«ផែនការរបស់ព្រះសម្រាប់ដំណឹងល្អ»

ខចងចាំ៖ «ឯ​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តីតាម​ព្រះចេស្តា ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយសារ​ ព្រះគ្រីស្ទយេស៊ូវ រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន» (អេភេសូរ ៣:២០, ២១)។

ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា

ឆ្នាំ ២០២៣

...

អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ៣; រ៉ូម ១១:៣៣-៣៦; រ៉ូម ១៦:២៥-២៧; ភីលីព ៤:២០; ពេត្រុសទី២ ៣:១៨។

លោកប៉ុលបានចាប់ផ្តើមកណ្ឌគម្ពីរអេភេសូរ ជំពូក៣ ជាមួយនឹងគោលគំនិតមួយ ដែលគាត់ បានមានប្រសាសន៍កាលពីមុនមក គោលគំនិតនោះគឺជាផែនការរបស់ព្រះសម្រាប់ដំណឹងល្អនេះឯង។ លោកប៉ុលបានប្រាប់អ្នកអានរបស់គាត់ ថាព្រះបានរក្សាផែនការនេះទុកជាអាថ៌កំបាំង រហូតមកដល់ សព្វថ្ងៃនេះ។ «គឺ​ដែល​ពួក​សាសន៍​ដទៃ បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក​ជា​មួយ​គ្នា នឹង​ជា​រូបកាយ​ជា​មួយ​ គ្នា ហើយ​ជា​អ្នក​ទទួល​ចំណែក​នៃ​សេចក្តី​សន្យា​របស់​ទ្រង់ ជា​មួយ​គ្នា​ក្នុង​ព្រះគ្រីស្ទ​ដែរ ដោយសារ​ដំណឹង ​ល្អ» (អេភេសូរ ៣:៦)។ បន្ទាប់មក លោកប៉ុលបានមានប្រសាសន៍ថាគាត់ចូលចិត្តអធិប្បាយទៅកាន់ពួកសាសន៍ដទៃ ណាស់។ លោកប៉ុលចូលចិត្តប្រាប់ពួកគេអំពីព្រះយេស៊ូវណាស់។ យើងបានរៀនអំពីគ្រាលំបាកៗ ដែល លោកប៉ុលបានរងទុក្ខផងដែរ។ លោកប៉ុលត្រូវគេចាប់ឃុំឃាំង ដោយសារតែគាត់បានអធិប្បាយទៅកាន់ពួកសាសន៍ដទៃនេះឯង។

យើងក៏បានរៀនអំពីសេចក្តីស្រឡាញ់ដែលលោកប៉ុលមាន សម្រាប់ដំណឹងល្អផងដែរ។ ដំណឹង ល្អបានបង្រៀនថាសមាជិកនៃពួកជំនុំយូដា និងសមាជិកនៃពួកជំនុំសាសន៍ដទៃក៏ប្រៀបដូចជាព្រះនេត្រ របស់ព្រះផងដែរ។ មានន័យថា ព្រះបានស្រឡាញ់សាសន៍យូដា និងសាសន៍ដទៃស្មើៗគ្នា។ លោកប៉ុល ពិតជាមានចិត្តឆេះឆួល ចំពោះសេចក្តីពិតនៃព្រះគម្ពីរនេះណាស់ ហើយគាត់ក៏មានចិត្តឆេះឆួលចំពោះ កិច្ចការដែលគាត់បានធ្វើសម្រាប់ព្រះផងដែរ។ សប្តាហ៍នេះ យើងនឹងអាន ហើយនឹងសិក្សា អំពីការ អធិស្ឋានរបស់លោកប៉ុល សម្រាប់ពួកជំនុំ ហើយនឹងសិក្សាអំពីការសរសើររបស់គាត់ចំពោះព្រះ។ លោក ប៉ុលក៏បានជួយឱ្យយើងមានអារម្មណ៍ឆេះឆួលនៅក្នុងការធ្វើកិច្ចការរបស់ព្រះផងដែរ។

ថ្ងៃអាទិត្យ ៣០ កក្កដា

ឆ្នាំ ២០២៣

លោកប៉ុលបានជាប់ជាអ្នកទោស ដើម្បីព្រះយេស៊ូវ

សូមអានបទគម្ពីរអេភេសូរ ជំពូក៣។ តើនៅក្នុងជំពូកនេះ មានគោលគំនិតសំខាន់ៗអ្វីខ្លះ?

លោកប៉ុលបានសរសេរបទគម្ពីរអេភេសូរ ជំពូក៣ នៅក្នុងទម្រង់មួយដ៏គួរឱ្យចាប់អារម្មណ៍។ លោកប៉ុលបានចាប់ផ្តើមបទគម្ពីរនេះ ជាមួយនឹងពាក្យពេចន៍យ៉ាងដូច្នេះថា៖ «ហេតុ​នោះ​បាន​ជា​ប៉ុល​ខ្ញុំ ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ខ្ញុំ​ជាប់​គុក​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ជា​ពួក​សាសន៍​ដទៃ» (អេភេសូរ ៣:១)។ បន្ទាប់មក នៅក្នុងខបន្ទាប់ លោកប៉ុលបានចាប់ផ្តើមមានប្រសាសន៍អំពីប្រធាន បទថ្មីមួយ។ លោកប៉ុលបានប្រាប់យើង អំពីកិច្ចការរបស់គាត់នៅក្នុងនាមជាគ្រូបង្រៀនដល់ពួកសាសន៍ ដទៃ (អេភេសូរ ៣:២-១៣)។ បន្ទាប់ពីប្រធានបទនេះទៅ លោកប៉ុលបានត្រឡប់ខគម្ពីរអេភេសូរ ៣:១៤ ដែលជាគោលគំនិតដែលគាត់បានចាប់ផ្តើមនៅក្នុងខ១ អំពីការដែលគាត់បានជាប់ជាអ្នកទោសនោះ។ លោកប៉ុលបានប្រើពាក្យថា «ដោយ​ហេតុ​នោះ» (អេភេសូរ ៣:១៤) ដើម្បីភ្ជាប់ខ១៤ទៅនឹងប្រធានបទនៅក្នុងខ១វិញ។ បន្ទាប់មក​លោកប៉ុលបានបង្ហាញយើង អំពីរបាយការណ៍នៃសេចក្តីអធិស្ឋានរបស់គាត់។

