ខចងចាំ៖ «ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿជាយ៉ាងណាដែរ តាមដែលកម្លាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ ជាព្រះចេស្តាដែលទ្រង់បានសំដែងចេញ ដោយ ប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងតាំងឲ្យគង់ខាងស្តាំទ្រង់ នៅស្ថានដ៏ខ្ពស់» (អេភេសូរ ១:១៩, ២០)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ១:១៥-២៣; អេភេសូរ ១:១៦, ១៧; កូរិនថូសទី១ ១៥:២០-២២; អេភេសូរ ៦:១២។
មនុស្សភាគច្រើនចង់បានរបស់អ្វីមួយដែលមានអំណាចជាងអ្វី ដែលពួកគេមានរួចទៅហើយ នោះ។ ក៏មានមនុស្សជាច្រើនចង់បានរថយន្តដែលមានល្បឿនលឿន និងកម្លាំងខ្លាំងផងដែរ។ ពួកគេ បានផលិតរថយន្តមួយគ្រឿងដែលមានឈ្មោះថាដេវេល១៦ (Devel 16)។ ដេវេល១៦គឺជារថយន្តមួយគ្រឿងដែលមានល្បឿនលឿនជាមួយនឹងម៉ាស៊ីនមួយដ៏ទំនើប។ បន្ទាប់មក មានក្រុមហ៊ុនមួយឈ្មោះ ថាពីធើបៀល (Peterbilt)។ ក្រុមហ៊ុននេះបានបង្កើតរថយន្តដឹកទំនិញមួយគ្រឿងដែលមានម៉ាស៊ីនយន្តហោះ៣គ្រឿង។ រថយន្តនេះអាចរត់បានចំងាយ០.៤០គីឡូម៉ែត្រក្នុងរយៈពេល៦.៥វិនាទី។ រថយន្ត នេះក៏អាចបង្កើនល្បឿនទៅដល់៦០៥គីឡូម៉ែត្រក្នុងរយៈពេល១ម៉ោងផងដែរ មុនពេលដែលឆ័ត្រយោងរថយន្តនោះបានបើកចំហឡើង។
លោកប៉ុលបានអធិស្ឋានទូលសូមឱ្យពួកជំនុំអេភេសូរបានដឹងថា ព្រះគឺជាអ្នកដែលបាន ប្រទានកម្លាំង និងអំណាចដល់ពួកគេ។ កម្លាំងនេះមានប្រភពមកពីព្រះយេស៊ូវ។ ព្រះយេស៊ូវបានចាត់ ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកកាន់ពួកសិស្សរបស់ទ្រង់ ដើម្បីឱ្យពួកគេបានទទួលអំណាចរបស់ទ្រង់។ អំណាចនេះមានកម្លាំងខ្លាំងជាងម៉ាស៊ីនយន្តហោះ ឬវេទមន្តទៅទៀត។
សេចក្តីពិតនៃព្រះគម្ពីរ៤យ៉ាងនៅក្នុងគម្ពីរសញ្ញាថ្មី បានជួយឱ្យយើងដឹងថាព្រះទ្រង់មាន អំណាចជាទីបំផុត។ សេចក្តីពិតនៃព្រះគម្ពីរទាំង៤យ៉ាងនេះមានដូចជា៖ (១) ព្រះយេស៊ូវបានរស់ពីស្លាប់ ឡើងវិញ (២) ព្រះយេស៊ូវបានគង់នៅជិតព្រះវរបិតានៅឯស្ថានសួគ៌ (៣) ព្រះបានលើកព្រះយេស៊ូវឱ្យគ្រប់គ្រងអ្វីៗទាំងអស់ និង (៤) ព្រះបានលើកព្រះយេស៊ូវឱ្យធ្វើជាមេដឹកនាំនៃពួកជំនុំ (អេភេសូរ ១:
លោកប៉ុលបានប្រាប់ពួកជំនុំអេភេសូរថា គាត់សប្បាយចិត្តណាស់ ដែលបានឮថាពួកគេកំពុង តែរឹងមាំឡើងនៅក្នុងសេចក្តីជំនឿរបស់ពួកគេទៅលើព្រះនោះ។ ហើយសេចក្តីស្រឡាញ់របស់ពួកគេចំពោះ គ្នាទៅវិញទៅមកនោះ ក៏បានរឹងមាំឡើងផងដែរ។ លោកប៉ុលក៏បានប្រាប់ពួកជំនុំថាគាត់បានអធិស្ឋានសម្រាប់ពួកគេផងដែរ។
សូមប្រៀបធៀបរបាយការណ៍នៃការអធិស្ឋាន២យ៉ាងនៅក្នុងខគម្ពីរអេភេសូរ ១:១៥-២៣ និង អេភេសូរ ៣:១៤-២១។ តើលោកអ្នកបានឃើញគោលគំនិតដូចគ្នាអ្វីខ្លះ នៅក្នុងរបាយការណ៍ទាំងនោះ?
