មរតកនៃសេចក្តីជំនឿ

Home May 30, 2023
មរតកនៃសេចក្តីជំនឿ
[English Below]
ការបន្សល់ទុកនូវមរតកនៃសេចក្តីជំនឿដល់អ្នកជំនាន់ក្រោយ គឺជារឿងដ៏សំខាន់បំផុត។ ព្រះគម្ពីរបានកត់ត្រាអំពីគំរូនៃបុគ្គលឆ្នើមៗមួយចំនួនដែលបានបន្សល់ទុកមរតកនៃសេចក្តីជំនឿសម្រាប់យើងរាល់គ្នា។ តួយ៉ាងដូចជា លោកអ័ប្រាហាំជាដើម ដែលបានបន្សល់ទុកនូវមរតកនៃសេចក្តីជំនឿតរហូតមកដល់ពួកយើងនាសម័យបច្ចុប្បន្ននេះ។

សេចក្តីជំនឿ គឺជាគ្រឹះដ៏សំខាន់បំផុតដើម្បីឱ្យឈានទៅរកជីវិតអស់កល្ប និងជាទីបន្ទាល់រស់សម្រាប់ផ្សាយដំណឹងល្អដល់គ្រប់ទីកន្លែងផងដែរ។ ប្រសិនបើគ្មានមរតកនៃសេចក្តីជំនឿនេះទេ នោះអ្វីៗពិតជាមិនអាចចំរើនលូតលាស់ និងរីកសុះសាយទៅមុខសម្រាប់មនុស្សជំនាន់ក្រោយជាបន្តបន្ទាប់ទៀតបាននោះទេ។
នៅខេត្តកំពង់ឆ្នាំង ជាតំបន់មួយដែលមានឧបសគ្គជាច្រើនក្នុងការរីកលូតលាស់សម្រាប់ពួកជំនុំ។ ប៉ុន្តែ តាមរយៈព្រះពរដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងក្រោមការផ្តួចផ្តើមគំនិតផ្សាយដំណឹងល្អរបស់ប៉ាស្ទ័រ ហង្ស តារា ជានាយកមិស្សិនកម្ពុជា នោះអ្វីៗបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ កាលពីថ្ងៃទី១១-១៣ ខែឧសភា ឆ្នាំ២០២៣ លោកបានចុះទៅជាមួយក្រុមការងារ ដើម្បីអធិស្ឋានសុំអំណាចពីព្រះក្នុងការរៀបចំផែនការសម្រាប់តំបន់នេះ។ ពេលចុះទៅផ្ទាល់នោះ លោកបាននាំប្រធាននាយកដ្ឋានមួយចំនួនទៅជាមួយដែរដូចជា៖ នាយកដ្ឋានបោះពុម្ពផ្សាយ នាយកដ្ឋានសុខភាព នាយកដ្ឋានស្រ្តី និងគ្រួសារ នាយកដ្ឋានកុមារ និងនាយកដ្ឋានយុវជន ដើម្បីជួយជ្រោមជ្រែងដល់អ្នកដឹកនាំនៅទីនោះ ក៏ដូចជារៀបចំគម្រោងក្នុងការបំពេញពន្ធកិច្ចថ្វាយព្រះជាម្ចាស់។
គួររំឭកថា លោកគ្រូ ពេជ្រ ចន្ថា ត្រូវបានព្រះត្រាស់ហៅឱ្យបម្រើការងារនៅទីនោះក្នុងនាមជាប៉ាស្ទ័រ។ ហើយនេះគឺជាប្រវត្តិសាស្រ្តទីមួយដែលនាយកដ្ឋានបានសហការគ្នាយ៉ាងល្អទៅតាមផ្នែកនីមួយៗរៀងៗខ្លួនក្នុងការជួយដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងផ្ទាល់ក្រោមការណែនាំរបស់នាយកមិស្សិនកម្ពុជា។ ក្នុងនេះក៏មានការចូលរួមសម្របសម្រួលពីប៉ាស្ទ័រ ម៉ៅ រឿន ដែលលោកមានចំណែកក្នុងការទទួលបន្ទុកផ្នែកការផ្សាយដំណឹងល្អតាមក្រុមតូចនៅទូទាំងប្រទេស។ លទ្ធផលក៏មានកម្មវិធីផ្សាយដំណឹងល្អមួយបានរៀបចំឡើងដូចបានគ្រោងទុកតាំងពីដើមឆ្នាំមកស្រាប់ដោយទទួលបានបេក្ខជនចំនួន២០នាក់ទទួលបុណ្យជ្រមុជទឹក។
ការចំណាយសម្រាប់កម្មវិធីផ្សាយដំណឹងល្អនេះត្រូវបានជួយជ្រោមជ្រែងដោយនាយកមិស្សិន រួមជាមួយអ្នកគ្រូ ប៊ុន សុខម ប្រធាននាយកដ្ឋានបោះពុម្ពផ្សាយ និងនាយកដ្ឋានសុខភាព។ ព្រះទ្រង់ក៏ប្រទានពរទាំងគំនិតប្រាជ្ញា ទាំងផលផ្លែ ទាំងយុត្តិសាស្រ្ត និងថវិការសម្រាប់កម្មវិធីទាំងមូល នៅពេលណាយើងមានការរួមគ្នារវាងថ្នាក់ដឹកនាំតំបន់ជាមួយរដ្ឋបាលមិស្សិន ក៏ដូចជាមួយនឹងនាយកដ្ឋាននានា។
នេះជាទីបន្ទាល់សម្រាប់គ្រប់គ្នា លោកគ្រូ ពេជ្រ ចន្ថា តែងតែមានការព្រួយបារម្ភថា តើត្រូវធ្វើយ៉ាងណាដើម្បីនាំមនុស្សមកថ្វាយព្រះ។ ប៉ុន្តែ ក្រោមការសហការគ្នា និងភាពស្មោះត្រង់ នោះព្រះបានប្រទានពរយ៉ាងអស្ចារ្យដែលបង្ហាញថា សម្រាប់ព្រះ គឺគ្មានអ្វីអាចមករារាំងទ្រង់បានឡើយ។ ដ្បិតគម្ពីរលូកា ១៦៖១០ ចែងថា៖ «អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ»។
ដូច្នេះ ដរាបណាយើងបម្រើព្រះដោយភាពស្មោះត្រង់ ទោះបីជាការតូចបំផុតក្តី នោះទ្រង់នឹងប្រទានពរឱ្យមានមរតកនៃសេចក្តីជំនឿនេះ ទុកដូចជាគ្រាប់ពូជនៃដំណឹងល្អដល់អ្នកជំនាន់ក្រោយៗជាបន្តទៀត ប្រយោជន៍ឱ្យផលផ្លែនៃដំណឹងល្អបានរីកចម្រើនបន្តទៅមុខឥតឈប់ឈរ។