នៅក្នុងខគម្ពីរអេភេសូរ ៣:១ លោកប៉ុលបានមានប្រសាសន៍ថាគាត់បាន «​ជាប់​ឃុំ‌ឃាំង ព្រោះ​ តែ​ព្រះគ្រីស្ទយេស៊ូវ» (អេភេសូរ ៣:១, គខប)។ តើសាសន៍រ៉ូមមិនមែនជាអ្នកចាប់លោកប៉ុលទេឬអី? តើ លោកប៉ុលមិនមែនជាប់នៅក្នុងការឃុំឃាំងនោះទេឬអី? បើដូច្នេះមែននោះ តើលោកប៉ុលអាចក្លាយមកជាអ្នកទោសរបស់ព្រះយេស៊ូវយ៉ាងដូចម្តេចទៅបាន នៅពេលដែលគាត់ជាប់នៅក្នុងគុកនៃសាសន៍រ៉ូមយ៉ាង ដូច្នេះនោះ? តើលោកប៉ុលចង់មានន័យយ៉ាងណាដែរ? លោកប៉ុលបានប្រើពាក្យ​ «អ្នកទោស» មកធ្វើជារូបស័ព្ទ មួយ ដើម្បីបង្ហាញថាគាត់គឺជាកម្មសិទ្ធរបស់ព្រះ មិនមែនជាកម្មសិទ្ធរបស់សាសន៍រ៉ូមនោះឡើយ។ ដូច្នះ ខណៈពេលដែលលោកប៉ុលជាប់នៅក្នុងគុកនៃសាសន៍រ៉ូមនោះ ជីវិតរបស់លោកប៉ុលគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះវិញ (សូមប្រៀបធៀបខគម្ពីរអេភេសូរ ៤:១)។ លោកប៉ុលចង់ឱ្យមើល ឃើញថាគាត់ ពិតជានៅចំកន្លែង ដែលព្រះចង់ឱ្យគាត់ទៅមែន។

តើលោកអ្នកបានឃើញនូវអ្វីដែលលោកប៉ុលបានមានប្រសាសន៍ អំពីការរងទុក្ខរបស់គាត់នៅ ក្នុងខគម្ពីរអេភេសូរ ៣:១៣ ដែរឬទេ? លោកប៉ុលបានមានប្រសាសន៍អំពីច្រវ៉ាក់របស់គាត់ នៅក្នុងសំបុត្រ របស់គាត់ក្រោយៗមកទៀត (អេភេសូរ​ ៦:២០)។ ព័ត៌មាននេះបានប្រាប់ថាលោកប៉ុលមិនមែនជាអ្នកទោស នៅក្នុងបន្ទប់ដែលមានផាសុខភាពនោះឡើយ (សូមប្រៀបធៀបខគម្ពីរកិច្ចការ ២៨:១៦)។​ លោកប៉ុល បានជាប់នៅក្នុងគុក។ នៅក្នុងសម័យគម្ពីរសញ្ញាថ្មី គុកនៃសាសន៍រ៉ូមមិនមែនជាកន្លែងល្អនោះឡើយ។ នគររ៉ូមមិនមែនជាគុកស្អាតស្អំដែលបម្រើអាហារល្អដល់អ្នកទោសនោះទេ។ នគររ៉ូមមិនបានចាប់មនុស្ស ដាក់គុក ដើម្បីដាក់ទោសពួកគេនោះឡើយ។​ ដ្បិតមនុស្សដែលត្រូវ បានគេចាប់ដាក់គុកនោះ គឺជាអ្នកទោស ដែលបានរង់ចាំជួបតុលាការ ឬជាអ្នកទោសដែលបានរង់ចាំឱ្យគេសម្លាប់ ដោយសារតែអំពើឧក្រិដ្ឋកម្មរបស់ គេនោះ។ ពួកមេដឹកនាំនៃសាសន៍រ៉ូមបានរំពឹងថាពួកអ្នកទោសនឹងចាត់ចែងតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះហើយ បានជាពួកអ្នកទោសបានពឹងផ្អែកទៅលើសមាជិកគ្រួសារ និងមិត្តភក្តិ ឱ្យនាំយកអាហារ និងសម្ភារៈផ្សេងៗទៀតមកឱ្យពួកគេវិញ។

លោកប៉ុលអាចនឹងព្រួយបារម្ភថាអ្នកអានរបស់គាត់នឹងបាត់បង់សេចក្តីសង្ឃឹម នៅពេលដែល ពួកគេបានដឹងថាគាត់បានជាប់ជាអ្នកទោសនោះ។ ដ្បិតពួកគេអាចនឹងសួរថា «តើលោកប៉ុលពិតជាគ្រូបង្រៀនដែលព្រះយេស៊ូវបានចាត់ឱ្យមកយ៉ាងដូចម្តេចទៅ ប្រសិនបើគាត់បានជាប់នៅក្នុងគុកយ៉ាងដូច្នេះ នោះ?»។ ដូច្នេះហើយ លោកប៉ុលបានជួយឱ្យអ្នកអានរបស់គាត់បានយល់ថាការដែលគាត់បានជាប់ជា អ្នកទោសនេះ គឺជាផែនការរបស់ព្រះវិញ។ លោកប៉ុលបានរងទុក្ខ ដើម្បីពួកគេ។ នៅចុងបញ្ចប់ ការរងទុក្ខ របស់គាត់នឹងបានលើកតម្កើងព្រះនាមរបស់ព្រះវិញ (អេភេសូរ ៣:១៣)។

ថ្ងៃចន្ទ ៣១ កក្កដា

ឆ្នាំ ២០២៣

ផែនការអាថ៌កំបាំងរបស់ព្រះ

តើព្រះបានបង្ហាញអាថ៌កំបាំងអ្វីដល់លោកប៉ុល ដើម្បីឱ្យគាត់បានចែករំលែកជាមួយនឹងសមាជិក ពួកជំនុំនោះ? សូមអានខគម្ពីរអេភេសូរ​ ៣:១-៦ សម្រាប់ចម្លើយ។​