របាយការណ៍របស់លោកប៉ុលបានបង្ហាញយើងថាការអធិស្ឋានរបស់យើងនេះ ក៏គួរតែភ្ជាប់ជា មួយនឹងការអរព្រះគុណផងដែរ។ ដូច្នេះ យើងគួរតែអរព្រះគុណដល់ព្រះ សម្រាប់ព្រះពរជាច្រើនដែល ទ្រង់បានប្រទានដល់យើង។ យើងត្រូវតែធ្វើឱ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីឱ្យបានឃើញកិច្ចការ របស់ព្រះ នៅក្នុងអំឡុងពេលនៃគ្រាលំបាកៗនៅក្នុងជីវិតរបស់យើងនោះ។ យើងត្រូវតែសរសើរតម្កើងព្រះចំពោះសេចក្តីមេត្តា និងអំណាចរបស់ទ្រង់ ដោយសារតែទ្រង់អាចផ្លាស់ប្តូរជីវិតរបស់យើងឱ្យកាន់តែ ប្រសើរឡើងបាន (អេភេសូរ ១:២០-២៣)។ យើងក៏ត្រូវតែអរព្រះគុណដល់ព្រះដែលទ្រង់បានប្រទានពរ ដល់មនុស្សនៅក្នុងជីវិតរបស់យើងផងដែរ។ ការអធិស្ឋានបានបង្រៀនយើងឱ្យសរសើរតម្កើងព្រះ និង អរព្រះគុណដល់ទ្រង់ សម្រាប់ព្រះពរទាំងអស់របស់ទ្រង់។
លោកប៉ុលបានប្រាប់ពួកជំនុំអេភេសូរថា «ខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ» ជានិច្ច (អេភេសូរ ១:១៦; សូមអានខគម្ពីរភីលីព ១:៣, ៤; ថែស្សាឡូនីចទី១ ១:២ និង ថែស្សាឡូនីច ទី១ ៥:១៦-១៨)។
តើលោកប៉ុលចង់មានន័យយ៉ាងណា នៅពេលដែលគាត់ប្រាប់អ្នកគ្រីស្ទាន « ចូរអធិស្ឋានឥត ឈប់ឈរ» នោះ (ថែស្សាឡូនីចទី១ ៥:១៧)? ជាការពិតណាស់ លោកប៉ុលមិនបាននិយាយថាយើង ត្រូវតែអធិស្ឋាន ហើយមិនបាច់ធ្វើអ្វីផ្សេងទៀតនោះឡើយ។ លោកប៉ុលចង់មានន័យថាយើងត្រូវតែអរព្រះគុណព្រះចំពោះអ្វីៗគ្រប់យ៉ាងដែលទ្រង់បានធ្វើសម្រាប់យើងវិញ។ យើងត្រូវតែប្រគល់បញ្ហា និងការ ព្រួយបារម្ភទាំងអស់របស់យើងនោះដល់ព្រះ។ យើងត្រូវតែទូលសូមដំបូន្មានពីទ្រង់។ យើងមិនត្រូវធ្វើជា មនុស្សប្លែកមុខនៅចំពោះទ្រង់នោះឡើយ។ យើងត្រូវតែជ្រើសរើសធ្វើជាកូនៗរបស់ទ្រង់ ព្រមទាំងអនុញ្ញាត ឱ្យទ្រង់ដឹកនាំយើងផងដែរ។
ជានិច្ចកាល យើងតែងគិតថា ការអធិស្ឋានគឺជារឿងមួយដែលយើងត្រូវធ្វើ នៅពេលដែលយើង ជួប នឹងបញ្ហា ឬនៅពេលដែលយើងត្រូវការរបស់អ្វីមួយនោះ។ លោកប៉ុលបានបង្រៀនយើងនូវគោលគំនិត មួយទៀតដែលទាក់ទងទៅនឹងការអធិស្ឋាននេះ។ លោកប៉ុលបានអធិស្ឋានសម្រាប់អ្នកគ្រីស្ទាននៅក្នុងទីក្រុងអេភេសូរ។ លោកប៉ុលបានអរព្រះគុណព្រះសម្រាប់ពួកគេ (អេភេសូរ ១:១៦; សូមប្រៀបធៀប ខគម្ពីរអេភេសូរ ១:៣-១៤) ព្រមទាំងបានទូលសូមឱ្យព្រះជួយដល់ពួកគេផងដែរ (អេភេសូរ ១:១៧-២៣; សូមប្រៀបធៀបខគម្ពីរអេភេសូរ ៣:១៤-២១)។ លោកប៉ុលបានជឿថាការអធិស្ឋានគឺជាផ្នែកដ៏សំខាន់មួយនៅក្នុងការក្លាយមកជាអ្នកគ្រីស្ទាន។ ខដែលព្រះបានមានបន្ទូលតាមរយៈលោកប៉ុលនៅក្នុង ខគម្ពីរអេភេសូរ ១:១៥-២៣ និងអេភេសូរ ៣:៤-២១ នេះ គឺជាការត្រាស់ហៅមួយ។ ដូច្នេះ លោកប៉ុល បានអញ្ជើញយើងឱ្យគិតអំពីអ្នកដែលនឹងអធិស្ឋានជូននោះ ព្រមទាំងគិតអំពីអ្វីដែលព្រះបានធ្វើសម្រាប់ពួកគេផងដែរ។
តើហេតុអ្វីបានជាការអរព្រះគុណព្រះតាមរយៈការអធិស្ឋាននោះសំខាន់ម្ល៉េះ សម្រាប់អ្វីៗដែល ទ្រង់បានប្រទានឱ្យយើងនោះ?
«នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់ គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំវិញ ដើម្បីនឹងសូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជា ព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់» (អេភេសូរ១:១៦, ១៧)។
លោកប៉ុលបានមានប្រសាសន៍ថាព្រះបានប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់ពួកជំនុំអេភេសូរ នៅពេលដែលពួកគេបានទទួលយកព្រះយេស៊ូវ (អេភេសូរ ១:១៣, ១៤)។ ឥឡូវនេះ លោកប៉ុលបានអធិស្ឋានទូលសូមឱ្យព្រះប្រទានពរដល់ពួកជំនុអេភេសូរឱ្យបានទទួលព្រះវិញ្ញាណម្តងទៀត។ លោកប៉ុល បានសូមឱ្យព្រះប្រទានចំណេះដឹងខាងឯវិញ្ញាណដល់ពួកជំនុំអេភេសូរ។ នៅពេលនោះ ពួកគេនឹងបានយល់អំពីព្រះយេស៊ូវបន្ថែមទៀត (អេភេសូរ ១:១៧)។
លោកប៉ុលបានអធិស្ឋានទូលសូមឱ្យព្រះវិញ្ញាណបរិសុទ្ធប្រទាននូវការយល់ដឹងដ៏ពិសេសមួយ ដល់ពួកជំនុំអេភេសូរ។ តើប្រធានបទទាំង៣យ៉ាងអ្វីខ្លះ ដែលលោកប៉ុលចង់ឱ្យពួកគេបានយល់នោះ? សូមអានខគម្ពីរអេភេសូរ ១:១៧-១៩ សម្រាប់ចម្លើយ។
លោកប៉ុលបានអធិស្ឋានសូមឱ្យពួកជំនុំអេភេសូរ «បានភ្លឺឡើងប្រយោជន៍ឲ្យបានដឹងថា ដែល ទ្រង់ហៅអ្នករាល់គ្នា នោះមានសេចក្តីសង្ឃឹមជាយ៉ាងណា» (អេភេសូរ ១:១៨)។ លោកប៉ុលក៏បានអធិស្ឋាន សូមឱ្យពួកជំនុំអេភេសូរបាននឹកចាំនូវរឿងដែលព្រះបានធ្វើ ដើម្បីសង្គ្រោះពួកគេផងដែរ (អេភេសូរ ១:៣-៩, ១១-១៣)។ លោកប៉ុលក៏ចង់ឱ្យពួកជំនុំអេភេសូរបានដឹងអំពីផែនការដ៏អស្ចារ្យ ដែលព្រះបានរៀបចំ សម្រាប់ពួកគេផងដែរ (អេភេសូរ ១:១០, ១៤)។
លោកប៉ុលបានមានប្រសាសន៍ថាគាត់បានអធិស្ឋានសូម «ដើម្បីឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នា បានភ្លឺឡើងប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅអ្នករាល់គ្នា នោះមានសេចក្តីសង្ឃឹមជាយ៉ាងណា ហើយ ថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង» (អេភេសូរ ១:១៨)។ នៅក្នុង ខនេះ លោកប៉ុលកំពុងតែនឹកដល់គោលគំនិតនៅក្នុងគម្ពីរសញ្ញាចាស់ ដែលថាកូនៗរបស់ព្រះគឺជាកំណប់ ដ៏អស្ចារ្យពិសេសរបស់ទ្រង់ (ចោទិយកថា ៩:២៩; ចោទិយកថា ៣២:៩; សាការី ២:១២; សូមប្រៀប ធៀបខគម្ពីរអេភេសូរ ១:១១)។ ព្រះក៏ចង់ឱ្យពួកជំនុំអេភេសូរបានដឹងថាព្រះមានកំណប់ទ្រព្យសម្រាប់ពួកគេផងដែរ។ ទន្ទឹមគ្នានេះ លោកប៉ុលចង់ឱ្យអ្នកអានរបស់គាត់បានដឹងថាពួកគេគឺជាកំណប់ដ៏ពិសេស របស់ព្រះ។ លោកប៉ុលចង់ឱ្យពួកជំនុំអេភេសូរបានយល់អំពីតម្លៃរបស់ពួកគេនៅក្នុងព្រះនេត្ររបស់ព្រះ។
លោកប៉ុលចង់ឱ្យពួកជំនុំអេភេសូរបានដឹងពី «ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើង រាល់គ្នាដែលជឿ» (អេភេសូរ ១:១៩)។ លោកប៉ុលបានដឹងថាព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានចំណេះដឹង នេះដល់រាស្ត្ររបស់ព្រះ។ នៅក្នុងសេចក្តីអធិស្ឋានទាំងអស់របស់គាត់ លោកប៉ុលចង់ឱ្យពួកជំនុំអេភេសូរ បានដឹងរៀងៗខ្លួនថាព្រះបានប្រទានអ្វីៗគ្រប់យ៉ាងដល់ពួកគេតាមរយៈព្រះយេស៊ូវ។
ការរស់ពីស្លាប់ឡើងវិញជាមួយនឹងព្រះយេស៊ូវ
ឥឡូវនេះ យើងបានមកដល់ផ្នែកចុងក្រោយនៃរបាយការណ៍អធិស្ឋានរបស់លោកប៉ុលនៅក្នុង ខគម្ពីរអេភេសូរ ១:២០-២៣។ នៅក្នុងខទាំងនេះ លោកប៉ុលបានសង្ឃឹមថាព្រះវិញ្ញាណបរិសុទ្ធនឹងជួយ ឱ្យអ្នកអានរបស់គាត់បានដឹងថាព្រះទ្រង់មានអំណាចជាទីបំផុត។ លោកប៉ុលចង់ឱ្យអ្នកអានរបស់គាត់បានយល់នូវអ្វីដែលព្រះបានធ្វើសម្រាប់ពួកគេ។ លោកប៉ុលបានចាប់ផ្តើម ដោយការពិពណ៌នាអំពីចំណុច ២យ៉ាង ដែលបានបង្ហាញថាព្រះទ្រង់មានអំណាចខ្លាំងពូកែនោះ៖ (១) គ្រាដែលព្រះយេស៊ូវបានរស់ពីស្លាប់ ឡើងវិញ និង (២) គ្រាដែលព្រះយេស៊ូវបានគង់នៅជិតព្រះវរបិតានៅលើបល្ល័ង្ករបស់ទ្រង់នៅឯស្ថានសួគ៌ (អេភេសូរ ១:២០)។
តើការរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវបានបង្ហាញយើងថាព្រះទ្រង់មានអំណាចខ្លាំងពូកែ នោះដោយរបៀបណា? សូមអានខគម្ពីរអេភេសូរ ១:២០; កូរិនថូសទី១ ១៥:២០-២២; ភីលីព ៣:៨- ១១; ហេព្រើរ ១៣:២០, ២១; ពេត្រុសទី១ ១:៣ សម្រាប់ចម្លើយ។
ព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញ។ គោលជំនឿនេះសំខាន់ណាស់ ដល់សេចក្តីជំនឿនៃអ្នក គ្រីស្ទាន (កូរិនថូសទី១ ១៥:១៤, ១៧)។ ជាការពិតណាស់ ការដែលធ្វើជាគ្រីស្ទានម្នាក់ដែលមិនបានជឿ ទៅលើសេចក្តីពិតនៃព្រះគម្ពីរនៅត្រង់នេះនោះ ពិតជាមិនអាចទៅរួចបានឡើយ។ នៅពេលដែលយើងទទួលស្គាល់ថាព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញនោះ យើងក៏មានសង្ឃឹមថាព្រះយេស៊ូវនឹងយាងត្រឡប់ មកវិញដែរ (កូរិនថូសទី១ ១៥:២០-២៣)។ យើងក៏អាចមើលទៅឯព្រះយេស៊ូវនៅថ្ងៃនេះផងដែរ សម្រាប់ ព្រះពរទាំងអស់ដែលទ្រង់បានសន្យានោះ។ ព្រះពរមួយនៅក្នុងចំណោមនៃសេចក្តីសន្យាទាំងនេះនោះ គឺជាការដែលព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតនៅក្នុងជីវិតរបស់យើងនេះឯង។
លោកប៉ុលបានមានប្រសាសន៍ថាព្រះចេស្តារបស់ព្រះបានប្រោសព្រះយេស៊ូវឱ្យរស់ពីស្លាប់ឡើង វិញ ព្រមទាំងបាន «តាំងឲ្យគង់ខាងស្តាំទ្រង់ នៅស្ថានដ៏ខ្ពស់» (អេភេសូរ ១:២០) ផងដែរ។ រូបស័ព្ទអំពី «ខាងស្តាំទ្រង់» នេះគឺជាសម្រង់មតិពីខគម្ពីរទំនុកដំកើង ១១០:១។ អ្នកសរសេរគម្ពីរសញ្ញាថ្មីបានប្រើ សម្រង់មតិនេះពីគម្ពីរសញ្ញាចាស់ច្រើនជាងសម្រង់មតិផ្សេងៗទៀតនៅក្នុងសំណេររបស់ពួកគេ។ លោក ប៉ុលបានប្រាប់យើងថា «ទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ» (អេភេសូរ ២:៦)។ លោកប៉ុលក៏បានមានប្រសាសន៍ថាព្រះយេស៊ូវបានយាងទៅឯស្ថានសួគ៌ ដើម្បីរក្សាសេចក្តីសន្យារបស់ព្រះ ព្រមទាំងប្រទានអំណោយទានដល់ពួកជំនុំរបស់ទ្រង់ផងដែរ (សូមអានខគម្ពីរអេភេសូរ ៤:៨-១១)។
នៅក្នុងខគម្ពីរអេភេសូរ ៤:៨-១១ លោកប៉ុលបានដាស់តឿនយើងកុំឱ្យយល់ច្រឡំចំពោះគោល គំនិតដែលថាព្រះបានគង់នៅលើបល្ល័ង្ករបស់ព្រះវរបិតានោះ។ ព្រះយេស៊ូវមិនបានគង់នៅទីនោះ ដោយ មិនបានធ្វើអ្វីនោះឡើយ។ លោកប៉ុលចង់ឱ្យយើងមើលឃើញថាព្រះយេស៊ូវ «កំពុងតែធ្វើការជាមួយនឹង ព្រះវិញ្ញាណរបស់ទ្រង់។ ព្រះយេស៊ូវបានប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ ដើម្បីសង្គ្រោះពួកគេ និងដើម្បីជួយឱ្យពួកគេបានឈ្នះសង្គ្រាមទាស់នឹងអំពើបាប»។ ដកស្រង់ពី F. F. Bruce, The Epistles to the Colossians, to Philemon, and to the Ephesians (Grand Rapids, MI: Eerdmans, 1984), page 133, adapted។ ដូច្នេះ ព្រះយេស៊ូវបានគង់នៅលើ បល្ល័ង្កនៅឯស្ថានសួគ៌ ដើម្បីប្រទានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការនោះ។
ព្រះយេស៊ូវទ្រង់មានអំណាចលើសជាងអ្វីៗទាំងអស់
លោកប៉ុលបានប្រាប់យើងថាព្រះវរបិតាបានតាំងព្រះយេស៊ូវ «ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី និងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិន មែនតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ គឺទៅក្នុងអនាគតខាងមុខទៀតផង» (អេភេសូរ ១:២១)។
សូមប្រៀបធៀបខគម្ពីរអេភេសូរ ១:២១; អេភេសូរ ២:២ និងអេភេសូរ ៦:១២។ តើលោកប៉ុល បានមានប្រសាសន៍អំពីអំណាចខាងឯវិញ្ញាណនៅក្នុងខនេះយ៉ាងដូចម្តេចដែរ? តើហេតុអ្វីបានជាលោក អ្នកចាប់អារម្មណ៍មកលើប្រធានបទនេះយ៉ាងដូច្នេះ?
