ខចងចាំ៖ «ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តនឹងបាវបំរើដូច្នោះដែរ ទាំងលែងគំហកកំហែងទៅ ដោយ ដឹងថា ចៅហ្វាយរបស់គេ ហើយរបស់អ្នករាល់គ្នាផង នោះទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់មិនចេះ រើសមុខអ្នកណាឡើយ» (អេភេសូរ ៦:៩)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ៦:១-៩; ម៉ាថាយ ១៨:១-៥, ១០; កូឡស ៣:២១; ធីម៉ូថេទី១ ៦:១, ២; ពេត្រុសទី១ ២:១៨-២៥។
នៅក្នុងឆ្នាំ២០១៨ មនុស្សម្នាបាននាំគ្នាទៅលេងសារមន្ទីរគម្ពីរនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ អ្នកទេសចរណ៍បានចូលទៅមើលគម្ពីរដ៏ពិសេសមួយ។ គម្ពីរនោះមានអាយុជាង២០០ឆ្នាំមកហើយ។ គម្ពីរនោះត្រូវបានបោះពុម្ពនៅក្នុងឆ្នាំ១៨០៨នៃគ្រិស្តសករាជ។ គម្ពីរនោះបានបាត់ជំពូកជា ច្រើន។ មនុស្សដែលបានបង្កើតគម្ពីរនេះឡើង បានលុបគម្ពីរសញ្ញាចាស់៩០% និងលុបគម្ពីរសញ្ញាថ្មី ៥០%ចេញ។ ព្រះគម្ពីររបស់ពួកយើងមាន១១៨៩ជំពូក។ ប៉ុន្តែ គម្ពីរនៅឆ្នាំ១៨០៨មានត្រឹមតែ២៣២ ជំពូកប៉ុណ្ណោះ។
តើហេតុអ្វីបានជាគម្ពីរនៅឆ្នាំ១៨០៨នោះ មានជំពូកខ្លីម្ល៉េះ? នោះគឺដោយសារតែទាសភាព នៅក្នុងប្រទេសអាមេរិកនៅពេលនោះ គឺជារឿងមួយដែលស្របច្បាប់។ ដូច្នេះ មនុស្សដែលបានបោះពុម្ព គម្ពីរនោះ បានដកខគម្ពីរ ដែលពួកគេបានគិតថាអាចនឹងធ្វើឱ្យទាសកររត់ចេញ ឬបះបោរទាស់នឹង ចៅហ្វាយរបស់ពួកគេនោះ។ អ្នកដែលបានបង្កើតគម្ពីរនោះឡើង បានទុកត្រឹមតែខគម្ពីរដែលពួកគេ បានយល់ឃើញថាគាំទ្រភាពជាទាសករប៉ុណ្ណោះ។ ខគម្ពីរអេភេសូរ ៦:៥ គឺជាខមួយនៅក្នុងចំណោម ខទាំងនោះ ដែលមនុស្សជាច្រើនបានយល់ច្រឡំរហូតមកដល់សព្វថ្ងៃនេះ។ «អ្នកបម្រើរាល់គ្នាអើយ ចូរ ស្តាប់បង្គាប់ចៅហ្វាយខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាចហើយញាប់ញ័រ ព្រមទាំងមានចិត្តទៀងត្រង់ ដូចជាដល់ព្រះគ្រីស្ទ» (អេភេសូរ ៦:៥)។ តើយើងដែលជាអ្នកគ្រីស្ទានបានយល់នូវអ្វីដែលព្រះបានមានបន្ទូលតាមរយៈលោកប៉ុលនៅ ក្នុងខគម្ពីរអេភេសូរ ៦:១-៩ អំពីភាពជាទាសករនេះដែរឬទេ? សប្តាហ៍នេះ យើងនឹងរៀនអំពីរបៀបដែលដំណឹងល្អបានជួយឱ្យយើងយល់សាររបស់លោកប៉ុលនេះ។
តើលោកប៉ុលបានផ្តល់ដំបូន្មានអ្វីខ្លះ ដល់ក្មេងៗ? តើលោកប៉ុលបានយកខគម្ពីរសញ្ញាចាស់មួយណា មកគាំទ្រប្រសាសន៍របស់គាត់នោះ? សូមអានខគម្ពីរអេភេសូរ ៦:១-៣ សម្រាប់ចម្លើយ។ សូម អានខគម្ពីរម៉ាថាយ ១៨:១-៥, ១០; ម៉ាកុស ១០:១៣-១៦ ផងដែរ ដើម្បីឆ្លើយតបទៅនឹងសំណួរទាំងនេះ។
តើក្មេងៗដែលលោកប៉ុលបានមានប្រសាសន៍នៅត្រង់នេះគឺជាអ្នកណា? នៅពេលដែលយើង បានដឹងចម្លើយឆ្លើយតបទៅនឹងសំណួរទាំងនេះនោះ យើងក៏នឹងយល់ដំបូន្មានរបស់លោកប៉ុលកាន់តែ ប្រសើរឡើងដែរ។ ពាក្យសរសេរថា «ក្មេងរាល់គ្នា» នៅក្នុងខគម្ពីរអេភេសូរ ៦:១-៣ បានប្រែមកពីពាក្យ ថា «ថា ថេខ្នា (ta tekna)» ជាភាសាក្រេក។ «ថា ថាខ្នា» អាចសំដៅទៅលើក្មេងៗតូចៗ ឬក៏ក្មេងៗធំៗ។ នៅក្នុងសម័យគម្ពីរសញ្ញាថ្មី ក្មេងៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុក