ខចងចាំ៖ «តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់ ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ» (អេភេសូរ ២:១៣, ១៤)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ២:១-៣; អេភេសូរ ២:៤-១៦; អេភេសូរ ៤:៣; រ៉ូម ១០:១៤, ១៥; អេភេសូរ ២:១៧-១៩។
តើលោកអ្នកធ្លាប់ឆ្ងល់ថាអ្នកគ្រីស្ទានថ្មីៗបានរស់នៅយ៉ាងណា និងមានអារម្មណ៍យ៉ាងណា ដែរឬទេ? ដើម្បីជួយឱ្យលោកអ្នកយល់អំពីបទពិសោធន៍របស់ពួកគេនោះ សូមលោកអ្នកគិតថាលោក អ្នកគឺជាសាសន៍ដទៃម្នាក់ ដែលបានរស់នៅក្នុងទីក្រុងយេរូសាឡិម នៅក្នុងអំឡុងនៃគម្ពីរសញ្ញាថ្មី។ លោកអ្នកគឺជាសាសន៍ក្រេក។ លោកអ្នកទើបតែបានរៀនអំពីព្រះនៃសាសន៍យូដា។ លោកអ្នកបាន ទទួលយល់ទ្រង់ ហើយក៏បានឈប់ថ្វាយបង្គំព្រះក្លែងក្លាយដែរ។ សព្វថ្ងៃនេះ លោកអ្នកបានដើរកាត់កន្លែងដ៏ស្រស់ស្អាតមួយ នៅខាងក្រៅព្រះវិហារនៃ ទីក្រុងយេរូសាឡិម។ លោកអ្នកបានសរសើរតម្កើង ព្រះ ហើយក៏ចង់ថ្វាយបង្គំទ្រង់នៅក្នុងព្រះវិហាររបស់ទ្រង់ផងដែរ។ នៅពេលនោះ លោកអ្នកបានឃើញ ជញ្ជាំងថ្មមួយ នៅមុនព្រះវិហារ ដែលមានស្លាកនៅលើនោះ។ ស្លាកនោះត្រូវបានសរសេរជាភាសាក្រេក និងភាសាឡាតាំង។ សារនៅលើស្លាកនោះបានសរសេរថា៖ «ជនបរទេសមិនអាចចូលបានឡើយ បើ មានជនបរទេសណាចូលទៅក្នុងព្រះវិហារ ជននោះនឹងត្រូវស្លាប់»។ ភ្លាមៗនោះ លោកអ្នកមានអារម្មណ៍ ថាគេបានរើសអើងលោកអ្នក ហើយក៏បានរារាំងលោកអ្នកពីព្រះផងដែរ។
នៅក្នុងខគម្ពីរអេភេសូរ ២:១១-២២ លោកប៉ុលបានមានប្រសាសន៍ថាព្រះយេស៊ូវបានសុគត នៅលើឈើឆ្កាង ដើម្បីបំផ្លាញ «ជញ្ជាំង» ដែលបានបំបែកមនុស្សចេញពីព្រះ និងចេញពីគ្នាទៅវិញទៅ មកនោះ។ ឈើឆ្កាងបាននាំសេចក្តីសុខសាន្តដល់សាសន៍យូដា និងសាសន៍ដទៃទៀត (អេភេសូរ ២: ១៥)។ ដោយសារតែឈើឆ្កាងនេះហើយ បានជាព្រះយេស៊ូវបានធ្វើឱ្យយើងក្លាយទៅជាគ្រួសារថ្មីមួយ ដែលហៅថាពួកជំនុំ។ ពួកជំនុំបានក្លាយទៅជា «វិហារ» ថ្មីមួយ ដែលព្រះបានគង់នៅ (អេភេសូរ ២:២)។
តើសេចក្តីពិតនៅក្នុងព្រះគម្ពីរនៅត្រង់នេះ មានន័យយ៉ាងណាសម្រាប់លោកអ្នកនៅសព្វថ្ងៃ នេះ?
សូមប្រៀបធៀបខគម្ពីរអេភេសូរ ២:១-៣ ជាមួយនឹងខគម្ពីរអេភេសូរ ២:១១, ១២។ នៅក្នុងខ ទាំងនេះ លោកប៉ុលបានពិពណ៌នាអំពីសាសន៍ដទៃ និងពិពណ៌នាអំពីអតីតកាលរបស់ពួកគេ។ តើលោក ប៉ុលបានមានប្រសាសន៍យ៉ាងដូចម្តេច អំពីពួកគេនោះ?
