ខចងចាំ៖ «ថែមទាំងយកសេចក្តីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញ ឆេះរបស់មេកំណាច ដោយសារខែលនោះបាន ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល» (អេភេសូរ ៦:១៦, ១៧)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ៦:១០-២០; ពេត្រុសទី១ ៤:១; ពេត្រុស ទី១ ៥:៨; រ៉ូម ៨:៣៧-៣៩; លូកា ១៨:១-១៨។
លោកជន បាន់យ៉ាន់ (John Bunyan) បានសរសេរសៀវភៅវឌ្ឍនភាពរបស់អ្នកធម្មយាត្រា (The Pilgrim’s Progress) ខណៈពេលដែលគាត់នៅក្នុងទីឃំុឃាំងនៅឡើយ។ សៀវភៅនេះគឺជារឿងមួយស្តីអំពីបុរសម្នាក់ដែលមានឈ្មោះថាគ្រីស្ទាន។ នៅក្នុងសាច់រឿង គ្រីស្ទានដែលជាភ្ញៀវ បាន ដើរមើលបន្ទប់ដ៏ពិសេសមួយនៅក្នុងរាជវាំង។ បន្ទប់នោះមានពេញទៅដោយអាវុធខុសៗគ្នា។ អាវុធ ទាំងនេះគឺសម្រាប់ទាហានដែលជាពលទ័ពរបស់ព្រះអម្ចាស់។ គ្រីស្ទានបានដើរមើលបន្ទប់នោះម្តងទៀត ហើយក៏បានពាក់គ្រឿងសឹកមួយឈុត មុនពេលដែលគាត់ចាកចេញពីបន្ទប់នោះ។ គ្រឿងសឹកនោះនឹង ការពារគ្រីស្ទានទាស់នឹងការវាយប្រហារនៅពេលអនាគត នៅក្នុងធម្មយាត្រារបស់គាត់ទៅកាន់ទីក្រុង មួយដែលមានពន្លឺចែងចាំង។
លោកបាន់យ៉ាន់បានសរសេរសៀវភៅវឌ្ឍនភាពរបស់អ្នកធម្មយាត្រានេះនៅក្នុងឆ្នាំ១៦៧៨។ នៅដើមឆ្នាំ១៦០០ លោកប៉ុលបានសរសេរសំបុត្ររបស់គាត់ទៅកាន់ពួកជំនុំអេភេសូរ។ លោកប៉ុលក៏បានសរសេរចេញពីឃុំឃាំងផងដែរ។ នៅក្នុងកណ្ឌគម្ពីរអេភេសូរ ព្រះបានមានបន្ទូលតាមរយៈលោក ប៉ុលថាពួកជំនុំគឺដូចជាទាហានម្នាក់។ ព្រះមានគ្រឿងសឹកសម្រាប់ឱ្យសមាជិកពួកជំនុំទាំងអស់របស់ទ្រង់ បានពាក់គ្រឿងសឹកនោះ។ គ្រឿងសឹកនេះនឹងជួយការពារយើងពីក្បាលរហូតដល់ចុងជើង ខណៈពេល ដែលយើងចែករំលែកអំណោយទាននៃសេចក្តីសុខសាន្តរបស់ព្រះជាមួយនឹងអ្នកដទៃនៅលើផែនដីនេះ។
ពួកជំនុំគឺជាពលទ័ពរបស់ព្រះ
សូមអានខគម្ពីរអេភេសូរ ៦:១០-២០។ តើនៅក្នុងខទាំងនេះ លោកប៉ុលបានមានប្រសាសន៍ អំពីប្រភេទនៃសង្គ្រាមអ្វីខ្លះ ដែលពួកជំនុំត្រូវច្បាំងនោះ? តើលោកប៉ុលកំពុងតែមានប្រសាសន៍អំពីសង្គ្រាម របស់គាត់ទាស់នឹងសេចក្តីអាក្រក់ដែរឬទេ ឬមួយក៏គាត់កំពុងតែមានប្រសាសន៍អំពីសង្គ្រាមទាស់នឹងសេចក្តី អាក្រក់ ដែលពួកជំនុំទាំងអស់ត្រូវច្បាំងវិញនោះ?
នៅសម័យព្រះគម្ពីរ សាសន៍ក្រេក និងសាសន៍រ៉ូមបានឈ្នះសង្គ្រាម ដោយសារតែទាហានទាំង អស់នៅក្នុងពលទ័ពរបស់ពួកគេបានគាំទ្រ និងជួយគ្នាទៅវិញទៅមក។ ពួកទាហានបានសហការគ្នា ដើម្បី ឱ្យពួកគេទទួលបានឈ្នះ។ មេទ័ពនៃសាសន៍ក្រេក និងមេទ័ពនៃសាសន៍រ៉ូមបានបង្រៀនទាហានរបស់ពួកគេ មិនឱ្យធ្វើដូចជាមនុស្សព្រៃមកពីពួកបរទេសដែលពួកគេបានច្បាំងនោះឡើយ។ ដ្បិតមនុស្សព្រៃទាំងនោះ មិនបានធ្វើតាមច្បាប់នោះឡើយ តែបែរជាធ្វើតាមវិធីរបស់ពួកគេវិញ។ ឥរិយាបថ និងសកម្មភាពរបស់ពួកគេ បានធ្វើឱ្យពលទ័ពរបស់ពួកគេចាញ់ពលទ័ពនៃពួកសាសន៍ក្រេក និងសាសន៍រ៉ូមវិញ។
នៅពេលដែលយើងបានយល់គោលគំនិតនេះហើយនោះ យើងនឹងអាចយល់អំពីអ្វីដែលព្រះ បានមានបន្ទូលតាមរយៈលោកប៉ុលនៅក្នុងខគម្ពីរអេភេសូរ ៦:១០-២០ នេះជាមិនខាន។ យើងអាចនិយាយ ថាលោកប៉ុលកំពុងតែមានប្រសាសន៍អំពីចម្បាំងរបស់ពួកជំនុំទាស់នឹងសេចក្តីអាក្រក់ ដោយចម្បាំងនេះ ក៏មិនមែនជាចម្បាំងផ្ទាល់ខ្លួនរបស់គាត់ ឬរបស់អ្នកណាម្នាក់នោះឡើយ ដោយផ្អែកទៅលើហេតុផល៣ យ៉ាង៖ (១) អេភេសូរ ៦:១០-២០ គឺជាផ្នែកចុងក្រោយនៃសំបុត្រដែលបានពិពណ៌នាអំពីពួកជំនុំ។ ដូច្នេះ វាអាចនឹងចម្លែក