សូមសិក្សាខគម្ពីរអេភេសូរ ៣:១-៦។ នៅក្នុងផ្នែកនៃសំបុត្រនៅត្រង់នេះ លោកប៉ុលបានរៀប រាប់អំពីគោលគំនិតសំខាន់ៗទាំង៥យ៉ាង៖ (១) លោកប៉ុលបានសរសេរផ្នែកនេះនៅក្នុងសំបុត្ររបស់គាត់​ទៅកាន់ពួកជំនុំនៃសាសន៍ដទៃ។​ ពួកជំនុំទាំងនេះគឺជាសមាជិកនៃពួកជំនុំនៅក្នុងទីក្រុងអេភេសូរ​ (អេភេសូរ​ ៣:១)។ (២) លោកប៉ុលបានមានប្រសាសន៍ថាព្រះបានតាំងគាត់ឱ្យធ្វើជា «អ្នកត្រួតត្រា» ព្រះគុណរបស់ ព្រះទៅកាន់ពួកសាសន៍ដទៃ (សូមប្រៀបធៀបខគម្ពីរអេភេសូរ ៣:៧, ៨)។ (៣) លោកប៉ុលបានមានប្រសាសន៍ថាព្រះបានបង្ហាញអាថ៌កំបាំងមួយដល់គាត់។​ លោកប៉ុល បានសរសេរអំពីប្រធានបទនេះនៅក្នុងសំបុត្ររបស់គាត់ទៅកាន់ពួកជំនុំអេភេសូរ (សូមអានខគម្ពីរអេភេសូរ ១:៩, ១0; អេភេសូរ ៣:៣, ៤)។ លោកប៉ុលចង់ឱ្យយើងយល់ថាគាត់មិនមែនជាអ្នកបង្កើតដំណឹងល្អនោះ ឡើយ។ គាត់គ្រាន់តែជាអ្នកត្រួតត្រា ឬគ្រាន់តែជាអ្នកចែកចាយដំណឹងល្អប៉ុណ្ណោះ។ ជាថ្មីម្តងទៀត លោក ប៉ុលបានមានប្រសាសន៍ថាព្រះបានប្រទានកិច្ចការពិសេសរបស់ទ្រង់ដល់គាត់ ដែលកិច្ចការនោះគឺជាការ ចែកចាយដំណឹងល្អទៅកាន់ពួកសាសន៍ដទៃនេះឯង។ (៤) លោកប៉ុលមិនមែនជាបុគ្គលតែម្នាក់ ដែលបានដឹងអំពីអាថ៌កំបាំងរបស់ព្រះនោះឡើយ។​ព្រះវិញ្ញាណបរិសុទ្ធក៏បានបកស្រាយអាថ៌កំបាំងនោះដល់គ្រូបង្រៀន និងហោរាដទៃទៀតរបស់ព្រះយេស៊ូវ នៅក្នុងអំឡុងនៃសម័យគម្ពីរសញ្ញាថ្មីផងដែរ។ ការបកស្រាយរបស់ព្រះវិញ្ញាណមកកាន់គ្រូបង្រៀន និងពួកហោរានៅក្នុងសម័យគម្ពីរសញ្ញាថ្មីនេះ គឺច្បាស់ជាការបកស្រាយដែលព្រះវិញ្ញាណបានបង្ហាញដល់អ្នកបម្រើរបស់ព្រះនៅក្នុងសម័យគម្ពីរសញ្ញាចាស់ទៅទៀត។ ឥឡូវនេះ​ ព្រះបើកបង្ហាញអាថ៌កំបាំងរបស់ ទ្រង់ដល់អ្នកបម្រើរបស់ទ្រង់ នៅក្នុងអំឡុងនៃសម័យគម្ពីរសញ្ញាថ្មីវិញ។ (៥) លោកប៉ុលបានប្រកាសថា «កុំ​បម្រើតែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់ ​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​មប្រើដូច​ជា​បាវ​បម្រើ​របស់​ព្រះគ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត» (អេភេសូរ ៣:៦)។

លោកប៉ុលចូលចិត្តចែកចាយដំណឹងល្អអំពីព្រះយេស៊ូវជាមួយនឹងពួកសាសន៍យូដា ហើយនិង ពួកសាសន៍ដទៃ។ ទាំង២ក្រុមនេះបានក្លាយមកជាពួកជំនុំថ្មីរបស់ព្រះ។​ លើសពីនេះទៅទៀតនោះ ពួក គេបានបង្ហាញផែនការរបស់ព្រះសម្រាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះ (សូមអានខគម្ពីរអេភេសូរ​ ២: ១៤-១៦)។ ព្រះផ្លាស់ប្តូរខ្មាំងសត្រូវរបស់ទ្រង់ឱ្យក្លាយទៅជាមិត្តរបស់ទ្រង់វិញ។​ ពួកគេបានទទួលពីព្រះ នូវព្រះពរដែលទ្រង់បានសន្យានៅក្នុងដំណឹងល្អនេះទាំងអស់គ្នា (សូមអានខគម្ពីរអេភេសូរ​ ៣:៦)។

ថ្ងៃអង្គារ ១ សីហា

ឆ្នាំ ២០២៣

របៀបដែលពួកជំនុំបានបង្ហាញព្រះប្រាជ្ញាញាណរបស់ព្រះ

តើលោកប៉ុលបានមានប្រសាសន៍យ៉ាងដូចម្តេច អំពីព្រះ និងកិច្ចការដែលព្រះបានធ្វើនោះ?