លោកប៉ុលបានសរសេរទៅកាន់សាសន៍ដទៃ ដែលឥឡូវនេះ ពួកគេគឺជាអ្នកគ្រីស្ទាន។ ពួកគេ គឺជាអ្នកជឿព្រះយេស៊ូវ។ ពួកគេក៏ជាផ្នែកនៃពួកជំនុំរបស់ព្រះយេស៊ូវផងដែរ។ កាលពីមុន មនុស្សទាំងនេះត្រូវបានបំបែកចេញពីសាសន៍យូដា និងចេញពីផែនការសង្គ្រោះរបស់ព្រះ។ លោកប៉ុលចង់ឱ្យអ្នកគ្រីស្ទានថ្មីៗទាំងនេះបាននឹកចាំពីអតីតកាលរបស់ពួកគេ (អេភេសូរ ២:១១)។ កាលពីមុន ពួកសាសន៍ដទៃ បានរស់នៅ ដោយគ្មានព្រះអង្គសង្គ្រោះយេស៊ូវ។ ពួកសាសន៍ដទៃគឺជាជនបរទេស ឬជនប្លែកមុខ។ ពួក គេមិនមែនជាផ្នែកមួយនៃសាសន៍អ៊ីស្រាអែលនោះឡើយ។ ពួកគេគ្មានចំណែកអ្វីនៅក្នុងសេចក្តីសញ្ញា របស់ព្រះនោះឡើយ។ ហើយពួកគេក៏មិនបានដឹងអំពីសេចក្តីសន្យារបស់ព្រះនៅក្នុងការសង្គ្រោះមនុស្ស លោកចេញពីអំពើបាបនោះដែរ។ ពួកគេពុំមានសេចក្តីសង្ឃឹមអ្វីឡើយ ហើយពួកគេក៏បានរស់នៅ ដោយ គ្មានព្រះផងដែរ (អេភេសូរ ២:១២)។
ម៉្យាងទៀត កាលពីមុននោះ ពួកសាសន៍ដទៃទាំងនេះក៏បានច្បាំងជាមួយនឹងគ្នាទៅវិញ ហើយ នឹងច្បាំងជាមួយនឹងសាសន៍យូដាផងដែរ។ ពួកសាសន៍ដទៃទាំងនេះមានពេញទៅដោយសេចក្តីសម្អប់។ ពួកគេបាននិយាយអាក្រក់អំពីពួកសាសន៍យូដា។ ពួកសាសន៍យូដាក៏បាននិយាយអាក្រក់អំពីពួកសាសន៍ យូដាផងដែរ (អេភេសូរ ២:១១)។
នៅក្នុងខគម្ពីរអេភេសូរ ២:១៣ លោកប៉ុលបានបង្ហាញយើងថាអ្វីៗបានផ្លាស់ប្តូរហើយ។ ព្រះបានមានបន្ទូលតាមរយៈលោកប៉ុលទៅកាន់អ្នកគ្រីស្ទានដែលជាសាសន៍ដទៃនោះ យ៉ាងដូច្នេះថា «តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារ ព្រះលោហិតទ្រង់ ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំង ដែលខាន់កណ្តាលចេញ» (អេភេសូរ ២:១៣, ១៤)។
តើលោកអ្នកបានឃើញពាក្យសរសេរថា «នៅឆ្ងាយ» ដែរឬទេ? លោកប៉ុលបានស្រង់ពាក្យទាំង នេះចេញពីខគម្ពីរអេសាយ ៥៧:១៩ ដែលបានសំដែងថា៖ «គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សូមសេចក្តីសុខ សេចក្តីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់ អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា» (សូមប្រៀបធៀបជាមួយនឹងខគម្ពីរអេភេសូរ ២:១៧, ១៨)។ ព្រះយេស៊ូវបាននាំអ្នកគ្រីស្ទាននៃសាសន៍ដទៃទៅជិតនឹងព្រះ ហើយនិងជិតគ្នាទៅវិញទៅមក។ តើព្រះយេស៊ូវ បានធ្វើឱ្យការអស្ចារ្យនេះបានកើតឡើងយ៉ាងដូចម្តេចទៅ? ចម្លើយគឺថា តាមរយៈការសុគតរបស់ទ្រង់នៅ លើឈើឆ្កាងនោះឯង។ ឈើឆ្កាងបានផ្តាច់ចេញនូវការខណ្ឌចែករវាងសាសន៍យូដា និងសាសន៍ដទៃនៅ ក្នុងពួកជំនុំ។ ឈើឆ្កាងបានដោះស្រាយបញ្ហារបស់ពួកគេ ព្រមទាំងបានព្យាបាលចិត្តរបស់ពួកគេផងដែរ។ សេចក្តីប្រកាសនេះគឺជាដំណឹងល្អសម្រាប់យើងនៅសព្វថ្ងៃនេះ។ ព្រះយេស៊ូវចង់ឱ្យយើងសញ្ជឹងគិតអំពី អ្វីៗដែលបំបែកយើងចែញពីទ្រង់ ហើយនិងចេញពីសមាជិកដទៃនៅក្នុងពួកជំនុំ។ ទ្រង់ចង់ឱ្យយើងជឿ ទុកចិត្ត ថាទ្រង់អាចដោះស្រាយនូវបញ្ហាទាំងអស់ដែលយើងមាននោះ។
តើកាលពីមុន លោកអ្នកមានបទពិសោធន៍យ៉ាងណាដែរ មុនពេលដែលព្រះយេស៊ូវបានសង្គ្រោះ លោកអ្នកនោះ? តើហេតុអ្វីបានជាវាសំខាន់ ដែលយើងត្រូវតែចងចាំបទពិសោធន៍នេះជានិច្ចនោះ? ប្រសិន បើព្រះយេស៊ូវមិនបានសង្គ្រោះលោកអ្នកទេនោះ តើជីវិតរបស់លោកអ្នកនៅពេលឥឡូវនេះនឹងទៅជាយ៉ាង ទៅ?
អំណោយទានរបស់ព្រះដែលបានមកពីឈើឆ្កាង
«ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ ព្រមទាំងបំបាត់សេចក្តីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ត និងសេចក្តីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយ តែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្តីសំអប់គ្នា ដោយឈើឆ្កាងនោះឯង» (អេភេសូរ ២:១៤-១៦)។
សូមអានខគម្ពីរអេភេសូរ ១:៧, ៨; អេភេសូរ ៤:៣២; អេភេសូរ ២:១៣, ១៤; អេភេសូរ ២:១៦; អេភេសូរ ៥:២, ២៥។ តើលោកប៉ុលបានមានប្រសាសន៍នៅក្នុងខនេះ ថាឈើឆ្កាងបានធ្វើឱ្យទំនាក់ ទំនងរបស់យើងបានកាន់តែប្រសើរនោះដោយរបៀបណាទៅ? តើឈើឆ្កាងបានជួយឱ្យយើងស្រឡាញ់ អ្នកដទៃកាន់តែខ្លាំងឡើងនោះដោយរបៀបណាដែរ?