បើសិនជាលោកប៉ុលបានបញ្ចប់សំបុត្ររបស់គាត់ជាមួយនឹងការពិពណ៌នាអំពីអ្នកចម្បាំង គ្រីស្ទានដែលបានច្បាំងទាស់នឹងសេចក្តីអាក្រក់ដោយខ្លួនឯងនោះ។ (២) នៅចុងបញ្ចប់នៃខគម្ពីរអេភេសូរ ៦:១០-២០ នេះ លោកប៉ុលបានសូមឱ្យពួកជំនុំអេភេសូររួបរួមគ្នាអធិស្ឋានឱ្យ «ពួកបរិសុទ្ធទាំងអស់» (អេភេសូរ ៣:១៨; សូមអានខ១៩, ២០)។ (៣) ហេតុផលសំខាន់បំផុតនោះ គឺថាលោកប៉ុលបានមាន ប្រសាសន៍អំពីសង្គ្រាមទាស់នឹងសេចក្តីអាក្រក់ ដែលពួកជំនុំទាំងអស់ត្រូវរួបរួមគ្នាច្បាំង (អេភេសូរ ៣:១០)។ សង្គ្រាមនេះមិនមែនជាសង្គ្រាមដែលត្រូវមនុស្សម្នាក់ត្រូវប្រយុទ្ធនោះឡើយ។
ដូច្នេះ ខគម្ពីរអេភេសូរ ៦:១០-២០ មិនបានបង្ហាញយើងអំពីរូបភាពនៃអ្នកចម្បាំងម្នាក់ដែលបានប្រយុទ្ធទាស់នឹងសេចក្តីអាក្រក់តែម្នាក់ឯងនោះទេ។ ព្រះបានមានបន្ទូលតាមរយៈលោកប៉ុលដល់ពួកជំនុំ ដូចជាមេទ័ពបានផ្តល់អនុសាសន៍ដល់ពលទ័ពរបស់គាត់យ៉ាងដូច្នោះដែរ ដោយទ្រង់បានបង្គាប់ ឱ្យពួកជំនុំពាក់គ្រឿងសឹករបស់ព្រះ និងបានបង្គាប់ឱ្យពួកគេរួបរួមគ្នាចូលច្បាំងជាក្រុមនៃពលទ័ពតែមួយ វិញ។ រហូតមកដល់ពេលនេះ លោកប៉ុលបានយករូបស័ព្ទជាច្រើនមកពិពណ៌នាអំពីពួកជំនុំនេះ។ លោកប៉ុលបានប្រៀបធៀបពួកជំនុំជារូបកាយរបស់ព្រះយេស៊ូវ (អេភេសូរ ១:២២, ២៣; អេភេសូរ ៤:១-១៦) ជាព្រះវិហាររបស់ព្រះ (អេភេសូរ ៤:១-១៦) និងជាកូនក្រមុំរបស់ព្រះ (អេភេសូរ ៥:២១-៣៣)។ តើរូបស័ព្ទចុងក្រោយដែលលោកប៉ុលបានប្រើនៅក្នុងកណ្ឌគម្ពីរអេភេសូរនោះគឺជាអ្វី? នោះគឺជារូបស័ព្ទនៃពួកជំនុំដែលជាពលទ័ពរបស់ព្រះ។ យើងកំពុងតែនៅកៀកនឹង «ថ្ងៃអាក្រក់» (អេភេសូរ ៦:១៣) ហើយ គឺជាថ្ងៃដែលរាស្ត្ររបស់ព្រះនឹងច្បាំងជាលើកចុងក្រោយនៅក្នុងចម្បាំងទាស់នឹងសេចក្តីអាក្រក់នោះ។ យើងទាំងអស់គ្នាគឺជាទាហាននៅក្នុងពលទ័ពរបស់ព្រះយេស៊ូវ។ ដូច្នេះហើយ យើងត្រូវតែស្មោះត្រង់ចំពោះ ព្រះ ហើយនិងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។
ខ្សែក្រវាត់ និងប្រដាប់បាំងទ្រូង
ព្រះបានបង្គាប់ឱ្យលោកប៉ុលបង្ហាញយើងអំពីរូបស័ព្ទនៃអ្នកគ្រីស្ទានដែលបានត្រៀមខ្លួនជាស្រេច នៅក្នុងចម្បាំងទាស់នឹងសេចក្តីអាក្រក់នោះ? តើពួកគេបានធ្វើអ្វីខ្លះ ដើម្បីឱ្យពួកគេបានត្រៀមខ្លួនជាស្រេច នោះ? សូមអានខគម្ពីរអេភេសូរ ៦:១៤ សម្រាប់ចម្លើយ។ សូមអានខគម្ពីរពេត្រុសទី១ ៤:១; ពេត្រុសទី១ ៥:៨; រ៉ូម ៨:៣៧-៣៩ ផងដែរ ដើម្បជួយឆ្លើយសំណួរទាំងនេះ។
លោកប៉ុលបានដាស់តឿនយើងអំពីចម្បាំងចុងក្រោយ ដែលនឹងត្រូវមកដល់នៅពេលអនាគត ខាងមុខនោះ (អេភេសូរ ៦:១៣)។ ចម្បាំងនេះគឺជាចម្បាំងចុងក្រោយរវាងសេចក្តីល្អ និងសេចក្តីអាក្រក់ ដែលត្រូវកើតឡើងមុនព្រះយេស៊ូវយាងត្រឡប់មកវិញ។ លោកប៉ុលចង់ឱ្យអ្នកគ្រីស្ទានត្រៀមខ្លួនជាស្រេច សម្រាប់ចម្បាំងនេះ (អេភេសូរ ៦:១៤-១៧)។ លោកប៉ុលបានប្រាប់យើងអំពីរឿងដែលយើងត្រូវធ្វើ ដើម្បី ឱ្យយើងបានត្រៀមខ្លួនជាស្រេច។ «ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរ មាំមួនដដែល» (អេភេសូរ ៦:១៣; សូមប្រៀបធៀបខគម្ពីរអេសាយ ១១:៥)។ នៅក្នុងសម័យព្រះគម្ពីរ សំលៀកបំពាក់មានសម្រុងវែង និងធូររលង់។ ដូច្នេះហើយ បានជាពួកបណ្តាជនត្រូវការចងសំលៀក បំពាក់របស់ពួកគេជាប់ទៅនឹងចង្កេះ មុនពេលពួកគេចាប់ផ្តើមធ្វើការ ឬចូលទៅច្បាំងនោះ (សូមប្រៀប ធៀបខគម្ពីរលូកា ១២:៣៥, ៣៧; លូកា ១៧:៨)។ លោកប៉ុលបាន មានប្រសាសន៍ថាអ្នកគ្រីស្ទានត្រូវ តែធ្វើឱ្យដូចជាទាហាននៃសាសន៍រ៉ូមយ៉ាងដូច្នោះដែរ។ ទាហាននៃសាសន៍រ៉ូមបានព័ទ្ធខ្សែក្រវាត់ទាហាននៅ ជុំវិញចង្កេះរបស់គេ។ ខ្សែក្រវាត់នេះត្រូវបានបង្កើតឡើងពីស្បែកសត្វ។ ស្បែកសត្វនោះត្រូវបានបិទជាប់ទៅនឹងខ្សែក្រវាត់។ ទាហានម្នាក់នោះបានយកសម្រុងនៃសំលៀកបំពាក់ ខាងក្រោមបំផុតញាត់ចូលទៅក្នុង ខ្សែក្រវាត់ ហើយគាត់បានចង់ខ្សែក្រវាត់នោះយ៉ាងជាប់ មុនពេលដែលចេញទៅច្បាំង។ ទាហានបានធ្វើ ដូច្នេះ ដើម្បីកុំឱ្យសំលៀកបំពាក់របស់គាត់របូតចេញ នៅពេលដែលគាត់កំពុងតែច្បាំងនោះ