លោកប៉ុលបានមានប្រសាសន៍ថាព្រះនៅក្នុងសេចក្តីមេត្តារបស់ព្រះបានតាំងឱ្យគាត់ធ្វើជាអ្នក អធិប្បាយ (អេភេសូរ​ ៣:៧; សូមប្រៀបធៀបអេភេសូរ ៣:១, ២)។ ព្រះមិនបានប្រទានអំណោយទាននេះដល់លោកប៉ុល ដោយសារតែគាត់ជាមនុស្សពិសេសនោះឡើយ។ ព្រះបានតាំងលោកប៉ុលឱ្យធ្វើជា អ្នកអធិប្បាយម្នាក់ ដោយសារតែព្រះប្រកបទៅដោយសេចក្តីមេត្តា។ លោកប៉ុលបានជួយឱ្យយើងយល់សេចក្តីពិតនៃព្រះគម្ពីរនេះ នៅពេលដែលគាត់មានប្រសាសន៍ថា «ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់» (អេភេសូរ ៣:៨)។

នៅពេលដែលយើងអានសំបុត្រទាំងអស់របស់លោកប៉ុលនោះ យើងបានដឹងអំពីរបៀបដែល គាត់បានប្រមើលមើលខ្លួនគាត់។ មុនដំបូង លោកប៉ុលបានប្រកាសថាព្រះបានប្រទានកិច្ចការដ៏ពិសេស មួយដល់គាត់ ដើម្បីឱ្យគាត់ធ្វើសម្រាប់ពួកសាសន៍ដទៃ (កាឡាទី ១:១)។ ក្រោយមក លោកប៉ុលបានមាន ប្រសាសន៍ថាគាត់មិនស័ក្តិសមឱ្យគេហៅគាត់ថាជាគ្រូបង្រៀនសម្រាប់ព្រះយេស៊ូវនោះឡើយ​ (កូរិនថូស ទី១ ១៥:៩)។ អម្បាញ់មិញនេះ យើងបានឃើញលោកប៉ុលមានប្រសាសន៍នៅក្នុងកណ្ឌគម្ពីរអេភេសូរហើយ ថាគាត់គឺជា «អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់» (អេភេសូរ ៣:៨)។ ហើយជាចុងក្រោយ នោះ លោកប៉ុលបានមានប្រសាសន៍ថាគាត់គឺបាបជនដ៏អាក្រក់បំផុត (ធីម៉ូថេទី១ ១:១៥)។

សម្រង់មតិរបស់អ្នកស្រីអេល្លីន ជីវ៉ៃត៍ខាងក្រោមនេះប្រហែលជាអាចជួយបកស្រាយអំពីទស្សន របស់លោកប៉ុលចំពោះខ្លួនគាត់ ដោយអ្នកស្រីបានមានប្រសាសន៍ថា៖ នៅពេលដែលលោកអ្នកបានចូល ទៅជិតព្រះយេស៊ូវនោះ លោកអ្នកនឹងឃើញខ្លួនឯងថាជាអ្នកណា។ កាលណាលោកអ្នកកាន់តែនៅជិត ទ្រង់នោះ លោកអ្នកនឹងកាន់តែឃើញអំពើបាបរបស់លោកអ្នក។ លោកអ្នកនឹងបានឃើញថាអំពើបាបរបស់លោកអ្នកគឺធ្ងន់ធ្ងរជាទីបំផុត បើប្រៀបធៀបទៅនឹងជីវិតដ៏បរិសុទ្ធរបស់ទ្រង់នោះ»។​ ដកស្រង់ពី Steps to Christ, page 64, adapted។

លោកប៉ុលបានបន្ត។ នៅក្នុងខគម្ពីរអេភេសូរ​ ៣:១០ លោកប៉ុលបានសរសេរតាមបន្ទូលរបស់ ព្រះយ៉ាងដូច្នេះថា៖ «ដើម្បី​ឲ្យ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់ បាន​ស្គាល់​ពី​ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់ ដោយសារ​ពួក​ជំនុំ» (អេភេសូរ ៣:១០)។ តើពួកជំនុំនៅលើផែនដីនេះបានបង្ហាញដល់ពួកទេវតានៅឯស្ថានសួគ៌ ថាព្រះទ្រង់ប្រកបដោយព្រះប្រាជ្ញាញាណនោះដោយរបៀប ណា? ចម្លើយគឺថា ពួកជំនុំបានបង្ហាញព្រះប្រាជ្ញាញាណរបស់ព្រះ នៅពេលដែលពួកគេបានស្ថិតនៅក្នុង សេចក្តីសុខសាន្ត និងសេចក្តីសញ្ញាជាមួយនឹងគ្នាទៅវិញទៅមក។ កាលពីមុន​ពួកសាសន៍យូដា និងពួក សាសន៍ដទៃគឺជាខ្មាំងសត្រូវនឹងគ្នា។ ប៉ុន្តែ នៅពេលដែលពួកគេបានទទួលយកព្រះយេស៊ូវ ហើយបាន រួបរួមជាមួយនឹងពួកជំនុំនោះ ការអស្ចារ្យមួយបានកើតឡើង។ ព្រះយេស៊ូវបានបង្រួបបង្រួមជាតិសាសន៍ ដែលជាខ្មាំងសត្រូវនឹងគ្នាកាលពីមុន។ ឥឡូវនេះ ពួកគេបានស្ថិតនៅក្នុងសេចក្តីសុខសាន្តហើយ។ សេចក្តី សុខសាន្តរបស់ពួកគេបានបង្ហាញសាតាំង និងពួកទេវតារបស់វា ថាផែនការរបស់ព្រះកំពុងតែកើតឡើង ហើយ។ ពួកជំនុំដែលប្រកបទៅដោយសេចក្តីស្រឡាញ់នេះ បានបង្ហាញសាតាំង និងទេវតារប​ស់វា​ ថា ចុងបញ្ចប់របស់វាជិតមកដល់ហើយ។

តើនៅក្នុងខគម្ពីរអេភេសូរ ៣:១០ លោកប៉ុលបានប្រាប់យើងអំពីកិច្ចការរបស់ពួកជំនុំយ៉ាងដូច ម្តេច? តើការធ្វើតាមអ្វីដែលលោកប៉ុលបានមានប្រសាសន៍នេះ នឹងធ្វើឱ្យយើង និងពួកជំនុំបានផ្លាស់ប្តូរ

ថ្ងៃពុធ ២ សីហា

ឆ្នាំ ២០២៣

ចូរឱ្យព្រះយេស៊ូវសណ្ឋិតនៅក្នុងចិត្តរបស់លោកអ្នក

សូមប្រៀបធៀបសេចក្តីអធិស្ឋានរបស់លោកប៉ុលនៅក្នុងខគម្ពីរអេភេសូរ ១:១៦-១៩ ជាមួយ នឹងសេចក្តីអធិស្ឋានរបស់គាត់ សម្រាប់អ្នកគ្រីស្ទាននៅក្នុងខគម្ពីរអេភេសូរ ៣:១៤-១៩។​ តើលោកប៉ុល បានទូលសូមអ្វីដែរ នៅក្នុងសេចក្តីអធិស្ឋាននីមួយៗនោះ? តើសេចក្តីអធិស្ឋានទាំង២យ៉ាងនេះដូចគ្នានៅ ត្រង់ណា?