នៅក្នុងខគម្ពីរកិច្ចការ ១៩:១១-១២ យើងបានអានរឿងអំពីកូនទាំង៧នាក់របស់លោកស្កេវ៉ា។ រឿងនេះបានបង្ហាញយើងថាទីក្រុងអេភេសូរនៅក្នុងសម័យរបស់លោកប៉ុល គឺជាកន្លែងដ៏សំខាន់មួយសម្រាប់មនុស្សដែលចង់ចេះប្រើអាគម។ «នៅក្នុងអំឡុងនៃសម័យគម្ពីរសញ្ញាថ្មី មនុស្សដែលបានរស់ នៅក្នុងនគររ៉ូមបានជឿទៅលើវិញ្ញាណ។ ពួកសាសន៍រ៉ូមបានជឿថាវិញ្ញាណបានគ្រប់គ្រងផ្នែកទាំងអស់នៃ ជីវិត។ ការងាររបស់គ្រូអាគមគឺត្រូវស្វែងយល់ថាវិញ្ញាណណាដែលបានជួយដល់មនុស្ស ហើយវិញ្ញាណ ណាទៀតដែលបានធ្វើបាបមនុស្ស។ គ្រូអាគមបានរៀនអំពីរបៀបដែលវិញ្ញាណបានធ្វើការ។ គ្រូអាគម ក៏បានដឹងអំពីសមត្ថភាព និងអំណាចដែលវិញ្ញាណនោះមានផងដែរ។ គ្រូអាគមបានគ្រប់គ្រងនៅលើពួកវិញ្ញាណ និងបញ្ជាពួកវាឱ្យធ្វើកិច្ចការសម្រាប់មនុស្សលោក ដោយចំណេះដឹងនេះផងដែរ។ គ្រូអាគម បានសូត្រមន្តអាគម ដើម្បីបញ្ជាវិញ្ញាណទាំងនោះ។ ជាមួយនឹងការសូត្រមន្តអាគមនេះ គ្រូអាគមអាចព្យាបាលមនុស្សដែលបានឈឺ ដោយសារវិញ្ញាណណាមួយ។ គ្រូអាគមក៏អាចសូមឱ្យពួកវិញ្ញាណព្យាបាល ដល់អ្នកណាម្នាក់ដែលបានឈ្នះនូវការប្រណាំងសេះផងដែរ»។ ដកស្រង់ពី Clinton E. Arnold, Power and Magic: The Concept of Power in Ephesians, page 18, adapted។
ពួកគ្រូអាគមបានស្គាល់ឈ្មោះនៃពួកវិញ្ញាណទាំងនោះ ហើយក៏បានថាដឹងវិញ្ញាណនីមួយៗបានធ្វើអ្វីដែរ។ វាគឺជារឿងដ៏សំខាន់មួយ ដែលពួកគ្រូអាគមត្រូវដឹងពីព័ត៌មាននេះ។ បន្ទាប់មក គ្រូអាគម នឹងបានដឹងថាគេត្រូវសុំជំនួយពីវិញ្ញាណមួយណា។ ចំណេះដឹងនេះគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតខាងឯសាសនា នៅក្នុងទីក្រុងអេភេសូរ (សូមអានខគម្ពីរកិច្ចការ ១៩:១៣)។ លោកប៉ុលចង់ឱ្យពួកជំនុំអេភេសូរ បានដឹងថាព្រះយេស៊ូវមានអំណាចលើសជាងវិញ្ញាណអស់ទាំងនេះ (អេភេសូរ ១:២១)។ ព្រះយេស៊ូវនឹង បន្តគ្រប់គ្រងមនុស្សគ្រប់គ្នា និងរបស់ទាំងអស់ជារៀងរហូត។ ហេតុដូច្នេះហើយ បានជាលោកប៉ុលមាន ប្រសាសន៍ថាព្រះយេស៊ូវ «មានអំណាច មានឫទ្ធិបារមី និងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែល បានតាំងឡើងដែរ មិនមែនតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ គឺទៅក្នុងអនាគតខាងមុខទៀតផង» (អេភេសូរ ១:២១)។
ពួកវិញ្ញាណអាក្រក់ដែលបានធ្វើការនៅក្នុងសម័យរបស់លោកប៉ុលនោះ ក៏បានបន្តធ្វើការនៅ សព្វថ្ងៃនេះផងដែរ។ តើយើងបានឃើញពួកវាធ្វើការដោយរបៀបណា? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីឱ្យ ប្រាកដថាយើងមិនបានឱ្យពួកវាគ្រប់គ្រងយើងទេនោះ ដោយរបៀបណា?