រហូតដល់ឪពុកមានអាយុ ៦០ឆ្នាំ (នៅក្នុងគ្រួសារនៃសាសន៍ក្រេក) ឬអាចរហូតដល់ឪពុកស្លាប់ ក៏មាន (នៅក្នុងគ្រួសារនៃសាសន៍ រ៉ូម)។ ក្មេងៗដែលលោកប៉ុលបានមានប្រសាសន៍នៅត្រង់នេះ គឺក្មេងមានអាយុតូច ល្មមឱ្យឪពុកម្តាយ ពួកគេបង្ហាត់ពួកគេបាន (អេភេសូរ ៦:៤)។ ទន្ទឹមគ្នានេះ ក្មេងៗទាំងនេះក៏សំដៅទៅលើក្មេងៗដែលមាន អាយុធំ ល្មមនឹងសម្រេចចិត្តស្តាប់បង្គាប់ព្រះយេស៊ូវផងដែរ។ សូមចងចាំថាសំបុត្ររបស់លោកប៉ុលនឹងត្រូវបានអាននៅឯព្រះវិហារនៅតាមផ្ទះ នៅក្នុងទីក្រុង អេភេសូរ។ នៅក្នុងសំបុត្ររបស់គាត់ លោកបានបង្គាប់ឱ្យពួកក្មេងៗនៅព្រះវិហារនៅតាមផ្ទះគោរព និង លើកតម្កើងឪពុកម្តាយរបស់ពួកគេ (សូមប្រៀបធៀបខគម្ពីរអេភេសូរ ៥:២២; អេភេសូរ ៦:៤, ៥, ៧- ៩)។ លោកប៉ុលចង់ឱ្យសមាជិកពួកជំនុំចាស់គោរពក្មេងៗដូចជាសិស្សរបស់ព្រះយេស៊ូវយ៉ាងដូច្នោះដែរ ដោយអនុញ្ញាតឱ្យពួកគេជួយការងារព្រះវិហារនៅថ្ងៃសប្បាតហ៍។ នៅក្នុងខគម្ពីរអេភេសូរ ៦:១-៣ យើងបាន រៀនអំពីក្បួនច្បាប់សំខាន់ៗអំពីការធ្វើជាឪពុកម្តាយ និងក្បួនច្បាប់សំខាន់ៗអំពីការបង្រៀនអំពីព្រះយេសូវ ផងដែរ។
ការដែលលោកប៉ុលបានបង្គាប់ឱ្យក្មេងៗគោរពឪពុកម្តាយរបស់ពួកគេនេះ ពុំមានន័យពួកគេត្រូវតែគោរពឪពុកម្តាយរបស់ពួកគេ ដោយមិនបាច់ឆ្ងល់អ្វីនោះឡើយ។ «ក្មេងៗត្រូវតែស្តាប់បង្គាប់ព្រះវិញ ប្រសិនបើឪពុកម្តាយបានសូមឱ្យកូនៗធ្វើអ្វីមួយដែលមិនស្តាប់បង្គាប់ព្រះយេស៊ូវនោះ។ ក្មេងៗមិនត្រូវខ្វល់ខ្វាយអំពីអ្វីដែលត្រូវកើតឡើង នៅពេលដែលពួកគេមិនបានស្តាប់បង្គាប់ព្រះនោះឡើយ។ ផ្ទុយទៅ វិញ ពួកគេៗត្រូវតែជឿទុកចិត្តទៅលើព្រះ ថាទ្រង់នឹងចាត់ចែងរឿងគ្រប់យ៉ាងសម្រាប់ពួកគេវិញ»។ ដក ស្រង់ពី Ellen G. White, The Adventist Home, page 293, adapted។
លោកប៉ុលបានបញ្ចប់ដំបូន្មានរបស់គាត់ដល់ពួកក្មេងៗ ដោយសូមឱ្យពួកគេចាំក្រឹត្យវិន័យទី៥។ ក្រឹត្យវិន័យទាំង១០ប្រការសំខាន់ចំពោះលោកប៉ុលណាស់ (សូមអានខគម្ពីរអេភេសូរ ៤:១-៦:៩; សូម អានខគម្ពីរអេភេសូរ ៤៤:២៥, ២៨; អេភេសូរ ៥:៣-១៤)។ លោកប៉ុលបានចាប់ផ្តើមសម្រង់មតិរបស់គាត់ដោយពាក្យថា «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» (អេភេសូរ ៦:២)។ បន្ទាប់មក លោកប៉ុលបាន បន្ថែមទៀតថា «នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្តីសន្យាផង» (អេភេសូរ ៦:២)។ លោក ប៉ុលបានបញ្ចប់សម្រង់មតិរបស់គាត់ដោយពាក្យថា «ដើម្បីឲ្យឯងរាល់គ្នាបានសេចក្តីសុខ ហើយរស់នៅ ផែនដីជាយូរអង្វែងទៅ» (អេភេសូរ ៦:៣)។ គ្មានឪពុកម្តាយណាល្អឥតខ្ចោះនោះឡើយ។ ប៉ុន្តែ ក្រឹត្យវិន័យ ទី៥បានបង្ហាញយើងថាផែនការដែលព្រះមានសម្រាប់ជីវិតរបស់យើងនោះ ក៏រាប់បញ្ចូលទាំងការគោរព ប្រតិបត្តិឪពុកម្តាយរបស់យើងផងដែរ។
ដំបូន្មានសម្រាប់ឪពុកម្តាយ
សូមប្រៀបធៀបខគម្ពីរអេភេសូរ ៦:៤ និងកូឡូស ៣:២១។ តើខគម្ពីរកូឡូស ៣:២១ បានផ្តល់ ហេតុផលអ្វីដល់យើង ដើម្បីកុំឱ្យយើងធ្វើឱ្យកូនៗរបស់យើងខឹងនោះ?