លោកប៉ុលបានប្រាប់យើងថា «គ្រប់​ទាំង​គ្រួ​នៅ​ស្ថានសួគ៌ ហើយ​នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់ [ព្រះវរបិតា (ខ១៤)] ​មក» (អេភេសូរ ៣:១៥)។ នៅក្នុងភាសាក្រេក ពាក្យថា «ព្រះវរបិតា» និង «គ្រួ» មានទំនាក់ទំនងអ្វីនឹងគ្នាដែរ។ ពាក្យថា «ព្រះវរបិតា» ប្រែមកពីពាក្យថា «Patēer (ពេធឺរ)» ។ ហើយ ពាក្យថា «គ្រួ (គ្រួសារ)» ប្រែមកពីពាក្យថា «Patria (ពេធ្រា)។ ពាក្យទាំងនេះនៅក្នុងភាសាក្រេកគឺមាន អត្ថន័យស្រដៀងនឹងគ្នា។ លោកប៉ុលចង់ឱ្យយើងយល់ថាផែនការសង្គ្រោះរបស់ព្រះ (អេភេសូរ ១:៩, ១០) គឺសម្រាប់មនុស្សទាំងអស់នៅគ្រប់ទាំងសម័យកាល។ គ្រួសារទាំងអស់នៅឯស្ថានសួគ៌ និងនៅលើផែនដី នេះគឺជាកម្មសិទ្ធរបស់ព្រះវរបិតា។ នេះគឺជាដំណឹងដ៏ល្អបំផុត។ សូមគិតអំពីសេចក្តីពិតនេះ គឺថា៖ គ្រួសារ របស់លោកអ្នកគឺជាកម្មសិទ្ធរបស់ព្រះ។ ជាការពិតណាស់ គ្រួសាររបស់លោកអ្នកបានធ្វើខុស ហើយក៏មិនមែនជាគ្រួសារល្អឥតខ្ចោះនោះដែរ។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏ព្រះនៅតែស្រឡាញ់គ្រួសារ របស់លោកអ្នក ដោយសារតែគ្រួសាររបស់លោកអ្នកមានព្រះនាមរបស់ទ្រង់។

នៅក្នុងខគម្ពីរអេភេសូរ ៣:១៦-១៩ លោកប៉ុលបានសូមឱ្យព្រះប្រទានបទពិសោធន៍ខាងឯវិញ្ញាណដ៏រឹងមាំមួយដល់អ្នកគ្រីស្ទាន។ លោកប៉ុលបានសូមឱ្យព្រះប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់រាស្ត្រ របស់ទ្រង់ ដើម្បីឱ្យពួកគេបានរឹងមាំឡើង (អេភេសូរ​ ៣:១៦)។ លោកប៉ុលក៏បានសូមឱ្យព្រះយេស៊ូវសណ្ឋិតនៅក្នុងចិត្តរបស់ពួកជំនុំ តាមរយៈសេចក្តីជំនឿផងដែរ។ នៅពេលនោះ ពួកគេនឹងបានរឹងមាំឡើង នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះ។

លោកប៉ុលបានសរសើរតម្កើងព្រះ ចំពោះព្រះពរដែលទ្រង់បានប្រទានឱ្យអ្នកគ្រីស្ទាន។ លោក ប៉ុលបានមានប្រសាសន៍ថា « ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្តោយ ជម្រៅ និង​កម្ពស់​នៃ​សេចក្តី​ស្រឡាញ់​នោះ» (អេភេសូរ ៣:១៨)។ តើលោកអ្នកគិតថាហេតុអ្វីបានជាលោក ប៉ុលប្រើពាក្យថា «ទទឹង» «បណ្តោយ» «ជម្រៅ» និង «កម្ពស់» យ៉ាងដូច្នេះ? លោកប៉ុលបានប្រើពាក្យទាំង ៤នេះ​ ដើម្បីប្រាប់យើងថាសេចក្តីស្រឡាញ់ដែលព្រះមានសម្រាប់យើងនោះ គឺធំធេងជាទីបំផុត។ ព័ត៌មាន នេះក៏ជាដំណឹងល្អបន្ថែមទៀត សម្រាប់យើងផងដែរ។

ថ្ងៃព្រហស្បតិ៍រ ៣ សីហា

ឆ្នាំ ២០២៣

កំណាព្យនៃការសរសើររបស់លោកប៉ុល

លោកប៉ុលបានបញ្ចប់របាយការណ៍នៃសេចក្តីអធិស្ឋានរបស់គាត់ ជាមួយនឹងកំណាព្យខ្លីមួយ ឃ្លា ថាសរសើរតម្កើងព្រះ។ តើលោកប៉ុលបានសរសើរតម្កើងព្រះនូវរឿងអ្វីខ្លះ? សូមអានខគម្ពីរអេភេសូរ ៣:២០, ២១ ដើម្បីឆ្លើយសំណួរនេះ។

លោកប៉ុលបានចែករំលែកជាមួយនឹងយើង នូវបញ្ជីនៃកម្មវត្ថុដែលគាត់បានអធិស្ឋាននោះ (អេភេសូរ ៣:១៤-១៩)។ ឥឡូវនេះ លោកប៉ុលបានប្រើសេចក្តីអធិស្ឋានមួយដ៏មានអំណាច សម្រាប់ពួក ជំនុំ។ សេចក្តីអធិស្ឋានរបស់គាត់បានបញ្ចប់ជាមួយនឹងកំណាព្យខ្លីមួយឃ្លា ថាសរសើរតម្កើងព្រះ (អេភេសូរ ៣:២០, ២១)។ នៅចុងបញ្ចប់នៃកំណាព្យនេះ លោកប៉ុលបានមានប្រសាសន៍ថា «នោះ​សូម​ឲ្យ​ទ្រង់​បាន​ សិរីល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយសារ​ព្រះគ្រីស្ទយេស៊ូវ» (អេភេសូរ ៣:២១)។ កាលពីម្សិលមិញ យើងបានឃើញថាព្រះយេស៊ូវបានសណ្ឋិតនៅក្នុងចិត្តនៃពួកសិស្សរបស់ទ្រង់ (អេភេសូរ ៣:១៧)។ ដូច្នេះ ព្រះយេស៊ូវ គឺជាព្រះអង្គសង្គ្រោះរបស់ពួកជំនុំ។ នៅក្នុងកំណាព្យដ៏ខ្លីនេះ លោកប៉ុលបានសរសើរតម្កើងព្រះ ចំពោះ ព្រះគុណនៃសេចក្តីសង្គ្រោះរបស់ទ្រង់។ ដ្បិតព្រះបានប្រទានព្រះគុណនេះដល់យើង ដោយសារព្រះយេស៊ូវ។

