល់កាន់តែប្រសើរឡើង អំពីរបៀបដែលស្វាមី និងភរិយាគួរតែ ស្រឡាញ់គ្នាទៅវិញទៅមក។ ហើយយើងក៏នឹងបានយល់អំពីទំហំដែលព្រះយេស៊ូវបានស្រឡាញ់យើងនោះដែរ។
តើខគម្ពីរអេភេសូរ ៥:៣៣ បានជួយឱ្យលោកអ្នកយល់អំពីក្បួនច្បាប់សំខាន់ៗនៅក្នុងខគម្ពីរអេភេសូរ ៥:២១-៣២ នោះដោយរបៀបណា? តើលោកអ្នកអាចធ្វើតាមក្បួនច្បាប់សំខាន់ៗទាំងនេះនៅ ក្នុងអាពាហ៍ពិពាហ៍របស់លោកអ្នកនោះដោយរបៀបណា?
ការសិក្សាបន្ថែម៖ «សូមអាន Ellen G. White, “Responsibilities of Married Life,” Testimonies for the Church, volume 7, pages 45-50, and “Mutual Obligations,” The Adventist Home, pages 114-120។ អ្នកស្រីអែល្លីន ជី វ៉ៃត៍បានប្រាប់ស្វាមី និងភរិយាឱ្យឈប់ព្យាយាមគ្រប់គ្រងគ្នា។ អ្នកស្រីបាន សរសេរថា «កុំឱ្យព្យាយាមបង្ខំគ្នាឱ្យធ្វើតាមអ្វីដែលលោកអ្នកចង់បាននោះឡើយ។ លោកអ្នកមិនអាចធ្វើ បែបនេះ ហើយរំពឹងចង់ឱ្យអ្នកដទៃបន្តស្រឡាញ់លោកអ្នកនោះឡើយ។ តែត្រូវចេះស្រឡាញ់ ចេះអត់ធ្មត់ ចេះយកអាសា និងចេះធ្វើល្អចំពោះគ្នាទៅវិញទៅមកវិញ»។ ដកស្រង់ពី Adventist Home, page 118, adapted។
អ្នកស្រីអែល្លីន ជី វ៉ៃត៍បានប្រាប់អំពីអត្ថន័យនៅក្នុងខគម្ពីរកូឡូស ៣:១៨ និងខគម្ពីរអេភេសូរ៥:២២-២៤។ អ្នកស្រីបានមានប្រសាសន៍ថា «អ្នកដទៃតែងតែសួរសំណួរថា ‘តើនៅក្នុងអាពាហ៍ពិពាហ៍ ភរិយាមានសិទ្ធជ្រើសរើសធ្វើនូវអ្វីដែលនាងចង់ធ្វើដែរឬទេ?’ ព្រះគម្ពីរបានសំដែងថាស្វាមីគឺជាមេគ្រួសារ។ ‘ពួកស្រីៗ អើយ ចូរចុះចូលចំពោះប្តីខ្លួន’ (កូឡូស៣:១៨)។ បើសិនជាលោកប៉ុលបានបញ្ចប់សេចក្តីបង្គាប់ របស់ព្រះត្រឹមតែប៉ុណ្ណេះនោះ យើងនឹងអាចនិយាយបានថាមនុស្សភាគច្រើននឹងលែងចង់ធ្វើជាភរិយាតទៅទៀតហើយ . . . . ស្វាមីជាច្រើននាក់បានឈប់នៅត្រង់ពាក្យនេះ ‘ពួកស្រីៗ អើយ ចូរចុះចូលចំពោះ ប្តីខ្លួន’។ ប៉ុន្តែ យើងត្រូវតែអានសេចក្តីបង្គាប់របស់ព្រះ តាមរយៈលោកប៉ុលនេះ ឱ្យចប់សិន គឺថា ‘ពួកស្រីៗ អើយ ចូរចុះចូលចំពោះប្តីខ្លួន ដូចជាគួរគប្បីក្នុងព្រះអម្ចាស់’ (កូឡូស ៣:១៨)»។ ដកស្រង់ពី Adventist Home, pages 115, 116, adapted។
សំណួរពិភាក្សា ១. តើយ៉ាងណាទៅវិញ ប្រសិនបើមានអ្នកណាម្នាក់និយាយថាខគម្ពីរអេភេសូរ ៥:២១-៣៣ នេះ គឺជា ដំបូន្មានហួសសម័យទៅហើយ ហើយអ្នកគ្រីស្ទានក៏មិនចាំបាច់ធ្វើតាមខនេះដែរនោះ? តើលោកអ្នកនឹង ឆ្លើយដោយរបៀបណា? ២. តើដំបូន្មាននៅក្នុងខគម្ពីរអេភេសូរ ៥:២១-៣៣ នេះបានជួយដល់អ្នកដទៃដែលមានបញ្ហានៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេនោះដោយរបៀបណា? ៣. សូមគិតបន្ថែមទៀត អំពីគោលគំនិតនៃរបៀបដែលស្វាមី និងភរិយាបានក្លាយមកជា «សាច់តែ១» នៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ។ តើគោលគំនិតនេះបានជួយឱ្យយើងយល់អំពីផែនការដែលព្រះមាន សម្រាប់អាពាហ៍ពិពាហ៍នោះដោយរបៀបណា? តើហេតុអ្វីបានជាគូស្វាមីភរិយាត្រូវតែធ្វើអ្វីដែលពួកគេអាចធ្វើទៅបាន ដើម្បីរក្សាអាពាហ៍ពិពាហ៍របស់ពួកគេយ៉ាងដូច្នេះ?
