ខ្ញុំនឹងចេញទៅបង្កើតសិស្ស

Home February 7, 2022
ខ្ញុំនឹងចេញទៅបង្កើតសិស្ស
បេសកកម្មអាត់វេនទីស្ទកម្ពុជា
ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២

សិក្ខាសាលាសម្រាប់អ្នកដាំក្រុមជំនុំ។ អ្នកដាំក្រុមជំនុំប្រមាណជាង៣០នាក់ជាងបានមកចូលរួមសិក្ខាសាលានៅមណ្ឌលហ្វឹកហ្វឺនភ្នំពេញ។ សិក្ខាសាកានេះបានធ្វើឡើងក្នុងការជួយជ្រោមជ្រែងនូវចំណេះដឹងបន្ថែមទាក់ទងទៅនឹងមូលបទថ្មីសម្រាប់ឆ្នាំ២០២២-២០២៥ គឺ «ខ្ញុំនឹងចេញទៅបង្កើតសិស្ស»។ នៅក្នុងនោះយុទ្ធសាស្រ្តថ្មីៗមួយចំនួនក៏បានចែករំលែកដល់សិក្ខាកាមទាំងអស់ដោយប៉ាស្ទ័រ ហង្ស តារា ដែលលោកជានាយករបស់មិសិនកម្ពុជាក្នុងគោលបំណងដាក់ទិសដៅថ្មី យុទ្ធសាស្រ្តថ្មីក្នុងការសំរេចការងារផ្សាយដំណឹងល្អដល់មនុស្សនៅក្នុងប្រទេសកម្ពុជាទាំងមូលដែលស្របទៅនឹងមូលបទខាងដើមសម្រាប់អាណត្តិថ្មីនេះ។

លោកនាយកបានលើកឡើងយ៉ាងសំខាន់ថា៖ ភាពជោគជ័យនៃការធ្វើការងារថ្វាយព្រះ គឺស្ថិតនៅលើការរួមសហការគ្នា។ ពោលគឺមានចិត្តដូចគ្នាក្នុងគោលដៅតែមួយក្នុងការចេញទៅបង្កើតសិស្សថ្វាយព្រះជាម្ចាស់។ លោកក៏បានបន្ថែមទៀតថា៖ មនុស្សយើងគ្រប់គ្នាតែងតែមានលក្ខណៈខុសគ្នា។ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺ យើងមានចិត្ត ឬមានគោលដៅតែមួយដូចគ្នា ហើយប្រើអំណោយទានដែលព្រះប្រទានអោយក្នុងការបម្រើទ្រង់។

ជាចុងក្រោយប៉ាស្ទ័រ ហង្ស តារា បានមានប្រាសាសន៍ថា៖ ដើម្បីទទួលបានជោគជ័យគឺយើងត្រូវអធិស្ឋានសូមអំណាចមកពីព្រះក្នុងការចេញទៅបង្កើតសិស្សថ្វាយទ្រង់។