សូមក្រឡេកមើលពាក្យថា «រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ» (អេភេសូរ ៣:២១)។ ខនេះបានបង្ហាញយើងថាលោកប៉ុលបានរំពឹង​ថាអ្នកគ្រីស្ទាននឹងទទួលបាន អនាគតមួយដ៏ល្អប្រសើរ។ នៅក្នុងខគម្ពីរអេភេសូរ ៤:៣០ លោកប៉ុលបានមានចិត្តរំភើប ចំពោះថ្ងៃ «ប្រោស លោះ» ចេញពីអំពើបាប និងសេចក្តីស្លាប់ នៅពេលដែលព្រះយេស៊ូវយាងមកជាលើកទី២នោះ។ កំណាព្យ របស់លោកប៉ុលបានអបអរសាទរចំពោះព្រះចេស្តារបស់ព្រះយេស៊ូវ។​ ព្រះចេស្តានេះគ្មានដែនកំណត់នោះ ឡើយ។ ព្រះយេស៊ូវបានប្រើព្រះចេស្តាគ្មានដែលកំណត់របស់ទ្រង់នេះ មកជួយឱ្យយើងយកឈ្នះសង្គ្រាម ទាស់នឹងអំពើបាប។

សូមពិនិត្យមើលរបាយការណ៍នៃសេចក្តីអធិស្ឋានរបស់លោកប៉ុលឡើងវិញ (អេភេសូរ ៣:១៤- ២១; សូមប្រៀបធៀបជាមួយនឹងរបាយការណ៍នៃសេចក្តីអធិស្ឋានដំបូងគេបង្អស់របស់លោកប៉ុល នៅ ក្នុងខគម្ពីរអេភេសូរ ១:១៥-២៣)។ នៅក្នុងរបាយការណ៍ទី២ លោកប៉ុលបានថ្លែងអំពីរឿងដែលគាត់បាន អរព្រះគុណនោះ។ លោកប៉ុលបានមានប្រសាសន៍ថាគាត់បានរឹងមាំឡើង ដោយសារព្រះវរបិតាបានយក ព្រះទ័យទុកដាក់ចំពោះគាត់ (អេភេសូរ ៣:១៤, ១៥)។ លោកប៉ុលក៏បានមានប្រសាសន៍ផងដែរ ថា ព្រះវិញ្ញាណបរិសុទ្ធបានត្រៀមព្រះអង្គទ្រង់ជាស្រេច ដើម្បីជួយដល់ពួកសិស្សរបស់ព្រះយេស៊ូវ។ យើងក៏ជាដៃគូជាមួយនឹងអង្គព្រះយេស៊ូវផ្ទាល់ផងដែរ (អេភេសូរ ៣:១៧) ដែលទ្រង់បានស្រឡាញ់យើង។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវពុំមានដែនកំណត់ឡើយ (អេភេសូរ ៣:១៨, ១៩)។ លោកប៉ុលបានអធិស្ឋានសូមឱ្យអ្នកគ្រីស្ទាន «បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ផង​ព្រះ» (អេភេសូរ ៣:១៩)។ ព្រះនឹងបំពេញពួកសិស្សរបស់ទ្រង់ ដោយព្រះអង្គទ្រង់ផ្ទាល់។ លោកប៉ុលបានអរព្រះគុណចំពោះ អំណោយទានដ៏មានតម្លៃទាំងអស់របស់ព្រះ។ លោកប៉ុលបានភ្ញាក់ផ្អើល ចំពោះអំណោយទានល្អជាច្រើន ដែលព្រះបានប្រទានឱ្យយើង (អេភេសូរ ៣:២០, ២១)។

នៅពេលណាដែលលោកអ្នកមានបញ្ហានោះ សូមអានរបាយការណ៍របស់លោកប៉ុល អំពីសេចក្តី អធិស្ឋានរបស់គាត់។ របាយការណ៍របស់លោកប៉ុលបានជួយឱ្យយើងនឹកចាំអំពីផែនការរបស់ព្រះ និង ព្រះគុណរបស់ទ្រង់។​ យើងគឺជាផ្នែកនៃផែនការដ៏ធំរបស់ព្រះ ដើម្បីសង្គ្រោះមនុស្សលោក (អេភេសូរ ១: ៩, ១០)។ ជាការពិតណាស់ សេចក្តីស្រឡាញ់របស់ព្រះកំពុងតែធ្វើនៅក្នុងចិត្តរបស់យើងហើយ។

ថ្ងៃសុក្រ ៤ សីហា

ឆ្នាំ ២០២៣

ការសិក្សាបន្ថែម៖ សូមអាន Ellen G. White, “Modern Revivals,” in The Great Controversy, page 461-478។