ការសួរសុខទុក្ខអ្នកទោសនៅក្នុងប្រទេសអេស៉្បាញ
ការធ្វើការជាមួយនឹងអ្នកទោសគឺជាបំណងប្រាថ្នារបស់ខ្ញុំ។ ខ្ញុំបានចូលរួមនៅក្នុងកម្មវិធីផ្សាយ ដំណឹងល្អនៅតាមពន្ធនាគារនេះ នៅក្នុងតំបន់ដែលខ្ញុំបានបម្រើការជាប៉ាស្ទ័រនោះ ដំបូង នៅក្នុងប្រទេស កូឡុំប៊ីដែលជាស្រុកកំណើតរបស់ខ្ញុំ ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបម្រើនៅក្នុងប្រទេសអេស៉្បាញវិញ។ ខ្ញុំបានចុះ ទៅតាមពន្ធនាគារ៤កន្លែង នៅក្នុងប្រទេសអេស្ប៉ាញ រួមទាំងពន្ធនាគារដែលមានសុវត្ថិភាពសម្រាប់អ្នក ទោសស្រីៗ នៅក្នុងទីក្រុងម៉ាឌ្រីដ (Madrid) នៃប្រទេសអេស្ប៉ាញផងដែរ។ វាត្រូវចំណាយពេលស្នើសុំ មន្ត្រីពន្ធនាគារអស់រយៈពេល៣ឆ្នាំ ទើបគេអនុញ្ញាតឱ្យខ្ញុំចូលទៅក្នុងពន្ធនាគារដែលមានអ្នកទោសស្រីៗ ចំនួន៤០០នាក់នោះ។ នៅទីបំផុត អាជ្ញាធរខាងឯពន្ធនាគារបានអនុញ្ញាតឱ្យខ្ញុំចូលទៅក្នុងពន្ធនាគារជា លើកដំបូងនៅក្នុងឆ្នាំ២០១៩ ហើយខ្ញុំបានចាប់ផ្តើមដឹកនាំកម្មវិធីថ្វាយបង្គំព្រះ ពីម៉ោង៥:៣០ដល់ម៉ោង ៧ល្ងាច ជារៀងរាល់ថ្ងៃព្រហស្បត្តិ៍។ មានអ្នកទោសស្រីតែម្នាក់គត់ ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីថ្វាយបង្គំព្រះជាលើកដំបូងនោះ។ ប៉ុន្តែ នាងមានចិត្តឆេះឆួលចង់ស្តាប់ខ្ញុំនិយាយណាស់។
ខ្ញុំបានប្រាប់ស្ត្រីនោះថា «ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានជួបអ្នក ដ្បិតការនេះបានធ្វើឱ្យខ្ញុំមានអំណរនៅក្នុងការមកលេងទីនេះ។ ប៉ុន្តែ យើងក៏ត្រូវតែអធិស្ឋាន ដើម្បីឱ្យបានជួបមនុស្សថ្មីៗច្រើន នេះទៀតផងដែរ»។ ពួកយើងបានអធិស្ឋានសូមឱ្យព្រះនាំមនុស្សមកចូលរួមកម្មវិធីផ្សាយដំណឹងល្អរបស់យើងជារៀងរាល់ថ្ងៃព្រហស្បត្តិ៍នោះបន្ថែមទៀត។ លុះដល់ថ្ងៃទី៤ នៅពេលដែលខ្ញុំបានទៅដល់ពន្ធនាគារនោះ ខ្ញុំ បានឃើញស្ត្រី១០នាក់កំពុងតែរង់ចាំខ្ញុំ។ សព្វថ្ងៃនេះ មានអ្នកទោសស្រីៗចំនួន៦០នាក់ បានចូលរួមកម្មវិធី នោះជារៀងរាល់អាទិត្យ។ ពួកគេមានអាយុចាប់ពី២២រហូតទៅដល់អាយុប្រហែលជា៧០ឯណោះ។ កម្មវិធី ថ្វាយបង្គំរបស់យើងត្រូវបានបំបែកចេញជា៣ផ្នែក