យើងបានឃើញរួចមកហើយ ថាលោកប៉ុលបានប្រៀបធៀបសេចក្តីពិតទៅនឹងខ្សែក្រវាត់មួយ។ យើងត្រូវតែយល់ថាយើងមិនមែនជាម្ចាស់នៃ «ខ្សែក្រវាត់» នេះឡើយ។ ដ្បិតខ្សែក្រវាត់នេះគឺជាកម្មសិទ្ធ របស់ព្រះ។ មានន័យថា សេចក្តីពិតគឺជាអំណោយទានមកពីព្រះ ដែលដូចគ្នាទៅនឹងព្រះគុណរបស់ទ្រង់ ដែលបានប្រទានឱ្យយើងរាល់គ្នាយ៉ាងដូច្នោះដែរ (អេភេសូរ ២:៨)។ អំណោយទាននៃព្រះគុណនេះមាន អត្ថន័យលើសពីគោលគំនិតមួយ។ យើងត្រូវតែទទួលយកអំណោយទានរបស់ព្រះ ដោយធ្វើឱ្យអំណោយ ទាននោះបានក្លាយមកជាផ្នែកមួយនៃជីវិតរបស់យើង។ ដូច្នេះ យើងត្រូវតែ «ពាក់» សេចក្តីពិតរបស់ព្រះ ឱ្យដូចជាសំលៀកបំពាក់យ៉ាងដូច្នោះដែរ។ យើងមិនមែនជាម្ចាស់នៃសេចក្តីពិតរបស់ព្រះនោះឡើយ។ ពីព្រោះយើងគឺជាកម្មសិទ្ធនៃសេចក្តីពិតរបស់ព្រះ ហើយសេចក្តីពិតនោះក៏បានការពារយើងដែរ។
បន្ទាប់មក លោកប៉ុលបានប្រាប់ឱ្យអ្នកគ្រីស្ទានពាក់ជីវិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវឱ្យដូចជាប្រដាប់បាំងទ្រូង ឬអាវក្រោះយ៉ាងដូច្នោះដែរ (សូមប្រៀបធៀបខគម្ពីរថែស្សាឡូនីចទី១ ៥:៨)។ ប្រដាប់ បាំងទ្រូងនេះមានប្រភពមកពីព្រះ ហើយវាក៏ដូចគ្នាទៅនឹងខ្សែក្រវាត់ផងដែរ។ នៅសម័យលោកប៉ុល គ្រឿង សឹកជាច្រើនរបស់សាសន៍រ៉ូមត្រូវបានធ្វើឡើងពីកងដែកតូចៗពត់ចូលគ្នា។ ប្រដាប់បាំងទ្រូងរបស់សាសន៍ រ៉ូមបានការពារបេះដូង និងផ្នែកទ្រូង និងផ្នែកពោះពីការវាយប្រហាររបស់ខ្មាំងសត្រូវ។ ទន្ទឹមគ្នានេះ អ្នក គ្រីស្ទានក៏ត្រូវតែទទួលយកនូវការការពារខាងឯវិញ្ញាណ ដែលព្រះបានប្រទានដល់ពួកគេ នៅពេលដែល ទ្រង់ប្រទានជីវិតដ៏បរិសុទ្ធរបស់ទ្រង់ដល់ពួកគេ ទុកជាប្រដាប់បាំងទ្រូងនោះ។ ជីវិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវ នេះក៏បានរួមបញ្ចូលទាំងអំពើល្អ ព្រះគុណ និងសេចក្តីពិតរបស់ទ្រង់ផងដែរ (អេភេសូរ ៤:២៤; អេភេសូរ ៥:៩)។ ជីវិតរបស់យើងនឹងបានផ្លាស់ប្តូរ នៅពេលដែលយើងអនុញ្ញាតឱ្យព្រះយេស៊ូវគង់នៅក្នុងចិត្តរបស់ យើងនោះ។ នៅពេលនោះ យើងនឹងគោរពអ្នកដទៃ ហើយយើងក៏នឹងបង្ហាញភាពយុត្តិធម៌ដល់ពួកគេផង ដែរ។
ស្បែកជើងដែលបាននាំសេចក្តីសុខសាន្តរបស់ព្រះមកឱ្យយើង
ទាហាននៃសាសន៍រ៉ូមបានចងស្បែកជើងយោធារបស់គាត់ មុនពេលគាត់ចេញទៅច្បាំង។ បាត ស្បែកជើងរបស់គាត់មានកម្រាសក្រាស ហើយក៏មានដែកគោលស្រួចៗនៅខាងក្រោមស្បែកជើងនោះផងដែរ។ ដែកគោលទាំងនោះបានជួយឱ្យស្បែកជើងបុកជាប់ទៅដី នៅពេលដែលគាត់បានឈរច្បាំងនឹងខ្មាំងសត្រូវណាម្នាក់ (អេភេសូរ ៦:១១, ១៣, ១៤)។ ដែកគោលទាំងនោះក៏បានជួយទប់ទាហាននៃ សាសន៍រ៉ូម មិនឱ្យរអិលដួល នៅពេលច្បាំងគ្នានោះដែរ។
សូមពិនិត្យមើលពាក្យថា «សេចក្តីសុខសាន្ត» ដែលព្រះបានមានបន្ទូលតាមរយៈលោកប៉ុលនៅក្នុងខគម្ពីរអេភេសូរ ១:២; អេភេសូរ ២:១៤, ១៥, ១៧; អេភេសូរ ៤:៣ និងអេភេសូរ ៦:១៥, ២៣។ តើហេតុអ្វីបានជាលោកប៉ុលយករូបស័ព្ទនៃសង្គ្រាមមកពិពណ៌នាអំពីសេចក្តីសុខសាន្តយ៉ាងដូច្នេះ?