ព្រះយេស៊ូវ អ្វីៗទាំងអស់ និងពួកជំនុំរបស់ទ្រង់
យើងបានឃើញរួចមកហើយ ថាព្រះយេស៊ូវមានអំណាចលើសជាងអ្នកណាទាំងអស់ ឬរបស់ ទាំងអស់នៅឯស្ថានសួគ៌ និងនៅលើផែនដីនេះ (ទំនុកដំកើង ១១០:១)។ ព្រះបានដាក់អ្វីៗទាំងអស់នៅ ក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវ (ទំនុកដំកើង ៨:៤, ៦)។ អ្វីៗទាំងអស់នោះ រួមមានទាំងសាតាំង និងពួកទេវតាអាក្រក់របស់វាផងដែរ។
លោកប៉ុលក៏បានប្រាប់យើងថាព្រះបានតាំងព្រះយេស៊ូវឱ្យធ្វើជាមេដឹកនាំនៃពួកជំនុំផងដែរ (អេភេសូរ ១:២២)។
ព្រះវរបិតាបានសូមឱ្យព្រះយេស៊ូវគង់នៅលើបល្ល័ង្ករបស់ទ្រង់នៅស្ថានសួគ៌។ ការដែលព្រះយេស៊ូវ បានគង់នៅលើបល្ល័ង្កនេះ បានបង្ហាញយើងថាទ្រង់បានគ្រប់គ្រងលើរបស់ទាំងអស់នៅឯស្ថានសួគ៌ និងនៅ លើផែនដីនេះ។ តើពួកជំនុំបានទទួលព្រះពរ និងអំណោយទានពិសេសៗអ្វីខ្លះ ដោយសារតែព្រះយេស៊ូវ បានគង់នៅលើបល្ល័ង្កជាមួយនឹងព្រះវរបិតារបស់ទ្រង់នោះ? (សូមអានខគម្ពីរអេភេសូរ ១:២២, ២៣ សម្រាប់ ចម្លើយ)។
ព្រះបានឱ្យព្រះយេស៊ូវឈ្នះលើអំណាចអាក្រក់ទាំងអស់។ ព្រះបានសន្យានឹងពួកជំនុំថា ពួកគេ ក៏នឹងបានឈ្នះសាតាំង ហើយនិងកងទ័ពអាក្រក់របស់វាផងដែរ។ ព្រះយេស៊ូវបានប្រទានអ្វីៗគ្រប់យ៉ាង ដែលពួកជំនុំត្រូវការ។ ព្រះបានប្រទានព្រះយេស៊ូវមកឱ្យពួកជំនុំ។ ពួកជំនុំបានចូលរួមយ៉ាងជិតស្និទ្ធជា មួយនឹងព្រះយេស៊ូវ។ ហេតុដូច្នេះហើយ បានជាព្រះគម្ពីរបានសំដែងថាពួកជំនុំក៏ប្រៀបដូចជារូបកាយ របស់ព្រះយេស៊ូវយ៉ាងដូច្នោះដែរ។
នៅក្នុងនាមជាអ្នកគ្រីស្ទាន តើយើងអាចស្គាល់ព្រះយេស៊ូវដែលជាស្តេចរបស់យើងនោះដោយ របៀបណា? តើយើងអាចទទួលបានបទពិសោធន៍នៃអំណាចរបស់ព្រះនៅក្នុងជីវិតរបស់យើងនោះដោយ របៀបណា? លោកប៉ុលមិនចង់សរសេរនូវផែនការពិសេសណាមួយឱ្យយើងបានធ្វើតាម ដើម្បីឱ្យបទពិសោធន៍នេះបានកើតឡើងនោះឡើយ។ ប៉ុន្តែ លោកប៉ុលបានផ្តល់តម្រុយមួយតាមរយៈរបាយការណ៍ នៃការអធិស្ឋានរបស់គាត់ ស្តីអំពីរបៀបដែលយើងអាចទទួលបាននូវអំណាចរបស់ព្រះនោះ។ លោកប៉ុល បានអធិស្ឋានសូមឱ្យព្រះជួយឱ្យពួកជំនុំអេភេសូរបានស្គាល់ទ្រង់ និងស្គាល់អំណាចរបស់ទ្រង់។ លោកប៉ុលបានជឿថាព្រះនឹងឆ្លើយតបនូវការអធិស្ឋានរបស់គាត់។ ដូច្នេះ យើងបានមើលឃើញថាលោកប៉ុល បានជឿថាបទពិសោធន៍ ឬចំណេះដឹងណាមួយដែលយើងបានទទួលពីព្រះនោះ គឺបានមក ដោយសារ តែយើងបានរស់នៅក្នុងជីវិតនៃការអធិស្ឋានដ៏រឹងមាំមួយ។
តើលោកអ្នកធ្លាប់មានបទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងការអធិស្ឋាននេះយ៉ាងដូចម្តេចដែរ? តើលោកអ្នកបានទទួលនូវការឆ្លើយតបចំពោះការអធិស្ឋានរបស់លោកអ្នកកាលពីមុននោះដោយរបៀប ណា? ប្រសិនបើមាននោះ តើព្រះបានឆ្លើយតបនឹងលោកអ្នកយ៉ាងដូចម្តេចដែរ? តើការអធិស្ឋានបាននាំ ឱ្យយើងនៅជាប់នឹងព្រះ និងនៅជាប់អំណាចដែលព្រះយេស៊ូវបានប្រទានដល់យើងដោយរបៀបណា?