នៅក្នុងខគម្ពីរអេភេសូរ ២:១១-២២ លោកប៉ុលបានមានប្រសាសន៍ថាឈើឆ្កាងត្រូវចែកចេញ ជា៣ផ្នែក សម្រាប់អ្នកគ្រីស្ទាន។ (១) ឈើឆ្កាងបាននាំពួកសាសន៍ដទៃទៅជិតព្រះ (អេភេសូរ ២:១៣)។ កាលពីមុន ចិត្តនៃពួកសាសន៍ដទៃបាននៅឆ្ងាយពីព្រះ និងឆ្ងាយពីរាស្ត្ររបស់ទ្រង់។ ឥឡូវនេះ ពួកសាសន៍ ដទៃគឺជាបុត្រាបុត្រីរបស់ព្រះ។ ហើយពួកគេក៏ជាបងប្អូននៃពួកជំនុំយូដាផងដែរ (អេភេសូរ ២:១៩)។ (២) ឈើឆ្កាងបានដកហូតសេចក្តីសម្អប់រវាងអ្នកគ្រីស្ទាននៃសាសន៍យូដា និងអ្នកគ្រីស្ទាននៃសាសន៍ដទៃ (អេភេសូរ ២:១៦)។ ឈើឆ្កាងបានបញ្ចប់កំហឹង និងសង្គ្រាមរវាងក្រុមទាំង២នេះ (អេភេសូរ ២:១៧)។ (៣) ឈើឆ្កាងបានជួយនាំសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាមកក្នុងពួកជំនុំ។ ព្រះយេស៊ូវបានរៀបចំ ផែនការមួយ ដើម្បីឱ្យក្រុមទាំង២នេះ បានក្លាយមកជាក្រុមតែមួយវិញ។ «ហើយឲ្យទ្រង់បានផ្សះផ្សាទាំង ២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្តីសំអប់គ្នា ដោយឈើឆ្កាងនោះឯង» (អេភេសូរ ២:១៤-១៦; សូមប្រៀបធៀបខគម្ពីរកូឡូស ១:១៩-២២)។
តើឈើឆ្កាងបានជួយឱ្យព្រះទទួលយកយើងដោយរបៀបណា? តើឈើឆ្កាងបានជួយឱ្យយើង ស្រឡាញ់ និងចៅរ៉ៅគ្នានោះដោយរបៀបណា? សូមគិតអំពីភាពមិនចុះសម្រុងគ្នារវាងម្តាយ និងកូន ស្រីម្នាក់។ ភាពមិនចុះសម្រុងគ្នាបានបញ្ចប់ ដោយការបែកបាក់។ ការបែកបាក់បានបន្តអស់រយៈពេល ជាច្រើន។ បន្ទាប់មក ភាពមិនចុះសម្រុងនោះបានបញ្ចប់ទៅ។ ម្តាយ និងកូនស្រីបានអត់ឱនទោសឱ្យគ្នាទៅវិញទៅមក។ ពួកគេបានជួបជុំគ្នាម្តងទៀត បន្ទាប់ពីការបែកបាក់របស់ពួកគេនោះ។ រឿងនេះក៏បាន កើតឡើង នៅពេលដែលសមាជិកម្នាក់នៅក្នុងពួកជំនុំ សុខចិត្តរំងាប់កំហឹង ឬបញ្ឈប់ការមិនសប្បាយចិត្ត ចំពោះសមាជិកម្នាក់ទៀត។ សមាជិកដែលបានអត់ឱនទោសឱ្យគេនោះ បានចាត់ទុកសមាជិកម្នាក់ទៀត ថាជាបងប្អូនរបស់គាត់។ បងប្អូនម្នាក់នេះបានទទួលយកព្រះគុណ និងការអត់ឱនទោសពីអ្នកដែលបាន ឈឺចាប់ ឬពីអ្នកដែលមិនសប្បាយចិត្តនោះ។ ឈើឆ្កាងអាចផ្សះផ្សាទំនាក់ទំនង និងមិត្តភាពប្រេះឆារបស់ យើងបាន។ ឈើឆ្កាងបានបំបាត់ភាពខណ្ឌចែក ហើយក៏បានបញ្ចប់សង្គ្រាមផងដែរ។ ឈើឆ្កាងក៏បានជួយឱ្យយើងមានការប្រកបគ្នាជាមួយនឹងអ្នកគ្រីស្ទានដទៃទៀតនោះម្តងទៀតដែរ។
ការបំបែកជញ្ជាំងដែលបានរារាំងយើង
តើលោកប៉ុលបានពិពណ៌នាថាព្រះយេស៊ូវបាន «បំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ត និងសេចក្តី ហាមប្រាមទាំងប៉ុន្មានចេញ» នោះ ដោយរបៀបណាដែរ? តើហេតុអ្វីបានជាព្រះយេស៊ូវបានធ្វើរឿងនេះ យ៉ាងដូច្នេះ? (សូមអានខ១៤ផងដែរ)។
លោកប៉ុលប្រហែលជាកំពុងមានប្រសាសន៍អំពីជញ្ជាំងពិតប្រាកដមួយ ដែលមានសញ្ញាហាម ប្រាម ដូចដែលយើងបានអានមុននេះបន្តិចយ៉ាងដូច្នេះដែរ (សូមមើលការសិក្សានៅថ្ងៃសប្បាតហ៍នេះ)។ លោកប៉ុលបានស្រមៃជញ្ជាំងនេះបានបាក់បែកទៅ ដើម្បីឱ្យពួកសាសន៍ដទៃអាចរួបរួមគ្នាថ្វាយបង្គំព្រះជាមួយនឹងពួកសាសន៍យូដា (អេភេសូរ ២:១៨)។ ឈើឆ្កាងបានដកហូតជញ្ជាំងគ្រប់ប្រភេទ ដែលបានខណ្ឌចែករវាងរាស្ត្ររបស់ព្រះ។ នៅពេលដែលជញ្ជាំងនៃការខណ្ឌចែកទាំងនេះត្រូវបានដកចេញនោះ ពួកជំនុំនៃសាសន៍យូដា និងពួកជំនុំនៃសាសន៍ដទៃបានក្លាយមកជាមនុស្សតែមួយវិញ។