លោកប៉ុលបានមានប្រសាសន៍ថាព្រះយេស៊ូវ «ទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើ ទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ» (អេភេសូរ ២:១៤, ១៧)។ ព្រះយេស៊ូវ បាន «បំបាត់សេចក្តីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ត និងសេចក្តីហាម ប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំង រំងាប់សេចក្តីសំអប់គ្នា ដោយឈើឆ្កាងនោះឯង ហើយកាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹង ល្អ គឺជាសេចក្តីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់ពួកអ្នកដែលនៅជិតផង» (អេភេសូរ ២:១៤, ១៥)។ អ្នកគ្រីស្ទានគឺជាអ្នកនាំសារសម្រាប់ព្រះយេស៊ូវ។ ពួកគេបានប្រកាសអំពីសេចក្តីសុខសាន្តរបស់ ព្រះយេស៊ូវ ព្រមទាំងប្រកាសអំពីជ័យជម្នះរបស់ទ្រង់នៅក្នុងសង្គ្រាមទាស់នឹងអំពើបាបនោះដែរ។ នេះគឺជាអត្ថន័យដែលលោកប៉ុលចង់បង្ហាញ នៅពេលដែលគាត់មានប្រសាសន៍ថាអ្នកគ្រីស្ទានត្រូវពាក់ស្បែក ជើងនៃសេចក្តីសុខសាន្តនោះ។ ស្បែកជើងទាំងនេះបានជួយឱ្យអ្នកគ្រីស្ទានឈរត្រៀមច្បាំងជាស្រេច។
ទន្ទឹមគ្នានេះ យើងក៏ត្រូវតែយល់ថាលោកប៉ុលមិនចង់ឱ្យយើងរើសយកអាវុធពិតប្រាកដ មកច្បាំង ទាស់នឹងខ្មាំងសត្រូវរបស់យើងនោះឡើយ។ ស្បែកជើងគ្រាន់តែជារូបស័ព្ទតំណាងឱ្យដំណឹងល្អដែលបាន ផ្តល់សេចក្តីសុខសាន្តរបស់ព្រះដល់ចិត្តរបស់មនុស្សគ្រប់គ្នាប៉ុណ្ណោះ (អេភេសូរ ៦:១៥)។ លោកប៉ុលក៏ មិនចង់ឱ្យអ្នកគ្រីស្ទានឈ្លោះប្រកែកជាមួយនឹងមិត្តភក្តិ បុគ្គលិកការងារ និងសមាជិកនៅក្នុងគ្រួសាររបស់ ពួកគេនោះដែរ។ លោកប៉ុលចង់ឱ្យយើងបង្ហាញសេចក្តីអាណិតអាសូរ សេចក្តីគោរពឱ្យតម្លៃ និងសេចក្តី ស្រឡាញ់ដល់គ្នាទៅវិញទៅមក (សូមអានខគម្ពីរអេភេសូរ ៤:២៥-៥:២)។ ពួកជំនុំទាំងអស់ត្រូវតែច្បាំង។ ប៉ុន្តែ ពួកគេត្រូវតែច្បាំងទាស់នឹងសេចក្តីអាក្រក់ ដោយប្រើសេចក្តីសុខសាន្តវិញ។ «អាវុធ» របស់យើង គឺ ជាចិត្តដែលគ្មានអំនួត ចិត្តអត់ធ្មត់ ការអត់ឱនទោស ការស្រឡាញ់ និងការអាណិតអាសូរ។ «អាវុធ» របស់ យើងក៏បានរាប់បញ្ចូលទាំងការអធិស្ឋាន ការថ្វាយបង្គំ និងការសរសើរតម្កើងព្រះផងដែរ។ នៅពេលដែល យើងប្រើ «អាវុធ» ទាំងនេះ មានន័យថាយើងបានបង្ហាញអ្នកដទៃ អំពីផែនការដ៏អស្ចារ្យរបស់ព្រះនៅក្នុង ការស្អាងអ្វីៗគ្រប់យ៉ាងតាមរយៈព្រះយេស៊ូវហើយ (អេភេសូរ ១:៩, ១០)។
ខែល មួកសឹក និងដាវ
តើគ្រីស្ទានដែលជាទាហានរបស់ព្រះ គួរតែប្រើខែល មួកសឹក និងដាវនៅក្នុងសង្គ្រាមរវាងសេចក្តី ល្អ និងសេចក្តីអាក្រក់នោះនៅពេលណា? សូមអានខគម្ពីរអេភេសូរ ៦:១៦, ១៧ សម្រាប់ចម្លើយ។
លោកប៉ុលយកខែលនៃសាសន៍រ៉ូមមកធ្វើជារូបស័ព្ទមួយ។ ខែលនៃសាសន៍រ៉ូមគឺជាបំណែកឈើ ដ៏ធំមួយ ដែលទាហានរ៉ូមបានបាំងពីមុខគាត់ ដើម្បីការពារគាត់ពីដាវ និងធ្នូនៃខ្មាំងសត្រូវរបស់គាត់។ បំណែក ឈើនេះត្រូវបានគ្របដណ្តប់ដោយស្បែកសត្វ។ កែមនៃខែលនេះបានពត់មកក្រោយ ដើម្បីការពារទាហាន ពីការបាញ់មកពីចំហៀង។ នៅសម័យរ៉ូម គេបានរុំព្រួញនឹងជ័រថា រួចយកភ្លើងមកដុត។ រីឯខែលវិញនោះ គេយកទៅជ្រលក់ទឹក ដើម្បីទប់ទល់នឹងព្រួញភ្លើង។ ទន្ទឹមគ្នានេះ ខែលរបស់ព្រះក៏ « អាចរំលត់ អស់ទាំង ព្រួញឆេះរបស់មេកំណាច» (អេភេសូរ ៦:១៦) ផងដែរ។