សូមអានសម្រង់មតិនេះពីអ្នកស្រីអេល្លីន ជី វ៉ៃត៍ ចំពោះខគម្ពីរអេភេសូរ ៣:១៤-១៩ ដោយ អ្នកស្រីបានមានប្រសាសន៍ថា៖ «ខទាំងនេះបានសន្យានឹងយើង ថាព្រះនឹងប្រទានចំណេះដឹងដល់យើង។ ព្រះចង់ឱ្យយើងស្គាល់ទ្រង់នៅក្នុងរបៀបមួយដ៏មានអំណាច។ បើអ៊ីចឹងមែន​ តើហេតុអ្វីបានជាយើងទទួល បានបទពិសោធន៍តូចមួយទៅវិញ? យើងបានទទួលព្រះពរខាងឯវិញ្ញាណនៅក្នុងជីវិតនេះ ដើម្បីឱ្យបាន យល់អំពីព្រះគុណរបស់ព្រះ។ បើដូច្នេះមែន តើហេតុអ្វីបានជាយើងមិនបានលូតលាស់នៅក្នុងអំណាចខាងឯវិញ្ញាណយ៉ាងដូច្នេះ? លោកប៉ុលមិនបានសរសេរខគម្ពីរអេភេសូរ ៣:១៤-១៩ ដើម្បីកុហកយើង នោះទេ។ លោកប៉ុលក៏មិនបានព្យាយាមបង្ហាញសេចក្តីសង្ឃឹមក្លែងក្លាយដល់យើងនោះដែរ។​ លោកប៉ុល បានសរសេរពាក្យទាំងនេះ ដើម្បីបង្ហាញយើង ថាយើងអាចនឹងក្លាយទៅជាមនុស្សបែបណា។ យើងត្រូវ តែក្លាយទៅជាមនុស្សដែលព្រះចង់បាន ប្រសិនបើយើងចង់ក្លាយទៅជាពលរដ្ឋនៃនគររបស់ទ្រង់នោះ។ តើយើងអាចរួបរួមគ្នាជាមួយព្រះយ៉ាងដូចម្តេចទៅបាន ប្រសិនបើយើងមានបទពិសោធន៍តូចតាចអ៊ីចឹងនោះ? យើងបានដឹងអំពីអ្វីដែលព្រះបានយល់ដល់យើងដែលជាអ្នកគ្រីស្ទាននេះ។ ម្ល៉ោះហើយ យើង គួរតែព្យាយាមសិក្សានូវអ្វីដែលព្រះចង់ឱ្យយើងដឹង»។

«តើយើងពិតជាជឿទៅលើព្រះគម្ពីរដែរឬទេ? តើយើងពិតជាជឿថាយើងអាចនឹងទទួលបានចំណេះដឹងអំពីព្រះ ដែលលោកប៉ុលបានសន្យានឹងយើង នៅក្នុងខគម្ពីរអេភេសូរ​៣:១៤-១៩ នោះដែរ ឬទេ? តើយើងជឿពាក្យទាំងអស់ ដែលព្រះបានមានបន្ទូលដែរឬទេ? តើយើងជឿទៅលើពាក្យពេចន៍ ដែល ពួកហោរា និងគ្រូបង្រៀនរបស់ព្រះបានមានប្រសាសន៍នោះដែរឬទេ? តើយើងជឿទៅលើព្រះបន្ទូលរបស់ ព្រះយេស៊ូវដែរឬទេ? ចំណេះដឹង និងព្រះពរទាំងអស់មានប្រភពមកពីព្រះយេស៊ូវ។ ដ្បិតទ្រង់បានប្រទាន ដល់យើង នូវអំណោយទានយ៉ាងសម្បូរបែប ដែលយើងបានទទួលនោះ។ ដូច្នេះ តើយើងពិតជាជឿទៅ លើព្រះ និងជឿទៅលើព្រះរាជបុត្រារបស់ទ្រង់ដែរឬទេ?»។ ដកស្រង់ពី Ellen G. White, The Advent Review and Sabbath Herald, October 1, 1889, adapted។

សំណួរពិភាក្សា

១. សូមប្រៀបធៀបកំណាព្យសរសើរតម្កើងរបស់លោកប៉ុលនៅក្នុងខគម្ពីរអេភេសូរ ៣:២០, ២១ ទៅ កំណាព្យសរសើរតម្កើងដទៃទៀតនៅក្នុងគម្ពីរសញ្ញាថ្មី។ (គំរូនៃកំណាព្យសរសើរតម្កើងដទៃទៀតនោះ​ រាប់បញ្ជូលទាំងរ៉ូម ១១:៣៣-៣៦; រ៉ូម ១៦:២៥-២៧; ភីលីព ៤:២០; ពេត្រុសទី២ ៣:១៨; យូដាស ខ២៤, ខ២៥)។ តើនៅក្នុងកំណាព្យសរសើរតម្កើងទាំងនេះ មានគោលគំនិតអ្វីខ្លះ? តើយើងអាចសរសើរ តម្កើងព្រះ និងថ្វាយបង្គំទ្រង់តាមរបៀបដែលកំណាព្យសរសើរតម្កើងទាំងនេះបានបង្ហាញយើងនោះដោយ របៀបណា?

២. លោកប៉ុលបានមានប្រសាសន៍ថា «ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ផង​ ព្រះ» (អេភេសូរ ៣:១៩)។​ លោកប៉ុលបានមានប្រសាសន៍ ថាឱ្យអ្នករាល់គ្នាបានប្រកបដោយគ្រប់ទាំងសេចក្តី ពោរពេញរបស់ផងព្រះនេះ នៅត្រង់កន្លែងខុសៗគ្នានៅក្នុងកណ្ឌគម្ពីរអេភេសូរនោះ ចំនួន៤ដង។ តើលោក អ្នកគិតថា ហេតុអ្វីបានជាគោលគំនិតនេះសំខាន់ចំពោះលោកប៉ុលខ្លាំងម្ល៉េះ?

៣. នៅក្នុងបទគម្ពីរអេភេសូរ ជំពូក៣ លោកប៉ុលបានសរសើរតម្កើងចំពោះកិច្ចការជាច្រើនដែលព្រះបាន ធ្វើ។ តើព្រះបានធ្វើរឿងមួយណា ដែលលោកអ្នកចូលចិត្តជាងគេបំផុតនោះ?