អ្នកខ្លះបានជឿថាខគម្ពីរអេភេសូរ ២:១៤, ១៥ បានបង្រៀនថាព្រះបានបំបាត់ក្រឹត្យវិន័យ១០ ប្រការចេញហើយ។ ប៉ុន្តែ លោកប៉ុលបានបង្ហាញយើងថាគោលគំនិតនេះមិនត្រឹមត្រូវនោះទេ។ លោក ប៉ុលបានគោរពបញ្ញត្តិរបស់ព្រះ ហើយគាត់ក៏ជឿថាបញ្ញត្តិនេះបាននាំឱ្យយើងយល់អំពីរបៀបគោរពតាម ព្រះយេស៊ូវផងដែរ។ លោកប៉ុលបានមានប្រសាសន៍អំពីបញ្ញតិ្តនេះជាច្រើនដង។ លោកប៉ុលបានមានប្រសាសន៍អំពីក្រឹត្យវិន័យទី៥ (អេភេសូរ ១៦:២, ៣)។ គាត់បានមានប្រសាសន៍អំពីក្រឹត្យវិន័យទី៧ (អេភេសូរ ៥:៣-១៤, ២១-២៣) ក្រឹត្យវិន័យទី៧ (អេភេសូរ ៤:២៨) ក្រឹត្យវិន័យទី៩ (អេភេសូរ ៤:២៥) និងក្រឹត្យវិន័យទី១០ (អេភេសូរ ៥:៥)។ ដូច្នេះ យើងអាចមើលឃើញថាលោកប៉ុលបានគោរពបញ្ញត្តិរបស់ ព្រះ។ ខគម្ពីររ៉ូម ៣:៣១ និងរ៉ូម ៧:១២ ក៏បានពិពណ៌នាអំពីការគោរពរបស់លោកប៉ុលចំពោះបញ្ញត្តិទាំង នោះផងដែរ។ តើលោកប៉ុលចាំបាច់និយាយច្រើនអំពីបញ្ញត្តិធ្វើអ្វី ប្រសិនបើព្រះបានបំបាត់វាទៅហើយនោះ? បញ្ញត្តិមិនមែនជាបញ្ហានោះទេ។ អ្វីដែលបញ្ហានោះ គឺជាមនុស្សដែលបានប្រើបញ្ញត្តិនោះនៅក្នុង ផ្លូវខុសវិញទេតើ។ ប៉ុន្តែ ទង្វើបែបនេះមិនមានន័យថាបញ្ញត្តិមានកំហុសឆ្គង ឬថា យើងគួរតែបោះបង់ចោល វានោះដែរ។ លោកប៉ុលបានលើកតម្កើងក្រឹត្យវិន័យ ដោយបានមានប្រសាសន៍ថាក្បួនច្បាប់នៃក្រឹត្យវិន័យ នោះនឹងត្រូវបន្តជារៀងរហូត។ ដូច្នេះ អ្នកដែលបាននិយាយថាខគម្ពីរអេភេសូរ ២:១៤, ១៥ បានបង្រៀន ថាព្រះបានបំបាត់ក្រឹត្យវិន័យទាំង១០ប្រការនោះ ពួកគេមិនបានយល់អំពីអត្ថន័យដែលព្រះកំពុងតែមាន បន្ទូលតាមរយៈលោកប៉ុលនៅក្នុងខគម្ពីរអេភេសូរ ២:១៤, ១៥ នោះឡើយ។
លោកប៉ុលបានជំទាស់នឹងមនុស្សដែលបានព្យាយាមប្រើក្រឹត្យវិន័យ ដើម្បីបំបែកពួកជំនុំនៃ សាសន៍យូដា និងពួកជំនុំនៃសាសន៍ដទៃ។ ការបំបែកនេះបានប្រឆាំងទាស់នឹងផែនការរបស់ព្រះចំពោះ បញ្ញត្តិទាំងនោះ។ ពាក្យថា «បញ្ញត្តិ» នៅក្នុងខគម្ពីរអេភេសូរ ២:១៤, ១៥ នោះ គឺសំដៅទៅលើក្បួនច្បាប់ ស្តីអំពីតង្វាយសត្វនៅក្នុងគម្ពីរសញ្ញាចាស់នោះឯង។ ពាក្យថា «បញ្ញត្តិ» ក៏អាចសំដៅទៅលើផែនការនៃ ការថ្វាយបង្គំទាំងអស់ ដែលព្រះបានប្រទានដល់ពួកសាសន៍អ៊ីស្រាអែលនៅក្នុងសម័យគម្ពីរសញ្ញាចាស់ ផងដែរ។ ពួកមេដឹកនាំនៃសាសន៍យូដាបានប្រើផែនការនេះមកបំបែកសាសន៍យូដាចេញពីសាសន៍ ដទៃ។
តើអ្វីទៅជាមូលហេតុនៃការបែងចែករវាងអ្នកសេវេនដេយអាត់វេនទីស្ទ និងអ្នកគ្រីស្ទានដទៃទៀតនៅក្នុងសហគមន៍របស់លោកអ្នកនោះ? តើព្រះវិហារនៅក្នុងតំបន់របស់លោកអ្នកអាចជួយ
ព្រះយេស៊ូវបានអធិប្បាយអំពីសេចក្តីសុខសាន្ត
តើលោកប៉ុលបានមានប្រសាសន៍យ៉ាងដូចម្តេច អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើនោះ? សូមអានខគម្ពីរអេភេសូរ ២:១៧, ១៨ សម្រាប់ចម្លើយ។