រូបភាពនៃ «សេចក្តីជំនឿជាខែល» របស់លោកប៉ុលនេះ បានជួយឱ្យយើងចងចាំថាអ្នកសរសេរ គម្ពីរសញ្ញាចាស់បានយកខែលមកធ្វើជារូបស័ព្ទតំណាងឱ្យព្រះ។ ព្រះក៏ដូចជាខែលដែរ ដោយសារតែទ្រង់ បានការពាររាស្ត្ររបស់ទ្រង់ (លោកុប្បត្តិ ១៥:១; ទំនុកដំកើង ៣:៣)។ លោកប៉ុលបានបង្គាប់ឱ្យអ្នកគ្រីស្ទាន រើសយក «សេចក្តីជំនឿទុកជាខែល» (អេភេសូរ ៦:១៦) ដោយសារតែគាត់ចង់ជឿទុកចិត្តទៅលើព្រះ នៅក្នុងសង្គ្រាមរបស់យើងទាស់នឹងសេចក្តីអាក្រក់នោះឯង។ ព្រះបានច្បាំងដើម្បីយើង (អេភេសូរ ៦:១០)។ ទ្រង់ក៏បានប្រទានអាវុធដ៏ល្អៗបំផុតដល់យើងផងដែរ (អេភេសូរ ៦:១១, ១៣)។ ព្រះក៏បានជួយ ឱ្យយើងឈ្នះសង្គ្រាមផងដែរ។
មួកសឹកគឺជាផ្នែកនៃគ្រឿងសឹកមួយបែបទៀតរបស់ព្រះ។ គ្រឿងសឹកដែលពួកទាហានរ៉ូមបាន ពាក់នោះ បានជួយឱ្យយើងយល់អំពីមួកសឹករបស់ព្រះ។ មួកសឹកនៃសាសន៍រ៉ូមត្រូវបានធ្វើឡើងពីដែក ឬលង្ហិន។ មួកសឹករបស់ទាហានរ៉ូមមានរាងកោងដែលអាចការពារក្បាលរបស់គាត់បាន។ បន្ទះដែកខាង ក្រោមមួកបានជួយការពារចង្ការបស់គាត់។ មួកសឹកក៏មានបំណែកដែកដែលបានការពារត្រចៀក ក្បាល និងចង្ការបស់គាត់ផងដែរ។ លោកប៉ុលបានប្រើរូបស័ព្ទនេះ ដើម្បីជួយឱ្យយើងយល់អំពីសេចក្តីមេត្តារបស់ ព្រះ (អេភេសូរ ២:៦-១០)។ នៅពេលដែលយើងយកមួកនៃសេចក្តីមេត្តារបស់ព្រះ មានន័យថាយើងបាន ជ្រើសរើសជឿទុកចិត្តព្រះហើយ។ ដ្បិតយើងបានបដិសេធមិនព្រមខ្លាចសេចក្តីអាក្រក់ខាងឯវិញ្ញាណ ដែលបានធ្វើឱ្យមនុស្សជាច្រើននាក់នៅក្នុងសម័យចុងក្រោយនេះមានការភិតភ័យ (សូមប្រៀបធៀបខគម្ពីរ អេភេសូរ ១:១៥-២៣; អេភេសូរ ២:១-១០)។
អាវុធគឺជាផ្នែកនៃគ្រឿងសឹកចុងក្រោយរបស់ព្រះ ដែលមានអំណាចជាទីបំផុត។ អាវុធនោះ គឺជា «ដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល» (អេភេសូរ ៦:១៧)។ ដាវរបស់ទាហានរ៉ូមមានមុខ២ និងមានប្រវែងខ្លី។ ទន្ទឹមគ្នានេះ ព្រះគម្ពីរគឺជាអាវុធមួយដ៏មុតស្រួច ដែល «កាត់» ទម្លុះសេចក្តីអាក្រក់ របស់សាតាំងបាន។ ព្រះគម្ពីរគឺជាអាវុធដ៏សំខាន់បំផុតនៅក្នុងសង្គ្រាមរបស់យើងទាស់នឹងសេចក្តីអាក្រក់។
ការអធិស្ឋាននៅក្នុងសមរភូមិ
នៅចុងបញ្ចប់នៃអនុសាសន៍របស់លោកប៉ុលខាងឯផ្នែកសង្គ្រាមនេះ លោកប៉ុលបានសូមឱ្យ អ្នកអានរបស់គាត់ ដែលជាទាហានរបស់ព្រះនោះ អធិស្ឋានសម្រាប់គ្រីស្ទានទាំងអស់នៅគ្រប់ទីកន្លែង (អេភេសូរ ៦:១៨)។ លោកប៉ុលក៏បានសូមឱ្យអ្នកអានរបស់គាត់អធិស្ឋានឱ្យគាត់ផងដែរ ពីព្រោះគាត់បាន ជាប់ឃុំឃាំង ដោយសារតែគាត់គឺជាអ្នកនាំសាររបស់ព្រះនោះឯង (អេភេសូរ ៦:១៩, ២០)។ នៅសម័យ រ៉ូម នៅក្នុងសមរភូមិ កងទ័ពបានបួងសួងទៅព្រះរបស់ពួកគេ ដើម្បីជួយឱ្យពួកគេបានឈ្នះសង្គ្រាមនោះ។ យើងអាចអាននៅក្នុងគម្ពីរសញ្ញាចាស់ អំពីគំរូនៃការអធិស្ឋានជាច្រើន នៅក្នុងសមរភូមិ។ បន្ទាប់ពីស្តេច