សៀវភៅដែលមានចំណងជើងថា «ស៊ីរ៉ាច (Sirach)» ត្រូវបានសរសេរដោយជនជាតិយូដាម្នាក់ឈ្មោះថាស៊ីរ៉ាច។ នៅក្នុងសៀវភៅរបស់គាត់ លោកស៊ីរ៉ាចបានផ្តល់ដំបូន្មានដល់ឪពុកម្តាយ។ ក៏មាន ឪពុកម្តាយសាសន៍យូដាជាច្រើននាក់បានអានសៀវភៅនេះ នៅក្នុងអំឡុងនៃសម័យរបស់លោកប៉ុលនោះ ដែរ។ នេះគឺជាដំបូន្មានខ្លះៗរបស់លោកស៊ីរ៉ាច គឺថា៖ «ឪពុករាល់គ្នាអើយ បើសិនជាលោកអ្នកស្រឡាញ់ ពួកកូនប្រុសរបស់លោកមែននោះ លោកអ្នកនឹងវាយប្រដៅពួកគេជាញឹកញាប់មិនខាន។ តែបើសិនជាលោកអ្នកផ្គាប់ចិត្តពួកកូនប្រុសរបស់លោកអ្នកវិញនោះ ពួកគេនឹងធ្វើឱ្យលោកអ្នកមានវិប្បដិសារីចំពោះការ ផ្គាប់ចិត្តនោះជាមិនខាន . . . . ចូរដាក់ទោសពួកកូនប្រុសរបស់លោកអ្នក ដោយប្រគល់កិច្ចការធ្ងន់ៗឱ្យ ពួកគេបានធ្វើនៅក្នុងជីវិតនេះ ដើម្បីឱ្យពួកគេបានគេចផុតពីបញ្ហាផ្សេងៗ។ ហើយពួកកូនប្រុសរបស់លោក អ្នកក៏មិនធ្វើឱ្យលោកអ្នកខកចិត្ត ដោយសារតែឥរិយាបថមិនល្អរបស់ពួកគេនោះដែរ»។ ដកស្រង់ពី Sirah 30:1, 9, 13, adapted។
ដំបូន្មានរបស់លោកប៉ុលគឺមានលក្ខណៈខុសគ្នាពីដំបូន្មានរបស់លោកប៉ុល។ ដ្បិតលោកប៉ុល បានទូន្មានថា «ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន និង សេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ នៅសម័យលោកប៉ុល ឪពុកមានសិទ្ធពេញលេញនៅក្នុងការគ្រប់គ្រងកូនៗរបស់ពួកគេទាំងស្រុង។ កូនៗរបស់ពួកគេគឺជាសម្បត្តិទ្រព្យរបស់ពួកគេ។ ឪពុកអាចដាក់ ទោសកូនៗដោយការធ្វើទណ្ឌកម្ម ឬអាចសម្លាប់កូនៗរបស់ពួកគេបាន បើសិនជាពួកគេមិនបានស្តាប់បង្គាប់ ឪពុក នោះ។ នៅក្នុងវប្បធម៌ខ្លះ ឪពុកបានគ្រប់គ្រងកូនៗរបស់គាត់លើសពីចៅហ្វាយ និងបាវបម្រើរបស់ គាត់ទៅទៀត។ ត្រង់នេះមិនមែនមានន័យថាលោកប៉ុលកំពុងតែមានប្រសាសន៍ថាការមានបាវបម្រើគឺជារឿងធម្មតានោះទេ។ ផ្ទុយទៅវិញ លោកប៉ុលកំពុងតែជួយឱ្យសមាជិកគ្រួសារស្ថាបនាទំនុកចិត្ត និងសេចក្តីស្រឡាញ់ឱ្យកាន់តែប្រសើរឡើងវិញទេតើ។ ដោយគាត់បានអញ្ជើញឪពុកគ្រីស្ទានរាល់គ្នាឱ្យ ពិចារណាឱ្យបានម៉ត់ចត់ អំពីរបៀបដែលពួកគេត្រូវដាក់ទោសកូនៗរបស់ពួកគេនោះ។ ប្រសិនបើឪពុកបានធ្វើឱ្យកូនៗរបស់ពួកគេមានកំហឹងនោះ កូនៗទាំងនោះអាចនឹងមិនមានចិត្តចង់បម្រើព្រះនោះឡើយ។ ដូច្នេះ ឪពុកត្រូវតែមានការប្រុងប្រយ័ត្នទៅលើចំណុចនៃការដាក់ទោសនេះ។
«ឪពុកម្តាយរាល់គ្នាអើយ លោកអ្នកត្រូវតែបង្ហាញសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងផ្ទះរបស់ លោកអ្នក។ លោកអ្នកត្រូវតែសូមឱ្យកូនៗរបស់លោកអ្នកស្តាប់បង្គាប់លោកអ្នក។ ប៉ុន្តែ មិនត្រូវស្រែក កំហកឱ្យពួកគេស្តាប់បង្គាប់នោះឡើយ។ ចូរឱ្យពាក្យសម្តីរបស់លោកអ្នកប្រកបដោយសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសវិញ . . . .»។ «ចូរបង្ហាញសេចក្តីសប្បុរសដល់មនុស្សគ្រប់គ្នានៅក្នុងផ្ទះរបស់លោកអ្នក។ កុំឱ្យនិយាយពាក្យ អ្វីដែលបណ្តាលឱ្យអ្នកណាម្នាក់មានកំហឹងនោះឡើយ។ ‘ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ’។ ដ្បិតសេចក្តីបង្គាប់នេះមានប្រភពមកពីព្រះ . . . .»។ «ព្រះមិនអនុញ្ញាតឱ្យឱពុកម្តាយដាក់ទោសកូនៗរបស់ពួកគេ ដោយពាក្យសម្តីគ្រោតគ្រាតគំរោះ គំរើយនោះឡើយ។ ព្រះក៏មិនចង់ឱ្យឪពុកម្តាយធ្វើបាបកូនៗរបស់ពួកគេ នៅពេលដែលពួកគេមិនស្តាប់ បង្គាប់នោះដែរ។ ដ្បិតសេចក្តីស្រឡាញ់របស់ព្រះត្រូវតែមាននៅក្នុងចិត្តឪពុកម្តាយ និងក្នុងចិត្តមេដឹកនាំ រដ្ឋាភិបាលទាំងឡាយផងដែរ។ បន្ទាប់មក ឪពុកម្តាយ និងពួកមេដឹកនាំនឹងអាចបង្រៀនបញ្ញត្តិរបស់ព្រះ ដល់កូនៗដែលពួកគេបានយកចិត្តទុកដាក់នោះជាមិនខាន។ ដកស្រង់ពី Ellen G. White, Child