គឺផ្នែកចម្រៀង ផ្នែកអធិស្ឋាន និងផ្នែកខាងឯការចែក រំលែកទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេ ដែលបានហៅថា «ការឱ្យចំណងជើងទៅលើការអស្ចារ្យរបស់លោក អ្នក» ព្រមទាំងការសិក្សាព្រះគម្ពីរផងដែរ។ នៅពេលដែលខ្ញុំនិយាយទៅកាន់ពួកគេនោះ ខ្ញុំតែងតែរំឮក ពួកគេថាព្រះគឺជាបិតារបស់ពួកគេ ដោយទ្រង់បានគង់នៅឯស្ថានសួគ៌។ ខ្ញុំបាននិយាយថា «ព្រះទតមើល អ្នកទាំងអស់គ្នា ដូចជាបុត្រីរបស់ទ្រង់យ៉ាងដូច្នោះដែរ»។
តាំងពីខ្ញុំបម្រើការជាប៉ាស្ទ័រអស់រយៈពេលប៉ុន្មាននេះមក ខ្ញុំមិនដែលបានឃើញការថ្វាយបង្គំ និង ការសរសើរតម្កើងព្រះ ដូចជាការថ្វាយបង្គំនៅក្នុងពន្ធនាគារនោះឡើយ។ ការថ្វាយបង្គំ និងការសរសើរ តម្កើងព្រះរបស់ពួកគេពិតជាអស់ពីចិត្តមែន។ ដ្បិតពួកគេមានភាពស្មោះត្រង់ និងភាពប្រាកដប្រជានៅក្នុង សេចក្តីអធិស្ឋានរបស់ពួកគេ។ មានពេលខ្លះ ខ្ញុំថែមទាំងចង់ឱ្យការប្រជុំនៅថ្ងៃព្រហស្បតិ៍របស់យើងនោះឆាប់ មកដល់ ជាងកម្មវិធីថ្វាយបង្គំព្រះនៅក្នុងព្រះវិហារនៅថ្ងៃសប្បាតហ៍ទៀតផង។ ពេលវេលានៃការជួបជុំ របស់យើងមានរយៈពេលខ្លីណាស់ ដូច្នេះហើយ ពួកគេអាចសរសេរទីបន្ទាល់របស់ពួកគេនៅលើក្រដាស មួយសន្លឹក រួចហើយពួកគេត្រូវយកក្រដាសនោះមកឱ្យខ្ញុំ នៅចុងម៉ោងនៃការជួបជុំនោះតែម្តង។ នៅក្នុង ក្រដាសទាំងនោះមានសរសេរពាក្យសរសើរតម្កើង អំពីរបៀបដែលព្រះកំពុងតែផ្លាស់ប្តូរជីវិតរបស់ពួកគេ។ ហើយឥឡូវនេះ ខ្ញុំមានគំនរក្រដាសទាំងនោះយ៉ាងច្រើនសន្ធឹក។
ក៏មានសមាជិកក្រុមជំនុំមួយក្រុមបានទៅសួរសុខទុក្ខដល់អ្នកទោសស្ត្រីៗទាំងនោះ ព្រមទាំង បង្រៀនព្រះគម្ពីរដល់ពួកគេនៅចុងសប្តាហ៍ផងដែរ។ ពួកគេអាចចូលទៅសួរសុខទុក្ខអ្នកទោសស្រីៗទាំងនោះបាន តែពីក្រោយកញ្ចក់ប៉ុណ្ណោះ។ ពីព្រោះអាជ្ញាធរមិនបានអនុញ្ញាតឱ្យ ពួកគេចូលទៅ ដូចជាខ្ញុំនោះឡើយ។ ទោះជាយ៉ាងនេះក្តី ពួកយើងទាំងអស់គ្នាបានឃើញផលផ្លែនៃការកែប្រែចិត្ត ដោយមានស្ត្រីជាច្រើននាក់ បានថ្វាយ ជីវិតរបស់ពួកគេដល់ព្រះយេស៊ូវ ហើយយើងក៏បានបង្កើតទំនាក់ទំនងជាមួយ សាច់ញាតិរបស់ពួកគេផងដែរ។