យ៉ូសាផាតបានបង្គាប់ឱ្យរាស្ត្ររបស់ព្រះច្បាំងនោះ ស្តេចយ៉ូសាផាតបាននាំប្រជារាស្ត្រអធិស្ឋាននៅក្នុងស្រុកយូដា និងនៅក្នុងក្រុងយេរូសាឡិម។ ស្តេច និងរាស្ត្ររបស់ទ្រង់បានឱនក្រាបថ្វាយបង្គំព្រះ (របាក្សត្រ ទី២ ២០:១៨)។ ជាការពិតណាស់ ការអធិស្ឋានមិនមែនជាផ្នែកទី៧នៃគ្រឿងសឹករបស់ព្រះនោះឡើយ។ ប៉ុន្តែ សេចក្តីអធិស្ឋានគឺជាផ្នែកមួយដែលព្រះបានមានបន្ទូលតាមរយៈលោកប៉ុល នៅក្នុងអនុសាសន៍ខាង ឯផ្នែកសង្គ្រាមរបស់គាត់ ហើយវាក៏ជាផ្នែកនៃរូបស័ព្ទខាងឯផ្នែកយោធារបស់គាត់ផងដែរ (អេភេសូរ ជំពូក ៦)។
ប្រសិនបើពួកជំនុំចង់មានជ័យជម្នះនៅក្នុងសង្គ្រាមទាស់នឹងសេចក្តីអាក្រក់នោះ ពួកជំនុំត្រូវតែ ពឹកផ្អែកទៅលើព្រះ ដើម្បីឱ្យពួកគេមានកម្លាំងឡើង។ សេចក្តីអធិស្ឋានគឺជារបៀបដែលពួកគេបានបង្ហាញព្រះ ថាពួកគេពិតជាបានពឹងផ្អែកទៅលើទ្រង់មែន។
ដូចដែលយើងបានឃើញរួចមកហើយ ថាលោកប៉ុលក៏បានសូមឱ្យពួកជំនុំអធិស្ឋានឱ្យគាត់ផង ដែរ (អេភេសូរ ៦:១៩)។ លោកប៉ុលបានអំពាវនាវឱ្យពួកជំនុំទូលសូមទៅព្រះ ឱ្យប្រទានដល់គាត់នូវពាក្យ ពេចន៍ដែលត្រូវនិយាយ ចំពេលដែលត្រូវនិយាយ។ លោកប៉ុលត្រូវការសេចក្តីអធិស្ឋានរបស់ពួកគេ ដើម្បី ជួយឱ្យគាត់ធ្វើកិច្ចការដែលព្រះបានបង្គាប់ឱ្យគាត់ធ្វើនោះ។ ព្រះបានបង្គាប់ឱ្យលោកប៉ុលប្រកាសដំណឹងល្អ អំពីព្រះយេស៊ូវ ព្រមទាំងបកស្រាយអាថ៌កំបាំងដ៏អស្ចារ្យពីដំណឹងនេះផងដែរ (អេភេសូរ ៦:១៩)។ ផែនការ របស់ព្រះនៅក្នុងការសង្គ្រោះសាសន៍ដទៃជាមួយសាសន៍យូដាក៏ជាផ្នែកមួយនៃអាថ៌កំបាំងនេះផងដែរ (សូម អានខគម្ពីរអេភេសូរ ៣:១-១៣)។ អ្នកដែលបានសង្គ្រោះ នឹងបានក្លាយទៅជាផ្នែកមួយនៅក្នុងគ្រួសារមនុស្សលោកថ្មីរបស់ព្រះទាំងអស់គ្នា (អេភេសូរ ២:១៥; សូមអានខគម្ពីរអេភេសូរ ២:១១-២២)។ កិច្ចការ នេះគឺជាផ្នែកមួយនៃផែនការរបស់ព្រះ ដើម្បីបង្រួបបង្រួមអ្វីៗគ្រប់យ៉ាងមកដាក់នៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវវិញ (អេភេសូរ ១:១០)។
សាររបស់ព្រះបានត្រាស់ហៅរាស្ត្ររបស់ទ្រង់ឱ្យរួបរួមគ្នាអធិស្ឋាន។ សូមអាននៅក្នុងខគម្ពីរ លូកា ១៨:១-១៨; ភីលីព ៤:៦; កូឡូស ៤:២ និងថែស្សាឡូនីចទី១ ៥:១៦-១៨ ដែលបានសំដែងអំពីការត្រាស់ហៅទាំងនេះមួយចំនួន។ តើការត្រាស់ហៅបែបណាដែលលោកអ្នកពេញចិត្តជាងគេបំផុតនោះ? តើហេតុអ្វី?
តើហេតុអ្វីបានជាព្រះគម្ពីរតែងតែត្រាស់ហៅយើងឱ្យអធិស្ឋានឱ្យអស់ពីចិត្តរបស់យើងយ៉ាងដូច្នេះ? រូបស័ព្ទរបស់លោកប៉ុល អំពីគ្រឿងសឹករបស់ព្រះនេះ អាចផ្តល់ចម្លើយ២យ៉ាង៖ (១) ការអធិស្ឋាន បានជួយការពារយើងនៅក្នុងសង្គ្រាមទាស់នឹងសាតាំង។ (២) គ្រឿងសឹករបស់ព្រះបានបង្ហាញយើង អំពីសេចក្តីសន្យារបស់ទ្រង់ដែលថាទ្រង់នឹងធ្វើឱ្យយើងរឹងមាំ ហើយទ្រង់ក៏បានជួយឱ្យយើងឈ្នះផងដែរ (អេភេសូរ ៦:១០-១៧)។ ការអធិស្ឋានបានជួយឱ្យយើងជឿទុកចិត្តទៅលើសេចក្តីសន្យារបស់ព្រះ។