ទាសភាពនៅក្នុងសម័យលោកប៉ុល
សូមអានដំបូន្មានដែលព្រះបានមានបន្ទូលតាមរយៈលោកប៉ុល សម្រាប់ពួកទាសករ និងពួក ចៅហ្វាយ៖ អេភេសូរ ៦:៥-៩; កូឡូស ៣:២២-៤:១; កូរិនថូសទី១ ៧:២០-២៤; ធីម៉ូថេទី១ ៦:១, ២; ពេត្រុសទី១ ២:១៨-២៥។ សូមសរសេរនូវអ្វីដែលលោកប៉ុលកំពុងតែមានប្រសាសន៍នៅត្រង់នេះ តាម ពាក្យពេចន៍របស់លោកអ្នក។
យើងអាចនឹងមានការភ្ញាក់ផ្អើលចំពោះដំបូន្មានដែលលោកប៉ុលបានទូន្មានដល់ពួកទាសករ និងពួកចៅហ្វាយ។ យើងអាចនឹងមានការពិបាកនៅក្នុងការព្យាយាមស្រមៃឃើញទិដ្ឋភាពដែលចៅហ្វាយ គ្រីស្ទានអង្គុយជុំគ្នាជាមួយនឹងបាវបម្រើគ្រីស្ទាននៅក្នុងព្រះវិហារនៅតាមផ្ទះនោះណាស់។ ប្រសិនបើពួក ចៅហ្វាយពិតជាគ្រីស្ទានមែននោះ ហេតុអ្វីបានជាពួកគេមិនដោះលែងបាវបម្រើរបស់ពួកគេទៅ? យើងត្រូវតែយល់ថាទាសភាពនៅក្នុងអំឡុងនៃគម្ពីរសញ្ញាថ្មី គឺមានលក្ខណៈខុសគ្នាជាច្រើនយ៉ាងពីទាសភាពនៅក្នុងប្រវត្តិសាស្ត្រអឺរ៉ុប និងប្រវត្តិសាស្ត្រអាមេរិក។ ចំណុចទី១ ទាសករនៅក្នុងសម័យ គម្ពីរសញ្ញាថ្មីមិនមែនមកពីជនជាតិតែនោះទេ។ ចំណុចទី២ មានពេលខ្លះ បាវបម្រើនៅតាមផ្ទះបានទទួល នូវការហ្វឹកហាត់ ឬការអប់រំ។ ពួកគេអាចធ្វើជាអ្នកសាងសង់ គ្រូពេទ្យ ឬអ្នកទស្សនវិទូជាដើម។ មាន ពេលខ្លះ ចៅហ្វាយបានដោះលែងបាវបម្រើនៅក្នុងផ្ទះរបស់គាត់ បន្ទាប់ពីពួកគេបានបម្រើគាត់រួច។ ប៉ុន្តែ បាវបម្រើភាគច្រើនមិនត្រូវបានគេដោះលែងនោះឡើយ។
មែនហើយ ទាសភាពនៅក្នុងសម័យគម្ពីរសញ្ញាថ្មីមានលក្ខណៈខុសគ្នាជាច្រើនយ៉ាងពីទាសភាព នៅក្នុងឆ្នាំ១៨០០។ ប៉ុន្តែ ភាពជាទាសករមិនមែនជារឿងល្អនោះឡើយ។ យើងក៏អាចអរព្រះគុណដល់ ព្រះបាន ដែលទ្រង់នឹងកាត់ទោសពួកចៅហ្វាយ ដោយបញ្ញត្តិរបស់ទ្រង់ផងដែរ។ សម្រែកនៃអតីតទាសករនៅក្នុងសាធារណរដ្ឋស៊ីរ៉ុសបានធ្វើឱ្យយើងស្លុតចិត្តយ៉ាងខ្លាំង ដោយ ពួកគេបានស្រែកថា «ខ្ញុំចង់ស្លាប់ ដើម្បីកុំឱ្យអ្នកណាម្នាក់អាចធ្វើបាបខ្ញុំតទៅទៀតបាន ពីព្រោះខ្ញុំគឺជា ទាសករ ហេតុដូច្នេះហើយ បានជាសេចក្តីស្លាប់គឺជាដំណោះស្រាយមួយដ៏ល្អបំផុត»។
ពាក្យថា «បាវបម្រើ» នៅក្នុងខគម្ពីរអេភេសូរ ៦:៥-៨ បានប្រែមកពីពាក្យថា «ឌួឡូស (doulos)»។ សព្វថ្ងៃនេះ អ្នកប្រាជ្ញខាងឯព្រះគម្ពីរមានបំណងចង់ផ្លាស់ប្តូរពាក្យថា «បាវបម្រើ» ទៅជា «អ្នកបម្រើ» វិញ ដើម្បីបង្ហាញថាបាវបម្រើនៅតាមផ្ទះត្រូវបានចៅហ្វាយអប់រំ និងដោះលែងពួកគេនៅក្រោយមកទៀត។ ប៉ុន្តែ យើងត្រូវតែចាំថាបាវបម្រើទាំងអស់ រួមទាំងបាវបម្រើនៅតាមផ្ទះនោះ សុទ្ធតែជាមនុស្សរបស់ចៅហ្វាយ ខ្លួន។ ចៅហ្វាយមានសិទ្ធគ្រប់គ្រងពីលើពួកគេ ហើយចៅហ្វាយក៏អាចដាក់ទោសពួកគេបានដែរ។ ដូច្នេះ ពាក្យថា «បាវបម្រើ» គឺជាវិធីដ៏ល្អបំផុតនៅក្នុងការបកប្រែពាក្យ «ឌួឡូស» នៅក្នុងខគម្ពីរអេភេសូរ ៦:៥-៨ នោះ។ «បាវបម្រើ» គឺជាពាក្យដ៏ល្អបំផុត ដោយសារតែពាក្យនេះបានបង្ហាញយើងថាមនុស្សប្រុសស្រី ទាំងនេះបានស្ថិតនៅក្នុងគ្រោះថ្នាក់គ្រប់ពេលវេលា (អេភេសូរ ៦:៩)