ការសិក្សាបន្ថែម៖
សូមអានសម្រង់មតិទាំង២យ៉ាងនេះ អំពីព្រះយេស៊ូវ ពីអ្នកស្រីអេល្លីន ជី វ៉ៃត៍៖ «ព្រះយេស៊ូវបានយាងកាត់ខ្លោងទ្វារនៃស្ថានសួគ៌។ បន្ទាប់មក ទ្រង់បានគង់នៅលើបល្ល័ង្កមួយ ដែល មានពួកទេវតានៅព័ទ្ធជុំវិញទ្រង់។ ពួកទេវតាបានថ្វាយបង្គំព្រះយេស៊ូវ។ នៅពេលដែលការអបអរសារទរ នេះបានបញ្ចប់ទៅនោះ ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកសិស្សរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវ បានទទួលនូវការលើកតម្កើង និងការសរសើរតម្កើង។ ការលើកតម្កើង និងការសរសើរតម្កើងនេះគឺជាសិរី ល្អដែលព្រះយេស៊ូវបានចែករំលែកជាមួយនឹងព្រះវរបិតារបស់ទ្រង់ មុនការចាប់ផ្តើមនៃពេលវេលា។ ព្រះបានប្រទានព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីបង្ហាញថាទ្រង់បានទទួលយកព្រះយេស៊ូវជាព្រះសង្គ្រោះរបស់យើង។ ព្រះយេស៊ូវបានសន្យាថាទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធពីស្ថានសួគ៌មកឱ្យរាស្ត្ររបស់ទ្រង់ ដើម្បីបង្ហាញ ថាព្រះយេស៊ូវគឺជាសម្តេចសង្ឃ និងជាស្តេចរបស់ពួកគេ។ ព្រះយេស៊ូវបានគ្រប់គ្រងរបស់គ្រប់យ៉ាងនៅឯស្ថានសួគ៌ និងនៅលើផែនដីនេះ។ ព្រះយេស៊ូវគឺជាបុគ្គលតែម្នាក់គត់ដែលព្រះបានជ្រើសរើសឱ្យដឹកនាំរាស្ត្រ របស់ទ្រង់»។ ដកស្រង់ពី The Acts of the Apostles, pages 38, 39, adapted។
«ហើយម្តងទៀត កាលទ្រង់ឲ្យព្រះរាជបុត្រាមកក្នុងលោកីយ៍ នោះទ្រង់មានព្រះបន្ទូលថា ‘ចូរឲ្យ អស់ទាំងទេវតានៃព្រះថ្វាយបង្គំចុះ’» (ហេព្រើរ ១:៦)។
«សង្ឃគ្រប់រូបនៅឯស្ថានសួគ៌បានទទួលស្គាល់ថាព្រះយេស៊ូវគឺជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់នៅ ឯស្ថានសួគ៌ និងនៅលើផែនដីនេះ។ ព្រះយេស៊ូវគឺជាព្រះអម្ចាស់នៃជីវិត។ ពួកទេវតាបានក្រាបចុះថ្វាយបង្គំ ព្រះយេស៊ូវ។ បន្ទាប់មក ពួកទេវតាបានស្រែកហ៊ោនៅក្នុងទីជំនុំនៃស្ថានសួគ៌យ៉ាងដូច្នេះថា៖ «គ្រប់គ្នាក៏បន្លឺ សំឡេងថា កូនចៀមដែលគេបានសម្លាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ» (វិវរណៈ ៥:១៣)។ ដកស្រង់ពី The Desire of Ages, pages 834, 835, adapted។
សំណួរពិភាក្សា ១. តើនៅពេលនេះ ព្រះយេស៊ូវបានក្លាយមកជាម្ចាស់នៃរបស់ទាំងអស់ដោយរបៀបណា? តើនៅពេលនេះ ព្រះយេស៊ូវបានគ្រប់គ្រងរបស់អ្វីខ្លះហើយ? តើទ្រង់នឹងគ្រប់គ្រងរបស់អ្វីទៀត នៅពេលអនាគតនោះ? សូមអានខគម្ពីរកូរិនថូសទី១ ១៥:២៤-២៨ សម្រាប់ចម្លើយ។ ២. តើព្រះយេស៊ូវគឺជាព្រះអម្ចាស់នៃជីវិតរបស់លោកអ្នកដែរឬទេ? តើលោកអ្នកកំពុងតែរស់នៅក្រោមការ គ្រប់គ្រងរបស់ទ្រង់ទាំងស្រុងនោះដោយរបៀបណា? ឬមួយ ក៏លោកអ្នកកំពុងតែរស់នៅក្រោមការគ្រប់គ្រងរបស់ពួកអារក្សនោះ? តើលោកអ្នកអាចដឹងថាអ្នកណាជាអ្នកគ្រប់គ្រងជីវិតរបស់លោកអ្នកដោយរបៀប ណា? តើលោកអ្នកគេចផុតពីការគ្រប់គ្រងនៃពួកវិញ្ញាណអាក្រក់នោះដោយរបៀបណាដែរ។
សៀវភៅទាំង៣ក្បាលដែលមានចម្លើយតែមួយ
កាលពីក្មេង ខ្ញុំមានសំណួរជាច្រើនដែលខ្ញុំមិនអាចរកចម្លើយបាន។ តើហេតុអ្វីបានជាខ្ញុំត្រូវលន់តួអំពើបាបរបស់ខ្ញុំចំពោះសង្ឃយ៉ាងដូច្នេះ? តើហេតុអ្វីបានជាខ្ញុំគួរតែអធិស្ឋានទៅកាន់ពួកសង្ឃយ៉ាង ដូច្នេះ បើព្រះយេស៊ូវអាចឮនូវការអធិស្ឋានរបស់ខ្ញុំនោះ? តើព្រះនឹងដុតមនុស្សលោកនៅក្នុងស្ថាននរកជារៀងរហូតដែរឬទេ?