សេចក្តីសុខសាន្តគឺជាគោលគំនិតដ៏សំខាន់មួយនៅក្នុងសំបុត្ររបស់លោកប៉ុលទៅកាន់ពួកជំនុំ អេភេសូរ។ សំបុត្រនេះបានចាប់ផ្តើម និងបញ្ចប់ជាមួយនឹងព្រះពរនៃសេចក្តីសុខសាន្ត ដែលបានមកពី ព្រះវរបិតា និងបានមកពីព្រះយេស៊ូវដែលជាព្រះអម្ចាស់របស់យើង (អេភេសូរ ១:២; សូមប្រៀបធៀប ខគម្ពីរអេភេសូរ ៦:២៣)។ នៅក្នុងខគម្ពីរអេភេសូរ ២:១១-២២ លោកប៉ុលបានមានប្រសាសន៍ថាសេចក្តី សុខសាន្តគឺជាបុគ្គលម្នាក់។ ហើយបុគ្គលម្នាក់នោះ គឺជាព្រះយេស៊ូវនោះឯង។ ដូច្នេះ អង្គព្រះយេស៊ូវផ្ទាល់ គឺជាសេចក្តីសុខសាន្តរបស់យើង។ ឈើឆ្កាងបានប្រទានសេចក្តីសុខសាន្តដល់យើង (អេភេសូរ ២:១៤-១៦)។ ដោយសារតែព្រះយេស៊ូវគឺជាសេចក្តីសុខសាន្តនេះហើយ បានជាទ្រង់អាចបំផ្លាញសេចក្តីសម្អប់ រវាងពួកសាសន៍យូដា និងពួកសាសន៍ដទៃបាន (អេភេសូរ ២:១៤, ១៥)។ ព្រះយេស៊ូវក៏បានស្អាងមនុស្ស លោកជាថ្មីផងដែរ។ ទ្រង់ក៏បានស្អាងទំនាក់ទំនង និងមិត្តភាពថ្មីៗរបស់យើងផងដែរ ដោយបានបំពេញ ពួកគេដោយសេចក្តីសុខសាន្ត (អេភេសូរ ២:១៥-១៧)។ សេចក្តីសុខសាន្តដែលព្រះយេស៊ូវបានប្រទាន ដល់យើងនោះ មានន័យថាយើងត្រូវធ្វើលើសពីការរត់ចោលសមរភូមិ។ សេចក្តីសុខសាន្តរបស់ព្រះយេស៊ូវ បានធ្វើឱ្យយើងពេញលេញ និងមានអំណរជាមួយនឹងព្រះ (រ៉ូម ៥:១) និងជាមួយនឹងអ្នកដទៃផងដែរ។
តើលោកប៉ុលបានមានប្រសាសន៍យ៉ាងដូចម្តេច អំពីអ្នកគ្រីស្ទានដែលបានចែកចាយសាររបស់ ព្រះអំពីសេចក្តីសុខសាន្តនោះ? សូមអានខគម្ពីរអេភេសូរ ៤:៣; អេភេសូរ ៦:១៤, ១៥ សម្រាប់ចម្លើយ; សូមប្រៀបធៀបខគម្ពីររ៉ូម ១០:១៤, ១៥ ជាមួយនឹងខគម្ពីរអេភេសូរ ២:១៧-១៩; អេសាយ ៥២:៧; អេសាយ ៥៧:១៩។
ដំណឹងល្អគឺជាកណ្ឌគម្ពីរទាំង៤ដំបូងនៅក្នុងគម្ពីរសញ្ញាថ្មី គឺជាកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ ដំណឹងល្អបានបង្ហាញថាព្រះយេស៊ូវគឺជាអ្នកអធិប្បាយអំពីសេចក្តីសុខសាន្ត។ នៅក្នុងសេចក្តី អធិប្បាយជាលើកចុងក្រោយរបស់ព្រះយេស៊ូវទៅកាន់ពួកសិស្សរបស់ទ្រង់នោះ ទ្រង់បានសន្យាថាទ្រង់ នឹងប្រទានសេចក្តីសុខសាន្តដល់ពួកគេ (និងពួកយើង)។ «ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា» (យ៉ូហាន ១៤:២៧)។ ព្រះយេស៊ូវបានបញ្ចប់សេចក្តីអធិប្បាយ របស់ទ្រង់ ដោយមានបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ» (យ៉ូហាន ១៦:៣៣)។ បន្ទាប់ពីព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញនោះ ទ្រង់បានបង្ហាញអង្គទ្រង់ដល់ពួកសិស្សរបស់ទ្រង់។ ជាថ្មីម្តងទៀត ទ្រង់បានមានបន្ទូលទៅកាន់ពួកគេយ៉ាងដូច្នេះថា «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ» (យ៉ូហាន ២០:១៩, ២១, ២៦)។ នៅក្នុងខគម្ពីរអេភេសូរ ២:១៧, ១៨ ព្រះបានមានបន្ទូលតាមរយៈលោកប៉ុលថាសាររបស់ព្រះយេស៊ូវអំពីសេចក្តីសុខសាន្តនេះ គឺសម្រាប់ពួកសាសន៍យូដា ហើយក៏សម្រាប់ពួកសាសន៍ដទៃផងដែរ (សូមប្រៀបធៀបខគម្ពីរអេភេសូរ ២:១១-១៣)។ នៅពេលដែលយើងទទួលយកការប្រកាសអំពីសេចក្តី សុខសាន្តពីព្រះយេស៊ូវនោះ យើងនឹងទទួលព្រះពរមួយដ៏អស្ចារ្យជាក់ជាមិនខាន។
តើលោកអ្នកអាចរៀនចែកចាយអំពីសេចក្តីសុខសាន្តនេះដោយរបៀបណា? តើយើងអាចនាំ ការព្យាបាលទៅកាន់ជីវិតនៃមនុស្សនៅជំុវិញយើងនោះដោយរបៀបណា?
ពួកជំនុំប្រៀបដូចជាព្រះវិហារដ៏បរិសុទ្ធ
តើលោកប៉ុលបានប្រើរូបស័ព្ទអ្វី នៅក្នុងខគម្ពីរអេភេសូរ ២:១១-២២? តើរូបស័ព្ទនៅក្នុងខទាំង នេះបានបង្ហាញយើងយ៉ាងដូចម្តេច អំពីតម្រូវការនៃសេចក្តីសុខសាន្ត និងសេចក្តីសញ្ញារវាងពួកសាសន៍ យូដា និងពួកសាសន៍ដទៃនៅក្នុងពួកជំនុំនោះ?