ទាសភាពគឺជាផ្នែកនៃការរស់នៅ នៅក្នុងសម័យលោកប៉ុល។ ដំបូន្មានរបស់គាត់មិនមែនស្តីអំពី របៀបបញ្ចប់ភាពជាទាសករនោះឡើយ។ ដំបូន្មានរបស់គាត់ក៏ស្តីអំពីរបៀបដែលទាសករ និងចៅហ្វាយ អាចរស់នៅក្នុងជីវិតថ្មីជាមួយនឹងព្រះយេស៊ូវបាន។
ទាសករដែលជាមនុស្សរបស់ព្រះយេស៊ូវ
តើលោកប៉ុលបានសូមឱ្យបាវបម្រើគ្រីស្ទានធ្វើអ្វីខ្លះ? សូមអានខគម្ពីរអេភេសូរ ៦:៥-៨ សម្រាប់ ចម្លើយ។
លោកប៉ុលបានសូមឱ្យបាវបម្រើគ្រីស្ទានគោរពតាមចៅហ្វាយរបស់ពួកគេ។ លោកប៉ុលក៏សូម ឱ្យបាវបម្រើធ្វើការឱ្យចៅហ្វាយរបស់ពួកគេ ឱ្យដូចជាពួកគេកំពុងតែធ្វើដើម្បីព្រះយេស៊ូវយ៉ាងដូច្នោះដែរ។ ទន្ទឹមគ្នានេះ បាវបម្រើក៏ត្រូវតែចាំថាពួកគេជាមនុស្សរបស់ព្រះយេស៊ូវផងដែរ។ ដូច្នេះ ពួកគេមិនត្រូវប្រគល់ ភក្តីភាពដែលជាកម្មសិទ្ធរបស់ព្រះយេស៊ូវតែមួយគត់នោះ ទៅឱ្យចៅហ្វាយរបស់ពួកគេនោះឡើយ។ គោល គំនិតរបស់លោកប៉ុលអំពីទាសភាពនេះ បានជួយឱ្យអ្នកគ្រីស្ទាននៅសម័យគាត់ ផ្លាស់ប្តូរផ្នត់គំនិត ដែល ពួកគេបានគិតអំពីចៅហ្វាយ និងទាសករនោះ។
សូមអាននៅក្នុងខគម្ពីរអេភេសូរ ៦:៥-៨ អំពីគោលគំនិតខ្លះៗរបស់លោកប៉ុលទាក់ទងទៅនឹង ប្រធានបទចៅហ្វាយ និងទាសករនេះ៖ លោកប៉ុលចង់ឱ្យបាវបម្រើចាំថាចៅហ្វាយពិតរបស់ពួកគេកំពុងតែគង់នៅឯស្ថានសួគ៌ (អេភេសូរ ៦:៥)។ បាវបម្រើក៏ត្រូវតែបម្រើចៅហ្វាយរបស់ពួកគេជាមួយនឹងការគោរព និងការលើកតម្កើងនៅក្នុងជីវិត របស់ពួកគេផងដែរ។ ពួកគេត្រូវតែបម្រើចៅហ្វាយរបស់ពួកគេ ឱ្យដូចជាការដែលពួកគេកំពុងតែបម្រើ ព្រះយេស៊ូវយ៉ាងដូច្នោះដែរ (អេភេសូរ ៦:៥-៦)។ លោកប៉ុលក៏បានប្រាប់បាវបម្រើគ្រីស្ទានយ៉ាងដូច្នេះដែរថា៖ «កុំបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត» (អេភេសូរ ៦:៦)។ លោកប៉ុលក៏បានប្រាប់បាវបម្រើឱ្យ «បម្រើដោយអំណរ ដូចជាបម្រើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ» (អេភេសូរ ៦:៧)។
នៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ បាវបម្រើគ្រីស្ទាននឹងទទួលបានរង្វាន់ពីការខិតខំបម្រើចៅហ្វាយរបស់ពួកគេនៅក្នុងជីវិតនេះ។ នោះគឺដោយសារតែបាវបម្រើគ្រីស្ទានទាំងនេះបានធ្វើ កិច្ចការរបស់ពួកគេ ដើម្បីព្រះយេស៊ូវវិញ។ ដូច្នេះ បាវបម្រើទាំងនេះអាចទន្ទឹងរង់ចាំរង្វាន់ពីទ្រង់បាន។ តើលោកអ្នកបានឃើញរបៀបដែលគោលគំនិតនេះបានផ្តល់ក្តីសង្ឃឹមដល់ពួកបាវបម្រើដែរឬទេ? បាវបម្រើអាចនឹងមានអារម្មណ៍ថាចៅហ្វាយរបស់ពួកគេដែលមនុស្សលោកនោះ មិនចូលចិត្ត ហើយក៏មិនលើកទឹកចិត្តគាត់នៅក្នុងការងាររបស់គាត់នោះដែរ (សូមប្រៀបធៀបខគម្ពីរពេត្រុសទី១ ២:១៩, ២០)។ ប៉ុន្តែ បាវបម្រើគ្រីស្ទានមានចៅហ្វាយមួយអង្គគង់នៅស្ថានសួគ៌ ដែលទ្រង់បានយកព្រះទ័យទុកដាក់ចំពោះ ពួកគេ ព្រមទាំងបានទតមើលការងារល្អៗដែលពួកគេបានធ្វើនោះផង។ គោលគំនិតនេះក៏បានកម្សាន្តចិត្តបាវបម្រើគ្រីស្ទាននៅក្នុងសម័យលោកប៉ុលផងដែរ។
សូមពិនិត្យមើលក្បួនច្បាប់សំខាន់ៗដែលលោកប៉ុលបានទូន្មានដល់ពួកទាសករនៅក្នុងអេភេសូរ ៦:៥-៨។ តើនៅសព្វថ្ងៃនេះ ក្បួនច្បាប់សំខាន់ៗទាំងនេះអាចជួយដល់ការងាររបស់យើងដោយរបៀប ណាដែរ?
