ចាប់ពីការផ្សព្វផ្សាយជាលើកដំបូងមកគឺមានរយៈពេល៤០ឆ្នាំកន្លងមកហើយដែលវិទ្យុអាត់វេនទីស្ទពិភពលោក (AWR) ចាប់ផ្តើមនូវកិច្ចការរបស់ខ្លួន។ កិច្ចការដ៏សំខាន់នោះ គឺនាំយកសារនៃសេចក្ដីសង្ឃឹមទៅប្រកាសប្រាប់ដល់មនុស្សដែលនៅឆ្ងាយៗដាច់ស្រយាល ដើម្បីឲ្យពួកគេបានស្តាប់ឮដំណឹងល្អជាភាសារបស់ពួកគេផ្ទាល់។ វិទ្យុគឺជាឧបករណ៍មួយយ៉ាងពិសេសនៃបច្ចេកវិទ្យាដែលព្រះបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការផ្សាយសារនៃសេចក្តីស្រឡាញ់របស់ទ្រង់ដល់មនុស្សទាំងអស់នៅជុំវិញពិភពលោក។ ក្រុមការងារនៃវិទ្យុអាត់វេនទីស្ទពិភពលោកកំពុងតែផលិតកម្មវិធីវិទ្យុជាភាសាខុសៗគ្នាប្រមាណជាង១០០ភាសា និងកំពុងតែចាក់ផ្សាយរាល់ថ្ងៃ។
បេសកកម្មអាត់វេនទីស្ទកម្ពុជាគឺជាបេសកកម្មវ័យក្មេងមួយនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ដែលដំណើរការនៅក្រោមការគាំទ្រពីបេសកកម្មសហភាព ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ (UNION)។ បេសកកម្មរបស់យើងបានចូលរួមសហការជាមួយវិទ្យុអាត់វេនទីស្ទពិភពលោក (AWR) ចាប់តាំងពីឆ្នាំ ២០០៣ មកម្លេះ។ ដោយពេលនោះយើងមានកម្មវិធីផ្សាយតែ៣០នាទី និងផ្សាយមួយដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ហើយប៉ាស្ទ័រ ស៊ន សុផាត ជាអ្នកផលិតកម្មវិធីពីរដ្ឋស្តុកតុន (Stockton) សហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយជាមួយនឹងព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពររបស់ព្រះជាម្ចាស់ រួមផ្សំជាមួយនិងការជួយជ្រោមជ្រែង និងគាំទ្រពីវិទ្យុអាត់វេនទីស្ទពិភពលោក យើងមានលទ្ធភាពបង្កើតបន្ទប់ថតសំលេងមួយដែលស្ថិតនៅក្នុងអាគារការិយាល័យមិសិនកម្ពុជានៅក្នុងឆ្នាំ២០១២។
ចាប់តាំងពីពេលនោះមក យើងខ្ញុំបានធ្វើការសហការគ្នាជាមួយប៉ាស្ទ័រ ស៊ន សុផាត ក្នុងការផលិតកម្មវិធីវិទ្យុបន្ថែមទៀតសម្រាប់អ្នកស្តាប់របស់យើង ដើម្បីឲ្យពួកគាត់អាចស្តាប់បានកាន់តែច្រើនតាមរយៈវិទ្យុ ក៏ដូចជានៅលើប្រពន្ធ័អ៊ីនធឺណែតផងដែរ។ រហូតមកដល់ពេលនេះយើងបានផលិតកម្មវិធីរបស់យើងចំនួន៣០នាទីជារៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ រីឯនៅរាល់ថ្ងៃអាទិត្យយើងមានកម្មវិធីផ្សាយ៦០នាទី។ យើងខ្ញុំក៏បានបង្កើនការចាក់ផ្សាយកម្មវិធីពីរដងក្នុងមួយថ្ងៃ ព្រឹកនៅម៉ោង ៦:00 និងពេលយប់នៅម៉ោង ៨:00។