យើងបានឃើញរួចមកហើយ ថាខគម្ពីរអេភេសូរ ២:១-១០ បានបង្រៀនយើងថាយើងបានរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាជាមួយព្រះ ដោយសារតែព្រះយេស៊ូវ។ នេះគឺដោយសារ តែការសុគតរបស់ព្រះយេស៊ូវ ដែលបានជួយឱ្យព្រះទទួលយកយើង (អេភេសូរ ២:១-១០)។ អេភេសូរ ២:១១-២២ បានបង្រៀនយើងថាយើងក៏អាចនឹងរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាបានដែរ។ ការសុគតរបស់ព្រះយេស៊ូវក៏បានជួយឱ្យព្យាបាលមិត្តភាពរបស់យើងជាមួយនឹងអ្នកដទៃផងដែរ (អេភេសូរ ២:១១-២២)។ ព្រះយេស៊ូវបានបំផ្លាញអ្វីៗគ្រប់យ៉ាង ដែលបានបែងចែកពួកសិស្សរបស់ទ្រង់ដែលជាពួក សាសន៍ដទៃនោះ ចេញពីពួកសិស្សរបស់ទ្រង់ដែលជាពួកសាសន៍យូដា។ បន្ទាប់ពីព្រះយេស៊ូវបានបំផ្លាញ ជញ្ជាំងដែលបានបំបែករាស្ត្ររបស់ទ្រង់នោះ ទ្រង់បានសាង «វិហារ» មួយយ៉ាងប្រណីត៖ វិហារនេះគឺជា រូបស័ព្ទមួយតំណាងឱ្យអ្នកគ្រីស្ទាន ឬតំណាងឱពួកជំនុំ។ មុនពេលដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងនោះ ពួកសាសន៍ដទៃមិនអាចថ្វាយបង្គំនៅក្នុងទីបរិសុទ្ធនៃវិហារនេះបានឡើយ។ ប៉ុន្តែ បន្ទាប់ ពីព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញនោះ ពួកសិស្សរបស់ទ្រង់ដែលជាសាសន៍ដទៃនោះ បានចូលរួមជាមួយនឹងពួកសិស្សរបស់ទ្រង់ដែលជាពួកសាសន៍យូដាវិញ។ ទាំង២ក្រុមនេះបានរួបរួមគ្នាក្លាយមកជា ព្រះវិហារថ្មីមួយ។ ព្រះវិហាររបស់ព្រះកំពុងតែរស់រានមានជីវិត។ ទន្ទឹមគ្នានេះ អ្នកគ្រីស្ទាននៅពេល បច្ចុប្បន្ន នេះក៏បានក្លាយមកជាផ្នែកនៃពួកជំនុំរបស់ព្រះផងដែរ (អេភេសូរ ២:១៩-២២)។ យើងបានរស់នៅក្នុង សេចក្តីសញ្ញា និងសេចក្តីសុខសាន្តជាមួយនឹងព្រះយេស៊ូវ និងជាមួយនឹងបងប្អូនប្រុសស្រីដែលបានជឿ ទៅលើទ្រង់។
នៅក្នុងខគម្ពីរអេភេសូរ ២:១៩-២២ លោកប៉ុលបានយកពួកជំនុំមកធ្វើជារូបស័ព្ទមួយ។ ខគម្ពីរ កូរិនថូសទី១ ៣:៩-១៧; កូរិនថូសទី២ ៦:១៤-៧:១ និងពេត្រុសទី១ ២:៤-៨។ តើ នៅក្នុងខទាំងនេះ រូបស័ព្ទនៃពួកជំនុំបានបង្ហាញសេចក្តីពិតអ្វីដល់យើង?
លោកប៉ុលបានប្រើរូបស័ព្ទនៃពួកជំនុំ ដើម្បីបង្ហាញយើងថាពួកសាសន៍ដទៃគឺជាផ្នែកមួយនៃពួក ជំនុំរបស់ព្រះ។ យើងបានពិភាក្សាគ្នារួចមកហើយ ថាគេមិនអនុញ្ញាតឱ្យពួកសាសន៍ដទៃចូលទៅថ្វាយបង្គំ នៅក្នុងទីបរិសុទ្ធនៃព្រះវិហារបានឡើយ។ ប៉ុន្តែ ឥឡូវនេះ ព្រះបានទទួលយកពួកសាសន៍ដទៃទាំងនេះវិញ (អេភេសូរ ២:១៨)។ ពួកសាសន៍ដទៃទាំងនេះក៏ប្រៀបដូចជាថ្មដែលព្រះបានប្រើ ដើម្បីនឹងសាងសង់ ព្រះវិហារថ្មីរបស់ទ្រង់នៅលើផែនដីនេះផងដែរ។ ព្រះវិហារនេះគឺជាកន្លែងដែលព្រះទ្រង់គង់នៅ នៅក្នុង ភាពជាព្រះវិញ្ញាណ (អេភេសូរ ២:២២)។ អ្នកសរសេរគម្ពីរសញ្ញាថ្មីបានយកព្រះវិហារមកប្រើធ្វើជារូបស័ព្ទ មួយ ដើម្បីបង្ហាញយើងអំពីសេចក្តីពិតដ៏សំខាន់មួយនៅក្នុងព្រះគម្ពីរ។ ពួកជំនុំរបស់ព្រះគឺបរិសុទ្ធ។ រីឯ ព្រះវិញ ទ្រង់គឺជាអ្នកចាប់ផ្តើម និងជាអ្នកសាងពួកជំនុំនេះឡើយ (អេភេសូរ ២:២២)។ សិស្សរបស់ព្រះ នៅក្នុងពួកជំនុំបានរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាជាមួយនឹងគ្នាទៅវិញទៅមក។ ព្រះវិហារ របស់ព្រះកំពុងតែរស់រានមានជីវិត។ ម្ល៉ោះហើយ បានជាព្រះវិហាររបស់ព្រះនៅតែលូតលាស់ជានិច្ច (សូម អានខគម្ពីរអេភេសូរ ២:២១)។