ការសិក្សាបន្ថែម៖ «កងទ័ពនៅក្នុងសមរភូមិនឹងបានច្របូកច្របល់ និងទន់ខ្សោយ ទាល់តែពលទ័ពរបស់ ពួកគេបានយល់ព្រមរួបរួមគ្នាធ្វើជាមុនសិន។ ប្រសិនបើពួកទាហានធ្វើនូវអ្វីដែលពួកគេចង់បាន ដោយមិនបានគិតពីគ្នាទៅវិញទៅមកទេនោះ កងទ័ពមិនអាចបំពេញតួនាទីរបស់ពួកគេបានឡើយ។ ទន្ទឹមគ្នា នេះ ទាហានរបស់ព្រះក៏ត្រូវតែបញ្ជេញសកម្មភាព និងធ្វើការរួមគ្នាផងដែរ។ អ្នកនៅក្នុងជួរកងទ័ពមិនត្រូវ គិតថាគាត់សំខាន់ជាងអ្នកដទៃនោះឡើយ។ នៅពេលដែលរាស្ត្ររបស់ព្រះមិនបានរួបរួមគ្នាធ្វើការទេនោះ ពួកគេនឹងបាត់បង់ពេលវេលា និងការខិតខំជាមិនខាន។ ជំនាញរបស់ពួកគេនឹងត្រូវបាត់បង់ជាមិនខាន។ ដ្បិតការព្រមព្រៀងគ្នាគឺជាកម្លាំង។ នៅពេលដែលមនុស្សជាច្រើននាក់បានរួបរួមគ្នាធ្វើការនៅក្រោមមេដឹកនាំតែមួយនោះ។ ពួកគេនឹងទទួលបានជោគជ័យយ៉ាងច្រើន នៅក្នុងកិច្ចការដែលពួកគេបានធ្វើនោះ ជាមិនខាន»។ ដកស្រង់ពី Ellen G. White, Spalding and Magan Collection, page 121, adapted។
«នៅក្នុងអំឡុងនៃសម័យសង្គ្រាម រដ្ឋាភិបាលតែងតែបញ្ជូនអ្នកចរចាឱ្យទៅចរចាជាមួយនឹងខ្មាំង សត្រូវរបស់ពួកគេ។ អ្នកចរចាបានព្យាយាមដោះស្រាយបញ្ហារវាងប្រទេសរបស់ពួកគេ និងខ្មាំងសត្រូវ របស់ពួកគេ ដើម្បីកុំឱ្យពលទ័ពទាំង២ក្រុមរបស់ពួកគេត្រូវប្រយុទ្ធគ្នា។ លោកប៉ុលបានហៅខ្លួនគាត់ថាជាអ្នកចរចារបស់ព្រះ។ ឈ្មោះនេះស័ក្តិសមជាមួយនឹងរូបស័ព្ទយោធាដែលលោកប៉ុលបានបង្ហាញនៅក្នុងខគម្ពីរអេភេសូរ ជំពូក៦នោះណាស់។ នៅសម័យព្រះគម្ពីរ ពួកបណ្តាជនបានរំពឹងថារដ្ឋាភិបាលនឹង បង្ហាញការគោរពដល់អ្នកចរចាមកពីប្រទេសដទៃ។ ប៉ុន្តែ ពួកសាសន៍រ៉ូមមិនបានបង្ហាញការគោរពដល់លោកប៉ុលដែលជាអ្នកចរចារបស់ព្រះនោះឡើយ។ ពួកគេបានដាក់ច្រវ៉ាក់គាត់។ អ្នកចរចាបានជាប់ច្រវ៉ាក់ ដោយបានបង្ហាញមនុស្សពីអត្តសញ្ញាណរបស់ពួកគេ។ ពួកសាសន៍រ៉ូមបានសម្លឹងឃើញច្រវ៉ាក់ដែលពួកគេ បានដាក់លោកប៉ុលនោះថា ជាគួរឱ្យខ្មាសអៀនទៅវិញ។ ប៉ុន្តែ លោកប៉ុលបានក្រឡេកមើលច្រវ៉ាក់របស់ គាត់ ថាជារបស់ដែលត្រូវពាក់ ដោយមានតម្លៃ និងមានកិត្តិយសវិញ ពីព្រោះគាត់បានពាក់វា ខណៈពេល ដែលគាត់បានបម្រើព្រះយេស៊ូវនោះឯង»។ ដកស្រង់ពី David J. Williams, Paul’s Metaphors: their Context and Character (Peabody, MA: Hendrickson, 1999) page 152, adapted។
សំណួរពិភាក្សា ១. លោកប៉ុលបានហៅខ្លួនគាត់ថាជាអ្នកចរចារបស់ព្រះដែលបានជាប់ច្រវ៉ាក់ (អេភេសូរ ៦:១០)។ តើលោក ប៉ុលចង់មានន័យយ៉ាងណាដែរ? ២. តើការដែលលោកអ្នក និងពួកជំនុំរបស់លោកអ្នកបាននាំសេចក្តីសុខសាន្តរបស់ព្រះដល់ផែនដីដែលបាន ប្រេះស្រាំ ដោយសារសង្គ្រាមនោះ មានន័យយ៉ាងណាដែរ? តើយើងអាចធ្វើជាអ្នកចរចានៅក្នុងសហគមន៍ ដែលមានពេញទៅដោយសេចក្តីសម្អប់ និងការឈឺចាប់នោះដោយរបៀបណា? ៣. តើ «ព្រួញភ្លើង» ដែលសាតាំងបានបាញ់មករកលោកអ្នកនោះ គឺជាអ្វី? តើខែលនៃសេចក្តីជំនឿបាន ជួយពន្លត់ភ្លើងនោះដោយរបៀបណាដែរ? ៤. តើ «អ្នកចម្បាំងខាងឯសេចក្តីអធិស្ឋាន» មានន័យយ៉ាងណាដែរ? តើអ្វីទៅជាដំបូន្មានដ៏មានប្រយោជន៍ ដែលខគម្ពីរអេភេសូរ ៦:១៨-២០ ដើម្បីជួយឱ្យលោកអ្នកចាប់ផ្តើមក្រុមអធិស្ឋាននោះ?