ចៅហ្វាយដែលជាបាវបម្រើ
សូមស្រមៃថាលោកអ្នកគឺជាចៅហ្វាយគ្រីស្ទានម្នាក់នៅក្នុងសម័យលោកប៉ុល។ ខណៈពេលដែលគេកំពុងតែអានសំបុត្ររបស់លោកប៉ុលទៅកាន់ពួកជំនុំអេភេសូរនោះ លោកអ្នកក៏មានវត្តមាននៅក្នុងព្រះវិហារនៅតាមផ្ទះនោះដែរ។ បាវបម្រើរបស់លោកអ្នកក៏នៅទីនោះ ស្តាប់សំបុត្រនោះដែរ។ តើលោក អ្នកដែលជាចៅហ្វាយរបស់បាវបម្រើម្នាក់នោះ នឹងមានអារម្មណ៍បែបណា នៅពេលដែលលោកអ្នកបាន ឮដំបូន្មានរបស់លោកប៉ុលអំពីភាពជាទាសករនៅក្នុងខគម្ពីរអេភេសូរ ៦:៩ នេះនោះ? _____________________________________________________________________
លោកប៉ុលបានផ្តល់ដំបូន្មានដល់ពួកចៅហ្វាយយ៉ាងដូច្នេះថា៖ «ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តនឹងបាវបម្រើដូច្នោះដែរ ទាំងលែងគំហកកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេ ហើយរបស់ អ្នករាល់គ្នាផង នោះទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់មិនចេះរើសមុខអ្នកណាឡើយ។ ដំបូន្មាននេះបាន ធ្វើឱ្យពួកចៅហ្វាយនៅសម័យលោកប៉ុលមានការភ្ញាក់ផ្អើលជាខ្លាំង។ ដោយលោកប៉ុលបានសូមឱ្យពួកបាវបម្រើខិតខំធ្វើការ ដើម្បីចៅហ្វាយរបស់ពួកគេ។ ឥឡូវនេះ លោកប៉ុលបានសូមឱ្យពួកចៅហ្វាយបង្ហាញ សេចក្តីសប្បុរសដល់ពួកបាវបម្រើរបស់ពួកគេ។ លោកប៉ុលបានប្រាប់ពួកចៅហ្វាយឱ្យឈប់កំហកកំហែង និងឈប់ធ្វើបាបពួកបាវបម្រើរបស់ពួកគេតទៅទៀត។ នៅក្នុងសម័យគម្ពីរសញ្ញាថ្មី ចៅហ្វាយបានដាក់ទោសបាវបម្រើរបស់ពួកគេតាមវិធីជាច្រើនយ៉ាង (ពេត្រុសទី១ ២:២០)។ ទណ្ឌកម្មទាំងនេះខ្លះក៏បានរាប់ បញ្ចូលទាំងការវាយដំ ការយកទៅលក់ ការបង្អត់អាហារ ការចាប់ចង ការបង្ខំឱ្យរួមភេទ ហើយនិងការ សម្លាប់ផងដែរ។
លោកប៉ុលបានផ្តល់ហេតុផល២យ៉ាងដល់ពួកចៅហ្វាយ ដែលពួកគេត្រូវតែប្តូរឥរិយាបថរបស់ ពួកគេ៖ ១. នៅក្នុងនាមជាគ្រីស្ទាន ចៅហ្វាយក៏ដូចជា «បាវបម្រើ» យ៉ាងដូច្នោះដែរ។ ពួកគេគឺជាបាវមប្រើរបស់ព្រះយេស៊ូវ។ ដូច្នេះហើយ ព្រះយេស៊ូវគឺជាចៅហ្វាយនៃពួកបាវបម្រើ ហើយក៏ជាចៅហ្វាយនៃ ពួកចៅហ្វាយផងដែរ (សូមប្រៀបធៀបខគម្ពីរកូឡូស ៤:១)។ ២. ព្រះគឺជាចៅក្រមនៃមនុស្សគ្រប់គ្នា។ នៅក្នុងនាមជាចៅក្រមរបស់យើង ព្រះទ្រង់យុត្តិធម៌។ ទ្រង់មិនបានបង្ហាញព្រះគុណដល់អ្នកណាម្នាក់ច្រើនជាងអ្នកណាម្នាក់ទៀតនោះឡើយ។ ព្រះបានគោរព ឱ្យតម្លៃមនុស្សទាំងអស់ស្មើៗគ្នា។ នៅក្នុងព្រះនេត្ររបស់ព្រះ បាវបម្រើមានតម្លៃស្មើនឹងចៅហ្វាយ។ ព្រះ ទ្រង់ក៏បានស្រឡាញ់ក្រុមទាំង២នេះស្មើៗគ្នាផងដែរ។ ដូច្នេះ ចៅហ្វាយគួរតែបង្ហាញបាវបម្រើអំពីសេចក្តី ស្រឡាញ់ និងការគោរពឱ្យតម្លៃដែលព្រះបានបង្ហាញពួកគេនេះ (សូមប្រៀបធៀបខគម្ពីរភីលីម៉ូន ១៥, ១៦)។
សាររបស់លោកប៉ុលនៅក្នុងកណ្ឌគម្ពីរអេភេសូរ បានផ្តល់សេចក្តីសង្ឃឹមដល់ចិត្តនៃបាវបម្រើ គ្រីស្ទាន។ ដ្បិតបាវបម្រើគ្រីស្ទាន៖ ១. ត្រូវបានចិញ្ចឹមដូចជាកូនស្ងួនភ្ងា (អេភេសូរ ១:៥)។ ២. ត្រូវបានសង្គ្រោះដោយសារព្រះយេស៊ូវ (អេភេសូរ ៣:៦)។ ៣. ត្រូវបានព្រះជ្រើសរើស ឱ្យបញ្ចេញព្រះពរ (អេភេសូរ ៣:៦)។ ៤. គឺជាផ្នែកមួយនៃគ្រួសាររបស់ព្រះនៅស្ថានសួគ៌ (អេភេសូរ ២:១៩)។ ៥. គឺជាសមាជិកដ៏សំខាន់ម្នាក់នៅក្នុងពួកជំនុំរបស់ព្រះ (អេភេសូរ ៣:៦)។