ខ្ញុំចូលចិត្តទៅលេងនៅឯព្រះវិហារ ហើយខ្ញុំក៏សប្បាយចិត្តជឿនៅក្នុងព្រះយេស៊ូវផងដែរ។ ប៉ុន្តែ ការចូលព្រះវិហារមិនបានស្រាយសំណួរទាំងអស់របស់ខ្ញុំនោះឡើយ។ ខ្ញុំបានចូលរួមថ្វាយបង្គំនៅក្នុង ព្រះវិហារជាច្រើន។ ហើយក្រុមជំនុំនីមួយៗនៅតាមព្រះវិហារនោះ បានអះអាងថាពួកគេបានជឿទៅលើ ព្រះគម្ពីរ ប៉ុន្តែ គ្មានអ្នកណាម្នាក់អាចឆ្លើយសំណួររបស់ខ្ញុំបានឡើយ។
លុះដល់ខ្ញុំអាយុបាន១៦ឆ្នាំនោះ បងប្រុសរបស់ខ្ញុំម្នាក់បានឱ្យសៀវភៅមួយក្បាលមកខ្ញុំ។ គាត់ បានចូលថ្វាយបង្គំនៅក្នុងព្រះវិហារមួយទៀត ដែលបានធ្វើរឿងចម្លែកៗ គឺព្រះវិហារថ្វាយបង្គំនៅថ្ងៃសៅរ៍ ប៉ុន្តែ ការផ្លាស់ប្តូរនេះគឺជារឿងល្អសម្រាប់គាត់វិញ។ ភាពរីករាយរបស់គាត់បានធ្វើឱ្យខ្ញុំគិតថាសៀវភៅ នោះប្រហែលជាគួរឱ្យចាប់អារម្មណ៍ណាស់ហើយ។ ខ្ញុំបានសន្យាថាខ្ញុំនឹងអានសៀវភៅនោះ ពីព្រោះបង ប្រុសរបស់ខ្ញុំបាននិយាយថា សៀវភៅនោះគឺជាសៀវភៅប្រវត្តិសាស្ត្រ និងទំនាយ ប៉ុន្តែ ខ្ញុំមិនបានអាន ឱ្យលើសពីសេចក្តីណែនាំនោះឡើយ។
ជាច្រើនឆ្នាំក្រោយមក បងប្រុសខ្ញុំបានសួរខ្ញុំថា តើខ្ញុំបានអានសៀវភៅនោះដែរឬទេ ហើយនៅពេលដែលខ្ញុំបានប្រាប់គាត់ថាខ្ញុំមិនទាន់បានអានទេនោះ គាត់ក៏ឱ្យសៀវភៅមួយក្បាលទៀតដល់ ខ្ញុំ។ ខ្ញុំសន្យាម្តងទៀត ថាខ្ញុំនឹងអានរឿងនោះ។ ម្តងនេះ ខ្ញុំបានមើលទំព័រទី១។ ខ្ញុំបានអានទំព័រទី១ បានច្រើនគួរសម។ ខ្ញុំបានដាក់សៀវភៅនោះចុះ ដោយមានបំណងថានឹងអានវានៅពេលក្រោយទៀត ប៉ុន្តែ ខ្ញុំមិនបានត្រឡប់មកអានសៀវភៅវិញឡើយ។
ជាច្រើនឆ្នាំបានកន្លងផុតទៅ។ ខ្ញុំបានចាកចេញពីប្រទេសនូវែលសេឡង់ (New Zealand) ដែលជាប្រទេសកំណើតរបស់ខ្ញុំទៅរស់នៅឯប្រទេសអង់គ្លេសវិញ។ នៅក្នុងដំណើរទៅប្រទេសអៀរឡង់ (Ireland) ខ្ញុំបានទៅព្រះវិហារ ដោយមានបំណងចង់ស្វែងរកទំនាក់ទងដ៏ស៊ីជម្រៅមួយជាមួយនឹងព្រះ។ ប៉ុន្តែ នៅពេលដែលខ្ញុំចេញពីព្រះវិហារនោះ ខ្ញុំបានទូលប្រាប់ថាខ្ញុំនឹងមិនទៅព្រះវិហារនោះម្តងទៀតឡើយ «លុះត្រាតែទ្រង់បង្ហាញសេចក្តីពិតដល់ទូលបង្គំជាមុនសិន»។
នៅពេលដែលខ្ញុំត្រឡប់មកកាន់ទីក្រុងឡុងវិញនោះ មានកញ្ចប់មួយកំពុងតែរង់ចាំខ្ញុំ។ ខ្ញុំបាន សួរបងប្រុសរបស់ខ្ញុំ ក្រែងលគាត់ដឹងថាខ្ញុំអាចរកទិញសៀវភៅដែលគាត់បានឱ្យខ្ញុំជាលើកទី២នោះ។ ខ្ញុំ បានរកមើលនៅតាមហាងលក់សៀវភៅមួយចំនួន ប៉ុន្តែ រកសៀវភៅនោះមិនឃើញឡើយ។ ប៉ុន្តែ នៅក្នុង អ៊ីម៉ែលរបស់ខ្ញុំ មានសៀវភៅចម្លងជាលើកទី៣មួយច្បាប់ ដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ សៀវភៅនោះ គឺជាសៀវភៅមហាវិវាទ។ ម្តងនេះ ខ្ញុំបានអានទំព័រកណ្តាល ហើយនៅពេលដែលខ្ញុំបានអានចប់នោះ ខ្ញុំបានត្រឡប់ទៅខាងដើម ដើម្បីអាននូវអ្វីដែលខ្ញុំមិនបានអាននោះ។ ខ្ញុំបានជួបនឹងអំណាចនៃព្រះបន្ទូល របស់ព្រះ តាមរយៈសៀវភៅមួយក្បាលដែលមិនត្រឹមតែបកស្រាយព្រះគម្ពីរបានយ៉ាងស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងភ្ជាប់ខ្ញុំជាមួយនឹងព្រះយេស៊ូវទៀតដែរ។ ការត្រាស់ហៅឱ្យធ្វើការបម្រើព្រះ បានភ្ជាប់ខ្ញុំជាមួយ នឹងពួកជំនុំនៅក្នុងទីក្រុងឡុង ហើយខ្ញុំបានចាប់ផ្តើមដើរជាមួយនឹងព្រះយេស៊ូវ ដោយភាពស្មោះត្រង់។ ខ្ញុំនៅតែអានសៀវភៅមហាវិវាទ ហើយខ្ញុំបានដឹងថាខ្ញុំនៅតែរកឃើញព្រះពរថ្មីៗ និងរកឃើញចំណេះដឹងថ្មីៗ អំពីផែនការនៃសេចក្តីសង្គ្រោះជានិច្ច។ ក្រៅពីព្រះគម្ពីរទៅ គ្មានសៀវភៅណាមានឥទ្ធិពល លើជីវិតខ្ញុំខ្លាំងជាងសៀវភៅនេះឡើយ។