ការសិក្សាបន្ថែម៖ តើហេតុអ្វីបានជាព្រះបណ្តាលឱ្យលោកប៉ុលសរសេរខគម្ពីរអេភេសូរ ២:១១-២២ យ៉ាង ដូច្នេះ? តើមានអ្វីកំពុងតែកើតឡើង នៅពេលដែលលោកប៉ុលសរសេរសំបុត្ររបស់គាត់នោះ? នៅក្នុងខគម្ពីរអេភេសូរ ២:១១-២២ លោកប៉ុលបានពិពណ៌នាអំពីរបៀបដែលឈើឆ្កាងបានផ្លាស់ប្តូរទំនាក់ទំនង និងផ្លាស់ប្តូរមិត្តភាពរបស់មនុស្សលោក។ លោកប៉ុលក៏បានពិពណ៌នាអំពីអ្នកគ្រីស្ទាន នៅក្នុងសាសន៍យូដា និងអ្នកគ្រីស្ទាននៅក្នុងសាសន៍ដទៃ ដែលជាសមាជិកនៃពួកជំនុំផងដែរ។លោកប៉ុល ចង់ឱ្យអ្នកគ្រីស្ទានទាំង២ក្រុមបានយល់ថាពួកគេទាំងអស់គ្នាគឺជាផ្នែកមួយនៃគ្រួសាររបស់ព្រះ (អេភេសូរ ២:១៩)។ លោកប៉ុលក៏បានពិពណ៌នាអំពីផែនការរបស់ព្រះនៅក្នុងការបង្រួបបង្រួមអ្វីៗគ្រប់យ៉ាងមកក្នុង សេចក្តីសុខសាន្ត និងសេចក្តីសញ្ញាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវផងដែរ (អេភេសូរ ១:៩, ១០)។ អ្វីៗគ្រប់យ៉ាង រួមបញ្ចូលទាំងក្រុមគ្រួសាររបស់ព្រះនៅឯស្ថានសួគ៌ និងក្រុមគ្រួសាររបស់ព្រះ នៅលើផែនដីនេះផងដែរ (អេភេសូរ ៣:១៥)។
នៅក្នុងខគម្ពីរអេភេសូរ ៣:១០ លោកប៉ុលបានប្រាប់ហេតុផលមួយទៀតដល់យើង ថាហេតុអ្វី បានជាព្រះចង់បង្រួបបង្រួមសមាជិកទាំងអស់នៃពួកជំនុំមកក្នុងសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាយ៉ាង ដូច្នេះ។ «ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជា ច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ» (អេភេសូរ ៣:១០)។ ពួកជំនុំត្រូវតែបង្ហាញសេចក្តីសុខសាន្ត និង សេចក្តីសញ្ញាដែលព្រះបានបង្ហាញនៅលើឈើឆ្កាង។ នៅពេលដែលសមាជិកនៃពួកជំនុំស្ថិតនៅក្នុងសេចក្តី សុខសាន្តជាមួយនឹងគ្នានោះ មានន័យថាយើងបានបង្ហាញផែនការរបស់ព្រះ ដើម្បីឱ្យមនុស្សគ្រប់គ្នា និង អ្វីៗគ្រប់យ៉ាងបានរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ព្រះយេស៊ូវ។ ដូច្នេះ យើងត្រូវតែអានខគម្ពីរអេភេសូរ ២:១១-២២ ដើម្បីឱ្យបានចេះនូវក្បួនច្បាប់សំខាន់ៗ អំពីរបៀបចុះសម្រុងជាមួយនឹងអ្នកដទៃដែលខុសពីយើង។ នៅពេលនោះ យើងនឹងអាចជួយព្រះជាមួយ នឹងផែនការដ៏អស្ចារ្យរបស់ទ្រង់នៅក្នុងការនាំសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាមកឱ្យមនុស្សលោកនៅ លើផែនដីនេះ។
សំណួរពិភាក្សា ១. តើលោកអ្នកបានឃើញក្បួនច្បាប់នៃព្រះគម្ពីរអ្វីខ្លះ នៅក្នុងខគម្ពីរអេភេសូរ ២:១១-២២? តើក្បួនច្បាប់ ទាំងនេះបានបង្រៀនយើងអំពីរបៀបដែលយើងគួរតែចុះសម្រុងជាមួយនឹងអ្នកដទៃដែលខុសពីយើងនោះ យ៉ាងដូចម្តេច? តើសមាជិកនៃជាតិសាសន៍មួយគួរតែចុះសម្រុងជាមួយនឹងសមាជិកនៃជាតិសាសន៍ដទៃ ដោយរបៀបណា? តើព្រះយេស៊ូវបានប្រទានក្បួនច្បាប់អ្វីខ្លះដល់យើង ដើម្បីជួយឱ្យយើងដឹងចម្លើយនេះ? ២. យើងអាចអានអំពីផែនការរបស់ព្រះសម្រាប់អនាគតនៃមនុស្សលោកនៅក្នុងខគម្ពីរអេភេសូរ ១:៩, ១០ និងអេភេសូរ ២:១១-២២។ តើវាមានសារៈសំខាន់ណាខ្លះ សម្រាប់ក្រុមជំនុំនៅក្នុងការដោះស្រាយ បញ្ហាផ្ទៃក្នុងរបស់ខ្លួន និងជម្លោះរវាងជាតិសាសន៍នោះ? ៣. តើលោកអ្នកបានឃើញបញ្ហានៃជាតិសាសន៍អ្វីខ្លះ នៅក្នុងសហគមន៍របស់លោកអ្នក? តើពួកជំនុំអាចជួយដោះស្រាយបញ្ហាទាំងនោះដោយរបៀបណា? តើលោកអ្នកជួយអ្វីខ្លះ?
