ពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ មានកម្មវិធីបញ្ចុះបឋមសិលាសាងសង់សាលារៀនអក្ខរកម្មមួយខ្នងដែលមានចំនួនបីបន្ទប់ នៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ អាគាសាលារៀនមួយខ្នងនេះនឹងចូលរួមចំណែកក្នុងការពង្រីក និងពង្រឹងចំណេះដឹងទៅដល់កុមារៗនៅក្នុងភូមិនេះក៏ដូចជានៅតំបន់ជុំវិញទីតាំងនោះផងដែរ។
អ្នកចូលរួមនៅក្នុងកម្មវិធីនេះរួមមានប្រជាពលរដ្ឋ អាជ្ញាធរ គ្រូគង្វាលប្រជាតំបន់ និងអ្នកដាំក្រុមជំនុំផងដែរ ដែលមានប្រមាណជា១៥០ ទៅ១៦០នាក់។ គ្រប់គ្នាមានក្តីអំណររីករាយដោយបានឃើញការងារសាងសង់សាលានេះបានចាប់ផ្តើមឡើង។
ដោយសេចក្តីសោមនសរីករាយ លោកមេឃុំតាំងក្រសាំងបានមានប្រសាសនៅក្នុងពិធីនេះថា រូបលោកផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះដែរ គឺប្រាថ្នាចង់អោយមានសាលារៀនជាយូរឆ្នាំមកហើយ ដើម្បីជួយលើកស្ទួយវិស័យអប់រំដល់កុមារៗ ដែលពួកគេជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិរបស់យើង។
ចំណែកឯមន្រ្តីរបស់មិសិនកម្ពុជាដែលដឹកនាំដោយប៉ាស្ទ័រ ហង្ស តារា ជានាយកព្រមទាំងសហការីក៏បានអញ្ជើញចូលរួមនៅក្នុងពិធីនោះដែរ។ លោកនាយកបានមានប្រសាសនៅក្នុងឳកាសនោះថា៖ «ការសិក្សាគឺជាថ្នាំវាក់សាំងកំចាត់ភាពក្រីក្រ»។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់អោយជួយគាំទ្រ ព្រមទាំងបញ្ជូនកូនមកទទួលការអប់រំនៅពេលដែលសាលារៀននេះចាប់ផ្តើមបើកដំណើរការនៅពេលខាងមុខ។ លោកក៏បានបន្តទៀតថា គឺតាមរយៈព្រះពរ និងព្រះគុណរបស់ព្រះជាម្ចាស់ទើបកិច្ចការនេះអាចដំណើរការទៅបាន។ ជាចុងក្រោយលោកបានលើកទឹកចិត្តដល់អ្នកដែលបានចូលរួមទាំងអស់អោយចូលមកឯព្រះជាម្ចាស់ ដើម្បីអោយទ្រង់បន្តប្រទានពរដល់គ្រប់គ្នាសម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត់ផងដែរ។