ការសិក្សាបន្ថែម៖ សូមពិនិត្យមើលឡើងវិញ នូវសេចក្តីពិតសំខាន់បំផុតទាំង២យ៉ាងនៅក្នុងព្រះគម្ពីរស្តីអំពីក្មេង ដែលយើងបានរៀននៅសប្តាហ៍នេះ។ លោកប៉ុលបានបង្រៀនយើងថា៖ ១. យើងគួរតែគោរពឱ្យតម្លៃក្មេងទុកដូចជាសិស្សរបស់ព្រះយេស៊ូវយ៉ាងដូច្នោះដែរ (អេភេសូរ ៦:១-៣)។ ២. ឪពុកមានទំនួលខុសត្រូវនៅក្នុងការបង្ហាត់បង្រៀនកូនៗរបស់ពួកគេឱ្យបម្រើព្រះអម្ចាស់ (អេភេសូរ ៦:៤)។ សព្វថ្ងៃនេះ ដំបូន្មាននេះបានជួយឱ្យយើងនឹកចាំអំពីតម្រូវការរបស់ក្មេងៗ។ ដំបូន្មានរបស់លោក ប៉ុលនេះក៏បានជួយឱ្យយើងយល់អំពីកាតព្វកិច្ចរបស់យើងនៅក្នុងនាមឪពុកម្តាយផងដែរ។ ប៉ុន្តែ តើ សព្វថ្ងៃនេះ យើងបានធ្វើតាមដំបូន្មានដែលលោកប៉ុលបានផ្តល់ឱ្យពួកបាវបម្រើ (អេភេសូរ ៦:៥-៩) និង ពួកចៅហ្វាយដែរឬទេ (អេភេសូរ ៦:៩)? គ្នាយើងជាច្រើនមិនដែលបានរស់នៅក្នុងប្រទេសដែលមានច្បាប់ អនុញ្ញាតឱ្យមានទាសករនោះឡើយ។ នៅក្នុងនាមជាអ្នកគ្រីស្ទាន យើងក៏ត្រូវតែដឹងថាទាសភាពទាំងអស់ មិនមែនជារឿងល្អនោះទេ។ បើដូច្នេះមែន តើយើងគួរតែធ្វើយ៉ាងដូចម្តេច ជាមួយនឹងដំបូន្មានរបស់លោក ប៉ុលនោះ? ដំបូន្មានរបស់លោកប៉ុលគឺជាផ្នែកនៃដំណឹងអំពីព្រះយេស៊ូវ។ ដំណឹងល្អមិនមែនត្រឹមតែព័ត៌មានល្អនោះទេ។ ដំណឹងល្អក៏ជាព័ត៌មានដែលយើងត្រូវការបំផុតសម្រាប់ជីវិតរបស់យើងនៅក្នុងពេល ឥឡូវនេះផងដែរ។ ការដែលយើងគិតអំពីរបៀបធ្វើតាមដំបូន្មានរបស់លោកប៉ុលនៅក្នុងសម័យយើង និង នៅតាមកន្លែងដែលយើងរស់នៅនោះ គឺជារឿងដ៏សំខាន់មួយ។ ដំណឹងល្អអាចជួយដល់យើង នៅក្នុងទំនាក់ទំនងទាំងអស់របស់យើងជាមួយនឹងគ្រួសារ មិត្តភក្តិ ហើយនិងបុគ្គលិករួមការងារ។ សំណួរ ពិភាក្សាខាងក្រោមនេះនឹងជួយដល់យើង ឱ្យធ្វើនូវកិច្ចការដ៏សំខាន់មួយនេះ។
សំណួរពិភាក្សា ១. ព្រះយេស៊ូវបានមានបន្ទូលថានៅពេលដែលយើងបង្ហាញសេចក្តីស្រឡាញ់ដល់កូនៗរបស់យើងនោះ មានន័យថាយើងបានត្រៀមខ្លួនជួបនឹងព្រះអម្ចាស់ហើយ (សូមអានខគម្ពីរលូកា ១:១៧; ម៉ាឡាគី ៤:៦)។ តើព្រះបន្ទូលរបស់ព្រះយេស៊ូវមានន័យយ៉ាងណា សម្រាប់យើងដែលជាអ្នកអាត់វេនទីស្ទនោះ? ២. ក្មេងៗជាច្រើននាក់ត្រូវបានគេធ្វើបាប បង្ខំឱ្យរួមភេទ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ខ្មាសអៀនជានិច្ច។ តើយើងមានកាតព្វកិច្ចអ្វីដែរចំពោះក្មេងៗទាំងនេះ? តើយើងអាចជួយពួកគេដោយរបៀបណា? ៣. តើពួកជំនុំមានកាតព្វកិច្ចអ្វីខ្លះ ដើម្បីជួយការពារ និងជួយគាំពារដល់ក្មេងៗទាំងនោះ? តើយើងត្រូវ ធ្វើអ្វីខ្លះ ដើម្បីជួយការពារក្មេងៗឱ្យមានសុវត្ថិភាព និងដើម្បីជួយឱ្យព្រះវិហាររបស់យើងក្លាយទៅជាកន្លែងសុវត្ថិភាព សម្រាប់កូនៗរបស់យើងនោះ? ៤. ដំបូន្មានដែលលោកប៉ុលបានផ្តល់ឱ្យពួកបាវមប្រើ និងពួកចៅហ្វាយ (សូមអានខគម្ពីរអេភេសូរ ៦:៥- ៩) នោះ ក៏ជាដំបូន្មានល្អសម្រាប់នយោជក និងនយោជិកផងដែរ។ តើលោកអ្នកគិតថាដំបូន្មានរបស់លោក ប៉ុលនេះ អាចជួយដល់បុគ្គលិកនៅតាមកន្លែងការងាររបស់ពួកគេនោះដោយរបៀបណាដែរ? ៥. សព្វថ្ងៃនេះ មនុស្សជាង៤០លាននាក់គឺជាបាវបម្រើ (http://wwwglobalslveryindex.org/)។ តើសព្វថ្ងៃ នេះ លោកអ្នកមានកាតព្វកិច្ចអ្វីខ្លះ ចំពោះបាវមប្រើប្រុសស្រីទាំងនេះ?