អំណាចនៃពាក្យសម្តីបន្តិចបន្តួច
នៅពេលដែលជម្លោះយោធាបានកើតឡើងនៅក្នុងទឹកដីអ៊ុយក្រែងរបស់លោកអាឡិចសេនៅក្នុងឆ្នាំ២០២២នោះ គាត់កំពុងតែស្នាក់នៅក្នុងព្រំដែននៃប្រទេសប៉ូឡូញ ដែលគាត់ធ្លាប់បានធ្វើការ ដំឡើងវីនដូកំុព្យួទ័រតាមផ្ទះអ្នកស្រុក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ គាត់ក៏មានសាច់ញាតិ ច្រើននៅក្នុងប្រទេសអ៊ុយក្រែងផងដែរ ម្ល៉ោះហើយ គាត់បានព្រួយបារម្ភអំពីពួកគេ។ គាត់បានទូរស័ព្ទទៅ សាច់ញាតិរបស់គាត់ម្តងម្នាក់ៗ ដើម្បីឱ្យបានដឹងអំពីសុខទុក្ខរបស់ពួកគេ ក្រែងលគាត់អាចជួយអ្វីបាន ខ្លះ។ គាត់បានសួរថា «សុខសប្បាយទេ អ្នកមីងលីយូដា (Lyuda)?»។ មីងបានតបទៅវិញថា «អរគុណ ព្រះ គ្រប់យ៉ាងមិនអីទេក្មួយ ឥឡូវនេះ ពួកយើងកំពុងតែលាក់ខ្លួនណាក្មួយ»។ មីងបានប្រាប់ណាស្សាដែលជាកូនស្រីរបស់នាង កូនប្រុសម្នាក់ទៀតរបស់គាត់ ថាគាត់មានគម្រោងចូលរួមជាមួយនឹងជនភៀស ខ្លួន ដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសប៉ូឡូញ។ តាមធម្មតា ដំណើរបែបនេះ ត្រូវចំណាយ ប្រហែលជាពេល១ថ្ងៃ។ ប៉ុន្តែ ឥឡូវនេះ ត្រូវចំណាយពេល២ទៅ៣ថ្ងៃទើបដល់ព្រំដែន។ លោកអាឡិច បានសួរទៀតថា «តើជនភៀសខ្លួនត្រូវមកទីក្រុងវ៉ាស៊វ (Warsaw) ដែរឬទេ? បើពួកគេមក កុំភ្លេចប្រាប់ ពួកគេឱ្យទូរស័ព្ទមករកខ្ញុំណា ខ្ញុំនឹងឡើងទៅយកពួកគេ ហើយពួកគេអាចសម្រាកនៅផ្ទះរបស់ខ្ញុំយូរប៉ុនណា ក៏បាន»។
មួយស្របក់ក្រោយមក សាច់ញាតិម្នាក់ទៀតបានទូរស័ព្ទមកពីប្រទេសអ៊ុយក្រែង ដោយប្រាប់ ថានាងណាត់ស្សា (Nastya) និងកូនប្រុសរបស់នាងបានទៅដល់ប្រទេសប៉ូឡូញហើយ។ ពួកគេបានឆ្លងព្រំដែនទៅស្នាក់អាស្រ័យជាមួយនឹងគ្រួសារប៉ូលិស ដែលបានបើកទ្វារទទួលពួកគេ។ ប៉ូលិសជាច្រើន នាក់បានបរិច្ចាគផ្ទះរបស់ពួកគេឱ្យពួកជនភៀសខ្លួនស្នាក់នៅបណ្តោះអាសន្ន។ លោកអាឡិចសេបានទូរស័ព្ទ ទៅរកនាងណាត់ស្សា ព្រមទាំងបានសន្យាថាគាត់នឹងឡើងទៅរកនាង និងកូនប្រុសរបស់នាងទៀតផង។ នាង និងកូនប្រុសរបស់នាងបានអង្គុយរង់ចាំផ្លូវគាត់ នៅពេលដែលគាត់បើកឡានចូលទៅផ្ទះប៉ូលិសដែលនាងបានស្នាក់នៅនោះ។ ម្ចាស់ផ្ទះដែលមានអាយុ៦០ឆ្នាំបានជូនដំណើរនាងណាត់ស្សា និងកូន ប្រុសរបស់នាងឡើងឡាន។ នាងណាត់ស្សាបានលើកដៃលាគាត់ នៅពេលដែលនាងចូលទៅក្នុងឡាន បន្ទាប់មក លោកអាឡិចសេបានបើកគូទឡាន ដើម្បីដាក់អីវ៉ាន់នាងចូលទៅក្នុងឡាន។ ខណៈពេលដែល ឡាន កំពុងតែបើកគូទក្រោយនោះ ម្ចាស់ផ្ទះបានឃើញសៀវភៅមហាវិវាទរបស់អ្នកស្រីអែល្លីន ជី វ៉ៃត៍ ជាច្រើនក្បាល។ លោកអាឡិចសេគឺជាសមាជិកនៅក្នុងពួកជំនុំ ដែលបានរួមចំណែកចែកចាយសៀវភៅ ហើយកិច្ចការនេះទៀតសោត គឺជារឿងពិបាក ដោយសារតែមានមនុស្សតិចតួចណាស់ចង់បានសៀវភៅ នោះ ដូច្នេះហើយ បានជាលោកអាឡិចសេទុកសៀវភៅទាំងនោះនៅក្នុងឡានរបស់គាត់។ លោកអាឡិចសេ បានយកសៀវភៅមួយក្បាលមក រួចនិយាយទៅម្ចាស់ផ្ទះដែលមានអាយុ៦០ឆ្នាំនោះថា «ខ្ញុំមានអំណោយមួយ ជូនបង»។ ម្ចាស់ផ្ទះបានសួរទាំងដឹងថា «តើអំណោយនោះគឺជាអ្វី?»។ លោកអាឡិចសេបាននិយាយថា «អំណោយនោះគឺជាសៀវភៅគ្រីស្ទានដែលមានប្រវត្តិសាស្ត្រនៃសាសនាគ្រីស្ទ គឺចាប់ពីគ្រីស្ទានដំបូងដែលបានការពារ សេចក្តីពិតបន្ទាប់ពីព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ រហូតដល់ព្រឹត្តិការណ៍ចុងក្រោយដែលនឹងត្រូវ កើតឡើងនៅពេលអនាគតផងដែរ ខ្ញុំគិតថាបងប្រាកដជាចូលចិត្តសៀវភៅនេះជាមិនខាន»។ បុរសម្នាក់ នោះបានទទួលយកសៀវភៅនោះ។ បន្ទាប់មក គាត់បានឱបលោកអាឡិច ដោយនិយាយថា «អរគុណ ច្រើនលោកគ្រូ»។ លោកអាឡិចសេបានត្រេកអរជាខ្លាំង។ គាត់មិននឹកស្មានថាវាងាយស្រួលដល់ម្លឹងនោះឡើយ។ ម្ល៉ោះហើយ បានជាគាត់បាននិយាយថា «នេះគឺជាបំណង ព្រះហឫទ័យព្រះ ពីព្រោះអ្វីដែលខ្ញុំបានធ្វើនោះ គឺគ្រាន់តែនិយាយ២ទៅ៣ ឃ្លាប៉ុណ្ណោះ ស្រាប់តែគាត់យកសៀវភៅនោះភ្លាម ហើយខ្ញុំក៏បានអធិស្ឋានសូមឱ្យព្រះជួយឱ្យគាត់ ភរិយា និងកូនៗរបស់គាត់អានសៀវភៅនោះផង ហើយខ្ញុំក៏ សង្ឃឹមថា គាត់នឹងជឿសៀវភៅនោះផងដែរ»។