Inheritance of Faith
The most essential thing is to leave a faith legacy to the future generation. The Bible has instances of outstanding people who left a legacy of faith for us to follow. Like Abraham, who left us a legacy of faith today.
Faith is the most crucial foundation for everlasting life and a living witness for conversion throughout all of humanity. Without this legacy of faith, the next generation would not have been able to succeed.
Kampong Chhnang is a challenging setting for the church to grow within. Things have changed tremendously, thanks to God’s wonderful blessing and the evangelistic initiative of Pastor Hang Dara, president of Cambodia Adventist Mission. On May 11-13, 2023, he travelled with the team to pray for God’s guidance in this area. During his visit, he took with him the directors of several departments, such as the Publishing Department, the Health Department, the Women and Family Department, the Children and Youth Department, and the Department of Children and Youth, to support the leaders there and to set plans for God’s work.
It should be pointed out that Mr. Pich Chantha was called by God to serve as a pastor there. And this is the first time that the departments have worked together to assist the leadership of Kampong Chhnang under the supervision of the president of CAM. Pastor Mao Roeun, who was in charge of small-group evangelism throughout the country, coordinated the effort. As a result, an evangelistic program was organized as plan laid from the beginning of the year, and 20 candidates were baptized.
The director, Mrs. Bun Sokhom, Director of Publishing, and the Health Department all contribute to the cost of this evangelistic program. God blesses with the wisdom, the outcome, the strategies, and the budget for the entire program when the local leaders and the mission administration, as well as the departments, work together.
This is a testimony for everyone, Mr. Pich Chantha is always concerned about how to bring people to God. But, because of their collaboration and dedication to God, God has bestowed enormous blessings, demonstrating that nothing is impossible for God. uke 16:10 “Whoever can be trusted with very little can also be trusted with much, and whoever is dishonest with very little will also be dishonest with much.”
Therefore, as long as we serve God faithfully, even in the tiniest way, He will bless this inheritance of faith, like the seed of the gospel, for generations to come, enabling the fruits of the gospel to flourish and multiply.