សូមថ្វាយសិរីល្អដល់ព្រះជាម្ចាស់ តាមរយៈកិច្ចខិតខំប្រឹងប្រែងនៃកិច្ចការវិទ្យុនេះ យើងខ្ញុំបានមើលឃើញនូវលទ្ធផលជាវិជ្ជមានបានកើតមានឡើង។ មានបងប្អូនមួយចំនួនបានសម្រេចចិត្តទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេ។ មានបងប្អូនចំនួន១៧នាក់បានសម្រេចចិត្តទទួលពិធីបុណ្យជ្រមុជទឹក និងដើរតាមព្រះយេស៊ូវតាមរយៈកិច្ចការរបស់វិទ្យុនេះ។ នៅពេលជាមួយគ្នានេះដែរក៏មានបងប្អូនជាច្រើនដទៃទៀតកំពុងតែតាមដានស្ដាប់កម្មវិធីវិទ្យុរបស់យើងខ្ញុំជារៀងរាល់ថ្ងៃ។ យើងខ្ញុំបានទទួលសំបុត្រក៏ដូចជាទូរស័ព្ទពីប្រិយមិត្តដែលទាក់ទងមកពីកន្លែងផ្សេងៗនៅទូទាំងប្រទេសផងដែរ។ មានប្រិយមិត្តមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយបានសួរនូវសំណួរដែលទាក់ទងទៅនិងដំណឹងល្អរបស់ព្រះជាម្ចាស់ ហើយមានប្រិយមិត្តខ្លះ ទៀតបានស្នើសុំមេរៀន និង សម្ភារៈផ្សេងៗទៀតសម្រាប់ការសិក្សាស្វែងយល់បន្ថែមទៀតពីព្រះគម្ពីរ និងសារនៃដំណឹងល្អរបស់ព្រះជាម្ចាស់។
យើងខ្ញុំទាំងអស់គ្នាជាសហការីនៃវិទ្យុអាត់វេនទីស្ទពិភពលោកប្រចាំនៅកម្ពុជា សូមអំពាវនាវដល់លោកអ្នកទាំងអស់មេត្តាអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនិងកម្មវិធីវិទ្យុដែលយើងខ្ញុំបានផលិត ដើម្បីឲ្យអ្នកដែលបានស្តាប់ទាំងអស់នៅគ្រប់ទិសទីបានទទួលនូវសេចក្តីសង្រ្គោះទាំងអស់គ្នា។ អាម៉ែន៕
500 People Listen Everyday
តើមានដឹងទេថា មនុស្ស៥០០នាក់ស្តាប់វិទ្យុយើងរាល់ថ្ងៃ? ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើលខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន៕ (ព្រះគម្ពីរម៉ាថាយ ២៨:១៩-២០) តើអ្នកបានដឹងទេថា ក្នុងមួយថ្ងៃៗមានអ្នកទាញយកកម្មវិធីវិទ្យុរបស់យើងប្រមាណជា500នាក់ឯណោះ។ ហេតុអ្វីបានជាមានគេទាញយកច្រើនយ៉ាងនេះ? ពីព្រោះពួកគេចង់ស្វេងយល់ពីព្រះ និងដើម្បីរស់នៅតាមរបៀបដែលព្រះសេព្វព្រះទ័យ។ ចុះអ្នកវិញ តើបានចូលរួមស្តាប់កម្មវិធីវិទ្យុរបស់យើងហើយឬនៅ? បើមិនទាន់ទេ យើងខ្ញុំសូមអញ្ជើញលោកអ្នកចូលរួមជាមួយមនុស្សរាប់មឺនអ្នកដែលកំពុងតែទទួលបាននូវព្រះតាមរយៈកិច្ចការវិទ្យុរបស់យើងខ្ញុំជារៀងរាល់ថ្ងៃ។ លោកអ្នកអាចស្តាប់បានតាមវិធីដូចតទៅ៖ ទី១-តាមរយៈវិទ្យុ លោកអ្នកអាចស្តាប់តាមវិទ្យុដោយផ្ទាល់ដែលមានផ្សាយជូនចំនួនពីរលើកក្នុងមួយថ្ងៃតាមរយៈរលកធាតុអាកសខ្លី (Shortwave)។លើកទី១នៅព្រឹកម៉ោង៦ តាមរយៈរលកធាតុអាកាស SW=15,36KHz និងលើកទី២នៅយប់ម៉ោង៨ តាមរយៈរលកធាតុអាកាស SW=15.55KHz ។ ទី២-តាមរយៈ Online ដោយប្រើទូរសព្ទដៃ ឬកុំព្យុទ័ររបស់លោកអ្នកអាចស្តាប់ដោយផ្ទាល់តាមរយៈទូរសព្ទដៃ ឬកុំព្យុទ័រដោយចុចលើពាក្យខាងក្រោម។ ស្តាប់នៅទីនេះ ទី៣-តាមរយៈទូរសព្ទ័ Android លោកអ្នកអាចទាញយកកម្មវិធីរបស់យើងបានដើម្បីស្តាប់តាមទូរសព្ទ័ដៃដោយចុចលើពាក្យខាងក្រោមនេះ។ ទាញយក