សុវត្ថិភាពនៅក្នុងព្រះយេស៊ូវ វគ្គ២
នៅរសៀលមួយ នាងអាល់មីរ៉ាដែលជាក្មេងស្រីអាយុ១៦ឆ្នាំ បានសំរេចចិត្តទៅគេងបន្ទាប់ពី ត្រឡប់មកពីសាលាវិញ ដោយសារតែនាងដេកមិនគ្រប់គ្រាន់អស់រយៈពេលជាច្រើនខែមកហើយ។ នាង បានដេកនៅលើសាឡុងមួយ ដោយបែរមុខរបស់នាងទៅរកទ្វារបន្ទប់ដែលបានបើកចំហនោះ។ នៅពេល នោះ នាងនៅផ្ទះតែម្នាក់ឯង។
ភ្លាមនោះ នាងបានមានអារម្មណ៍ថាមានអារក្សនៅក្នុងបន្ទប់នោះ។ នៅពេលដែលនាងមើល ទៅទ្វារនោះ នាងបានឃើញអារក្សជាលើកដំបូង។ វាមើលទៅហាក់ដូចជាស្រមោលស្ទង់ៗ ពណ៌ប្រផេះ មួយផ្ទាំង ដែលបានពាំងខ្លោងទ្វារនោះ។ នាងអាល់មីរ៉ាមិនបានដឹងថាហេតុអ្វីបានជាវាលេចមកនោះទេ ប៉ុន្តែ នាងយល់ឃើញថាប្រសិនបើនាងព្រិចភ្នែកនោះ រឿងដ៏គួរឱ្យព្រឺព្រួចច្បាស់ជាកើតឡើងចំពោះនាង ជាមិនខាន។ នាងបានមើលមាត់ទ្វារ ដោយមិនព្រិចភ្នែក។ នៅទីបំផុត នាងត្រូវតែព្រិចភ្នែក។ គ្រាន់តែ ព្រិចភ្នែកភ្លាមនោះ ស្រមោលពណ៌ប្រផេះនោះបានហោះមករកនាងភ្លាម។ នាងអាល់មីរ៉ាមានអារម្មណ៍ថា ដូចជាមានដំុថ្មដ៏ធំមួយដុំបានសង្កត់នាង មិនឱ្យអាចកំរើកបានឡើយ។ នាងបានព្យាយាមដកដង្ហើម។ នាងបានស្រែករកអំណាចនៃសេចក្តីល្អឱ្យជួយដល់នាង។ ប៉ុន្តែ ពុំមានអ្វីមកជួយដល់នាងឡើង។
នៅពេលនោះ នាងបាននឹកចាំអំពីការបន់ស្រន់ ដែលនាងបានទន្ទេញកន្លងមក។ ការបន់ស្រន់ គឺជាសេចក្តីអធិស្ឋាននៃអ្នកមិនមែនជាគ្រីស្ទាន ដែលពាក់ព័ន្ធទៅនឹងប្រពៃណីសាសនារបស់ដូនតានាង។ នាងបានសូត្រវា។ រំពេចនោះ នាងបានធូរ ហើយដកដង្ហើមបាន។ ប៉ុន្តែ ក្រោយមក អារក្សបានសង្កត់ នាងម្តងទៀត។ នាងបានបន់ស្រន់ហើយ បន់ស្រន់ទៀត។ រួចមួយភ្លែត ក៏ត្រូវអារក្សសង្កត់វិញ រួចមួយ ភ្លែតទៀត ក៏ត្រូវអារក្សសង្កត់វិញទៀត។ ដោយហត់អស់កម្លាំងពេកពីការសង្កត់នោះ នាងមិនដឹងថានាង ត្រូវធ្វើអ្វី ដើម្បីឱ្យនាងបានរួចនោះឡើយ។ រំពេចនោះ នាងបាននឹកចាំសម្តីរបស់គ្រូបង្រៀនជនជាតិរុស្ស៊ី ម្នាក់នៅក្នុងចំណោមថ្នាក់ជំនឿអរូបីទាំងនោះ បាននិយាយថាព្រះយេស៊ូវគ្រីស្ទមានអំណាចលើសអស់ ទាំងវិញ្ញាណល្អ និងវិញ្ញាណអាក្រក់។ គំនិតនោះបានចូលមកក្នុងចិត្តរបស់នាង ដើម្បីឱ្យនាងស្រែករក ព្រះយេស៊ូវ។ នាងបានបើកមាត់និយាយ។ គ្រាន់តែនាងគិតអំពីព្យាង្គនីមួយៗនៃឈ្មោះរបស់ព្រះយេស៊ូវ នោះ ស្រមោលស្ទង់ៗពណ៌ប្រផេះនោះបានរលាយបាត់ទៅ។ នាងមានអារម្មណ៍ថាព្រះយេស៊ូវបានយាង ចូលបន្ទប់របស់នាង ហើយទ្រង់បានបណ្តេញវិញ្ញាណសណ្ឋិតចេញពីនាង។
នាងអាល់មីរ៉ាបានជ្រើសរើសយកព្រះយេស៊ូវ ដោយគ្មានការសង្ស័យ។ ប៉ុន្តែ តើនាងត្រូវធ្វើ យ៉ាងមិចទៅ? ដ្បិតនាងមិនមែនជាគ្រីស្ទាននោះឡើយ។ ដូច្នេះហើយ នាងបានទៅអាស្រំដូនតារបស់ នាង អស់រយៈពេល២ខែ។ នាងបានចាប់ផ្តើមគេងលក់ស្រួលជាងមុន ដូច្នេះហើយ នាងបានគិតថា ព្រះយេស៊ូពិតជាបានគង់នៅក្នុងអាស្រំនោះហើយ។
ក្រោយមក នាងហ្វេនីយ៉ា (Faniya) ដែលជាបងស្រីរបស់នាង បានមកលេងផ្ទះជាមួយនឹងមិត្តភក្តិ៣នាក់ ដែលនាងអាល់មីរ៉ាមិនធ្លាប់ស្គាល់ពីមុនមក។ នៅថ្ងៃនោះ នាងបានដឹងថានាងហ្វេនីយ៉ា បានចាប់ផ្តើមទៅព្រះវិហារសេវេនដេយអាត់វេនទីស្ទ ដែលមានទីតាំងនៅលើផ្លូវតែមួយនៃអគារស្នាក់នៅ របស់នាង។ មិត្តភក្តិទាំង២នាក់នោះ គឺជាពួកជំនុំអាត់វេនទីស្ទ។ នាងអាល់មីរ៉ាបានប្រាប់រឿងរបស់នាង ដល់ក្មេងស្រីអាត់វេនទីស្ទទាំងនោះ។ ក្មេងស្រីម្នាក់បាននិយាយថា «នោះគឺជា សាតាំងទេ»។ ក្មេងស្រីម្នាក់ទៀតបាននិយាយថានាងអាល់មីរ៉ាបានចូលទៅក្នុងតំបន់របស់អារក្ស ដោយបានរៀនថ្នាក់អរូបីទាំងនោះ។ នាងបាននិយាយ ទៀតថា «ប៉ុន្តែ ព្រះយេស៊ូវទ្រង់គង់នៅជាមួយនឹងប្អូនស្រី ហើយមានតែទ្រង់មួយគត់ដែលអាចរំដោះប្អូនស្រីចេញពីអំណាចរបស់សាតាំងបាន»។