រឿងខ្លី

ការប្រយុទ្ធជាមួយនឹងព្រះបន្ទូល វគ្គ៣

យប់នោះ នាងអាល់មីរ៉ាបានភ្ញាក់ឡើង បន្ទាប់ពីនាងបានយល់សប្តិអាក្រក់ បន្ទាប់មក នាងបានសម្រេចចិត្តថានាងនឹងទៅព្រះវិហារសេវេនដេយអាត់វេនទីស្ទនៅថ្ងៃសប្បាតហ៍បន្ទាប់។ លុះដល់ ព្រឹកឡើង នាងបានគិតឡើងវិញ​ថាខ្ញុំមិនមែនជាអ្នកគ្រីស្ទាន អ៊ីចឹងខ្ញុំមិនអាចចូលទៅទីនោះបានឡើយ។ នៅយប់បន្ទាប់នោះ នាងបានយល់សប្តិអាក្រក់ម្តងទៀត ម្ល៉ោះហើយ ជាថ្មីម្តងទៀត នាងមិនដឹងថានាង ត្រូវធ្វើយ៉ាងណានោះទេ។ នាងបានទៅព្រះវិហារអាត់វេនទីស្ទនៅថ្ងៃសប្បាតហ៍។

ជាច្រើនអាទិត្យក្រោយមក ឪពុកម្តាយរបស់នាងអាល់មីរ៉ាបានដឹងថានាងបានទៅព្រះវិហារជារៀងរាល់ថ្ងៃសប្បាតហ៍ ដូច្នេះ ពួកគេបានហាមនាងមិនឱ្យទៅព្រះវិហារតទៅទៀត។ នៅពេលដែលសាច់ ញាតិដទៃទៀតរបស់នាងបានឮដំណឹងនេះ ពួកគេក៏បានណែនាំមិនឱ្យនាងទៅព្រះវិហារតទៅទៀតដែរ។ នៅពេលដែលអ្នកជិតខាងបានឃើញនាងដើរទៅព្រះវិហារនៅថ្ងៃសប្បាតហ៍នោះ ពួកគេបានចេញមក ពីកន្លែងស្នាក់នៅរបស់ពួកគេ មកស្តីឱ្យដោយចេតនា។ ការទៅព្រះវិហារជារៀងរាល់ថ្ងៃសប្បាតហ៍បាន ក្លាយមកជាការប្រយុទ្ធមួយយ៉ាងជូរជត់។ ប៉ុន្តែ អាល់មីរ៉ាបានទៅថ្វាយបង្គំព្រះនៅឯព្រះវិហារ ហើយនាង នៅតែបន្តទៅទីនោះតទៅទៀត។ នាងបានរៀនអំពីព្រះយេស៊ូវ ហើយនាងក៏រកឃើញសេចក្ដីសុខក្នុងទ្រង់ ផងដែរ។

ន្តែ វិញ្ញាណអាក្រក់នៅតែមាននៅក្នុងផ្ទះរបស់នាងដដែល។ វាបានចូលទៅរកនាងនៅពេល យប់។ ដូច្នេះហើយ នាងអាល់រ៉ារ៉ាបានចាប់ផ្ដើមអធិស្ឋានយ៉ាងខ្លាំងៗថា «ដោយនូវព្រះនាមនៃលោហិត នៃព្រះយេស៊ូវគ្រីស្ទ សូមឱ្យទូលបង្គំបានរួចពីសាតាំងផង ដើម្បីឱ្យទូលបង្គំអាចសម្រាកបាន។ នាងបាន អធិស្ឋាន ហើយអធិស្ឋានទៀត ជារៀងរាល់យប់ អស់រយៈពេល៣ខែ។ ការអធិស្ឋានបានបណ្តេញវិញ្ញាណ អាក្រក់ចេញពីនាង ប៉ុន្តែ នាងនៅតែមានភ័យខ្លាចដដែល។

នាងបានប្រាប់ប៉ាស្ទ័រនៃព្រះវិហារអាត់វេនទីស្ទ អំពីសេចក្តីភ័យខ្លាចរបស់នាង នៅពេលនោះ ប៉ាស្ទ័របានណែនាំឱ្យបើកគម្ពីររបស់នាងទៅក្នុងបទគម្ពីរអេសាយ ជំពូក៤៣។ នាងបានចូលចិត្តសេចក្តី សន្យានៅក្នុងខនេះណាស់ ដោយបានសំដែងថា «ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រាអែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ កាល​ ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​ឯង​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី និង​ស្រុក​សេបា ជំនួស​ឯង​ផង អញ​នឹង​ឲ្យ​មនុស្ស​ដទៃ​ជំនួស​ឯង ហើយ​ប្រជាជាតិ​ផ្សេងៗ​ស្នង​នឹង​ជីវិត​ឯង ដោយ​ព្រោះ​ឯង​មាន​តម្លៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង» (អេសាយ ៤៣:១-៤)។ នាង ក៏បានរកឃើញការកំសាន្តចិត្តនៅក្នុងខគម្ពីរអេសាយ ៤៩:២៤, ២៥ ដែលបានសំដែងថា «តើ​នឹង​ឆក់​យក​របឹប​ពី​អ្នក​ខ្លាំង​ពូកែ ឬ​ដោះ​ពួក​ឈ្លើយ ដែល​ចាប់​មក​តាម​ច្បាប់​ចេញ​បាន​ឬ​ទេ តែ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ទោះ​ទាំង​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំង​ពូកែ​ក៏​នឹង​ត្រូវ​ឆក់​យក​ទៅ ហើយ​របឹប​របស់​ ពួក​គួរ​ស្ញែងខ្លាច​នឹង​បាន​ដោះ​ចេញ​ផង ដ្បិត​អញ​នឹង​ត​តាំង​ចំពោះ​អ្នក​ដែល​ត​តាំង​នឹង​ឯង ហើយ​អញ​នឹង​ ជួយ​សង្គ្រោះ​កូន​ចៅ​ឯង​ដែរ»។យប់មួយ នាងបានលន់តួអំពើបាបទាំងអស់របស់នាងខ្លាំងៗទៅកាន់ព្រះយេស៊ូវ។ បន្ទាប់ពីអធិស្ឋានរួច​ នាងបានគេងលក់ស្រួលជាងពេលណាៗ ទាំងអស់។ នៅទីបំផុត នាងអាល់មីរ៉ាបានឈប់ខ្លាច។ នៅពេលដែលនាងអាន ព្រះគម្ពីរ និងអធិស្ឋាននោះ អារក្សតែងតែចាកចេញទៅជានិច្ច។ នាងបានដឹងថាអារក្សមានអំណាចខ្លាំងជាងនាង ប៉ុន្តែ ព្រះមានអំណាចខ្លាំងជាងនាង និង អារក្សទៅទៀត។