ជូនទាំងសៀវភៅ ជូនទាំងដំណើរ
លោកអាឡិចសេ អារូស្សានៀន (Alexei Arushanian) ដែលជាជនជាតិអ៊ុយក្រែងរស់នៅក្នុង ប្រទេសប៉ូឡូញ បានចេញពីធ្វើការយឺត។ គាត់ទើបតែបញ្ចប់កិច្ចការដំឡើងវីនដូរបស់គាត់រួច ហើយគាត់ ត្រូវឈប់នៅស្ថានីយ៍ប្រេងឥន្ទនៈ ខណៈពេលដែលគាត់ប្រញាប់ទៅយកភរិយារបស់គាត់ទៅផ្សារទិញ អីវ៉ាន់នៅពេលល្ងាចនោះ។ នៅកន្លែងបូមសាំង លោកអាឡិចសេបានសម្គាល់ឃើញយុវជនម្នាក់កំពុងតែ ព្យាយាមបញ្ឆេះម៉ូតូរបស់គាត់។ យុវជនម្នាក់នោះបានព្យាយាមបញ្ឆេះម៉ូតូ ប៉ុន្តែ មិនបានផលអ្វីឡើយ។ ប្រអប់ដាក់អាហារធំមួយដែលខាងក្រោយម៉ូតូរបស់យុវជនម្នាក់នោះ បានបង្ហាញថាគាត់គឺជាអ្នកដឹកជញ្ជូន អីវ៉ាន់។ លោកអាឡិចសេមិនសូវចេះនិយាយភាសាប៉ូឡូញប៉ុន្មានឡើយ ប៉ុន្តែ គាត់ក៏មិនចង់បាត់បង់ឱកាស នៅក្នុងការជួយអ្នកដទៃនោះដែរ។ លោកអាឡិចសេបានគិតដល់យុវជនម្នាក់នោះ នៅពេលដែលគាត់ បានគិតលុយ បន្ទាប់ពីគាត់បានចាក់សាំងរួចមក។ នៅពេលដែលគាត់ចូលទៅក្នុងឡាន គាត់បានបើកបង្អួច ហើយសួរយុវជនម្នាក់នោះថា «ម៉ូតូកើតអីប្អូនប្រុស?»។ យុវជនម្នាក់នោះគឺជាប៉ូលិស។ គាត់បាននិយាយ ថា «ម៉ូតូខ្ញុំដេរអត់ឆេះ បង»។ លោកអាឡិចសេគឺជាម្នាក់នៅក្នុងសមាជិកនៃពួកជំនុំមួយក្រុម ដែលបាន ចែកចាយសៀវភៅមហាវិវាទរបស់អ្នកស្រីអែល្លីន ជីវ៉ៃត៍។ កិច្ចការចែកចាយសៀវភៅនេះគឺជារឿងដ៏លំបាក មួយ ដោយសារតែមានមនុស្សតិចតួចណាស់ដែលចង់បានសៀវភៅនោះ ដូច្នេះហើយ បានជាគាត់សម្លឹង ឃើញឱកាសនៅពេលនោះ។ គាត់បានហុចសៀវភៅមួយក្បាលទៅឯយុវជនម្នាក់នោះ ដោយនិយាយថា៖ «បងមានអំណោយឱ្យប្អូន នេះគឺជាសៀវភៅគ្រីស្ទានដែលបានរៀបរាប់អំពីប្រវត្តិសាស្ត្រនៃសាសនាគ្រីស្ទ ចាប់គ្រីស្ទានដំបូងដែលបានការពារសេចក្តីជំនឿរបស់ពួកគេ បន្ទាប់ពីព្រះគ្រីស្ទបានយាងត្រឡប់ទៅ ស្ថានសួគ៌វិញនោះ រហូតដល់ព្រឹត្តិការណ៍ចុងក្រោយនៃពិភពលោក។ បងគិតថាប្អូននឹងចាប់អារម្មណ៍សៀវភៅនេះជាមិនខាន»។
យុវជនម្នាក់នោះបានអរគុណគាត់ រួចយកសៀវភៅនោះទៅ។ លោកអាឡិចសេបានចូលទៅ ក្នុងឡានរបស់គាត់វិញ។ គាត់បានអង្គុយចុះ ហើយគិតថាខ្ញុំចេញទៅមិនទាន់បានទេ ពីព្រោះខ្ញុំមិនទាន បានបំពេញកាតព្វកិច្ចរបស់ខ្ញុំជាគ្រីស្ទាននៅឡើយទេ ខ្ញុំបានឱ្យសៀវភៅទៅគាត់មែនពិត ប៉ុន្តែ ខ្ញុំមិនទាន់ បានបំពេញតម្រូវការរបស់គាត់នៅឡើយទេ។ គាត់បានបើកទ្វារឡាន រួចនិយាយថា «បងអាចជូនប្អូនទៅកន្លែងអ្នកកម្មង់បាន»។ យុវជនម្នាក់នោះបាននិយាយទាំងភ្ញាក់ផ្អើលថា «បងជូនខ្ញុំទៅមែនឬអី?»។ លោកអាឡិចសេបាននិយាយថា «បានមែនហើយ ពីព្រោះបងយល់អារម្មណ៍ប្អូន បងនឹងជូនប្អូនទៅកន្លែង អ្នកកម្មង់»។ យុវជនម្នាក់នោះបានយកប្រអប់ដាក់ម្ហូបអាហារទៅជាមួយ ហើយលោកអេឡិចសេបានជូន គាត់ទៅកាន់នៅកន្លែងអ្នកកម្មង់ដែលមានចម្ងាយប្រហែលជា៣គីឡូ។ យុវជនម្នាក់នោះបានសុំគាត់ថា «បងនឹងនៅចាំប្អូនមែនទេ?»។ «បានមែនហើយ បងនឹងជូនប្អូនទៅវិញ»។
យុវជនម្នាក់នោះបានដំណាលអំពីទឹកចិត្តរបស់លោកអាឡិចសេ នៅតាមផ្លូវត្រឡប់មកកាន់ស្ថានីយ៍ប្រេងឥន្ទនៈវិញ។ គាត់បាននិយាយថា «នៅក្នុងប្រទេសប៉ូឡូញ មានគ្រីស្ទានតិចតួចណាស់ ដែលបានឈប់ ដើម្បីជួយដល់អ្នកដទៃ ប៉ុន្តែ បងគឺជាគ្រីស្ទានជនជាតិអ៊ុយក្រែនម្នាក់បានជួយដល់ប្អូនវិញ»។ គាត់បានណែនាំខ្លួនគាត់ថាគាត់ឈ្មោះខេមីល (Kamil)។ លោកអាឡិចសេបានថ្លែងអំពីសេចក្តី ស្រឡាញ់របស់ព្រះ ហើយលោកខេមីលក៏បានស្តាប់យ៉ាងផ្ចិតផ្ចង់ផងដែរ។ នៅពេលដែលពួកគេទៅដល់ ស្ថានីយ៍ប្រេងឥន្ទនៈនោះ មិត្តរួមការងារពីកន្លែងធ្វើការរបស់លោកខេមីលបានឈប់នៅទីនោះ ដើម្បីជួសជុលម៉ូតូរបស់លោកខេមីល។ លោកអាឡិចសេបានចាកចេញទៅ។ រីឯ លោកខេមីលវិញ ក៏អាចចេញទៅបានដែរ បន្ទាប់ពីមិត្តភក្តិរបស់គាត់បានជួសជុលម៉ូតូរួច។ លោកអាឡិចសេបានខកខាននូវការណាត់ជួបជាមួយនឹង ភរិយារបស់គាត់ ប៉ុន្តែ ការខកខាននេះមានតម្លៃណាស់។ ពីព្រោះគាត់បាន ខកខាន ដោយសារតែមានការណាត់ជួបជាមួយនឹងព្រះ។